fbpx
Home Blog Page 129

ការងប់ងល់នឹងសម្ភារៈនិយម អាចធ្វើឲ្យសីលធម៌សង្គមធ្លាក់ចុះ

ឥរិយាបថ​សម្ភារៈ​និយម​ជ្រុល​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ជាច្រើន​ក្នុង​សង្គម​ខ្មែរ កាលណា​មនុស្ស​ផ្ដោត​លើ​ផ្នែក​សម្ភារៈ​និយម​ជា​ធំ ធ្វើ​ឱ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ ខណៈ​មនុស្ស​មួយ​ចំនួន​ឱ្យ​តម្លៃ​លើ​សម្ភារៈ​និយម​ជាង​តម្លៃ​សី​លធម៌​សង្គម ហើយ​នឹង​អាច​ក្លាយ​ជា​ចរន្ដ​មួយ​ដែល​បំផ្លាញ​សង្គម។

ព្រះតេជគុណ ឈន ខ្វា ជានិស្សិត​ឆ្នាំទី២​នៃ​សាកលវិទ្យាភូមិន្ទ​នីតិសាស្រ្ដ និង​វិទ្យាសាស្រ្ដ​សេដ្ឋកិច្ច មាន​សង្ឃ​ដី​ថា យុវជ​ន​​កម្ពុជា​មួយ​ចំនួន​ប្រើប្រាស់​សម្ភារៈ​និយម​ទទួល​បាន​ផល​ប្រយោជន៍​សម្រាប់​ទំនាក់​​ទំនង ការសិក្សា និងការស្រាវ​ជ្រាវ​ផ្សេងៗ។ ទន្ទឹ​ម​នឹង​​នេះ ​សម្ភារៈ​និយម​បាន​ពង្វក់​ស្មារតី ខាត​ពេល​វេលា​ទៅ​តាម​សម័យ​ទំនើប​។

ព្រះអង្គបានបន្តថា សម្ភារៈ​និយម​ជ្រុល បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ជាច្រើន​ក្នុង​សង្គ​ម​ខ្មែរ វា​បាន​ធ្វើ​ឱ្យ​យុវជន​មួយ​ចំនួន​វក់​ស្មារតី ភ្លេច​ការ​រៀន​សូត្រ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ជុំវិញ​ខ្លួន ចំណាយ​ច្រើន​តាម​ស៊េរីទំនើបៗ ដើម្បីធ្វើខ្លួនឱ្យទាន់សម័យបង្អួតនួវភាពហ៊ឺហ៊ា។ ព្រះតេជគុណ បា​នពន្យល់​ថា សម្ភារៈ​និយម​ជ្រុល បាន​ធ្វើ​ឱ្យ​ផ្នែក​ស្មារតី​មាន​សម្ពាធ ដោយ​ប្រាថ្នា​ចង់​បាន​របស់​ទំនើប​ដូចគេ តែ​ខ្លួន​​ឯង​មិន​មាន​លទ្ធភាព​ទិញ។

ព្រះអង្គថា៖ «​​កាលណា​ប្រជាពលរដ្ឋ​របស់​យើង​ផ្ដោត​លើ​ផ្នែក​សម្ភារៈ​និយម​ខ្លាំង​ពេក ធ្វើ​ឱ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ។ មនុស្ស​មួយ​ចំនួន​ឱ្យ​តម្លៃ​លើ​សម្ភារៈ​និយម ដោយ​មិន​ផ្អែក​លើ​សុជីវធម៌ សីលធម៌​របស់​មនុស្ស​ទេ»។

ព្រះអង្គ​បន្ថែម​ថា សម្ភារៈ​និយម​ជ្រុល​អាច​ធ្វើ​ឱ្យ​មាន​អំពើ​ហឹង្សា​ឬ​ឃាតកម្ម​កើត​ឡើង។ យុវជន​ខ្លះ អាច​ធ្វើ​ឃាតកម្ម លួច​ឆក់ ឬ​ធ្វើ​អំពើ​មិន​ល្អ​ទៅ​លើ​ឪពុកម្ដាយ ដោយសារ​ខ្លួន​មិនមាន​ធនធាន​ដើម្បី​ចំណាយ​លើ​របស់​ទាំង​នោះ។ ដើម្បី​ទទួល​បានប្រយោជន៍ ត្រូវ​ផ្អែក​លើ​ចំណេះដឹង​ក្នុង​ការប្រើប្រាស់​ឱ្យ​ត្រូវ​ប្រកប​សីលធម៌​ល្អ ឪពុកម្ដាយ គ្រូ ថ្នាក់ដឹកនាំ ត្រូវ​បណ្ដុះ​សីលធ​ម៌​ល្អ​គំនិត​ល្អ ដើម្បី​ប្រើប្រាស់​ក្នុង​ផ្លូវ​ល្អ និង​ទាញ​ប្រយោជន៍​ពី​របស់​ទាំង​នោះ ហើយ​មនុស្ស​ត្រូវ​យល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​គិត​ថ្លឹងថ្លែង ថា​តើ​ពួកគាត់​ត្រូវ​ប្រើ​ក្នុង​ផ្លូវ​មួយណា​ដើម្បី​ទាញ​ផល​ប្រយោជន៍​បាន។

កញ្ញា សាន បុប្ផា ជានិស្សិត​ឆ្នាំទី៤ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​បាន​ប្រាប់ Newsroom Cambodia ថា បុគ្គល​ដែល​ឲ្យ​តម្លៃ​នូ​វ​សម្ភារៈ​និយម​ជ្រុល​ពេក​ គឺ​ដោយ​សារ​តែ​ការយល់​ដឹង​របស់​ពួកគេ​​នៅ​មានក​ម្រិត។ កញ្ញាបន្ថែម​ថា បើនិយាយ​ក្នុង​បរិបទ​យុវវ័យ នៅ​ពេល​ដែល​ពួកគេ​នាំ​គ្នា​ផ្តោត​ខ្លាំង​តែ​ទៅ​លើ​សម្ភារៈ​និយម ហើយ​ភ្លេច​គិត​ថា​ខ្លួន​ឯង​កំពុង​តែ​ស្ថិត​ក្នុង​វ័យ​ដែល​ត្រូវ​ក្រេប​យក​នូវ​ចំណេះដឹង​ថ្មីៗ ហើយ​បាត់បង់​នូវ​មនសិការ​មួយ​ថា តើ​ធ្វើម៉េ​ច​ដើម្បី​អាច​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ឯង​។

កញ្ញា​ថា៖ «នៅ​ពេល​យុវជន​ទាំងនោះ​ទៅ​ជា​បែបនេះ​ នោះហើ​យ​គឺ​ជា​ការបាត់បង់​​នូវ​ធនធាន​ដ៏​ពោរ​ពេញ​ដោយ​ចំណេះដឹង​ហើយ​ក៏​ជា​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ពីព្រោះ​ថា​​យុវជន​គឺ​ជាទំពាំង​ស្នង​ឬស្សី។

ចំណែក កញ្ញា ស៊ីណា សុធីតា ជានិស្សិត​ឆ្នាំទី៣​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​ក​ម្ពុជា បា​នប្រា​ប់ Newsroom Cambodia ថា កញ្ញា​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​សម្ភារៈ​និយម​ ដោយសារ​ សិស្សា​នុសិស្ស​បច្ចុប្បន្ន​ទាំង​សិស្ស​រៀន​ក្នុង​ថ្នាក់​បឋម ឬ​ក៏​អនុវិទ្យាល័យ​ សុទ្ធ​តែ​មាន​សម្ភារៈ​​ប្រើប្រាស់​ទំនើបៗ​​ស្ទើ​គ្រប់គ្នា។​

កញ្ញាបន្ថែមថា​៖ «ដើម្បី​កុំ​ឲ្យ​យុវជន​ទាំងអស់​នោះ​ទំនោរ ឬ​ក៏​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​សម្ភារៈ​និយម គឺ​ត្រូវ​ឲ្យ​ពួកគាត់​មក​អាន​សៀវភៅ ឬ​ក៏​មក​ធ្វើអី​ផ្សេង​ដែល​មាន​ប្រយោជន៍​»។

លោក សំបូរ មាណ្ណារ៉ា ជា​សាស្ត្រាចារ្យ ផ្នែក​ខេមរៈ​វិទ្យា និងប្រវត្តិសាស្ត្រ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា បាន​ប្រាប់ Newsroom Cambodia ថា ការប្រើប្រាស់​សម្ភារៈ​នៅ​លើ​ពិភពលោក​នេះ​ គឺជា​មូលដ្ឋាន​ចាំបាច់​នៅ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​នយោបាយ។

លោក​ថា៖ «យើង​គួរតែ​ទទួល​យក​នូវ​សម្ភារៈ​ណា​ដែល​យើង​អាច​ទទួល​ផល​ពី​សម្ភារៈ​នោះ​សម្រាប់​ជា​ផ្លូវ​វិជ្ជមាន និង​ផ្លូវ​ដែល​មាន​តម្លៃ»។

លោក​បន្ថែម​​ថា កាលណា​យើង​ប្រើប្រាស់​សម្ភារៈ​និយម​ទាំងអស់​នោះ​មិន​បាន​ផល​ប្រយោជន៍​ដល់​ខ្លួន​ឯង និង​សង្គម​ទេ​នោះ​ ការប្រើប្រាស់​សម្ភារៈ​ទាំងអស់​នោះ​មិនមាន​តម្លៃ​នោះ​ទេ។ ដើម្បី​អាច​ប្រើ​ប្រាស់​ទៅ​មាន​គុណ​ប្រយោជន៍​ទៅ​បាន យើង​នឹង​ត្រូវតែ​មាន​បែប​ផែន ការ​​កំណត់ ច្បាស់​លាស់ និង​ត្រូវ​វាស់​ជាមួយ​សមត្ថភាព សមាមាត្រ និង​លទ្ធភាព និង​គិតពី​លទ្ធផល​នៃ​ការប្រើប្រាស់។ ប្រសិន​​បើ​​សមត្ថភាព​មិនមាន លទ្ធភាព​មិនមាន លទ្ធផល​មិន​សមស្រប នោះ​ការប្រើប្រាស់​សម្ភារៈ​ទាំងអស់​នោះ​នឹង​អត់​ប្រយោជន៍ ហើយ​ក្លាយ​ទៅ​ជា​វិបត្តិ​ដល់​សង្គម​ជាតិ​ផង។

លោក បណ្ឌិត ប៉ា ចន្ទរឿន អ្នកសិក្សាស្រាវជ្រាវ​ពី​ការអភិវឌ្ឍសង្គម មាន​ប្រ​សាសន៍​ថា មនុស្ស​តែង​ត្រូវ​ការ​សម្ភារៈ​ដើម្បី​បំពេញតម្រូវការរបស់ខ្លួន ពេលប្រជាពលរដ្ឋខ្លះឱ្យតម្លៃ​ទៅលើសម្ភារៈខ្លាំងពេក ដោយមិនបានឱ្យតម្លៃលើស្មារតី សីលធម៌ជាធំ ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃសីលធម៌សង្គម ដូច​ជា​ប៉ះពាល់ផលប្រយោជន៍អ្នកដទៃ។

លោក​បន្តថា ប្រជាពលរដ្ឋ​ប្រឹងប្រែង​ធ្វើការ​រកស៊ី​ចិញ្ចឹម​ជីវិត តែ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​មាន​ឥរិយាបថ​សម្ភារៈ​និយម​ជ្រុល ដែល​ខិតខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​បាន​សម្ភារៈ​ទំនើប។

