នៅ​​កម្ពុជា​ វត្តមាន​របស់​សហជីព​ត្រូវ​បាន​គេ​សង្កេ​ត​ឃើញ​​​ជា​លើក​ដំបូង​នៅ​ក្នុង​របប​រាជា​និយម​ខ្មែរ​អំឡុង​ទស​វត្ស​ ១៩៥០​។​ សហជីព​ដើរតួ​ជា​វេទិកា​​មួយ​​ដើម្បី​បញ្ចេញ​សំលេង​ និង​ការ​ព្រួយបារម្ភ​របស់​ពួក​គេ​ដល់​សាធារណៈជន​ និង​ដើម្បី​ចរចា​ជាមួយ​រដ្ឋាភិបាល​ ឬ​និយោជក​ដើម្បី​ផលប្រយោជន៍​ និង​ចំណាប់អារម្មណ៍​រួម​របស់​ពួក​គេ​។ បច្ចុប្បន្ន សហជីព​នៅ​តែប្រឈម​នឹង​បញ្ហា​ក្នុងការ​ចងក្រង និង​អនុវត្តសកម្មការងារ​​។​

ខាង​ក្រោម​​នេះ​គឺ​ជា​កិច្ច​សម្ភាសន៍​រវាងអ្នកស្រី អ៊ូ​ ទេពផល្លីន ប្រធាន​សហព័ន្ធសេវាការងារ និង​ចំណី​អាហារ​​កម្ពុជា (CFSWF) ជាមួយនឹង​កញ្ញា ស៊ន់ លីនដា​ ជា​សិក្ខាកាម​មកពី​ញូសន៍រូមខេមបូឌា​ (Newsroom Cambodia)៖

Q​: ជម្រាបសួរ អ្នកស្រី​!

A: ចា៎! ជម្រាបសួរ

Q: ជាដំបូង​នាង​ខ្ញុំ​ចង់​ដឹង​ថា តើអ្វីជាសហជីព?

A: សហជីពជាស្ថាប័នដែលបង្កើតឡើងដោយកម្មករ គឺជាសិទ្ធិដែលកម្មករផ្តល់សច្ចាប័ន​ដោយ​អនុសញ្ញា​អន្តរជាតិ ហើយសហជីព​គឺកម្មកររួបរួមគ្នា​ក្នុងការងារ​តែមួយ​ក្នុងការ​បង្កើត​សហជីព​នៅ​កន្លែង​ធ្វើការ​ដើម្បី​ឱ្យគាត់​មាន​សិទ្ធិ មានអំណាចក្នុងការចចារ ជជែកជាមួយនិយោជកក្នុងការកែប្រែលក្ខខណ្ឌការងារ ឬ​ក៏​សុខភាព​សុវត្ថិភាព​នៅកន្លែងធ្វើការ រួមទាំងប្រាក់ឈ្នួល ឬអត្ថប្រយោជន៍ផ្សេងៗ។ មែនទែន​ទៅខ្ញុំចង់​បន្ថែមដែរថា ហេតុអីបានជាកម្មករគាត់បង្កើតសហជីព ព្រោះបើយើង​ក្រឡេក​ទៅ​មើល​ថៅកែ​មាន​អំណាចណាស់ ​ថា​ឱ្យការងារទៅនរណា បញ្ឈប់នរណា ដូច្នោះ​គឺសហជីពធ្វើ​យ៉ាងណា​ឱ្យ​កម្មករ​មាន​សិទ្ធិ​អំណាច​ក្នុង​​ការជជែក កា​រកែប្រែស្ថានភាព​ផ្សេងៗ កុំឱ្យ​និយោជក​គិត​តែ​រឿង​ម៉្យាង​គឺ​ចំណេញច្រើន​ចំណាយតិច។​ អ៊ីចឹងកាលណាចំណេញច្រើន​របស់​គេ គឺធ្វើឱ្យគេបន្ថយទៅលើអត្ថប្រយោជន៍ ឬ​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិតធ្វើការច្រើនម៉ោងអត់មានប្រាក់កម្រៃជាដើម។

Q: តើការចងក្រងជាសហជីពនៅកម្ពុជាសព្វថ្ងៃមានស្ថានភាពយ៉ាងណាដែរ?

