fbpx
Home Blog Page 75

កំណាត់​មហាវិថី និង​ផ្លូវ​មួយចំនួន​ក្នុង​រាជធានី​នឹង​ផ្អាកចរាចរណ៍​រយៈពេលខ្លី​នៅ​ថ្ងៃទី៩ វិច្ឆិកា

នៅថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ កំណាត់​មហាវិថី និង​ផ្លូវ​មួយចំនួន​ក្នុង​រាជធានីភ្នំពេញ ​នឹង​ត្រូវ​ផ្អាកចរាចរ​ណ៍រយៈពេលខ្លី​​ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី៦៩នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើតនៃ​កងយោធា​ខេមរភូមិន្ទ​។​ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុង​សេចក្តីជូនដំណឹង​​របស់​សាលារាជធានី​បញ្ជាក់​ថា កំណាត់​មហាវិថី និង​ផ្លូវ​ដែល​ត្រូវ​ផ្អាក​មាន​ដូចជា ចាប់ពី​ច្រាំង​ទន្លេសាប​តាម​បណ្ដោយ​​ផ្លូវ​លេខ១៧៨ មហាវិថី​ព្រះនរោត្ដម ផ្លូវ​លេខ​២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ មហាវិថី​សម្ដេចសុធារស នាគ​បាញ់ទឹក រង្វង់មូល​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត តីរវិថី​ព្រះស៊ីសុវត្ថិ រហូត​ដល់​ផ្លូវលេខ១៧៨ រហូត​ដល់​ការ​ប្រារព្ធ​កម្មវិធី​ត្រូវ​បាន​បិទបញ្ចប់​។

ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «រដ្ឋបាល​រាជធានីភ្នំពេញ​ក៏​សូម​ការយោគ​យល់ និង​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​បញ្ចៀស​ការធ្វើដំណើរ​ឆ្លង​កាត់​កំណាត់​ផ្លូវ​ខាងលើ​តាម​កាលបរិច្ឆេទ​ដូច​បានជម្រាបជូន​ខាងលើ​ដោយ​ក្ដីអនុគ្រោះ​»។

សាលារាជធានី​បន្ថែម​ថា នៅ​ពេល​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់​បណ្ដោះអាសន្ន​នេះ រដ្ឋបាល​រាជធានីភ្នំពេញ​នឹង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ជាធម្មតា​វិញ​៕

លោក ហ៊ុន សែន បង្ហាញ​នាឡិកាដៃ​​ផលិត​ដោយកម្ពុជា​សម្រាប់​ជូន​​ដល់​ប្រធាន​គណៈ​ប្រតិភូ​​​​​ប្រជុំ​​​អាស៊ាន​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​ បាន​បង្ហាញ​រូបរាង​នាឡិកា​ដៃ​​ដែល​កម្ពុជា​ផលិត​បាន សម្រាប់​ជូន​ជា​វត្ថុ​អនុស្សាវរីយ៍​ដល់​ប្រធាន​គណៈ​ប្រតិភូ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​រាជធានីភ្នំពេញ នា​សប្តាហ៍​ក្រោយ​នេះ។​

បើតាម​សារ​ដែល​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​​នៅ​យប់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បញ្ជាក់ថា កម្ពុជាបានផលិត​នាឡិកា​ដៃ​ចំនួន​២៥គ្រឿង​សម្រាប់​ជា​វត្ថុ​អនុស្សាវរីយ៍​ជូន​ប្រធាន​គណៈប្រតិភូ ​ដែល​អញ្ជើញ​មក​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​​នៅកម្ពុជា ឆ្នាំ២០២២។

បើតាម​រូប​ដែល​លោក​នាយករដ្ឋមន្រ្តី​បង្ហោះ នាឡិកា​ដៃ​នោះ​មាន​ស្លាក​ដាក់​ថា «ASEAN Cambodia 2022»។

លោកនាយករដ្ឋមន្រ្តី​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «នាឡិកា​នេះត្រូ​វបា​ន​រៀបចំ​ផ្គុំឡើង​ដោយ​អ្នក​បច្ចេកទេស​ខ្មែរ​សុទ្ធសាធ​ដែល​ជា​ផ្នែក​មួយ​នៃ​ការរីកចំរើន​ខាងវិទ្យាសាស្រ្ត និង​បច្ចេកទេស​​​របស់​កម្ពុជា»។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលអាស៊ាន​​ទិ​៤០ និង​៤១ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធនានា​ នឹង​ធ្វើ​ឡើង​​នៅ​រាជធានី​ភ្នំពេញ​ ចាប់ពី​​ថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំអាស៊ាន ថ្នាក់ដឹកនាំប្រទេសដៃគូ និងប្រធានស្ថាប័នពិភពលោក​មួយ​ចំនួន៕​

​​ក្រសួង​ធនធាន​ទឹក​ប្រាប់​​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្នពី​​អាកាស​ធាតុ​ចុះ​ត្រជាក់​ក្នុង​រយៈពេល​មូួយសប្តាហ៍

ក្រសួងធនធានទឹក និងឧតុនិយម នៅ​ដើម​ខែ​វិច្ឆិកា​នេះ​ ​ជូន​ដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ​​ដែល​នឹង​ចុះ​ត្រជាក់​ចាប់ពី​​សប្តាហ៍​​នេះ​តទៅ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់ក្រសួងធនធានទឹក និងឧតុនិយមដែល​បាន​បង្ហោះ​លើ​​ទំព័រ​ហ្វេសប៊ុកផ្លូវការរបស់ខ្លួន​កាល​ពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បញ្ជាក់ថា ក្នុង​អំឡុង​ពេល​មួយ​សប្ដាហ៍​ខាងមុខ ពោលគឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា​នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន និង​ខ្យល់​បក់​ពី​ទិស​­ឦសាន។ ការ​ទទួល​រង​ឥទ្ធិពល​នេះ​​​​អាច​ធ្វើ​ឱ្យ​អាកាស​ធាតុ​នៅតំបន់បីធំៗរួមមាន តំបន់ទំនាបកណ្ដាល តំបន់​ខ្ពង់​រាប និងតំបន់មាត់សមុទ្រ​មានការប្រែប្រួល។

ក្រសួង​ធនធាន​ទឹក​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​​តាម​ន័យ​ដើម​ថា៖ «សូមបងប្អូនប្រជាពលរដ្ឋនិងសាធារណេជនគ្រប់រូបមេត្តាជ្រាបជាព័ត៌មាន និង​មាន​ការប្រុង​ប្រយត្ន័ ត្រៀមខ្លួនចំពោះធាតុអាកាសដែលនឹងត្រជាក់នៅសប្ដាហ៍ខាងមុខនេះ»។​

បើតាមសេចក្ដីជូនដំណឹងខាងលើបានបន្ថែមទៀតថា ចំពោះតំបន់ទំនាបកណ្ដាល នឹង​មិនមាន​ភ្លៀង​ធ្លាក់​ឡើយ បើមានក៏តិចតួចប៉ុណ្ណោះ សីតុណ្ហភាពជាអប្បបរមាគឺនឹងមានចាប់ពី ២១ ទៅ ២៣ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានចាប់ពី ៣១ ដល់ ៣៣ អង្សាសេ។ ​ចំពោះ​តំបន់​ខ្ពង់រាប សីតុណ្ហភាពជាអប្បបរមា នឹងមានពី ២០​ ដល់ ២២ អង្សាសេ និងអតិបរមា មានពី ៣០ ដល់ ៣២ អង្សាសេ និងមិនមានភ្លៀងធ្លាក់នោះទេ។

ចាប់ពីថ្ងៃទី២ ដល់ ៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបណ្ដាខេត្តមួយចំនួនរួមមាន ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និ​ងខេត្តឧត្តរមានជ័យ ធាតុអាកាសនឹងអាចចុះត្រជាក់នៅពេលព្រឹក ដោយ​មាន​សីតុណ្ហភាព​ជាអប្បបរពី ១៧ ដល់ ១៨ អង្សាសេ។  ចំណែកឯខាងតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមាអាចនឹងមានចាប់ពី ២១ ដល់ ២៣ អង្សាសេ អតិបរមានពី ៣១ ដល់ ៣៣ អង្សាសេ និងមិនមានភ្លៀងធ្លាក់ បើមានក៏តិចតួចប៉ុណ្ណោះ៕

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាប់ផ្តើម​គិត​ថ្លៃប្រើប្រាស់ពីថ្ងៃនេះទៅ

ផ្លូវ​ល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើម​គិត​ថ្លៃ​ប្រើប្រាស់​ចាប់​ព្រឹក​ពី​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ ក្រោយ​បើក​ឱ្យ​ប្រើប្រាស់​សាកល្បង​ដោយ​ឥតគិតថ្លៃ​អស់រយៈ​ពេលមួយខែ។

យោងតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា ការ​បង់ប្រាក់​នឹង​ធ្វើឡើង​តាម​ចម្ងាយ​ជាក់ស្តែង។ ​សម្រាប់​យានយន្ត​ប្រភេទ A ត្រូវ​បង់ប្រាក់​ក្នុង​តម្លៃ ០,០៦៤​ ដុល្លារ​ក្នុង​មួយ​គីឡូម៉ែត្រ​ យានយន្ត​ប្រភេទ B​ ត្រូវបង់ប្រាក់ ០,១២៨​ ដុល្លារ​ក្នុង​មួយ​គីឡូម៉ែត្រ​​ យានយន្ត​​ប្រភេទ C ត្រូវបង់ប្រាក់​០,១៩២ដុល្លារក្នុង​មួយ​គីឡូម៉ែត្រ​​ យានយន្ត​ប្រភេទ D ត្រូវបង់ប្រាក់ ០,២៥៦ ដុល្លារ​ក្នុង​មួយ​គីឡូម៉ែត្រ​​ និងយានយន្ត​ប្រភេទ E​ ត្រូវបង់ប្រាក់ ០,៣២  ដុល្លារក្នុង​មួយ​គីឡូម៉ែត្រ​​។ ក្រសួងសាធារណការ​ក៏​បាន​បញ្ជាក់​ថា តម្លៃ​​ទាំងអស់នេះ​គឺ​ជា​​តម្លៃ​​គិត​ត្រឹម​៨០%នៃ​តម្លៃ​សរុប។

ជាឧទាហរណ៍ ចម្ងាយ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ​សម្រាប់​យានយន្ត​ប្រភេទ A តរ្រូវ​ចំណាយ​អស់​ប្រមាណជា​១២​ដុល្លារសហរដ្ឋ​អាមេរិក។​

ក្រសួងសាធារណការ​ក៏​បន្ថែម​ថា រាល់​យានយន្ត​ចូល​ប្រើប្រាស់​ផ្លូវល្បឿនលឿន​ត្រូវមាន​ ផ្លាកលេខ​សម្គាល់យានយន្ត ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (ឆៀក) មាន​សុពលភាព កាតព្វកិច្ច​​ផ្សេងៗ​តាម​ច្បាប់​ដែល​បាន​កំណត់។

គួរ​បញ្ជាក់​ដែរ​ថា​ ផ្លូវល្បឿនលឿន-ភ្នំពេញ​ព្រះសីហនុ គឺជា​ផ្លូវល្បឿនលឿន​ទី​១ និង​ជា​ផ្លូវ​របៀង​យុទ្ធសាស្ត្រ​សំខាន់​បំផុត​នៅកម្ពុជា ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ពី​រាជធានីភ្នំពេញ​ទៅ ​ក្រុងព្រះសីហនុ ពី​ចំនួនប្រាំម៉ោង​មក​ត្រឹមតែ​ពីរម៉ោង​ប៉ុណ្ណោះ៕

អ្នកសារព័ត៌មានឯករាជ្យរងការគំរាមកំហែងពីអាជ្ញាធរ

អ្នករាយការណ៍ព័ត៌មានឯករាជ្យនៅកម្ពុជាប្រឈមការរឹតត្បិតជាបន្តបន្ទាប់ និងពុំទាន់អាចប្រើប្រាស់សេរីភាពខ្លួនបានពេញលេញនៅឡើយទេ ដោយរងការរំខាន និងគំរាមកំហែងពីសំណាក់ក្រុមមន្ត្រីអាជ្ញាធរ នៅខណៈពេលចុះយកព័ត៌មាន ជាពិសេសគឺព័ត៌មានដែលរសើបខ្លាំង។ នេះ​បើ​តាម​អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

អ្នកស្រី ឆន សុគន្ធា នាយិកានាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​លើកឡើង​ថា៖ «យើងឃើញថាពីមួយឆ្នាំទៅមួយ​ឆ្នាំ ចំនួនអ្នកដែលគាត់ហ៊ានរាយការណ៍ពីព័ត៌មានរសើប បញ្ហានយោបាយ បញ្ហាដីធ្លី បញ្ហាធនធានធម្មជាតិកាន់តែមានចំនួនតិចទៅៗ»។

អ្នកស្រី​បាន​លើក​ឧទាហរណ៍អំពីករណីចាប់ឃាត់ខ្លួនអ្នកសារព័ត៌មានVODចំនួន៥នាក់ ដែលបានចុះទៅយកព័ត៌មាននៅតំបន់ឈូសឆាយភ្នំតាម៉ៅ។

អ្នកស្រីថា៖ «យើងក្រឡេកមើលថា មូលហេតុអ្វីបានជាចំនួនអ្នកសារព័ត៌មានដែលគាត់ហ៊ានរាយការណ៍ព័ត៌មានរសើបមានចំនួនកាន់តែតិចទៅៗ […] អ្នកសារព័ត៌មានឯករាជ្យ​យើងច្រើនឃើញថាមានបញ្ហា​ការធ្វើទុក្ខបុកម្នេញ ការចាប់ ការចោទប្រកាន់ជាដើម។​ ខ្ញុំលើកឧទាហរណ៍ជាក់ស្តែង ថ្មីៗនេះ បុគ្គលិកខាងVOD នៅពេលពួកគាត់ទៅយកព័ត៌មានពាក់ព័ន្ធនឹងរឿងភ្នំតាម៉ៅ ពួកគាត់ត្រូវបានឃាត់ខ្លួន១ថ្ងៃពេញ»។

ជុំវិញបញ្ហានេះ អ្នកស្រីឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងអំពីករណីនេះថាអ្នកសារព័ត៌មាន​គួរតែត្រឡប់ទៅអានច្បាប់អ្នកសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឡើងវិញ។

អ្នកស្រីថា៖ «អ្នកសារព័ត៌មាន និងនិពន្ធនាយកទាំងអស់ឱ្យតែបានគោរពទៅតាមវិជ្ជាជីវៈនេះ ខ្ញុំជឿជាក់ណាស់ថាមិនមានរឿងអីកើតឡើង ឬពិរុទ្ធដែលបងប្អូនបានលើកឡើងនោះទេ»។

អ្នកស្រីបន្ថែមថា៖ «បើយើងអនុវត្តន៍តែក្រោមវិជ្ជាជីវៈរបស់យើង គ្មានទោសទេ»។

ក្រុមអ្នកសារព័ត៌មានបានលើកអំពីបញ្ហាព្រឈមពីសំណាក់អាជ្ញាធរ បានធ្វើការឃាត់ខ្លួន សម្លុតឱ្យលុបរូបថត និងវីឌីអូដែលថតបាន និងដកហូតយកកាមេរ៉ារបស់ពួកគេដែលចុះទៅយកព័ត៌មាន បើទោះបីជាខ្លួនបំពេញទៅតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានក្តី។

កញ្ញា ប៉ា សុខេង អ្នកសារព័ត៌មាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) លើកឡើង​ថា៖ «ពេលខ្ញុំចុះទៅយកព័ត៌មានកូដកម្មនៅណាហ្គាវើល៍ ខ្ញុំបានបំពេញទៅតាមអ្វីដែលខ្ញុំបានរៀនសូត្រមក ខ្ញុំបានរក្សាគម្លាតត្រឹមត្រូវ […] ខ្ញុំថតរូប និងវីឌីអូ ហើយមានអាជ្ញាធរមួយក្រុមធំ គឺពួកគាត់មកប្រាប់ខ្ញុំថា ត្រូវតែលុបវីឌីអូ និងរូបដែលថតបាន»។

គួរបញ្ជាក់ផងដែរថា ការជជែកដេញដោលខាងលើនេះធ្វើឡើងក្នុងសិក្ខាសាលាមួយនៃសន្និសីទថ្នាក់ជាតិស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២៕​

