fbpx
Home Blog Page 78

គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនចំនួន១៧៣ក្នុងខេត្តសៀមរាបនឹងបើកដំណើរការឡើងវិញ

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ​បានជូន​ដំណឹង​អំពី​ការបើក​ដំណើរកា​រ​សាលារៀន​មួយចំនួនឡើងវិញ ដោយអនុវត្តការបង្រៀន និង​រៀន​តាម​បណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រខេត្តសៀមរាប ស្រប​​តាម​គោលការណ៍ប្រតិបត្តិ​ស្តង់ដា​របស់ក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមសេចក្តីណែនាំលេខ ៤៦ អយក.សណន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ របស់​ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្រៀន និ​ង​រៀន​តាម​បណ្តុំ​ស​ម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប រដ្ឋបាល​ខេត្ត​សៀមរា​ប​បាន​ពិនិត្យ​វាយតម្លៃទៅលើគ្រឹះស្ថានសិក្សាសាធារណៈយ៉ាងហ្មត់ចត់ ទើប​សម្រេច​ឱ្យមា​ន​ការ​បើក​ដំណើ​រការបង្រៀន និងរៀនតាមបណ្ដុំ ក្នុងជំហានទី១។

សាលាដែលត្រូវបើកដំណើរការឡើងវិញមានចំនួន១៧៣​ ដែលស្ថិតតាមបណ្តាស្រុកចំនួន០៨ រួមមានស្រុកសូទ្រនិគម ប្រាសាទបាគង ក្រឡាញ់ ស្រីស្នំ វ៉ារិន អង្គរធំ បន្ទាយស្រី និង​ស្រុក​ស្វាយ​លើ។ ក្នុងនោះគ្រឹះស្ថានមធ្យមសិក្សាមានចំនួន ៤៤សាលា គ្រោង​ចាប់​ដំណើរការ​អនុវត្ត​សិក្សា​ចាប់​ពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និងបឋមសិក្សាមានចំនួន​១២៩សាលា ដោយ​គ្រោង​ចាប់ដំណើរ​ការអនុវត្តសិក្សាចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះតទៅ។

ក្នុងថ្ងៃដដែលនោះ រដ្ឋបាល​ខេត្ត​ក៏​បាន​បញ្ចប់​ការដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​ជា​បណ្តោះ​អាសន្ន សម្រាប់​បម្រាម​គោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ជំងឺកូវីដ​១៩ ក្នុងភូ​មិសាស្ត្រ​ខេត្ត​សៀមរា​ប​ផងដែរ។

សូមបញ្ជាក់ថា ក្នុងទូទាំងខេត្តសៀមរាប មានសាលាមត្តេយ្យសិក្សាចំនួន២០កន្លែង និង​​មាន​ថ្នាក់មត្តេយ្យសិក្សាផ្សេងទៀត ដែលស្ថិតក្នុងសាលាបឋមសិក្សាចំនួនជាង​៤០០កន្លែង សាលា​បឋម​សិក្សា​ចំនួនជាង ៥១៤កន្លែង មានអនុវិទ្យាល័យចំនួន៨២កន្លែង  និង​មាន​វិទ្យាល័យ​ចំនួន​៤១​កន្លែង ៕

ក្រសួងសុខាភិបាលប្រកាសចាក់វ៉ាក់សាំងដល់ពលរដ្ឋវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូន អ្នកជាសះស្បើយពីជំងឺផ្សេងៗ

ក្រ​សួង​សុ​ខា​ភិ​បាលនៅ​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០២១ បានប្រកាសផ្តល់​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​​​ ជូន​ដល់​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​វ័យ​ចាស់​ ស្រ្តី​មាន​ផ្ទៃ​ពោះ​ ស្រ្តី​បំ​បៅ​កូន​ដោយ​ទឹក​ដោះ​ អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​ផ្សេងៗ​ រួម​ទាំង​ជំងឺ​កូវីដ​-១៩​ និង​អ្នក​មាន​ជំងឺ​ប្រ​ចាំ​កាយ​។

សេច​ក្តី​ជូន​ព័ត៌​មានក្រសួងសុខាភិបាល គណៈ​​កម្ម​​ការ​​ចំពោះ​​កិច្ច​​ចាក់​​វ៉ាក់​​សាំង​​កូវីដ​​​-១៩ (គ.វ.ក-១៩)​​​​ បាននិយាយថាអ្នក​ដែល​បាន​ស្លាប់​កន្លងមកដោយសារកូវីដ១៩​ ភាគ​ច្រើន​ជា​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់​សាំង​​ ដូចនេះ​ដើម្បី​កាត់​បន្ថយ​សភាព​ធ្ងន់​ធ្ងរ​ និង​កាត់​បន្ថយ​ជាអតិបរមា​នូវអត្រា​ស្លាប់​ដែល​បណ្តាល​មក​ពី​ជំងឺ​នេះ ប្រជាពលរដ្ឋគួរចាក់វ៉ាក់សាំង។

«សូម​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ស្ម័គ្រ​ចិត្ត​ទៅ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ ដោយ​បង​ប្អូន​អញ្ជើញ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​នៅ​តាម​ទី​តាំង​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​ ដែល​ស្ថិត​នៅ​ជិត​ទី​សំណាក់​របស់​បង​ប្អូន​ឱ្យ​បាន​គ្រប់ៗ​គ្នា»។

គ.វ.ក-១៩ ក៏បានណែនាំ​បន្ថែម​ដល់ប្រធាន​មន្ទីរ​សុខា​ភិបាល​ រាជធានី-ខេត្ត​ត្រូវ​ធ្វើ​សេចក្តី​ជូន​ដំណឹង​ទៅ​គ្រប់​ទីតាំង​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩  ទាំង​អស់​ឱ្យ​ផ្ដល់​ការ​ចាក់​វ៉ាក់​សាំង​កូ​​​វីដ​-១៩​ ជូនដល់​ក្រុម​គោល​ដៅ រួមមាន ពល​រដ្ឋ​​វ័យ​ចាស់​ ស្ត្រី​មាន​ផ្ទៃ​ពោះ​ ឬ​បំ​បៅ​កូន​ដោយ​ទឹក​ដោះ​ អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​​​ចាប់​ពី​៤ខែ​ឡើង ឬ​អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​ផ្សេងៗ​ និង​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​ ប៉ុន្តែ​មាន​ស្ថាន​ភាព​នឹងនរ ឱ្យ​មាន​ភាព​រលូន​នៅ​គ្រប់​ទី​តាំង​ចាក់​វាក់​សាំង​ទាំង​អស់៕