លោ​ក​​បន្ថែម​​​ថា ប្រសិនបើ​ពួកគាត់​មាន​​សម្ភារៈ​ទាំងនោះ​ដោយ​ការរកស៊ី​ត្រឹមត្រូវ ប្រកប​ដោយ​សីល​ធម៌​​ជា​ការល្អ ប៉ុន្ដែប្រសិន​បើស​ម្ភារៈ​ទាំង​នោះ​មិន​ស្រប​ច្បាប់ អសីល​ធម៌ នោះ​និន្នាការ​នៃ​ការ​ឱ្យ​តម្លៃ​សម្ភារៈ​ជា​ធំ នឹង​ក្លាយ​ជា​ចរន្ដ​មួយ​ដែល​បំផ្លាញ​សង្គម​គ្រប់​វិស័យ​ទាំងអស់។ លោក​ថា នៅ​ពេល​ដែល​មនុស្ស​ចង់​បាន​ហួស​ពី​សមត្ថភាព លទ្ធភាព​ដែល​ខ្លួន​អាច​រក​បាន​ដោយ​សម្មា​អាជីវោ​ មនុស្ស​អាច​ក្លាយ​ជា​ទាសករ​នៃ​សម្ភារៈ​ទាំងអស់​នោះ អាច​ភ្លាំង​ភ្លាត់​ទៅ​ប្រព្រឹត្ត​ល្មើសច្បាប់ ឬ​អសីលធម៌​ដើម្បី​តែ​បំពេញ​ចំ​ណង់​របស់​ខ្លួន​ក្នុង​ការទទួល​បាន​សម្ភារៈ។

លោក ប៉ា ចន្ទរឿន លើកឡើង​ថា៖ «​ដើម្បី​ប្រើ​ប្រាស់​ឱ្យ​ជា​ប្រយោជន៍ ទី១​ត្រូវ​ស្គាល់​ខ្លួន​ឯ​ង​ថា​ជា​នរណា លទ្ធភាព​យើង​អាច​រក យើង​មាន​របស់​​ទ្រព្យ​កម្រិត​ណា ដើម្បី​ឱ្យ​ទ្រព្យ​ដែល​យើង​យក​ម​ក​ជា​សម្បត្តិ​កុំ​ឱ្យ​ក្លាយ​ជា​បំណុល។ សង្គម​យើង​គួរ​តែ​មាន​ការអប់រំ មាន​បែ​ងចែក​រវាង​ត្រូវ​ការ និង​ចំណង់ ការច​ង់​របស់​មនុស្ស​ឥត​មាន​ព្រំដែន ប៉ុន្តែ​តម្រូវការ​មាន​កម្រិត​ បើយើង​អាច​បែង​រឿងនេះ​បាន យើង​អាច​ដក​ខ្លួន​ជៀស​ផុត​ពី​អន្ទាក់​សម្ភារៈ​និយម​ក្នុង​ជីវិត»។

លោក ប៉ា ច័ន្ទ​រឿន បន្ថែម​ថា  សង្គម​ទាំងមូល​គួរ​តែ​នាំគ្នា​ផ្លាស់​ប្ដូរ​ការយល់​ឃើញ ​ទស្សនៈ​វិស័យ ចំពោះ​ការ​ឱ្យ​តម្លៃ​មនុស្ស​ក្នុង​សង្គម កុំ​ទាន់​ឱ្យ​តម្លៃ​ដោយ​គ្រាន់តែ​ឃើញ​ទ្រព្យ​សម្បត្តិ​របស់​គេ ត្រូវ​ដឹង​ពី​ប្រភព​ដែល​គេ​រក​បាន​មក​នោះ​សិន ចាំ​ឱ្យ​តម្លៃ៕​

‘Biased and Baseless:’ Government Rejects Global Criticism Over Human Rights

The Cambodian government has rejected a new wave of criticism over its human rights record, brushing off negative assessments by the European Union, other nations and major rights organizations as “biased and baseless.”

The Cambodian Human Rights Committee, a government agency, on Wednesday issued a statement that dismissed the remarks, including grim comments about the state of democracy and freedom of expression, as unfair, politically motivated and meant to destabilize the country. 

The fresh criticism unfolded this week following the 45th session of the United Nations Human Rights Council on October 1. Rona Smith, the UN Special Rapporteur on Human Rights in Cambodia, expressed concern to the council about the government’s treatment of dissent, citing the widespread arrests of activists and restrictions on free speech. 

Smith told the UNHRC that 156 people linked to the political opposition had been arrested between June 2019 and June this year, with 14 still in custody. 

Ralf Schröer, speaking on behalf of the E.U., called on the government of Prime Minister Hun Sen to take “immediate and concrete action” to reopen the political dialogue and ensure respect for human rights, especially for opposition members banned from politics.

“We call for the release of all detained opposition members, supporters and human right defenders,” Schröer said in a statement on October 2. 

Sweden on Monday issued its own statement, saying it was “seriously concerned” about the government’s recent arrests of human rights defenders. 

“We reiterate the need for concrete changes regarding political participation, the right to freedom of expression and opinion, as well as to association and assembly. Sweden urges Cambodia to reopen democratic space, including for civil society and media,” the Swedish statement said. 

Finland went further, describing the situation for human rights and democracy in Cambodia as in a “state of emergency” and calling for the reopening of democracy.

Five leading global rights groups, including Amnesty International and the International Federation for Human Rights, issued a joint statement on the deterioration of human rights in Cambodia over the past five years, citing the dissolution of the opposition party and restrictions on independent media, civil society and freedom of expression. 

Chin Malin, vice president of the Cambodia Human Rights Committee and spokesman for the Ministry of Justice, did not respond to questions from Newsroom Cambodia but referred reporters to the committee’s press release, which characterized the critical statements from Western countries as a blow to international order.  

“When a state is able to unilaterally interfere other states’ internal affairs under the pretext of democracy and human rights as well as to impose sanctions on the state, its leader and private enterprises of another sovereign state without going through the mechanism of United Nation, these actions are done for political appearances and interests rather than human rights,” the CHRC said.

Am Sam Ath, the deputy director for human rights at LICADHO, a Cambodian rights group, told Newsroom Cambodia the government always denies allegations and appeals from the international community. He said democracy and human rights were declining in the country.  
He urged the Cambodian government to evaluate and consider the recommendations from other nations about human rights issues, rather than flatly rejecting criticism.

“If we do not change this behavior, the criticism and condemnation regarding the human rights situation in Cambodia will continue and it will not benefit for Cambodia,” Am Sam Ath said on Tuesday.

“In contrast, we see that the E.U. has withdrawn 20% of the [Everything But Arms, trade deal] already and if this situation continues, we are afraid the E.U. may criticize Cambodia more and disrupt other benefits.”

According to LICADHO, at least 19 activists, artists and human rights defenders have been jailed since July for “peacefully exercising their constitutional rights to free expression and assembly.”

នាយករដ្ឋមន្រ្តី ថាស្វាគមន៍នាវាគ្រប់ប្រទេស នៅមូលដ្ឋានទ័ពរាម

នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បាននិយាយក្នងសប្តាហ៏នេះថា ស្វាគមន៍នាវាគ្រប់ប្រទេស មកចូលចតនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ប្រសិនបើមានការសុំអនុញ្ញាតដើម្បីមកចាក់ប្រេង និងធ្វើសមយុទ្ធជាមួយកម្ពុជាជាដើម។

ការប្រកាសរបស់លោក ហ៊ុន សែន នេះបានធ្វើនៅក្នុងពិធីសម្ភោធមជ្ឃមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

លោក ហ៊ុន សែន បាន​មានប្រសាសន៍ថា៖ «យើងអាចឱ្យចូលនៃនាវាប្រទេសច្រើន មិនមែនកំពង់ផែដឹកទំនិញ យើងមានកំពង់ផែនាវា ជាកំពង់ផែចម្បាំង អញ្ចឹងត្រូវសុំការអនុញ្ញាត»។

លោក បានបន្តថា៖ «មិនមែនតែចិនមួយមានសិទ្ធិប្រើប្រាស់ទេ ប្រទេសដទៃដែលសុំការអនុញ្ញាតមកចូលចតចាក់ប្រេង ឬឡើងគោកដើម្បីធ្វើកិច្ចការអ្វីមួយជាមួយកម្ពុជា យើងស្វាគមន៍»។

ការលើកឡើងរបស់លោក ហ៊ុន សែន បានកើតឡើង បន្ទាប់ពីមានការកម្ទេចចោលអាគារដែលឧបត្ថម្ភថវិកាដោយអាមេរិក នៅលើមូលដ្ឋានកងទ័ពជើងទឹករាម គ្រាដែលមានការបារម្ភពីអាមេរិកថាកម្ពុជាអាចឲ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅទីនោះ។

លោក ហ៊ុន សែន បានទទូចម្តងហើយម្តងទៀតថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា ហាមឃាត់រាល់វត្តមានមូលដ្ឋានយោធាបរទេសនៅក្នុងដែនដីរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ ស្ថានទូតអាមេរិកបាននិយាយថា ខ្លួនមានការខកចិត្តដែលអាជ្ញាធរយោធាកម្ពុជាបានជ្រើសរើសកម្ទេចទីតាំងអាគារ ដែលមានអាយុទើបតែ៧ឆ្នាំ និងជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

សេចក្តីថ្លែងការណ៏នោះបាននិយាយបន្តថាអាមេរិកស្វាគមន៍ការសន្ទនាអំពីតំរូវការរបស់កម្ពុជា និងដើម្បីរកវិធីដែលអាចគាំទ្រហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពរាម៕

រកឃើញករណីវិជ្ជមានជំងឺកូវីដថ្មីលើបុរសកម្ពុជា គ្រាដែលស្តី្រនៅបាត់ដំបងជាសះស្បើយ

ក្រសួងសុខាភិបាល បានប្រកាសថា​ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ ១៩ថ្មីម្នាក់ទៀតលើបុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង និងមានករណីព្យាបាលជាសះស្បើយ ជាស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៣៣ឆ្នាំ​​ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថាបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ហើយបានធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូងតាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

ក្រោយលទ្ធផលធ្វើតេស្តវត្ថុសំណាកវិជ្ជមានវីរុសកូវីដ ១៩ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្ទមិត្តភាពខ្មែរ-សូវៀត។

ក្រសួងបានអះអាងថា អ្នករួមដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១២៨នាក់ (ស្រី៣៣នាក់) ហើយចំណែកអ្នកដំណើរចំនួន១២៧នាក់ទៀត ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ ១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី១០០ខ្នង ចំនួន២៩នាក់ និងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញចំនួន៩៨នាក់។

ស្ត្រីជនជាតិខ្មែរអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានជាសះស្បើយពីជំងឺកូវីដ១៩។ ស្រី្តរូបនេះបានធ្វើដំណើរមកពីសហរដ្ឋអាមេរិកមកកម្ពុជាកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០៕

ការអនុវត្តនីតិរដ្ឋនៅកម្ពុជា

យុវជន សិស្ស​និស្សិត និង​បញ្ញាវ័ន្ត​ខ្មែរ តែងតែ​ទន្ទេញ​​ពាក្យ​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ។ សូម្បី​តែ​មេដឹកនាំ​ប្រទេស​ក៏​តែងតែ​និយាយ​ថា ប្រទេស​កម្ពុជា​គឺ​មាន​នីតិរដ្ឋ​ហើយថា នីតិរដ្ឋ​ និង​​អធិបតេយ្យ​ភាព​កម្ពុជា​​មិនមាន​នរណា​រំលោភបំពាន​​បាន​ឡើយ​។

​ប៉ុន្តែ​បើ​ក្រឡេក​មើល​​ទស្សនៈ​ និង​មតិ​យុវជន​មួយ​ចំនួន​វិញ​ ពួកគេ​តែងតែ​​និយាយ​លេង​ថា «នីតិរដ្ឋ»​ គឺមិន​មែន «​នីតិមាត់» ​នោះ​ទេ ។ 

ហេតុអ្វីពួកគេតែងតែនិយាយ​បែបនេះ?