មន្ត្រី​និយាយ​ថា ការ​ចាប់​ខ្លួន​ទាំង​អស់​មិន​ពាក់ព័ន្ធ​នឹង​ការងារ​សារព័ត៌មាន​ទេ

រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា បានលើកឡើងថា អ្នកសារព័ត៌មានមិនអាចប្រើងាររបស់ខ្លួននៅពេលដែលត្រូវបានខាងសមត្ថកិច្ចឃាត់ខ្លួននោះទេ ដោយ​លោកស្រីបានលើកឡើងថា «វាជារឿងបុគ្គល»។

អង្គការសិក្សាវិទ្យាសាស្ត្រអប់រំ និងវប្បធម៌​នៃអង្គការសហប្រជាជាតិ (UNESCO) សហការជាមួយក្រសួងព័ត៌មានបានរៀបចំសន្និសីទថ្នាក់ជាតិលើកទីមួយស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការកសាងភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ ស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មានដែលមកពីស្ថាប័ននានានៅក្នុងប្រទេសកម្ពុជានៅសណ្ឋាគារសុខាភ្នំពេញកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

អំឡុងពេលសន្និសីទថ្នាក់ជាតិខាងលើមានការចូលរួមពីសំណាក់រដ្ឋលេខាធិកាក្រសួងព័ត៌មានលោកស្រីច័ន្ទរិទ្ធីសូលីដា ក្នុងនាមជាវាគ្មិនក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «សារព័ត៌មានជាប្រយោជន៍សាធារណៈនៅក្នុងប្រទេសកម្ពុជា» លោកស្រីបានឆ្លើយនឹងសំណួរមួយចំនួនផងដែរ ទាក់ទងសិទ្ធិសេរីភាព បញ្ហាមួយចំនួនរបស់អ្នកសារព័ត៌មានបច្ចុប្បន្ន។

លោកស្រីបានឆ្លើយតបទៅនឹងសំណួរដែលបានចោទសួរ ដោយលោកស្រីបានបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវគោរពដាច់ខាតតាមការណែនាំរបស់មន្ត្រីតាមតំបន់នៅពេលដែលចុះយកព័ត៌មាន។

លោកស្រីបាននិយាយថា៖ «កាលណាយើងទៅយកព័ត៌មាននៅកន្លែងដែលមន្ត្រីសាធារណៈឬក៏មន្ត្រីជំនាញដែលគេបំពេញបេសកម្មការងារ យើងត្រូវគោរពដាច់ខាតនូវបទបញ្ជា របៀបរបប ការអនុញ្ញាត មិនអនុញ្ញាត វាគឺជាសិទ្ធិរបស់មន្ត្រីជំនាញកំពុងប្រតិបត្តិការ»។​

លោកស្រីបានបន្តទៀតថា៖ «បើសិនជាមានរឿងកើតឡើងនៅតាមបណ្ដាសាធារណៈ ខ្ញុំឧទាហរណ៍នៅពេលដែលយើងប្រឆាំង ឬមិនគោរពទៅតាមរបៀបរបបដែលចុះទៅយកព័ត៌មានដែលមន្ត្រីសាធារណៈ ឬក៏មន្ត្រីជំនាញដែលគេបំពេញបេសកម្មនោះហើយយើងធ្វើខុសមានការឃាត់ខ្លួនអីជាដើម អ៊ីចឹងសូមកុំឱ្យផ្សាយថាអ្នកសារព័ត៌មានត្រូវបានឃាត់ខ្លួន មិនមែនទេ គឺបុគ្គលនោះត្រូវបានឃាត់ខ្លួនដោយសារមូលហេតុអីហើយគាត់មានមុខរបរអាជីពអី ឧទាហរណ៍ជាអ្នកសារព័ត៌មានជាដើម»។

លោកស្រីបានប្រសាសន៍ថា៖ «ប្អូនដែលមើលសារព័ត៌មានអាគាំង (អាមេរិក) ឬក៏ការផ្សព្វផ្សាយព័ត៌មានអន្តរជាតិទេ ខ្ញុំលើកពីគេទៅចុះ ខ្ញុំឧទាហរណ៍ករណីឃាតកម្មមួយ អ្នកសារព័ត៌មានចង់ដឹងណាស់ ចូលទៅយកព័ត៌មានអ្នកស្លាប់ថាយ៉ាងម៉េច ពេលខ្លះយើងផ្សាយមិនទាំងដឹងពីក្រមសីលធម៌ វីជ្ជាជីវៈរបស់ខ្លួនក្នុងការយកព័ត៌មាន មិនដឹងថារូបភាពយកមុំណាផងមកទាំងកាកទាំងគោកក៏មានដែរ អញ្ជឹងចំណុចនេះឯងកាលណាមានឃាតកម្មគឺគេត្រូវព័ទ្ធខ្សែក្រហមហើយមានន័យថាម៉េច ការពារមិនឱ្យអ្នកសារព័ត៌មាន ឬសាធារណៈជន ឬក៏បងប្អូនសាច់ញាតិណាចូលមកទីកន្លែងណាដែលគេហាមឃាត់»។​

លោកស្រីបានបន្ថែមថា៖ «នៅភ្នំតាម៉ៅក៏ដូចគ្នា អ្វីដែលខ្ញុំឃើញក៏ដូចគ្នាអញ្ចឹងកន្លែងណាដែលគេហាមឃាត់ យើងជំនួសទៅដោយសន្តិសុខឬកងអន្តរាគមន៍ដែលការពារព្រោះគេកំពុងធ្វើការដូចខ្ញុំលើកមិញចឹងគ្នាធ្វើការឈរហាលក្ដៅ ហាលភ្លៀង ហើយប៉ុន្មានម៉ោងយើងយល់អារម្មណ៍នៅពេលដែលគេកំពុងបំពេញការងារ ចឹងនៅពេលដែលបំពេញការងារវាតែងមានអារម្មណ៍ខ្លះហើយ ហើយគឺជាបុគ្គលម្នាក់ទេ ចឹងយើងកុំយកទិដ្ឋភាពទាំងមូលមកវៃអួ ចឹងទេឱ្យច្បាស់អ្នកសារព័ត៌មាននៅពេលដែលមានការរំលោភបំពានថាអ្នកណា បុគ្គលមួយណាត្រូវលើកឱ្យច្បាស់មិនមែនអង្គភាពមួយទាំងមូលជាអ្នករំលោភបំពាន»។

គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅមានការឃាត់ខ្លួនអ្នកសារព័ត៌មានវិទ្យុសំឡេង​ប្រជាធិបតេយ្យ (VOD) ចំនួន៥រូប ទាក់ទងនឹងការចុះយកព័ត៌មាននៅតំបន់ឈូសឆាយភ្នំតាម៉ៅ។ ក្នុងកិច្ចពិភាក្សាដដែលនោះលោកស្រីបានឆ្លើយបង្វែរសំណួរទាក់ទងទៅនឹងករណីឃាតកម្មទៅវិញ៕

អ្នក​សារព័ត៌មាន​ហ៊ាន​រាយការណ៍​ពី​បញ្ហា​សង្គម​កំពុង​ប្រឈម​ការ​គំរាម​កំហែង​

មន្រ្តី​សង្គម​ស៊ីវិល​ផ្នែក​សារព័ត៌មាន​​បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា​ អ្នកសារព័ត៌មានតែងតែរាយការណ៍ពីបញ្ហានយោបាយ ពុករលួយ ដីធ្លី និងបញ្ហាធនធានធម្មជាតិ កាន់តែមានចំនួនតិចទៅ និងកំពុងតែប្រឈមនឹងការគំរាមកំហែង បំភិតបំភ័យ អំឡុងពេលពួកគេចុះបំពេញកិច្ចការងារ។

លោកស្រី ឆន សុគន្ធា នាយិកានាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បាន​លើកឡើង​ក្នុងសន្និសីទថ្នាក់ជាតិលើកទី១ ស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញថា មូលហេតុនាំឱ្យអ្នកសារព័ត៌មានឯករាជ្យដែលហ៊ានរាយការណ៍ព័ត៌មានរសើបមានចំនួនតិច ដោយសារតែងតែមានការធ្វើទុកបុកម្នេញ ការចាប់ខ្លួន ការចោទប្រកាន់ជាដើម។

លោកស្រីបន្ថែមថា៖ «អ្នកសារព័ត៌មានឯករាជ្យ គឺអ្នកសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈ ឬមិនស្ថិតក្រោមទិន្នាការគណបក្សនយោបាយ ឬ​សំពាធរបស់ភាគីមានអំណាចណាមួយ»។

លោកស្រីសុគន្ធា៖ «តើប៉ុន្មានភាគរយនៃអ្នកសារព័ត៌មានជិត១ម៉ឺននាក់ ដែលគាត់ហ៊ានទៅរាយការណ៍ព័ត៌មានដែលក្ដៅៗ»។

ការលើកឡើងនេះ បន្ទាប់ពីប្រទេសកម្ពុជានារយៈពេលចុងក្រោយនេះ គឺមានការឃាត់ខ្លួនអ្នកសារព័ត៌មាន VOD ចំនួន ៥នាក់ នៅភ្នំតាម៉ៅ ក៏​ដូចជាករណីណាហ្គាវើលដ៍​ និង​ករណីពាក់ព័ន្ធនឹងអ្នកនយោបាយផ្សេងៗទៀត៕​

អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយជាចំណែកមួយជួយឱ្យយុវជនចេះប្រើប្រាស់បណ្តាញសង្គមឱ្យកាន់តែមានសុវតិ្ថភាព

ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងយុគសម័យឌីជីថលនេះ ហើយបានរីកដុះដាលតាមចំនួនអ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃ ហើយមាតិកាជាច្រើនបានចែកចាយលើប្រព័ន្ធផ្សព្វផ្សាយទាំងដែលមិនបានត្រួតពិនិត្យត្រឹមត្រូវថាអាចនឹងផ្តល់ផលប៉ះពាល់អ្វីខ្លះដល់សង្គម។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកជំនាញ។​

កញ្ញា ហ៊ន ចិន្តា អាយុ២៦ឆ្នាំ ជាមន្ត្រីប្រព័ន្ធផ្សព្វផ្សាយ និងគ្រូបង្គោលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានប្រាប់មក Newsroom Cambodia ថាពេលដែលយុវជនមានចំណេះដឹងពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយនោះនឹងនាំពួកគេចេះប្រើប្រាស់បណ្តាញសង្គមដោយមានទំនួលខុសត្រូវ។

កញ្ញាថា៖ «នៅពេលយុវជនមានចំណេះដឹងពាក់ព័ន្ធនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ នោះយុវជននឹងចេះប្រើប្រាស់បណ្ដាញសង្គមផ្សេងៗ​ដោយមានទំនួលខុសត្រូវ អ៊ីចឹងវាផ្ដល់ភាពងាយស្រួលសម្រាប់ពួកគាត់ក្នុងការរស់នៅក្នុងសម័យឌីជីថលនេះ ដោយចេះការពារសុវត្ថិភាពទិន្នន័យ និងឯកជនភាពរបស់ខ្លួន ទោះជាមិនបាន១០០ភាគរយ ក៏បានមួយចំនួនធំដែរ»។

កញ្ញាបានបន្ថែមថា យុវជនក៏អាចបង្កើនការគិតបែបស៊ីជម្រៅមុននឹងពួកគេជឿលើរឿងអ្វីមួយ លើសពីនេះពួកគេក៏អាចផលិតមាតិកាផ្សេងៗដែលជាប្រយោជន៍សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ។

កញ្ញាថា៖ «មួយវិញទៀត គាត់អាចមានការគិតបែបស៊ីជម្រៅមុននឹងជឿលើព័ត៌មានអ្វីមួយនៅលើបណ្ដាញសង្គម លើសពីនោះគាត់ក៏អាចផលិត និងគាំទ្រមាតិកាផ្សេងៗដែលមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត យុវជននឹងមានភាពងាយស្រួលក្នុងការទំនាក់ទំនង និងការស្វែករកឱកាសផ្សេងៗ ដោយគ្មានភាពភ័យខ្លាច ឬមានផលរំខានផ្សេងៗ»។

លោកឡេង មករា ជានិសិ្សតឆ្នាំទី៣ ជំនាញគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបាននិយាយថា អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយជាចំណេះដែលធ្វើឱ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ ក៏ដូចជាការចេះត្រួតពិនិត្យព័ត៌មានមុននឹងការចែករំលែកឬទទួលស្គាល់ព័ត៌មាននោះ។

លោកថា៖ «សម្រាប់ខ្ញុំអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយគឺជាចំណេះដឹងនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ មានន័យថាយើងជាអ្នកទទួល និងជាអ្នកផ្តល់ឱ្យត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយនូវប្រភពយ៉ាងតិចឱ្យបាន២ ឬក៏៣មុននឹងយើងចែករំលែកឬក៏ទទួលស្គាល់ថាព័ត៌មាននោះពិតឬក៏មិនពិត»។

លោក មករា ក៏បាន​បន្ថែមថា អក្ខរក្រមប្រព័ន្ធផ្សព្វផ្សាយក៏ជួយឱ្យគេចផុតពីជនអនាមិកផ្សេងៗបានផងដែរ។

លោកបន្ថែមថា៖ «មួយវិញទៀតអក្ខរកម្មនៃប្រព័ន្ធផ្សព្វផ្សាយទើបឱ្យយើងដឹងការការពារខ្លួន មានន័យថាយើងដឹងហើយសព្វថ្ងៃប្រព័ន្ធផ្សព្វផ្សាយវាទាក់ទងនឹង Cybercrime ឬ Scamនិងអ្វីផ្សេងទៀត អ៊ីចឹងយើងការពារខ្លូនយើងពីជនអនាមិកទាំងនោះជៀសយើងក្លាយជាជនរងគ្រោះ។»

កញ្ញាវៃ វនាទ ជានិស្សិតឆ្នាំទី២ ជំនាញទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបានលើកឡើងថា ចំណេះដឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយជាចំណេះដឹងដែលអាចកសាងសមត្ថភាពក្នុងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព។

កញ្ញាថា៖ «អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយជាចំណេះដឹងក្នុងការកសាងសមត្ថភាពរបស់យើងឱ្យចេះប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព មានទំនួលខុសត្រូវខ្ពស់ ព្រមទាំងឈ្លាសវៃផងដែរ ព្រោះយើងដឹងស្រាប់ហើយបណ្តាញសង្គមផ្សព្វផ្សាយរាល់ថ្ងៃហ្នឹងគឺវាទូលំទូលាយ»។

កញ្ញាក៏បន្តថា ការមានចំណេះដឹងខាងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយអាចធ្វើឱ្យមនុស្សគ្រប់ជៀសឆ្ងាយពីព័ត៌មានមិនពិត។

កញ្ញាបន្តថា៖ «អ៊ីចឹងនៅពេលដែលយើងអត់ចេះប្រើប្រាស់​វា មិនថាប្រភពនៃការផ្សព្វផ្សាយព័ត៌មាននោះមកពីណាច្បាស់លាស់អត់ តើការផ្សព្វផ្សាយព័ត៌មានមួយហ្នឹងពិតប្រាកដអត់ តើមានផលប៉ះពាល់ដល់យើង សង្គម និងអ្នកដទៃដែរឬទេ ពីព្រោះបើសិនជាមិនមានចំណេះពីហ្នឹង[អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ]គឺយើងងាយចាញ់បោកនឹងព័ត៌មានមិនពិតខ្លាំងមែនទែនតែម្តង»។​

កញ្ញា យ៉ាត់ ម៉ាឡៃ ជាគ្រូបង្គោលស្ម័គ្រចិត្តបង្រៀនអក្ខរកម្មឌីជីថលដែលរៀបចំដោយក្រសួងអប់រំ យុវជននិងកីឡា បាននិយាយថា បើសិនជាមិនបានយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនោះនាំឱ្យមានផលប៉ះពាល់ដល់អ្នកដទៃ និងខ្លួនឯងផងដែរ។

