ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ សម្រេច​លុប និង​ព្យួរ​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​ទូរ​គម​នា​គមន៍​​ចំនួន​១៧ បន្ទាប់​ពី​ក្រសួង​រក​ឃើញ​ថា ប្រតិបត្តិករ​មួយ​ចំនួន​បាន​គេច​វេស​ការបង់​ពន្ធ​ជូន​រដ្ឋ​ជាច្រើន​ឆ្នាំ ខ្លះ​មិនមាន​ប្រតិបត្តិការ​ និង​ខ្លះទៀត​បាន​លាក់​ចំណូល​របស់ខ្លួន។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​ប្រៃសណីយ៍ និង​គមនាគមន៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២០ ខែតុលា​នេះ ក្រសួង​បាន​សម្រេច​លុប និង​ព្យួរអាជ្ញាបណ្ណក្រុមហ៊ុន​ទាំ​ង​នោះ ក្រោយ​ពី​ក្រសួង​បាន​ចាត់​ក្រុម​អធិការកិច្ច​របស់​ខ្លួន​ ​ចុះ​ត្រួត​ពិនិត្យ​លើ​ប្រតិបត្តិការ​របស់​ក្រុម​ហ៊ុន ហើយ​ប្រមូល​​បាន​នូវ​ព័ត៌មាន​អំពី​ស្ថានភាព​ដំណើរ​ការ​អាជីវកម្ម ស្ថានភាព​បច្ចេកទេស ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នីមួយៗ​។

សេចក្តីប្រកាសព័ត៌មាន​ដដែល​បន្ថែម​ថា​ ក្រសួង​បាន​សម្រេច​លុប និង​ព្យួរ​អាជ្ញាបណ្ណ​ទាំង​១៧​ក្រុមហ៊ុន ដែល​មាន​ភាព​អសកម្ម ដូចជា​មិនមាន​សកម្មភាព​អាជីវកម្ម គ្មាន​បុគ្គលិក​បម្រើ​ការងារ មិន​បាន​ធ្វើ​ស្វ័យ​ប្រកាស​បង់​ចំណូល និង​កាតព្វកិច្ច​ផ្សេងៗ​តាម​លក្ខខណ្ឌ​នៃអាជ្ញាបណ្ណ និង​ពុំ​បាន​ផ្ដល់​ឯកសារ​បច្ចេកទេស​ជាដើម។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបន្ថែមថា​៖ «កន្លង​មក​ក្រសួង​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ជា​បន្តបន្ទាប់​ដល់​ប្រតិបត្តិករ​ទូរគមនា​គមន៍​ទាំងអស់ ឲ្យ​គោរព​តាម​ច្បាប់​ស្តីពី​ទូរគម​នា​គមន៍ និង​​ប្បញ្ញត្តិ​​ពាក់ព័ន្ធ​ជាធរមាន។ ប៉ុន្តែក្រសួង​សង្កេត​ឃើញ​ថា ​ប្រតិបត្តិក​រមួយ​ចំនួន​នៅ​តែ​មិន​អនុវត្ត ឬ​​មិនទាន់​បាន​អនុវត្តពេញលេញតាមច្បាប់​  ឬលក្ខខណ្ឌ​នៃ​អាជ្ញាបណ្ណ។ ហេតុ​ដូច្នេះ ក្នុង​ករណី​ប្រតិបត្តិករ​ណា​នៅ​តែ​បន្ត​គេច​វេស​មិន​អនុវត្ត​តាមច្បាប់​ និង​មិនគោរព​តាមលក្ខខណ្ឌ​នៃ​អាជ្ញាបណ្ណ ប្រតិបត្តិករ​​ទាំងនោះ​នឹងប្រឈមការ​ព្យួរ​អាជ្ញាបណ្ណ​​​ជាបណ្តោះ​អាសន្ន ​ឬលុប​អាជ្ញាបណ្ណ»។

ក្រសួង​បាន​បញ្ជាក់​ថា ក្នុង​ករណីដែលមានការតវ៉ាទាក់ទងនឹងការលុបអាជ្ញាបណ្ណនេះ ប្រតិ​បត្តិ​ករ​ត្រូវ​ទូទាត់​បំណុល​ដែល​ជំពាក់ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និយ័តករ​ទូរ​គម​នា​គមន៍​កម្ពុជា បំណុលរដ្ឋ-ឯកជន កាតព្វកិច្ចពន្ធដារ និង​ត្រូវ​មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវចំពោះ​បុ​គ្គ​លិក អតិថិជន និង​តតិយ​ជន​ ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន។

Newsroom Cambodia បានព្យាយាម​ទាក់ទង​ទៅ​ក្រុម​ហ៊ុន​មួយចំនួន​ដែល​ត្រូវ​បាន​ក្រសួង​ប្រៃសណីយ៍​ព្យួរ និង​លុប​អាជ្ញាបណ្ណ ប៉ុន្តែ​មិនមាន​ការ​ឆ្លើយ​តប​​។

យ៉ាងណាក្តី​បុគ្គលិកក្រុមហ៊ុន Xnet ដែលស្ថិតនៅក្នុងតារាងត្រូវបានលុបអាជ្ញាបណ្ណ​​មួយ​​ដែរ បានបញ្ជាក់ប្រាប់  Newsroom Cambodia ថា សេវាកម្មរបស់ខ្លួននៅបន្តដំណើរការជាធម្មតា ហើយក្រុមហ៊ុនទើបតែបានទទួលលិខិតពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃពុធនេះដែរ ប៉ុន្តែ​មិនទាន់​មានការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​ថ្នាក់​លើ​នៅឡើយ៕