A: បើយើងនិយាយមកដល់ស្ថានភាពបច្ចុប្បន្នគឺសិទ្ធិសេរីភាពរបស់សហជីព​គឺបានទ្រុឌទ្រោមណាស់ ដោយសារតែការទាមទាររបស់កម្មករនិយោជិត ឬក៏វិវាទដែលកើតឡើងនៅកន្លែង​ធ្វើការ​វា​មិនមាន​ផ្លូវណាមួយ​ដែល​អាចឱ្យកម្មករអាចរកផ្លូវចេញបាន។ ឧទាហរណ៍ មិនមែនមានន័យ​ថា​កូដកម្ម​ថយចុះវា​ធ្វើ​ឱ្យ​មាន​សុខដុមរមនា​នៅកន្លែងធ្វើការទេ គឺនៅពេលមិនមានកូដកម្ម ហើយ​វិវាទ​ក៏​ជាប់គាំង​ដោយសារ​តែ​ក្រសួង​ការងារ​មាន​សិទ្ធិអំណាចនៅក្នុងការសម្រេចថា វិវាទណាដែលត្រូវបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញារកណ្តាល វិវាទណាដែលបញ្ជូនទៅតុលាការ។

ជាទូទៅភាគច្រើនមន្រ្តីរបស់ក្រសួងការងារតែងតែបែងចែកបញ្ជូនវិវាទហ្នឹង​ទៅតុលាការ ស្របពេល​ដែល​កម្មករ​និយោជិតមិនមានសមត្ថភាពគ្រប់គ្រាន់ ពិបាកក្នុងការជឿជាក់នូវប្រព័ន្ធយុត្តិធម៌ក្នុងស្រុកយើង។ អ៊ីចឹងបានជាយើងនិយាយថាស្ថានភាពបច្ចុប្បន្នសិទ្ធិសេរីភាពសហជីពគឺទ្រុឌទ្រោមខ្លាំងមែនទែន ហើយវាជាការព្រួយបារម្ភមួយ ព្រោះនៅពេលសិទ្ធិសេរីភាពសហជីពទ្រុឌទ្រោមគឺបង្ហាញអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្នុងស្រុកក៏ទ្រុឌទ្រោមដែរ ព្រោះរឿងទាំងអស់នេះវាមានភាពប្រទាក់ក្រឡាគ្នា កាលណាលទ្ធិប្រជាធិតេយ្យ ហើយសិន្ធិមនុស្សមានការប្រសើរឡើង​នោះចលនាសហជីព សិទ្ធិសេរីភាព​ក្នុង​ការបង្កើតសហជីពក៏មានការប្រសើរឡើង។

Q: តើមានរោងច​ក្រសហគ្រាសចំនួនប៉ុន្មានដែលមានការចងក្រងគ្នាជាសហជីព?

A: ខ្ញុំមិនមានតួលេខទេ ពីព្រោះជាទូទៅសហជីពនៅស្រុកខ្មែរធំ​ ហើយបើតាម​តួលេខ​របស់រាជរដ្ឋាភិបាល​វាធំ​ណាស់ សុទ្ធតែ ៥,០០០ ទៅ៦,០០០ ឯណោះ អ៊ីចឹងទោះបីជារោងចក្រ​ដែលបាន​បិទហើយ​ក៏ដោយ​​ក៏​គេមិ​នលុ​បបញ្ចិកា គេទុកអញ្ចឹងរហូត ហើយយើងសហជីពតូចតាចយើងមិនអាចធ្វើបានទេ វាលើស​ពី​សមត្ថភាព។

Q: តើមានកត្តាអ្វីខ្លះដែលនាំ​ឱ្យ​មានការ​ចងក្រង​សហជីព?

A: ​មែនទែនទៅបរិបទស្រុកយើងការចងក្រងសហជីពទាល់តែមានការរំលោភបំពានបានចងក្រង ទាល់តែ​កន្លែងកម្មករដែលពិបាកបានចងក្រង ប៉ុន្តែនៅប្រទេសដែលជឿនលឿនទោះបីជាកន្លែងការងារគេល្អ ឧទាហរណ៍​ដូចជាពួកវិស្វករគេមានសហជីពក្រុមវិស្វករមួយទៅ ធនាគារ​មាន​សហជីព​ដែលកើតឡើង​ដោយ​ក​ម្មករមួយទៅ ព្រោះលក្ខខណ្ឌគេល្អបើធៀបទៅនឹងចំណូល និងកម្រៃ តែយ៉ាងណា​ក៏ដោយ​គេ​នៅ​តែ​បង្កើត​សហជីព។