កញ្ញាថា៖ «ខ្ញុំយល់ឃើញថាមកដល់សម័យនេះគឺពិតជាសំខាន់ក្នុងការរៀនពីប្រព័ន្ធឌីជីថល ដូច្នេះនៅពេលដែលមានចំណេះពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយនេះយើងអាចប្រើប្រាស់ជាដើម្បីជាផលប្រយោជន៍ ប៉ុន្តែបើយើងមិនយល់ដឹងទេវាផ្តល់ផលប៉ះពាល់ដល់យើងខ្លួនឯងជាពិសេសនៅពេលដែលយើងចែករំលែកអ្វីមួយទៅដល់អ្នកដទៃដោយពុំបានគិតពិចារណា ព័ត៌មានទាំងអស់នឹងធ្វើឱ្យអ្នកដទៃទទួលរងផលប៉ះពាល់»។​

គួរបញ្ជាក់ដែរថា ប្រជាជនកម្ពុជាបច្ចុប្បន្នមានចំនួន ១៦ ៨៨៤ ២៨៤ នាក់គិតត្រឹមខែមីនា ឆ្នាំ២០២១ ហើយចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមមានចំនួនប្រមាណ ១០,៩ លាននាក់៕

នៅក្នុងសង្គមមួយ ប្រព័ន្ធផ្សព្វផ្សាយមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ

សង្គមដែលគ្មានសារព័ត៌មាន ប្រហែលជានឹងមិនអាចរីកចម្រើនបានឆាប់រហ័សទេ ដោយសារតែគ្មានការចែករំលែក ចំណេះដឹង និងបទពិសោធរវាងគ្នា និង គ្នាទៅវិញទៅមក សង្គមនោះនឹងគ្មានការរីកចម្រើន និងការអភិវឌ្ឍទៅមុខទេ។ នេះជាការលើកឡើងរបស់ក្រុមអ្នកសារព័ត៏មានកាលពេលថ្មីនេះ។

ប្រសិនបើសង្គមមួយមិនមានសារព័ត៌មាន នោះអំពើពុករលួយ ការកេងប្រវ័ញ្ញ ការរំលោភសិទ្ធិ រួមជាមួយនិង ការជិះជាន់ផ្សេងៗ នឹងកើតមានគ្រប់ទីកន្លែងដោយពុំមានអ្នកអាចជួយ ហើយទឹកភ្នែកប្រជាពលរដ្ឋដែលរងនូវអយុត្តិធម៌ ប្រហែលជាគ្មាននរណាបានឃើញនោះទេ។

ក្រុមអ្នកសារព័ត៍មានបានមានការបញ្ចេញមតិក្នុងសន្និសីទថ្នាក់ជាតិលើកទីមួយ ស្តីអំពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយដែលរៀបចំដោយក្រសួងព័ត៌មាន និងអង្គការ UNESCO កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា។

ជាកិច្ចដំបូងនៃការផ្សារភ្ជាប់ ជាមួយដំណើរកម្មវិធី ក៏មានការចាក់បង្ហាញ នូវវីឌីអូមួយដែលទាក់ទងទៅនឹងការឆ្លើយតបអំពីសំណួរដែលសួរថា «ហេតុអ្វីប្រព័ន្ធផ្សព្វផ្សាយមានសារសំខាន់?»។ ក្នុងការឆ្លើយតបក្នុងវីឌីអូនេះ មានអ្នកចូលរួមផ្ដល់ជាយោបល់ការយល់ឃើញចំនួន៥នាក់។

អ្នកស្រី អ៊ឹម រចនា ជាស្ថាបនិក នៅ(Cambodia Press Agency) បានលើកឡើងថា «សង្គមដែលគ្មានសារព័ត៌មាន ប្រហែលជានឹង មិនអាចរីកចម្រើនបានឆាប់រហ័សទេ ដោយសារតែគ្មានការចែករំលែក ចំណេះដឹង និង បទពិសោធរវាងគ្នា និង គ្នាទៅវិញទៅមក»។

អ្នកស្រីរចនា បានបន្តទៀតថា «អ៊ីចឹងវាអាចធ្វើឲ្យប្រជាពលរដ្ឋ លោកមិនបានអភិវឌ្ឍខ្លួនបានយ៉ាងឆាប់រហ័សតាមតែអាចធ្វើទៅបានទេ នៅក្នុងសង្គមសារព័ត៌មានដើរតួនាទីសំខាន់ណាស់ក្នុងការចែករំលែក បទពិសោធព័ត៌មាន ចំណេះដឹង ដូចដែលបានលើកឡើងអ៊ីចឹង»។

អ្នកស្រីមានប្រសាសន៍ទៀតថា «នៅក្នុងសង្គមប្រជាធិបតេយ្យអ្នកសារព័ត៌មានគេហៅថាជាអំណាចទីបួនហ្នឹង គឺកាន់តែមានសារៈសំខាន់ ក្នុងការនាំយកសំឡេងរបស់ប្រជាពលរដ្ឋ ទៅឲ្យថ្នាក់ដឹកនាំបានដឹង ហើយថ្នាក់ដឹកនាំមានឱកាសបានឮសំឡេងហ្នឹង ហើយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនេះ គឺជារឿងដែលសំខាន់់ របស់អ្នកសារព័ត៌មាន ដែលចាំបាច់ត្រូវតែមាន ក្នុងសង្គមប្រជាធិបតេយ្យ»។

អ្នកស្រីសូ ស៊ីមាន ដែលជាមន្រ្តីការិយាល័យវិទ្យុ ធ្វើការនៅមន្រ្តីព័ត៌មានខេត្តសៀមរាប បានឡើងថា ‌‌«ប្រសិនបើសង្គមមួយគ្មានសារព័ត៌មាន គឺធ្វើឲ្យសង្គមនោះគ្មានការរីកចម្រើន និង ការអភិវឌ្ឍទៅមុខទេ»។

អ្នកស្រី បានបន្តចំពោះការលើកឡើងទៀតថា «សារព័ត៌មានមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនថាតែប្រជាពលរដ្ឋទេ គឺថ្នាក់ដឹកនាំក៏ត្រូវតែដឹងអំពី ព័ត៌មានផ្សេងៗ ហើយបើសង្គមយើងគ្មានសារព័ត៌មានទេ គឺបញ្ហានានាដែលកើតឡើង នៅក្នុងសង្គមគឺ ធ្វើឲ្យគ្មានដំណោះស្រាយបាននោះឡើយ»។

អ្នកស្រីកាន់ វិច្ឆិកា គឺជាសារព័ត៌មាន នៅវិទ្យុសំឡេងសហរដ្ឋអាមេរិក បានលើកឡើងថា «ប្រសិនបើសង្គមមួយមិនមានសារព័ត៌មាន នោះអំពើពុករលួយ ការកេងប្រវ័ញ្ញ ការរំលោភសិទ្ធិ រួមជាមួយនិង ការជិះជាន់ផ្សេងៗ នឹងកើតមានគ្រប់ទីកន្លែងដោយពុំមានអ្នកអាចជួយ ហើយទឹកភ្នែកប្រជាពលរដ្ឋដែលរងនូវអយុត្តិធម៌ ប្រហែលជាគ្មាននរណាបានឃើញនោះទេ»។

អ្នកស្រី បានបន្តថា «សារព័ត៌មានសារៈសំខាន់ណាស់សម្រាប់សង្គម ជាពិសេសគឺ សង្គមប្រជាធិបតេយ្យ ប្រសិនបើប្រជាពលរដ្ឋមិនទទួលបានព័ត៌មានទេនោះ ពួកគេអាចធ្វើការសម្រេចចិត្តខុសក្នុង ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរបស់ខ្លួន ហើយពួកគេក៏អាចក្លាយជាជនរងគ្រោះ នៃអំពើជិះជាន់របស់អ្នកមានលុយ និង អ្នកមានអំណាចផងដែរ»។
អ្នកស្រីខាន់ លក្ខណា ជាអ្នករាយការណ៍ព័ត៌មាន នៅវិទ្យុសំឡេងប្រជាធិបតេយ្យ VOD បាននិយាយថា «ប្រសិនបើប្រទេសមួយឬ ក៏សង្គមមួយមិនមានសារព័ត៌មាន នឹងធ្វើឲ្យអំពើពុករលួយ និង អំពើអយុត្តិធម៌ កើតមានឡើងនៅក្នុងសង្គមកាន់តែច្រើន ពលរដ្ឋបាត់បង់សិទ្ធិ និងផលប្រយោជន៍ ដោយសារតែរដ្ឋាភិបាលមិនបានបំពេញតួនាទី និង កាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកដឹកនាំ»។

អ្នកស្រីបានបន្តថា «សារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំង ភាពអសកម្មរបស់រដ្ឋាភិបាល សារព័ត៌មានឯករាជ្យដើមតួនាទីសំខាន់ នៅក្នុងសង្គមប្រជាធិបតេយ្យ ដូច្នេះរដ្ឋាភិបាលត្រូវធានាអំពីសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន ត្រូវបញ្ឈប់ការរារាំង ការកំរាមកំហែង គ្រប់រូបភាពមកលើអ្នកសារព័ត៌មាន»។

អ្នកស្រីគុច ណារ៉េន ជានិពន្ធនាយកផ្នែកអនឡាញនៅសារព័ត៌មានកោះសន្តិភាពបានផ្ដល់ជាមតិថា «សារព័ត៌មានដើរតួនាទីយ៉ាងសំខាន់មែនទែន នៅក្នុងសង្គមជាតិរបស់យើង ពីព្រោះសារព័ត៌មានគ្របដណ្តប់ នូវរាល់គ្រប់បញ្ហាទាំងអស់ ដែលកើតមាននៅ ក្នុងសង្គម ហើយអ្វីដែលសំខាន់នៅក្នុង សម័យកាល ឌីជីថល ទៀតសោត យើងមើលឃើញថាព័ត៌មានក្លែងក្លាយ កំពុងតែរីកដុះដាល ដូចផ្សិត ដូច្នេះហើយ សារព័ត៌មានគឺជា តួអង្គដែលដើរតួ នៅក្នុងការបំបាត់ចោលនូវ សារព័ត៌មានផ្សេងៗដែលជា ការផ្សព្វផ្សាយមិនពិត ក៏ដូចជាព័ត៌មានក្លែងក្លាយ ដែលកើតមាននៅ ក្នុងសង្គមយើង»៕

Media Groups Fight Back Against Dwindling Industry Trust

Fake news and information literacy were a few of the hot topics covered at Cambodia’s first media conference, held Thursday in Phnom Penh.

Organized by UNESCO, with backing from the government and several independent media organizations, the session brought together about 50 bloggers, journalists and communication professionals with the goal of improving media development and strengthening freedom of speech.

“Millions of social media messages are circulating on a daily basis without being fact-checked and verified, which risks further polarization of our society through disinformation, misinformation and hate speech,” said Sardar Umar Alam, a UNESCO representative.

Misinformation undermined news publishers’ credibility, said conference organizers, who were working on the belief that a more knowledgeable public would lead to improved media trust.

The conference coincided with the launch of Media & Information Literacy Network Cambodia, a coalition of media groups with the goal of improving information literacy. More than 73% of Cambodia’s 17 million people use social media daily.

“Media and information literacy is critical to equip people with the necessary skills to critically engage with information and multimedia content, and to restore the trust of the people in traditional news media,” said Susanna Elmberger, who works at the Swedish Embassy, and helped organize the conference.

Timor Leste urges speedier ASEAN acceptance

The president of Timor Leste called on regional leaders to fasttrack acceptance to Southeast Asia’s largest political and economic body during a three-day visit to Cambodia.

President Jose Manuel Ramos-Horta’s request was the island nation’s latest bid to join the Association of Southeast Asian Nations, where the country’s application has languished for more than a decade over concerns about political and economic stability.

No country had waited longer than Timor Leste, Ramos-Horta said.

The nation applied to ASEAN, as the 10-member bloc is known, in 2011, with an eye toward its market of 660 million customers and a combined $3.6 billion GDP.

Cambodia is this year’s rotating ASEAN chair. Prime Minister Hun Sen has long pushed for Timor Leste’s inclusion.

តុល ឈួរគឹមហេង និយាយពីជីវិតជាអ្នកស្រឡាញ់ភេទដូចគ្នា និងការរើសអើងជាបន្តបន្ទាប់

ប្រសិនបើខ្ញុំជាមនុស្សម្នាក់ដែលចាប់អារម្មណ៍ទៅលើមនុស្សម្នាក់ទៀតដែលមានភេទដូចខ្ញុំ តើនេះបានន័យថាខ្ញុំកំពុងប្រឆាំងទៅនឹងច្បាប់ធម្មជាតិដែលបានកំណត់ឲ្យមនុស្សស្រឡាញ់ភេទផ្ទុយគ្នាឬ?

ចាប់តាំងពីកុមារភាពរហូតមកដល់ពេលបច្ចុប្បន្នដែលមានវ័យ ២៩ឆ្នាំហើយនោះ តុល ឈួគឹមហេងមិនដែលគិតថាខ្លួនគាត់ជាមនុស្សស្រីសូម្បីម្ដងទោះបីរូបរាងខាងក្រៅរបស់គាត់ជាមនុស្សស្រី សំឡេង​ស្រី សម្បុរស សក់វែង និងអវ:យវ:ផ្សេងទៀតដូចមនុស្សស្រីក៏ដោយ ប៉ុន្តែអត្តចរឹត និងការស្លៀកពាក់របស់គាត់អាចបង្ហាញប្រាប់ដល់សង្គមបានថា គាត់គឺជាមនុស្សប្រុស និងអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះទៀតសោតគឺគាត់មិនដែលគិតថាវាជារឿងដែលខុសពីច្បាប់ធម្មជាតិនោះដែរ។

តុល ឈួរគឹមហេង បាននិយាយថា «ទោះបីរូបរាងខាងក្រៅរបស់ខ្ញុំបង្ហាញមកថាខ្ញុំជាមនុស្សស្រី ប៉ុន្តែបើសួរខ្ញុំថា តើខ្ញុំថាមានអារម្មណ៍យ៉ាងម៉េចខ្លះក្នុងនាមជាស្រ្តីភេទ ខ្ញុំឆ្លើយមិនចេញទេព្រោះតាំងពីតូចមកមិនមានពេលណាដែលខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាមនុស្សស្រីឡើយ‍‍»។

សំណួរសួរថា តើអ្វីទៅជាការស្រឡាញ់ភេទដូចគ្នា? ការស្រឡាញ់ភេទដូចគ្នាកើតមានឡើងនៅពេលដែលបុគ្គលម្នាក់ដែលមានជីវិតរស់នៅក្នុងសង្គមមាននិន្នាការភេទឬការស្រឡាញ់ និងមនោសញ្ចេតនាចំពោះបុគ្គលម្នាក់ទៀតដែលមានភេទដូចគ្នា។ អ្នកស្រឡាញ់ភេទដូចគ្នាគឺមានច្រើនប្រភេទនិងច្រើនសណ្ឋាន ប៉ុន្តែបើយោងតាមការស្រាវជ្រាវរបស់អ្នកជំនាញជាច្រើនរូបទៅលើរឿងនេះនិងការយល់ដឹងរបស់សង្គមសព្វថ្ងៃបានកំណត់អ្នកស្រឡាញ់ភេទដូចគ្នាថាជាក្រុមមនុស្ស LGBT ឬ LGBTIQ ដែល «L» គឺមកពីពាក្យអង់គ្លេស Lesbian សំដៅទៅលើស្រ្តីដែលប្រតិព័ទ្ធចាប់ចិត្តស្រឡាញ់ទៅលើស្រ្តីដូចគ្នា។

តុល ឈួគឹមហេង

ចំណែកឯ «G» មកពីពាក្យអង់គ្លេសថា Gay សំដៅទៅលើបុរសទាំងឡាយណាដែលស្រឡាញ់បុរសភេទដូចគ្នា រីឯ «B» មកពីពាក្យ «Bisexual» គឺសំដៅទៅលើបុគ្គលដែលមានអារម្មណ៍ស្រឡាញ់ទាំងពីរភេទ ស្រីក៏ស្រឡាញ់ប្រុសក៏ស្រឡាញ់បាន។

«T» សំដៅទៅលើ Transgender ជាបុគ្គលិកលក្ខណ:របស់បុគ្គលម្នាក់ដែលអារម្មណ៍ខាងក្នុងរបស់គាត់ខុសពីភេទកំណើតខ្លួន ឧទាហរណ៍ ក្មេងប្រុសម្នាក់ដែលកើតមកមានរូបរាងជាប្រុស ប្រដាប់ភេទនិងអវ:យវ:ផ្សេងទៀតជាមនុស្សប្រុសប៉ុន្តែអារម្មណ៍ពីខាងក្នុងបូកផ្សំជាមួយមនោសញ្ចេតនាដែលក្មេងប្រុសនោះមានបានសបញ្ជាក់ថាគេមិនមែនជាមនុស្សប្រុសឡើយ។