បើយើង​ក្រឡេក​មក​មើល​អំពី​បរិបទ​នយោបាយ មេដឹកនាំ​កម្ពុជា​តែងតែ​និយាយ​ពេញ​មាត់ៗ​ថា កម្ពុជា​មា​ន​នីតិរដ្ឋ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​គឺ​ស្ថិត​នៅលើ​មាត់របស់មេដឹកនាំ ។

ក្នុងវចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​«នីតិ» ប្រែថា «ច្បាប់» «រដ្ឋ» ប្រែថា «ប្រទេស»។ នីតិរដ្ឋ មាន​ន័យ​ថា ប្រទេស​ដែល​អនុវត្ត​ច្បាប់ជា​ធំ ប្រទេស​​អនុវត្ត​ច្បាប់ដោយ​ពេញ​លេញ និង​យុត្តិធម៌។

កញ្ញា ងិល ហេន និស្សិតឆ្នាំទី៤​​ផ្នែក​រដ្ឋបាល​សាធារណៈ​​​នៃសាកលវិទ្យាល័យភូមិន្ទ នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​លើកឡើង​ថា  ការអនុវត្ត​នីតិរដ្ឋ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ​។ កញ្ញា​​បន្ថែម​ថា  នីតិរដ្ឋ​គឺ​ភ្ជាប់​ជាមួយ​នឹង​សិទ្ធិមនុស្ស ​ប៉ុន្តែ​កញ្ញា​ថា ​​​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​មិន​ទាន់​មាន​ការគោរព​សិទ្ធិ​មនុស្ស​ពេញលេញនៅឡើយ​។

កញ្ញាបានបន្ថែមថា៖ «ប្រទេស​កម្ពុជា​នៅ​តែ​មាន​ការរំលោភ​នូវ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​​ដូចជា​សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​ក្នុង​ការចូលរួម និង​សិទ្ធិ​ផ្សេងៗ​ទៀត»។

ចំណែ​កញ្ញា វិញ ស៊ីណាត និស្សិតឆ្នាំទី​៤​​សិក្សា​ផ្នែក​សង្គមកិច្ច​នៃ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លើកឡើង​​ថា៖ «​ពាក់ព័ន្ធ​ជាមួយ​នឹង​ការរៀបចំ​រចនា​សម្ព័ន្ធ​នីតិរដ្ឋ​នៅ​កម្ពុជា យើង​ឃើញ​ថា ការរៀបចំ​រចនា​សម្ព័ន្ធ​នីតិរដ្ឋ​នៅ​កម្ពុជា​វា​ពិត​ជា​ល្អ​ឥតខ្ចោះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ការអនុវត្ត​នៅ​មាន​កម្រិត​ដដែល»។

អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) កាលពី​ខែមីនា ឆ្នាំ​២០២០ បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី «សន្ទស្សន៍នីតិរដ្ឋ» ដោយ​​​ចាត់ថ្នាក់​កម្ពុជាជា​ប្រទេស​មាន​ប្រព័ន្ធ​​យុត្តិធម៌​ស្ទើរ​តែ​អន់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

បើ​តាម​តារាង​សន្ទស្សន៍​ចេញ​ដោយ​អង្គការ​មួយ​នេះ កម្ពុជាត្រូវ​បាន​វាយ​តម្លៃ​នៅ​ចំណាត់​ថ្នាក់​១២៧ ក្នុងចំណោមបណ្ដាប្រទេស១២៨ ពោល​គឺ​កម្ពុជាល្អ​ជាង​តែ​​សាធារណៈរដ្ឋ​កុងហ្គោ​​តែ​មួយ​ប៉ុណ្ណោះ។

ចំណែក​ប្រទេសចំនួន៣​ដែលទទួលបានចំណាត់ល្អបំផុតនៅក្នុងរបាយការណ៍យុត្ដិធម៌នេះ គឺមាន ​ដាណឺម៉ាក ន័រវេស និងប្រទេសហ្វាំងឡង់ សុទ្ធ​តែ​ជា​ប្រទេស​ស្ថិត​នៅ​តំបន់​អឺរ៉ុប៕

ប្រធានក្រុមប្រឹក្សាភិបាលធនាគារព្រីនស៍ ត្រូវបានតែងតាំងជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី​

ប្រធានក្រុមប្រឹក្សាភិបាលនៃ Prince Bank លោក ចេន ហ្ស៊ី ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្រ្តីកម្ពុជា​ លោក​ ហ៊ុន សែន កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២០។ នេះយោងតាមព្រះរាជក្រឹត្យចុះលេខ នស/រកត/០៦២០/៥៩៥។

យោងតាមព្រះរាជក្រឹត្យដដែល ការតែងតាំងលោក ចេន ហ្ស៊ី ជាទីប្រឹក្សាផ្ទាល់នេះ គឺមានឋានៈស្មើរដ្ឋមន្រ្តី ដោយពុំទទួលប្រាក់បំណាច់មុខងារ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានផ្តល់បទសម្ភាសន៏ដល់ Newsroom Cambodia ថានាយករដ្ឋមន្រ្តី មានបុព្វសិទ្ធិពេញលេញក្នុងការផ្តល់ដល់ជនណាម្នាក់យកមកធ្វើជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់សម្តេច។

លោកក៏បានគូសបញ្ជាក់ថា ក្នុងឋានៈជាទីប្រឹក្សាផ្ទាល់ដែលមានឋានៈស្មើរដ្ឋមន្រ្តីនេះ មានន័យថាលោក ចេន ហ្ស៊ី ប្រាកដជាមានតម្លៃធំ ហើយមានសមត្ថភាពក្នុងការ ដែលមានការឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋដែលបានបង្ហាញការព្រួយបារម្ភ​។

លោកបានមានប្រសាសន៏ថា៖ «​សម្តេច ហ៊ុន សែន លោកជានាយករដ្ឋមន្រ្តីមួយស្តាប់ពីអ្នកជុំវិញខ្លួន ដែលស្តាប់ពីមហាជន ពីអ្នកឯកទេស ស្តាប់ពីអ្នកជំនាញទាំងអស់ សម្តេចគឺជាអ្នកស្តាប់ដូចនេះលោកត្រូវការជំនួយ»។

លោក ចេន ហ្ស៊ី កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ក៏ត្រូវបានផ្តល់ឋានៈជាទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី លោក ស ខេង មានឋានៈស្មើរដ្ឋលេខាធិការ ផងដែរ។

នេះបើយោងតាមគេហទំព័រធនាគារព្រីនស៍ លោក ចេន ហ្ស៊ី ចូលរួមក្នុងការធ្វើការសម្រេចចិត្តសំខាន់ៗដូចជាការបង្កើនដើមទុនសម្រាប់ធនាគារ និងពង្រីកប្រតិបត្តិការអាជីវកម្ម។ គាត់មានការវិនិយោគលើវិស័យអចលនៈទ្រព្យ និងវិនិយោគលើសេវាកម្មអ៊ីនធឺណិតផងដែរ៕

អាជីវករជាង៤០នាក់ តវ៉ានៅមុខផ្សារបុរីសន្តិភាព២ ទាមទារសាលារាជធានី កុំឲ្យអភិវឌ្ឍន៍​ចំណតឡានក្រុង

អាជីវករប្រមាណជាង៤០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នៅពីមុខផ្សារបុរីសន្តិភាព២ ទាមទារសាលារាជធានីភ្នំពេញ កុំឲ្យអភិវឌ្ឍន៍ចំណតឡានក្រុងនៅទីនោះ។

ការតវ៉ាពីសំណាក់អាជីវករទាំងនោះនៅពីមុខផ្សារ ដែលស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានបង្ខំឲ្យមានការបិទផ្លូវ និងបានធ្វើឲ្យមានការកកស្ទះចរាចរណ៍ប្រហែលជាងកន្លះម៉ោង។

អាជ្ញាធរមូលដ្ឋាន និងប្រជាការពារ បានធ្វើការសម្របសម្រួលឲ្យពួកគាត់ទាំងនោះទៅខាងចិញ្ចើមផ្លូវវិញ ដើម្បីឲ្យអ្នកដំណើរធ្វើដំណើរបានធម្មតាឡើងវិញ។

ចំណតឡានក្រុងនេះ ត្រូវបានបញ្ឈប់ដំណើរការ​ ដោយសារតែការរីករាលដាលនៃជំងឺកូវី១៩ ហើយលែងមានដំណើរការរហូតដល់សព្វថ្ងៃនេះ។

អ្នកស្រី  សាត ស្រីអូន ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារបុរីសន្តិភាព២ និងជាអ្នកតវ៉ាផងនោះ បានប្រាប់ Newroom Cambodia កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះថា អ្នកស្រីមកធ្វើការតវ៉ាទាមទារដើម្បីឲ្យសាលាក្រុងរាជធានីភ្នំពេញ កុំឲ្យអភិវឌ្ឍន៍ទៅលើ ចំណតឡានក្រុងនោះអី ពីព្រោះគាត់មានលិខិតត្រឹមត្រូវដែលបញ្ជាក់ថា សាលាក្រុងសន្យាថាមិនមានការអភិវឌ្ឍទៅលើតំបន់នោះបន្តទៀតទេ។

លោក នៅ វិចិត្រ ដែលជាអ្នកធ្វើការតវ៉ានៅទីនោះផងដែរបានប្រាប់ Newsroom Cambodia ថា កាលពីប៉ុន្មានថ្ងៃមុននេះ មានឡានដឹកស៊ីម៉ង់ត៍ ដឹកខ្សាច់ ដឹកថ្ម ដឹកឥដ្ឋបានយកទៅចាក់នៅចំណតឡានក្រុងនោះ ប៉ុន្តែមិនមាននរណាចាប់អារម្មណ៍នោះទេ។

ក៏ប៉ុន្តែ ក្រោយមក ដោយឃើញមានឡានក្រឡុកស៊ីម៉ង់ត៍ និងការធ្វើរបងហ៊ុមព័ទ្ធនៅទីចំណតឡានក្រុងនោះ ទើបប្រជាពលរដ្ឋភ្ញាក់ផ្អើលធ្វើការតវ៉ាទាមទារតែម្ដង។

Newsroom Cambodia បានសុំសម្ភាសន៍អាជ្ញាធរដែលធ្វើការសម្របសម្រួលនៅទីនេះ ប៉ុន្តែពួកគាត់មិនបានផ្តល់កិច្ចសម្ភាសន៍នោះទេ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាននិយាយតាមប្រព័ន្ធតេលេក្រាមថា គាត់មិនទាន់ទទួលបានដំណឹងនេះពីខាងណានៅឡើយទេ។

តំណាងខាងផ្សារបុរីសន្តិភាព២ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ពួកគាត់កំពុងតែស្វែងរកដំណោះស្រាយលើបញ្ហានេះ៕

រកឃើញករណីវិជ្ជមានកូវីដថ្មី លើជនជាតិឥណ្ឌូនេស៊ីមិនមានអ្នកជាសះស្បើយ

ក្រសួងសុខាភិបាលបានប្រកាសថា​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីម្នាក់ទៀតហើយ លើបុរសជនជាតិឥណ្ឌូនេស៊ី អាយុ២៦ឆ្នាំ ខណៈមិនទាន់មានករណីព្យាបាលជាសះស្បើយនៅឡើយ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា មានបុរសជនជាតិឥណ្ឌូនេស៊ីនេះ បានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី នឹងបានបន្តជើងហោះហើរនៅប្រទេសសាំងហ្គាពួរ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមបញ្ជាក់ផងដែរថា មានអ្នករួមដំណើរតាមយន្តហោះជាមួយអ្នកជំងឺសរុបចំនួន១១៣នាក់ (ស្រី ២៣នាក់) និងអ្នកធ្វើដំណើរចំនួន​១១២​នាក់ បានធ្វើតេស្តអវិជ្ជមាន ហើយត្រូវបានដាក់ឲ្ធ្វើ​យចត្តាឡីស័កចំនួន១៤ថ្ងៃនៅវិទ្យាល័យបូរី១០០ខ្នងចំនួន៤៩នាក់ នៅសណ្ឋាគាមួយនៅភ្នំពេញ ចំនួនសរុប៦២នាក់ និងនៅស្ថានទូតសាំងហ្គាពួរ ចំនួន០១នាក់។

