fbpx
Home Blog Page 77

អ្នកកាសែតជើងចាស់មួយរូប ជួយបង្រៀនក្មេងៗជនបទ ដែលខកខានរៀនដោយសារវិបត្តិកូវីដ

វាគឺជាថ្ងៃអាទិត្យ ទី២៣ ខែមិថុនា វេលាម៉ោង ៧យប់ នៅក្នុងស្ថានភាពមេឃងងឹតអមដោយសំឡេងសត្វចង្រិត និងកង្កែប មានទូរសៀវភៅតូចមួយនៅក្រោមផ្ទះឈើ ដែលអ្នកភូមិហៅថាជាបណ្ណាល័យផ្តួចផ្តើមដោយលោកមិន ពៅ អ្នកកាសែតជើងចាស់មួយរូប។

លោកមិន ពៅអង្គុយនៅក្រោមអំពូលភ្លើងខណៈពេលដែលវាបញ្ចេញពន្លឺចាំងជាមួយនឹងក្តារខៀនក្រោមផ្ទះឈើប្រក់ក្បឿងដែលទ្រុឌទ្រោម ដោយទឹកមុខញញឹមជាមួយក្មេងពីរ បីនាក់ឈរនៅជុំវិញតុឈើចាស់ដែលជាថ្នាក់រៀនរបស់គាត់ នៅភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។

បុរសម្នាក់មានវ័យជាង ៣០ឆ្នាំរូបនេះ ដែលពាក់អាវយឺតដៃខ្លីពណ៍ប្រផះ កំពុងបង្រៀនក្មេងៗ ក្នុងភូមិរបស់គាត់ជាយូរមកហើយ និងបានលើកទឹកចិត្តឱ្យក្មេងៗចូលចិត្តអានសៀវភៅក្នុងគោលបំណងឱ្យពួកគេផ្តោតលើការអប់រំ និងជៀសវាងការប្រើប្រាស់គ្រឿងញៀន។ ក្មេងៗទាំងនោះមកពីជិតៗផ្ទះរបស់គាត់ ហើយសប្បាយចិត្តពេលបានមករៀនម្តងៗ ព្រោះពួកគាត់អាចរំលឹកមេរៀន ហើយអាចលេងសើចសប្បាយជាមួយមិត្តភក្តិផងដែរ។

ក្មេងៗក្នុងភូមិរបស់លោកមិន ពៅជួបជុំគ្នាកាលពីពេលថ្មីៗនេះ។ រូបភាព៖ Newsroom Cambodia

ខណៈដែលកូវីដ ១៩​​​ បានរាតត្បាតជិត ២ឆ្នាំមកហើយ បង្ខំឲ្យសាលារដ្ឋ និងសាលាឯកជនផ្អាកបង្រៀនផ្ទាល់ មករៀនតាមប្រព័ន្ធអនឡាញវិញ លោកមិន ពៅ​ ក៏បានជួយបង្រៀនក្មេងៗទាំងនោះខ្លះ បន្ទាប់ពីមានការបារម្ភខ្លាំងថាសិស្សជនបទដាច់ស្រយាល​គ្មានលុយក្នុងការទិញទូរសព្ទ័ ឬកុំព្យូទ័រ ដើម្បីរៀនតាមអនឡាននោះទេ គ្មានថវិកាបញ្ចូលលុយទូរសព្ទ័ដែរ និងគ្មានសេវាអ៊ិនធើណែត។

លោកបាននិយាយថា៖ «​ខ្ញុំមានការអាណិតក្មេងៗណាស់ មិនថាក្មេងម្នាក់ ពីរនាក់ រឺបីនាក់នោះទេ វាសឹងតែគ្រប់កន្លែង ប៉ុន្តែយើងមិនអាចជួយបានគ្រប់កន្លែងនោះទេ អ្វីដែលខ្ញុំអាចជួយបានក្មេងៗនៅជិតផ្ទះ ហើយខ្លះជាសាច់ញាតិ ដូចជាក្មួយៗ ប្អូនៗរបស់ខ្ញុំ និងនៅក្នុងភូមិជាមួយគ្នា។ ក្នុងអំឡុងកូវីដនេះ បានផ្អាកមិនអោយទៅរៀននៅសាលា ដោយប្តូរមករៀនតាមអនឡាញវិញ ហើយឃើញថាកាលនៅមិនទាន់កូវីដ ពួកគាត់រៀននៅសាលាផ្ទាល់ផង ការសិក្សារបស់គាត់នៅខ្សោយ ចុះទំរាំតាមអនឡាញនេះទៀត ត្រូវអោយពួកគាត់ចំនាយលុយទិញទូរសព្ទ៏»។

លោកមិន ពៅ ធ្លាប់ជាអ្នកសារព័ត៌មាន និងជាអ្នកវិភាគអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅស្ថាប័នសម្លេងប្រជាធិបតេយ្យ (វីអូឌី) មុននឹងលាឈប់កាលពីពេលថ្មីៗនេះដើម្បីក្លាយជាអ្នកសារព័ត៌មានឯករាជ្យមួយរូប។ លោកមិន ពៅ ក៏ជាស្ថាបនិកមួយរូបនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថាខេមបូចា ផងដែរ។

អ្វីដែលជាបញ្ហារបស់ក្មេងៗដែលលោក មិន ពៅ បានមើលឃើញគឺជាបញ្ហាអ៊ិនធើណែត ដោយសារអត់មានសេវា ដោយត្រូវដើរទៅរកទីកន្លែងដែលសេវាទើបអាចប្រើបាន ពេលខ្លះក្មេងៗទាំងអស់នោះត្រូវដើរទៅខាងក្រោយផ្ទះ ក្រោមដើមឈើ ពេលខ្លះត្រូវអង្គុយហាលថ្ងៃទៀតក៏មានដែរ ពេលណាមានភ្លៀងធ្លាក់ខ្លាំង គឺបានធ្វើអោយគាត់ខកខានក្នុងការរៀនតែម្តង។

លោកបានរៀបរាប់ថា៖ «យើងឃើញថា ពេលដែលយើងប្រជុំម្តងៗ គឺពិបាកក្នុងការនិយាយផង ចុះទំរាំក្មេងៗវិញ ពេលខ្លះកំពុងរៀនៗស្រាប់តែមានភ្លៀងក៏មាន ស្រាប់តែដាច់សេវាអីធើណែតក៏មាន ហើយម្យ៉ាងទៀតការប្រើប្រាស់ទូរសព្ទ៏ដៃរបស់ពួកគាត់នៅមិនទាន់ចេះប្រើទៀត។ អ្វីដែលខ្ញុំជួបប្រទះ គឺខ្ញុំឃើញក្មួយរបស់ខ្ញុំ គាត់ឈររៀនហាលថ្ងៃ ព្រោះនៅទីនោះមានសេវា ពេលខ្លះគាត់ដើរចុះដើរឡើង ដើររកកន្លែងមានសេវាអ៊ិនធើណែត  ព្រោះកន្លែងដែលមានសេវាគឺវាមិនមែននៅក្នុងផ្ទះនោះទេ»។

លោកបាននិយាយថាការបង្រៀនរបស់លោកក៏ជួបមានបញ្ហាខ្លះដែរ​ពេលលោកមានធុរៈឡើងទៅភ្នំពេញ ពេលដែលមកវិញគាត់មិនហ៊ានក្នុងបង្រៀនក្មេងៗទេព្រោះគាត់ខ្លាចក្នុងការចម្លងកូវីដទៅក្មេងៗក្នុងករណីណាមួយដូចនេះ ធ្វើអោយក្មេងខកខានក្នុងរៀនក៏មានដែរ។

លោកបាននិយាយថា៖ «ផលលំបាកក្នុងការបង្រៀនទៅពួកគាត់គឺមិនសូវជាមានប៉ុន្មានទេ តែអ្វីដែលលំបាកនោះគឺការសំរេចគោលដៅក្នុងការអោយគាត់ចេះ ម្យ៉ាងទៀតពេលដែលខ្ញុំចុះឡើងភ្នំពេញម្តងៗ គឺមានការខកខានក្នុងការបង្រៀនពួកគាត់ខ្លះដែរ មិនអត់ទេ ហើយខ្ញុំក៏ខ្លាចក្នុងការនាំកូវីតទៅដល់គាត់ដែរ ពេលខ្លះខកខានរៀន២ ទៅ៣ថ្ងៃក៏មានដែរ ទាំងអស់នេះហើយដែរជាឧបសគ្គរបស់ខ្ញុំ បើនិយាយថាហត់នឿយនោះគឺសឹងតែគ្មានហើយសម្រាប់ខ្ញុំនោះ»។

លោកមិន ពៅបាននិយាយថា ការបង្រៀនរបស់លោកពិតជាតិចតួចណាស់ក្នុងការជួយពួកគាត់ តែបើសិនជាគាត់មិនបានធ្វើនោះទេ តើក្មេងៗទាំងនោះនឹងទៅជាយ៉ាង ទោះបីជាលោករវល់យ៉ាងណាក៏ដោយ ក៏លោកមិនដែលគិតថាបោះបង់ចោលដែរក្នុងពេលនេះ ព្រោះឪពុកម្តាយរបស់គាត់រវល់រកស៊ី មិនមានពេលគ្រប់គ្រាន់នៅជួយបង្រៀនក្មេងៗទាំងអស់នោះបាននោះទេ ដូចនេះមានតែលើកទឹកចិត្តពួកគាត់តាមរយះការងារនេះ។

ពេលខ្លះដើម្បីអោយគាត់មករៀន លោកបានរៀបចំការលេងល្បែងកំសាន្តសប្បាយ ហើយពេលខ្លះគាត់ក៏បានចំនាយថវិកាផ្ទាល់ខ្លួនរបស់គាត់អោយទៅក្មេងដែលបានធ្វើលំហាត់ល្អជាងគេ អានបានល្អនោះ នឹងត្រូវបានការលើកទឹកចិត្ត ធ្វើដូចនេះពួកគាត់នឹងមករៀនទៀងទាត់។

លោកមិន ពៅ បាននិយាយថា៖ «មិនថាតែការបង្រៀនទេ ពេលខ្លះខ្ញុំអោយលុយពួកគាត់ថែមទៀតផង អ្នកខ្លះអានបានល្អខ្ញុំអោយគាត់៥០០រៀល រឺ១០០០រៀន ក៏មានដែរ ព្រោះគាត់សប្បាយចិត្តពេលគាត់អានបានល្អហើយទទួលរង្វាន់ពីខ្ញុំទៀត»។

លោកមិន ពៅបាននិយាយថាបណ្ណាល័យរបស់លោកមានសៀវភៅជាង ២០០ ទៅ ៣០០ក្បាលសម្រាប់ក្មេងៗជាច្រើន  ដែលទទួលបានទទួលបានមកពីកូនរបស់មិត្តភក្តិគាត់ ហើយខ្លះទៀតបានមកពីអ្នកមកទស្សនាបណ្ណាល័យ។

លោកបាននិយាយថាក្មេងៗសំខាន់ណាស់គឺអនាគតរបស់គាត់ ពួកគាត់ជាអនាគតរបស់សង្គម បើពួកគាត់មិនបានទទួលការអប់រំអោយបានល្អនោះទេ ហើយឱពុកម្តាយមានតួនាទីសំខាន់ក្នុងការជួយលើកទឹកចិត្តគាត់ ជួយណែនាំដាស់តឿនក្នុងការរៀនសូត្រព្រោះពេលដែលមានបញ្ហា គឺគ្រួសារនេះ​ជាអ្នកប្រឈមមុនគេ។

ក្នុងទឹកមុខដ៏មាំរបស់លោកមិន ពៅ លោកបាននិយាយទាំងអួលដើមកថា៖ «​ក្មេងៗសំខាន់ណាស់គឺអនាគតរបស់គាត់ ព្រោះពួកគាត់ជាអនាគតរបស់ប្រទេសជាតិ អ្វីដែលពួកគាត់កំពុងជួបគឺបញ្ហាក្នុងការរៀនសូត្ររបស់គាត់ ហើយចំណែកឪពុកម្តាយត្រួវតែជួយលើកចិត្តកូន ព្រោះសាលានៅឆ្ងាយ មិនដឹងថាត្រូវចូលរៀនវិញនៅពេលណា»។​

«ពួកគាត់គួរមកវិនិយោគលើកូនខ្លះ កុំវិនិយោគតែការរកស៊ី ភ្លេចមើលកូននៅផ្ទះ កូនយើងពេលដែលយើងវិនិយោគខុស គឺឪពុកម្តាយត្រួវទឹកភ្នែក មិនថាតែរូបខ្ញុំទេ សូមអោយយុវជនដែលមានចំនេះដឹង រឺក៏ទំនេរពីធ្វើការ គួរជួយបង្រៀនរឺដាស់តឿនអោយកូន ក្មួយ រៀនសូត្រ នេះក៏ជាចំណែកមួយជួយសង្គមផងដែរ»៕

សាលារាជធានី​ភ្នំពេញអនុញ្ញាត​ឱ្យ​​ម្ចាស់​ភោជនីយដ្ឋាន ដំណើរ​ការ​អាជីវកម្មទទួល​អតិថិជន

សាលារាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​​ម្ចាស់​ភោជនីយដ្ឋាន អាហារដ្ឋាន​​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួនបាន​​ជា​ប្រក្រតី ​និង​អាច​ទទួល​អតិថិជន​ឱ្យ​មក​ទទួល​ទាន​អាហារ​ក្នុង​បរិវេណ​អាជីវកម្ម​ដ្ឋាន​បាន​​ក្នុង​កំឡុង​ពេល​អនុវត្ត​វិធាន​ការរដ្ឋបាល​រយៈពេល​​ ​​​១៤​ថ្ងៃ ​ដើម្បី​ប្រយុទ្ធ​និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩​​។

អភិបាល​រាជធានីភ្នំពេញ លោកឃួង ស្រេង នៅ​ថ្ងៃ​ទី​៣ ​ខែ​សីហា ​ឆ្នាំ​២០២១​នេះ ​បាន​ចេញ​សេចក្តី​ណែនាំ​ថ្មី​មួយ​បន្ថែមទៀត​​លើ​​វិធាន​ការ​រដ្ឋ​បាល​​នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​សម្រាប់​រយៈពេល​ ១៤​ថ្ងៃ​ដើម្បី​ប្រយុទ្ធ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ដោយ​បាន​កែ​សម្រួល​ខ្លឹម​សារ​ឡើង​វិញ​ថា​អនុញ្ញាត​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​-​អាហារដ្ឋាន​​បើក​ដំណើរ​ការ​អាជីវកម្ម ​និង​ទទួល​ភ្ញៀវ​ក្នុង​បរិវេណ​ទី​តាំង​បាន​ តែ​ថា​ត្រូវ​ធានា​នូវ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដោយ​រក្សា​គម្លាត​បុគ្គល​និង​សង្គម ក្នុង​រយៈពេល​អនុវត្ត​វិធាន​ការ​រដ្ឋបាល​​ ១៤​ថ្ងៃ​​រហូត​ដល់​​ថ្ងៃទី​១២​ខែ​សីហា​ឆ្នាំ​២០២១។

​សេចក្តីណែនាំបានអះអាងបន្តថា ការសម្រេចនេះបានកើតមាន ក្រោយ​ពិនិត្យ​ឃើញ​ថា​ម្ចាស់​ភោជនីយដ្ឋាន-អាហារដ្ឋាន​ដែល​មាន​ស្តង់​ដារ​​អនាម័យ បាន​ចូល​រួម​អនុវត្ត​លើ​ការ​ងារ​នេះ​បាន​ល្អ​ប្រសើរ ​និង​ដើម្បី​ជម្រុញ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​កំឡុង​ពេល​វិធានការ​រដ្ឋបាល។

អភិបាល​រា​ជ​ធានី​ភ្នំពេញ​រូប​នេះ​បាន​ណែននាំ​​ថា​៖ «​ភោជនីយដ្ឋាន​-អាហារដ្ឋាន​ក្នុង​សណ្ឋាគារ និង​ភោជនីយដ្ឋាន​-អាហារដ្ឋាន​ដែល​អាច​ធានា​បាន​នូវ​វិធាន​​សុវត្ថិភាព​ផ្នែក​សុខាភិបាល ជា​ពិសេស​ការ​រក្សា​បាន​នូ​វ​គម្លាត​សុវត្ថិភាព​បុគ្គល​ និង​សង្គម ​អាច​ដំណើរ​ការ​អាជីវកម្ម​ជា​ប្រក្រតី​ និង​ទទួល​អតិថិជន​ឱ្យ​ចូល​​មក​ទទួល​​ទាន​ក្នុង​បរិវេណ​អាជីវកម្ម​ដ្ឋាន​របស់​ខ្លួន​បាន​»។

លោក​ឃួង​ ស្រេង​​ បាន​បន្ត​ទៀត​ថា៖ «ប៉ុន្តែ​ចាំ​បាច់​ត្រូវ​កំណត់​ចំនួន​អតិថិជន ក្នុង​បរិមាណ​សមរម្យ​សមាមាត្រ​ទៅនឹង​ទំហំ​ទីតាំង ដើម្បី​រក្សា​​ឱ្យ​បាន​ដាច់​ខាត​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល-សង្គម និង​ដើម្បី​ធានា​ឱ្យ​មាន​ខ្យល់​ចេញ​-​ចូល​គ្រប់​គ្រាន់ ដោយ​ត្រូវចៀស​វាង​ការ​ប្រជៀត​គ្នា ឬ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន ដែល​ជា​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស​កូវីដ-១៩ ​ក៏ដូច​ជា​ត្រូវ​គូស​គំនូស​សម្រាប់​អតិថិជន​ដើម្បី​រក្សា​គម្លាត ​១,៥​ម៉ែត្រ​ក្នុង​បរិវេណ​អាជីវកម្ម​ដ្ឋាន​នីមួយៗ»។

នៅ​ក្នុង​សេចក្តី​ណែនាំ​ខាងលើ​នោះ​បាន​បន្ថែម​ទៀត​ថា​ភោជនីយដ្ឋាន​-អាហារដ្ឋាន​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​ជា​ប្រក្រី​ទាំងនោះ ដាច់​ខាត​មិន​ត្រូវ​លក់​គ្រឿង​ស្រវឹង ឬ​អនុញ្ញាត​ឱ្យ​អតិថិជន​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទក្នុង​អាជីវកម្ម​ដ្ឋាន​របស់​ខ្លួន​ឡើយ ជាពិសេស​ត្រូវ​អនុវត្ត​បម្រាម​គោចរដោយ​ផ្អាក​សកម្មភាព​​អាជីវកម្ម​​នៅ​ចន្លោះ​ម៉ោង ​២១ដល់​ម៉ោង ​៣​រហូត​ដល់​ថ្ងៃ​ទី​១២​ខែ​សីហា​ឆ្នាំ​២០២១​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពីថ្ងៃ​ទី​២៩ ​ខែ​កក្កដា ​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​វិធាន​ការ​​រដ្ឋបាល​​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​សម្រាប់​រយៈពេល​ ១៤​ថ្ងៃ​ដោយ​បាន​ចែង​ថា ​«​គ្រប់​ផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូប​អាហារ​ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវកម្ម​ផ្នែក​អាហារ​-ភេសជ្ជៈគ្រប់​ប្រភេទ​អាច​ដំណើរ​ការជា​ប្រក្រតី​តែ​ជា​លក្ខណៈវេជ្ជ​ខ្ចប់​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាត​ឱ្យ​​អតិថិជន​ចូល​មក​​ទទួល​ទាន​ក្នុង​បរិវេណ​អាជីវកម្ម​ដ្ឋាន​របស់​ខ្លួន​ឡើយ។ ​នេះ​បើ​តាម​សេចក្តី​ដដែល​បាន​បញ្ជាក់យ៉ាង​ដូច្នេះ​៕

ក្រសួងប្រកាសពីអាកាសធាតុត្រជាក់រហូតដល់ ២៤អង្សារសេ ចាប់ពីសប្តាហ៌នេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការប្រែប្រួលនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ដោយអាកាសធាតុនឹងត្រជាក់រហូតដល់ ២៤អង្សារសេ ចាប់ពីថ្ងៃទី៤ ដល់ទី១០ ខែសីហា ដោយសារទទួលឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ពីប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសវៀតណាម។

ជាមួយគ្នានឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ សេចក្តីជូនដំណឹងខាងលើ ក៏បានបញ្ជាក់ថាតំបន់វាលទំនាបកណ្តាល បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាមានពី ២៣អង្សារសេដល់ ២៦អង្សារសេ និងសីតុណ្ហភាពអតិបរមា មានពី ៣០អង្សារសេដល់ ៣៤អង្សារសេ។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវអោយប្រជាជនពរដ្ឋនៅតាមតំបន់ទំាងនោះ ធ្វើការប្រុងប្រយ័ត្នចំពោះខណៈដែលអាចនឹងមានភ្លៀងក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្កាក់ និងនៅតាមបណ្តាតំបន់មាត់សមុទ្រ​ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង លាយឡំនិងខ្យល់បក់ខ្លាំង នឹងរលកសមុទ្រខ្ពស់៕