ម្យ៉ាងវិញទៀត ការស្រឡាញ់គ្នាបែបជា Transgender ក៏មិនបាច់ទាល់តែមានការកែភេទកំណើតទើបអាចស្រឡាញ់គ្នាបានទេវាអាស្រ័យទៅលើការសាកសួរពីដៃគូដែលនៅជាមួយគ្នា បើគាត់ជាមនុស្សស្រី គាត់នឹងមានអារម្មណ៍ថាគ្រប់ពេលដែលនៅជាមួយគ្នាគាត់មិនដែលគិតឬមានអារម្មណ៍ថាដៃគូរបស់គាត់ម្នាក់ទៀតគឺជាស្រីឡើយ។

ចំណែកឯ «I» មកពីពាក្យថា «Intersex» កើតមានឡើងទៅលើបុគ្គលតែម្នាក់ដែលកើតមកមានប្រដាប់ភេទពីរ ស្រីផងនិងប្រុសផង វាជាករណីដ៏កម្រជួបប្រទះក្នុងសង្គមខ្មែរក៏ដូចជានៅលើពិភពលោកទាំងមូល និង «Q» គឺ «Questioning» ជាក្រុមមនុស្សមួយក្រុមដែលមិនទាន់ច្បាស់នឹងខ្លួនឯងហើយក៏កំពុងតែស្វែងយល់ថាតើខ្លួនជាភេទអ្វីឲ្យប្រាកដ ស្រឡាញ់ស្រីឬប្រុស។

បើតាមសម្ដីរបស់គឹមហេងដែលជាអ្នកប្តូយេនឌ័រពីស្រីមកប្រុសមួយរូបនិងជាសកម្មជនការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាផងនោះបានបញ្ជាក់ថា យើងមិនអាចកំណត់អត្តសញ្ញាណភេទរបស់បុគ្គលណាម្នាក់តាមរយ:កាយវិការនិងការតុបតែងខ្លួនពីខាងក្រៅបានឡើយ លុះត្រាតែបុគ្គលម្នាក់នោះស្ម័គ្រចិត្តបង្ហាញពីអត្តសញ្ញាណរបស់គេ ព្រោះការស្លៀកពាក់ក៏ដូចជាការរៀបចំខ្លួនពីខាងក្រៅវាគ្រាន់តែជាចំណង់ចំណូលចិត្តរបស់បុគ្គលតែប៉ុណ្ណោះ។

ចំពោះទិន្នន័យរបស់អ្នកស្រឡាញ់ភេទដូចគ្នា គឹមហេង​ បានបញ្ជាក់ថា នៅកម្ពុជាសព្វថ្ងៃនៅមិនទាន់មានទិន្នន័យបញ្ជាក់ច្បាស់អំពីចំនួនអ្នកដែលស្រឡាញ់ភេទដូចគ្នាដូចនៅតាមបណ្ដាប្រទេសធំៗមួយចំនួននៅឡើយទេ។

«នៅកម្ពុជាបើតាមខ្ញុំធ្វើការស្រាវជ្រាវកន្លងមកគឺមិនទាន់មានទិន្នន័យបញ្ជាក់ច្បាស់លាស់នៅឡើយទេព្រោះសង្គមយើងនៅមិនទាន់បើកចំហរ ប៉ុន្តែគេមានជាសហគមន៍ដែលធ្វើការជាមួយក្រុម LGBT វិញ»។ នេះជាអ្វីដែល គឹមហេង បានប្រាប់មកកាន់ Newsroom Cambodia កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។

ប្រាកដណាស់ដោយសារសង្គមខ្មែរបច្ចុប្បន្ននៅមិនទាន់មានការយល់ដឹងនិងទទួលស្គាល់ទូលំទូលាយចំពោះ​អ្នកស្រឡាញ់ភេទដូចគ្នាបែបនេះហើយទើបធ្វើឲ្យមានការពិបាកក្នុងការកំណត់ចំនួនជាក់លាក់ណាមួយសម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នា។

មូលហេតុចម្បងមួយទៀតគឺដោយសារពួកគាត់មួយចំនួននៅមិនទាន់មានភាពក្លាហានក្នុងការបង្ហាញឲ្យសង្គមខាងក្រៅបានដឹង ជាក់ស្ដែងដូចគឹមហេងផ្ទាល់ គាត់ក៏ទើបតែហ៊ានបង្ហាញជាសាធារណ:អំពីខ្លួនគាត់ផ្ទាល់ក្នុងរយ:ពេល២ ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះដោយពីមុនមកមិនមាននណារម្នា្កក់ដឹងថាគាត់ជា LGBT ឡើយ។

បើតាមអ្វីដែលគឹមហេងបានប្រាប់ ថ្វីត្បិតតែយើងមិនមានទិន្នន័យបញ្ជាក់ច្បាស់លាស់ប៉ុន្តែមានអង្គការ និងសហគមន៍មួយចំនួនដូចជា RoCK Community (Rainbow Community Kampuchea), Loveisdiversity និងផ្សេងៗទៀតដែលធ្វើការទៅលើ LGBT ដែលអាចឱ្យ​អ្នក​ស្រឡាញ់ភេទដូចគ្នាចូលជាសមាជិកធ្វើការជាមួយគ្នា។ ទោះយ៉ាងណា គឹមហេង បញ្ជាក់ថា ទិន្នន័យនោះនៅតែមិនទាន់ច្បាស់ដដែល ព្រោះនៅមានអ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ចំនួនធំទៀតដែលពួកគាត់មិនទាន់បង្ហាញខ្លួន ជាពិសេសគឺអ្នកដែលនៅក្នុងក្រុម Bisexual ដែលពួកគាត់កំពុងតែមិនច្បាស់ និងកំពុងព្យាយាមយល់ពីខ្លួនឯងថាតើគាត់ស្រឡាញ់ប្រុស ឬស្រី។

បើក្រឡេកមកមើលជីវិតពិតរបស់ គឹមហេង វិញ ចាប់តាំងពីឆ្នាំ២០០៤ ដែលពេលនោះគាត់រៀននៅថ្នាក់ទី៤ គាត់ចាប់ផ្តើមមានអារម្មណ៍​ថាខ្លួនឯងប្លែកខុសពីក្មេងៗដទៃទៀតដែលរៀនថ្នាក់ជាមួយគ្នា គាត់ចូលចិត្តលេងតែជាមួយមិត្តភក្ដិស្រីៗតែប៉ុណ្ណោះចំពោះក្មេងប្រុសចូលចិត្ដដែរប៉ុន្តែជាលក្ខណ:បែបមិត្តភក្ដិមិនមានមនោសញ្ចេតនាអ្វីដូចពេលនៅជាមួយមិត្តស្រីៗនោះទេ។

បែបនេះហើយទើបធ្វើឲ្យ គឹមហេង ចាប់ផ្ដើមសម្គាល់ខ្លួនឯងថាខ្លួនខុសពីអ្នកដទៃដែលពួកគេចូលចិត្តលេងក៏ដូចជាមានមនោសញ្ចេតនាចំពោះអ្នកដែលមានភេទផ្ទុយគ្នា ប៉ុន្តែចំពោះគឹមហេង​ផ្ទាល់ មនោសញ្ចនា និងអារម្មណ៍របស់គាត់មានតែចំពោះក្មេងស្រីៗដូចគ្នាតែប៉ុណ្ណោះ។

រហូតមកដល់វិទ្យាល័យថ្វីត្បិតតែមានមិត្តភក្តិពីរបីនាក់ដែលដើរជាមួយគេបានបង្ហាញប្រាប់ថាគេជាអ្នកស្រឡាញ់ភេទដូចគ្នាក៏ដោយក៏​គឹមហេង​នៅមិនទាន់ប្រាកដជាមួយខ្លួនឯងហើយក៏មិនមានអ្នកណាដឹងថាគាត់ក៏ជាមនុស្សម្នាក់ដែលចូលចិត្តភេទដូចគ្នានោះដែរ។ ដោយសារខ្លួននៅក្មេងមិនទាន់យល់ដឹងជ្រៅជ្រះបូកផ្សំនឹងការឃើញនូវរូបភាពដ៏គួរឲ្យអាណិតសោកសៅរបស់ក្មេងៗមួយចំនួនទៀតនៅក្នុងភូមិដែលពួកគេព្យាយាមបង្ហាញប្រាប់ដល់គ្រួសាររបស់គេថាគេជាអ្នកស្រឡាញ់ភេទដូចគ្នាដោយរំពឹងថានឹងទទួលបានការគាំទ្រពីពួកគាត់ ផ្ទុយទៅវិញពួកគេត្រូវទទួលរងនៅការរិះគុន វាយដំច្រំធាក់ ជេរប្រមាថគ្រប់បែបយ៉ាងពីសំណាក់ឪពុកម្ដាយ និងអ្នកភូមិផងរបងជាមួយទៅវិញ។ រូបភាពទាំងនេះហើយដែលធ្វើឲ្យគឹមហេងពិបាកក្នុងការស្វែងរកខ្លួនឯងព្រោះគាត់ខ្លាច ខ្លាចថាគាត់និងមានថ្ងៃដូចជាក្មេងៗទាំងនោះ។

គាត់បាននិយាយថា៖ «ពេលនោះមានប្រតិកម្មខ្លាំងណាស់ចំពោះក្មេងៗទាំងនោះរហូតដល់ថ្នាក់ប៉ាម៉ាក់ប្រើអំពើហិង្សាវាយដំនៅមុខគេមុខឯងហើយបងក៏ចេះតែមានអារម្មណ៍ថាខ្លាចខ្លួនបងបែបហ្នឹងដែរចឹងហើយបានបងព្យាយាមលាក់រហូតមកចឹងទៅ»។

មកដល់មហាវិទ្យាល័យក៏មានអ្នកផ្សេងទៀតដែលគេព្យាយាមបង្ហាញអប្បកិរិយាថាគេជាអ្នកស្រឡាញ់ភេទដូចគ្នាដូចគឹមហេង​អីចឹងដែរ ពេលនោះគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាគាត់មិនមែនជាមនុស្សដែលខុសគេ មួយពិភពលោកមានតែឯងដូចដែលគាត់ធ្លាប់គិតកាលនៅពីក្មេងទៀតហើយ ប៉ុន្តែពេលនោះគឹមហេងក៏នៅមិនទាន់ក្លាហានបង្ហាញជាសាធារណៈនៅឡើយទេ បានត្រឹមប្រាប់ដល់មិត្តភក្តិជិតស្និទ្ធិបំផុតពីរបីនាក់តែប៉ុណ្ណោះថាគាត់ជាអ្នកស្រឡាញ់ភេទដូចគ្នាព្រោះគាត់មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកនូវការរើសអើងពីសង្គម។ ទោះបីជាយ៉ាងណាក៏ដោយ ការរើសអើសក៏នៅតែកើតមាននៅពេលបងស្រីចេញធ្វីការបានមួយឆ្នាំពីរឆ្នាំដំបូង។

គឹមហេងបានមានប្រសាសន៍ថា៖ «អ្នកធ្លាប់ធ្វើការជាមួយគ្នាមួយចំនួនតូចគេរើសអើងបងព្រោះគេឃើញបងស្លៀកពាក់ដូចមនុស្សប្រុសដោយបោះពាក្យសម្ដីសួរបងថាថ្ងៃមុខទៅការជាមួយស្រី ឬប្រុសអីចឹងទៅប៉ុន្តែពេលនោះបងក៏នៅមិនទាន់បង្ហាញឲ្យគេដឹងដែររហូតមកដល់ឆ្នាំ២០២០ ទើបបង​​ហ៊ានបង្ហាញប្រាប់ជាសាធារណៈថាបងជាអ្នកដែលស្រឡាញ់ភេទដូចគ្នា»។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឹមហេង បានបញ្ជាក់យ៉ាងច្បាស់ថា ការស្រឡាញ់ភេទដូចគ្នាមិនមែនជារឿងដែលខុសពីច្បាប់ធម្មជាតិនោះទេហើយលើលោកនេះក៏គ្មានច្បាប់ធម្មជាតិអ្វីនោះដែរវាជារឿងមួយដែលមនុស្សធ្វើការកំណត់ដោយខ្លួនឯងប៉ុណ្ណោះ បើអ្នកគិតថាមានច្បាប់ធម្មជាតិមែននោះដូចនេះមានន័យថាធម្មជាតិរបស់អ្នកកំណត់មកឲ្យអ្នកស្រឡាញ់ និងមានមនោសញ្ចេតនាចំពោះអ្នកដែលមានភេទផ្ទុយគ្នាប៉ុន្តែចំពោះអ្នកដែលមានចិត្តស្រឡាញ់ទៅលើភេទដូចគ្នានេះក៏ជាធម្មជាតិរបស់ពួកគាត់ដែលបានកំណត់មក។

ឈួគឹមហេងបាននិយាយថា៖ «ច្បាប់ធម្មជាតិជាអី? អ្នកណាជាអ្នកបង្កើតនិងបង្កើតឡើងតាំងពីពេលណា? វាគ្រាន់តែជាការយល់ឃើញរបស់មនុស្សហើយកំណត់មកតគ្នាតែប៉ុណ្ណឹងឯង។ តាមពិតទៅបើតាមការស្រាវជ្រាវ ការស្រឡាញ់ភេទដូចគ្នាមិនមែនទើបតែមានទេ វាមានយូរណាស់មកហើយតាំងពីបុរាណកាលមកគ្រាន់តែមនុស្សមិនហ៊ានបង្ហាញតែប៉ុណ្ណោះ»៕

លោកកើត សារ៉ាយនិយាយអំពីការតស៊ូក្នុងជីវិតនៅក្មេង ភាពជាសកម្មជន និងបញ្ហាសង្គម

លោកកើត សារ៉ាយ បានចាប់កំណើតក្នុងគ្រួសារកសិករមានជីវភាពលំបាកមួយ នៅភូមិសំរោង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប។ ជាកូនប្រុសពៅក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់ មានម្តាយប្រកបរបរជាអ្នកធ្វើស្រែ ហើយឪពុកប្រកបរបរជាអាចារ្យរៀបចំពិធីសពផង និងជាគ្រូថ្នាំបុរាណខ្មែរផង។

លោកបានរំឭកពីស្ថានភាពគ្រួសារខ្លួនថា៖ «បើនិយាយពីជីវភាពនោះគឺលំបាកណាស់ ផ្ទះខ្ទមតូច ជាពិសេសខ្យល់ម្តងៗ ឬភ្លៀងម្តងៗ បងភ័យបំផុតគឺខ្លាចតែរលំ ហើយជញ្ជាំងធ្វើពីធាងដូង»។

អំពីប្រវត្តិសិក្សាវិញ ឪពុកម្តាយលោកសារ៉ាយ បានបញ្ជូនលោកចូលរៀននៅសាលាបឋមសិក្សាសំរោង។ រៀនដល់ត្រឹមថ្នាក់ទី៤ ដោយស្រឡាញ់ជាប់ចិត្តនឹងម្លប់ព្រះពុទ្ធសាសនា ទើបសុំម្តាយទៅនៅបម្រើព្រះសង្ឃ ហើយក្រោយមកក៏បានបួសរៀនបន្ត។

និយាយបណ្តើរ សើចបណ្តើរ នៅពេលរំឭកដល់រឿងពីកុមារភាព លោកថា៖ «ថ្ងៃមួយមានគេមកបញ្ចាំងកុននៅវត្ត ហើយបងទៅមើលកុននៅវត្ត ហើយក៏ដេកលក់។ ពេលភ្ញាក់ឡើងបាត់មនុស្សអស់រលីង ដល់អ៊ីចឹងទៅអត់ហ៊ានមកផ្ទះ ខ្លាចខ្មោចក៏ទៅដេកមុខកុដិលោកក្រញ៉ង់ៗជាមួយឆ្កែ។ ក្រោយពីភ្ញាក់ឡើង លោកក៏ហៅ ឱ្យទៅហូបបាយអីទៅ ហើយក៏មានអារម្មណ៍ថាចង់នៅវត្ត»។