កម្ពុជាបានរកឃើញអ្នកដែលមានករណីវិជ្ជមានវីរុស១៩ សរុប​២៨១នាក់ ក្នុងនោះដែរក៏មានអ្នកដែលបាន​ជាសះស្បើយសរុប​២៧៦នាក់ និង០៥នាក់ទៀតកំពុងសម្រាកព្យាបាល។ នេះបើគិតត្រឹមថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០៕

ការយល់ឃើញរបស់យុវជនអំពីភាពខុសគ្នា រវាងយុវជនខ្មែរ និងយុវជនថៃ​លើ​បញ្ហា​នយោបាយ​

កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ អង្គការអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDP  បាន​រៀបចំ​កម្មវិធី​មួយ ដែល​មាន​ការចាក់​បញ្ចាំង​វីដេអូ Live របស់លោក សោម ឆាយ៉ា  ដែលលោក​ជាអតីត​អ្នកសារព័ត៌មាន​ទូរទស្សន៍ CNC និង​តែង​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​ប្រទេស​ថៃ។

​ក្នុង​វីដេអូ​នោះ​​លោក សោម ឆាយ៉ា ​បាន​និយាយ​រៀបរាប់​អំពី​​ស្ថានភាព​បាតុកម្ម​របស់យុវជន​​ក្នុង​ប្រទេស​ថៃ​​យ៉ាង​ដូច្នេះ​ថា នៅ​តាម​សាកល​វិទ្យាល័យ និង​នៅ​តាម​វិទ្យាល័យ​ក្នុង​ប្រទេស​ថៃ​កំពុង​តែ​ធ្វើ​ចលនា​តវ៉ា​កក្រើក​ជា​ថ្មី​ទៀត ក្នុង​ការប្រឆាំង​រដ្ឋា​ភិបាល​កើត​ចេញ​ពី​ក្រុម​យោធា និង​ទាមទារ​ឱ្យ​កាត់​បន្ថយ​អំណាច​ព្រះមហាក្សត្រ​។ បើទោះជា​ពួកគេ​ដឹង​ថា​ការតវ៉ា​នេះ​អាច​ប្រឈម​ការ​បង្ក្រាប និង​សម្លាប់​ដូច​ហេតុការណ៍​នៅ​ឆ្នាំ១៩៧៦ និង​១៩៩២​ក៏​ដោយ។

លោក​បន្ថែម​ថា ចលនា​របស់​សិស្ស-និស្សិត​ថៃ ងើប​តវ៉ា​ជាថ្មី​ចាប់ពី​ពាក់កណ្តាល​ខែកក្កដា  ឆ្នាំ​២០២០​នេះ ដើមហេតុ​ដំបូង​ត្រឹម​ក្រុម​និស្សិត​រាប់​រយ​នាក់​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​​លោក  ប្រាយុទ្ធ ចាន់អូចា ចុះចេញ​ពី​តំណែង  ហើយ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ដោយ​​ពួក​គេ​ចោទ ថា រដ្ឋាភិបាល​នេះ​ឡើង​កាន់​តំណែង​ដោយ​ការបោះឆ្នោត​មិន​ត្រឹមត្រូវ និង​មិន​​មាន​សមត្ថភាព​​ក្នុង​ការ​ដោះស្រាយ​បញ្ហា  ពិសេស​ក្នុងអំឡុង​ពេល​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩នេះ។ ក្រោយមក​ទៀត​ទើប​មានការ​ទាមទារ​ឱ្យធ្វើ​កំណែ​ទម្រង់​អំណាច​ក្សត្រ​ដែល​ក្នុង​ច្បាប់​កំណត់​ដាក់​ទោស​អ្នករិះគន់​ព្រះ​មហាក្សត្រ  ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ។ ថៃ​ជា សង្គម ដែល​សហគមន៍​អន្តរជាតិ​ដឹងឮ​ថា ពលរដ្ឋ​គោរព​ឱ្យ​តម្លៃ​ខ្ពស់​ដល់​ក្សត្រ ហើយ​អំណាច​ក្សត្រ ថៃ​មាន​ឥទ្ធិពល​ខ្លាំង តែ​ពេលនេះ​សិស្ស​និស្សិត​ចេញ​តវ៉ា​ប្រឆាំង​ដោយ​បើកចំហ​រ​ទៅវិញ។

បន្ទាប់ពី​បាន​ទស្សនា​វីដេអូ​នោះ​ចប់ យុវជន យ៊ឹត យុតយូ ក្នុង​ចំណោម​យុវជន និង​ព្រះ​សង្ឃ​​២៧​​អង្គ​នាក់ មកពីសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សិក្សាផ្នែក​ទស្សនវិជ្ជា​បាន​និយាយ​ថា៖ «បន្ទាប់ពី​បាន​មើល​វីដេអូ​ទៅ ហើយ​ខ្ញុំ​មិន​បាន​មើល​ឃើញ​ចំណុច​៣សំខាន់ៗ​។ នៅ​ចំណុច​ទី​១ ខ្ញុំ​យល់​ឃើ​ញ​ថា លោក ប្រាយុទ្ធ ចាន់អូចា អាច​បាន​អំណាច​ហ្នឹង​គឺ​ដោយសារ​តែ​ការធ្វើ​រដ្ឋ​ប្រហារ​។ នៅ​ចំណុចទី​២ គឺ​បង្កើត​រដ្ឋធម្មនុញ្ញ​​ដើម្បី​ការពារ​អ្នក​ដឹកនាំ។ នៅ​ចំណុច​ទី​៣ គឺ​ទាក់ទង​ទៅ​នឹង​អំណាច​របស់​ព្រះមហាក្សត្រ​ដែល​ព្រះមហាក្សត្រ​មាន​អំណាច​កំពូល​ដែល​អាច​គ្រប់គ្រង​យោធា​»។

លោក​បាន​បន្ថែម​ថា ប្រសិន​បើ​​ចង់​ឲ្យ​យុវជន​ខ្មែរ​មាន​ភាព​ផុសផុល​ដូច​នឹង​យុវជន​ថៃ​ យើង​ត្រូវ​តែ ធ្វើ​ឲ្យ​ប្រព័ន្ធ​នយោបាយ​របស់​កម្ពុជា​មាន​ឯកភាព​ជាតិ និង​មាន​តម្លាភាព​។ នេះ​បើ​យើង​ទៅ​មើល សាកល​វិទ្យាធិការ​ថៃ ឬ​ក៏​ម្ចាស់​សាកល​វិទ្យាល័យ​ថៃ​មិនមាន​មុខងារ ឬ​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល​នោះ​ទេ។ ប៉ុន្តែ​បើ​យើង​ក្រលេក​មើល​កម្ពុជា​វិញ សាកល​វិទ្យាល័យ​ធិការ​នៅ​ស្រុក​ខ្មែរ ហាក់បីដូ​ចជា​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​មុខងារ​សំខាន់ៗ​ទៅ​ទៀត។ នេះ​ហើ​យ​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​សិស្ស​និស្សិត និង​យុវជន​ខ្មែរ​នឹង​មិន​សូវ​មាន​ភាព​ក្លាហាន​។ ដោយសារ​តែ​មិនមាន​ការគាំទ្រ​ពី​អ្នក​គ្រប់គ្រង​សាលា​។ ហើយ​ថែម​ទាំង​បង្អាក់​និស្សិត​មិន​ឲ្យ​និយាយ​អំពី​នយោបាយ​។

យុវជន​ម្នាក់​ទៀត លោក សោម តាំងអ៊ី មកពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​សិក្សា​ផ្នែក​ទស្សនវិជ្ជា​បាន​និយាយ​ថា ​យុវជន​នៅ​ប្រទេស​ថៃ​​ហាក់បី​ដូចជា​ស្គាល់​អំពី​និយមន័យ​ពាក្យ​ប្រជា​ធិបតេយ្យ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ច្បាស់​លាស់​​ណាស់​។

«យើង​​សួរ​​ថា ហេតុអ្វី​​បាន​​ជា​យុ​វជន​ថៃ​ធ្វើ​បាតុកម្ម ពីព្រោះ​គេ​ដឹង​ថា ប្រសិន​បើគេ​ខ្វះអ្វី គេក៏​ត្រូវ​តែ​ទាមទារ​អ្វី​ដែល​គេ​ខ្វះម​កវិញដែរ​។ ខ្ញុំ​មើល​​ឃើញ​​មួ​យ​ទៀត​ពាក់ព័ន្ធ​ជាមួយ​នឹង​យុវជនថៃ ពួក​​គាត់​​យល់​ច្បាស់​ពាក់ព័ន្ធ​ទៅ​នឹង​ការធ្វើ​បាតុកម្ម​របស់​គាត់​ ដោយសារ​គាត់​ដឹង​ថា ប្រជា​ធិបតេយ្យ​មាន​ការរស់នៅ​មាន​សិទ្ធិ​សេរីភាព មាន​សិទ្ធិ​ក្នុង​ការបញ្ចេញ​​មតិ មាន​សុខ​សុវត្ថិភាព មាន​ការរស់នៅ​ស្រួល​វា​មាន​ទាំង​សុខមាល​ភាព។ អាហ្នឹង​ហើយ​ដែល​ថា​យុវជ​ន​គេ​យល់​អំពី​ប្រជាធិបតេយ្យ​»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ប្រសិន​បើ​​យើង​ធ្វើការ​ប្រៀបធៀប​ជាមួយ​នឹង​យុវជន​ខ្មែរ និង​យុ​វជន​ថៃ ថា​តើ​ខុសគ្នា​ត្រង់​ណា​ដែរ យើង​ឃើញ​ថា​យុវជន​ថៃ​ច្រើន​ជាង​យុវជន​ខ្មែរ។ ដូច្នេះ​ប្រសិន​បើ​​​យើង​ចង់​ឲ្យ យុវជន​ខ្មែរ​មាន​ភាព​ផុស​ផុល​ជាង​យុវជន​ថៃ វា​ប្រាកដ​ណាស់ មិន​អាច​ទៅ​រួច​នោះ​ទេ ។ ជា​យុទ្ធ​សាស្ត្រ​​របស់​ខ្ញុំ​ៗ​គិត​ថា​មាន​តែ​យុវជន​ចេះ​ច្បាប់​ទេ​ដែល​អាច​ងើប​ពី​ការគាប​សង្កត់​ពី ជិះ​ជាន់​បាន​»។

ចំណែក​យុវជន​ម្នាក់​ឈ្មោះ ពក សុខខឿយ  មកពី​សាកល​វិទ្យាល័យ​ពុទ្ធិក​សី​ហនុ​រាជ សិក្សា​ផ្នែក​​គ្រប់គ្រង​​បា​ន​និយាយ​​ថា៖ «ខ្ញុំ​យល់​ហើយ​ថា វា​ពាក់ព័ន្ធ​ជាមួយ​ប្រព័ន្ធ​នយោបាយ យោធា និង​ការគ្រប់គ្រង​អំណាច​របស់​ព្រះមហាក្សត្រ មាន​លក្ខណៈ ហួស​ហេតុ។ ចំណុច​ដែល​ខ្ញុំ​មើល​ឃើញ​ថា​ល្អ ព្រោះ​ថា​​ទាំង​ប្រជាជន​ទាំង​យុវជន មាន​ការសាមគ្គី​ជា​កម្លាំង បាន​យ៉ាង​ល្អ បើ​ទោះ​បី​ជា​មាន​ការរិត​ត្បិត​សិទ្ធិ​​សេរីភាព​មួយ​ចំនួន​ពី​អាជ្ញាធរ​ថៃ​ក៏​ដោយ​។ ខ្ញុំ​សរសើរ​​ដល់​​យុវជន​​ប្រទេស​ថៃ​​ដែល​មាន​ការតស៊ូ​។ ដូចជា​យប់​មិញ​នេះ មាន​ការធ្វើ​បាតុកម្ម​រហូត​​ដល់​ម៉ោង​១២​យប់»។

