​មន្រ្តីការពារសិទ្ធិខ្មែរកម្ពុជាក្រោម ​បង្ហាញការខកចិត្ត ក្រោយពេលអាជ្ញាធរហាមឃាត់ការជួបជុំមនុស្សចំនួន ១៥នាក់ ដែលគ្រោងយកញតិ្ដដាក់នៅតាមស្ថានទូតប្រទេសលោកសេរី ក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យប្រទេសទាំងនោះជួយជំរុញទៅ​រដ្ឋាភិបាលវៀតណាមដោះលែងពលរដ្ឋខ្មែរកម្ពុជាក្រោម ៤នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។

អគ្គ​លេ​ខាធិការស​មាគម​ខ្មែរក​ម្ពុជា​ក្រោម​ ដើម្បីសិទ្ធិមនុ​​ស្ស ​និ​ងអ​ភិវ​ឌ្ឍន៍លោកបណ្ឌិ​ត សឺ​ន ​ជុំ​ជួន ​ប្រាប់​ New​room Cambodia នៅថ្ងៃសុក្រនេះ​​ថា ការដាក់ញាត្តិនេះ ក្នុងគោលបំណងរកកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសបណ្តាប្រទេសលោកសេរី ដើម្បីជំរុញឱ្យរដ្ឋាភិបាលវៀតណាមដោះលែងសកម្មជនការពារសិទ្ធិខ្មែរក្រោម ៤នាក់ដែលកំពុងជាប់ឃុំ ឱ្យមានសេរីភាពឡើងវិញ។

លោកឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ​បដិសេធសកម្មភាពជួបជុំគ្នានេះ បន្ទាប់ពីមានកិច្ចប្រជុំមួយ ចូលរួមដោយ​អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ជាមួយមន្រ្តីនៃសមាគមខ្មែរ​កម្ពុជាក្រោម កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

លោក​ចាត់ទុក​ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបដិសេធសំណើរក្នុងការជួបជុំគ្នានេះ ថាជាការរំលោភសិទ្ធិមនុស្សដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជាដែលជាច្បាប់កំពូល។

លោកបន្តថា៖ «អាចទាក់ទងគេហៅថា រឹតត្បិតសេរីភាព[ពលរដ្ឋខ្មែរកម្ពុជាក្រោម] កន្លងមកយើងធ្លាប់ធ្វើដែរ ប៉ុន្តែមិនធ្លាប់មានការបិទសិទ្ធិសេរីភាពបែបនេះទេ​ នេះជាលើកដំបូង ការជួបជុំលើកនេះ ប៉ុន្តែត្រូវបានការរារាំង»

បើតាមលោក សឺន ជុំជួន គម្រោងដង្ហែញត្តិនេះ មានអ្នកចូលរួមចំនួន១៥អង្គ/នាក់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ហើយញត្តិនឹងយកទៅដាក់នៅតាមស្ថានទូតនានា និងអង្គការអន្តរជាតិមួយចំនួនទៀត។

យ៉ាងណាក្តី លោកឱ្យដឹងថា ក្រោយការហាមឃាត់នេះ សមាគមខ្មែរកម្ពុជាក្រោមនឹងបន្តយកញត្តិដាក់នៅតាមបណ្តាស្ថានទូតប្រទេសប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញដដែល ប៉ុន្តែមិនមានការជួបជុំមនុស្សច្រើននោះទេ។

លោកបន្តថា៖ «យើងនៅតែមានវិធីសាសាស្រ្តធ្វើផ្សេងទៀតយើងនឹងពិនិត្រមើលបន្ថែមទៀត ថា​តើយើងគួរតែធ្វើដោយរបៀបណា យើងនៅតែធ្វើ យើងមិនបោះបង់ចោលទេ»។

កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នគរបាលវៀតណាម បានចាប់ខ្លួនពលរដ្ឋខ្មែរក្រោមចំនួន៩នាក់ ព្រមៗគ្នាដើម្បីសួរចម្លើយ​ ​ក្រោយ​ពេល​ពួក​គេ​​ធ្វើសកម្មភាព​ផ្សព្វផ្សាយពីប្រវត្តិសាស្ត្រទឹកដីកម្ពុជា​​ក្រោម និងឯកសារ​​ស្តីពី ​«សិទ្ធិ​ជនជាតិដើម» ​របស់អង្គការសហប្រជាជាតិ នៅ​លើ​បណ្ដាញសង្គមហ្វេសប៊ុក និងនៅ​តាមមូ​លដ្ឋាន​របស់ខ្លួន​។

ក្នុ​ងថ្ងៃដដែល​នោះ ស​​កម្មជនសិទ្ធិមនុស្សខ្មែរក្រោម​ចំនួន​ ៣​នាក់ ​រួមមាន ​លោ​ក យ័ញ ម៉ិញក្វាង រស់​​នៅខេ​ត្តឃ្លាំ​ង​ ​និងលោក ថា​ច់ ​កឿង​ ​លោក​តោ​​ ​ហ្វា​ង​ចឿ​​ង​ ​រ​ស់នៅខេត្តព្រះត្រពាំង ត្រូ​វ​បា​នចោ​ទប្រកា​ន់ពី​បទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់នៃអង្គការចាត់តាំង និងបុគ្គល»។