លោកកើត សារ៉ាយ

ក្រោយមកទៀតភិក្ខុសារ៉ាយ បានបន្តមកគង់នៅវត្តខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង និងបានបញ្ចប់ថ្នាក់បាក់ឌុបបាលីសំស្ក្រឹត ហើយបន្តការសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រ។

អំឡុងខែកញ្ញា ឆ្នាំ២០២០ ក្រោយបន្តការសិក្សានៅមហាវិទ្យាល័យបានត្រឹមឆ្នាំទី២ ភិក្ខុ កើត សារ៉ាយ ក៏ត្រូវបានគេចាប់ផ្សឹកទាំងពាក់កណ្តាលអធ្រាត្រ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរ អស់រយៈពេល១ឆ្នាំ ២ខែ ដោយស្ថិតក្រោមបទចោទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

ភិក្ខុកើត សារ៉ាយ បានប្តូរពីគ្រងស្បង់ចីវរ មកជាស្លៀកសម្លៀកបំពាក់អ្នកទោសវិញ បន្ទាប់ពីត្រូវមន្ត្រីសង្ឃចាប់បង្ខំឱ្យផ្សឹកទាំងគ្មានកំហុស ហើយបញ្ជូនទៅឃុំភ្លាមៗ ក្រោយព្រះសង្ឃអង្គនេះបានធ្វើបាតុកម្មសម្តែងមតិស្នើឱ្យអាជ្ញាធរដោះលែងលោករ៉ុង ឈុន ឱ្យមានសេរីភាព។

លោកចាត់ទុកថា ការឃុំខ្លួនលោកគឺជារឿងដ៏គួរឱ្យភ័យខ្លាច និងតក់ស្លុតជាខ្លាំង ដោយមិននឹកស្មានថា ជាជនជាតិខ្មែរតែមួយ តែគ្មានមេត្តាធម៌ចំពោះឈាមជ័ររបស់ខ្លួន។

លោកជ្រួញចិញ្ចើម ហើយថ្លែងអំពីអារម្មណ៍ពិត គ្រាដែលត្រូវគេចាប់ខ្លួននាពេលនោះថា៖ «យើងមិននឹកស្មានថាបងប្អូនខ្មែរតែមួយ មានគ្នាតែ ១៥ ទៅ ១៦លាននាក់ បើធៀបជាមួយប្រទេសជិតខាងថៃ មានឡើង៨០លាននាក់ ហើយយើងនៅតែស្អប់គ្នាមិនស្រឡាញ់គ្នាកើត គ្រាន់តែធ្វើកិច្ចការងារសង្គម ហើយត្រូវចាប់យកទៅដាក់គុក»។

លោកបរិយាយពីតថភាពពេលនោះថា៖ «សារជាតិដែលគេចាប់ដាក់គុកគឺគួរឱ្យខ្លាច ដូចជាគុំយើង ឃោរឃៅម៉ង។ កាលពីបងនៅជាលោកគេចាប់បងផ្សឹកទាំងយប់។ បន្ទាប់ពីផ្សឹកពីអ្នកបួសហើយ គេព័ទ្ធដៃដាក់ខ្នោះ។ ពេលផ្សឹកនោះ លោក[សម្តេចសង្ឃ]និយាយពាក្យសម្តីមកគឺឃោរឃៅ»។

លោកនិយាយត្រាប់តាមថា៖ «ពេលមកដល់គឺ លោកថា មិនបាច់និយាយជាមួយពួកអាអស់នឹងទេ ឥលូវហែងសឹកខ្លួនឯង ឬឱ្យគេចាប់ផ្សឹក»។

ដកដង្ហើមធំ និងភ្ជាប់មកជាមួយទឹកមុខក្រៀមក្រំបង្ហាញពីអារម្មណ៍ឈឺចាប់ លោកប្រាប់ Newsroom អំពីជីវិតក្នុងពន្ធនាគារថា មានរឿងរ៉ាវគ្រប់រសជាតិរួមទាំងសោកសៅ និងរីករាយផងដែរ។ លោកបញ្ជាក់ថា៖ «រឿងដែលសោកសៅនោះគឺ បាយគឺអន់ជាងបាយជ្រូកទៅទៀត សម្លស្អុយ បើសម្លស្ពៃវិញគឺស្លទាំងឬស ទាំងដង្កូវ ប៉ុន្តែនៅក្នុងគុកបើមានលុយវិញគឺដូចស្តេច មានលុយចង់គុយទាវក៏បាន បាយឆាក៏បាន និយាយរួមបើសិនជាចង់មានឡេលាបក៏បាន ក្រែងតែអត់លុយ»។

លោកញញឹមហើយនិយាយថា ការជាប់ពន្ធនាគាររបស់លោកដោយគ្មានកំហុសនេះ គឺគ្មានអ្វីចម្លែកទេ ខណៈពេលដែលខ្លួនកំពុងតែរស់នៅក្នុងសង្គមមួយដែលពុំអាចផ្តល់នូវយុត្តិធម៌ពេញលេញ ដល់ពលរដ្ឋបាននៅឡើយ។

លោកសើចបែបចំអកហើយថា៖ «ការពិតទៅវាជាដំណើរមួយ ឬរឿងនិទានមួយដែលគេគូសវាសស្រេចហើយថា តួចិត្តល្អត្រូវដើរទៅ ត្រូវជួបអី វាមិនមែនជារឿងប្រឌិតទេ ដូច្នេះទាំងអស់គ្នាមិនអាចបដិសេធវាទេ។ ដូចគ្នាដែរ នៅពេលដែលអ្នកធ្វើកិច្ចការងារមួយនៅក្នុងសង្គមមួយដែលអត់មានច្បាប់ទំលាប់ ដែលមានមេដឹកនាំមិនត្រឹមត្រូវ មានមន្ត្រីពុករលួយ លោភលន់ ជិះជាន់ ធ្វើបាប។ អាហ្នឹងគឺជាសត្យានុម័ត នៅពេលដែលអ្នកឯងធ្វើ គឺជៀសមិនរួចទេ ពីការធ្វើបាប ចាប់ចង ចាប់ដាក់គុក ឬស្លាប់»។

លោកបន្តថា៖ «ប៉ុន្តែគិតត្រលប់មកវិញ សត្វតិរិច្ឆានរស់បែបសភាវគតិ មនុស្សរស់បែបការអភិវឌ្ឍខ្លួនទៅរកអ្វីថ្មីៗ។ សត្វតិរិច្ឆានកាន់តែវាយកាន់តែខ្លាច មនុស្សអត់ទេ មនុស្សកាន់តែវាយកាន់តែរកមធ្យោបាយដើម្បីតបត»។

រីឯមូលហេតុដែលរុញច្រានលោកមកក្លាយជាសកម្មជនសង្គម គឺដោយសារកាលពីកុមារភាព លោកស្អប់ខ្ពើមអំពើហិង្សាក្នុងគ្រួសារ បន្ថែមពីនេះលោកសេពគប់ជាមួយមិត្តភក្តិដែលធ្វើកិច្ចការងារតស៊ូតទល់នឹងភាពអយុត្តិធម៌នៅក្នុងសង្គមផង និងជាពិសេសគឺទទួលបានការបណ្តុះពីសំណាក់គ្រូដែលមានស្មារតីជាតិនិយម។

លោកបញ្ជាក់ថា៖ «យើងរៀនហ្នឹង មិនមែនដើម្បីរកការងារធ្វើ ហើយមានលុយចាយសុខស្រួលនោះទេ គោលការណ៍របស់អ្នករៀន គឺរៀនដើម្បីឱ្យយល់ ដឹងខុស ដឹងត្រូវ ហើយចែករំលែកអំពីខុស និងត្រូវ ទៅមនុស្សដទៃទៀតដែលមិនទាន់ដឹង ហើយគោលដៅគឺដើម្បីកសាងសង្គមមួយដែលសន្តិភាពពិតប្រាកដ»។

«នៅពេលយើងចង់ផ្លាស់ប្តូរអ្វីមួយ រឿងទីមួយដែលអ្នកត្រូវគិត ភាពលំបាកគឺយើងនឹងត្រូវជួបហើយ»

ឆ្លើយតបនឹងសំនួរថា តើនរណាដែលតែងតែជួយជ្រំជ្រេញលោកពីក្រោយ? លោកនិយាយមួយៗ ហើយច្បាស់ៗប្រកបដោយទំនុកចិត្តថា «នៅពីក្រោយខ្នងរបស់បង គឺអទិទេព។ អទិទេពទីមួយគឺជាខ្លួនឯង ខ្លួនឯងជាអ្នកផ្តល់កម្លាំងចិត្តដល់ខ្លួនឯង។ នៅពេលធ្វើការងារ បងរំពឹងទៅលើសេចក្តីល្អដែលបងធ្លាប់ធ្វើ។ ពេលដែលយើងទន្ទេញនូវសេចក្តីល្អ វាផុសចេញមកនូវភាពជឿជាក់ ទោះជានឹងត្រូវគេយកកាំបិតមករកចាក់សម្លាប់ក្តី»។

«ដរាបណាយើងជាអ្នកមុន មិនត្រួសត្រាយផ្លូវ សួរថាតើអ្នកក្រោយគ្នាផ្លូវឯណាសម្រាប់ដើរ»

«ដរាបណា អ្នកគ្រប់គ្នាឃើញបងមិនពាក់ស្បែកជើង ដរាបនោះគឺឆន្ទៈបងមិនប្រែប្រួលឡើយ នេះជាការតស៊ូមតិមួយបែបអហិង្សា ហើយបងចង់បង្ហាញពីសញ្ញានៃការលះបង់ ថាចង់ផ្លាស់សង្គមទៅបានទាល់តែយើងលះបង់ និងមួយទៀតជាតឹកតាងចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនឯង»

លោកថា៖ «ដរាបណាសង្គមកម្ពុជាអត់មានយុត្តិធម៌ ដរាបនោះខ្ញុំអត់ពាក់ស្បែកជើងទេ»។

លោកផ្តាំផ្ញើទៅយុវជនបញ្ញាវ័នខ្មែរគ្រប់ៗរូបមានសាមគ្គីភាព ចេះស្រឡាញ់គ្នា ចេះគោរពគ្នា។ ហើយដើម្បីផ្លាស់ប្តូរសង្គមទៅបាន យុវជនត្រូវផ្លាស់ខ្លួនឯងឱ្យប្រសើរជាមុនសិន។ លោកពោលថា៖ «នៅពេលយើងចង់ផ្លាស់អ្វីមួយ គឺត្រូវយកខ្លួនឯងជារូបមន្តនៃការសាកល្បង ផ្លាស់ប្តូរខ្លួនឯងជាមុនសិន»។
ក្រោយត្រូវបានដោះលែង នៅបច្ចុប្បន្ន លោកសារ៉ាយ ជាប្រធានសមាគមនសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ ដែលបង្កើតឡើងដើម្បីចង់ចងក្រងសិស្សនិស្សិតឱ្យចេះគិតគូរលើបញ្ហាជាតិ និងចូលរួមឈឺឆ្អាលដោះស្រាយនូវបញ្ហាសង្គមជាតិ។

តាមរយៈរបាយការណ៍វាយតម្លៃពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ដោយអង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House ឆ្នាំ២០២១ កម្ពុជាបានធ្លាក់ចុះ ១ពិន្ទុមកនៅលេខ ២៤ លើ១០០ពិន្ទុ ដែលបង្ហាញថាកម្ពុជាជាប្រទេស មិនសេរី។ នៅក្នុងតំបន់ ពិន្ទុសេរីភាពកម្ពុជា អន់ជាងមីយ៉ាន់មា ថៃ ប្រ៊ុយណែ និងម៉ាឡេស៊ីជាដើម ហើយគ្រាន់បើជាងឡាវ និងរៀតណាម៕

កិច្ច​ព្រម​ព្រៀង​សន្តិភាព​មាន​សារៈ​សំខាន់ ខណៈ​មានការ​ចោទ​សួរ​ថា ហេតុ​អ្វី​មិន​មែន​ជា​ថ្ងៃ​បុណ្យ​ជាតិ​ទៀត​?


ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ជាខួប៣១ឆ្នាំនៃកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ឬហៅថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងគោលដៅបញ្ចប់សង្គ្រាមនៅកម្ពុជា នាំទៅរកប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនាំកម្ពុជាឈានទៅរកការបោះឆ្នោតលើកដំបូងឆ្នាំ ១៩៩៣ បន្ទាប់ពីមានសង្គ្រាមកាប់សម្លាប់ដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។

ប្រជាពលរដ្ឋ និងអ្នកនយោបាយមួយចំនួនបាននិយាយថា​ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះមានសារៈសំខាន់ណាស់សម្រាប់ជាតិខ្មែរក្នុងការបញ្ចប់សង្រ្គាម ហើយធ្វើឱ្យកម្ពុជាទទួលបានឯករាជ្យ និងមានសុខសន្តិភាពដល់បច្ចុប្បន្នខណៈអ្នកខ្លះបានចោទសួរហេតុដូចម្ដេចបានជាលុបកិច្ចព្រមព្រៀងនេះចេញពីទិវាបុណ្យជាតិ ហើយថាកិច្ចព្រមព្រៀងនេះមិនទាន់អនុវត្តបានពេញលេញនៅឡើយទេក្នុងរយៈពេល៣១ឆ្នាំមកនេះ។

ពាក់អាវក្រឡាឆ្នូតព័ណ៌សផ្ទៃមេឃ មុខញញឹម ដៃកាន់សៀវភៅកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា លោកចក់ ប៊ុនយឿន មានអាយុ៤៩ឆ្នាំ ជាអាជីវករលក់ម៉ូតូ រស់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ លោកបានយល់ឃើញថា ការប្រារព្ធខួបកិច្ចព្រមព្រៀងនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ជាតិខ្មែរ ដោយលោកប្រៀបប្រដូចច្បាប់នេះទៅនឹងព្រលឹងរបស់ខ្មែរ ពោលគឺជាដង្ហើមរបស់ខ្មែរ ដើម្បីធានាបូរណភាពអធិបតេយ្យរបស់ខ្មែរ និងបញ្ចៀសសង្គ្រាមភូមិសាស្ត្រនយោបាយ។

លោកចក់ ប៊ុនយឿន បង្ហាញសៀវភៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ រូបភាព៖ យ៉ិត យុតយូ

លោកប៊ុនយឿន បានលើកឡើងថា៖ «នៅក្នុងការគម្រប់ខួបលើកទី៣១ហ្នឹង ការយល់ឃើញរបស់ខ្ញុំ ខ្ញុំគិតថា ប្រសិនបើបងប្អូនជនរួមជាតិ ក៏ដូចជាបងប្អូនជនរួមភាសា បានចូលរួមនៅក្នុងពិធីរំលឹកខួបនេះក៏ជាការល្អប្រសើរ ដោយសារយើងបាននឹកឃើញនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ឡើងវិញហ្នឹងណ៎ា អ៊ីចឹងសូមបញ្ជាក់ថាកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍នេះ មានសារៈសំខាន់ណាស់សម្រាប់ជាតិខ្មែរយើង បាត់កិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ដូចបាត់ព្រលឹងខ្មែរយើង ដូចបាត់ដង្ហើមខាងក្រៅមួយ»។

លោកប៊ុនយឿន បានបន្ថែមថា៖ «ដូចយើងបានដឹងហើយថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ជាដង្ហើមខាងក្រៅ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគឺជាដង្ហើមខាងក្នុង អ៊ីចឹងកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់សម្រាប់ការពារនូវអធិបតេយ្យភាព បូរណភាពទឹកដី។ តែប្រសិនបើយើងមិនយកកិច្ចព្រមព្រៀងនេះយកមកអនុវត្តន៍ទេប្រទេសកម្ពុជាយើងនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមភូមិសាស្ត្រនយោបាយហើយ»។

លោកវិន វិចិត្រ អាយុ២៩ឆ្នាំ ជាយុវជនដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញទស្សនវិជ្ជា រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានបង្ហាញនូវការយល់ឃើញចំនួនពីរជុំវិញរឿងនេះ ទីមួយកិច្ចព្រមព្រៀងនេះមិនទាន់ផុតរលត់ ឬអស់សុពលភាពនោះទេ ទីពីរលោកជម្រុញលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរនាំគ្នាសិក្សាឈ្វេងយល់ពីកិច្ចព្រមព្រៀងនេះផងដែរ។