Blog: ភាពខុសគ្នារវាងអ្នកត្រៀមខ្លួននិងអ្នកដែលមិនត្រៀមខ្លួនមុនចូលរៀនសាកលវិទ្យាល័យ

កាល​នៅ​វិទ្យាល័យមាន​​មនុស្ស​ជា​ច្រើន​មិនបាន​គិត​គូរទៅលើ​រឿងអនាគតទេ ប៉ុន្តែមាន​មនុស្ស​មួយ​ចំនួន​តូចប៉ុណ្ណោះដែលពួកគាត់​បាន​​គិតគូរ​​ទៅលើ​រឿង​នេះ​ ហើយ​ភាគច្រើនអ្នក​ដែល​មិន​បានគិត​គូរទៅ​លើ​រឿ​ងនេះ ​​ពួក​គាត់បាន​យក​ពេល​ផ្តោត​ទៅ​លើ​ការ​សិក្សា​តែ​មួយ​មុខគត់​​។

អ្នកខ្លះសប្បាយ​នឹង​ការដើរ​លេង​ ហើយ​អ្នក​ខ្លះ​ទៀត​សប្បាយ​នឹង​ការ​លេង​សើច​ច្រើន​ ដោយពួក​គាត់​មិន​ដែលគិត​ដល់​ថាតើនៅ​ពេល​ចប់​វិទ្យា​ល័យ តើពួក​គាត់​នឹង​ត្រូវ​ប្រឈម​នឹង​រឿង​​​អ្វី​ខ្លះ​នោះ​ទេ។ ពេល​ដែល​ចូល​ដល់​សាកល​វិទ្យា​ល័យ ​អ្នក​ដែល​បានត្រៀមខ្លួនរួចរាល់​ហើយ ​ពួកគាត់​មាន​គោលដៅ​ច្បាស់​លាស់ ​ពួកគាត់មានភាព​ងាយ​ស្រួលក្នុង​ការចាប់​ផ្តើមធ្វើ​អ្វី​មួយ​​ព្រោះ​​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ថា​​នឹង​ត្រូវ​រៀន​ជំនាញអ្វី​ ​ត្រូវធ្វើ​អី​បន្ត​ទៀត​តាម​ដំណាក់​កាល​ដែល​​បាន​រៀប​ចំ និង​បាន​កំ​ណត់​។

ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​បាន​គិត​គូរ​ពី​រឿ​ង​នេះ យើងអាច​ស្វែង​យល់​បាន​ថា​ ពួកគាត់​នៅ​តែ​មិន​ខ្វល់​ខ្វាយ​ដដែល​ ពួកគាត់ជ្រើស​​រើស​រៀន​ជំនាញ​អ្វី​មួ​យដោយ​អត់មាន​ច្បាស់លាស់​ទេ ​ថាតើពួក​គាត់​ស្រឡាញ់​ជំនាញ​នោះ​ពិត​ ឬក៏អត់​ហើយ​ពេល​ខ្លះ ​ពួក​គាត់​​តាម​គ្នា តាម​មិត្ត​ភក្តិ​​រៀន​អី ​រៀន​ហ្នឹង​ដែរ​។​

ចំណែក​មនុស្សមួយ​ចំនួន​ទៀត​ ពួកគាត់​អត់ដឹងថា​ត្រូវ​ធ្វើ​អី​បន្ត​​ទៀត​ទេ​ព្រោះ​​អត់​ដឹង​ថា​ខ្លួន​គាត់​ស្រលាញ់​ជំនាញ​អី អត់​ដឹង​ថា​ចូល​ចិត្តអី​​ មិន​ដឹង​​គួរ​ចាប់​ផ្តើម​ពីណា​ទៅ​ណា​ទេ ដូច្នេះ​ហើយ​ទើបពួក​​គាត់​ត្រូវ​ចំ​ណាយ​ពេល​មួយ​ឆ្នាំ​ចោល​ដើម្បី​ស្វែង​រក​ខ្លួន​គាត់ ​ដើម្បី​ឲ្យ​គាត់​ច្បាស់​ថា​អ្វី​ដែលពួក​គាត់​បាន​ជ្រើស​រើស​ច្បាស់​ជាង​ការ​ដែល​មិន​បាន​គិត​និង​ស្វែង​យល់​ពី​ខ្លួន​គាត់៕

នាវា​ចម្បាំង​អូស្ត្រាលី​ចូល​សំ​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ ក្នុងដំណើរទស្សនកិច្ច​លើក​ដំបូង​រយៈពេល៥ឆ្នាំ

នាវា​ចម្បាំង​អូស្ត្រាលី​ HMAS​ Anzac​ បានចូល​សំ​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​រយៈពេល​ ៣ថ្ងៃ​ កាលពីថ្ងៃទី​១៨​​ ខែតុលា​ ឆ្នាំ២០២១​ ជាទស្សនកិច្ច​លើក​ដំបូង​ក្នុងរយៈពេល ៥ឆ្នាំ ហើយក៏ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ Indo-Pacific​ Endeavour​ 2021 ​(IPE 2021)​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​កង​ទ័ព​ជើង​ទឹ​កនៃប្រទេសទាំងពីរ។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំកម្ពុជា​ បានបញ្ជាក់​នៅថ្ងៃទី​១៨​ ខែតុលា​ ឆ្នាំ២០២១​ ​ថា​នាវា​ចម្បាំង​ HMAS​ Anzac​ គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​ចូល​រួម​ក្នុង​តំបន់​នៃ​នាវា​បញ្ជា​ការ​របស់​អូស្ត្រាលី​ ដែល​ហៅ​ថា​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ឬ Indo​ Pacific​ Endeavor​ នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មានបានបន្ថែម​ថា៖ «យើង​ឃើញ​មាន​កម្លាំង​ប្រតិបត្តិ​ការ​តូច​មួយ​របស់​នាវា​កង​ទ័ព​ជើង​ទឹក​អូស្ត្រាលី​​ចូល​សំចត​តាម​កំពង់ផែ​ ធ្វើ​លំហាត់​ហ្វឹកហ្វឺន​យោធា​ ផ្តល់​ជំនួយ​វេជ្ជសាស្រ្ត ​និង​មនុស្សធម៌​ ព្រម​ទាំង​ផ្លាស់​ប្តូរ​គំនិត​ថ្មីៗ​ និង​ទស្សន​​វិស័យ​នានា​ ស្តី​ពី​បញ្ហា​សន្តិសុខ​ជាមួយ​បណ្តា​ប្រទេស​ជាដៃ​គូ​របស់​អូស្ត្រាលី​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​»។

យោង​តាម​ការផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ព័ត៌មាន​កង​ទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​នៅ​ថ្ងៃទី​១៨​ ខែតុលា​ ​ឧត្តមនាវីទោ ​រស់ វាសនា​ មេ​បញ្ជា​ការរង​កងទ័ព​ជើង​ទឹក​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ​បានទៅ​ទទួល​ស្វាគមន៍​ភាគី​អូស្ត្រាលី​ ដែលមាននាវា​ចម្បាំង​ HMAS ​Anzac បាន​មក​សំចត​នាវេលាម៉ោង​ ៩ និង៤០នាទីព្រឹក។​

