ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានដីស្រែរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍អាងស្តុកទឹករបស់រដ្ឋ នៅក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បង្ហាញការមិនពេញចិត្ត និងក្តីអស់សង្ឃឹមចំពោះសំណងថោកជាងតម្លៃទីផ្សារខ្លាំង។
អ្នកស្រី សូ សីណា លរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតដែលមានដីស្រែរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍អាងស្តុកទឹករបស់រដ្ឋ ស្ថិតក្នុងឃុំក្រោលគោ ប្រាប់ Newsroom Cambodia កាលពីថ្ងៃទី១៥ ខែកញ្ញានេះថា អ្នកស្រីមានដីស្រែទំហំ៣០អាដែលជាកេរ្តិ៍របស់ម្តាយអ្នកស្រី សម្រាប់ប្រកបរបរធ្វើស្រែជារៀងរាល់ឆ្នាំ។ អ្នកស្រីបន្តថា ការអភិវឌ្ឍអាងស្តុកទឹកនេះប៉ះពាល់ដល់ដីស្រែរបស់អ្នកស្រីទាំងស្រុង ប៉ុន្តែសំណងដែលរដ្ឋផ្តល់ឱ្យមានតម្លៃថោកខ្លាំង។
អ្នកស្រីថា៖ «សំណងវាតិចខ្លាំងពេក ឱ្យតែ ៦កាក់ក្នុងមួយអា អត់បាននំបញ្ចុកមួយចានផង។ ហើយដីធ្វើស្រែរាល់ឆ្នាំ ដីរបបមានតែប៉ុណ្ណឹង ការពិតរបបម្នាក់២៣អាផង អានេះម៉ែចែកឱ្យ៣០អា អញ្ចឹងណ៎ា! ក្នុងកូនម្នាក់។ ហើយប៉ះទាំងអស់ ហើយបានតែប៉ុន្មាននឹង ហើយយកអាលុយប៉ុណ្ណឹងទៅទិញវិញ ទិញបាទទី (ដីមួយដុំតូច) មួយទិញមិនបានផង វាតិចតួចខ្លាំងពេក»។
ពលរដ្ឋរងផលប៉ះពាល់ម្នាក់ទៀត អ្នកគ្រូ នាង បានបញ្ជាក់ថា ដំបូងឡើយមិនមានគ្រួសារច្រើនទេ ដែលព្រមទទួលយកសំណង ប៉ុន្តែក្រោយៗមកដោយមានសកម្មភាពចាប់ខ្លួន ការគំរាមកំហែង និងថាពលរដ្ឋខ្លួនឯងមិនចេះច្បាប់ ក៏ព្រមទទួលយកសំណង។
អ្នកស្រីថា៖ «ខ្ញុំនៅឃុំក្រោលគោហ្នឹង! មានផលប៉ះពាល់ខ្ទង់៣០គ្រួសារជាង ប៉ុន្តែគេព្រមអស់ហើយ ឥឡូវនៅ៥គ្រួសារ។ ពួកខ្ញុំការពិត ពួកគាត់អត់ព្រមទេដំបូង ប៉ុន្តែគាត់ភ័យខ្លាច ដោយសារគេនិយាយប្រាប់ពួកខ្ញុំថា ទី១គេឱ្យធ្វើតាមនីតិវិធី ការអភិវឌ្ឍហ្នឹងវាប៉ះពាល់។ អញ្ចឹងពួកគាត់ឱ្យខ្ញុំដាក់ពាក្យបណ្តឹងទៅឃុំរយៈពេល១៥ថ្ងៃ បន្ទាប់មកក៏ទៅខាងស្រុក១៥ថ្ងៃ ហើយទៅដល់ខេត្ត៣០ថ្ងៃ រួចហើយឡើងតុលាការ។ អញ្ចឹងប្រជាពលរដ្ឋគាត់ភ័យខ្លាច ព្រោះគាត់ថាមិនដឹងស្វែងរកអន្តរាគមន៍ពីអ្នកណា ដោយសារវាជារបស់រដ្ឋ ហើយទៅប្តឹងរដ្ឋដដែលបានអី!»។
អ្នកស្រីបន្តថា ខាងរដ្ឋផ្តល់សំណងឱ្យត្រឹម៦កាក់ ឬ០.៦ដុល្លារ ក្នុង១ម៉ែត្រការ៉េ ប៉ុន្តែប្រជាពលរដ្ឋចង់បាន១ ទៅ២ដុល្លារក្នុង១ម៉ែត្រការ៉េ។ អ្នកស្រីថា កន្លងមកខាងអាជ្ញាធរមូលដ្ឋានបានហៅប្រជាពលរដ្ឋទៅចរចាចំពោះបញ្ហានេះ ប៉ុន្តែជាក់ស្តែងពួកគាត់មិនឱ្យពលរដ្ឋបញ្ចេញមតិ ឬយោបល់នោះទេ គឺត្រឹមសួរថាព្រម ឬមិនព្រម។