លោក​បាន​បន្ថែម​ថា  ដើម្បី​ឲ្យ​យុវជន​ខ្មែរ​មាន​ភាព​ផុសផុល​ដូច​យុវជន​ថៃ ចំណុ​ចទី​១ មាន​តែកា​រ​ជជែក​ពិភាក្សា​គ្នាអំ​ពី​បញ្ហា​សង្គម និង​ការនិយាយ​អំពី​ផែនការ​របស់​រដ្ឋាភិបាល​។ ចំណុចទី​២ ​ការអភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួនឯង​ គឺ​យុវជន​នឹ​ង​ឲ្យ​មាន​ភាព​ក្លាហាន និង​ចេះ​សង្កេត​អំពី​សង្គម​ខាង​ក្រៅ ដូចជា​នៅក្រៅ​ប្រទេស មក​ប្រៀប​ធៀប​ជាមួយ​សង្គម​កម្ពុជា​បច្ចុប្បន្ន​​។ ចំណុ​ចទី​៣ ត្រូវ​មាន​ការចេះ​រៀ​បចំ​បណ្ដាញ​យុវជន និង បណ្ដាញ​ប្រជាពលរ​ដ្ឋ​ឲ្យ​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​យើង​មាន​កម្លាំង​ខ្លាំង​ក្នុង​ការតស៊ូ​។ ចំណុច​ទី​៤  យុវជន និង​ប្រជារាស្ត្រ​ត្រូវ​មាន​ភាព​ម្ចាស់ការ​លើ​ខ្លួន​ឯង កុំ​ចាំ​តែ បុគ្គល​ម្នាក់​មក​ដឹកនាំ​យើង។

អ្នកស្រី សក សុខា ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ លើកឡើង​ថា ការ​ចាក់​វីដេអូ​នេះ​ឲ្យ​យុវជន​ទស្សនា គឺ​​ក្នុង​គោល​បំណង​បណ្តុះ​ស្មារតី​របស់​យុវជ​ន​ឲ្យ​មាន​ភាព​ក្លាហាន និង​មាន​ភាព​រឹងមាំ​ក្នុងការ​តតាំង​ជាមួយ​នឹង​ការតស៊ូ​មតិ​៕

ទឹកស្អុយហូរចូលក្នុងព្រែកកំពត កន្លែងដែលភ្ញៀវទេសចរដើរលេង ខណៈអាជ្ញាធរមិនទាន់មានដំណោះស្រាយ

0

កំពត៖ ទឹកកង្វក់ខ្មៅមានក្លិនស្អុយពីផ្សារកំពតត្រូវបានគេបង្ហូរចូលព្រែកកំពត ដែលជាទីស្រូបទាញប្រាក់ចំណូលពីវិស័យទេសចរណ៍ ជាយូរឆ្នាំមកហើយ។ នេះយោងតាមប្រជាពលរដ្ឋរស់នៅទីនោះ។

ផ្សារកំពតមានចម្ងាយប្រមាណ៨០០ម៉ែត្រ ពីព្រែកកំពត ហើយព្រែកកំពតមានប្រវែងប្រមាណ២១គីឡូម៉ែត្រ ដោយរាប់ចាប់ពីចំនុចបញ្ចេញទឹកនៃរោងចក្រវ៉ារីអគ្គិសនីទឹកឈូ រហូតដល់ធ្លាក់ទៅដល់សមុទ្រ ដោយឆ្លងកាត់ស្រុកទឹកឈូ និងក្រុងកំពត។

ព្រែកនេះអំណោយផលចំពោះវិស័យទេសចរណ៍ នេសាទ និងការធ្វើដំណើរលើផ្លូវទឹក ហើយចំនុចនៃការបង្ហូរទឹកសំណល់ស្អុយចូលព្រែកកំពតនេះ គឺស្ថិតនៅតំបន់លំហែរកាយជិតស្ពានថ្មីក្នុងក្រុងកំពត ចម្ងាយប្រមាណ៩គីឡូម៉ែត្រពីសមុទ្រ។

សំរាមនៅទីកន្លែងអង្គុយសម្រាកលំហែរកាយក្នុងខេត្តកំពត នាថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០២០ រូបភាពដោយ៖ សាញ់ ប៊ុនហឿន

កាលពីខែកញ្ញា ឆ្នាំ២០២០នេះ ទឹកសំណល់នេះមានពណ៌ខ្មៅល្អក់ ហូរលាយឡំជាមួយនឹងទឹកព្រែក ថែមទាំងនៅមានក្លិនស្អុយមិនដាច់ បានភាយជះទៅកាន់អ្នកអង្គុយកំសាន្តស្រូបយកខ្យល់អាកាសនៅលើមាត់ព្រែកនេះ។

អ្នកលក់ចំណីអាហារយូរឆ្នាំម្នាក់ដែលស្ថិតនៅចំងាយប្រហែល៥០ម៉ែត្រពីចំនុចបង្ហូរទឹកសំណល់ចូលព្រែក កញ្ញា លឹម សាំងអេង បាននិយាយថា ដោយសារទឹកសំណល់បានឆ្លងកាត់សម្រាស់ស្ទាក់យកសម្រាម និងបំពង់ទុយោរបង្ហុយក្លិនស្អុយឡើងទៅលើ ក្លិនស្អុយបានកាត់បន្ថយប្រមាណ៧០ភាគរយ។

អ្នកលក់បបរមាន់ម្នាក់នេះបានបន្ថែមថាកាលពីមុន ពេលភ្ញៀវមកអង្គុយហូបអាហារនៅទីនេះម្តងៗ តែងតែរអ៊ូពីក្លិនស្អុយខ្លាំង។

កញ្ញា លឹម សាំងអេង បាននិយាយដូច្នេះថា «កាលគេអត់ទាន់ធ្វើអា(បំពង់បង្ហុយ)កំចាត់ខ្លិនហ្នឹង គ្រាន់តែយើងអង្គុយហ្នឹង ស្អុយមកដល់ហ្នឹងហ្មង ប៉ុន្តែតាំងពីគេធ្វើអាហ្នឹងមក (បំពង់បង្ហុយ) លែងស្អុយហើយ»។

ត្បិតក្លិនស្អុយត្រូវបានកាត់បន្ថយច្រើន ក៏ប៉ុន្តែប្រជាពលរដ្ឋដែលដើរលែងកំសាន្តនៅទីនោះនៅតែមិនជឿថាទឹកសំណល់នេះ មិនអាចច្រោះយកភាពកង្វក់ចេញនោះទេ ទឹកចេញពីលូហូរចូលព្រែកនៅតែមានពណ៌ខ្មៅ និងសល់ក្លិនស្អុយនៅឡើយ។

ពលរដ្ឋដែលមកដើរលែងកំសាន្ត អង្គុយសម្រាកកាយស្រូបយកខ្យល់អាកាសនៅលើមាត់ព្រែក បាននិយាយថា ទឹកហូរចេញពីលូនៅតែមានក្លិនស្អុយ និងមានពណ៌ខ្មៅកង្វក់ ក៏ប៉ុន្តែអ្នកខ្លះក៏ដើរចេញដោយមិនអាចទ្រាំហឹតក្លិនស្អុយ ចំណែកអ្នកខ្លះទៀតយល់ថាក្លិនស្អុយប៉ុណ្ណឹង មិនជាធ្ងន់ធ្ងរទេអាចទ្រាំបាន។

អ្នកស្រី ឡុង វណ្ណា អាយុ៣០ឆ្នាំ ពីរនាក់កូនស្រីតូចកំពុងអង្គុយនៅពីរលើមាត់ព្រែកកន្លែងដែលមានហូរទឹកស្អុយចេញពីលូនោះ និយាយថា ទឹកស្អុយចេញពីលូមិនបានធ្វើឱ្យប៉ះពាល់ខ្លាំងនោះទេ តែអ្នកស្រីយល់ថាវាបានធ្វើឱ្យខូចសោភ័ណភាពនៃទឹកព្រែក ដោយមើលឃើញទឹកព្រែកឡើងពណ៌ខ្មៅមិនគួរ​ឱ្យគយគន់ ។

អ្នកស្រី ឡុង វណ្ណា បាននិយាយថា៖ «ពេលយើងមកអង្គុយលេង វាធំក្លិនស្អុយអញ្ចឹង ក្លិនអត់ល្អទេ។ (ក្លិនស្អុយ) វាមិនប៉ះពាស់ពាល់ស្អីដល់ខ្ញុំទេ ខ្ញុំនឹងដើរចេញ។ ពេលទឹក (សំណល់កង្វក់) ហ្នឹងហូរចូលទៅ មើលទៅ ទឹកវាខ្មៅ មើលទៅវាអត់ស្អាត បើអត់បង្ហូរចូលមក ទឹកវានឹងថ្លាឃើញដី»។

សកម្មជនដែលតាមដានកិច្ចការបរិស្ថាន លោក ចាន់ សាញ់ សម្តែងអារម្មណ៍សោកស្តាយ ដែលរដ្ឋបាលក្រុងកំពតបណ្តោយឱ្យទឹកសំណល់កង្វក់ហូរចូលទៅក្រុងព្រែក។

លោកបានយល់ថាទឹកស្អុយដែលហូរចូលព្រែកនឹងនាំ​​​​​​​​ឱ្យមានផលប៉ះពាល់ច្រើន ដល់ប្រយោជន៍មនុស្ស និងជីវៈចម្រុះ។ មច្ឆាជាតិដែលរស់នោះក្នុងទឹកព្រែកកំពតនេះ នឹង​ពិបាកក្នុងការបន្តពូជ ហើយពពួកមច្ឆាទាំងនោះនឹងផ្លាស់ទៅរកកន្លែងផ្សេងទៀត ឯអ្នកទេសចណ៍នឹងថមថយ ដោយមិនចង់មកលែងនៅតំបន់កំសាន្តដែលមានក្លិនស្អុយ។

លោក ចាន់ សាញ់ បាននិយាយថា៖ «ជាក់ស្តែងវាជាតំបន់ទេសចរណ៍ផង វាជាតំបន់ដែលប្រជាពលរដ្ឋរស់អាស្រ័យផលប្រកបអាជីវកម្មដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផង នៅពេលដែលមានករណីបង្ហូរទឹកលូបែបហ្នឹង វាធ្វើឱ្យបាត់នៅភ្ញៀវទេសចណ៍ដែលពួកគាត់តែងតែទៅលំហែរកាយ។ ពីព្រោះទឹកកង្វក់នោះនឹងបង្ករផលពិបាកទៅដល់សុខភាពភ្ញៀវទេសចណ៍»។

ដោយយល់ថាព្រែកកំពតជាតំបន់ដែលមានសក្តានុពល សកម្មជនបរិស្ថានរូបនេះបានស្នើរសុំអាជ្ញាធក្នុងខេត្តកំពតសិក្សាពីផលប៉ះពាល់នៃការបង្ហូរទឹកសំណល់ចូលទៅក្នុងព្រែក រួចបញ្ចៀសទឹកសំណល់ស្អុយទាំងនេះទៅកាន់ទីតាំងផ្សេង។

រម្យនីយដ្ឋានដូងទេជាតំបន់ទេសចណ៍ស្ថិតនៅផ្នែកខាងលើនៃព្រែកកំពត ទីនេះជាកន្លែងសម្រាកលំហែរកាយលើឆ្នេរខ្សាច់ និងងូតទឹកលេង មានចំនាយ៧គីឡូម៉ែត្រពីចំនុចបង្ហូរទឹកសំណល់កង្វក់។

នៅពេលទឹកជោរម្តងៗ ទឹកប្រៃពីសមុទ្រដែលមានចំងាយប្រមាណ២១គីឡូម៉ែត្រនឹងឡើងទៅដល់តំបន់កំសាន្តដូងទេនេះ ការណ៍នេះនឹងអាចនាំមកនូវទឹកសំណល់កង្វក់ដែលហូរធ្លាក់ពីលូ មកកាន់តំបន់កំសាន្តដូងទេនេះផងដែរ។