Q & A អំពីស្ថានភាពព្រៃ​ឈើនៅប្រទេស​កម្ពុជា

តាម​រយៈ​​អង្គ​ការ​​ទិន្ន​ន័យ​នៅ​អំពី​​ការ​​អភិវឌ្ឍ​ ព្រៃ​ឈើនៅប្រទេស​កម្ពុជា​​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ ទៅ​លើ​គម្រប​ព្រៃ​ឈើ​សរុប​ និង​គម្រប​ព្រៃ​ស្ដុក ក្នុងកំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​។​ មន្រ្តី​​នៃ​បណ្ដាញផ្សព្វ​ផ្សាយ​ នៃ​អង្គការ​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) លោកម៉ា ចិត្រា​ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាសំណួរ ចំលើយដល់​សិក្ខា​កាម​ Newsroom Cambodia ​លោក​ មេង​ គ្រុយ​ពន្លក​ អំពី​ស្ថានភាព​ព្រៃ​ឈើ​នៅ​កម្ពុជា​។

លោកម៉ា ចិត្រា

Q: តើអ្វីទៅជាបទល្មើសព្រៃឈើ?​

A: បើ​ជា​ទូទៅ​ បើ​ដឹក​ចេញ​ពី​ព្រៃ​ការពារ​គឺ​ខ្ញុំ​ចាត់​ទុក​ជា​បទ​ល្មើស​ ការ​ដឹក​ចេញ​បើ​មិន​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ មិន​មាន​លិខិត​ត្រឹម​ត្រូវ​​ ព្រោះអី​ខ្ញុំ​គិត​ថាទោះ​បី​ជា​​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ ក៏​ពិត​មែន​ ប៉ុន្តែ​អ្នក​មូលដ្ឋានគាត់​​អាច​មាន​សិទ្ធិ​ក្នុង​ការ​ស្នើសុំ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ សាង​សង់ជា​ផ្ទះ​មិន​មែន​ជា​បទ​ល្មើស​ទេ​ មាន​ន័យ​ថា​​​គាត់​អាច​ស្នើសុំ​ជា​ផ្ទះ​សម្រាប់​រស់​នៅ​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចាត់​ទុក​ថា​ជា​បទ​ល្មើសនោះ​ គឺ​ការ​លួច​កាប់​ឈើ​ហើយដឹក​ឈើ​ចេញ​ពី​ក្នុង​ព្រៃ​យក​ទៅ​លក់​បន្ត ​​នេះ​បទ​ល្មើសព្រៃឈើ។​

Q: តើ​ប្រភេទ​ព្រៃ​ណា​ខ្លះ​ដែល​អាច​ទាញ​យក​អនុ​ផល​ពី​ព្រៃ​ឈើ​បានដោយមិន​ខុស​ច្បាប់​​? ​

A: បាទ​ ពាក់ព័ន្ធ​នឹងប្រភេទ​ការ​ប្រមូល​ផល​អនុ​ផល​ព្រៃ​ឈើ​ដែល​មិន​ខុស​ច្បាប់​ហ្នឹង​ វា​មាន​ដូច​ជា​ការ​ដងជ័រ​ទឹក​ យើង​ដុត​គល់វា​យក​ជ័រ​ទឹក​មាន​ដូច​ជា​ឈើទាល​អី​ជា​ដើម ​ហ្នឹង​វា​ជាការ​ដក​ហូត​ការប្រមូលផល​ដែល​មិន​ខុស​ច្បាប់​ ហើយ​ទន្ទឹម​ហ្នឹង​មាន​ផ្សេងៗទៀត​ មាន​ដូច​ជា​ការ​ទៅរក​វល្លិ ផ្ដៅ​ ទៅ​បេះ​គុយ​ យក​មក​លក់​អី​ដើម​ហ្នឹង​ វាមិន​មែន​ជា​ការ​ប្រមូល​ផល​ដែល​ខុស​ច្បាប់​ទេ​។

Q: តើលោក​យល់​យ៉ាងណាដែរចំពោះ ស្ថានភាពព្រៃឈើនៅប្រទេសកម្ពុជា?​

A: សម្រាប់​ខ្ញុំ​យល់​ឃើញ​ថា​អំពី​ព្រៃ​ឈើ​នៅ​កម្ពុជា​ ខ្ញុំ​គិត​ថា​វិ​នាស​សកម្ម​ហ្នឹង​វា​នៅ​តែ​មាន​ជា​បន្ត​បន្ទាប់​ ហើយ​វា​ជា​ជំងឺ​ដែល​ពិបាក​ព្យាបាល​ណាស់​ប្រសិន​ជា​ថ្នាក់​ដឹក​នាំ​រដ្ឋ​ ឬ​អ្នក​ដឹក​នាំ​ស្ថាប័ន​ក្រសួង​ដែល​ធ្វើការ​ពាក់​ព័ន្ធ​ហ្នឹង​ដែល​មិន​ប្ដេជ្ញា​ចិត្តក្នុង​ការ​ទប់​ស្កាត់​ទេ​ ខ្ញុំ​មិន​រំពឹង​ថា​ព្រៃ​ឈើ​ដែល​នៅ​ក្នុង​តំបន់​ការ​ពារ​ហ្នឹង​នៅ​សល់​ទេ​ ព្រោះ​អី​យើង​មើលឃើញ​កន្លង​មក​ហ្នឹង​គាត់​តែង​តែ​និយាយ​ថាការ​ពារ​មិន​បាន​មួយ​រយ​ភាគរយ​ទេ​ ផ្ទៃ​ដី​ព្រៃ​ហ្នឹង​វា​ធំ​ធេង​ណាស់​រហូត​ទៅ​ដល់​រាប់​លាន​ហិច​តា ហើយ​ឧទ្យាន​នុរក្ស​ហ្នឹង​មាន​តែ​ប៉ុន្មាន​ពាន់​នាក់​ទេ។​

ខ្ញុំ​មិន​ដឹង​ថា​គាត់​យក​ជា​ហេតុ​ផល​ត្រឹម​ត្រូវ ​ឬក៏​ជាលេស​ដោះ​សារ​ដើម្បី​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ​ទេ​ ព្រោះ​កន្លង​មក​គាត់​ថា​ឧទ្យាន​នុរក្ស​គាត់​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើការ​ ខិតខំ​ល្បាត​អី​ជា​ដើម​ហ្នឹង​ ប៉ុន្តែ​វា​មិន​អាច​ទប់​ស្កាត់​បាន​មួយរយ​ភាគរយ​ហ្នឹង​ ដោយ​សារ​តែ​ផ្ទៃ​ដី​ហ្នឹង​វា​ធំ​ធេង​ជា​ដើម​ហ្នឹង​ ដែល​គាត់​ធ្លាប់​លើក​ឡើង​ ហើយ​គាត់​ធ្លាប់​លើក​ឡើង​ថា​ព្រៃ​ឈើ​ស្រុក​ខ្មែរ​ហ្នឹង​មាន​តែ​បទ​ល្មើស​ទ្រង់​ទ្រាយ​តូច​ទេ​។

អ្វី​ដែល​ជា​ការ​គត់​សម្គាល់​ហ្នឹង ​យើង​មិន​ដែល​ឃើញ​ក្រសួងបង្ហាញថា​អ្វី​ទៅទ្រង់​ទ្រាយ​តូច អ្វី​ទៅ​ហៅ​ថា​ទ្រង់​ទ្រាយ​ធំ​ បើ​មែន​ទែន​ទៅ​ដឹក​ចេញ​ពី​តំបន់​ព្រៃ​ដូច​គ្នា​ ទោះ​បី​តូច​ ឬ​ធំ​នៅ​តែ​ជា​បទ​ល្មើសដដែល​​ទេ​ ហើយ​រហូត​មក​ដល់​ថ្ងៃ​​នេះ ​បើ​តាម​សហគមន៍​នៅ​មូល​ដ្ឋាន ​ក៏​នៅ​បន្ត​ឃើញ​មាន​ការ​ដឹក​ចេញ​ពី​តំបន់​ព្រៃ​ការ​ពារ​ដែរ​មាន​ព្រៃ​ឡង់​ ព្រៃ​ព្រះ​រកាអី​ជា​ដើម​ ចឹង​ចង់​មិន​ចង់​ព្រៃ​ឈើ​យើង​អាច​នឹង​នៅ​បាន​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ទេ​បាទ​ ហើយ​វា​អាច​ថា​នៅ​ក្នុង​ថ្ងៃ​អនាគតទៅ​ព្រៃ​ហ្នឹង​រិច​រឹល​ទៅ​វា​អាច​ថា​ដក​ព្រៃ​ហ្នឹង​ចេញ​ពី​តំបន់​ការ​ពារ​អ៊ីចឹង​ អាច​ជា​យក​ហេតុផល​ថា​ជា​ព្រៃ​សឹក​រឹច​រឹល​ទៅ​ គេ​អាច​វិនិយោគ​តំបន់​ព្រៃ​ណា​មួយ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​អី​ជា​ដើម​ហ្នឹង​។

Q: តើ​កត្តា​អ្វី​ខ្លះ​ដែល​ជា​មូលហេតុ​នៃ​ការ​បាត់​បង់​ព្រៃ នៅ​ប្រទេសកម្ពុជា​?​

A: បើ​មែន​ទែនអាច​ពាក់​ព័ន្ធ​រឿង​សំខាន់​បំផុត​​ខ្ញុំ​អាច​ចាត់​ទុក​ថាមាន​អំ​ពើរ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​ព្រៃ​ឈើហ្នឹង​ទី​មួយ​ ហើយ​ទី​ពីរ​អាច​ថា​កត្តា​សេដ្ឋ​កិច្ច​ពលរដ្ឋ​នៅ​មូល​ដ្ឋាន​ក្រី​ក្រ​ដែល​គាត់​អត់​មាន​គំនិត​ថា​ទៅ​រក​ស៊ី​អី​ អ្វី​ដែលគាត់​ធ្វើ​ គឺ​គាត់​ទៅ​កាប់​ព្រៃ​ លក់​ដើម្បី​ជីវភាព​គ្រួសារ​ពួក​គាត់​អី​ជាដើម​ហ្នឹង​ ហើយ​មូល​ហេតុ​ចម្បង​ទៀត​នោះ​គឺ​ពាក់​ព័ន្ធ​ទៅ​នឹងការ​មិន​យក​ចិត្ត​ទុក​ដាក់ និង​ទទួល​បាន​លុយ​កាក់​ពី​ការ​កាប់​ព្រៃ​ឈើ​អី​ហ្នឹង​ជា​មូល​ហេតុ​សំខាន់។​

ហើយ​មួយ​ទៀត​សោតហ្នឹង ​គឺ​ថា​មន្ត្រី​ថ្នាក់​ក្រោម​ហ្នឹង​អត់​មាន​អំណាចគ្រប់​គ្រាន់​ មានន័យ​ថា​គាត់​មិន​មាន​សិទ្ធិ​ក្នុង​ការ​ចាប់​ជន​ល្មើស​ណា​ដែល​ អាច​មាន​ករណី​ជន​ល្មើស​មាន​ខ្នង​បង្អែក​ជា​មន្រ្តី​រាជ​ការ​ ឬក៏​ជា​ទាហាន​អី​ជា​ដើម​ទៅ។​

Q: តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​មាន​ការ​ធានា​ថា​មិន​មាន​ការ​កាប់​ព្រៃឈើ​ដោយ​ខុស​ច្បាប់​ត​ទៅ​ទៀត?

A: បើ​យើង​និយាយ​ពី​ប្រទេស​នីតិរដ្ឋ​ មិន​បាច់​ទៅ​ធ្វើ​អី​វែង​ឆ្ងាយ​ទេ​ ឱ្យ​តែ​រដ្ឋ​ខ្លួន​ឯង​ហ្នឹង​មាន​ស្មារតី​ មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ទប់​ស្គាត់​ជា​ចំណុច​មួយ​សំខាន់ ហើយ​មួយ​ទៀត​រដ្ឋ​ខ្លួន​ឯង​ហ្នឹង​ត្រូវ​តែ​លើក​ទឹក​ចិត្ត​ឱ្យ​សាធារណជន​ហ្នឹង​បាន​ចូល​រួម​ក្នុង​កិច្ច​ការ​ពារ ​បើ​ទោះ​ជា​ច្បាប់​មាន​ចែង​មែន ​ក៏ប៉ុន្តែ​អ្វី​ដែល​យើងឆ្លងកាត់​​កន្លង​មក​ហ្នឹង​មិន​បាន​មាន​ចែង​ក្នុង​ច្បាប់​ទេ។​

នៅ​ក្នុង​ច្បាប់​ គាត់សរសេរ​​ឱ្យ​សាធារណៈ​ជន​ការពារ ​ក៏ប៉ុន្តែ​នៅពេល​ដែល​សាធារណជន​ចូលរួម​ការ​ពារ​ ក៏ប៉ុន្តែ​នៅ​សាធារណជន អង្គការ​សង្គម​ស៊ី​វិល​អី​ ឬក៏​សហគមន៍​ចូលរួម​ការ​ពារ​គាត់​បែរ​ជា​ហាម​ឃាត់​​ គាត់​ព្យាយាម​រក​ហេតុ​ផល​ដើម្បី​ចុះ​អនុស្សរណៈយោគយល់(MOU) ជាមួយ​ក្រសួង​បរិស្ថានមុន​ទៅ​ល្បាត​ ឬក៏​ទៅ​ធ្វើ​ការ​ចូល​ព្រៃ​អី​ជា​ដើម​ទៅ ព្រោះ​អី​យើ​ង​មិន​មែន​មិន​ទុក​ចិត្ត​មន្រ្តី​រដ្ឋា​ភិបាល​ទាំងស្រុង​ទេ​ប៉ុន្តែ​អ្វី​​ដែល​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​ កាល​ណា​ដែល​យើង​ចុះ​​អនុស្សរណៈយោគយល់(MOU) ទៅ​វា​អត់​មាន​អី​ចំណេញ​ទេ​វា​មាន​តែ​ខាតពេល​​នៅ​ក្នុង​ការចុះ​ទៅ​ល្បាត​ទេ​ ការ​ចុះអនុស្សរណៈយោគយល់(MOU)​​​ហ្នឹង​ទៀត​សោត​មិន​ដែល​សាធារណ​ជន​ទៅ​ធ្វើអនុស្សរណៈយោគយល់(MOU)ជាមួយ​ក្រសួង​ទេ​ នេះ​ជា​ហេតុ​ផល​អត់សម​រម្យ​ទេ។

​អ៊ីចឹង​ក្រសួង​ពិចារណា​ឡើង​វិញ​ ស្ថិត​នៅ​ក្នុង​បុព្វហេតុ​នៃ​ការ​ពារ​ព្រៃឈើ​ដូច​គ្នា​ ក្រសួង​គួរតែ​បើក​ទូ​លាយ​ឱ្យ​សាធារណ​ជន​ ក៏​ដូច​ជា​សហកគមន៍​មូល​ដ្ឋាន​ឱ្យ​ពួកគាត់​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​ក្នុង​ការ​ទប់​ស្កាត់​ក្នុង​ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​យើង​។​

Q: តើលោក​យល់​ថាស្ថាន​ភាព​​ព្រៃ​ឈើនឹង​មាន​ភាព​ល្អ​ប្រ​សើ​រទេ​ក្នុង​ថ្ងៃ​អនាគត?

A: នា​អនាគត​ យើង​​មិន​អាច​មើល​ឃើញ​ទេ​ ប៉ុន្តែ​បើ​យើង​ពេល​បច្ចុប្បន្ន​​ ប្រសិន​ជា​បច្ចុប្បន្ន​នេះ​ ​អ្វី​ដែល​រដ្ឋា​ភិបាល​នៅប្រកាន់​ចរិក​ដដែល​ ការ​ធ្វើការ​ដដែល​ថ្ងៃ​ក្រោយ​ព្រៃ​ឈើ​មិន​ស្ថិតថេរទេ​ នឹង​កាន់​តែ​សឹក​រិចរឹល​បន្ថែម​ទៀត​ ហើយ​ប្រសិន​ជា​គាត់​មាន​ការ​កែ​ប្រែ​មាន​យុត្តិសាស្រ្ត​ថ្មី​ គាត់​មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​ពិត​ប្រាកដ​ បំបាត់​នៅ​អំពើរ​ពុករលួយ​ បក្សពួក​និយម​អ៊ី​ចឹង​ជា​ដើម​ ហើយ​បើក​ចិត្ត​ទូ​លាយ​ឱ្យ​សាធារណជន​ចូល​រួម​ ទោះ​បី​ជា​មាន​កាប់​តិច​តួច​បំផុត​ ហ្នឹង​ខ្ញុំ​គិត​ថា​អាច​ទប់​ស្កាត់​បាន​​​ប្រសិន​បើរដ្ឋា​ភិបាល​គាត់​យក​គំនិត​ហ្នឹង​ទៅ​ពិចារណា​។

Q: តើ​លោកមាន​អនុសាន៍បាន​ណា​ដើម្បី​មិន​មាន​បទ​ល្មើស​ព្រៃ​ឈើ​តទៅ​ទៀត?​​

A: ជា​យោបល់​ខ្ញុំ​ ក្នុងនាម​ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ​ ខ្ញុំ​មាន​គំនិត​បែប​សាមញ្ញ​ មាន​តែ​មាន​ការ​បើក​ឱ្យ​ពលរដ្ឋ​ចូល​រួម​ការ​ពារ​ហើយ​ហ្នឹង​ ហើយ​រដ្ឋាភិបាល​ហ្នឹង​មាន​ឆន្ទៈ​ពិតប្រាកដ​ កុំ​ឱ្យ​មាន​អំ​ពើ​ពុក​រលួយ​ក្នុង​វិស័យ​ព្រៃ​ឈើ​ហ្នឹង​ យើង​ការ​ពារ​ទ្រព្យ​សម្បត្តិ​យើង​ទាំង​អស់​គ្នា​ ប៉ុន្តែ​ប្រសិន​បើ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​តែ​មាន​គំនិត​លោភលន់​ចង់​បាន​តែ​ឯង​ ចង់​បាន​ការ​កេង​ចំណេញ​ពី​តួនាទី​របស់​គាត់​ បើក​ដៃ​ឱ្យ​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ហ្នឹង​វា​បាត់​បង់​ហើយ​។

ហើយ​មួយ​ទៀត​ សាធារណ​ជន​ទាំង​អស់​គ្នា​ ទោះ​បី​ជា​យើង​មិន​មែន​ជា​អ្នក​នៅ​ស្រុក​ព្រៃ​ ក៏​ពិត​មែន​ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​យើ​ង​អត់​មាន​ផល​ប៉ះ​ពាល់​ដែរ​ដូចទស្សនៈលោក​បណ្ឌិតកែម ឡី​ដែល​គាត់​លើក​ឡើង​ថា​ «បើយើង​មិន​ធ្វើ​អ្វី​សោះ​ក៏​រង​គ្រោះ​ដែរ»​ ហើយ​ពាក្យ​ដែល​គាត់​លើក​ឡើង​ហ្នឹង​មាន​ន័យ​ទូ​លំ​ទូ​លាយ​ណាស់​ ដែល​គ្រប់​ស្ថាន​ការ​ដែល​យើង​អាច​មក​សិក្សា​បាន​ ចំណុច​នេះ​។

ខ្ញុំ​ចង់​រំលេច​ត្រង់​ហ្នឹង​ដែល​ខ្ញុំ​ចង់​និយាយ​ថា​ទោះ​បី​ជា​យើង​នៅ​ក្នុង​ទី​ក្រុង​ក៏​ដោយ​ យើងមិន​មែន​នៅ​ព្រៃ​ក៏ដោយ ​តែ​ប្រសិន​ជា​នៅ​តំបន់​ព្រៃ ​វា​បាត់​បង់​ព្រៃ​ឈើ​ទៅ ​អ្នក​នៅ​ក្រុង​ក៏​រស់​មិន​បាន​សុខ​ដែរ​ ដោយ​សារ​តែ​អស់​ព្រៃ​ឈើ​ទៅ​ អាកាសធាតុ​ប្រែប្រួល​ វា​អាច​ថា​ខែ​វស្សា​ទៅ​ទឹកជំនន់​ ហើយ​ខែ​ប្រាំង​ទៅ​គ្រោះ​រាំងស្ងួត​អ៊ីចឹង​ជា​ដើម​ វាមិន​មែន​ប៉ះ​ពាល់​តែ​នៅ​ស្រុក​ព្រៃ​ទេ​ អ៊ី​ចឹង​ហើយ​បាន​ជា​ខ្ញុំ​លើក​ទឹក​ចិត្ត​ថា​ជា​ពិសេស​យុវជន​ជំនាន់​ក្រោយ​​នេះ​ត្រូវ​តែ​ចូល​រួម​ឱ្យបាន​សកម្ម​ដើម្បី​ ទោះ​បី​ជា​មិន​បាន​ចុះ​ទៅ​ព្រៃ​ផ្ទាល់​។