ហ្វេសប៊ុក​នៃ​ព័ត៌មាន​កងទ័ពជើងទឹក​ដដែល​ បាន​បន្ត​ថា​៖ «ឧត្តម​នាវីឯក​ អ៊ុក សីហា​ មេបញ្ជាការរង​កងទ័ពជើងទឹក​ មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​ ដឹកនាំ​នាយក​នាវី​ អញ្ជើញ​ទៅ​ចូ​លរួម​ពិធី​ប្រគល់ទទួលសម្ភារៈ​វេជ្ជសាស្រ្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩​ ដែល​ជា​អំណោយ​របស់កង​ទ័ព​ជើង​ទឹក​អូស្ត្រាលី​ តាមរយៈ​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​លោក​ឧត្តមនាវីត្រី​ Mal​ Wise ​មេ​បញ្ជាការ​នាវា​ HMAS​ Anzac​»។

គួរ​បញ្ជាក់​ថា​ នៅ​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នេះ​ នាវិក​របស់​អូស្ត្រាលី​គ្រោង​នឹង​រៀប​ចំ​​សិក្ខា​សាលា​អនឡាញ​មួ​យ​អំពី​បញ្ហាស្ត្រី​ សន្តិភាព​ និងសន្តិសុខ​ ជា​មួយ​អ្នក​តំ​ណាង​ខាង​យោធពល​ខេមរភូមិន្ទ​ផងដែរ​ ។

ជុំវិញ​ការទស្សនកិច្ចរបស់នាវាចំបាំងអូស្រ្តាលីនេះ​ លោក ​ឱក​ សេរី​សោភក្តិ៍​ អ្នក​ឯកទេស​ផ្នែក​អភិបាលកិច្ចល្អ​ បានយល់​ឃើញ​ថា​ការ​ចូលសំចត​នេះ​ជា​ការ​សាកល្បង​យុទ្ធសាស្រ្ត​នៃ​លំហ​ភូមិសាស្រ្ត​នយោបាយ​របស់​សហរដ្ឋអាមេរិក​នៅ​តំបន់សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​ក្រោយ​ពេល​មាន​ការ​ចោទ​ប្រកាន់​​ថា​កងទ័ពប្រទេសចិន​លួច​សាង​សង់​មូលដ្ឋាន​ទ័ព​ខ្លួន​នៅ​មូលដ្ឋានទ័ព​រាម​។

លោក ឱក​ សេរីសោភក្តិ៍​ បានអះអាងថា​៖ «ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​ប្រទេស​លោក​ខាង​លិច​ ថា​មាន​ការ​ឱ្យ​កម្លាំង​យោធា​ចិន​ មាន​វត្តមាន​នៅ​កំពង់សោម​ នៅ​រាម​អី​ជា​ដើម​ ដូច្នេះ​ ដំណើរ​ទស្សនកិច្ច​នេះ​ អាច​នឹង​បន្ថែម​បេសកកម្ម​ដើម្បី​ស្រាវជ្រាវ​ព័ត៌មាន​បន្ថែម​ ថា​ការ​ចោ​ទ​ប្រកាន់​ហ្នឹង​ វា​ពិត​ដែរ​ ឬ​ទេ?»

លោក ឱក​ សេរីសោភក្តិ៍ បាន​បន្ថែមថា​ អូស្ត្រាលី​ប្រាកដ​ជា​ប្រើ​ទស្សនកិច្ច​នេះ​ដើម្បី​ផល​ប្រយោជន៍​សម្ព័ន្ធមិត្ត​ខ្លួន​ ដែលមានភាព «ចាក់​ស្រេះ​ បេះ​មិន​ដាច់» ជាមួយ​សហរដ្ឋអាមេរិ​ក ហើយ​ចំណែក​វិស័យយោធា​វិញ​ ទីក្រុងកង់បេរ៉ាក៏​មាន​កិច្ច​ព្រម​ព្រៀង​​ធំៗ​ពីរ​ ទីមួយ​គឺ​សម្ព័ន្ធភាព​អូស្រ្តាលី​-ជប៉ុន​-អាមេរិក​-ឥណ្ឌា​ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​នៅ​ក្នុង​ដែន​សមុទ្រ​ចិនខា​ង​ត្បូង​ សមុទ្រ​ចិន​ខាងកើត​ និងឥណ្ឌូប៉ាស៊ីហ្វិក​។

ទីពីរនោះ​ គឺ​ការ​អូស្រ្តាលីមាន​សម្ព័ន្ធ​ភាព​យោធា​ជា​មួយ​សហរដ្ឋ​អាមេរិក ​និ​ង​ចក្រភព​អង់គ្លេស​ ដែលហៅ​កាត់​ថា​ AUKUS​។

ដោយឡែក​ លោកយង់ ពៅ​ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភាកម្ពុជា​វិញ​ បាន​លើក​ទ្បើង​ថា​ ដំណើរ​ទស្សនកិច្ច​របស់កង​នាវា​អូស្ត្រាលី​នេះ​ មិន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជុំវិញ​ការ​សង្ស័យ​មាន​ការ​សាង​សង់​មូលដ្ឋាន​ទ័ព​ចិន​នៅ​តំបន់​រាម​ឡើយ​ ផ្ទុយទៅវិញ​ ​នេះជាការ​បើក​ទូ​លាយ​ឱ្យ​មាន​ការ​ធ្វើ​ទស្សន​កិច្ច​បែប​នេះ​ ដោយ​ផ្តល់​ដំណឹង​ដល់រដ្ឋាភិបាល​កម្ពុជាជាមុន​។

លោកបាន​បន្ត​ថា​ រដ្ឋាភិបាល​​តែង​គោរព​លើ​អធិបតេយ្យ​ភាព​លើ​បណ្តា​ប្រទេស​ដទៃ ​និង​មិ​ន​ចូល​បក្សសម្ព័ន្ធ​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ និង​កម្ពុជា​មិន​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​សាង​សង់​មូល​ដ្ឋាន​ទ័ពបរទេសណា​មួ​យ​ឡើយ​ តែ​កម្ពុជា​មាន​សិទ្ធិ​ទទួល​ជំនួយ​យោធា​ ឬ​ជំនួយ​សាង​សង់​​។

លោក យង់ ពៅ​ បញ្ជាក់​ថា​៖ «ខ្ញុំ​សាទ​រនូវ​សកម្មភាព​បែប​នេះ​ គឺ​រវាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ក៏​ដូច​ជា​ខាង​កងទ័ព​ជើង​ទឹក​របស់​កម្ពុជា​ដែល​យក​ពេល​វេលា​ ដើម្បី​ជួប​គ្នា​ ពិភាក្សា​គ្នា​ ធ្វើ​ការ​ជា​មួយ​គ្នា​ និង​បង្ហាញ​ពី​ភា​ព​ស្មោះ​ត្រង់​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំងពីរ​ និយាយ​ដោយឡែក​»។