ពេទ្យជំនាញសុខភាពទូទៅពន្យល់ថាទឹកកង្វក់ចេញពីលូ បើក្នុងករណីមានជាតិគីមី នោះទឹកកង្វក់នេះអាចបង្កើតជាមេរោគ។ តាមរយៈការប៉ះពាល់ជាមួយទឹកកង្វក់នេះ មេរោគប៉ះនឹងធ្វើឱ្យរលាកស្បែក ថែមទាំងអាចជ្រាបចូលទៅបង្កជាដំបៅ និងបង្កើតជាសត្វល្អិតក្នុងពោះវៀនមនុស្សផងដែរ។

លោក ជូ ចាន់ឬទ្ធិ ដុកទ័រផ្នែកសុខភាពទូទៅ នៅមន្ទីរសម្រាកព្យាបាលឯកជនមួយនៅរាជធានីភ្នំពេញ អាះអាងទឹកសំណល់កង្វក់ដែលចេញពីផ្សារប្រាកដជាមានជាតិគីមី ប៉ុន្តែមានកម្រិតណានោះលោកថាទាល់តែយកទឹកទៅពិនិត្យទើបដឹង។

លោក ជូ ចាន់ឬទ្ធិ​​បាននិយាយថា «ពពួកសត្វល្អិតមួយចំនួន អាចចូលទៅតាមស្បែកបាន អាហ្នឹងមួយ។ មួយទៀតអ្នកលែងទឹកមិនប្រាកដថា១០០ភាគរយ គាត់អត់បានផឹកទឹកហ្នឹងណា។ មេរោគខ្លះនៅក្នុងទឹក រួចភាយមេរោគនោះទៅតាមខ្យល់អាកាសក៏មានដែរ ព្រោះបាក់តេរីមួយចំនួនវាតូចៗមើលមិនឃើញទេ»។

ប្រធានមន្ទីរបរិស្ថានខេត្តកំពត លោក ស៊ុយ ធា បកស្រាយថាទឹកស្អុយទូទាំងក្រុងកំពតបានហូរតាមប្រព័ន្ធលូចំនួន១៤ខ្សែចាក់ចូលព្រែកកំពត ជាកេរ្តិ៍ដំណែលសល់សម័យពីបារាំងគ្រប់គ្រង។

លោកបានបន្តថាអាជ្ញាធរខេត្តកំពតធ្លាប់សហការជាមួយក្រុមហ៊ុននានា សិក្សាពីគម្រោងបញ្ចៀសទឹកស្អុយចេញពីព្រែកកំពតដែរ ប៉ុន្តែដោយការសិក្សារឃើញថាត្រូវចំណាយថវិការខ្ពស់ពេក ទើបគម្រោងនេះត្រូវបរាជ័យទៅវិញ។

លោក ស៊ុយ ធា អះអាងបន្ថែមថានៅថ្ងៃខាងមុខ ខេត្តកំពតនឹងមិនមានលូទឹកស្អុយហូរធ្លាក់ចូលព្រែកកំពតទៀតទេ ព្រោះពេលនេះ ADB កំពុងសិក្សាអំពីគម្រោងចម្រោះទឹកស្អុយ និងបង្វែរចេញពីក្រុងកំពត។

លោក ស៊ុយ ធា អះអាងថា៖ «​ខាង ADB កំពុងចាប់ផ្តើមធ្វើអាហ្នឹងហើយ (គម្រោងបង្វែរទឹកស្អុយ) ប្រហែលជានៅក្នុងឆ្នាំ២០២១ហ្នឹង នឹងធ្វើហើយជាស្ថាពរហើយ យើងបណ្តោះទឹកស្អុយចេញពីក្រុងកំពតបានអស់ហើយ»។

លោកប្រធានមន្ទីរបរិស្ថានរូបនេះបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ នឹងប្រើប្រាស់ដី១០ហិចតាធ្វើជាអាងចម្រោះទឹកស្អុយ មុននឹង​បង្ហូរទឹកនោះទម្លាក់ទៅកាន់ព្រែកក្បាលរមាស៕

នាយករដ្ឋមន្រ្តីថា នឹងទទួលកម្ចីពីចិនដើម្បីកសាងផ្លូវថ្មីចំនួន៣ ច្រានចោលការរិះគន់ថារណបទីក្រុងប៉េកាំង

លោកនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះថា ផ្លូវថ្មីចំនួន​៣​នៅកម្ពុជា​ នឹងទទួលមូលនិធិពីប្រទេសចិនដើម្បីកសាង ហើយបានច្រានចោលការរិះគន់ថាកម្ពុជារណបទីក្រុងប៉េកាំង។

ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនម៉ាណ័រ ដែលមានស្ថិតទីតាំងក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកបានសម្រចកាលពីថ្ងៃទី៦ ​ខែតុលា ឆ្នាំ២០២០ថា ឲ្យមាការសាងសង់គម្រោងចំនួន៣បន្ថែមទៀត ហើយថវិកាជាការសុំកម្ចីពីចិនក្រោយពីមានការចរចារត្រូវថ្លៃរួចមក។

លោកមានប្រសាសន៍ថា គម្រោងនេះត្រូវបានឯកភាពគ្នាចរចារក្នុងគម្រោងរួចហើយ បន្ទាប់ពីមានការចុះហត្ថលេខាដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងសេដ្ឋកិច្ច លោក អូន ព័ន្ធមុន្នីរត្ន័ និងរដ្ឋមន្រ្តីសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល។

លោកមានប្រសាសន៍ថា៖ «អរគុណចំពោះមិត្តចិនដែលបានជួយកម្ពុជាធ្វើផ្លូវរាប់ពាន់គីឡូម៉ែត្រ»។

លោក​នាយករដ្ឋមន្រ្តីបន្ថែម​ថា គម្រោងផ្លូវទាំង៣នេះ មានទី១ ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ខេត្តកំពត ទី២ ផ្លូវជាតិលេខ៣១ នៅខេត្តកំពត និង ទី៣ ផ្លូវជាតិលេខ៣៣ ខេត្តកំពតដូចគ្នាផងដែរ។

លោក ហ៊ុន សែន ក៏បាននិយាយការពារការយកថវិកាពីប្រទេសចិនមកកសាងផ្លូវ និងស្ពាននៅកម្ពុជា ដោយអះអាងថា បើមិនមានចិនទេ ​គ្មានប្រទេសណាផ្សេងនឹងធ្វើទេ។

លោក ហ៊ុន សែន បាននិយាយដូច្នេះថា «អ្នកខ្លះឃើញចិនមកធ្វើផ្លូវ មកជួយធ្វើផ្លូវ ផ្តល់ជាជំនួយឥតសំណង ផ្តល់ជាប្រាក់កម្ចីឲ្យកម្ពុជាធ្វើផ្លូវ បែរជាថាកម្ពុជារណបចិន ជ្រើសរើសយកចិន ចោលមហាអំណាចនេះ មហាអំណាចនោះ ប៉ុន្តែខ្ញុំចង់បញ្ជាក់ ខ្ញុំចង់សួរត្រលប់ទៅវិញ បើផ្លូវហ្នឹង ស្ពានហ្នឹង ចិនមិនបានធ្វើទេ តើអ្នកណាមកធ្វើជួស?»៕

WOW មើលគំនរសំរាមក្នុងរាជធានីភ្នំពេញ

បញ្ហាសំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ មិនមែ​ន​ជា​រឿង​ថ្មីៗ ហើយ​ទើប​តែ​កើត​ឡើង​នោះ​ទេ។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ តែងតែ​រអ៊ូ​រទាំ ចំពោះ​ករណី​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​កាក​សំណល់ ដែល​មាន​ការកើន​ឡើង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

បើតាម​និយមន័យ ​សំរាមគឺជាសំណល់ដែលគេបោះបង់ចោល ឬ ចាក់​ចោល​នៅទី​កន្លែង​ផ្សេងៗ​គ្នា ដោយសារ​តែ​គេលែ​ងត្រូវការ។  សំរាមគឺ​ជាកាកសំណល់​គ្រប់​ប្រភេទ​ដែល​សល់​ពី​​ការ​ប្រើប្រាស់​ប្រ​ចាំថ្ងៃ ហើយ​ត្រូវ​បញ្ចេញ​ចោល​តាម​សកម្មភាព​សព្វ​បែបយ៉ាង​ពី​ប្រភព​ផ្សេងៗ​។ សំរាម​អាច​ចែក​ជា​៤​ប្រភេទ គឺ សំណល់​លំនៅ​​ស្ថាន សំណល់ទីផ្សារ សំណល់​ឧស្សាហកម្ម និងសំ​ណល់មន្ទីរពេទ្យ។

បើតាម​របយាករណ៍​របស់​ក្រសួង​បរិស្ថាន បរិមាណ​​សំរាម​​ខ្ទង់​១​ម៉ឺន​​តោន​​ក្នុង​​មួយ​​ថ្ងៃៗ ត្រូវ​​​បាន​​បញ្ចេញ​​ចោល​​ពី​លំនៅ​ឋាន និង​​រោងចក្រ​​សហគ្រាស​​នានា​​នៅ​ទូទាំង​​ប្រទេស​​ដោយ​​ថា សំរាម​៩០​​ភាគរយ មិន​​ត្រូវ​​បាន​​យក​ទៅ​​កែច្នៃ​​ឡើង​វិញ​​នោះ​​ឡើយ។

គ្រាន់តែ​រាជធានី​ភ្នំពេញ​មួយ​បាន​បង្កើ​ត​ឱ្យ​មាន​កាកសំណល់​ក្នុង​បរិមាណ​ចន្លោះ​ពី ២,000 ទៅ​៣,000​តោន​ជា​រៀងរាល់​ ដែល​ក្នុង​នោះ​មាន​៦00​តោន គឺជា​កាក​សំ​ណល់​ប្លាស្ទិក។ រាជរដ្ឋាភិបាល​កម្ពុជា ក៏​តែងតែ​ឧស្សាហ៍​លើក​បញ្ហានេះមកនិយាយ ប៉ុន្តែ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ។​

​និយាយអំ​ពី​ផល​ប៉ះពាល់​របស់​សំរាម​ចំពោះ​សង្គម​ដោយ​យោង​ទៅ​តាម​លក្ខណៈរូប និង​លក្ខណៈ​គីមី​នៃ​សំរាម ឬ​សំណល់ ប្រសិន​បើ​យើង​មិន​បាន​បែងចែក និង​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ ទៅ​តាម​លក្ខណៈ​បច្ចេកទេស​ទេ​នោះ វា​នឹង​អាច​ជះឥទ្ធិពល​មក​លើ​សុខភាព មនុស្ស សត្វ និងបរិស្ថាន ជាច្រើនដូ​ចជាធ្វើ​ឱ្យ​បាត់បង់​សោភ័ណភាព​ទីក្រុង និង​លំនៅដ្ឋាន ជា​ប្រភព និង​ទី​ជម្រក​នៃ​ពពួក​មេរោគ​ឆ្លង និង​សត្វល្អិត ​បង្ក​ឱ្យ​មាន​ក្លិន​ស្អុយ ប៉ះពាល់​ដល់​អ្នក​រស់នៅ​ក្បែរ​​គំនរ​សំរាម និង​បរិស្ថាន ការបោះបង់​ចោល​សំរាម​រាយប៉ាយ អាច​បង្ក​ការស្ទះ​ដល់​ប្រព័ន្ធ​លូ​សាធារណៈ តាមរយៈ​ការហូរ​នាំ​ដោយ​ទឹកភ្លៀង​ជា​លទ្ធផល ខូច​ដល់​សោភ័ណភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ បាត់បង់​​​ភ្ញៀវ​ទេស​ចរណ៍​ជាដើម​។