សាធារណជន​ យុវជន​ហ្នឹង​ត្រូវ​តាម​ដាម​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធសង្គម​អី​ជា​ដើម​ យើង​ចូល​រួម​​ចែក​រំលែក​គ្នា​share ដើម្បី​ឱ្យ​ដំណឹង​នេះបាន​ទៅ​ដល់​ប្រមុខ​រដ្ឋា​ភិបាល​ឱ្យ​គាត់​បាន​ឃើញ​បាន​ដឹង​ ថា​សាធារណជនក៏បាន​ចូល​រួម​ដឹង​លឺ​ដែរ​អំពី​ការ​បាត់​បង់​ព្រៃឈើ​ហ្នឹង​ កុំឱ្យមាន​ការលើក​ឡើង​ថា​អ្នក​តវ៉ាមួយ​ចំនួន​មក​ដល់​ផ្ទះ​គាត់​អី​ហ្នឹង​ ជំនាន់​ហ្នឹងគាត់​និយាយ​ថា​គាត់​អត់​បាន​ដឹង​អីផង​ អាច​ដឹង​ថា​លើក​មុន​គាត់​អត់​ដឹង​អី​មែន​ ប៉ុន្តែ​ឥឡូវ​ហ្វេស​បុក​វា​មាន​ប្រ​ជា​ប្រិយ​ភាព​ប្រជា​ពលរដ្ឋ​តាម​ដាន​ច្រើន​ ខ្ញុំ​គិត​ថា​ពេក​គាត់​ចែក​រំលែក​ច្រើន​គាត់​បាន​ឃើញ​បាន​ដឹង​ចឹង​៕

កម្រិតទឹកទន្លេមេគង្គក្រោម កើនឡើងដោយសារភ្លៀងធ្លាក់និងការបញ្ចេញទឹកពីទំនប់

គណៈ​កម្មា​​​​ការ​ទន្លេ​មេ​គង្គ ​(MRC) នៅ​ថ្ងៃ​ទី​២៨ ខែកក្ដដា ឆ្នាំ​ ២០២១ បាន​លើក​ឡើង​ថា​កម្រិត​ទឹក​ដែល​បាន​កត់​ទុក​នៅ​ក្នុង​អាង​ទន្លេ​មេ​គង្គ​​ក្រោម​ (LMB) មាន​​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​អំ​ឡុង​ពេល​ ៧ ថ្ងៃ​ចុង​ក្រោយ​នេះ​ ដោយ​សារ​​មាន​ភ្លៀង​​ធ្លាក់​​ខ្លាំង​ និង​ការ​បញ្ចេញ​ទឹក​ភ្លាម​ៗ​ពី​ទំ​នប់វារីអគ្គីសនី​​ ក៏ប៉ុន្តែកំរិតទឹកទន្លេឆ្លងកាត់ស្ថានីយ៍ត្រួតពិនិត្យទាំងអស់នៅតែទាបជាងកំរិតប្រកាសអាសន្ន ឬចំនុចគ្រោះថ្នាក់។

លោក​​ឡាំ​ហុង ​សុន ​ប្រ​ធាន​លេ​ខា​ធិ​ការ​ដ្ឋាន​តំ​បន់​ទឹក​ជំ​នន់ ​និង​គ្រោះ​រាំង​ស្ងួត​​បាន​មាន​ប្រ​សាសន៍​ថា ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​ទំ​នប់​វា​រី​អគ្គិស​នី​នៅ​ទន្លេ​មេ​គង្គ​ក្រោម​ រួម​ទាំង​ទំ​នប់​ទឹក​បាន​បញ្ចេញ​បរិ​មាណ​ទឹក​យ៉ាង​ច្រើន​ក្នុង​កំ​ឡុង​ថ្ងៃ​ទី​២៤-២៥ ខែ​កក្ក​ដា​ ដែល​​បណ្តាល​ឱ្យ​ក​ម្ពស់​ទឹក​ហក់​ឡើង​យ៉ាង​លឿន។

លោកបានបន្ថែមទៀតថាគេមិនទាន់ដឹងច្បាស់ថាតើការកើនឡើងទាំងនេះបណ្តាលឱ្យមានការខូចខាត ឬយ៉ាងណានោះទេ។

លោកឡាំ​ ហុងសុនបានមានប្រសាសន៍ថា៖ «ការបញ្ចេញទឹកភ្លាមៗពីទំនប់វារីអគ្គិសនីបង្កជាបញ្ហាប្រឈមចំពោះការព្យាករណ៍កម្ពស់ទឹកទន្លេ» ដោយកត់សម្គាល់ថា

គណៈកម្មការទន្លេមេគង្គបានដំឡើងស្ថានីយជលសាស្ត្រស្វ័យប្រវត្តិចំនួន ៦៧ នៅតាមដងទន្លេមេគង្គ និងដៃទន្លេ ដើម្បីប្រមូលទិន្នន័យទឹកភ្លៀង និងកម្រិតទឹក។

នៅប្រទេសកម្ពុជា កំរិតទឹកនៅលាតសន្ធឹងចាប់ពីខេត្តស្ទឹងត្រែង ដល់អ្នកលឿងក្នុងខេត្តព្រៃវែង ត្រូវបានគេរាយការណ៍ថាបានកើនឡើង ០,៨៥ម ក្នុងរយៈពេលដូចគ្នា។ក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់ កម្រិតត្រូវបានព្យាករណ៍ថានឹងកើនឡើង ២,៦០ម ទៀត៕

សាលារាជធានី​ចេញបម្រាមផ្អាកសកម្មភាពនានា ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ ទៀបភ្លឺ រយៈពេល១៤ថ្ងៃ

រដ្ឋបាលរាជធានី​​ភ្នំពេញ បាន​ចេញ​បម្រាម​គោចរ​​​មិន​ឱ្យ​មាន​ការ​ធ្វើ​ចរាចរណ៍ និង​សកម្មភាព​​ផ្សេងៗ ចាប់​ពីម៉ោង​ ៩ យប់​រហូត​ដល់​ម៉ោង​៣ ទៀប​ភ្លឺ​ ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​រយ:ពេល​១៤ ថ្ងៃ​រាប់​ចាប់​ពី​ម៉ោង​២៣:៥៩ នាទី​រំលងអធ្រាត​ឈាន​ដល់​ថ្ងៃទី​៣០ ខែ​កក្កដានេះ​ រហូត​ដល់​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២១​ ដើម្បទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ ចេញ​នៅ​ថ្ងៃ​​ទី​២៩ ខែ​កក្កដា​​នេះ​​បញ្ជាក់​ថា ​ត្រូវ​​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សកម្មភាព​ការងារ​ ឬអាជីវកម្ម​ដែល​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩ នានា​រួម​មាន​ សាលារៀន​ទាំង​រដ្ឋ ​និង​ឯកជន​ អាជីវកម្ម​ ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ រមណី​យដ្ឋាន​នានា អាជីវកម្ម​ម៉ាស្សា​គ្រប់​ប្រភេទ ហាង​លក់​គ្រឿង​ស្រវឹង​ ព្រម​ទាំង​រោង​ភាព​យន្ត​ និង​មជ្ឈមណ្ឌល​កីឡា​គ្រប់​ប្រភេទ។

សាលារាជធានី​ក៏​បា​ន​ហាម​ការ​ជួប​ជុំ​ដែល​មាន​ចំនួន​មនុស្ស​លើស​ពី​ ១០ នាក់​ នៅ​ទី​សាធារណ: លើក​លែង​ចំពោះ​ការ​ជួប​ជុំ​ក្នុង​សមាជិក​គ្រួសារ​ ពិធី​បុណ្យ​សព​ ស្ថាប័ន​សាធារណ:  ការ​ជួប​ជុំ​របស់​បុគ្គលិក​សុខាភិបាល​ក្នុង​ការ​បំពេញ​ភារកិច្ច​ដូចជា​ការ​យក​សំណាក​ និង​ការ​ចាក់​វ៉ាក់​សាំង​កូវីដ១៩ ការ​ជួប​ជុំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​បំពេញ​ការងារ ការ​ជួប​ជុំ​ក្នុង​សាលាជម្រះក្តី​ និង​ការ​ជួប​ជុំ​ដែល​ចាំបាច់​ក្នុង​គោល​បំណង​បម្រើ​ផល​ប្រយោជន៍​សាធារណ: ត្រូវ​បានលើក​លែង​។

ក្នុង​សេចក្តីប្រកាស​ដដែល​នោះ​បញ្ជាក់​ថា៖ «ក្នុង​ករណី​រកឃើញ​ថាបុគ្គល​ ឬ នីតិ​បុគ្គល​ទាំង​ឡាយ​ណា​ ដែល​បំពាន​វិធាន​ការ​នេះ​ ត្រួវ​អនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល​ និង​ទណ្ឌកម្ម​ច្បាប់​ រួម​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណ:ចំពោះ​បុគ្គល​ល្មើស​ ស្របតាម​ច្បាប់​ស្តី​ពី​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ថរ​ផ្សេង​ទៀត​ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ជា​ធរមាន​ ដោយ​គ្មាន​ការ​លើក​លែង​ឡើយ​»។

ករណី​លើក​លែង​ក្នុងអំឡុង​ពេល​អនុវត្ត​បម្រាម​គោចរ​នេះ​ មាន​ដូចជា ការ​ធ្វើ​ដំណើរ​របស់​មន្រ្តី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ មន្រ្តី​ការទូត អ្នក​សារព័ត៌មាន អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ បុគ្គលិក​បម្រើ​ការ​នៅ​អាកាសយានដ្ឋាន​ ការ​ធ្វើ​ដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាប់​ (មិន​លើស​ពី​សមាជិក​៤ នាក់)​ ការ​ធ្វើ​ដំណើរ​ទៅ​លំនៅ​ដ្ឋាន​របស់​បុគ្គល​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​ អ្នកជំងឺ​ចេញ​ពី​មន្ទីរពេទ្យ​ ការ​ដឹក​ជញ្ជូន​ទំនិញ​ និង​គ្រឿង​បរិភោគ​គ្រប់​ប្រភេទ​ក៏​ត្រូវ​បាន​លើក​លែង​ ប៉ុន្តែ​មិន​ត្រូវ​លើស​ពី​២ នាក់​ ព្រម​ទាំង​ការ​ដឹក​ជញ្ជូន​ទំនិញ​យុទ្ធសាស្រ្ត​របស់​រដ្ឋក៏​ត្រូវ​បាន​លើក​លែង​ សេវា​សង្គ្រោះ​បន្ទាន់​សុខាភិបាល​ទាំង​រដ្ឋ​និង​ឯកជន និង​ករណី​ចាំ​បាច់​ដទៃ​ទៀត​នៃ​សេវា​សាធារណ:​រួម​មាន​ ឱសថស្ថាន សេវាពន្លត់​អគ្គីភ័យ​ សេវា​ផ្គត់​ផ្គង់​អគ្គិសនី​ និង​ទឹក​ស្អាត​ជាដើម​ ដែល​រួច​​ពី​បម្រាម​គោចរ​នេះ​បាន៕

បទយកការណ៍៖ ជីវភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែទាល់ច្រក ខណៈតម្លៃប្រេងឥន្ធនៈបន្តកើនឡើងក្នុង​វិបត្តិកូវីដ

នាថ្ងៃ​ត្រង់​បើក​ថ្ងៃ​ចែស​ លាយ​ខ្យល់​បក់​តិច​ៗ​ផង​ ​នា​ថ្ងៃ​ព្រហស្បតិ៍​​សមជា​ថ្ងៃ​មាន​មនុស្ស​អ៊ូអរដោយ​អ្នក​ដំណើរ​ទៅ​មក​ច្រើន​តាម​ដង​ផ្លូវ​។ មាន​កង់​បី​សារី​ថ្មី​ដែល​គេ​និយម​ហៅ​ថា​ Passapp បរ​​​ចុះ​ឡើង​គ្មាន​អ្នក​ដំណើរដើម្បី​រក​ភ្ញៀវ​ អ្នករត់​កង់បី​ខ្លះ​ទៀតសំចត​នៅ​តាម​របង​សាលា និង​ផ្ទះ​គេនៅ​ក្នុង​បុរី​ពិភពថ្មី​​ និងខ្លះទៀតចតសរសៀរតាម​ចិញ្ចើម​ផ្លូវ។

​បុរស​វ័យ​កណ្តាល់​ជាង​ ពាក់​អាវ​ពណ៌​លឿង​ឆ្នូត​ស​ដៃ​វែង​ កំពុង​អង្គុយ​សំកុក​លើ​រ៉ឺម៉ក​​កង់​បី​ខ្មែរ ហើយនិយាយ​ជា​មួ​យ​មិត្ត​រួម​វិស័យ​ដឹក​អ្នក​ដំណើរ​ដូច​គ្នា​។ ​ខុស​ពី​​គាត់ មិត្ត​របស់​គាត់​មាន​ម៉ូតូ​កង់​បី​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​កង់បី​ឥណ្ឌានោះ​។ កំពុង​តែ​និយាយ​គ្នា​ ស្រាប់​តែ​កង់​បី​ឥណ្ឌា​បរ​ចេញ​ទៅ​ នៅ​សល់​តែបុរស​វ័យ​ជាង​ពាក់​កណ្តាល​​​ សម្បុរ​សណ្តែក​បាយ​ ជាមួយ​សក់​រួញ​អង្គារដី​ពណ៌​ខ្មៅរូប​នេះ ​មិន​ចេញ​ម៉ូតូ​កង់​បី​ខ្មែរ​របស់​ខ្លួន​ទៅ​ណា​ដូច​កង់​បី​ឯទៀតទេ។ ​ ​​ដោយ​ឡែក​លោក​បែរ​ជា​​ចុច​ទូរស័ព្ទ​ចុះឡើង​ ហាក់​កំពុង​ឆែក​មើល​ទូរស័ព្ទ​ដៃ​ខ្លួន​​បណ្តើរដែល​ទំនង​ជា​កំពុង​ទន្ទឹង​រង​ចាំ​នរណា​ខល​មក​​ រីឯភ្នែកទាំង​គូឆ្លៀត​​​រំពៃ​រក​មនុស្ស​ម្នា​ឆ្លង​កាត់​ទី​នោះ​ក្រែង​​មាន​អ្នក​​ហៅដើម្បី​ជិះ​​។

បុរស​ម្នាក់​នោះ​គឺ​ជា​អ្នក​ប្រកបរបរ​រត់​កង់​បី​ខ្មែរ​ដើម្បី​ចិញ្ចឹម​ជីវិត​ ដែល​តែង​​ចាំ​ម៉ូយ​នៅ​ម្តុំ​បរិវេណ​បុរី​ពិភព​ថ្មី​ ផ្សារ​ឈូក​មាស។ លោក​មាន​ឈ្មោះ​ថា សុខ​ វណ្ណនី​ ​ជា​អ្នក​ស្រុក​ខេត្ត​បាត់​ដំបង​ ​លោក​បាន​ប្រាប់ ​Newsroom Cambodia ថា​ លោកចិញ្ចឹម​ជីវិតលើ​សេវា​ដឹក​ជញ្ជូន​អាស្រ័យ​ទោចក្រយានតាំង​ពី​ឆ្នាំ​១៩៩១ មក​ម្ល៉េះ​ បើ​គិត​មក​ទល់ឆ្នាំ​២០២១​នេះ​អស់​រយ:ពេល​៣០​ឆ្នាំ​មក​ហើយ​។

លោកសុខ សុវណ្ណនី

លោក​បាន​ត្អូញ​ត្អែរ​ពី​បញ្ហា​ខ្សត់​​ភ្ញៀវ​ដឹក​​ ​ក្នុង​រយ:ពេល​២ ទៅ​៣ ថ្ងៃ​នេះ​  ហើយលោក​បាននិយាយ​ថា ​មក​ទល់​ថ្ងៃ​ត្រង់​នេះ​ រកបានតែលុយចំនួន ​​៧០០០រៀលប៉ុណ្ណោះ​ពី​ការ​ដឹក​អតិថិជន​បាន​តែ​ម្នាក់​តាំង​ពីព្រឹក​មក​​។ ខណ:ដែល​ម៉ូតូ​របស់​លោក​ វណ្ណនី​ជា​ប្រភេទ​ម៉ូតូ​ដែល​អាច​ចាក់​បាន​តែ​ប្រេង​ស៊ុបពែ​​តែ​ប៉ុណ្ណោះ​ដែល​ជា​ប្រភេទ​ប្រេង​កំពុង​មាន​តម្លៃ​ឡើង​ដល់​ ៤៦០០រៀលក្នុង​មួយ​លីត្រ​ លើស​ពី​តម្លៃ​ប្រភេទ​ប្រេង​ឥន្ធន:ដទៃ​ទៀត​ ដោយ​ប្រេង​សាំង​ធម្មតា​មាន​តម្លៃ​ស្មើ​៤១០០ រៀល​ក្នុង​មួយ​លីត្រ លោក​មិន​​បាន​តំឡើង​ថ្លៃ​ដឹក​ពី​ភ្ញៀវ​របស់​លោក​នោះទេ​។

ហេតុ​បែប​នេះ​ បាន​​ធ្វើ​ឱ្យ​​លោក​និយាយ​ទាំង​ជ្រួញ​ចិញ្ចើម​ចេញ​ជា​ផ្នត់​ៗ​ ដោយ​​ទឹក​មុខ​តាន​តឹង​ផង​​ថា​ ៖ «តម្លៃ​ធម្មតា​ ធ្លាប់​យក​ប៉ុនណាយក​ប៉ុណ្ណឹង អត់​ហ៊ាន​ឡើង​ថ្លៃ​ផង។ ហើយ​រាល់​ថ្ងៃ​អត់​មាន​ទេ! អត់​មាន​ម៉ូយ​ដឹក​ រក​ពីរ បី​ ថ្ងៃហើយ​ អត់​ម៉ូយ​អ្នកជិះ! ហើយ​សាំង​ឡើង​ថ្លៃ​ ប្រសិន​បើ​មាន​ម៉ូយ​ដឹក ​ក៏​នៅ​តែ​យកតម្លៃ​ដដែល​ អត់​បាន​ឡើង​ (តម្លៃ​) ទេ​»។  ​  ​

គាត់​បានអះអាងថា រក​បានអតិថិជន​កាន់​តែ​តិច​ទៅ​ៗ ដោយ​ភ្ញៀវ​របស់​គាត់​ភាគ​ច្រើន​ខ្លាច​ឆ្លងកូវីដ​​ និង​ចាប់​ផ្តើម​លែង​សូវ​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ញឹកញាប់​ដូច​កាល​ពី​មុន​។

បុរស​ដែល​មាន​គ្រួសារ​ក្នុង​បន្ទុក​ចំនួន​ ៤នាក់​ ជា​មួ​យ​កូន​តូច​ៗ​២​នាក់​ បាន​អះអាង​ថា​​លោក​ត្រូវ​ចំណាយ​លើ​ថ្លៃប្រេង​ស៊ុប​ពែ ៤៦០០រៀលក្នុង​១លីត្រ ជា​អចិន្រ្តៃ​យ៍​ទោះ​បី​ជា​មួយ​ថ្ងៃ​នោះ​មិន​ទទួល​បាន​ភ្ញៀវ​ដឹក​សូម្បី​តែ​ម្នាក់​ក៏​ដោយ​ ​។

«អត់​មាន​ភ្ញៀវ ១ថ្ងៃ​១លីត្រ ! គ្រាន់​តែ​ជិះ​ទៅ​នឹង​មក​កន្លះ​លីត្របាត់​ហើយ​ទៅ​ឈូក​វ៉ា (ទីតាំង​ផ្ទះ​ជួល​របស់​លោក​ វណ្ណនី​)​ ជួន​កាល​បាន​តែ​មក​ហើយ​ ល្ងាច​ឡើង​ទៅ​វិញ​» នេះ​ជា​សម្តី​ដែល​លោក​​ វណ្ណនី​ អង្គុយ​លើ​កង់​បី​របស់​ខ្លួន​ផ្ទាល់​។