លោកវិន វិចិត្រ

លោកវិចិត្រ បានលើកឡើងថា៖ «សម្រាប់ខ្ញុំការប្រារព្ធខួបលើកទី៣១ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍នេះជារឿងល្អហើយ ព្រោះជាសារមួយដើម្បីដាស់ទៅដល់ប្រជាពលរដ្ឋខ្មែរថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអត់ទាន់ផុតរលត់ទេ មិនដូចគេថាកិច្ចព្រមព្រៀងអស់សុពលភាព កិច្ចព្រមព្រៀងចូលរួមរដ្ឋធម្មនុញ្ញ គឺអត់ទេ ហ្នឹងជាសារមួយសំខាន់»។

«ប៉ុន្តែអ្វីដែលលើសពីនេះទៅទៀតនោះគឺក្រោយពីកិច្ចព្រមព្រៀង ខ្ញុំគិតថាពលរដ្ឋខ្មែរគួរតែនាំគ្នារៀនអំពីកិច្ចព្រមព្រៀងនេះ ហើយសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅ ព្រោះបើយើងគិតមើលទៅកម្ពុជាអាចមានមកដល់ថ្ងៃនេះគឺដោយសារតែមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍»។

កញ្ញាលី ឃ្លីន អាយុ២៤ឆ្នាំ ជាយុវជនមកពីខេត្តកំពង់ស្ពឺ បច្ចុប្បន្នជានិស្សិតជំនាញគណនេយ្យ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យល់ឃើញថា ការប្រារព្ធខួបលើកទី៣១នេះ គឺរំលឹកនូវច្បាប់ដ៏ល្អមួយសម្រាប់កម្ពុជាដែលអាចបញ្ចប់សង្គ្រាមកាលពីអតីតកាល និងនាំឱ្យកម្ពុជានូវឯករាជ្យភាព និងសុខសន្តិភាព។

កញ្ញាលី ឃ្លីន

កញ្ញាឃ្លីន បានលើកឡើងថា៖ «សម្រាប់ខ្ញុំគឺជាយុវជនជំនាន់ក្រោយនេះ គឺខ្ញុំបានធ្លាប់បានអានសៀវភៅកិច្ចព្រៀមព្រៀងទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១ ហ្នឹងដែរ វាគឺជាច្បាប់មួយដ៏ពិសិដ្ឋ ជាច្បាប់អន្តរជាតិដែលមានប្រទេសជាច្រើនបានចុះហត្ថលេខា ហើយមានទាំងប្រទេសកម្ពុជាយើងផងដែរ ច្បាប់នេះគឺវាជាច្បាប់ដែលល្អអស្ចារ្យសម្រាប់កម្ពុជាយើងក្នុងការបញ្ចប់សង្គ្រាមពីអតីតកាល ហើយធ្វើឱ្យកម្ពុជាទទួលបានឯករាជ្យ និងមានសុខសន្តិភាពដល់បច្ចុប្បន្នហ្នឹង»។

កញ្ញាបន្ថែមថា៖ «ហើយដែលខ្ញុំមានការរំភើបនោះគឺឆ្នាំនេះមានការប្រារព្ធពិធីហ្នឹងគឺមានន័យថាកិច្ចព្រមព្រៀងហ្នឹងគឺមិនទាន់អស់សុពលភាព នៅតែបន្តការពារប្រទេសដែលជាហត្ថលេខី ក៏ដូចជាកម្ពុជាផ្ទាល់ផងដែរក្នុងការគោរពច្បាប់ ឬក៏សន្ធិសញ្ញា ឬក៏សិទ្ធិមនុស្សផ្សេងៗ»។

លោកសោម តាំងអ៊ី អាយុ២៤ឆ្នាំ ជាយុវជនរស់នៅសង្កាត់ខាងលើដដែលបានឱ្យដឹងថា ការប្រារព្ធកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះថ្ងៃប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាម និងឈានទៅរកការបង្កើតប្រព័ន្ធនយោបាយតាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

លោកតាំងអ៊ី បានលើកឡើងថា៖ «បាទ នេះជាថ្ងៃមួយដែលហៅថាប្រវត្តិសាស្ត្រនៃកម្ពុជាបញ្ចប់នូវជម្លោះ ហើយក៏ដូចជាកម្ពុជាបានបង្កើតប្រព័ន្ធនយោបាយតាមបែបប្រជាធិបតេយ្យ គោរពនូវសិទ្ធិប្រជាពលរដ្ឋ ហើយអ្វីដែលលើសពីនេះ គឺយើងមើលឃើញថា យើងចេះរួបរួមគ្នារវាងអ្នកនយោបាយ ក៏ដូចជាប្រជាពលរដ្ឋបានងាកមកយកគោលការណ៍ប្រជាធិបតេយ្យ មានន័យថាទម្លាក់អាវុធចុះ»។

«ពេលមុន៩១ហ្នឹង យើងឃើញថាប្រវត្តិសាស្ត្រគឺយើងមានការធ្វើសង្គ្រាម មានទាំងភាគីបរទេសដែលពាក់ព័ន្ធពីក្រោយផង ហើយក៏មានភាគីកម្ពុជាផង ប៉ុន្តែក្រោយពី៩១យើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍មក ឃើញថាកម្ពុជាមានការផ្លាស់ប្ដូររបបនយោបាយមកដើរតាមលទ្ធិប្រជាធិបតេយ្យ ហើយក៏មានការកំណែទម្រង់ជាបន្តបន្ទាប់នូវនយោបាយ ក៏ដូចជាការគោរពសិទ្ធិមនុស្ស»។

កញ្ញាអាន វណ្ណៈ អាយុ២០ឆ្នាំ ជានិស្សិតផ្នែកច្បាប់រស់នៅទីក្រុងភ្នំពេញ បានលើកឡើងថា៖ «ពាក់ព័ន្ធជាមួយខួបទី៣១មួយនេះ សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា វាមានភាពល្អប្រសើរច្រើនដោយសារតែមាននូវការចូលរួមចំណែករបស់ជាតិទាំងបីផ្នែកពេញលេញគ្រាន់បើដែរសម្រាប់ឆ្នាំនេះ។ ទីមួយពាក់ព័ន្ធជាមួយរដ្ឋាភិបាលដែលគាត់ធ្វើការបកស្រាយ ក៏ដូចជាមានជាវេទិកាតុមូល ការជជែក ហើយក៏បញ្ជាក់ដែរថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានសារៈសំខាន់បំផុតសម្រាប់ជាតិខ្មែរ»។

កញ្ញាអាន វណ្ណៈ។ រូបភាព៖ ហ្វេសប៊ុក An Vannak

«ទីពីរគឺពាក់ព័ន្ធជាមួយហ្នឹងអង្គការសង្គមស៊ីវិល ក៏ដូចជាស្ថាប័នព័ត៌មានឯករាជ្យ ក៏ដូចជាសហគមន៍ សហព័ន្ធផ្សេងទៀតមានការផុសផុលក្នុងការប្រារព្ធពិធីនេះដែរ។ ហើយទីបីគឺពលរដ្ឋតែម្ដង មិនថាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ពលរដ្ឋដែលនៅទីក្រុង ជនបទ ឬក៏ពលរដ្ឋដែលជាជនភៀសខ្លួនទេ គឺមានការផុសផុលក្នុងការជជែកវែកញែក ដូចជាការផុសនៅលើបណ្ដាញសង្គម ឬក៏ដូចជាការបង្កើតនូវវេទិកាតុមូល ការបង្កើតជាកម្មវិធីផ្សេងៗដើម្បីជជែកពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។

កញ្ញាវណ្ណៈ បានបន្ថែមថា៖ «រដ្ឋាភិបាល សង្គមស៊ីវិល អ្នកដែលប្រារព្ធនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស បើសិនជាអាចគឺសូមឱ្យមានជាការបើកជាវេទិកាសាធារណៈក្រៅពីថ្ងៃទី២៣ ខែតុលា ព្រោះថាកិច្ចព្រមព្រៀងនេះមិនមែនមានសារៈសំខាន់នៅថ្ងៃទី២៣ទេ ហើយបើសិនជាអាចក៏សូមជាមានជាការបង្រៀននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ក៏ដូចជាការចែកនូវសៀវភៅដែលជាច្បាប់ដើមនៃ កិច្ចព្រមព្រៀងនេះ»។

ថ្លែងនៅក្នុងកម្មវិធីគម្រប់ខួប៣១ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ លោកថាច់ សេដ្ឋា ដែលជាតំណាងរបស់គណបក្សភ្លើងទៀនបានចោទជាសំណួរថា ហេតុដូចម្ដេចបានជាលុបកិច្ចព្រមព្រៀងនេះចេញពីទិវាបុណ្យជាតិ ហើយលោកថាកិច្ចព្រមព្រៀងនេះមិនទាន់អនុវត្តបានពេញលេញនៅឡើយទេក្នុងរយៈពេល៣១ឆ្នាំមកនេះ ព្រមទាំងស្នើឱ្យអ្នកនយោបាយខ្មែរឈប់ឌឺដងដាក់គ្នា និងវិលរកតុចចារដើម្បីប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។

លោកសេដ្ឋា បានលើកឡើងថា៖ «ហេតុយ៉ាងម៉េចបានជាលុបថ្ងៃ២៣ តុលាមិនឋិតនៅក្នុងទិវាបុណ្យជាតិ? តើនេះមិនមែនសន្តិភាព ឬមួយក៏ចង់បង្កើតសន្តិភាពយ៉ាងម៉េចវិញ? អាហ្នឹងយើងចង់ដឹងដែរ មិនមែនតែប្រជាពលរដ្ឋទេ ក្នុងនាមអ្នកនយោបាយក៏ចង់ដឹងដែរ វាចម្លែកដែរយើងទាំងអស់គ្នានិយាយពីកិច្ចព្រមព្រៀងសន្តិភាពពេញមាត់ក្នុងលក្ខណៈជាអន្តរជាតិ ប៉ុន្តែខ្លួនឯងអ្នកអនុវត្តនេះបែរជាមិនយកទិវាមករំលឹកក្នុងស្មារតីនៃកិច្ចព្រមព្រៀងនេះទៅវិញ»។

លោកបានបន្ថែមថា៖ «គ្រាន់តែចង់រំលឹកអ៊ីចេះទេថា ៣១ឆ្នាំកន្លងមកនេះយើងមើលក្នុងស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីស ខ្ញុំកត់សំគាល់ខ្លីៗទេថា តើអនុវត្តបានពេញលេញទេ? ខ្ញុំជំរាបថាមិនបានពេញលេញទាល់តែសោះ អ្វីដែលតម្រូវដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គេបាននិយាយយ៉ាងម៉េច?»

លោកថាច់ សេដ្ឋា ថ្លែងក្នុងខួប៣១ឆ្នាំនៃកិច្ចព្រមព្រៀងប៉ារីស ថ្ងៃទី២៣ តុលា ២០២២។ រូបភាព៖ ហ្វេសប៊ុកថាច់ សេដ្ឋា

«ឥឡូវនេះគឺដើម្បីបញ្ចប់ជម្លោះ បញ្ចប់សង្គ្រាមគោលដៅធំបំផុតគឺផ្សះផ្សារជាតិ។ តើមានការផ្សះផ្សារជាតិហើយឬនៅបច្ចុប្បន្ននេះ? អ៊ីចឹងយើងទាំងអស់គ្នាចង់បានឱ្យមានការផ្សះផ្សារជាតិ រួបរួមជាតិដើម្បីអភិវឌ្ឍន៍ប្រទេសជាតិដែរឬទេ? បើចង់សុំឱ្យអ្នកនយោបាយបញ្ចប់វោហាសាស្ត្រក្នុងការវាយប្រហារឌឺដងដាក់គ្នា វិលតុចចារដើម្បីបង្កើតសន្តិភាពពិតប្រាកដជូនប្រជាពលរដ្ឋខ្មែរ»។

ជុំវិញករណីនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងកម្មវិធីអញ្ជើញផ្ដល់ស្រូវពូជជាង ៥០០តោនជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ថា អ្នកដែលមិនចុះហត្ថលេខា អ្នកដែលស្គាល់កិច្ចព្រមព្រៀងនេះគឺបែរជាមានការបកស្រាយពីរោះ និងគុណសម្បត្តិ រីឯអ្នកដែលចូលរួមចុះហត្ថលេខា និងចូលរួមក្នុងដំណើរការនៃកិច្ចព្រមព្រៀងនេះបែរក្លាយទៅជាអ្នកដែលមិនបានការណ៍ទៅវិញ។

លោកហ៊ុន សែន៖ «អ្នកដែលមិនចុះហត្ថលេខា អ្នកដែលមិនស្គាល់កិច្ចព្រមព្រៀងប៉ារីស៍គេបកស្រាយកិច្ចព្រមព្រៀងប៉ារីស៍ពីរោះជាងខ្ញុំទៀត ពីរោះត្រង់ថាគេពូកែជាងខ្ញុំទៅទៀត ឱ្យគេពូកែទៅ អាហ្នឹងគឺរឿងទុកឱ្យគេពូកែខាងបកអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប៉ុន្តែសម្រាប់អ្នកដែលចូលរួមចុះហត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ រៀបចំអាកិច្ចព្រមព្រៀងប៉ារីស៍ ដំណើរការកិច្ចព្រមព្រៀងក្រុងប៉ារីស៍គឺវាទៅជាអ្នកដែលមិនបានការណ៍ទៅវិញ អាហ្នឹងគឺម៉្យាងដែរ ក៏អ្នកធ្វើវាអត់មានគុណសម្បត្តិអី អ្នកមិនធ្វើទៅជាចេះបកស្រាយលើសអាហ្នឹងទៅ ព្រោះចចារមួយទឹកមួយផឹងៗ ទៅបានបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍មួយហ្នឹង»។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថ្ងៃទី២៣ តុលា ២០២២។ រូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការលោកហ៊ុន សែន

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «គេថាកិច្ចព្រមទីក្រុងប៉ារីស៍មិនត្រូវបានគោរព ដោយសារកិច្ចព្រមព្រៀងប៉ារីស៍ហ្នឹងវាបានចូលទៅក្នុង លម្អិតទៅក្នុងរដ្ឋធម្មនុញ្ញដែលយើងកំពុងអនុវត្ត សព្វថ្ងៃកំពុងអនុវត្តរដ្ឋធម្មនុញ្ញ រដ្ឋធម្មនុញ្ញចេញមកពីណា? ចេញមកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស»៕

ជីវិត​លោករ៉ុង ឈុន៖ ការ​ចាប់ខ្លួន និងជាប់ពន្ធនាគា ​មិន​ឲ្យ​គាត់​ឈប់​តស៊ូ​មតិ​ដើម្បី​សង្គមនោះទេ

មានបាយហូបស្រាប់ អគ្គិសនីខ្វាត់ខ្វែង មានទាំងអ្នកយាមឆ្វេងស្ដាំ មានសម្លៀកបំពាក់ជាទណ្ឌិត ប្រើជីវិតរស់នៅក្នុងពន្ធនាគារពោរពេញដោយឆន្ទៈ និងមនៈសិការ មិនមានចិត្តរេរាម្ដងណាឡើយ ត្រដររស់ដោយសង្ឃឹមថាថ្ងៃណាមួយយុត្តិធម៌និងមានសម្រាប់ខ្លួន។

លោករ៉ុង ឈុន ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើករួមមកហើយ ដោយមានរយៈប្រហែល ២ឆ្នាំ ៩៦ថ្ងៃ និងមានការឃាត់ខ្លួនជាច្រើនលើកទៀតពាក់ព័ន្ធនិងការតស៊ូមតិ បាតុកម្ម ទាមទារ នានាកន្លងមក។ ការតស៊ូស្វែងរកសេរីភាព និងលទ្ធិប្រជាធិបតេយ្យនេះ គឺប្រៀបដូចជាការឈរនៅមាត់ជ្រោះដ៏សែនជ្រៅ ហើយមានខ្យល់បក់បោកមកពីគ្រប់ទិសទី បើរក្សាជំហរមិនរឹងមាំទេនោះ វាពិតជាមានគ្រោះថ្នាក់។