លោកបាន​បន្ថែម​ថា៖ «និយាយ​ជារួម​ យើង​បាន​បង្ហាញ​ទៅ​កាន់​ទស្សនៈ​បស្ចឹម​ប្រទេស​ដែល​តែង​តែ​ចោទ​កម្ពុជា​ ថា​មាន​លាក់​បាំង​កង​ទ័ព​ចិន​អី​ជា​ដើម​នៅ​ទីនោះ​ ដូច្នេះ​តាម​រយៈ​ស្ថាន​ទូត​អូស្ត្រាលី​ តាម​រយៈ​នាវា​ជើង​ទឹក​របស់​អូស្ត្រាលី​ដែល​បាន​ចូល​ចត​នៅ​កំពង់​ផែ​នោះ​ បាន​បញ្ជាក់​ច្បាស់​ហើយ​ នេះ​ជា​បំណង​ល្អ​មួយ​ដែល​ខ្ញុំ​សា​ទរ​»៕

ក្នុងរយៈពេល ៦ថ្ងៃមាន​ប្រជាពលរដ្ឋ​ចុះឈ្មោះបោះឆ្នោត​​ថ្មី​ជិត៧ម៉ឺននាក់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ​ប្រកាស​ថា ក្នុងរយៈពេល ​៦ថ្ងៃ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និ​ង​ចុះ​ឈ្មោះ​​​បោះ​ឆ្នោត គ.ជ.ប ទទួល​បាន​ទិន្នន័យ​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចុះ​ឈ្មោះ​​ថ្មី​ចំនួន​ជិត​៧​ម៉ឺន​នាក់ ចំណែក​អ្នក​ដែល​ត្រូវ​លុប​ឈ្មោះចេ​ញ​ពី​បញ្ជី​បោះឆ្នោត​​មាន​​​ចំនួ​ន​​ជិត​៤​ម៉ឺន​នាក់។​​

បើ​តាមសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ​ស្ដីអំពី​លទ្ធផល​បណ្ដោះ​អាសន្ន​ថ្ងៃទី៦​នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ បាន​ឲ្យ​ដឹង​ថា ក្នុងរយៈពេល​៦ថ្ងៃ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និ​ង​ចុះ​ឈ្មោះ​បោះ​ឆ្នោត គ.ជ.ប ទទួល​បាន​ទិន្នន័យ​ប្រជាពលរដ្ឋ​ដែល​បាន​មកចុះឈ្មោះ​ថ្មី​ចំនួន​៦៨,១០៥នាក់។ សេចក្តី​ប្រកាសព័ត៌មាន​​ដដែល​បន្ថែម​ថា  ​អ្នក​ដែល​ត្រូវ​លុប​ឈ្មោះចេ​ញ​ពី​បញ្ជី​បោះឆ្នោត​សរុប​ចំនួ​ន​៣៩,៧៤៩​នាក់ រីឯ​អ្នក​ដែល​បាន​កែ​តម្រូវ​ទិន្នន័យ​មាន​ចំនួន​​១៦,៤៨១នាក់ ខណៈ​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូល​ឃុំ​សង្កាត់​ថ្មី​មាន​ចំនួន​១៩,៨៦៥​នាក់។​

ក្នុង​សេចក្ដីប្រកាសព័ត៌មាន​របស់​គ.ជ.ប​​ដដែល​ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ។

គ.ជ.ប​បញ្ជាក់​ថា៖ «សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់ ទៅ​ពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​​ចុងក្រោយ​ដើម្បីស្នើ​សុំកែទិន្នន័យ ប្រសិន​បើមានចំណុចខុសឆ្គង។ ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​១៨​ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១) និង​ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះ​ឈ្មោះបោះ​ឆ្នោត​ពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា»។

គួរបញ្ជាក់ផងដែរថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១២​ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយគិតទាំងថ្ងៃ​សៅរ៍ និងថ្ងៃអាទិត្យផងដែរ៕

ក្រសួងសេដ្ឋកិច្ច​ដាក់​ឲ្យ​ដំណើរ​ការ​​ប្រព័ន្ធស្នើសុំលិខិតបញ្ជាក់ ដើម្បីសម្រួលការធ្វើចត្តាឡីស័ក​សម្រាប់​អ្នក​ដំណើរ​

ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ នឹង​ដាក់​ដំណើរការ​ឡើងវិញ​នូវ​ប្រព័ន្ធ​ស្នើ​សុំ​លិខិត​បញ្ជាក់​លើ​ការ​ធានា​ និង​ការអញ្ជើញ​សម្រាប់​អ្នកដំណើរ​ ជា​វិនិយោគិន​ បុគ្គល​ជំនាញ​បច្ចេកទេស​ និង​ក្រុមគ្រួសារ​ចូល​ក្នុង​ប្រទេសកម្ពុជា​ចាប់ពី​ថ្ងៃទី​១៨​ ខែ​តុលា​ ឆ្នាំ​២០២១​ ដើម្បី​គាំទ្រ​ និង​សម្រួល​ដល់​របប​នៃ​ការធ្វើចត្តាឡីស័ក​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ ចេញ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០២១ ការដាក់​ដំណើរ​​ការ​នូវ​ប្រព័ន្ធ​ស្នើ​សុំ​លិខិត​ទាំងពីរឡើងវិញ​នេះ​ ដើម្បី​គាំទ្រ​ និង​សម្រួល​ដល់​ការអនុវត្ត​សេចក្តី​ជូន​ដំណឹង​របស់ក្រសួងសុខាភិបាល ចេញថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០២១ ស្តីពី​លក្ខខណ្ឌ​ធ្វើ​ដំណើរ​ការ​​អនុវត្ត​​វិធាន​សុខាភិបាល​ និងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលកម្ពុជា ស្របតាម​គន្លង​​ប្រក្រតីភាព​ថ្មី​។ ការ​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​ស្នើ​សុំ​លិខិត​បញ្ជាក់​លើ​ការ​ធានានេះ ជាការ​សហការ​​ជាមួយ​ក្រសួងសុខាភិបាល​ គណៈ​កម្មាធិការ​ទី២​នៃ​គណៈ​ប្រចាំកា​រ​នៃគណៈ​កម្មា​ធិការ​ប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩​ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​។​