«កាន់​តែ​ស្ងាត់​ទៅ​ៗ ហើយ​! បើ​ឥណ្ឌាគេ​ត​ផាសអ៊ែប (Pass app) គេមាន​ខ្លះ​។ ហើយ​យើង​អត់​មាន​តផាសអ៊ែប​ (Pass app) នឹង​គេ​ទេ​។ សំខាន់​គ្មានម៉ូយ​ បើ​ម៉ូយអត់​តេ (ខល) អត់​ហើយ​។ ឥឡូវ​ម៉ូយ​អត់​មាន​ដើរ​ទៅ​ណា​ទេ​ គេ​ខ្លាច​កូវីដ​ […] តែ​យើង​ខ្លាច​ដែល​ធ្វើ​ម៉េច​បើ​យើងត្រូវ​តែ​មក​រក បើ​​អត់​រក អត់​ (ចំណូល) !  កាន់​តែ​យ៉ាប់​ទៅ​ៗហើយ​…មួយ​ថ្ងៃ​បាន​លុយ ​៧០០០ (រៀល) ធ្វើ​អី​គ្រប់​? ចាក់​តែ​សាំង​!»។

លោក​បានបញ្ជាក់​ថា​ទោះ​បី​ជា​​ក្រោយ​ការ​បិទខ្ទប់ទី​ក្រុង​ លោក​នៅ​តែ​ពិបាក​ក្នុង​ការ​រក​អ្នក​ដំណើរ​ជិះ​កង់​បី​របស់​លោកជា​ខ្លាំង​ដោយ​យល់​ថា​មនុស្ស​ម្នា​មិន​សូវ​ហ៊ាន​ចេញ​ក្រៅ​ច្រើន​ដូច​សព្វ​មួយ​ដង​ ហើយ​តម្លៃ​ប្រេង​ស៊ុប​ពែ​ឡើង​ថ្លៃ​បែប​នេះ​ទៀត​ ​រឹត​តែ​មិន​អាច​រក​ផល​ចំណេញ​ពី​ការ​ដឹក​ភ្ញៀវ​បាន​បន្ថែម​ទៅ​ទៀត​។ អ្នក​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ​បាន​រៀប​រ៉ាប់​ទាំង​ក្តី​អស់​សង្ឃឹម​ថា​៖ «ហើយ​ឥឡូវ​ឈប់​រត់​ម៉ូតូ​កង់​បី​ទៅ​រក​អី​? យើង​អត់​មាន​តម្រិះ​វិជ្ជា​ក្នុង​ខ្លួន​ ហើយ​រត់​ម៉ូតូ​ឡើង​ចង់​ស្លាប់​​ទៅ​វិញ​ហើយ»។ ​​​

ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស​អ្នក​ប្រកបរបរជា​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បានសម្តែង​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​ទ្រាំទ្រ​ជីវភាព​របស់​ខ្លួន​ក្នុងគ្រា​លំបាក​ចំ​​ពេល​ទំនិញ​កំពុង​ឡើង​ថ្លៃ​​ ដើរ​ទទឹម​គ្នា​នឹង​ពេល​​តម្លៃ​ប្រេង​ឥន្ធន:នៅ​ប្រទេស​កម្ពុជា​ ចាប់​ផ្តើម​កើន​ឡើងនៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា​ ឆ្នាំ​២០២១​​ ដោយ​តម្លៃ​ប្រេង​សាំង​ធម្មតា​ឡើង​ដល់ ៤១០០រៀល​/លីត្រ ប្រេង​ស៊ុបពែថ្លៃ ៤៦៤០រៀល/លីត្រ​ និង​ ប្រេង​ម៉ាស៊ូត​ថ្លៃ​ ៣៦៥០រៀល/លីត្រ។

ក្រឡេក​មក​មើល​អ្នក​រត់​កង់បី​ឥណ្ឌា​​ ដែល​​ប្រើ​ប្រាស់​កម្មវិធី​អនឡាញ​ក្នុង​ការ​រកភ្ញៀវ​ដឹកវិញ​ម្តង​ ដែល​កំពុង​អង្គុយ​សំកុក​ចាំ​ភ្ញៀវ​និង​ការ​ហៅ​ចូល​របស់​អតិថិជន​តាម​ទូរស័ព្ទ​ដៃ​​ក្នុង​កង់បី​របស់​ខ្លួន​ បាន​បញ្ជាក់​ថាទោះ​បី​​ជា​កង់បី​ឥណ្ឌា​ល្បី​ថា​មិន​ចាក់​សាំង​ក្តី​ ប៉ុន្តែ​​កង់បី​ប្រភេទនេះ​នៅ​តែ​ត្រូវ​ការ​ចាក់​ទាំង​ប្រេង​សាំង​ធម្មតា និង​ហ្គាស​ទើប​អាច​ដំណើរ​ការ​បាន​។

លោក​ចន្ទ​ ពិសី អាយុ​៤០​ឆ្នាំ​ ដែល​ជា​អ្នក​ចាប់​របរ​រត់​កង់បី​ឥណ្ឌាក្នុង​រយ:ពេល​ ២ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ប្រាប់​ទាំង​ភ្នែក​ក្រហម​ចេញ​សរសៃ​ ដោយ​នឿយ​ហត់​​ថា​៖ «វា​ប៉ះពាល់​ហើយ​ ដោយសារ​អី​ វា​អត់​មាន​មនុស្ស​ដើរ​ទេ​ រាល់​ថ្ងៃ​អត់​មានភ្ញៀវ​ទេ​ បើ​រយ:ពេល​តាំង​ពី​ព្រឹក​ដល់​ស្មើ​នេះ​ […] បើ​និយាយ​ពី​ Booking Pass app [ការ​កក់​] វិញ​ អត់​រកអាលីញ អត់​មានភ្ញៀវ​រក​ ដល់​អញ្ចឹង​ពិបាក​ដែរ​ ព្រោះ​អីណាមួយ​សាំងក៏​ឡើង​ថ្លៃ ហ្គាស​ក៏​ថ្លៃ​ ប៉ុន្តែ​ពួក​ខ្ញុំ​ប្រើ​ហ្គាស​ទេ​ ប៉ុន្តែ​ហ្គាស​ក៏​ថ្លៃ​ដែរ។ […] ប៉ុន្តែ​ឥឡូវ​ឡើង​មែន​ទែន​អត់​ចុះ​ទេ ណាមួយ​សម័យ​នេះ​អត់​មាន​មនុស្ស​ទៀត។ ដល់​អញ្ចឹង​ ពួក​ខ្ញុំ​ពិបាក​ខ្លាំង​ម៉ង​ហ៎ា ប៉ុន្តែ​យើង​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទេ​អានឹង»។

តម្លៃ​ហ្គាស​កាលពី​មុន​ត្រឹមតែ ​១២០០រៀល​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​នា​ពេល​ថ្មី​ៗ​នេះ​ចាប់​តាំង​ពី​តម្លៃ​ប្រេង​សាំង​ឡើងដល់​ ៤១០០រៀល មក​ ថ្លៃ​ហ្គាស​ដែល​លោក​ចាក់​ក៏​មាន​ការ​កើន​ឡើង​ដូច​គ្នា​ដែរ ពោល​ហក់​ដល់​ចន្លោះ​ពី ​២០០០ ទៅ​ ២២០០រៀល​ក្នុង​មួយ​លីត្រ​។ នេះ​ជា​ការ​បញ្ជាក់​ផ្ទាល់​ពី​លោក​ពិសី។

លោក​ពិសី​ បាននិយាយ​ថា​លោក​នឹងផ្លាស់ប្តូរ​របរ​នេះ ទៅ​រក​ការ​ដឹក​ជញ្ជូន​ទំនិញ​អនឡាញ​វិញ​ព្រោះ​លោក​គិត​ថា​មិន​អាច​ទប់ទល់​ការ​ចំណាយ​ថ្លៃ​បង់​កង់​បី​នេះ​ឱ្យ​ក្រុមហ៊ុន​បាន​ ស្រប​ពេល​ដែល​​អតិថិជន​ក៏​ស្រុត​ចុះ​ខ្លាំង​ជា​លំដាប់​ គួប​ផ្សំ​នឹង​ការ​ឡើង​ថ្លៃ​ហ្គាស​ និង​សាំងថែម​ទៀត។​ លោក​បានបន្តថាមាន​តែ​បង្ខំ​ចិត្ត​ទាំង​ដែល​កាល​ពី​មុន​លោក​ធ្លាប់​លក់​រ៉ឺម៉ក​កង់​បី​ខ្មែរ​ចោល​ ហើយ​ប្តូរ​មក​បញ្ចាំ​កង់​បី​ឥណ្ឌា ប៉ុន្តែ​លោក​មិន​នឹក​ស្មាន​ថា​មាន​វិបត្តិ​កូវីដ ទន្ទឹម​នឹង​ការ​តំឡើង​ថ្លៃ​សាំង​ផង​នោះ​ការ​ខិត​ខំ​រកចំណូល​លើ​កង់បីឥណ្ឌា​បែប​ឌីជីថល​នេះ​ ត្រូ​វ​បាត់​បង់នាពេល​ឆាប់ៗ​នេះ​។

​​អ្នក​ស្រីស្រី​ អូន ដែល​ជា​អ្នក​លក់​បន្លែ​នៅ​ផ្សារ​អូរឬស្សី បាន​ពន្យល់​ពី​បញ្ហា​ថ្លៃសាំង​ឡើង​ថ្លៃ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​លក់​បន្លែ​របស់​អ្នកស្រី​ធ្លាក់​ចុះ​ខ្លាំង​ ព្រម​ទាំង​ធ្វើ​ឱ្យ​អ្នក​ស្រី​បង្ខំ​ចិត្ត​ដំឡើង​តម្លៃ​បន្លែ​ដែល​ធ្លាប់​លក់​ក្នុង​តម្លៃ​សមរម្យ​រហូត​ដល់​ពេល​នេះ​​បរិមាណ​នៃ​ការ​លក់​ចេញ​ចេះ​តែ​ថយ​ចុះ​ទៅ​ៗ ដោយ​អតិថិជនមាន​ការ​រអ៊ូរទាំ​ពី​ការ​រក​ចំណូល​មិន​សូវ​បាន​ហើយ​បន្លែ​ឡើង​ថ្លៃ​ទៀត​។

«​សាំង​ឡើង​ថ្លៃ ប្រេង​ឡើង​ថ្លៃ​ អ្នក​ភ្ជួរដី​ឱ្យ​យើង​​ក៏​ឡើង​ថ្លៃ។ ឧទាហរណ៍​ថា ១ម៉ោង​ ៤ម៉ឺន​ (រៀល) ឥឡូវ​ឡើង​ ៥ ម៉ឺន​ (រៀល​) »។

អ្នកស្រីស្រី អូន

អ្នកស្រី​បានបន្ត​ថា ដោយ​ត្រាក់ទ័រ​សម្រាប់​ប្រើ​ក្នុងការ​ភ្ជួរ​ដី​ដាំដំណាំ​ប្រើ​ប្រេង​ម៉ាស៊ូត ដោយ​កាល​ពី​មុន​អ្នកស្រី​ចំណាយទ្វេ​ដង​ដល់​ ៩ម៉ឺនរៀលក្នុង​មួយ​កាន ដោយ​កាល​ពី​មុន​​វា​មាន​តម្លៃ​ ​ ៧ម៉ឺន​រៀល ក្នុង​មួយ​កានដែល​កើន​ឡើង​ប្រមាណ​ជា ​២ម៉ឺន​រៀល ឬ ​៥ដុល្លារ។ ហើយ​ថ្លៃ​ឈ្នួល​កម្មករ​ករឡើង​ថ្លៃ​ទទឹម​គ្នា​ដែរ គឺ​មាន​ការ​ឡើង​គុណ នឹង​២ដង បើ​ធៀប​ទៅ​នឹង​ថ្លៃ​ឈ្នួល​ដាំដំណាំ​កាលពី​មុន​ត្រឹម​ ១៥០០០​រៀល ឡើង​ដល់​ ៣០០០០រៀល។

អ្នកស្រី​បានយល់​ថា​ការ​លក់​ដូរ​បន្លែ​របស់​អ្នកស្រី​មិន​មាន​ផល​ចំណេញ​នោះ​ទេ​ គឺ​បាន​តែ​មួយ​ហូប​តែ​ប៉ុណ្ណោះ​ក្នុង​កាល:ទេស:ថ្លៃ​សាំង​ឡើង​នេះ​។ «គ្មាន​ដែល​គិត​ថា​ឱ្យ​សល់​ (​ប្រាក់​) ទេ​! រាល់​ថ្ងៃ​នេះ​! បើ​ថា​ស៊ី​មិន​ឱ្យ​ជំពាក់​គេ​ នៅ​តែ​ជំពាក់​គេ​ទៀត​»។​

លោក​ កៀត​ សាយ ដែល​ជា​អ្នក​លក់​ទឹក​អំពៅ​នៅ​ទល់​មុខ​ផ្សារ​អូរឬស្សី​បាន​ប្រាប់​ Newsroom Cambodia ថាការ​លក់​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់បើ​ធៀប​នឹង​​​ការ​លក់​នៅ​២ ទៅ​៣ ខែ​មុន​។ លោក​យល់​ថា​នេះ​ប្រហែល​មកពី​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ​ ហើយ​លោក​ក៏​បាន​ត្អូញត្អែរ​ពី​ការ​ឡើង​ថ្លៃ​សាំង​ដែរ​​ថា ៖ «មិន​ងាយ​ទេ ហើយ​យើង​ត្រូ​វ​ការ​សាំង ហើយ​សាំង​ឡើង​ម្លឹង​ៗ»។ 

លោក និង​ភរិយា​ក៏​បាន​អំពាវ​នាវ​ឱ្យ​រាជរដ្ឋា​ភិបាល​ទម្លាក់​ថ្លៃ​សាំង​ក្នុង​ពេល​ប្រទេស​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​កំឡុង​ពេល​ជំងឺ​កូវី​ដ-១៩ បន្ត​វាយ​លុក​។ ទាំង​លោក​សាយ ព្រមទាំង​ភរិយា​​​បាន​និយាយ​ព្រម​គ្នា​ថា​៖ «កាល​លើក​មុន​បា​ន​គាត់ (​លោក​នាយក​រដ្ឋមន្រ្តី​)​ស្រែក​ទៅ​ បាន​ចុះ​ (​ចុះ​ថ្លៃ​សាំង​) ខ្លះ​។ ឥឡូវ​ឡើង​ដល់​ ៤០ជាង​ជិត ​៥០​ (​៤០០០ ជិត​៥០០០ រៀល) ហើយ។ ដល់​ពេល​ទៅណា​មក​ណា​ក៏​ពិបាក​ដែរ សាំង​ឡើង​ថ្លៃ»។ ​

លោកកៀត សាយ

ដោយ​ម៉ាស៊ីន​កិន​អំពៅ​ និង​ម៉ូតូ​ភ្ជាប់​នឹង​ធុង​អំពៅ​សុទ្ធ​តែ​ត្រូវ​ការ​ប្រើប្រាស់ប្រេង​​សាំង​ អ្នក​ប្របករបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដោយ​ធ្វើ​ការ​លក់​អំពៅ​ចល័ត​ទី​តាំង​ចុះ​ឡើង​រអ៊ូ​ថា​​ការ​លក់​​ចាប់​ផ្តើម​ខាត​ចំណូល​ច្រើន​ ស្របពេល​ដែល​តម្លៃ​ប្រេង​សាំង​ឡើង​ថ្លៃ​ដូច​គ្នា​នោះ ហើយ​ការ​លក់​អំពៅ​ក្នុង​មួយ​កែវ​ ២០០០រៀល ដែល​ជា​តម្លៃ​យូរ​មក​ហើយ​ក៏​មិន​បាន​ដំឡើង​តាម​ថ្លៃ​សាំង​នោះ​ទេ​។

លោក​វន់​ ពៅ ជា​ប្រធាន​សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បា​ន​បញ្ជាក់​ពី​ផលប៉ះពាល់ធ្ងន់​ធ្ងរ​​ដល់​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​​នៅ​កម្ពុជាថា​ ផ្នែក​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ចំពោះ​អ្នក​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ មាន​ដូចជា​អ្នក​លក់​ដូរតូច​តាច​ មាន​អ្នក​​លក់​ចំណី​អាហារតាម​រទេះ អ្នក​លក់​បន្លែ​​ ព្រមទាំង​អ្នក​ប្របករបរ​ផ្នែក​វិស័យ​ដឹក​ជញ្ជូន​ដូចជា​ អ្នក​រត់​ម៉ូតូ​ឌុប កង់បី តាក់ស៊ី ជាដើមត្រូ​វ​ប៉ះពាល់​ដោយ​ផ្ទាល់​។

សព្វ​ថ្ងៃ​អ្នកប្រកបរបរ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ជាង​ ៨​លាននាក់ ដែល​ស្មើ​នឹង​ជាង​ ៨០% ក្នុងចំណោម​កម្លាំង​ពលកម្ម​នៃ​ប្រជាជន​កម្ពុជា​ជាង​ ១០លាន​នាក់ ​​ក្នុង​ប្រទេស។​ នេះយោង​តាម​លោក​ វន់ ពៅ​ ដដែល​បាន​បញ្ជាក់​ប្រាប់​ Newsroom Cambodia តាម​ទូរស័ព្ទ​ដៃ​កាលពី​ថ្ងៃ​ទី​២៤ កក្កដា​។

«អ្នក​ដែល​ប្រកប​របរ​តូច​តាច ស្ថានភាព​កូវីដ​ ប្រាក់​ចំណូល​ធ្លាក់​ចុះ​ស្ទើរ​តែ​ដល់កម្រិត​​សូន្យ អ្នកមួយ​ចំនួន​ដល់​កម្រិត​សូន្យ​ទៅ​ហើយ។ ហើយ​ឥឡូវ​ប្រេង​ឥន្ធន:ឡើង (តម្លៃ​)​ ​ថែម​ទៀត​នោះ វាជា​បញ្ហា​ធ្ងន់​ធ្ងរ​មែន​ទែន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ មិន​ថា​មុ​ខ​របរ​តូច​ឬ​មុខ​របរ​ធំទេ គឺ​ប៉ះពាល់​ទាំង​អស់​ ជាពិសេស​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ពីព្រោះ​ប្រាក់​ចំណូល​បាន​តិច​ហើយ​ អត់​មាន​តុល្យ​ភាព​ទៅ​នឹង​តម្លៃ​សាំង​ដែល​យើង​ត្រូវ​ចំណាយ​ទៅ​វិញ​ទេ»។

លោក​បណ្ឌិត​គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ បាន​ផ្ញើ​សារ​ជា​សំឡេង​តាម Telegram ​ថា​ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ទន:នេះ​ ជា​កត្តា​មួយ​ដែល​រុញ​ច្រាន​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​ធ្លាក់​ចុះ​បន្ថែម​ទៀត​ ដោយ​ហេតុ​ថា មាន​ការ​កាត់បន្ថយ​ការ​ធ្វើ​ដំណើរ​ និង​ការ​បង្កើន​ការ​ចំណាយ​លើ​ថ្លៃ​ប្រេង​ច្រើន​ដែល​ជា​ហេតុនាំឱ្យ​មាន​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ទំនិញ​ផ្សេង​ៗ។

«ការ​ឡើង​ថ្លៃ​ប្រេង​ហ្នឹងគឺ​ជា​ការ​ធ្វើ​ឱ្យ​​មាន​អតិ​ផរណា​ (​ការ​កើន​ឡើង​នៃ​ថ្លៃ​ទំនិញ ឬ​សេវាកម្ម​ទូទៅ​ក្នុង​ទី​ផ្សារ​ ក្នុង​ពេល​ជាក់​លាក់​ណាមួយ​)​ ខណ:ពេល​ដែល​​សកម្មភាព​​សេដ្ឋកិច្ច​នានា​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​សារ​វិបត្តិ​កូវីដ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោកស៊ាង​ ថៃ​ បាន​ឆ្លើយ​តប​តាម​ Telegram បាន​រំឮក​ពី​បញ្ហា​ថ្លៃ​សាំង​កើន​ឡើង​កាល​ពី​ ៦ ទៅ​ ៧​ឆ្នាំ​មុន ហើយ​ដំណោះស្រាយ​ពេល​នោះ​គឺ​ ក្រសួង​ពាណិជ្ជកម្ម​រួ​មជាមួយ​ក្រសួង​រ៉ែ និង​ថាមពល បាន​បើក​កិច្ច​ប្រជុំជា​មួយក្រុមហ៊ុននាំចូលប្រេងទាំងអស់នៅកម្ពុជា ដោយ​ចង់ឲ្យតម្លៃប្រេងក្នុងប្រទេសឡើងចុះតាមទីផ្សារអន្តរជាតិ។ ដើម្បីដោះស្រាយបញ្ហានោះ ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល បានអញ្ជើញក្រុមហ៊ុននាំចូលប្រេងទាំងអស់នៅកម្ពុជា មកប្រជុំ ពិភាក្សារកដំណោះស្រាយ គឺចង់ឲ្យតម្លៃប្រេងក្នុងប្រទេសរលាស់ ឡើងចុះតាមទីផ្សារអន្តរជាតិ។