ដើម្បី​កាត់​បន្ថយ​សំរាម និង​ផល​ប៉ះពាល់​ដោយ​សារ​សំរាម ប្រជាពលរដ្ឋ​ត្រូវ​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក ដោយប្រើជំនួសមកវិញនៅ​របស់​ជ័រ​ដូចជា ការប្រើកន្ត្រក​យួរ​ពេល​ទៅ​ផ្សារ​ម្តងៗ ប្រើ​ដបទឹក​ដែល​មានគុណភាព​ប្រើ​ម្តងទៀតបាន​ យកចិត្តទុកដាក់ចំពោះ សេចក្តី​ជូន​ដំណឹង របស់​សាលា​ក្រុង​ស្តីពី​ការគ្រប់គ្រង​សំរាម និង​ត្រូវ​​ចេះបែងចែក​សំរាម​ទៅតាម​ប្រភេទ​ដែលអាចយកកែច្នៃបាន និង​ប្រភេទ​មិនអាច​​កែច្នៃបាន៕

អូស្រ្តាលីផ្ដល់ជំនួយដល់កម្ពុជាប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ

ប្រទេសអូស្រ្តាលីបានប្រកាសថានឹងផ្ដល់ជំនួយចំនួន១លានដុល្លារអូស្រ្តាលី ដើម្បីពង្រឹងមន្ទីរពិសោធន៍ជាតិត្រួតពិនិត្យឱសថរបស់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ។

ជំនួយនេះនឹងត្រូវផ្ដល់តាមរយៈអង្គការមិនមែន​រដ្ឋាភិបាលជំនាញ ដែលមានឈ្មោះថា United States Pharmacopeia សម្រាប់រយៈពេល២ឆ្នាំ (២០២០-២០២២)។ នេះបើយោងតាមការប្រកាសព័ត៍មានរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។

ជំនួយរបស់អូស្រ្តាលី​នឹងជួយមន្ទីរពិសោធន៍ជាតិគ្រប់គ្រងគុណភាព​នៃផលិតផលវិជ្ជសាស្រ្តរបស់កម្ពុជា លើកកម្ពស់ប្រព័ន្ធគ្រប់គ្រងគុណភាពរបស់កម្ពុជា យុទ្ធសាស្រ្ត និងផែនការប្រតិបត្តិការមន្រទីពិសោធន៍ជាតិ ព្រមទាំងបង្កើនការធ្វើតេស្ត និងរាយការណ៍អំពីផលិតផលវេជ្ជសាស្រ្តក្លែងក្លាយនិ ងអន់គុណភាព។

លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «មន្ទីរពិសោធន៍ជាតិគ្រប់គ្រងគុណភាព មានសារៈសំខាន់ក្នុងការការពារ​ប្រឆាំងនឹងផលិតផលវេជ្ជសាស្រ្តក្លែងក្លាយ និងអន់គុណភាព»។

លោកបានបន្តថា ការជួយឧបត្ថម្ភមន្ទីរពិសោធន៍ជាតិគ្រប់គ្រងគុណភាពផលិតផលវេជ្ជសាស្រ្តរបស់កម្ពុជានេះ គឺដើម្បីត្រៀមលក្ខណៈទទួលបានការទទួលស្គាល់គុណភាពពីអង្គការសុខភាពពិភពលោក។

ជំនួយអូស្រ្តាលីនេះ ជាជំនួយចុងក្រោយបន្ថែមទៅលើជំនួយ​៥០លានដុល្លាអូស្រ្តាលី ដែលកំពុងគាំទ្រដល់គម្រោងលើកកម្ពស់សមធម៌ និងគុណភាពសុខាភិបាល៕

សហគមន៍អឺរ៉ុប និង​អង្គការ​អន្តរជាតិសម្តែងការព្រួយបារម្ភជាថ្មីពីបញ្ហាសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា

ក្រុម​ប្រទេស​សហគមន៍អឺរ៉ុប និង​អង្គការ​អន្តរជាតិ​ជាង​៣០​ ​នៅ​ថ្ងៃចន្ទ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ សម្តែង​ការព្រួយបារ​ម្ភ​ពី​ការធ្លាក់​ចុះ​ស្ថានភាព​សិទ្ធិ​មនុស្ស សេរីភាព​ក្នុង​ការបញ្ចេញ​មតិ និង​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា និង​បាន​ស្នើឲ្យ​​មានការត្រួតពិនិត្យ និងស្តារឡើងវិញ។​

ក្នុង​សេចក្តីថ្លែងការណ៍​របស់លោក ​Ralf Schröer តំណាង​ឲ្យ​សហគមន៍អឺរ៉ុប​​២៧​ប្រទេស និង​ចេញ​នៅ​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ២០២០នេះ ​បញ្ជាក់ថា ​សហគមន៍​អឺរ៉ុប​​  ជំរុញ​ឲ្យ​កម្ពុជា​បើក​ចំហរ​សេរីភាព​នយោបាយ សង្គម​ស៊ីវិល និង​ធានា​ឲ្យ​បាន​នូវ​ការការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យ​មាន​ការដោះលែង​អ្នកការពារ​សិទ្ធិ​មនុស្ស និង​អតីត​មន្ត្រី​គណ​បក្ស​ប្រឆាំង​ទាំងអស់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ពេល​កន្លង​មក​។​

សហគមន៍​អឺរ៉ុប​បាន​លើកឡើង​ថា៖ «យើង​សូម​ធ្វើការ​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ដល់​អាជ្ញាធរ​កម្ពុជា​​​ចាត់​វិធានការ​បន្ទាន់ និង​ជាក់លាក់​​ក្នុង​ការបើក​ចំហរ​ឲ្យ​មាន​សេរីភាព​ក្នុង​ការធ្វើ​នយោ​បាយ សង្គម​​ស៊ីវិល និង​ធានា​ឲ្យ​បាន​នូវ​ការគោរព និង​ការពារ​សិទ្ធិ​មនុស្ស ជាពិសេស​សម្រាប់​សមាជិក​គណបក្ស​ប្រឆាំង​ទាំងអស់​ដែល​ត្រូវ​បាន​ហាមឃាត់​ពី​សកម្មភាព   នយោ​បាយ​កន្លង​មក»។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដាច់​​ដោយ​ឡែក​មួយ​ ​ប្រទេស​ស៊ុយ​អែត​ក៏​​បាន​បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ផង​ដែរ​ជមវិញ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៖ « ប្រទេស​ស៊ុយអែត​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការវិវត្ត​ថ្មីៗ​នៅ​កម្ពុជា​ជាមួយ​នឹង​ការចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន។ យើង​សូម​បញ្ជាក់​ម្តង​ទៀត​នូវ​តម្រូវ​ការ​សម្រាប់​ការផ្លាស់​ប្តូរ​ជាក់ស្តែង​ទាក់ទង​នឹង​ការចូលរួម​នយោបាយ​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ និង​គំនិត ក៏​ដូចជា​សមាគម និងការជួបជុំ។ ប្រទេស​ស៊ុយអែត​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​បើក​លំហរ​ប្រជាធិបតេយ្យ​ឡើងវិញ រួមទាំង​សង្គម​ស៊ីវិល និង​ប្រព័ន្ធផ្សព្វផ្សាយ»។

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ប្រទេស​ហ្វាំង​ឡង់ ក៏បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក ដោយ​ហៅ​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ថា​កំពុង​ស្ថិត​ក្នុង «ការប្រកាស​អាសន្ន» ព្រមទាំង​អំពាវ​នាវ​ឲ្យ​មានការ​បើក​លំហរ​ប្រជាធិបតេយ្យឡើង​វិញ​​ដូចគ្នា។​

ចំណែក​អង្គការ​អន្តរជាតិ​ធំៗ​ចំនួន៥​ផ្សេង​ទៀត​ដែល​ក្នុង​នោះ​រួម​មាន​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) អង្គការ​សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស​ជាដើម បាន​ចេញសេចក្តី​ថ្លែងការណ៍​រួម​មួយ​​ដោយ​បាន​លើក​ឡើង ពី​ការរកឃើញ​របស់​អង្គការ​ខ្លួន ស្តីពី​ការធ្លាក់​ចុះ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​រយៈពេល​៥ឆ្នាំ​ចុងក្រោយ​នេះ រាប់​ចាប់​តាំង​ពី​មាន​ការរំលាយ​គណបក្ស​ប្រឆាំង ការរិត​ត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សង្គម​ស៊ីវិល និង​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​ជា​បន្ត​​បន្ទាប់។

Newsroom Cambodia បានព្យាយាម​​សុំ​ការ​អត្ថាធិប្បាយ​ពី​​​លោក ជិន ម៉ាលីន​ អនុប្រធានគណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជាអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ប៉ុន្តែលោក​បាន​បង្វែរ​ឲ្យ​​ទៅ​មើល​​សេចក្តី​ជូន​ព័ត៌មាន​របស់គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ចេញ​នៅថ្ងៃទី​៧ ខែតុលានេះ​ជំនួ​ស​​វិញ។

ក្នុង​សេចក្តីជូនព័​ត៌មាន​ដែល Newsroom Cambodia ទទួល​បាន​នៅព្រឹកថ្ងៃពុធទី០៧ ខែតុលា​នេះ គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឆ្លើយ​តប​ទៅ​នឹង​ការរិះគន់ និង​របាយការណ៍​នានា​របស់​សហគមន៍​អន្តរជាតិ​​ថា​ ​ជា​ការចោទ​ប្រកាន់​ដោយ​លម្អៀង និង​គ្មាន​មូលដ្ឋាន​ពី​សំណាក់​ក្រុម និង​អង្គការ​ស្ថាប័ន​មួយ​ចំនួន ដែល​មា​​ននិន្នាការ​នយោបាយ​ប្រឆាំង​នឹង​​រដ្ឋា​ភិ​បាល​កម្ពុជា​។​

ក្នុង​សេចក្តី​ជូន​ព័ត៌មាន​ដដែល​នោះ​បន្ថែម​ថា វិធានការ​ច្បាប់​របស់​សមត្ថកិច្ច​នា​ពេល​កន្លងមក គឺជា​​ការអនុវ​ត្ត​​ទូទៅ​​ស្របតាម​​ច្បាប់​ដូចៗ​គ្នា​ ទៅ​លើ​ជន​ណាដែ​លប្រព្រឹត្ត​បទល្មើសប៉ុណ្ណោះ​ មិន​​បាន​​ផ្តោត​​ជាក់លាក់​​​ទៅ​​លើ​​ក្រុម​​គោលដៅ​​ណាមួយ​​ទេ ហើយ​ថា​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​នានា​របស់​ក្រុម​សហគមន៍​អន្តរជាតិ​ទាំង​នោះ​គឺ​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់​ធ្នាប់​អន្តរជាតិ និង​អនាធិបតេយ្យ​នៃ​នយោបាយ​អន្តរជាតិ។

«ការ​ដែល​រដ្ឋ​មួយ​អាច​រៀបចំ​ច្បាប់​តាម​ទំនើង​ចិត្ត និង​ជា​ឯកតោ​ភាគី លូកលាន់​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ដទៃ​ក្រោម​លេស​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ព្រមទាំង​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋ ថ្នាក់​ដឹកនាំ និង​សហគ្រាស​ឯកជន នៃ​រដ្ឋ​អធិបតេយ្យ​មួយទៀត ដោយ​មិន​ឆ្លងកាត់​យន្តការ​របស់​អង្គការ​សហប្រជាជាតិ ហើយ​ដែល​ទង្វើ​នេះ​ធ្វើ​ឡើង​ក្រោម​រូបភាព និង​ផល​ប្រយោជន៍​នយោបាយ ជា​ជាង​ហេតុផល​សិទ្ធិមនុស្ស»។