ក្នុងសេចក្តី​ប្រកាស​ព័ត៌មានដដែល​បានបន្ថែមថា យន្តការនេះធ្វើឡើង​លើ​ថ្នាល​ផ្លាល់ប្តូរ​ទិន្នន័យ​​កម្ពុជា​ (CamDX) តាមរយៈគេហទំព័រ www.registrationservices.gov.kh។​ វិនិយោគិន​ បុគ្គល​ជំនាញ​បច្ចេកទេស​ និង​ក្រុមគ្រួសារ​ត្រូវតែមានការធានា ឬ​អញ្ជើញ​ពីដៃគូរក្នុងស្រុក​ដែលជា​នីតិ​បុគ្គល​ស្រប​ច្បាប់ មានការចុះបញ្ជី និងបង់ពន្ធត្រឹមត្រូវនៅកម្ពុជា។ ចំពោះលិខិតបញ្ជាក់ទាំងពីរ​នេះ​មានទម្រង់​ឌីជីថល​ និង​មានសុពលភាព​៣០ថ្ងៃអាចប្រើប្រាស់បានតែ​១​ដង​គត់។

ក្រសួងសេដ្ឋកិច្ចក៏បានបញ្ជាក់ផងដែរថា៖ «សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ ក៏ដូចជាការដាក់ពាក្យស្នើសុំលិខិតបញ្ជាក់លើការធានា និងអញ្ជើញ សាធារណៈជន​អាច​ទាញ​យក​ឯកសារ​ណែនាំ (User Manual) និងដាក់​ពាក្យស្នើរសុំតាមរយៈគេហទំព័រ www.registrationservices.gov.kh  និងទាក់ទងមកក្រុមការងារគាំទ្រប្រព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ០៩២ ៨៨៨ ២៩៦ ឬអ៊ីម៉ែល [email protected]»៕

កុមារ និងយុវវ័យក្រោម១៨ឆ្នាំត្រូវបានលើកលែងការ​បង្ហាញបណ្ណចាក់វ៉ាក់សាំងតាមគ្រឹះស្ថានសិក្សា​នៅ​ភ្នំពេញ

សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៧​ ខែតុលា​នេះ បាន​ចេញ​សេចក្តី​ណែនាំ​បន្ថែម​ស្តីពី​ករណី​លើកលែង​កាតព្វកិច្ច​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ចំពោះកុមារ និង​យុវវ័យ​មាន​អាយុ​ក្រោម​១៨ឆ្នាំ។

យោងតាមសេចក្តីណែនាំបន្ថែមរបស់រដ្ឋបាលរាជធានីភ្នំពេញ​ឲ្យដឹងថា​ តាមរយៈ​ការតាមដាន<ត្រួត​ពិនិត្យ និង​វាយតម្លៃជាប់​ជាប្រចាំ កុមារ និងយុវវ័យ​ដែល​មានអាយុក្រោម១៨ឆ្នាំ មិនមែន ជា​ក្រុ​មហា​និ​ភ័យ​ដែល​មាន​ការចម្លង​ជំងឺ​កូវីដ​១៩​សកម្ម​នោះ​ទេ​​ ផ្ទុយ​មក​វិញ​ពួកគេ​គឺជា​ក្រុម​មនុស្ស​ដែល​ងាយរងគ្រោះ​ពីកា​រចម្លង​ជំងឺផ្លូវ​ដង្ហើម​មួយ​នេះ។​

សេចក្តីណែនាំដដែលបន្ថែម​ថា ចំពោះកុមារ និងយុវវ័យមានអាយុចាប់ពី៦​ ដល់​ក្រោម​១៨ឆ្នាំ និង​កុមារ​អាយុក្រោម​៦ឆ្នាំ មិន​ចាំបាច់​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​នៅ​ពេល​ចេញ​ចូល​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជ​ន​នោះទេ​។​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ជំរុ​ញ​ឱ្យ​គណៈ​គ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈនិង​ឯកជន​ត្រូវ​រៀបចំ​យន្តការ​ដើម្បី​ត្រួត​ពិនិត្យ​បណ្ណ​ចាក់វ៉ាក់​សាំង​របស់​បុគ្គលិក អាណាព្យាបាល និង​ភ្ញៀវ​ដែល​បាន​និង​កំពុង​មាន​ទំនាក់ទំន​ង​ក្នុង​ទីតាំង​របស់​ខ្លួន​ផង​ដែរ។

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ចំពោះកុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ត្រូវបានលើកលែងកាតព្វកិច្ចបង្ហាញប័ណ្ណចាក់វ៉ាក់សាំងផងដែរ រាល់​ពេល​ចេញ​ចូល​ទៅ​ទំនាក់​ទំនង​សាកសួរ​ព័ត៌មាន​ផ្សេងៗ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជ​ន​ក្នុង​រាជធានី​ភ្នំពេញ»។

រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៥ ខែតុលា​ បានចេញសេចក្ដីណែនាំ ស្ដីពីកា​រ​បង្ហាញ​បណ្ណ​ចាក់វ៉ាក់​សាំង និង​ឯកសារ​បញ្ជាក់​ការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩ រា​ល់ពេលចេញចូល គ្រឹះស្ថាន​សិក្សា និងទីប្រជុំជនក្នុងរាជធានីភ្នំពេញ ក្នុង​គោល​បំណង​គ្រប់គ្រង​នូវ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ និងឈានទៅដល់ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី នៃ​ការបើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ៕​

រដ្ឋាភិបាលដាក់ក្រដាសប្រាក់ប្រភេទ ៣០,០០០ រៀលឲ្យប្រើប្រាស់ទូទាំងប្រទេស

រាជរដ្ឋា​ភិ​បាល​កម្ពុជា​ នៅថ្ងៃចន្ទ​នេះ​ ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​​ក្រដាស​ប្រាក់​​​ប្រភេទ​៣០,០០០​រៀលគំរូថ្មី​ទូទាំងប្រទេស ដើម្បីអបអរសាទរខួប​៣០ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និងខួប​៣០ឆ្នាំនៃការយាងនិវត្តន៍របស់ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ មកកាន់មាតុភូមិវិញ។

​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន  បាន​ចេញ​អនុក្រឹត្យ​​​​ប្រកាស​ដាក់​ឲ្យប្រើប្រាស់​​ធនប័ត្រ​អនុស្សាវរីយ៍​​ប្រភេទ​ថ្មី​នេះ នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១។​

ធនាគារជាតិនៃកម្ពុជា បាន​ប្រកាស​របស់​លើ​ទំព័រ​ហ្វេសប៊ុក​​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០២១​នេះ​​ថា៖ «ដើម្បីអបអរ​សាទរខួប ៣០ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២១) និងខួប ៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១) រាជរដ្ឋាភិបាលបាន​អនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ចេញ​ផ្សាយ​ធនប័ត្រ​អនុស្សាវរី​យ៍​ប្រភេទ ៣០.០០០រៀល គំរូថ្មី ដើម្បីដាក់ឱ្យចរាចរ និង​ប្រើប្រាស់​ទូទាំង​ព្រះរា​ជា​ណាចក្រ​កម្ពុជា»។