«រហូតមកដល់ពេលនេះ ប្រេងឥន្ទន:ដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែនាំចូលពីបរទេសទាំងអស់ ដូច្នេះតម្លៃលក់រាយប្រេងឥន្ធន: គឺវាអាស្រ័យទាំងស្រុងទៅនឹងថ្លៃប្រេងលើទីផ្សារអន្តរជាតិ»។

«ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះពន្ធចំនួន ២សេនដុល្លាក្នុងសាំងមួយលីត្រ ហើយក្រុមហ៊ុនប្រេងក៏ជួយសម្ដេចតេជោ ដោយបញ្ចុះតម្លៃ ២សេនដុល្លាក្នុងសាំងមួយលីត្រដូចគ្នាដែរ។ បានន័យថា ប្រជាពលរដ្ឋទូទាំងប្រទេស ពេលចាក់សាំងមួយលីត្រ ត្រូវបានទទួលការជួយពីរាជរដ្ឋាភិបាល ចំនួន ៤សេនដុល្លារ»។ នេះ​ជាសំដី​លោក ស៊ាង​ ថៃ​ ដែល​បានប្រាប់ ​Newsroom Cambodia។

​សេចក្តី​ប្រកាស​ស្តីពី​ថ្លៃ​លក់​រាយ​ប្រេងឥន្ធន:នៅ​តាម​ស្ថានីយ៍​ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា​ ២០២១ កន្លងទៅ​នេះបាន​បញ្ជាក់​ថា​ តម្លៃ​លក់រាយប្រេង​ឥន្ធន:ចាប់​ពី​ថ្ងៃទី​១៦ ដល់​ទី​៣១​ កក្កដា​នេះ​ត្រូវ​លក់​ក្នុង​តម្លៃ​ ៤៦៥០ រៀល/លីត្រ សម្រាប់​ប្រេង​ធម្មតា និង ៣៨១០ រៀល​/លីត្រ សម្រាប់​ប្រេង​ម៉ាស៊ូត​ ដែល​ជា​តម្លៃមធ្យម​​តាម​ទី​ផ្សារអន្តរជាតិ​។ ក្រោយ​​​ពី​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន​ សែន ​សម្រេច​បញ្ចុះ​ថ្លៃ​ប្រេង​ឥន្ធន:លក់​រាយ​ចំនួន ៤ សេន​ដុល្លារ/លីត្រ តម្លៃ​សាំង​ប្រេង​ធម្មតា​លក់​ចេញ​ក្នុង​តម្លៃ​ ៤១០០ រៀល/លីត្រ និង​ ៣៦៥០ រៀល​/លីត្រសម្រាប់​ប្រេង​ម៉ាស៊ូត​៕

ខេត្តចំនួន៨ នឹងត្រូវបិទខ្ទប់ជាបណ្តោះអាសន្តដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដប្រភេទដែលតា

កម្ពុជា​បានសម្រេច​បិទ​ខ្ទប់​ខេត្ត​ចំនួន ​៨​ជាបណ្តោះ​អាសន្ន​នៅតាម​​​ព្រំដែន​កម្ពុជា​-ថៃ​ក្នុង​រយៈពេល​ ១៤​ថ្ងៃ​​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍​ដែល​បណ្តាល​មក​ពី​មេរោគ​កូវីដ-១៩​បំប្លែងថ្មី​ប្រភេទ​ដែល​តា (Delta)។

យោង​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​២៨​ ខែ​កក្កដា ឆ្នាំ​២០២១​នេះ ការ​បិទខ្ទប់​ជាប​ណ្តោះ​អាសន្ននេះនឹង​គិត​ចាប់​ពី​ម៉ោង​ ២៣:៥៩នាទីនាថ្ងៃ​ទី​២៩ ​ខែ​កក្កដា ​ឆ្នាំ​២០២១ ​រហូត​ដល់​ថ្ងៃទី​១២ ​ខែ​សីហា ​ឆ្នាំ​២០២១​។

សេចក្តី​សម្រេច​ដដែល​​នោះ​បាន​បញ្ជាក់​ថា​ខេត្ត​ទាំង​៨ ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ជាបណ្តោះ​អាសន្ន​នោះ​រួម​មាន​ ខេត្តកោះ​កុង ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​ឧត្តរមានជ័យ ខេត្ត​ព្រះ​វិហារ និង​ខេត្ត​សៀម​រាប។​

ភូមិ​សាស្ត្រ​ដែល​ត្រូ​វបាន​បិទ​ខ្ទប់​អាច​ត្រូវ​បាន​បែក​ចែក​ជា​តំបន់ក្រហម បញ្ជាក់​ពី​ការ​ឆ្លង​រាលដាលជំងឺកូវីដ​-១៩កម្រិត​​ធ្ងន់​ធ្ងរ តំបន់​លឿង​ទុំ​បញ្ជាក់​ពី​ការ​ឆ្លង​រាល​ដាល​កម្រិត​មធ្យម​ និង​តំបន់​លឿង​បញ្ជាក់​ពី​ការ​ឆ្លង​រាល​ដាល​កម្រិត​ស្រាល​នៅក្នុង​សហគមន៍ ដោយ​​សេចក្តី​សម្រេច​របស់​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ដែល​ត្រូវ​បាន​បិទខ្ទប់។ នេះ​យោង​តាម​សេចក្តី​សម្រេច​ខាងលើ​ដដែល។

សេចក្តី​សម្រេច​ដដែល​បាន​បញ្ជាក់ថា៖ «​គណៈអភិបាល​ខេត្ត​នៃ​ខេត្ត​ដែល​ត្រូវ​បាន​បិទ​ខ្ទប់មាន​ភារកិច្ច​ដើម្បី​ដាក់​ចេញ​នូវ​វិធាន​ការ​ហាម​ឃាត់ ​ឬ​វិធាន​ការ​រឹត​ត្បិត​ ជាអាទិ៍ ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរ​ក្នុង​ភូមិសាស្ត្រ​បិទ​ខ្ទប់ ឬ​ការ​ធ្វើ​ដំណើរ​ចេញ-ចូល​ឆ្លង​កាត់​ព្រំ​ប្រទល់​ភូមិសាស្ត្រ​ខេត្ត​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ ការ​ជួប​ជុំឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស សកម្មភាព​ការងារ​ មុខ​របរ ឬ អាជីវកម្ម​ និង​បម្រាមគោចរ​ស្រប​តាម​ច្បាប់​ដែល​មាន​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កំឡុង​ពេល​បិទ​ខ្ទប់​នេះ សកម្មភាព​ពាក់​ព័ន្ធ​នឹងវិស័យ​អាកាសចរណ៍​ស៊ីវិល​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​ជា​ធម្មតា​ រួម​ទាំង​ការ​ធ្វើ​ដំណើរ​ពាក់​ព័ន្ធ​នឹង​វិស័យ​នេះ៕

កម្ពុជាពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដប្រភេទដែលតា(Delta) រយៈពេល១៤ថ្ងៃ

រាជរដ្ឋាភិបាល​កម្ពុជា​នៅថ្ងៃ​ពុធ​នេះ​បាន​ដាក់​ចេញ​នូវ​សារាចរ​ឱ្យ​អនុវត្ត​បន្ទាន់​ស្តី​ពី​យុទ្ធ​នា​ការពង្រឹង​វិធាន​ការ​ប្រយុទ្ធ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ប្រភេទ​ដែល​តា​(Delta) នៅ​ទូ​ទាំង​ប្រទេស​ចំនួន ​១៤​ថ្ងៃ​ទៀត​គិត​ចាប់​ពី​ថ្ងៃទី​២៩ ​ខែ​កក្កដា ​ឆ្នាំ​២០២១ ​រហូត​ដល់​ថ្ងៃទី​១២​ ខែ​សីហា ​ឆ្នាំ​២០២១។

យោង​តាម​សារាច​របស់​​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃពុធទី​២៨​ ខែ​កក្កដា​ឆ្នាំ​២០២១នេះ នាយករដ្ឋ​មន្ត្រី​កម្ពុជា លោកហ៊ុន សែន​បាន​បញ្ជាក់​ក្នុង​សារាចរ​នោះ​ថា៖​ការ​ពង្រឹង​វិធាន​ការ​ទាំង​ផ្នែក​រដ្ឋបាល​ ទាំង​ផ្នែក​សុវត្ថិភាព​សុខាភិបាល ទាំង​ផ្នែក​ផ្លូវ​ច្បាប់​គឺ​ជា​កត្តា​សំខាន់​ដ៏​ចាំ​បាច់ បន្ថែម​ពី​លើ​វិធាន​ការ​អប់​រំ និង​ណែនាំ​នានា​កន្លង​មក ដែល​មិន​ត្រឹម​តែ​អាច​កាត់​បន្ថយ​បាន​នូវ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើត​បាន​នូវ​លក្ខណៈ​សម្បត្តិ​ ដើម្បី​ឈាន​ឆ្ពោះ​ទៅរក​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការ​រស់​នៅ​ជាមួយ​ជំងឺ​កូវីដ-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​បន្ទាប់​ពី​យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នឹង​ត្រូវ​បញ្ចប់​ដោយ​ជោគជ័យ​នា​ពេល​ខាង​មុខ​នេះ។

លោក​ហ៊ុន សែន​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ចាំ​បាច់​មួយ​ចំនួន​ និង​បន្ទាន់​ក្នុង​យុទ្ធនាការ​នេះ​ឱ្យ​គណៈអភិបាល​រាជធានី​-ខេត្ត​ទាំងអស់ ចេញ​វិធាន​ការ​រដ្ឋបាល​ និង​វិធាន​ការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ ពង្រឹង​ការអនុវត្ត​វិធាន​ការ​ច្បាប់ តាម​ភូមិ​សាស្ត្រ​រៀង​ខ្លួន​ ប្រ​កប​ដោយ​ភាព​ម៉ឺង​ម៉ាត់​ តឹងរ៉ឺង ព្រមៗ​គ្នា​កំឡុង​ពេល​យុទ្ធនាការនេះ។

លោក​ហ៊ុន សែន​បាន​បញ្ជារ​ឱ្យ​ឃាត់​ការ​ធ្វើ​សកម្មភាព​ មុខរបរ និង​អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ហាម​ជួប​ជុំ​ ឬប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈឯកជន​លើ​សពី ​១០​នាក់ ហាម​ជួប​ជុំ​គ្នា​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ អនុញ្ញាតឱ្យ​ប្រកប​អាជីវកម្ម​ជាលក្ខណៈវេចខ្ចប់ និង​ចេញ​បម្រាម​គោចរ​ពី​ចន្លោះ​ម៉ោង ​២១(ម្ភៃមួយ)​ដល់​ម៉ោង ៣(បី) ​សម្រាប់​ភូមិសាស្ត្រ​ទាំង​មូល ​ឬ​ផ្នែក​ណាមួយ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន​ជាពិសេស​ រាជធានីភ្នំពេញ ទីរួម​ខេត្ត និង​ទីប្រជុំ​ជន​នានា។ នេះ​យោង​តាម​សារាចរខាងលើ​​។

នៅ​ក្នុង​កំឡុង​ពេល​នៃ​យុទ្ធនាការ​នេះ​ លោកហ៊ុន សែន បានលោក​ទឹក​ចិត្ត​ដល់​​ក្រសួង​-ស្ថាប័ន​សាធារណៈ វិស័យ​ឯកជន ព្រម​ទាំងបុគ្គល​ឯកជន​​ប្រើ​ប្រាស់​ឧបករណ៍​តេស្ត​រហ័ស​រក​មេរោគ​កូវីដ​-១៩​ដើម្បី​ស្វែង​រក​អ្នក​វិជ្ជមាន​កូវីដ-១៩​គោល​បំណង​បង្ការ​និង​រក​ឃើញ​ឆាប់​រហ័ស​ គ្រប់​គ្រង​បាន​លឿន និង​កាត់​ផ្តាច់​ខ្សែ​ច្រវាក់​កា​រ​ឆ្លង​រាល​ដាល​បាន​ទាន់​ពេល​៕

បុគ្គលិកតវ៉ាឲ្យក្រុមហ៊ុនព្រលានយន្តហោះសៀមរាបដោះស្រាយ ក្រោយត្រូវបានបញ្ឈប់ដោយសារវិបត្តិកូវីដ

បុគ្គលិកជាង​ ១០០នាក់ កាលពីពេលថ្មីៗនេះ​បាន​​ស្នើរឲ្យក្រុមហ៊ុនព្រលានយន្តហោះនៅខេត្តសៀមរាប ឈ្មោះ VINCI/ CAMS/ SCA និងអាជ្ញាធរអាកាសចរស៊ីវិលព្រមទាំងមន្ទីរ និងក្រសួងការងារ ជួយដោះស្រាយបញ្ហាក្រោយពួកគាត់ត្រូវបានបញ្ឈប់ពីការងារដោយ​សារ​​វិបត្តិ​ជំងឺកូវីដ។

តាម​រយៈ​ទំព័រ​ហ្វេស​បុក​របស់​បុគ្គលិកម្នាក់​​ឈ្មោះ​ហួរ សុខសំណាង (Hour Soksamnang) បាន​លើក​ឡើងថា ​តាមរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុនមិនបានខាតទេ នឹងមានតែចំណេញ ហើយបានអះអាងថា ការ​បញ្ឈប់​នេះ​គឺ​ជា​គឺ​ជា​អំពើ​អ​យុត្តិធម៌​។

លោកហួរ សុខសំណាង

លោកបាន​លើក​ឡើង​ថា​ «​ការបញ្ឈប់បុគ្គលិក ១៣១នាក់នៅព្រលានយន្តហោះខេត្តសៀមរាបនេះជាការឆ្លៀតឱកាសក្នុងវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យបុគ្គលិកទទួលទុក្ខយ៉ាងធ្ងន់ធ្ងរពីអំពើអមនុស្សធម៌របស់ក្រុមហ៊ុនមួយនេះ»។

បុរស​ម្នាក់​ក្នុង​ចំណោម​បាតុ​ករ​ដ៏ទៃ​ទៀត​ដែល​ជា​បុគ្គលិក​បាន​ឈរ​បាតុកម្ម​ដោយ​លើក​បដា​ស្នើ​រឱ្យ​ក្រុម​ហ៊ុន​ (VINCI/ CAMS/ SCA) និង​ក្រសួង​ការ​ងារ​ជួយ​​ដោះ​ស្រាយ​ការ​បញ្ឈប់​បុគ្គលិក​ឱ្យ​បាន​ឆាប់​ចប់។

ស្រដៀង​គ្នា​នេះ​ ស្រ្ដី​ម្នាក់ក្នុង​ចំណោម​បាតុ​ករ​ដ៏ទៃ​ទៀត​ដែល​ជា​បុគ្គលិកបាន​ឈរ​បាតុ​កម្ម​នៅ​មុខ​ក្រុម​ហ៊ុន​ថា ​«ខ្ញុំស្នើរ​ឱ្យ​ក្រុម​ហ៊ុន​ (VINCI/ CAMS/ SCA) ​ក្រសួង​ការ​ងារ​ អាជ្ញាធរអាកាស​ចរណ៍ជួយ​​ដោះ​ស្រាយ​ការ​បញ្ឈប់​បុគ្គលិក ​១៣១នាក់​ឱ្យ​បាន​ឆាប់​ចប់ មិនត្រូវ​ពន្យា​ពេល​ទៀត​ទេ​»។

បុគ្គលិក​ផ្នែក​បម្រើអតិថិជន​ លោក​មុំ​ សឹម​សីហា បានផ្ដល់​កិច្ច​​សម្ភាសន៍​មក​កាន់​Newsroom Cambodia ​ថា​ការ​បញ្ឈប់​នេះ​ផ្ទុយ​ច្បាប់​ទាំង​ស្រុង​ ដោយ​សារ​ក្រុម​ហ៊ុន​មិន​បាន​ជូន​ដំណឹង​ជា​មុន​ ជា​ពិសេស​បញ្ឈប់​តែ​បុគ្គលិកណា​ដែល​មាន​ប្រាក់​អតី​ត​ភាព​ការ​ច្រើន​។

លោក​លើក​ឡើង​ថា ​«​ជាក់​ស្ដែង​ខ្ញុំ​មាន​អតី​តភាព​ការ​ងារ ​១៩​ឆ្នាំ​មក​ហើយ​ តាម​មាត្រា​៩៥​នៅ​ពេល​គេ​បញ្ឈប់​បុគ្គលិក​​​​​ ពេល​គេ​កាត់​បន្ថយ​បុគ្គលិក​ហ្នឹង​ អ៊ីចឹង​អ្នក​ដែល​មាន​អតីតភាព​ការងារ​យូរ​ គេ​អត់​បញ្ឈប់​ទេ​ គេ​បញ្ឈប់​តែ​អ្នក​មាន​​អតីតភាព​ការងារតិច​ជាង​»។​

ដូចគ្នា​នេះ​ដែរ​ លោក​ស្រីថុល ណាមុន្នី​ បុគ្គលិក​ទទួល​បន្ទុក​ផ្នែក​សេវាកម្ម​រថយន្ត​សម្រាប់​ភ្ញៀវចេញ​ចូល​ប្រលាន​យន្តហោះ​ ដែល​មាន​អតី​តភាពការងារ​ចំនួន ​១៦ឆ្នាំ​ បានលើក​ឡើង​ថា ការ​បញ្ឈប់​នេះ​ខុស​ច្បាប់​ទាំង​ស្រុង​ ដោយ​សារ​ក្រុម​ហ៊ុន​មិន​បាន​ជូន​ដំណឹង​ជា​មុន​ ជា​ពិសេស​បញ្ឈប់​តែ​បុគ្គលិកណា​ដែល​មាន​ប្រាក់​អតី​ត​ភាព​ការ​ច្រើន​។ លោក​ស្រី​ក៏​បាន​លើក​ឡើង​ដែរ​ថា​ក្រុមហ៊ុន​ក៏​បាន​ទូ​ទាត់​សំណង​ តែ​អ្នកស្រី​បាន​យល់ថា​​​ក្រុមហ៊ុន​មិន​បាន​ទូរទាត់​បាន​គ្រប់​ចំនួន​នោះ​ទេ។​​

ប្រធាន​នាយ​ក​ដ្ឋាន​ដោះ​ស្រាយ​ទំនាស់​នៅ​ខេត្ត​សៀម​រាប​ លោក​ផេង​ ឈាងលី​ បានផ្ដល់​កិច្ច​​សម្ភាសន៍​មក​កាន់​ Newsroom Cambodia ថាលោក​មិន​ដឹង​ថា​ក្រុម​ហ៊ុន​រកស៊ី​ដោយ​វិធី​ណានោះ​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​ក្រុម​ហ៊ុន​នោះ​ចំនេញ​ ឬ​ខាតនោះ​ដែ​រ ប៉ុន្តែ​ទាំង​កម្មករ​និយោជិត និង​និយោជក​ ត្រូវ​តែ​គោរព​ច្បាប់​។

លោក​ផេង​ ឈាងលី​ បាននិយាយថាលោក​យល់​ថា​ក្រុម​ហ៊ុន​ដូចជា​បាន​ធ្វើ​ស្រប​តាម​ច្បាប់​ការ​ងារ​ហើយ​។ លោកបាននិយាយ​ថា ​«ក្រុម​ហ៊ុន​បាន​ទូ​ទាត់​ប្រាក់​បំណាច់

​អតី​តភាព​ការ​ងារ​ទៅតាម​ការ​ណែ​នាំ​ដែល​មាន​តាម​ការ​បញ្ចាំង​ស្លាយ​ កម្ម​ករ​និយោជិត​ក៏​បាន​ចូលរួម​ក្នុង​កម្ម​វិធី​នេះ​ នេះ​ជា​ការ​ធ្វើបទ​បង្ហាញ​ដោយ​ក្រសួង​ការ​ងារ​រួច​ហើយ​ បើ​មាន​បញ្ហាអី​គួរតែ​ជជែក​គ្នា​ពេល​ហ្នឹង​ទៅ​»។

នាយក​ប្រតិបត្តិទំនាក់​ទំនងសាធារណៈ​លោក Khek Norinda បាន​ប្រាប់​ Newsroom Cambodia ថាដោយ​សារ​តែ​វិបត្តិ​ជំងឺកូវីដ​នេះ​ ទើប​ក្រុម​ហ៊ុន​បានបង្ខំ​សម្រច​ចិត្ត​បញ្ឈប់​បុគ្គលិក​ និង​ក្រុម​ហ៊ុន​ក៏​បាន​ផ្ដល់​កញ្ចប់​សំណង​ដែល​ស្រប​ទៅ​តាម​ច្បាប់​ការងារ​រួចហើយដែរ​។