អង្គុយក្រោមម្លប់ឈើក្រៅហាងកាហ្វេជាប់ផ្លូវ មានសំលៀកបំពាក់បែបអ្នកធ្វើការ ខោខ្មៅ អាវសរបែកញើសជោគអាវ ដៃម្ខាងកាន់កែវកាហ្វេក្ដៅអត់ដាក់ស្គរ សម្បុរស្រអែម និយាយមួយៗច្បាស់ៗ មានស្រុកកំណើតនៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល លោកឈុន បានឱ្យដឹងថា ជំហររបស់លោកអត់ប្រែប្រួលទេ មានតែរឹងមាំជាងមុនទៀតផង បើគ្រាន់តែគេចាប់ដាក់គុកមួយឆ្នាំពីរឆ្នាំ យើងនាំគ្នាភ័យខ្លាច ការដែលភ័យខ្លាចនេះហើយ ដែលធ្វើឱ្យមេដឹកនាំកាន់តែដើរខុសគន្លងប្រជាធិបតេយ្យ។

លោករ៉ុង ឈុន

លោកបានបន្តថា «គុកគ្រាន់ជាទីងមោងបន្លាចអ្នកសកម្មជន អ្នកប្រជាធិបតេយ្យទេ»។

រស់នៅក្នុងគ្រួសារកសិករដែលមានជីវភាពមិនសូវធូរធារ ដែលមានបងប្អូនបង្កើត ៤នាក់ ស្រី ៣នាក់ ហើយលោកជាកូនទី៣ បានបញ្ចប់ការសិក្សានៅសាលាបឋមសិក្សាតាលន់ នៅឆ្នាំ១៩៨២ កម្រិតវិទ្យាល័យនៅសាលាព្រែកតាដួង នៅឆ្នាំ១៩៨៨ និងបញ្ចប់មហាវិទ្យាល័យផ្នែកគណិតវិទ្យា នៅឆ្នាំ១៩៩៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

បន្ទាប់ពីបញ្ចប់ការសិក្សា ប្រហែលជាខែ៨ លោកក៏បានទៅចាប់ប៉ុស្តិ៍បង្រៀននៅវិទ្យាល័យស្អាង ខេត្តកណ្ដាល មុខវិទ្យាគណិតវិទ្យា ដោយបង្រៀនសិស្សថ្នាក់ទី១១ និងទី១២ រហូតមកដល់ឆ្នាំ២០០១ ទើបផ្ទេរមកនៅក្រសួងអប់រំនៅនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត។

លោកឈុន មានជំនាញបង្រៀនគណិតវិទ្យាតែមួយប៉ុណ្ណោះ ជំនាញផ្សេងមានសញ្ញាបត្រធំមិនមានទេ ប៉ុន្តែលោកធ្លាប់បានចូលរួមវគ្គខ្លីៗដែលរៀនពីភាពជាអ្នកដឹកនាំគម្រោង នៅក្រៅប្រទេស។

លោកបានបន្ថែមថា៖ «មានតែជំនាញតស៊ូមតិ ការតស៊ូមតិវាអត់មានសញ្ញាបត្រអីទេ គ្រាន់តែយើងវាមានឆន្ទៈ»។
ឈានមកដល់ជីវិតក្នុងវិស័យការងារ លោករ៉ុង ឈុន បានធ្វើការតស៊ូមតិចាប់តាំងពីចុងឆ្នាំ១៩៩៦មក និងធ្វើការតស៊ូមតិនៅក្នុងសាលារៀន ដោយសារមានការកាត់លុយគ្រូបង្រៀនច្រើន លោកតស៊ូដើម្បីលុបបំបាត់អំពើពុករលួយក្នុងក្របខណ្ឌសាលា ក្នុងនាមជាគ្រូបង្រៀនផង និងជាអ្នកតស៊ូមតិផង លោកក៏បានមកជួយសហជីពសេរីកម្មករ ជាមួយលោកជា វិជ្ជា នៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យនៅឯភ្នំពេញ រហូតមានការផ្លាស់ប្ដូរផ្នែកខាងវិស័យការងារ និងលក្ខខណ្ឌការងារកម្មករបន្ថែមទៀត។

លោកធ្វើការងារសង្គមនេះគ្រាន់តែចង់ឃើញកម្មករមានប្រាក់ឈ្នួលល្អ មានលក្ខខណ្ឌការងារល្អ គ្រូបង្រៀនក៏ដូចគ្នា ដោយយើងចង់ឱ្យពលរដ្ឋរស់នៅសមរម្យ មានសេរីភាពបញ្ចេញមតិ មានយុត្តិធម៌សង្គម ហើយសិស្សានុសិស្សទទួលបានការអប់រំប្រកបដោយគុណភាព។

លោកបានបន្តថា៖ «ជៀសវាងគ្រូបង្រៀនទៅលក់នំ បង្ខំឱ្យរៀនគួរ»។

លុះមកដល់ឆ្នាំ២០០០ លោកវិជ្ជា បានទៅចូលរួមសិក្ខាសាលានៅបាងកក ក៏មានអង្គការមួយសួរថាលោកចង់បង្កើតសមាគមន៍គ្រូបង្រៀនទេ លោកវិជ្ជា ដែលធ្វើការជាមួយលោកឈុន និងជាមិត្តនឹងគ្នាផង ក៏បានណែនាំឱ្យមានការបង្កើតសមាគមន៍គ្រូបង្រៀន ព្រោះលោកជាគ្រូបង្រៀនស្រាប់ ហើយក៏បង្កើតសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យឡើង នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០០០ ដែលមានគ្រូ ៤៥នាក់តំណាងតាមខេត្តឡើងមកជួបប្រជុំ និងបានបោះឆ្នោតឱ្យលោករ៉ុង ឈុន ជាប់ជាប្រធានសមាគមន៍គ្រូរហូតមក។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០០៤ មានករណីបាញ់សម្លាប់លោកវិជ្ជា បន្ទាប់មកសហជីពសេរីកម្មករ និងសមាគមន៍គ្រូបង្រៀន ក៏ចងសម្ព័ន្ធភាពគ្នា បង្កើតទៅជាសហភាពសហជីពកម្ពុជា លោកក៏បានដឹកនាំសហភាពមួយទៀត រហូតមកដល់ឆ្នាំ២០១៥ ក៏ចូលជាសមាជិក គ.ជ.ប ហើយបានចូលរួមកំណែទម្រង់ឱ្យស្ថាប័ន គ.ជ.ប ទទួលបានទំនុកចិត្តពីគ្រប់ភាគីបោះឆ្នោត ប្រមាណជា៣ឆ្នាំ នៅពេលដែលគេរំលាយគណបក្សសង្រ្គោះជាតិ លោកក៏លាឈប់ពី គ.ជ.ប មកធ្វើការតស៊ូមតិនិងកិច្ចការងារសង្គមបន្តទៀត។

មានអាយុ៥៣ឆ្នាំ រស់នៅខ្លួនមួយ មកទល់ពេលនេះលោកមិនមានការស្ដាយក្រោយឡើយចំពោះការដើរចេញពីសមាជិក គ.ជ.ប ដោយលោកមិនអាចធ្វើជាអាជ្ញាកណ្ដាលដែលយកឆន្ទៈរាស្រ្តទៅហែកចែកឱ្យបក្សផ្សេងៗដែលពលរដ្ឋមិនបានគាំទ្រឡើយ។

លោកបានបន្ថែមថា៖ «ឧទាហរណ៍ថា ផ្លុំកញ្ចែឱ្យក្រុមកីឡាបាល់ទាត់ពីរ មួយកីឡាករក្រុមកុមារ មួយមនុស្សពេញកម្លាំងហើយទៅឱ្យប្រកួតបែបណឹង យើងមិនអាចឈរផ្លុំកញ្ចែបែបណឹងបានទេ»។

លោកបានបន្តថា ក្នុងនាមជាអ្នកតស៊ូ លោកឈុន តែងតែទទួលរងការគម្រាមកំហែង បំភិតបំភ័យ ស្ទើរគ្រប់រូបភាព រហូតឈានដល់មានការចាប់នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០០៥ ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារនៅព្រៃសរ រយៈពេល ៩៦ថ្ងៃ នៅដើមឆ្នាំ២០១៤ ក៏ត្រូវបានអាជ្ញាធរចាប់ម្ដងទៀត នៅមុខស្ថានទូតអាមេរិក ដើម្បីទាមទារឱ្យដោះលែងមេសហជីព ដែលត្រូវបានចាប់នៅម៉ោងប្រមាណ៩ព្រឹក យកទៅដាក់ស្នងការរហូតដល់ម៉ោង៧យប់ ទើបដោះលែងវិញ រហូតដល់ថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២០ ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនម្ដងទៀតបន្ទាប់ពីការចេញសេចក្ដីថ្លែងការណ៍ទាក់ទងទៅនឹងការជួយអន្តរាគមន៍ដីធ្លីនៅត្រពាំងថ្លុង ដោយតុលាការកាត់ទោស២ឆ្នាំ ឱ្យអនុវត្តទោស១៥ខែ១២ថ្ងៃ ហើយឥឡូវនេះដាក់បម្រាម៣ឆ្នាំ។

លោកអះអាងថា ការចាប់ខ្លួននេះវាជារឿងអយុត្តិធម៌ចំពោះលោក វាឆ្លុះបញ្ចាំងថាសង្គមយើងអត់មានសេរីភាព ហើយជាការគម្រាមកំហែង លោកគ្រាន់តែបញ្ចេញមតិ ចូលរួមជាពលរដ្ឋ ជួយកម្មករ តែបែរជាត្រូវចាប់ខ្លួន។

លោកបានបញ្ជាក់ថា ៖ «មេដឹកនាំខ្មែរគួរតែខ្មាស់គេ ហើយគាត់ទៅចូលរួមប្រជុំអន្តរជាតិអី គួរឱ្យខ្មាស់គេ ចាប់មនុស្សដែលគ្រាន់តែចូលរួមកិច្ចការសង្គម ជួយសង្គម ចង់ឱ្យសង្គមមួយមានយុត្តិធម៌ ចង់ឱ្យកម្មករទទួលបានដំណោះស្រាយ ហើយមកចាប់ខ្លួនមេសហជីព»។

និយាយទាំងទឹកមុខញញឹមថា ជាធម្មតាមនុស្សយើងមានបេះដូងដូចគ្នា ទោះបីអ្នកក្លាហានកម្រិតណាក៏ដោយ ក៏អារម្មណ៍តែងតែគិតហើយ ប៉ុន្តែសំខាន់លើការសម្រេចចិត្តថាយើងត្រូវជ្រើសរើសដើរតាមផ្លូវណា បើយើងគិតតែភ័យខ្លាចបន្តបន្ទាប់ ចុះយុវជន កម្មករ គ្រូបង្រៀន មានអារម្មរណ៍បែបណា។

បច្ចុប្បន្នលោកកំពុងជាប់បម្រាមរបស់តុលាការ លោកមិនមានការភ័យខ្លាចនិងការកម្រិតឡើយ លោកនៅបន្តធ្វើការងារធម្មតា ចូលរួមតស៊ូ គ្រប់កម្មវិធីតស៊ូមតិជាហូរហែរ លោកក៏បានស្នើសុំទៅព្យាបាលជំងឺនៅក្រៅប្រទេស ប៉ុន្តែតុលាការមិនបានអនុញ្ញាតឡើយ ដោយបានឱ្យលោកធ្វើការពិនិត្យព្យាបាលក្នុងស្រុកឱ្យអស់លទ្ធភាពសិន បើនៅក្នុងស្រុកទៅមិនរួចចាំសុំច្បាប់ម្ដងទៀត។

លោកបានលើកឡើងថា៖ «យើងដឹងហើយតុលាការភាគច្រើនគឺគាត់មិនបានអនុវត្ត ទៅតាមឆន្ទៈឬតាមវិជ្ជាជីវៈទេ គឺសម្រេចចិត្តទៅតាមឥទ្ធិពលនយោបាយ»។
បើទោះជាតុលាការស្រុកយើងមិនអាចរកយុត្តិធម៌ឱ្យពលរដ្ឋស្មើភាពគ្នានៅចំពោះមុខច្បាប់បានក៏ដោយក្ដី ឬមួយគេប្រើពាក្យថាស្ដង់ដារពីរ នៅក្នុងប្រព័ន្ធច្បាប់ក្នុងស្រុក ដូចនេះអ្នកតស៊ូមតិ គឺពិបាកទទួលបាននៅយុត្តិធម៌ណាស់សម្រាប់តុលាការនៅក្នុងស្រុកខ្មែរយើងនេះ។
លោកបន្តថា៖ «ប៉ុន្តែសំណួរសួរថា បើចឹងដដែលយើងនៅតស៊ូបែបមិច ព្រោះតែចឹងហើយបានយើងនៅតស៊ូ ប្រសិនបើថាស្រុកយើងវាស្រួលហើយ វាមានយុត្តិធម៌ហើយ ប្រហែលជានៅក្នុងវចនានុក្រមព្រះអង្គជួន ណាត ប្រហែលជាពាក្យតស៊ូមតិនឹងត្រូវព្យួរទុកសិនហើយ»។

ទោះបីរួចបម្រាមរបស់តុលាការ លោកក៏មិនភៀសខ្លួនទៅណាដែរ ប្រទេសទី២ ទី៣ ក៏វាមិនល្អប្រសើរដូចប្រទេសទី១ ជាទឹកដីដែលផ្ដល់កំណើតឱ្យយើងដែរ ហើយប្រសិនមានកេរិ៍្តឈ្មោះតិចតួច គេចរត់ចោលស្រុកដល់ចឹងទៅធ្វើឱ្យជំនាន់ក្រោយអស់ជំនឿ។

លោកបាននិយាយថា ទោះបីប្រឈមយ៉ាងមិច យើងត្រូវតែនៅខាំស្មៅនៅក្នុងស្រុកកំណើតរបស់យើង បើចង់ជួយស្រុកយើងមានតែអ្នកក្នុងស្រុកទេដែលមានឪកាសជួយ អ្នកក្រៅជួយបានដែរ តែលទ្ធភាពនៃការផ្លាស់ប្ដូរវាមានតិចតួច។

លោកបានបន្ថែមថា៖ «ខ្ញុំនៅប្រឈមជាមួយច្បាប់ ទោះបីយើងដឹងថាច្បាប់នឹង វាអយុត្តិធម៌អ្នកកាន់កាប់ច្បាប់នឹង វាលំអៀងមិនអាចផ្ដល់យុត្តិធម៌ឱ្យយើងបាន ប៉ុន្តែពេលនេះមិនអាច តែថ្ងៃណាមួយវានិងអាច»។

ដើម្បីឱ្យសង្គមយើងមាន សេរីភាព ប្រជាធិបតេយ្យពិតប្រាកដ លោករ៉ុង ឈុន បានអំពាវនាវដល់យុវជនត្រូវធ្វើការសម្រេចចិត្តទៅតាមឆន្ទៈនិងចូលរួមជួយសង្គម កុំមើលបំណាំគ្នា ដល់រឿងធ្លាក់មកលើយើងបានយើងងើបនោះ វាហួសពេលហើយ ត្រូវចេះឈឺឆ្អាល ជួយគ្នាឱ្យតែរឿងអយុត្តិធម៌កើតឡើងត្រូវចេះចូលរួម ដូចនេះទើបអាចកែប្រែសង្គមយើងបាន ព្រោះថាយុវជនដើរតួនាទីសំខាន់ ជាអ្នកស្នង ត្រូវតែហ៊ាននិយាយការពិត ហ៊ានបញ្ចេញមតិ កុំឃើញអំពើអយុត្តិធម៌កើតឡើងហើយមិនហ៊ាននិយាយនោះ។

លោកឈុន៖ «ស្មើនិងយើង ដូចកំពុងគាំទ្រគេប្រព្រឹត្តអំពើអាក្រក់នឹងហើយ»៕

ពីក្មេងក្រីក្រ ធ្លាប់បោះបង់ការសិក្សា ក្លាយជាបុគ្គលគំរូនៅក្នុងសង្គម

ជាក្មេងដែលមានប្រវត្តិបោះបង់ការសិក្សាដោយសារតែគ្រួសារមានជីវភាពក្រីក្រ និងធ្លាប់បួសជាព្រះសង្ឃ ត្រឡប់មកតស៊ូរៀនវិញរហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ និងក្លាយជាប្រធានសមាគមន៍បណ្ដាញយុវជនកម្ពុជា (CYN)។