នៅស្រុកគេ គេធ្វើការគិតជាម៉ោង មួយម៉ោងគេអាចញុំាគុយទាវបានមួយចាន ហើយនៅ​សល់ប្រាំ​ពីរម៉ោង​ទៀតគេ​អាចរស់បាន ប៉ុន្តែយើងកម្រៃរបស់កម្មករមួយថ្ងៃមិនអាចរស់បានមួយថ្ងៃទេ អញ្ចឹង​មិនមែន​មានន័យថា​ទាល់តែ​កម្មករកាត់ដេរ កម្មករដែលមានលក្ខខណ្ឌការងារអាក្រក់ៗបានយើងបង្កើតសហជីព ទស្សនៈហ្នឹងគឺខុស។ គឺសហជីពយើងអាចនិយាយបានថាហេតុអ្វីបានជា​យើងទៅចាក់វ៉ាក់សាំងទាំងមិន​ទាន់ឆ្លងកូវីដ? ពីព្រោះសហជីពវាតួនាទីដូចវ៉ាក់សាំង អ៊ីចឹងទៅការពារកុំឱ្យមានការរំលោភបំពានកើ​ត​ឡើង ព្រោះកម្មករនៅពេលចងក្រងគ្នាគឺមានតំណាងមានការជជែកគ្នាវាងាយក្នុងការស្វែងយល់ កាលណា​បង្កើត​សហជីពក្នុងការដោះស្រាយរឿងមួយដុំៗ វាមិនមែនអ៊ីចឹងទេ។

តួនាទីសហ​ជីពនៅក្នុងសង្គមគឺធំណាស់ មិនមែនត្រឹមតែ​លក្ខខណ្ឌ​នៅក​ន្លែង​ការងារ​របស់​កម្មករ​និយោជិត​ទេ វាសំដៅទៅដល់សុខុមាលភាពប្រជាធិតេយ្យ មើលទៅ​ដល់​ប្រព័ន្ធអប់រំ ពីព្រោះប្រព័ន្ធ​អប់រំ​ប៉ះពាល់ទៅដល់​កូន​កម្មករ​និយោជិត មើលទៅដល់ប្រព័ន្ធសុខាភិបាលទៀតព្រោះពេលប្រជាពលរដ្ឋឈឺ កម្មករនិយោជិតឈឺ យើងត្រូវតែស្នើសុំឱ្យរាជរដ្ឋាភិបាលមានការកែទម្រង់ទាំងអស់ហ្នឹង។

អ៊ីចឹងតួអង្គសហជីពមានន័យថា នៅក្នុងប្រទេសជឿនលឿនអង្គការមិនមែនដើរតួជំនួសរាជរដ្ឋាភិបាលទេ ប្រទេសមួយមានតែបីតួអង្គទេដើម្បីតតាំងលើសិទ្ធិមនុស្ស ទប់ស្កាត់សិទ្ធិអំណាចគឺ ទីមួយ​តួអង្គ​រាជ​រដ្ឋាភិបាល ទីពីរតួអង្គវិស័យឯកជន ទីបីតួអង្គសហជីព គឺប្រជាពលរដ្ឋ និងអ្នកធ្វើការ ឬក៏យើង​ហៅ​ថា​វណ្ណៈ​អ្នកធ្វើការ អ៊ីចឹងយើងមើលទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ការបែងចែក​ផលប្រយោជន៍​មកឱ្យ​អ្នក​ធ្វើការ ហើយយើងមើលម៉េច ធ្វើម៉េចឱ្យរាជរដ្ឋាភិបាលតម្លាភាពជាមួយអ្នកធ្វើការ ឬកម្មករនិយោជិត ប្រជាពលរដ្ឋ ហើយតួអង្គវិស័យឯកជនធ្វើម៉េចដើម្បីធានាការពារកម្មករនិយោជិតនៅកន្លែងធ្វើការ ហើយធ្វើម៉េចឱ្យរាជរដ្ឋាភិបាល និយោជកកុំ​ឃុបឃិតគ្នាក្នុងការបង្កើតច្បាប់​ប្រឡែប្រឡំ​ដើម្បី​ការពារ​តួអង្គ​អ្នករកស៊ី។