លោក​ក៏បាន​បន្ដែមថា​សូម​ឱ្យ​មាន​ការ​យក​យល់​ទាំងអស់​គ្នាក្នុង​ស្ថាន​ភាព​បែប​នេះ​ ហើយ​ការ​ទ្រង់ទ្រងក្រុមហ៊ុន​ និងរក្សា​បុគ្គលិក​ គីជា​រឿង​សំខាន់ដែរ​​។ លោកបាន​លើក​ឡើង​ថា «វាជាការពិតដ៏ក្រៀមក្រំនៃវិបត្តិដោយសារជំងឺរាតត្បាតកូវីដ ១៩ ដែលបានបង្ខំឱ្យក្រុមហ៊ុនបញ្ឈប់បុគ្គលិករបស់ខ្លួនខ្លះនៅឯព្រលានយន្តហោះខេត្តសៀមរាប»។

លោកបាននិយាយថាក្រុមហ៊ុនបានបញ្ឈប់និយោជិកចំនួន ១៣០នាក់ កាលពីខែធ្នូឆ្នាំ ២០២០ បន្ទាប់ពីចំនួនអ្នកដំណើរនៅព្រលានយន្តហោះសៀមរាបបានធ្លាក់ចុះ ចំនួន ៨៤ ភាគរយសម្រាប់ឆ្នាំ ២០២០។

លោក Khek Norinda  បាននិយាយថា «យើងបារម្ភថាឆ្នាំ ២០២១ រឹតតែពិបាកថែមទៀត។ ស្ថានភាពនេះកាន់តែអាក្រក់ទៅៗ ហើយ ៦ខែដំបូងក្នុងឆ្នាំ ២០២១ ឃើញថាចរាចរណ៍បានធ្លាក់ចុះ ៩៩,៩% ហើយភាពមិនប្រាកដប្រជាជាច្រើននៅខាងមុខ»៕

ក្រសួងប្រកាសប្រឆាំងនឹងការកេងចំណេញលើឧបករណ៍តេស្តអង់ទីហ្សែនកូវីដ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីពេលថ្មីៗ​នេះបាន​ប្រកាសពីវិធានការចំពោះជនឆ្លៀតឱកាសដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែល​ខុស​ពី​គោល​ការណ៍​កំ​ណត់​ថា​ ឧបករណ៍​នេះ​អាច​ទិញ​បាន​តែ​ក្នុង​គោល​ដៅ​ប្រើ​ប្រាស់​ប៉ុណ្ណោះ។

សេចក្តីប្រកាសព័ត៌មានដែលបានចេញនៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ ហើយបានទៅចុះចាត់វិធានការភ្លាមៗនៅទីតាំងចំនួន៥ និងរឹបអូសឧបករណ៍តេសចំនួន ៤,២៥០គ្រឿងដែលឧបករណ៍តេស្តទាំងនោះបានបញ្ជាទិញពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ការទិញឧបករណ៍តេសពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍យកទៅធ្វើអាជីវកម្មបន្តនេះពុំបានផ្ដល់ផលប្រយោជន៍អ្វីឡើយដល់ប្រជាពលរដ្ឋ ក៏ប៉ុន្តែនាំឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ស្របពេលកំពុងជួបលំបាកពីជំងឺកូវីដ១៩។

សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍នឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកំណត់មុខសញ្ញាជនឆ្លៀតឱកាស ហើយចាត់វិធានឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនបណ្ដោយឱ្យជនឆ្លៀតឱកាសទាំងនោះនៅបង្កបញ្ហា និងរំលោភបំពានលើគោលការណ៍កំណត់របស់ក្រសួង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រសួងកំពុងបន្តនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយក្នុងតម្លៃដើមត្រឹមតែ ៣,៧ដុល្លារអាម៉េរិក ហើយធ្វើការចែកចាយបន្តពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ជាមធ្យមក្នុងមួយថ្ងៃចំនួន ៣៥០ប្រតិបត្តិការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដោយផ្ដល់អាទិភាពលើទីតាំងដែលកំពុងជួបហានិភ័យខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩៕

Vox Pop: បទពិសោធន៌ និងជីវិតពលករខ្មែរនៅកូរ៉េ ក្រោយវិលត្រលប់មកកម្ពុជាវិញ

ពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូងមួយចំនួនយូរឆ្នាំ ដែលបានវិលត្រលប់មកកម្ពុជាវិញ ត្រូវរស់នៅក្នុងបរិកាសថ្មី ខ្លះបានជួបផលលំបាកក្នុងការរស់នៅ ក៏ដូចជាលំបាកក្នុងការងារផងដែរ។

សិក្ខាកាម Newsroom Cambodia អ្នកស្រីសុផាត​ មករា បានសម្ភាសន៏អតីតពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េចំនួន ៥រូប ពីផលលំបាកក្នុងការរស់នៅ និងធ្វើការនៅប្រទេសកម្ពុជាក្រោយពីពួកគេត្រលប់មកពីប្រទេសកូរ៉េ វិញ។

លោកថន សីហា មានអាយុ៣១ ឆ្នាំ សព្វថ្ងៃលោកជានាយកប្រតិបត្តិក្រុមហ៊ុន We Strong Global ហើយជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ បាននិយាយថា​ ការមករស់នៅប្រទេសកម្ពុជាវិញមានការជួបផលលំបាកជាច្រើន មិនត្រឹមតែការរស់នៅទេ សូម្បីតែការធ្វើ ឬរកស៊ីក៏ជួបផលលំបាកច្រើនដែរ។​

លោកថន សីហា

លោកបាននិយាយថា៖ «ប្រសិនជានិយាយពីផលលំបាកសំរាប់ការដែលវិលមករស់នៅកម្ពុជាវិញ គឺច្រើនណាស់ ប្រសិនជាកត់ក្នុងសៀវភៅវិញគឺមិនតិចជាង ២០០ទំព័រទេសំរាប់ផលលំបាក។ ផលលំបាកទី១សំរាប់ការរកស៊ីវិញ គឺថាយើងនៅក្មេងខ្ចី ខ្វះបទពិសោធ ខ្វះចំនេះដឹង ខ្វះដើមទុន ជាពិសេស ខ្វះធនធានក្នុងការចាប់ផ្តើមធ្វើការរកស៊ីតែម្តង។ សំរាប់ទី២វិញ គឺដើមទុន យើងគ្មានលទ្ធភាពក្នុងការចាប់ផ្តើម និងទុកបំរុងក្នុងការចាប់ផ្តើមអាជីវកម្ម ហើយម្យ៉ាងទៀតគឺការគ្រប់គ្រងបុគ្គលិកព្រោះនេះជាបញ្ហាដែលកើតឡើងមានសឹងតែរាល់ថ្ងៃដែលជាបញ្ហាដែលខ្ញុំជួប»។

លោកបានបន្តទៀតថា៖ «ជាក់ស្តែងដូចខ្ញុំកាលពីរស់ប្រទេសកូរ៉េ យើងគិតរឿងមួយ តែពេលដែលយើងមកដល់ខ្មែរ អ្វីដែលយើងគិតនោះគឺរឿងមួយផ្សេងទៀត ជាមួយនិងបរិបទថ្មីនៅកម្ពុជាគឺវាអាចនឹងមិនត្រូវទាំង ១០០ភាគរយឡើយ ដូច្នេះយើងត្រូវតែសិក្សាស្វែងយល់ជាមុន មុននឹងយើងចាប់ផ្តើមធ្វើវា»។

លោកថន សុបិន អាយុ៣១​ឆ្នាំ ម្ចាស់យីហោ Khmer Sarada អតីតពលករនៅប្រទេសកូរ៉េត្បូង បាននិយាយថា ការមករស់នៅ ប្រទេសកម្ពុជាវិញគឺជួបផលលំបាកជាច្រើន មិនថាចំពោះការរស់នៅ ឬការធ្វើការរកស៊ីនោះទេ។ ជាពិសេសរកស៊ីក្នុងសម័យការកូវីដនេះតែម្តង លោកថាមិនទាន់បាន ១ឆ្នាំផង មានតែការចំនាយ ហើយចំនូលវិញ គឺសឹងតែមើលមិនឃើញ។

លោកថន សុបិន

លោកបាននិយាយថា៖ «សំរាប់ខ្ញុំការរស់នៅក្នុងប្រទេសកម្ពុជាវិញ មិនសូវជាលំបាកជាងការ រកស៊ីប៉ុន្មាននោះទេ ព្រោះវាជាប្រទេសកំណើតរបស់យើង គ្រាប់តែដំបូងៗ​ មិនទាន់ទម្លាប់បាន ផលលំបាកចំបងគឺការរកស៊ីតែម្តង»។

លោកបានបន្តទៀតថា៖ «អ្វីដែលខ្ញុំសប្បាយចិត្តក្នុងការមករស់នៅស្រុកខ្មែរ ដូចជាជិតផ្ទះយើង ខ្ញុំចង់ទៅផ្ទះពេលណាក៏បាន ហើយយើងអាចរៀនសូត្រពីអ្វីដែលថ្មីៗជាច្រើន ដូចជាការចាប់ផ្តើមរកស៊ីដោយខ្លួនបែបនេះ»។

លោកពេជ្រ ចិន្តា អាយុ២៦ ឆ្នាំ អតីតពលករធ្វើការនៅប្រទេសកូរ៉េត្បូង បាននិយាយថា ការត្រលប់មករស់នៅប្រទេសកំណើតវិញ គឺជួបផលលំបាកជាច្រើន ត្រង់ថា ធ្លាប់តែទទួលបានប្រាក់ខែពាន់ៗរាល់ខែ តែមកដល់វិញសូម្បីតែ ២០០ដុល្លា ក៏រកមិនចង់បានដែរ។

លោកពេជ្រ ចិន្តា

លោកបាននិយាយថា៖ «សំរាប់ខ្ញុំ អ្វីដែលជា ផលលំបាកបំផុតគឺ ការបាត់បង់ចំនូលដ៏ធំ មួយផ្នែករបស់ខ្ញុំ ចំណែកការរស់នៅវិញ វាមានការលំបាក ត្រង់ការធ្វើដំណើរ ។ ក្រោយមកពីកូរ៉េមក ខ្ញុំមករស់នៅ ខេត្តកំពង់ឆ្នាំង វាឆ្ងាយពីភ្នំពេញ ដូច្នេះខ្ញុំពិបាកក្នុងការធ្វើដំណើរទៅចុះឡើង តែបើខ្ញុំនៅកូរ៉េវិញ ខ្ញុំអាចធ្វើដំណើរចុះឡើងបានស្រួលដោយសារនៅកូរ៉េយើងមានរថភ្លើង ឡានក្រុង ហើយផ្លូវក៏ងាយស្រួលទៀត»។

លោកបានបន្តទៀតថា៖ «មិនថាខ្ញុំ​ ឬពលករផ្សេងទេ គឺចឹងត្រលប់ទៅកូរ៉េ វិញ ព្រោះនៅទីនោះយើងអាចធ្វើការទទួលប្រាក់ខែដូចមុន។ បើទោះបី យើងមានជំនាញខ្លះពីការធ្វើការនៅប្រទេសកូរ៉េក៏ដោយ តែចំនេះជំនាញរបស់យើងដូចជាមិនទាន់មានតំរួវ ដូចនៅកូរ៉េទេ»។

លោកសុខ រដ្ឋា អាយុ២៨ឆ្នាំ ជាអតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង បាននិយាយថា ការមករស់ក្នុងប្រទេសកំណើតវិញវាប្រាដកជាជួបបញ្ហាហើយ តែយើងអាចរស់នៅបាន។

លោកសុខ រដ្ឋា

លោកនិយាយថា៖ «សម្រាប់ខ្ញុំការមករស់នៅប្រទេសកម្ពុជាវិញ វាមិនសូវជាមានផលលំបាកនោះទេ យើងធ្វើការខ្លះ រៀនខ្លះ និងជួយការងារសង្គមខ្លះ។ សម្រាប់ខ្ញុំ រស់នៅតាមក្តីសុបន្តិ ទោះបីមិនមានលុយចាយក៏ខ្ញុំសប្បាយចិត្តដែរ។ អ្វីដែលខ្ញុំលំបាកបំផុតការរកស៊ី»។​

កញ្ញាអ៊ូញ ស្រីមុំ អាយុ៣០ឆ្នាំ អ្នកលក់អចលនទ្រព្យនៅខ្មែរ អតីតពលករធ្វើការនៅកូរ៉េ បាននិយាយថា ការវិលត្រលប់មកកម្ពុជាវិញ បានជួបការលំបាកជាច្រើនមិនថាតែការរស់នៅ ឬការរកស៊ីនោះទេ។ ប៉ុន្តែអ្វីដែលកញ្ញាជួបលំបាកខ្លាំងជាងគេនោះគឺការរកស៊ីតែម្តង ព្រោះកញ្ញាបានបញ្ជាក់ថា ការត្រលប់មកវិញដូចជាការចាប់ផ្តើមធ្វើអ្វីៗថ្មីទាំងអស់។​​ កញ្ញាបានអះអាងថា​ ខែខ្លះ រកតែ ១០០ដុល្លាសឹងតែមិនបានផង ដូច្នេះវាពិតជាប៉ះដល់ជីវភាពរបស់កញ្ញាខ្លាំងមែនទែន។

កញ្ញាអ៊ូញ ស្រីមុំ

កញ្ញាបានបន្តថា៖ «ចន្លោះខ្វះខាតមួយចំនួនដែលយើងមិនសូវបានយកចិត្តទុកដាក់នោះគឺ ការកំណត់គោលដៅអោយបានត្រឹមត្រូវ​ ព្រោះយើងគិតតែធ្វើការអោយគេ ដូច្នេះធ្វើអោយយើងភ្លេចគិតពីការទំនាក់ទំនងក្នុងសង្គមខ្មែររបស់យើង ដល់ពេលដែលយើងមកដល់អ្វីៗត្រូវចាប់ផ្តើមសារថ្មីម្តងទៀត»។

កញ្ញាក៏បានបន្តទៀតថា៖ «យើងជាមនុស្សថ្មីគេមិនសូវស្គាល់យើង នៅពេលដែលយើងមានគំរោង ឬការមានផលិតផលអ្វីសំរាប់លក់ទៅអោយគេនោះ គឺពិបាកលក់មែនទែន អាចនិយាយបានថាសម្រាប់ខ្ញុំទំនាក់ទំនងលក់ដូរនៅខ្មែរគឺពិបាក តែបើលក់ដូរអោយអ្នកនៅកូរ៉េគឺមានភាពងាយស្រួលជាង»។

កញ្ញាបន្តទៀតថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនដែលមានឱកាសចេញទៅធ្វើការនៅក្រៅប្រទេស សូមយកចិត្តទុកដាក់ និងប្រើប្រាស់វេលាអោយមានតំលៃ ត្រូវតែរក្សាទំនាក់ទំនងក្នុងស្រុកខ្មែរអោយបានច្រើន បើមិនដូច្នោះទេ យើងនឹងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ប្រសិនបើយើងមិនគិតគូរមុនពេលយើងត្រលប់មកវិញ ហើយអាចឈានទៅមានបញ្ហាបាក់ទឹកចិត្ត លេងចង់ធ្វើការថែមទៀតផង»៕

អ្នកអភិរក្សសត្វព្រៃ អំពាវនាវឱ្យពលរដ្ឋខ្មែរបញ្ឈប់ការបរិភោគសត្វព្រៃ ក្រោយរកឃើញកូនសត្វកម្រខ្លាពពកជាប់អន្ទាក់ស្លាប់

អ្នកអភិរក្ស​សត្វ​ព្រៃ​ បានអំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បញ្ឈប់​ការ​បរិភោគ​សត្វ​ព្រៃ បន្ទាប់ពីមានកូន​សត្វ​ខ្លាពពកមួយក្បាល ​ដែល​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ ​បាន​ស្លាប់ដោយសារជាប់​អន្ទាក់​ក្នុង​​ព្រៃ ក្នុងខេត្ត​កំពត​។

យោង​តាម​សេចក្តីប្រកាសព័ត៌មាន​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​ ( Wildlife Alliance Cambodia ) នៅ​ថ្ងៃ​សុក្រ​ ​កូន​សត្វ​ខ្លាពពក​​មួយ​ក្បាលនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មជ្ឈមណ្ឌល​សង្រ្គោះ​សត្វ​ព្រៃ​ភ្នំ​តា​ម៉ៅ​ ដើម្បី​ព្យាបាល​របួស​ពី​សំណាក់​គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​បសុព្យាបាល​។ ទោះ​បី​ជា​ការ​វះកាត់​ប្រព្រឹត្តិ​ទៅ​ដោយ​ជោគ​ជ័យ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ដោយ​សារសភាព​ទន់​ខ្សោយ​ខ្លាំង​ ​កូន​សត្វ​កម្រ​នេះ​​បាន​បាត់បង់​ជីវិត​ក្រោយ​ការ​វះ​កាត់​ពីរ​ថ្ងៃ ក្រោយ​ត្រូវបាន​មនុស្ស​ចាប់​ចង​ជើង ក្បាល និង​ថ្គាម​របស់​វា​អស់​រយ:ពេល​ពីរ​ថ្ងៃ​មុន​ពេល​ដែល​មូល​ដ្ឋាន​ប៉ូលីស​បាន​ទៅ​ដល់​។

លោក​និក ម៉ាក ( Nick Marks ) នាយក​កម្មវិធី​សង្គ្រោះ​ និង​ថែទាំ​សត្វ​ព្រៃ​នៃ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖ «អន្ទាក់​សម្លាប់​ ហើយ​អន្ទាក់​រាប់​ពាន់​ត្រូវ​បាន​ដាក់​ពាស​ពេញ​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​លទ្ធផល​ចុង​ក្រោយ​នឹង​ក្លាយ​ជា​ព្រៃ​ទទេ​ស្អាត។ ហានិភ័យ​អន្ទាក់​គឺ​ច្បាស់​។ ប្រសិន​បើ​ច្បាប់​តឹង​រឹង​មិន​ត្រូវ​បាន​អនុវត្ត​ឆាប់​ទេ​ ព្រៃ​កម្ពុជា​នឹង​គ្មាន​សត្វ​ព្រៃ​នៅ​សល់​ឡើយ​»។

​ការ​លើក​ឡើង​របស់​លោក​និក​ ម៉ាក បានទទួលអ្នក​​ប្រតិកម្ម​ប្រមាណ​ជាង ​១០០០នាក់​ ក្នុង​រយ:ពេល​១០​ម៉ោង​ លើ​សារ​បង្ហោះ​សារនេះ​។

អង្គការ​អភិរក្សសត្វព្រៃ​ប្រចាំ​នៅ​កម្ពុជា​​ដែល​ហៅ​កាត់​ថា​ WAC បាន​បញ្ជាក់​ថា​ខ្លួន​ចូលរួម​សហការជាមួយ​ក្រសួង​បរិស្ថាន​ក្នុង​ការ​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​កម្ពុជា​ឱ្យ​ឈប់​បរិភោគ​សត្វ​ព្រៃ​តទៅ​ទៀត​។

Newsroom Cambodia មិន​អាច​ទាក់ទ​ង​ទៅ​លោកនេត្រ​ ភក្រា​ អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​បាន​ទេ​។

កាលពី​ទិវា​សត្វ​ព្រៃ​ពិភព​លោកថ្ងៃទី​៣ មីនា ឆ្នាំ​២០២០ ក្រសួង​បរិស្ថាន​បាន​អំពាវនាវ​ ប្រជាពលរដ្ឋ​កុំ​បរិភោគ​សាច់សត្វ​ព្រៃ ព្រោះ​មាន​មេរោគ និង​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ដែល​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​សុខភាព​។ ក្នុងនោះ​ក្រោយពី​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ប្រទេស​ចិន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​បរិភោគ​សាច់សត្វ​ព្រៃ និង​កុំ​ជួញដូរ​សត្វព្រៃ​។