ធនាគារជាតិនៃកម្ពុជា​បាន​បញ្ជាក់​ដែរថា ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រ​អនុស្សាវ​រីយ៍​ប្រភេទ ៣០,០០០ រៀល ត្រូវបាន​ដា​ក់​ឲ្យ​ប្រើប្រាស់​ទន្ទឹមគ្នា​ជាមួយ​នឹង​ក្រដាស​ប្រាក់​ប្រភេទ​ផ្សេងៗ​ទៀត ដែលត្រូវបានចេញផ្សាយកន្លងមក។ ដូចនេះសាធារណជនគ្រប់រូប ត្រូវ​ពិនិត្យ​សម្គាល់​ធនប័ត្រថ្មីនេះឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការភាន់ច្រឡំ៕

ក្រសួងសុខាភិបាលសម្រេចឲ្យអ្នកដំណើរដែល​បាន​ចាក់វ៉ាក់សាំងពេញធ្វើចត្តាឡីស័កត្រឹម​៣ ទៅ៧ថ្ងៃ

ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា​ នេះ​តទៅ អ្នក​ដំណើរ​ដែល​បាន​ចាក់​វ៉ាក់​សាំង​ពេញ​លេញ​​ចួល​មក​ប្រទេស​កម្ពុជា​នឹង​ត្រូវ​អនុវត្ត​ការ​ធ្វើ​ចត្តាឡី​ស័ក​​ចំនួន​ពី​៣ ទៅ៧​ថ្ងៃ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ស្ដីពី​លក្ខខណ្ឌ​​ធ្វើ​​ដំណើរ កាអនុវត្តវិធានសុខាភិបាល និង​ការធ្វើ​ចត្តា​ឡីស័ក​នៅ​កម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។

ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល ​ចេញ​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ២០២១ ​បង្ហាញ​​ថា ដោយ​មើល​ឃើញ​ពី​ការវិវ​ត្ត​កាន់​តែ​ប្រសើរ​ឡើង​នៃ​ស្ថានភាព​ជាក់​ស្តែង រាជរដ្ឋាភិបាលកម្ពុជា​សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និង​តាម​ដំណាក់កាល​ជាមួយ​នឹ​ង​ភាព​ប្រយ័ត្ន​ប្រយែង និងការទទួលខុសត្រូវខ្ពស់ តាម​គន្លង​ប្រក្រតីភាព​ថ្មី ដោយ​មាន​ការសម្រួល​របប​នៃ​ការធ្វើ​ចត្តា​ឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល។

ក្នុង​សេចក្តី​ជូន​ដំណឹង​​នោះ​បញ្ជាក់​ថា​ អ្នក​ដំណើរ​​​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​បាន​ពេញ​លេញ ត្រូវអនុវត្ត​របបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិក​ជំនាញ​បច្ចេកទេស​ទាំង​ជន​ជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រី​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ផ្លូវការ និង​មន្ត្រីរាជការ​របស់​រាជរដ្ឋាភិបាល​ដែល​ត្រលប់​មក​ពី​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ ការ​អនុវត្ត​នេះ​​ត្រូវ​រួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម​អាទិភាពនេះផង។​

ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន​៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬ​ជន​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​បាន​ពេញ​លេញ។ ដោយឡែក ចំពោះ​អ្នក​ដំណើរ​គ្រប់​ប្រភេទ​​ដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬ​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋានបានពេញលេញ ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន១៤ថ្ងៃ ។

ក្រសួងសុខាភិបាលបាន​​បញ្ជាក់ថាផងដែរ​ថា សេចក្តីជូនដំណឹងនេះនឹងអនុវត្តចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះតទៅ។ ចំពោះអ្នកដំណើរដែលមកដល់កម្ពុជាមុនថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និងកំពុងធ្វើចត្តាឡីស័ក ក៏អាចទទួលបានការសម្រួលដូចគ្នាដែរ ក្នុង​ករណី​ទទួល​បាន​ការចាក់វ៉ា​ក់​សាំងកូវីដ-១៩​ពេញលេញ មានឯកសារគ្រប់គ្រាន់ និង​បំពេញ​រាល់​លក្ខខណ្ឌ​ខាងលើ៕

រាជរដ្ឋាភិបាលចេញសារាចរទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ

រដ្ឋា​ភិ​បាល​កម្ពុជា​ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បាន​​​ចេញ​សា​រាចរណែ​នាំ​​ ឲ្យ​ទប់​ស្កាត់​ការ​វាយ​កម្ទេច​ និង​បំផ្លិច​បំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ ទាំង​នៅ​ទីក្រុង និង​នៅ​តាម​បណ្តា​ខេត្ត។

សា​រាចរ​នោះ​បញ្ជាក់​ថា​​ ដោយ​សារ​ទំនើប​កម្ម​​​បណ្តាល​​​ឱ្យ​មាន​ការ​បាត់​បង់​​ ការ​វាយ​បំផ្លិច​បំផ្លាញ​ ការ​ធ្វើ​ឱ្យ​ខូច​ខាត​តាម​​គ្រប់​រូប​ភាព​ជា​បន្ត​បន្ទាប់ ​ចំពោះ​សំ​ណង់​អគារ​​​ដែល​ស្ថិត​​​ក្នុង​តំបន់​​បេតិ​កភណ្ឌ​ទី​ក្រុង​ តាម​បណ្តា​រាជ​ធា​នី​ ​ខេត្ត​ ដែល​ជា​សម្បត្តិ​​​បេ​តិ​កភណ្ឌ​​​​ជាតិ​ដ៏​មាន​តម្លៃ​ ហើយ​មាន​ការ​ប្រ​ឈម​នឹង​​ហា​និ​ភ័យ​ និង​ស្ថិត​ក្រោម​​ការ​គំរាម​កំហែង​ខ្ពស់​ដោយ​ការ​​អភិវឌ្ឍ​​​។

ក្នុងសា​រាចរ​បាន​​បញ្ជាក់ថា ដើម្បី​ឲ្យ​ការ​ងារ​អភិ​រក្ស​តំបន់​បេ​តិ​កភណ្ឌ​ទី​ក្រុង​​ដែល​មាន​សំណង់​អគារ​សាសនា​​ សំ​ណង់​សា​ធារណៈ​ សំ​ណង់​ឯកជន​ ភូមិ​​ដ្ឋាន​ និង​ផ្ទះ​បុរាណ​ ស្រប​តាម​ច្បាប់​ស្តី​ពី​កិច្ច​ការ​ពារ​បេតិ​កភណ្ឌ​វប្ប​ធម៌​ រាជ​​រដ្ឋា​​ភិ​​បាល​​​ហាមឃាត់ចំពោះការកែប្រែ ការ​ប្តូរ​រូប​រាង​ខាង​ក្រៅ ឬធ្វើ​ឱ្យ​ខូច​ខាត​សោ​ភ័ណ​ភាព​ចំពោះ​សំ​ណង់​នៃ​តំបន់​បេ​តិក​ភណ្ឌ​ទី​ក្រុង​ និ​ង​ទប់​ស្កាត់​ការ​វាយ​កម្ទេច ​និង​បំផ្លិច​បំ​ផ្លាញ​សំ​ណង់​វប្បធម៌​ ប្រវត្តិ​សាស្ត្រ សំណង់​បុរាណ និង​សំណង់​អគារ​បេតិ​កភណ្ឌ​ ដើម្បី​ការ​ពារ​ឱ្យ​បាន​គង់​វង្ស​។