អ៊ីចឹងតួអង្គសហជីពគឺសំខាន់មិនមែនតួអង្គអង្គការទេ នៅពេលប្រទេសជឿនលឿន យើងទៅមើលប្រទេស​ដែ​​លគេជឿនលឿនគឺអង្គការគឺកន្លែងខ្លះ​គេគ្រាន់តែតាំងទីលំនៅដូចជាយូអិន (UN) ដើម្បីឱ្យគេមានលំហរ​សេរីភាព​​ឱ្យនិយោជិត សហជីពទៅជជែកវែកញែកនៅកន្លែងនិង តែដល់ពេលក្នុងប្រទេសនីមួយៗ ប្រទេសដែលមានភាពជឿនលឿន ប្រជាធិបតេយ្យមែនទែនអង្គការមិនធ្វើការជំនួសរដ្ឋាភិបាលទេ គឺគេរុញឱ្យរដ្ឋាភិបាលផ្តល់សេវាកម្ម គាំពារទៅដល់កម្មករនិយោជិត។ ប៉ុន្តែស្រុកយើងគឺបញ្ច្រាស អង្គការមួយចំនួននៅធ្វើការផ្នែក Service (សេវា) ជូនរដ្ឋាភិបាល កន្លែង​នេះ​ដែល​ខ្ញុំមើល​ឃើញ​ថា​អាចធ្វើឱ្យរាជរដ្ឋាភិបាលជិះសេះលែងដៃបាន។

Q: ការចងក្រង​សហជីព​មាន​អត្ថប្រយោជន៍​បែបណា​ខ្លះ?

A: ផ្តល់អត្ថប្រយោជន៍ក្នុងការការពារ គាំពារហើយពិនិត្យទៅលើសុខុមាលភាពកម្មករនិយោជិតនៅ​កន្លែងធ្វើការ ក្នុងនោះដែរគឺផ្តល់ចំណេះដឹង ព្រោះសហជីពយើងនិយាយថាពេលយើងរៀន​នៅសាលា​គឺយើង​រៀនតាមមេរៀនដែលគេបង្រៀននៅសាលា ប៉ុន្តែដល់ពេលមកសហជីព ឬកម្មករ​និយោជិត​ដែល​ចូល​ជា​សហជីព​ យើងរៀនតាំងពីការវិភាគទៅលើរឿងស្ថានភាពសង្គម សេដ្ឋកិច្ច វប្បធម៌ សិទ្ធិពលរដ្ឋ សិទ្ធិ​នយោបាយ អ្វីទាំងអស់គឺតួអង្គសហជីពផ្តល់ចំណេះដឹង ព័ត៌មាន​ទៅដល់​កម្មករនិយោជិត​ដែលនៅ​សាលា​គេមិន​បង្រៀន នៅកន្លែងណាក៏គេមិនបង្រៀនដែរ។

អ៊ីចឹងហើយបានជាសហជីពផ្តល់ទាំងព័ត៌មាន បង្កើនចំណេះដឹង ពង្រឹងសិទ្ធអំណាចកម្មករនិយោជិត​ហើយធ្វើ​យ៉ាងណាឱ្យមានអំណាចពេញលេញក្នុងការកំណែទម្រង់ប្រព័ន្ធពុករលួយ ប្រព័ន្ធយុត្តិធម៌ តស៊ូមតិឱ្យមានភាពប្រសើរឡើងផ្នែកប្រជាធិបតេយ្យ ការគោរពសិទ្ធមនុស្សគឺ​តួអង្គ​សហជីពហ្នឹងហើយ មិនមែនតូអង្គរដ្ឋណា ឬក៏យើងអាចយល់ច្រឡំថាតួអង្គគណបក្សប្រឆាំង ប៉ុន្តែមិនមែន​ទេ គឺសហជីពទេដែលធ្វើឱ្យមានប្រព័ន្ធប្រជាធិបតេយ្យចម្រុះ។

Q: តើ​មាន​បញ្ហាប្រឈម​​អ្វី​ខ្លះ​ក្នុងការចងក្រង​ជាសហជីព?

A: យើងជួបបញ្ហាច្រើនអាចនិយាយបានថាមានការគំរាមកំហែងជាពិសេសរឿង​មួយគឺមេដឹកនាំ​មួយចំនួន​ឆ្លាតណាស់ គេមុននឹងចោទយើង មុននឹងចាប់យើងគេនាំគ្នាបង្កើតច្បាប់សិន គឺដើម្បីចោទថា​អ្នកនេះ​ខុស​ច្បាប់ អ្នកនេះមិនគោរពច្បាប់។ អ៊ីចឹងនៅក្នុងប្រទេសមួយដែលមិនមានលទ្ធិប្រជាធិបតេយ្យ ច្បាប់គ្រាន់​តែ​ជា​ឧបករណ៍​មួយក្នុង​ការការពារអំ​ណាចក្រុម​មួយក្រុម ឬបុគ្គលមួយក្រុម ហើយនៅពេល​ប្រទេស​មាន​ប្រជាធិបតេយ្យ​ទើប​ច្បាប់​យុត្តិធម៌​សម្រាប់​មនុស្សគ្រប់រូប។