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​​បា​ន​ប្រាប់ Newsroom Cambodia កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ទី​០៦​តុលា​នេះ​ថា លោក​បាន​កត់​សម្គាល់ពី​ការណ៍​​ដែល​រដ្ឋាភិបាល​តែងតែ​បដិសេធ​ទៅ​នឹង​ការលើក​ឡើង ព្រមទាំង​ការអំពាវនាវ​របស់​សហគមន៍​អន្តរជាតិ ដែល​ថា​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការធ្លាក់​ចុះ​ជា​លំដាប់។​ លោកបន្ថែម​ថា កម្ពុជា​គួរ​តែពិនិត្យ និង​ពិចារណា​ទៅ​តាម​ការលើកឡើង និង​ការអំពាវ​​​នាវ​របស់​អន្តរជាតិ ដែល​ថា​មាន​ចំណុច​ណា​ដែល​កម្ពុជា​នៅ​មាន​ភាព​ខ្វះខាត និង​ត្រូវ​ពង្រឹង​បន្ថែម​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាជាង​ធ្វើ​ការបដិសេធ​លើ​ការលើកឡើង​របស់​អន្តរ​ជាតិ។​

លោកថា៖ «បើ​យើង​មិន​ផ្លាស់ប្តួរ​គោលការណ៍​នេះ​ទេ ការរិះគន់ និង​ការថ្កោលទោស​ទាក់ទង​នឹង​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នឹង​មាន​បន្ត​ទៅ​ទៀត ហើយ​វា​មិន​បាន​ផ្តល់​ជា​ផល​ចំណេញ​សម្រាប់​កម្ពុជា ផ្ទុយ​ទៅ​វិញ​យើង​ឃើញ​សហគមន៍​អឺរ៉ុប​គេ​ដក​ប្រព័ន្ធ​អនុគ្រោះព​ន្ធ​២០%​រួចហើយ បើសិនជា​ស្ថានភាព​នៅ​តែ​បន្តទៀត យើង​បារម្ភ​ថា​ខ្លាច​គេ​អាច​នឹង​រិះគន់ ឬ​ប៉ះពាល់​ទៅ​ផ្នែក​ផ្សេង​ទៀតបាទ»​។

នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី ​៤៥ ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជា​ជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូណា ស្មីត បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​​កម្ពុជា ដោយ​ថា​​​មាន​ការ​រឹត​បន្តឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​​ប្រមូល​ផ្តុំ និង​ការ​ចាប់​ខ្លួន​មនុស្ស​ជា​បន្ត​បន្ទាប់។

បើ​តាម​របាយការណ៍​របស់​លោកស្រី​ ចាប់​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៩ ដល់​មិថុនា ឆ្នាំ​២០២០ អ្នក​រាយការណ៍​ពិសេស​បាន​កត់ត្រា​មនុស្ស​១៥៦​ នាក់ ​ដែល​ពាក់ព័ន្ធ​នឹង​គណ​បក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​១៤​នាក់ស្ថិត​ក្នុង​ការ​ឃុំឃាំង៕​

ខេមបូចាបង្ហាញការបារម្ភពីការរិតត្បិតសេរីភាពសារព័ត៌មានក្រោយលោក សុវណ្ណ រិទ្ធី ត្រូវបានកាត់ទោស

(ភ្នំពេញ)៖ បន្ទាប់ពី​លោក​ សុវណ្ណ រិទ្ធី អតីត​និពន្ធ​នាយក​ TVFB ត្រូវ​បាន​ដោះ​លែង​​​​​​​​ក្រោម​​ការ​ព្យួរ​ទោស​​ពី​បទ «ញុះ​ញង់​ឲ្យ​មាន​ចលាចលក្នុង​សង្គម» ក្រោយ​ជាប់​ឃុំ​អស់​រយៈពេល​ជាង​៥​ខែ សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (ខេម​បូចា) បាន​សម្តែង​ការ​ព្រួយ​​បារម្ភ​លើ​សេរីភាព​សារព័ត៌មាន និង​ថា ​នេះ​ជា​ការ​គំរាម​កំហែង​ដល់​ការ​​បន្ត​ប្រើ​ប្រាស់​សេរីភាព​​អ្នក​សារ​ព័ត៌មាន​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ។​

ការ​ចេញ​សេចក្តី​ព្រួយ​បារម្ភ​របស់​ខេម​បូចា ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​​​​បើក​សវនាការ​​ជំនុំ​​ជម្រះ ​ដោយ​សម្រេច​ផ្ដន្ទាទោស​អតីត​អគ្គ​នាយក​សារព័ត៌មាន TVFB រូបនេះ​ដាក់​ពន្ធ​នាគារ​រយៈ​ពេល​​​១៨​ខែ។ ចៅក្រម​បាន​ប្រកាស​ដោះ​លែង​​លោក សុវណ្ណ រិទ្ធី​ ​មក​ត្រឹម​ការ​អនុវត្ត​ទោស​ទោស​ក្នុង​ពន្ធនាគារ​​តែ​៥​ខែ ២៨ ​ថ្ងៃ​ ហើយ​​​ទោសសេស​សល់​គឺ​ត្រូវ​ព្យួរ។

ក្នុង​​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សម្ព័ន្ធ​អ្នកសារព័ត៌មាន​​កម្ពុជា (ខេមបូចា) ចេញ​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០២០ នេះ​បញ្ជាក់​ថា ​ខេម​បូចា​​សម្ដែង​ការ​ព្រួយ​បារម្ភ​ក្រោ​យ​ពេល​​​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​បាន​​​ប្រើ​​ក្រម​​ព្រហ្ម​ទណ្ឌ​កាត់​ទោស​ឲ្យ​​​លោក​ សុវណ្ណ រិទ្ធី អតីត​និពន្ធ​នាយក​សារព័ត៌មាន​ TVFB​ មាន​ទោស​ជាប់​ពន្ធនាគារ​១៨​ខែ​ ទោះបីជា​ទោសនេះ​ត្រូវបាន​ប្រកាស​ព្យួរ។

«សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (ខេម​បូចា) ស្វាគមន៍​ការ​ប្រកាស​ដោះ​លែងលោក​ សុវណ្ណ រិទ្ធី អោយ​មាន​សេរីភាព​ឡើង​វិញ។ ទោះ​ជា​យ៉ាង​ណា​ ខេមបូចា​មាន​ការ​ខក​ចិត្តចំពោះ​ការ​កំណត់​អោយ​លោក សុវណ្ណ រិទ្ធី មាន​ទោស​ដាក់​ពន្ធ​នាគារ​រហូត​ដល់​ទៅ​១៨ខែ»។

ខេមបូចា​បន្ថែមថា​ ករណី​របស់​លោក សុវណ្ណ​ រិទ្ធី គឺ​ជា​ករណីទី​១ ដែល​អ្នក​យក​ព័ត៌មាន​ត្រូវ​បាន​កាត់​ឲ្យ​មាន​ទោស​ក្នុង​អំឡុង​ពេល​ដែល​គាត់​រាយ​ការណ៍​ពី​កូ​វីដ១៩ ហើយ​ថា នេះ​បង្ហាញ​ពី​ការ​គំរាម​កំហែង​​​ដល់​ការ​​បន្ត​ប្រើ​ប្រាស់​​សេរីភាព​​​អ្នក​សារ​ព័ត៌មាន​​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈផេ្សង​ទៀត ដែល​កំពុង​រាយការណ៍​ពី​​ការ​រាល​ដាល​ជំងឺ​​កូវីដ១៩។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខេម​បូចា​ដដែល​ បាន​ស្រង់​សម្តី​​របស់​នាយក​ប្រតិបត្តិ​សម្ព័ន្ធអ្នក​សារ​ព័ត៌មាន​កម្ពុជា លោក​ ណុប វី ថា៖ «លោក​ សុវណ្ណ​ រិទ្ធី គ្រាន់តែ​បាន​ប្រើ​ប្រាស់​តួនាទី​របស់​គាត់ជា​អ្នកសារព័ត៌មាន​ម្នាក់ ដោយ​ស្រង់សម្ដីរបស់​​ប្រភពមក​ផ្សព្វផ្សាយ​ ដូច្នេះ​ការ​ដាក់​ទោស​លើ​អ្នក​សារព័ត៌មាន​ដោយ​ប្រើ​ប្រាស់​ក្រម​ព្រហ្ម​ទណ្ឌគឺនៅ​តែ​ជា​ការ​គំរាម​កំហែង​ និង​បង្កើត​អោយ​មាន​ការ​ភ័យ​​​ខ្លាច​ដល់​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត ហើយ​ឆ្លុះ​បញ្ចាំង​ថាច្បាប់​ស្ដី​ពី​របប​សារ​ព័ត៌មាន​មិន​ត្រូវ​បាន​យក​មក​អនុវត្ត»។

ខេម​បូចា​ក៏​បាន​​អំពាវនាវ​ និង​ស្នើសុំ​ឲ្យ​​​តុលាការ​ទម្លាក់​​ចោល​​បទ​ចោទ​ប្រ​កាន់​ទាំង​ឡាយ​ប្រ​ឆាំង​អ្នក​សារព័ត៌មាន​​ផ្សេង​ទៀត និង​អំពាវ​នាវ​ទៅ​ដល់​ក្រសួង​ព័ត៌មាន​ផ្ដល់​ជូន​ឡើង​វិញ​នូវ​អាជ្ញាប័​ណ្ណ​មជ្ឈ​មណ្ឌល​ផ្សព្វ​ផ្សាយ​ TVFB ជូន​ដល់​លោក​ សុ​វណ្ណ​ រិទ្ធី​ដើម្បីឲ្យ​គាត់​អាច​បន្ត​អាជីព​ជា​អ្នក​សារ​ព័ត៌មាន​បាន​ជា​បន្ត​ទៀត។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ ដោយ​ប្រាប់​ថា​រវល់​ប្រជុំ។​

ចាប់​ពី​ខែ​មេសា​មក យ៉ាង​ហោចណាស់​មាន​​អ្នក​សារ​ព័ត៌មានចំនួន​​៣​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​​ដោយសារ​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ការ​សរសេរ ​ឬ​ការ​រាយ​ការណ៍​តាម​បណ្តាញ​សង្គម​មួយ​នេះ។​ ក្នុង​នោះ​មាន​លោក សុវណ្ណ រិទ្ធី​ លោក​ សុខ ឧត្តម ​ដែល​ជា​អ្នក​សារ​ព័ត៌មាន​នៅ​ខេត្ត​កំពង់ឆ្នាំង​ និង​ចុង​ក្រោយ ​គឺ​លោក​ រស់ សុឃិត ចាងហ្វាង​សារ​ព័ត៌មាន​ជាតិ​ខ្មែរ​៕

ជនជាតិចិនជាសះស្បើយហើយពីកូវីដ ១៩ ខណៈពុំមានករណីឆ្លងថ្មី

ក្រសួងសុខាភិបាល បានប្រកាសថា ជនជាតិចិនដែលមានវ័យ២៨ឆ្នាំ បានជាសះស្បើយហើយពីជំងឺកូវីដ ១៩ និងពុំមានករណីឆ្លងថ្មីទៀតទេ គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ។

ជនជាតិរូបនេះត្រូវបានគេអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ បន្ទាប់ពីទទួលលទ្ធផលតេស្តអវិជ្ជមាននៃវីរុសកូវីដ ១៩ ចំនួន២ដង។ នេះយោងតាមក្រសួងសុខាភិបាល។

សេចក្តីប្រកាសក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថា បុរសជនជាតិចិននេះ ជាអ្នកធ្វើដំណើរមកពីហ្វីលីពីន ដោយបន្តជើងយន្តហោះហើរនៅប្រទេសកូរ៉េខាងត្បូង មុនមកដល់កម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២០។

គួររំលឹកដែលថាគិតត្រឹថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ ចំនួនអ្នកជាសះស្បើយនៃជំងឺកូវីត ១៩ សរុប ២៧៦នាក់ និងកំពុងព្យាបាលចំនួន៤នាក់៕

Latest News