រាជ​​រដ្ឋា​​ភិ​​បាល​បាន​ណែ​នាំ​បន្ថែមថា៖ «បញ្ឈប់​ជា​បន្ទាន់​ចំ​ពោះ​ការ​បំ​ផ្លាញ​អគារ​បេតិ​កភណ្ឌ​ក្នុង​តំបន់​ការពារ​និង​ក្រៅ​តំបន់​ការពារ​ ដោយ​ផ្តោត​លើ​យុទ្ធ​សាស្រ្ត​ គោល​ន​យោ​បាយ​ និង​ផែន​ទី​ចង្អុល​បង្ហាញ​ ដើម្បី​ជំ​រុញ​ការ​អភិ​រក្ស​ និង​ការ​អភិ​វឌ្ឍ​ទី​ក្រុង​បេតិ​កភណ្ឌ​ប្រ​កប​ដោយ​និរន្តរ​ភាព​»។

ក្នុងសា​រាចរដដែល​ក៏​បាន​​បាន​ណែ​នាំថា រាល់​សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕

កម្ពុជាក្លាយជាជម្រើសជាតិទី៧ពីតំបន់អាស៊ានក្នុងវគ្គជម្រុះជុំទី៣ ពានរង្វាន់ AFC Asian Cup qualification 2023

នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលានេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ​គឺជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ទី​៧​ ដែល​បាន​ឡើង​ដល់​វគ្គ​ជម្រុះ​ចែក​ពូល​ជុំ​ទី​៣​ នៃពានរង្វាន់​ AFC Asian Cup qualification 2023 (ពានរង្វាន់ជើងឯកទ្វីបអាស៊ី) បន្ទាប់​ពី​ប្រទេស​ ថៃ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ មីយ៉ាន់ម៉ា​ សិង្ហបុរី​ និងឥណ្ឌូណេស៊ី​ ដែល​កំពុង​រង់ចាំ​នៅ​វគ្គ​ជម្រុះ​ចែក​ពូល​ជុំ​ទី​៣​។

កម្ពុជាបានយកឈ្នះកោះហ្គាំ សរុបលទ្ធផលទាំង ២ជើង ៣-១ (ដោយជើងទី១ ឈ្នះ ១-០ និងជើងទី២ ឈ្នះ ២-១) ដើម្បីទៅបង្គ្រប់កៅអី ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ AFC Asian Cup 2023 នេះ ជាមួយឥណ្ឌូនេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នានេះដែរ។ ដោយឡែក វៀតណាម ស្ថិតក្នុងជុំចុងក្រោយ ឬ Final Round ឆ្នាំ២០២៣ ដោយស្វ័យប្រវត្តិ បន្ទាប់ពី​បញ្ចប់នៅចំណាត់ថ្នាក់លេខ២ល្អ​ ពូលG។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ព្រឹក​​ថ្ងៃ​ទី​១៣ ខែ តុលា​ ដោយបញ្ជាក់​ពី​ការ​​ផ្តល់​​រង្វាន់​លើក​ទឹក​ចិត្តដល់​​កីឡាករ​​ថា៖ «ខ្ញុំសូម​អបអរ​សាទរ​ចំពោះក្រុ​ម​បាល់ទាត់ជម្រើសជាតិកម្ពុជា ទទួល​បាន​ជ័យ​ជំនះ​លើក្រុម​កីឡាករ​ក្រុម​កោះហ្គាំ​របស់​អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែល​ឈ្នះលើ​ការប្រកួត​នេះ​ចំនួន​១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជា​ការលើក​ទឹក​ចិត្ត»។

មិនត្រឹមតែប៉ុណ្ណោះ លោក ហ៊ុន សែន ក៏បានបង្ហាញការកោតសរសើរចំពោះលោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​បាន​ដឹកនាំ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​ជោគជ័យ​នេះ​ផង​ដែរ​៕

ព្រះមហាក្សត្រព្រះតម្រិះយល់ស្របរឿងកំណត់សញ្ជាតិខ្មែរតែមួយដែលស្នើដោយនាយករដ្ឋមន្ត្រី

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ព្រះបាទ​ នរោត្តម​ សីហមុនី​ ព្រះ​តម្រិះ​យល់​ស្រប​លើ​គំនិត​ផ្តួ​ចផ្តើម​ធ្វើ​របស់​លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ លើ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​កំណត់​ «សញ្ជាតិ​ខ្មែរ​តែ​មួយ​» ចំពោះ​ថ្នាក់​ដឹក​នាំ​កំពូល៤​ របស់​កម្ពុជា​ ។

តាម​រយៈ​លិខិត​របស់​ព្រះមហាក្សត្រ​ ជូន​ចំពោះ​លោកនាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​​១១​ ខែ​តុលា​ ឆ្នាំ២០២១​ ព្រះ​ករុណា​ ព្រះបាទ​ នរោត្តម​ សីហមុនី​ ទ្រង់​មាន​ព្រះ​បន្ទូល​ក្នុង​លិខិត​នោះ​ថា​៖ «ខ្ញុំ​បាន​ទទួល​នូវ​លិខិត​លេខ​ ០៦៣/០១/២០២១ ចុះ​នៅ​ថ្ងៃ​ទី​ ១១​ ខែ​តុលា​ ឆ្នាំ២០២១​ របស់​ឯកឧត្តម​កិត្តិនិតិកោសល​បណ្ឌិត​ អ៊ឹម​ ឈុនលឹម​ ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ស្តី​ពី​មតិ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ អំពី​កា​រ​ផ្តួច​ផ្តើម​គំនិត​ធ្វើ​វិសោធនកម្ម​ […] ខ្ញុំ​សូម​ប្រគល់​ជូន​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ នូវ​លិខិត​របស់ឯកឧត្តម​កិត្តិនិតិកោសល​បណ្ឌិត​ ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដើម្បី​ចាត់​វិធាន​ការ​តាម​ច្បាប់​»។

នៅ​មុន​លិខិត​របស់​ព្រះ​មហាក្សត្រ​ត្រូវ​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​ដែរ​នោះ គណបក្ស​ប្រជាធិប តេយ្យ​មូលដ្ឋាន​ក៏​បាន​ចេញ​​លិខិត​ថ្លែ​ង​ការណ៍មួ​យ ​ មិន​សាទរ​ចំពោះ​ការ​យក​បញ្ហា​រឿង​កំណត់​សញ្ជាតិ​តែ​មួយ​នេះ​ ទៅ​ពិភាក្សា​ជា​មួយ​អង្គ​មហាក្សត្រ​ឡើយ។​