គួរ​បញ្ជាក់​ដែល​ថា ​វត្ត​មាន​សត្វ​ខ្លា​ពពក​ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​ជំនាញ​របស់​ក្រសួង​បរិស្ថាននៅ​ភូមិ​ភាគ​ឥសាន និរតី និង​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា។ ខណ:ខ្លាពពក​ស្ថិត​ក្នុង​ក្រុម​ជិត​ផុត​ពូជ​ ​ដែល​ទទួល​រង​នូវ​ការ​គំរាម​គំហែង​តាមរយ:ការ​បរបាញ់ ការ​បាត់បង់​ទី​ជម្រក​ដែល​វា​ធ្លាប់​ស្វែង​រក​ចំណី​ និង​រស់នៅ​ ​ព្រមទាំង​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​ សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ (IUCN)​ ​ថា​ជា​ប្រភេទ​សត្វ​ព្រៃ​ងាយ​រង​គ្រោះ​ថ្នាក់​នៅ​ក្នុង​ពិភពលោក​។ នេះ​​យោង​តាម​ក្រសួង​បរិស្ថាន៕ 

អ្នកការពារសិទ្ធិ និងបរិស្ថានថា ការចោទប្រកាន់បន្ថែម​លើ​សកម្មជនមាតាធម្មជាតិ គឺជាបំបាក់ស្មារតីសកម្មជន​ផ្សេងទៀត​

អ្នកការពារសិទ្ធិ និងបរិស្ថាន​យល់​ថា ​ការ​​ចោទ​ប្រកាន់​​បន្ថែមលើសកម្ម​ជន​ចលនា​មាតា​ធម្មជាតិ​​បី​នាក់​លើ​បទ​រួមគំនិតក្បត់ គឺ​ជាការ​យាយី​ និង​បំបាក់​ស្មារតី​លើ​សកម្មជនបរិស្ថាន​​។​

​សកម្ម​ជន​បរិស្ថាន​ទាំង​បី​រូបរួម​មាន​លោក​ថុន ​រដ្ឋា​ កញ្ញា​ភួង កែវរស្មើ និងកញ្ញាឡុង គន្ធា ត្រូវបានតុលាការ​ក្រុងភ្នំពេញសម្រេច​ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី១៨ ទៅ២០ខែ ក្រោម​បទ «ញុះញង់» លើ​សកម្មភាពរបស់ពួកគេកាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២០។ អ្នក​ទាំង​បី​ត្រូវ​បាន​សាក​សួរ​ដោយ​ចៅ​ក្រម​ស៊ើប​សួរ​ក្នុង​សប្ដាហ៍​នេះ​ ពាក់​ព័ន្ធ​នឹង​បទ​រួម​គំនិត​ក្បត់​​ដែល​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​​​រហូត​ដល់​១០​ឆ្នាំ​​ ប្រសិន​បើ​រកឃើញថាមាន​ទោស។

លោក​ស្រី​ ចក់​ សុភាព​ ​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ប្រាប់​ Newsroom Cambodia ថា ​សកម្មភាព​របស់​សកម្មជន​បរិស្ថានទាំងបី​រូបគឺមាន​ចេតនា​ក្នុង​កា​រពាំនាំ​កង្វល់​ចំពោះ​បញ្ហា​បរិស្ថាន​ហ្នឹង​ទៅជូន​អាជ្ញា​ធរដើម្បី​ដោះស្រាយ។

លោកស្រី​បញ្ជាក់​ថា៖ «យើង​ឃើញ​កន្លង​មក​នេះ​មាន​ការ​យាយី​ និង​មាន​ការ​ចោទ​ប្រកាន់​ច្រើន​ច្រើន​លើ​សកម្ម​ជន​ ជាពិសេស​យុវជន​បរិស្ថាន​ ហើយ​អង្គការ​សង្គម​ស៊ី​វិល​យើង​ធ្លាប់​លើក​រួច​មក​ហើយ​ថា​ សកម្មភាព​នៃ​ការ​ថត​រូប​ភាព​ការ​ពារ​បរិស្ថាន​ឬក៏​ធន​ធាន​ធម្មជាតិ​នេះ​មិន​គួរ​ជា​បទ​ល្មើស​នោះ​ទេ​ ហើយ​គ្រប់​សកម្មភាព​របស់​ពួកគេ​ដែល​ត្រូវ​បាន​ដែល​ត្រូវ​បាន​សារទរ​ និង​កង្វល់​នានា​ហ្នឹង​ គួរតែ​យក​ទៅ​ដោះ​ស្រាយជា​ជាង​ដែល​ការ​ចោទ​ប្រកាន់​ ឬក៏យាយី​ពួកគាត់​ម្ដង់​ហើយ​ម្ដង​ទៀត»។

លោកស្រី​បន្ថែម​ថា ការ​ចោទ​ប្រកាន់​បន្ថែម​លើ​សកម្មជន​បរិស្ថាន​​នេះ ​គឺ​ជា​ការ​យាយី​មក​លើ​សកម្មជន​បរិស្ថាន។

លោកស្រី​លើក​ឡើង​ថា៖ ​«​យើង​ឃើញ​កន្លង​មក​នេះ​មាន​ការ​យាយី​ និង​មាន​ការ​ចោទ​ប្រកាន់​​ច្រើន​​​លើ​​សកម្ម​ជន​ ជាពិសេស​យុវជន​បរិស្ថាន​ ហើយ​អង្គការ​សង្គម​ស៊ី​វិល​យើង​ធ្លាប់​លើក​រួច​មក​ហើយ​ថា​ សកម្មភាព​នៃ​ការ​ថត​រូប​ភាព​ការ​ពារ​បរិស្ថាន ​ឬក៏​ធន​ធាន​ធម្មជាតិ​នេះ​មិន​គួរ​ជា​បទ​ល្មើស​នោះ​ទេ»។

អ្នកស៊ើបអង្កេតបទ​ល្មើស​ព្រៃឈើ​នៃ​បណ្តាញ​យុវជន​កម្ពុជា​ (CYN) លោក ​ម៉ា ចិត្រា​ បាន​លើក​ឡើង​ថា​ការ​ចោទ​ប្រកាន់​នេះ​គឺ​ជាការ​បំបាក់​ស្មារតី​លើ​អ្នកការពារបរិស្ថាន​។

លោកបញ្ជាក់ថា៖ ​«​ការ​ចោទ​ប្រ​កាន់​បន្ថែម​ទៅ​លើ​សកម្ម​ជន​បរិស្ថាន​៣នាក់​ពី​បទ​រួម​គំនិត​ក្បត់​អី​ហ្នឹង​ ខ្ញុំ​គិត​ថា​ជា​គ្រាន់​តែ​ជា​ការ​បំបាក់​ស្មារតី​របស់​ពួកគាត់​ទេ​ ហើយ​មិន​ត្រឹម​តែ​ពួក​គាត់​ទេ​គឺ​យុវជន​ផ្សេង​ទៀត​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ការ​ពារ​បរិស្ថាន​»។

Newsroom Cambodia មិន​អាច​​ទាក់​ទងសុំ​ការ​អត្ថាធិប្បាយ​ពី​​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ លោក ប្លង់​​ សុផល បាន​ទេ។

លោក ​ថុន ​រដ្ឋា​ កញ្ញា ​ភួង កែវរស្មើ និងកញ្ញា ឡុង គន្ធា ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២០​ និង​​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​​ចោទ​ប្រកាន់​ពី «​បទ​រួម​គំនិត​ក្បត់» ពាក់​ព័ន្ធ​សកម្មជន​បី​​នាក់​ផ្សេង​ទៀត​​ដែល​បាន​ចាប់​ខ្លូន​កាល​ពី​ខែ​មិថុនា ឆ្នាំ​​២០២១។

សកម្មជន​បរិស្ថាន​ចលនា​មាតា​ធម្មជាតិ​ចំនួន​បីផ្សេងទៀតរូប ​រួមមាន កញ្ញា ស៊ុន រដ្ឋា អាយុ​២៦ឆ្នាំ​​ លោកយឹម លាងហ៊ី អាយុ​៣២ឆ្នាំ លោកលី ចន្រ្ទាវុធ អាយុ​២២ឆ្នាំ​ ត្រូវ​បាន​​ចោទ​ប្រកាន់​ដោយ​សាលា​ដំបូងរាជធានីភ្នំពេញ និង​បញ្ជូន​​ទៅពន្ធនាគារ​នៅថ្ងៃទី២១ ខែ​មិថុនា​ ឆ្នាំ​២០២១ ពីបទរួមគំនិតក្បត់​ និងបទប្រមាថ​ព្រះមហាក្សត្រ​៕

បទយកការណ៍៖ កម្មករស៊ីនទ្រីរាប់រយនាក់ត្រូវបញ្ឈប់​ខណៈជីវភាពដុនដាបស្របពេលជំងឺកូវីដបន្តរុកគួន

នៅ​ម៉ោងប្រមាណ​ជា​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកក្កដា អ្នកស្រី ទង់ រ៉ន ​អតីតកម្មករ​បោស​សំរាម​របស់​ក្រុម​ហ៊ុន​ស៊ីនទ្រីបាន​ដើរ​ចេញ​ពី​កន្លែង​បើក​លុយ​នៅ​​ហ្គារ៉ាស់ស៊ីនទ្រី​ក្នុង​ខណ្ឌ​ដង្កោរ រាជធានី​ភ្នំពេញ​ជាមួយ​កម្មការីនី​​ជា​ស្រ្តីវ័យ​ចំណាស់ៗ​ដូចគ្នា​បណ្តើរ​ និយាយត្អូញត្អែរបណ្តើរ​ អំពី​ការ​បញ្ឈប់​បុគ្គលិក​​ ដែល​មាន​ទាំង​ឈ្មោះ​របស់​ពួកគេ​ផង​​​។

អ្នកស្រី​វ័យ៦១​​ឆ្នាំ សម្បុរ​ខ្មៅ​ស្រអែម​ សក់​រួញ​អង្គាដី​ប្រះស្មា មាន​​​ស្នាមជ្រីវជ្រួញ​នៅ​លើដៃ​ដែល​ចេញ​សរសៃរ​ដោយ​សារ​ការ​ធ្វើការងារ​ប្រើកម្លាំងដៃ​ខ្លាំង និយាយ​ប្រាប់ Newsroom Cambodia ​ដោយមាន​​ចងចិញ្ចើម​​លើ​ផ្ទៃមុខ​ជ្រីវ​ជ្រួញរបស់​ខ្លួន​ថា៖ «ពួកខ្ញុំសុទ្ធតែធ្វើនៅ​ហ្នឹង​២០​ឆ្នាំ​ជាង​ហើយ​​។ គេ (ក្រុមហ៊ុនស៊ីនទ្រី) បញ្ឈប់​ចោល​ទទេរ​ គេបង់លុយ​ឱ្យ​ក៏អត់ដែរ អូនអើយ។ ហើយ​ផ្ទះជួល​ ទិញដីបង់រំលួស​ បង់អី​ រកលុយ​ឱ្យ​គេ​គ្មាន​។ ទឹកភ្នែករហេមរហាម​។ ហើយ​ដល់​ម​កបើ​ក​លុយ​ចុង​​ក្រោ​យ​​បាន​ម្នាក់២០ម៉ឺន​»។​

ក្នុង​អំឡុង​ពេល​រង​ចាំបើក​ប្រាក់​ កម្មករវ័យ​ប្រមាណជា​​៤០ ទៅ​៦០​ឆ្នាំ​ប្លាយ​​ផ្សេង​ទៀត កំពុង​​ជំនុំគ្នា​ឈរចាំ​ទល់មុខ​ច្រក ​​​ដើម្បី​​ចូល​ទៅ​បើក​​ប្រាក់បៀវត្សចុង​ក្រោយ​ប​ង្អស់ដែល​ខ្លួន​បាន​​ធ្វើ​ក្នុង​រយ:ពេល​១៥ថ្ងៃចុង​ក្រោយ​។ ពួកគេ​ខ្លះ​បាន​​​​ទ្រហោរយំ​ក្រោយ​មើល​ឃើញ​ឈ្មោះរបស់​ខ្លួន​នៅ​លើ​ក្រដាស​ជម្រុះ​បុគ្គលិក​ពី​ក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី​ ​ដែលពួកគេចំណាយ​ពេល​ជាង​១០ ទៅ​២០ឆ្នាំ​បម្រើការងារ​សម្អា​ត និងរក្សាអនាម័យ​រាជធានី​​ភ្នំពេញ​តាំង​ពី​ក្រុមហ៊ុន​ចាប់បដិសន្ធិ​នៅ​ឆ្នាំ២០០៣មក​។​

អ្នកស្រី​ ទង់ រ៉ន ​​អះអាងថា ​អ្នកស្រី​​បាន​ចូល​បម្រើការ​ឱ្យ​ក្រុមហ៊ុន​ស៊ីនទ្រី​នេះតាំងពី​អាយុ​៣៣ឆ្នាំ ​ដែលមាន​ប្រាក់ខែ​ដំបូង​គេបង្អស់​ត្រឹម​៨,០០០រៀលមកម្ល៉េះ រហូត​ដល់​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១នេះ​។ លើក្រដាសជម្រុះបុគ្គលិក​ចេញ​ពីការងារ​មាន​ឈ្មោះអ្នកស្រី​ដែលត្រូ​វបណ្តេញ ជាមួយ​​សមាជិកកម្មករនិយោជិត ​និងសហជីពដទៃទៀត​ព្រមគ្នា ។

​​អ្នកបោសសំអាត​តាមផ្លូវថ្នល់មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​​​​រូប​នេះ​បាន​រំឮក​ថា​ កាល​ពីថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ២០២១នេះ​ ភាគីក្រុមហ៊ុន​ស៊ីនទ្រី​បាន​បង្ខំឱ្យ​ខ្លួន​រួមជាមួយ​កម្មករ​ស៊ីនទ្រី​ចំណាស់ៗដូចគ្នា​ឯទៀត​ផ្តិតមេដៃ​នៅ​លើលិខិត​កិច្ចសន្យា​ដែល​មិនច្បាស់លាស់មួយ។ អ្នកស្រី​ថា​​ អ្នកស្រី​មិនចេះអក្សរហើយ​មិនបាន​ដឹង​ច្បាស់ថា​ខ្លឹមសារ​នៅ​ខាង​ក្នុង​និយាយពីអ្វី​ ឬ​មាន​លក្ខខណ្ឌ​អ្វី​នោះទេ​ ដោយ​​គ្រាន់តែឮពី​មិត្តរួមការងារថា​ជា​កិច្ចសន្យាបន្តការងារ​នៅក្រុមហ៊ុនស៊ីនទ្រី​តទៅទៀត ទើបអ្នកស្រី​​​សម្រេច​ថា​ផ្តិតមេដៃ​តាម​ការណែនាំ​របស់ក្រុមហ៊ុន​​​។​

«អ្នកចេះអក្សរអី គេអ្នកមើល គេថាបើបញ្ឈប់​ពួកយើង​អត់​ការងារ​ធ្វើ​ គេ (ក្រុមហ៊ុន​ស៊ីនទ្រី) សង១,០០០​ (ដុល្លារ) វិញ​។ ពួកខ្ញុំ​ចូលការងារនឹងវិញ​គេ (ក្រុមហ៊ុនស៊ីនទ្រី) ថា​បង់ឱ្យ​ពួកគេ​១,០០០ (ដុល្លារ) វិញ​។ ហើយ​ឥឡូវ​មាន​បង់​មាន​សងអី​ឯណាវិញ​? អត់ផង​នឹង​! បើក​លុ​យ​បានតែ​២៤ ម៉ឺន​នឹង​!»។

អតីតកម្មករបោសសំអាតផ្លូវ​ស៊ីរូបនេះ​​និយាយបណ្តើរ​ ក្រឡេកមើល​ទៅ​មិត្តរួមការងារ​ជាស្រ្តី​ចំណាស់ៗដូចគ្នា​បណ្តើរ​​ថា៖ «ខ្ញុំវាអត់ចេះ​ អញ្ចឹង​ខ្ញុំ​ឱ្យ​គេ​មើល​ឱ្យ​ ដល់​ស្តាប់​ទៅ​​​ឮគេ​និយាយថា​អញ្ចឹង​ (យល់​ច្រឡំ​ថា​ជា​កិច្ច​សន្យា​បន្ត​ការងារចាស់)»។

អតីតអ្នក​បោស​សំរាម​​ដែល​មាន​កូន​ប្រុសស្រី​ចំនួន​៧នាក់​​បាន​បន្ត​ថា ពេល​ធ្វើ​ការ អ្នកស្រី​ត្រូវ ប្រឈម​​នឹង​គ្រោះ​ថ្នាក់​តាម​ដង​ផ្លូវ​​​ និង​ឈរ​ក្រោម​​កម្តៅ​ថ្ងៃ​ក្តៅហួតហែងចំនួន​៨ម៉ោង​ជាប្រចាំ។ ​អ្នកស្រី​ថា អ្នកស្រី​ធ្វើការ​ចាប់ពី​ម៉ោង​៤ព្រឹក​ព្រលឹម ដល់ម៉ោង​៩​ព្រឹក និង​ម៉ោង​១២ថ្ងៃត្រង់ ដល់ម៉ោង​៣រសៀល​ទើបបាន​ទៅ​ផ្ទះនៅ​សង្កាត់​ចោមចៅ ផ្លូវជាតិ​លេខ៣ សម្រាក​វិញ​នោះទេ។​ ប៉ុន្តែ​អ្នកស្រី​និយាយ​ក្តែងៗដោយ​ការ​តាំង​ចិត្ត​ថា ​អ្នកស្រី​​មិន​ដែល​គិត​ចង់​បោះបង់​ការងារ​ ​ដែល​ជា​អ្នក​បោស​ដី​តាម​ថ្នល់​នោះ​ទេ។​

អ្នកស្រី​ ទង់ រ៉ន គឺជាកម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករស៊ីនទ្រី​ និង​សហជីព​ប្រមាណជាជាង​​១,០០០​នាក់​​ទៀត​ដែល​​ត្រូវ​បាន​ក្រុម​ហ៊ុន​​បញ្ឈប់ពី​ការងារ​តាំង​ពី​ថ្ងៃ​ទី​១ ខែកក្កដា​ ឆ្នាំ​២០២១។

ការ​បញ្ឈប់​កម្មករ​​ជាច្រើន​រយ​នាក់​របស់​ក្រុម​ហ៊ុន​ស៊ីនទ្រី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូន​ដំណឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពីការ​ចាប់ផ្តើម​ប្រតិបត្តិការ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុនថ្មី២ទៀត រួមមាន ក្រុមហ៊ុន Mizuda Sanitation ដែលមានម្ចាស់ជា​ជនជាតិចិន និង​ក្រុម​ហ៊ុន 800 Super របស់សិង្ហបុរី នៅថ្ងៃទី១ ខែកក្ក​ដា ឆ្នាំ២០២១ ប​ន្ទាប់​ពី​ពន្យារ​ពេល​អស់​រយៈពេល​៣ខែ។

អតីត​កម្មករ​ប្រមូលសំរាម ដែល​ត្រូវ​បាន​គេ​បញ្ឈប់​ម្នាក់​ទៀត​ឈ្មោះ​ គង់ គីម មក​ពី​ខេត្ត​ព្រៃវែង​ ដែល​មាន​កូន​ស្រី​២ ប្រុស ១នាក់​​ក្នុង​បន្ទុក​ បាន​ប្រាប់ពី​ទុក្ខលំបាករបស់ខ្លួន​ទាំង​គ្រវីក្បាល​ថា៖ «អត់​ដឹង​​ដែរ រកការងារ​អត់​បាន​ធ្វើ​ វាចប់! ដេក​បាន​តែហូប​បាយ​ផ្ទះ​។ ធ្វើ​សំណង់​ក៏​គេ​មិន​យក​ទៀត​ឥឡូវ​»។ 

លោក គីម បន្ថែម​ថា ​លោក​បាន​ព្យាយាម​ដាក់​ពាក្យ​ធ្វើការងារ​នៅ​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី​រួច​ហើយ​ ប៉ុន្តែ​គេ​បដិសេដ​ដោយ​សំអាង​ថា​មាន​បុគ្គលិក​គ្រប់គ្រាន់​​​។

អតីត​កម្មករ​កើបសំរាម​រូប​នេះ​បញ្ជាក់​ថា​ ជំហាន​បន្ទាប់​នឹង​ដាក់ពាក្យ​ទៅ​ធ្វើការ​ជា​សន្តិសុ​ខវិញ ប៉ុន្តែ​លោក​ គីម​ មិន​ជាសង្ឃឹម​ថា​អាច​ទទួល​ការងារ​នោះបាន​ទេ​ក្នុង​អំឡុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩ នេះដែល​ចំពេល​ដែល​សេដ្ឋកិច្ចជាតិ​កំពុង​ស្រុតចុះ​ដូចគ្នា​ដែរ។