អ្នកស្រីបន្ថែមថា៖ «ហៅប្រជាជនទៅចរចាហ្នឹង! គឺមិនដែលប្រជុំឱ្យពួកយើងបញ្ចេញយោបល់អីទេ គឺគ្រាន់សួរព្រមលក់ ឬមិនព្រមតែប៉ុណ្ណឹង បើព្រមផ្តិតមេដៃ បើមិនព្រមហីទៅ។ គឺហៅពួកខ្ញុំទៅដដែលៗ អត់មានថាហី អាចឡើង ឬមិនអាចឡើង គេត្រឹមសួរយើងព្រម ឬមិនព្រម»។
ពលរដ្ឋម្នាក់ទៀតដែលមិនព្រមទទួលសំណងដែរនោះ កញ្ញា ភោគ ម៉ារី ដែលរងប៉ះពាល់ខ្លំាំងពីគម្រោងអភិវឌ្ឍន៍នេះបានអះអាងថា កញ្ញាមិនអាចទទួលយកបានទេចំពោះសំណងនេះ ដែលវាថោកពីតម្លៃទីផ្សារខ្លាំង។ កញ្ញថា កញ្ញាមិនអាចយកលុយពីការផ្តល់សំណងនោះទៅទិញដីកន្លែងផ្សេងទៀតទុកធ្វើស្រែបានទេ។
កញ្ញាថា៖ «ខ្ញុំមិនបានបដិសេធក្នុងការអភិវឌ្ឍន៍ហ្នឹងទេ ប៉ុន្តែខ្ញុំមានសំណួមពរឱ្យគេ (រដ្ឋ) ដំឡើងតម្លៃ ពីព្រោះអី ឱ្យសមស្របនឹងទីផ្សារខ្លះ។ ដោយសារនៅពេលដែលខ្ញុំប៉ះដីទាំងអស់ហ្នឹងហើយ ខ្ញុំមិនមានដីធ្វើស្រែ អ៊ីចឹងខ្ញុំត្រូវការឱ្យរដ្ឋគាត់ដំឡើងតម្លៃឱ្យខ្ញុំខ្លះ»។
ដោយឡែកចំពោះបញ្ហានេះមេឃុំក្រោកគោ លោក ភោគ ថន អះអាងថា សំណងដែលផ្តល់ឱ្យប្រជាពលរដ្ឋប៉ុណ្ណឹងគឺជាការកំណត់ចេញពីរដ្ឋាភិបាល ហើយកន្លងមកក៏មានក្រុមការងារអន្តរក្រសួង ចុះមកសម្របសម្រួល និងចរចាដែរ។ លោកថា គ្រួសារមួយចំនួនធំ ព្រមទទួលសំណងនេះដែរ ហើយក៏មានគ្រួសារមួយចំនួនទៀត មិនព្រមទទួលយកសំណងនេះទេ ដូច្នេះលោកជំរុញឱ្យពលរដ្ឋដែលមិនព្រមទទួលសំណងទៅដាក់ពាក្យបណ្តឹង។
លោកថា៖ «ដាក់ពាក្យប្តឹងមកមេឃុំ រួចប្តឹងមកមេស្រុក រួចទៅតុលាការ។ ព្រោះយើងកំណត់សេវារបស់រដ្ឋតែប៉ុណ្ណឹង ហើយបើការណាចង់បានលើសពីហ្នឹងទៀត គឺក្រុមការងារយើងអត់បានដោះស្រាយជូនទេ (អត់ហ៊ានទេ)។ ហើយចង់បានតម្លៃលើសពីហ្នឹង អាហ្នឹង!ជាសិទ្ធិរបស់ពួកគាត់ ឱ្យគាត់ដាក់ពាក្យចុះអត់អីទេ»។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ និងជាក្រុមការងារចុះសម្របសម្រួលនោះបានបញ្ជាក់ថា មានប្រជាពលរដ្ឋព្រមទទួលសំណងនេះជាបណ្តើរៗហើយ ហើយក្រុមការងារក៏ចុះធ្វើការនេះជារាងរាលថ្ងៃផងដែរ។
លោកថា៖ «កំពុងចាំមើលទាក់ទងជាមួយខាងក្រុមការងារអន្តរក្រសួង ប៉ុន្តែអ្វីដែលសំខាន់គឺគោលការណ៍របស់រដ្ឋាភិបាលបានចែងច្បាស់មកហើយ ថាតម្លៃប៉ុនហ្នុង»។
យោងតាមរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា មាត្រា៤៤ ចែងថា កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតក្រោមការគាំពារនៃច្បាប់ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឱ្យធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្តល់សំណងជាមុន ដោយសមរម្យ និងយុត្តិធម៌៕