Q: តាមរយៈការអនុវត្ត​​កន្លងមក តើសហជីព​បាន​ទទួលបានការឆ្លើយតបទៅនឹង​បញ្ហា​ពី​រដ្ឋាភិបាល​បែបណា​ខ្លះ​?

A: វាមិនមានការឆ្លើយតបវិជ្ជមានទេ បើយើងក្រឡេកទៅមើលទៅមើលរឿងខ្លះទោះបីមា​នការប្រឹក្សា​យោបល់ ប៉ុន្តែ​ការប្រឹក្សាយោបល់ខ្លះមិនមែនបែបទម្រង់ប្រជាធិបតេយ្យ។ ឧទាហរណ៍ កិច្ចពិគ្រោះ​ខ្លះ​ដែលគេ​លើកឡើងមិនបានបង្កើតនូវភាពរីកចម្រើន​ដែលគេហៅថាមិនមានគំនិតចម្រុះ​ពីក្រុមមនុស្ស ឬ​ជន​រងគ្រោះ​ឱ្យបានច្រើនទេ គឺថាយកទៅពិគ្រោះយោបល់លក្ខណៈថាៗ។​ តែសរុប​ជារួមខ្ញុំ​អាចនិយាយ​បានថា​ទោះបីយើងមិនចូល​ក៏គេនៅតែទៅ​ ព្រោះគេព្យាយាមបង្កើត​សហជីពមួយ​ដែលគ្រប់គ្រង​ដោយ​គណបក្ស​កាន់អំណាច​រួចទៅហើយ។

គេថាគេមានសហជីពដែលមានសម្លេងភាគច្រើនដែលចូលរួមគាំទ្រក្នុងការបង្កើតច្បាប់ ហើយជាពិសេស​រឿងប្រាក់​ឈ្នួលគឺមានក្រុមបុគ្គលមួយចំនួនលើកឡើងថា ប្រាក់ឈ្នួលប៉ុណ្ណឹងកើនឡើងគឺសមរម្យ តែជាក់ស្តែងយើងអាចនិយាយបានថាសមរម្យយ៉ាងម៉េចបើថ្លៃទំនិញកើនឡើងជាងប្រាក់ឈ្នួលទៅទៀត។

Q: តើរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរមានការ​គាំទ្រ​​ការចង​ក្រង​សហជីព​បែបណា​ខ្លះ?

A: ខ្ញុំគិតថារាជរដ្ឋាភិបាលមិនចាំបាច់ចូលរួមគាំទ្រទេគឺគ្រាន់តែកុំជ្រៀតជ្រែកទៅបានហើយ ព្រោះ​រាល់ថ្ងៃ​ស្រុកយើងបញ្ហាគឺត្រង់ថារដ្ឋជ្រៀតជ្រែកនៅក្នុងដំណើរការរបស់កម្មករក្នុងការបង្កើតសហជីព។​ ខ្ញុំនិយាយ​បាន​ថាការរំលោភបំពាននៅលើពិភពលោកវានៅតែមានទោះបីជាប្រទេសសេរី ឬប្រជាធិបតេយ្យក៏ដោយ ប៉ុន្តែរឿងមួយដែលយើងវាស់វែងថាយុត្តិធម៌ ឬអត់ គឺនៅពេលដែលជនដែលត្រូវគេរំលោភបំពាន គាត់​មាន​សិទ្ធិក្នុងការប្រើប្រាស់សិទ្ធិពេញលេញរបស់គាត់ សិទ្ធចងក្រងសហជីព ឬសិទ្ធិធ្វើកូដកម្ម​កើតឡើង​ពេញលេញ​ដោយមិនមាន​បណ្តឹង ចាប់មេសហជីព ឬសកម្មជនសិទ្ធិការងារទៅដាក់គុក នេះ​ហើយ​យុត្តិធម៌​កើតមាន។

Q: អរគុណអ្នកស្រី​សម្រាប់ការ​ផ្តល់​សម្ភាសន៍។
A: ចា៎ អរគុណ!