លោក ចន្ថា ​អតីតកម្មករស៊ីនទ្រី ​វ័យ​៤០ឆ្នាំ​ បាន​​សម្តែង​ការ​ស្មុគស្មាញ​ និង​អស់ជំនឿ​ក្នុង​ការ​ទាមទារ​តវ៉ា​រក​ជំនួយ​ក្រោយ​សហជីព​ទាំងមូល​ត្រូវ​​​អស់សិទ្ធិអំណាច​ក្នុង​ការ​ជ្រោមជ្រែង​ និង​ទាមទារ​សិទ្ធិ​ដល់​កម្មករ​ស៊ីនទ្រី​តទៅទៀត​ លោកបាននិយាយតាមទូរស័ព្ទ ​ប្រាប់ Newsroom Cambodia ​ថា៖ «ដំណាក់កាលនេះ ជា​ដំណាក់កាលចុង​ក្រោយហើយ​ គ្មានអ្វី​ដែល​អាច​ធ្វើ​ទៅ​ទៀតទេ! មិន​ដឹង​ធ្វើ​អី​ទាមទារ​ទៅ​ក្រុមហ៊ុន​បានទៀតទេ។ បើក្រុមហ៊ុន​ជិត​រលាយ​ដែល​ហើយ​ ។ »

លោក​បន្ថែមថា លោក​កំពុង​ជាប់​បំណុលពី​ធនាគារ​មីក្រូ​ហិរញ្ញវត្ថុ​ប្រមាណ​ជាង​១,០០០​ដុល្លារ​អាមេរិក ហើយ​កំពុង​មាន​កូនប្រុស២ ស្រី​១​ក្នុង​បន្ទុក​ដែល​ត្រូ​វរ៉ាប់រង​តែ​ម្នាក់​ឯង​ ដោយ​ប្រពន្ធ​របស់​លោក​មិនអាច​រក​ចំណូល​ពី​ការ​ធ្វើស្រែ​បា​នទេ។​

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​មិនអាចធានារកការងារ​ឱ្យ​កម្មករ​ចាស់​បានទេ ដោយ​នៅ​ថ្ងៃទី​១៤ ខែ​កក្កដា​ ដែល​ជា​ថ្ងៃប្រកាសបើក​ប្រាក់​៥%​នៃប្រាក់សរុបនោះ ក្រុមហ៊ុន​បានជម្រុះ​បុគ្គលិក​អស់​៤ នាក់​បន្ថែម​ទៀត​ចេញ​ពី​ជួរ​ការងារ​ដែល​កំពុង​ធ្វើ​ភ្លាមៗ។

លោក​ កៅ សុខវ៉ាត​ ដែល​ជា​អតីត​ប្រធានសហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុនស៊ីនទ្រី​ បាន​ខលមក​ Newsroom Cambodia នៅ​​​ថ្ងៃទី​១៦ ខែ​កក្កដា​​ថា​ លោក​ឈប់​ធ្វើជា​សហជីព​ ដោយ​លោក​ទទួលបាន​ដំណឹង​​ថា​សាលារាជធានី​ភ្នំពេញ​មិនអនុញ្ញាត​ឱ្យ​ទទួល​យក​សហជីព​កម្មករស៊ីនទ្រី​ធ្វើការ​វិញ​ដូច​ដើម​ទេ។

លោក​ប្រាប់​ពី​ហេតុ​ផល​ថា​៖ «គេថា​អ្នកប្រឆាំង​ អ្នក​បះបោរ​ម៉េច? អានឹង​ខ្ញុំ​មិន​ដឹង​ថា​យ៉ា​ង​ម៉េច​ដែរ បើគេ​ចោទ​មក​ចឹង​»។​

លោក​សុខវ៉ាត ដែល​មានប្រវត្តិធ្លាប់ធ្វើការ​ជា​កម្មករ​ឱ្យ​ក្រុមហ៊ុន​ស៊ីនទ្រី​តាំង​ពី​ឆ្នាំ២០០៧ បន្ត​ថា មូលហេតុ​ដែល​លោក​មិន​បាន​បន្ត​តវ៉ា​រក​ខុសត្រូវ​ជូន​កម្មករ​ពីព្រោះ​លោក​បារម្ភពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ដោយ​លោក​បញ្ជាក់ថា​៖ «ខ្ញុំគិត​ថា​ដោយ​សារ​តែ​មាន​ការ​គំរាម​គំហែង​ពី​ក្រុមហ៊ុន ក៏ដូចជា​សាលាក្រុង​ចឹង​។ ខ្ញុំ​គិតពីសុវត្ថិភាព​ការងារ​ គិត​ពី​សុវត្ថិភាព​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់​ដែរ ខ្ញុំ​ក៏​ខ្ជិល​តវ៉ា ខ្ចិលអី​។ សុំ​បញ្ចប់​ រកការងារ​ថ្មី​»។​ ​

អតីត​កម្មករក្រុម​ហ៊ុន​ស៊ិនទ្រី​​​មួយ​ចំនួ​ន​ទទួល​បាន​ការងារ​​​ធ្វើ​នៅ​ក្រុម​ហ៊ុន​ប្រមូលសំរាមឯកជនថ្មី​២មាន​ ម៉ាស៊ូដា (Mazuda) និង​៨០០ ស៊ុបភើ  (800 Super)​ ដោយ​បន្សល់​កម្មករ​ប្រមាណជាង​ ៥០០ ទៅ​៦០០ នាក់​តែល​តោល​គ្មាន​​ប្រភព​ចំណូល​ច្បាស់លាស់​ គួបផ្សំ​នឹង​ការ​ពិបាក​ក្នុង​ការ​រកការងារ​ធ្វើ​ ជាពិសេស​ក្នុងបរិបទ​កូវីដ​នេះ​។

កម្មករ​ទាំងនោះ​ព្រួយបារម្ភ​ចំពោះ​​លុយ​ដែល​ពួកគេ​មាន ​ដែល​មិននៅ​សេសសល់​ច្រើន​សម្រាប់​ទប់​ចំណាយ​​ក្នុងអំឡុង​ពេល​ដែល​ខ្លួន​នៅ​ទំនេរអត់​ការងារ​ច្បាស់លាស់​ បូករួម​នឹង​បំណុល​ដែល​មាន​ជាប់ជំពាក់​មិនទាន់​ដោះស្រាយ​បាន​។

លោក​ ឃុន​ ថារ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ សង់ត្រាល់ លើកឡើង​ថា ការ​បញ្ឈប់​បុគ្គលិកដោយ​មិន​មាន​ការ​ផ្តល់​ដំណឹង និងការ​បើក​ប្រាក់​ខែ​មិន​គ្រប់តាម​ចំនួន​ដែល​កម្មករ​មាន​សិទ្ធិ​ត្រូវ​ទទួល​បាន​ ជា​ការ​ដែល​ខុសនឹង​ផ្លូវ​ច្បាប់​។

លោក​បញ្ជាក់​ថា​៖ «បើ​ផ្អែក​តាម​មាត្រា​៩៤ នៃ​ច្បាប់ស្តី​ពី​ការងារ​ ត្រូវ​មាន​លក្ខណ:វិនិច្ឆ័យ​សមរម្យ​។ ត្រូវ​តែ​មាន​ការអនុញ្ញាត​បំពេញ​នូវ​បែបបទ​នៅ​ក្នុង​ការ​បញ្ឈប់​កម្មករ​និយោជិត​ជាលក្ខណ:​ទ្រង់ទ្រាយ​​ធំ​​»។​

លោកបន្ថែម​​ថា យោង​តាម​ការ​វិនិច្ឆ័យ​ថា​ក្នុង​ស្ថានភាព​នៃការរាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ នេះទៀត​សោត ក្នុង​នាម​ក្រុមហ៊ុន​ស៊ីនទ្រី​ដែល​បម្រើ​ផ្នែក​សេវាកម្ម​ និង​មាន​កម្មករ​និយោជិត​ដែល​មាន​អតីតភាព​ការងារ​រាប់​ឆ្នាំ​មក​ហើយ​នោះ​គឺ​ ការ​បញ្ឈប់​ការងារ​កម្មករ​ក្នុង​កាល:ទេស:នេះ​រឹងតែ​ផ្ទុយ​ពី​គោលការណ៍ច្បាប់នៃ​ការងារ​។ ចំណែក​ការ​ទូទាត់សំណង​មិនត្រឹមត្រូវ​ជូន​កម្មករនិយោជិត​រឹតមាន​ទោស​បន្ថែម​ទៀត​។

លោក ​ថារ៉ូ បញ្ជាក់​ថា៖ «​ការ​បញ្ឈប់​កម្មករនិយោជិត​ក្នុង​ទ្រង់ទ្រាយធំ​ គឺ​មាន​ថ្នាក់ដឹកនាំ​សហជីព​នៅ​ក្នុង​នឹង​ ហើយ​ច្បាប់​មានការការពារពិសេស​ទៅ​ដល់​ស្ថាបនិក​ ទៅ​ដល់​ថ្នាក់​ដឹក​នាំសហជីព​តំណាង​ប្រតិភូ​បុគ្គលិក​នៅ​កន្លែង​ការងារ​។ អានឹង​លុះត្រាតែ​មាន​ការ​ធ្វើ​អធិការកិច្ច​ ឬ​ក៏​លក្ខខណ្ឌ​ដែល​គាត់​មាន​កំហុស​ធ្ងន់​ បាន​គាត់​អាច​បញ្ឈប់​ថ្នាក់​ដឹក​នាំ​សហជីព​។ ចឹង​ករណី​នឹង​ក្រុម​ហ៊ុន​នឹង​រំលោភ​ច្បាប់​ទៅ​ហើយ​ ដោយសារ​​គាត់​បញ្ឈប់​ទាំង​ថ្នាក់​ដឹកនាំ​សហជីព​ រលាយ​រចនា​សម្ព័ន្ធ​អង្គការ​វិជ្ជាជីវ:នៅ​កន្លែង​ការងារ​ ហើយ​មិន​អនុវត្តន៍​តាម​និតិវិធី​ផ្លូវ​ច្បាប់​ អានឹង​មាន​ន័យ​ថា​ក្រុម​ហ៊ុន​នឹង​ធ្វើ​ខុស​ច្បាប់​ហើយ»។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ សង់ត្រាល់ រូបនេះ​​បាន​អំពាវនាវ​ឱ្យ​រដ្ឋធានានូវការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាពខ្ពស់​តាម​ដែលអាច​ធ្វើ​ទៅ​បាន​ ជាពិសេស​ក្នុង​ស្ថានភាព​នៃការ​រាលដាល​នៃ​កូវីដ-១៩ ចាំបាច់​ត្រូវ​ធានា​ស្ថេរភាព​ការងារ​ដល់​កម្មករ​និយោជិត​ ដោយ​មិន​អាច​ឱ្យ​ក្រុមហ៊ុន​​មូលធន​ទាំង​អស់បញ្ឈប់​ការងារ​កម្មករនិយោជិត​ ដោយ​​យក​លេសពី​បញ្ហា​សេដ្ឋកិច្ច​បាន​នោះទេ​។

លោក​បាន​បន្ត​​​ថា​៖ «អញ្ចឹង​ប្រសិន​បើ​ក្រុមហ៊ុន​អាច​បញ្ឈប់ទៅ​តាម​ចិត្តរបស់គាត់បាន​​ ​មិនយក​ច្បាប់​មក​ប្រើ​ប្រាស់ អញ្ចឹង​យើង​បង្កើត​ច្បាប់ធ្វើ​អី​? ហើយ​វា​ជាគំរូ​អាក្រក់ដល់​ក្រុមហ៊ុន​ផ្សេងទៀត​ ដែលអាច​អនុវត្តន៍​បាន​ដូច​គ្នា​មាន​ន័យ​ថា​ប្រសិនជា​អនុវត្តន៍បាន​ ក្រុមហ៊ុន​ផ្សេងៗទៀត​ក៏​អាច​យកគំរូអាក្រក់​ទៅ​អនុវត្តបាន​ដូច​គ្នា​។ អញ្ចឹង​នៅ​ក្នុង​ស្ថានភាព​នឹង​ រំលោភទៅ​នឹង​សិទ្ធិ​ការងារ​ រំលោភ​នូវ​លក្ខខណ្ឌការងារ​សម្រាប់​កម្មករ​និយោជិត»។

Newsroom Cambodia បាន​ព្យាយាម​ទាក់ទង​ទៅ​លោកស្រី​ សេង សូលីដា ដែល​ជា​អនុ​ប្រធាន​ក្រុមហ៊ុន​ស៊ីនទ្រី​តាំង​ពី​ថ្ងៃទី​១៣ ខែ​កក្កដា តែ​មិន​មានការ​ឆ្លើយ​តប។

​លោក ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​តាម​ប្រព័ន្ធ​សារតេឡេក្រាម​នៅថ្ងៃទី​១៦ ខែ​កក្កដា​នេះបានបញ្ជាក់​​ថា ​លោក​មិនអាចអត្ថាធិប្បាយ​ពី​បញ្ហានេះ​បាន​ទេ ដោយសារ​​កិច្ចព្រមព្រៀង​វិវាទ​ការងារ​របស់​កម្មករស៊ីនទ្រី​​កន្លងទៅ​ គឺ​ធ្វើ​ឡើង​ដោយរដ្ឋបាលរាជធានីភ្នំពេញ។

Newsroom Cambodia មិនបាន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានីភ្នំពេញ​ជុំវិញ​បញ្ហា​នេះបានទេ​​​។

យោង​តាម​សេចក្តី​ប្រកាសរបស់​សាលារាជធានី​ភ្នំពេញ​ ចេញ​នៅយប់​ ​ថ្ងៃទី​៣០ ខែ​មិថុនា បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ថ្មី​ចំនួន​៣ នឹង​ចុះ​ទៅ​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង បន្ត​ពី​ប្រតិបត្តិករ​ចាស់​ នៅ​តាម​តំបន់​ដោយ​ឡែក​ពី​គ្នាចំនួន​៣៖ «ក្រុមហ៊ុន​ 800 Super/Global Action for Environment Awareness Public Limited នឹង​ផ្តល់​សេវា​ ដល់តំបន់​ទី​១ ដែល​មាន​​ខណ្ឌ​ចំនួន​៥ គឺ ខណ្ឌ​ទួល​គោក ខណ្ឌ​ឫស្សីកែវ ខណ្ឌ​សែនសុខ​ ខណ្ឌ​ជ្រោយ​ចង្វារ និង​ខណ្ឌ​ព្រែកព្នៅ។ ក្រុម​ហ៊ុន​ Mizuda Group  Co, Ltd នឹង​ត្រូវ​ផ្តល់​សេវាដល់​ខណ្ឌ​ចំនួន​៥ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​តំបន់​ទី​២ គឺ ខណ្ឌ​ដូន​ពេញ ខណ្ឌ​៧​មករា ខណ្ឌ​ដង្កោ ខណ្ឌ​ពោធិ៍សែន​ជ័យ​ និង​ខណ្ឌ​កំបូល​។ និង​ក្រុមហ៊ុន​ CINTRI (Cambodia)/Everbright (China) នឹង​ផ្តល់​សេវា ដល់​ខណ្ឌ​ចំនួន​៤ ផ្សេង​ទៀត​ ក្នុង​តំបន់ទី​៣ គឺ ខណ្ឌ​ចំការ​មន ខណ្ឌ​បឹង​កេងកង​ ខណ្ឌ​មាន​ជ័យ​ និង​ខណ្ឌ​ច្បារអំពៅ»​។

នៅថ្ងៃទី​១ កក្កដា​ ឆ្នាំ២០២១​ ក្រុមហ៊ុន​ក៏​ចេញ​បញ្ជីឈ្មោះបញ្ចប់​កិច្ចសន្យាការងារ​ទាំង​កម្មករ ​និង​សហជីព​សរុប​ប្រមាណជា​​ជាង​១,០០០នាក់។ ភាគី​ក្រុមហ៊ុន​បាន​ជូន​ដំណឹង​ទៅ​កម្មករ​និយោជិត​ទាំងអស់​ឱ្យ​មក​ទទួល​ប្រាក់ខែ​កន្លះខែ​ចុង​ក្រោយ​ នៅ​ថ្ងៃទី​១៤ កក្កដា​នេះ ប៉ុន្តែ​កម្មករ​អះអាងថា ពួកគេបើក​បាន​ត្រឹម​ប្រាក់​​​៥%ប៉ុណ្ណោះ​។

ទន្ទឹម​នឹង​ការ​ប្រកាស​បញ្ឈប់​បុគ្គលិក​រាប់​រយ​នាក់ និងការ​​មិន​ទាន់​​ទទួល​បាន​​ដំណោះ​​ស្រាយ​សម​ស្រប​ពី​សំណាក់​ក្រុម​ហ៊ុន​ស៊ិនទ្រី ប៉ុន្តែ​អ្នកស្រី​ ទង់ រ៉ន ​បញ្ជាក់​ថា​ នឹង​តស៊ូដើរ​រកការងារ​ថ្មីធ្វើ​បន្ត​ដើម្បី​ជីវភាព បើ​ទោះបី​ជារាងកាយ​ដែល​មាន​វ័យ​ជាង​៦០​ឆ្នាំ ចាប់​ផ្តើម​ទ្រុឌទ្រោម​ក្តី។

«រកៗ (ការងារថ្មី) នៅនោះ​ដេក​ផ្ទះ​បាន​អី​បង់​រំលួស​ដី​។ ទិញ​ដី​បង់​រំលួស​បង់​អី​គេ បាន​អី​បង់​ឱ្យ​គេ​? គេបញ្ឈប់! ប្រាក់ខែ​ធ្លាប់​បាន​ថោក​ណាស់ ២០០ (ដុល្លារ​)។ ហើយដល់ពេល​យើង​អត់​សោះ​នៅ​ចឹង​ម៉េច​នឹ​ង​កើត​។ ចេះតែ​រកចេះ​តែធ្វើ​ទៀតទៅ​»៕​

សាលារាជធានីភ្នំពេញប្រកាសឲ្យពលរដ្ឋរួសរាន់ចាក់វ៉ាក់សាំងដូសទី២ ត្រឹមថ្ងៃទី១៥ សីហា

រដ្ឋបាលរាជធានី​ភ្នំពេញ​ អំពាវនាវចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​ធ្លាប់ទទួល​បាន​ការចាក់វ៉ាក់សាំង​ដូសទី​១ កាលពី​ថ្ងៃទី​៨ កក្កដា​ រួសរាន់​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​លើក​ទី​២ ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២១​ ក្នុង​ភូមិសាស្រ្ត​រាជធានី​​ភ្នំពេញ​។

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​​សាលារាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃចន្ទ​​នេះ ​បាន​បញ្ជាក់​​ថា ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​ធ្លាប់ទទួល​បា​ន​វ៉ាក់សាំង​ដូសទី​១ រួច​កាលពីមុន​ថ្ងៃ​បិទ​យុទ្ធនាការ​​កាល​ពី​ខែ​កក្កដា​ សូម​រួសរាន់​មក​ទទួល​ការ​ចាក់​វ៉ាក់​សាំង​លើកទី​២ តាម​ទី​តាំង​ដែល​ខ្លួន​ធ្លាប់​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១ ចាប់ពី​ម៉ោង៨:០០ នាទី​ព្រឹក ដល់​ម៉ោង​៥:០០ នាទី​រសៀល​ ត្រឹម​ថ្ងៃទី​១៥ ខែ​សី​ហា​ ឆ្នាំ​២០២១ ជា​កំហិត​។ ​ រដ្ឋបាលរាជធានីភ្នំពេញ​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ចាក់​វ៉ាក់​សាំង​ក្រោយ​ថ្ងៃទី​១៥ សីហា​ឡើយ​​។​

សេចក្តី​ជូន​ដំណឹង​ដដែល​បន្ថែម​ថា មុនពេលអញ្ជើញ​​ទៅ​ទទួល​វ៉ាក់សាំង​ ចំពោះ​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​​ ដែល​មាន​បញ្ហា​សុខភាព​ ដូចជា​ ក្តៅ​ខ្លួន​ ក្អក​ កណ្តាស់​ ផ្តាសាយ​ ពិបាក​ដក​ដង្ហើម​ ឬរោគសញ្ញា​ផ្សេង​ទៀត​ សូម​ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ​១៩ដោយខ្លួន​ឯង​ ដើម្បី​បញ្ជាក់ពី​ស្ថានភាព​សុខភាព​ និង​លទ្ធផល​តេស្ត​អវិជ្ជមាន​ ស្រប​តាម​គោលការណ៍​ណែនាំ​ប្រតិបត្តិ​របស់​ក្រសួង​សុខាភិបាល​ជាមុន​សិន​ ចៀសវាង​ប៉ះពាល់​ដល់​ក្រុម​គ្រូពេទ្យ​ និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ និង​ត្រូវ​​បន្ត​អនុវត្ត​វិធានការ​ «៣​ការពារ​ និង​៣កុំ» ក្នុង​អំឡុង​ពេល​ចាក់​វ៉ាក់សាំង​៕​

Latest News