កើតនៅឆ្នាំ១៩៨៨ លោកអ៊ុល វ៉ាន់ ជាកូនកសិករមកពីខេត្តស្វាយរៀង ដែលមានបងប្អូនប្រុសចំនួន ៤នាក់ ហើយលោកជាកូនច្បងក្នុងគ្រួសារ។ ឪពុកជាអ្នកឡើងត្នោត ចិញ្ចឹមសត្វ និងលេងភ្លេងខ្មែរ រីឯម្ដាយជាអ្នកលក់ដូរស្ករត្នោតដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។

លោកវ៉ាន់ បានលើកឡើងថា៖ «ខ្ញុំគឺជាអ្នកស្វាយរៀង មែនទែនទៅខ្ញុំកើតនៅឆ្នាំ១៩៨៨ បើគិតមកដល់ពេលបច្ចុប្បន្នខ្ញុំមានអាយុ៣៤ឆ្នាំ។ ខ្ញុំមានបងប្អូនបង្កើតបួននាក់ ខ្ញុំជាកូនទីមួយ អត់មានស្រីទេ»។

លោកបានបន្ថែមថា៖ «ឪពុកម្ដាយខ្ញុំមែនទែនទៅជាកសិករ បច្ចុប្បន្នគាត់នៅរស់រានមានជីវិតនៅឡើយទេ។ ក្រៅពីធ្វើស្រែចម្ការ ម្ដាយរបស់ខ្ញុំគាត់គឺជាអ្នកលក់ដូរនៅក្នុងស្រុក គាត់លក់ស្ករត្នោត។ ឪពុករបស់ខ្ញុំពីមុនគាត់គឺជាអ្នកឡើងត្នោត ឥឡូវគាត់រាងចាស់មកចិញ្ចឹមសត្វ លេងភ្លេងបុរាណ»។

លោកវ៉ាន់ ធ្លាប់បានសិក្សានៅក្នុងសាលារហូតមកដល់ថ្នាក់ទី៩ ក៏ប៉ុន្តែត្រូវបោះបង់ការសិក្សាមួយខែមុនការប្រលងថ្នាក់ទី៩ ដោយសារគ្រួសារមានជីវភាពខ្វះខាត ហើយលោកក៏សម្រេចចិត្តបួសជាព្រះសង្ឃរយៈពេល ៣ឆ្នាំ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨។ ដោយលោកយល់ឃើញថាមានតែការបួសរៀនទេទើបអាចបន្តការសិក្សាបាន។

លោក​អ៊ុល​​ វ៉ាន់ក្នុងបទ​សម្ភាសន៍​របស់​ជា​មួយ​ Newsroom​ Cambodia។​ រូបភាព៖ ​សាន​ ម៉ា​លីនណា​

លោកវ៉ាន់ បានលើកឡើងទាំងអួលដើមកថា៖ «ខ្ញុំជាអ្នកដែលចង់រៀន មែនទែនទៅបើទោះបីជាគ្រួសារខ្ញុំខ្វះខាតកាលនោះ ហើយខ្ញុំមើលឃើញថាមានតែការបួសរៀនទេ ទើបខ្ញុំអាចបន្តការរៀនសូត្របាន»។

«ពេលខ្លះខ្ញុំអត់បាយហូបទេ ពេលដែលខ្ញុំទៅរៀនអ៊ីចឹងមកវិញគេហូបបាយអស់ ពេលខ្លះបាយផ្អូម ហើយពេលខ្លះហូបទឹកហើយដេកទៅ»។

នៅអំឡុងពេលដែលលោកជាព្រះសង្ឃ ដោយសារតែចង់សិក្សារៀនសូត្រ ទើបធ្វើឱ្យលោកសម្រេចចិត្តផ្លាស់ប្ដូរទីកន្លែងពីខេត្តមួយទៅខេត្តមួយដើម្បីបន្តការរៀនសូត្ររបស់ខ្លួន។ ក្រៅតែជាសិស្សពូកែមុខវិជ្ជាភាសាខ្មែរយុវជនរូបនេះ ក៏ឆ្លៀតរៀនទាំងផ្នែកភាសាបាលី រួមទាំងភាសាអង់គ្លេសផងដែរ។ នៅពេលទំនេរពីការរៀនសូត្រលោកក៏បានជួយកិច្ចការក្នុងវត្ត ព្រមទាំងជួយបង្រៀនភាសាអង់គ្លេសទៅកាន់ព្រះសង្ឃ និងមិត្តភក្តិផ្សេងទៀត ដែលទទួលបានជាថវិកាតិចតួចដើម្បីចំណាយទៅលើការសិក្សារបស់ខ្លួន។

លោកវ៉ាន់ បានលើកឡើងថា៖ «ខ្ញុំសិក្ខមកវិញរួចបន្តការសិក្សាបំពេញវិជ្ជាថ្នាក់ទី៩ ទី១០ អ៊ីចឹងខ្ញុំរៀនថ្នាក់ទី១០ តែត្រូវមកប្រលងថ្នាក់ទី៩វិញ ដើម្បីយកសញ្ញាបត្រឌីប្លូម (មធ្យមសិក្សាទុតិយភូមិ)។ ខ្ញុំសំណាងល្អខ្ញុំអាចមានឱកាសទៅរៀនភាសាអង់គ្លេសក្រៅម៉ោង កាលនោះដើរទៅរៀន អ៊ីចឹងបានបានទុនជាភាសាអង់គ្លេសដែលខ្ញុំអាចប្រើដើម្បីបង្រៀនអ្នកដទៃទៀត ខ្ញុំបានលុយ មែនទែនទៅខ្ញុំបង្រៀនព្រះសង្ឃ ហើយបង្រៀនអ្នកនៅវត្តដែលជាមិត្តដូចគ្នានោះ គាត់ឧបត្ថមម្នាក់មួយម៉ឺនរៀល ព្រះអង្គគាត់ក៏បានជួយដែរមួយម៉ឺន អ៊ីចឹងខ្ញុំបានលុយហ្នឹងដើម្បីផ្គត់ផ្គង់ការរៀនសូត្រខ្ញុំនៅថ្នាក់វិទ្យាល័យ»។

នៅឆ្នាំ២០១០ លោកវ៉ាន់ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងបានជាប់អាហារូបករណ៍ចំនួនពីរ គឺភាសាអង់គ្លេសសម្រាប់ការអប់រំ និងអាហារូបករណ៍ផ្នែកគ្រប់គ្រង តែដោយសារតែកត្តាពេលវេលាមិនអំណោយផលទើបធ្វើឱ្យលោក វ៉ាន់ សម្រេចចិត្តបោះបង់អាហារូបករណ៍ផ្នែកគ្រប់គ្រង។

លោកបានលើកឡើងថា៖ «ដល់ឆ្នាំ២០១០ខ្ញុំប្រលងជាប់បាក់ឌុប ហើយនៅ២០១០ ខែ១០ ខ្ញុំក៏ឡើងមករៀននៅភ្នំពេញ ខ្ញុំទទួលបានអាហារូបករណ៍ពីរសាលា ថ្នាក់បរិញ្ញាបត្រខ្ញុំរៀនភាសាអង់គ្លេសសម្រាប់ការអប់រំមួយ ហើយខ្ញុំរៀនគ្រប់គ្រង ក៏ប៉ុន្តែខ្ញុំរៀនគ្រប់គ្រងបានត្រឹមឆ្នាំទីពីរទេ ខ្ញុំក៏បោះបង់ការរៀនបរិញ្ញាបត្រគ្រប់គ្រងវិញដោយសារតែខ្ញុំរៀនភាសាអង់គ្លេសសម្រាប់ការអប់រំ គឺតម្រូវឱ្យខ្ញុំរៀនពេញម៉ោង រៀនពីចន្ទដល់សៅរ៍ អ៊ីចឹងខ្ញុំអត់មានពេលសម្រាប់រៀនថ្នាក់មួយទៀត ខ្ញុំក៏បញ្ឈប់ត្រឹមឆ្នាំទីពីរ»។

ជីវិតថ្មីនៅលើទឹកដីសកលវិទ្យាល័យអ្វីៗហាក់មានការប្រែប្រួលស្ទើតែមួយរយប៉ែតសិបឌឺក្រេ លោកវ៉ាន់ ដែលធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស បានប្រែក្លាយទៅជាអ្នករត់ម៉ូតូឌុបដើម្បីរកចំណូលផ្គត់ផ្គង់ការចំណាយរបស់ខ្លួននៅទីក្រុងភ្នំពេញ។

លោកវ៉ាន់ បានលើកឡើងថា៖ «ខ្ញុំមកភ្នំពេញ ខ្ញុំមកនៅជាមួយពូមីងគាត់ជាអ្នកធ្វើការរោងចក្រនៅតាខ្មៅ ហើយអ៊ីចឹងខ្ញុំចាប់ផ្ដើមជីវិតថ្មីពីគ្រូបង្រៀនមកជាអ្នករត់ម៉ូតូឌុប។ ខ្ញុំឆ្លៀតពេលចេញពីរៀននៅមហាវិទ្យាល័យម៉ោង ៤ល្ងាច ៥ល្ងាចអ៊ីចឹង ខ្ញុំរត់ម៉ូតូឌុបពីម៉ោង៤ ដល់ម៉ោង៧យប់ ពេលខ្លះដល់ម៉ោង៨ ម៉ោង៩យប់»។

លោកបានបន្តថា៖ «ខ្ញុំមានម៉ូតូមួយគ្រឿង ម្ដាយខ្ញុំគាត់លក់ស្ករត្នោត១២ពាង ហើយថែមមាសមួយជីទៀត ហើយមាសមួយជីហ្នឹងខ្ចីគេទៀត»។

ក្រៅតែពីការងារជាអ្នករត់ម៉ូតូឌុប លោកវ៉ាន់ ក៏ធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្តនៅតាមអង្គការនានា និងធ្វើជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសនៅសាលាឯកជនទាំងក្រៅម៉ោង និងពេញម៉ោង។ ដោយការតស៊ូព្យាយាមមិនរុញរា លោកវ៉ាន់ ទទួលបានភាពជោគជ័យជាបន្តបន្ទាប់នៅក្នុងជីវិតការងាររបស់ខ្លួន រហូតក្លាយជាប្រធានសមាគមន៍បណ្ដាញយុវជនកម្ពុជា (CYN)នៅឆ្នាំ២០១៩សម្រាប់អណត្តិ៤ឆ្នាំ គឺពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣។

ក្រោមការដឹកនាំរបស់លោកវ៉ាន់ បណ្ដាញយុវជនកម្ពុជា ក៏បានសម្រេចបាននូវចំណុចសំខាន់ៗជាច្រើនដូចជា ការចូលរួមចំណែកកសាងសមត្ថភាពយុវជន និងពលរដ្ឋពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ជំនាញជាពលរដ្ឋសកម្ម កម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ទស្សនៈកិច្ច កម្មវិធីទាក់ទងនឹងការការពារធនធានធម្មជាតិ យុត្តិធម៌សង្គម និងសិទ្ធិការងារជាដើម

លើសពីនេះលោកក៏បានសង្កត់ធ្ងន់ផងដែរថា បណ្ដាញយុវជនកម្ពុជាក៏បានចូលរួមចំណែកបង្កើតសាមគ្គីភាព កិច្ចសហប្រតិបត្តិការក្នុងចំណោមដៃគូជាយុវជន និងអង្គការសង្គមស៊ីវិលផ្សេងទៀតជាច្រើនផងដែរ។

«រដ្ឋាភិបាល ជាពិសេសខាងអាជ្ញាធរ តែងតែតាមដានឃ្លាំមើល ការអនុវត្តន៍ការងាររបស់បណ្ដាញយុវជនកម្ពុជាដែរដោយសារគាត់យល់ថាសកម្មភាពរបស់យើង (បណ្ដាញយុវជនកម្ពុជា) ជាសកម្មភាពពាក់ព័ន្ធទៅហ្នឹងគណបក្សនយោបាយ»។ នេះជាការលើកឡើងរបស់លោកវ៉ាន់អំពីបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក។

លោកក៏បានបន្ថែមទៀតថា៖ «ប៉ុន្តែធាតុពិតយើងធ្វើការដោយឈរលើគោលការណ៍សិទ្ធិមនុស្ស ឈរលើគោលការណ៍ប្រជាធិបតេយ្យ ដោយយើងតម្កល់នូវប្រយោជន៍ជាតិ ប្រយោជន៍សង្គមជាធំ។ អ៊ីចឹងហើយបើទោះបីជាយើងមានគោលការច្បាស់ក៏ដោយ បានចុះបញ្ជីការរួចក៏ដោយ ដោយសារតែបញ្ហានយោបាយ អាជ្ញាធរគាត់នៅតែតាមដានឃ្លាំមើលទៅលើសកម្មភាពការងាររបស់យើង។

«សឹងថាឱ្យតែចេញទៅសហគមន៍ដល់កន្លែងការងារ គឺមានអាជ្ញាធរទៅដល់ហើយ គាត់ស្វាគមន៍ គាត់ថតរូប គាត់ទាមទារការជូនដំណឹង បញ្ជីវត្តមានអ្នកចូលរួម ដែលយើងយល់ថាបញ្ហាទាំងអស់ហ្នឹងគឺជាការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់អង្គការសង្គមស៊ីវិល របស់ប្រជាពលរដ្ឋ»។

ជាមួយគ្នានេះដែរ លោកវ៉ាន់ក៏បានលើកទឹកឱ្យយុវជន សិស្ស និស្សិត មានការតស៊ូព្យាយាមរៀនសូត្រ ជំនះការលំបាក មានភាពស្មោះត្រង់ មានទំនួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន ហើយនិងមានទំនាក់ទំនងល្អជាមួយសង្គម និងមនុស្សជុំវិញខ្លួន។

លោកបានលើកឡើងថា៖ «ក្នុងនាមជាយុវជនមួយរូប និងក្នុងនាមបណ្ដាញយុវជនកម្ពុជា ខ្ញុំសូមលើកទឹកចិត្តឱ្យប្អូនៗ យុវជន ក្មេងៗ សិស្ស និស្សិតទាំងអស់ ដែលគាត់មានការលំបាក ឬក៏មានការប្រឈមអ្វីមួយ នៅក្នុងការរៀនក្ដី ក្នុងជីវិតក្ដី ក្នុងជីវភាពក្ដី ក្នុងជីវិតការងារអីក្ដី គឺសូមកុំបោះបង់ការតស៊ូ ការខិតខំប្រឹងប្រែង ភាពស្មោះត្រង់ ការមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញ ជាមួយនឹងសង្គម ជាពិសេសគឺការទទួលខុសត្រូវរបស់យើងនៅក្នុងតួនាទីរបស់យើង»។

លោកបានបន្តថា៖ «ខ្ញុំលើកទឹកចិត្តឱ្យប្អូនៗយុវជន ត្រូវតែចូលរួមក្នុងការងារសង្គម ទោះបីជាការងារស្ម័គ្រចិត្តក្ដី ជាកម្មវិធីរៀនសូត្រក្ដីដើម្បីយើងទទួលបានឱកាសរៀនសូត្រ និងមានឱកាសឈ្វេងយល់ពីសង្គមខាងក្រៅថាតើនៅក្នុងសង្គមហ្នឹង មានរឿងអ្វីកើតឡើង បញ្ហាអ្វីខ្លះ ដែលយើងត្រូវតែយល់ដឹងក្នុងនាមជាពលរដ្ឋម្នាក់នៅក្នុងប្រទេស»។

គួរបញ្ជាក់ផងដែរថា សមាគមបណ្តាញយុវជនកម្ពុជា ហៅកាត់ថា (ប.យ.ក) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ពីបណ្តាញយុវជន និស្សិត និងយុវជនជនបទដែលមានគោលបំណងបង្កើនការចូលរួមរបស់យុវជន និងការចូលរួមរបស់ពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ ប.យ.ក បានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់នូវការចែករំលែកជំនាញ និងឱកាស បង្កើតចំណេះដឹង ដល់ក្រុមយុវជនជាសមាជិក និងសកម្មជន ក៏ដូចជាបង្កើតបណ្តាញ ដើម្បីដាក់បញ្ហាយុវជនទៅតាមបរិបទនយោបាយ។ (នេះបើយោងតាមគេហទំព័ររបស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) )៕

Latest News