លុះមកដល់នៅថ្ងៃទី៣ ខែសីហា សកម្មជនការពារសិទ្ធិមនុស្សខ្មែរក្រោមម្នាក់ទៀត គឺអ្នកស្រី ឌិន ធីហ្វិន រស់នៅខេត្តឃ្លាំង ដែលត្រូវអាជ្ញាធរនាំខ្លួនទៅសួរចម្លើយដែរនោះ ត្រូវរងការចោទ​ប្រកាន់​ពី​បទ​ ​«​មិន​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ​»​ ដែលពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​។

អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានបដិសេដឆ្លើយតបជុំវិញករណីដាក់ញត្តិរបស់សមាគមខ្មែរកម្ពុជាក្រោម ដោយលោកប្រាប់ឱ្យសាកសួរព័ត៌មានបន្ថែមទៅកាន់អ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញវិញ។

លោកថា៖ «ខ្ញុំអត់មែនអ្នកនាំពាក្យទេ! សូមទាក់ទងទៅអ្នកនាំពាក្យ»។

ចំណែកអ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក មេត មាសភក្តី មិនអាចសុំការឆ្លើយតបបានទេនៅថ្ងៃនេះ ដោយលោកមិនទទួលទូរសព្ទ។

យ៉ាងនេះក្តី បើតាមកំណត់ហេតុប្រជុំ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ដែល Newsroom Cambodia ទទួលបាន បញ្ជាក់ថា ការហាមឃាត់ការជួបជុំរបស់សមាគមខ្មែរកម្ពុជាក្រោម ក្រោមហេតុផល ផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងខុសពីលក្ខន្តិកៈ របស់សមាគមការពារសិទ្ធិខ្មែរក្រោមមួយនេះ ដែលតម្កល់នៅក្រសួងមហាផ្ទៃត្រង់ប្រការ៤ ប្រការ៥ ប្រការ៧ និងប្រការ៨។ 

មួយវិញទៀត ក្នុងកំណត់ហេតុដដែល បន្ថែមថា គម្រោងយកញតិ្ដដាក់នៅតាមបណ្តាស្ថានទូតរបស់សមាគមខ្មែរក្រោមនេះ គឺផ្ទុយពីរដ្ឋធម្មនុញ្ញរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមិនអនុញ្ញាតិ​ឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋជាសមាជិកអាស៊ានណាមួយឡើយ។

បន្ថែមលើនេះ​​ប្រភពដដែល បានសរសេរថា អាជ្ញាធរនឹងចាត់វិធានការច្បាប់ ដោយឥតលើកលែង​ចំពោះម្ចាស់សំណើរ ដែលនៅតែធ្វើសកម្មភាពល្មើសបំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសម្រេចមិនឱ្យមានការជួបជុំគ្នានេះ។

ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ចាត់ទុកថា ការដែលអាជ្ញាធរមិនអនុញ្ញាតិឱ្យពលរដ្ឋខ្មែរក្រោមជួបជុំគ្នានេះ ជារឿងខុសឆ្គង ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។ លោកបន្ថែមថា ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅលើទឹកដីកម្ពុជា គឺជាពលរដ្ឋខ្មែរស្របច្បាប់ដែលមានសិទ្ធិក្នុងការជួបជុំ ការប្រមូលផ្តុំ និងការដាក់ញត្តិ ជាដើម ដូចទៅនឹងពលរដ្ឋទូទៅដែរ។

លោកបន្តថា៖ «យើងគិតថា វាផ្ទុយនឹងអាស៊ាន ផ្ទុយនឹងរដ្ឋធម្មនុញ្ញ អាហ្នឹងវាទាល់តែការងារដែលធ្វើហ្នឹង គឺរដ្ឋាភិបាលជ្រៀតជ្រែកឬក៏លូកលាន់ ទៅលើប្រទសមួយទៀត។ ប៉ុន្តែនេះបើពលរដ្ឋ [ដាក់ញត្តិ] ជាសិទ្ធិរបស់គាត់ទេ មិនមែនក្នុងនាមរដ្ឋាភិបាល។ បើរដ្ឋាភិបាលអាហ្នឹង ពាក់ព័ន្ធធម្មនុញ្ញអាស៊ាន ទាក់ទងនឹងក្របខណ្ឌអាស៊ានអីផ្សេងៗ តែនេះពលរដ្ឋ សិទ្ធិរបស់ពលរដ្ឋតាមបណ្តាប្រទេសមួយៗ»

រដ្ឋធម្មនុញ្ញ មាត្រា៣១ ចែងថា ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូច​មានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។

ចំណែក មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំង​ឡាយ​របស់​ប្រជា​ពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និង​ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ទឹកដី​កម្ពុជាក្រោ​ម មានផ្ទៃដីទំហំ ៦​៧ ៧០​​០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង​ ត្រូវបានរដ្ឋាភិបាលអាណានិគមបារាំងចុះហ​ត្ថ​លេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួ​​ត​​​​ត្រាបន្តដែលខ្មែរក្រោមចា​​ត់ទុកថាខុសច្បាប់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។​

​ដែ​នដី​កម្ពុជាក្រោមដែលអាណានិគមបារាំងហៅថា កូ​សាំងស៊ីន បច្ចុប្បន្នត្រូវបានសហព័​ន្ធខ្មែរ​កម្ពុជាក្រោ​មប៉ាន់​ប្រ​មាណ​ថា ​មានពលរដ្ឋខ្មែរក្រោមរស់នៅប្រមា​ណជា​ង​ ​៧​លាន​នាក់​ ប៉ុន្តែរ​ដ្ឋាភិបាលវៀត​​ណា​​​​​​​ម​​​ថា​ខ្មែ​រ​ក្រោម​​​​មាន ១លាន៣សែននាក់៕