គណបក្សមិន​មាន​អាសនៈ​សភា​​មួយ​នេះ​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា​៖ «គណបក្ស​ប្រជា​ធិបតេយ្យ​​មូលដ្ឋាន ​(គ.ប.ម.)​ សូម​បញ្ជាក់​ជំហរ​មិន​គាំ​ទ្រ​រឿង​សញ្ជាតិ​ខ្មែរ​តែ​មួយ​នៅ​ពេល​នេះ​។ គ.ប.ម.​ ក៏​មិន​គាំទ្រ​ការ​ពិភាក្សា​រឿង​នេះ​ដោយ​ភ្ជាប់​ជា​មួយ​អង្គ​ព្រះមហាក្សត្រ​ដែរ​» ។

គួរ​បញ្ជាក់​ថា​ ​  គណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​អនុម័ត​រួច​ជា​ស្រេច​ កាល​ពី​ថ្ងៃ​ទី​ ០៨​ តុលា​ ឆ្នាំ​ ២០២១​ លើ​សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តី​ពី​ «វិសោធនកម្មមាត្រា១៩ថ្មី​ មាត្រា៨២​ មាត្រា​១០៦ថ្មី​(មួយ)​ មាត្រា១១៩ថ្មី​ និងមាត្រា១៣៧ថ្មី​ នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​រាជាណាចក្រកម្ពុជា​ និង​ មាត្រា៣​ និង​មាត្រា៤​ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​»។ វិសោធនកម្ម​នេះ​បាន​ដាក់​បញ្ចូល​កថាខណ្ឌ​ដែល​ចែង​ថា​ «ថ្នាក់​ដឹក​នាំ​ជាតិ​ដែល​ជា​ ប្រធាន​ព្រឹទ្ធសភា​ ប្រធានរដ្ឋសភា​ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ​ និង​ នាយករដ្ឋមន្ត្រី​ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​»។​

ការ​អនុម័ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃពុធ​ ទី០៦​​ ខែតុលា​ ឆ្នាំ២០២១​ បាន​ចេញ​មក​ប្រកាស​បញ្ជា​ឱ្យ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​កម្ពុជា​សិក្សា​រៀប​ចំ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ឬ​សេចក្តី​ព្រាង​ច្បាប់​អង្គកា​រ​ចេញ​ពី​រាជរដ្ឋាភិបាល​ ឬ​ ជា​សេចក្តី​ស្នើ​ច្បាប់​ដែល​ចេញ​ពី​ព្រឹទ្ធសភា​ និងរដ្ឋសភា​ តម្រូ​វ​ឱ្យ​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​ជាតិ​ត្រូវ​មាន​សញ្ជាតិ​តែ​មួយ​នោះ​គឺ​សញ្ជាតិ​ខ្មែរ​៕​

ទារកអាយុ៦ខែម្នាក់នៅខេត្តកោះកុងបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩

ទារកជា​ជនជាតិ​ខ្មែរ​ ​អាយុ​៦​ខែម្នាក់​ បាន​បាត់​បង់​ជីវិត​​ដោយ​សារ​ជំងឺ​កូវីដ​១៩ កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយសារ​ស្ថានភាព​ជំងឺ​មាន​ភាព​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​ការ​​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​កោះកុង។

ក្នុង​សេចក្តីប្រកាសព័ត៌មាន​របស់​រដ្ឋបាលខេត្តកោះកុង ចេញ​​នៅ​ថ្ងៃ​ទី​១០ ខែតុលា ​បង្ហាញ​​ថា ទារក​​អាយុ​៦​ខែ​នោះ​ ជាអ្នកជំងឺកូវីដ១៩ បានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១​ ក្នុងមន្ទីរពេទ្យ។ 

បើ​តាមរបាយការណ៍របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង​បញ្ជាក់ ថាទារក​ដែល​ស្លាប់​នោះ​​មានអាសយដ្ឋាននៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បាន​បញ្ជូន​មក​សម្រាក​ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេក ទារក​ដែល​ជាអ្នក​ជំងឺ​​​បាន​ទទួល​មរណភាព​នៅ​ថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៨:៤៥នាទី។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់​ថា៖ «កុមារា [ទារក] ដែលជាអ្នកជំងឺខាងលើ បាន​បាត់បង់​ជីវិតដោយសារ​វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ (Severe Respiratory Tract Infection) ដែលបណ្តាលមកពីវីរុសកូវីដ-១៩»។

គិត​មក​ត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ កម្ពុជា​មាន​ករណីឆ្លង​​ជំងឺ​កូវីដ​សរុបចំនួន ១១៤,៨១០ និងករណីឆ្លងថ្មីកើនឡើងចំនួន ២៣៩ (លទ្ធផលបញ្ជាក់ដោយ PCR)។ រីឯ​ករណីស្លាប់​សរុប​ចំនួន ២,៥០៦ និងករណីស្លាប់ថ្មីមានចំនួន​២៤៕

ពលរដ្ឋជាច្រើនគ្រួសាររងប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍​អាង​ស្តុកទឹកមិនសប្បាយចិត្តនឹងសំណងដែលផ្តល់ទាបជាងទីផ្សារ

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានដីស្រែរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍​អាង​ស្តុក​ទឹករបស់រដ្ឋ នៅ​ក្នុង​ភូមិធ្លក ឃុំក្រោល​គោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បង្ហាញការមិនពេញចិត្ត និង​ក្តី​អស់​សង្ឃឹម​ចំពោះ​សំណង​ថោក​ជាង​តម្លៃ​​ទីផ្សារ​ខ្លាំង។​

អ្នកស្រី សូ សីណា លរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋជាច្រើនគ្រួសារទៀត​ដែល​មាន​ដី​ស្រែរ​ង​ផល​ប៉ះពាល់​​ពី​គម្រោងអភិវឌ្ឍន៍​អាងស្តុក​ទឹក​​របស់​រដ្ឋ​​ ស្ថិត​ក្នុងឃុំក្រោលគោ ប្រាប់ Newsroom Cambodia កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះថា អ្នកស្រី​មាន​ដីស្រែទំហំ​៣០អា​ដែល​ជាកេរ្តិ៍​របស់​ម្តាយ​អ្នកស្រី​ សម្រាប់​ប្រកប​របរ​ធ្វើស្រែ​ជា​រៀងរាល់ឆ្នាំ។ អ្នក​ស្រី​បន្ត​ថា ការអភិវឌ្ឍ​អាង​ស្តុក​ទឹក​​នេះ​ប៉ះពាល់​ដល់​ដីស្រែ​រប​ស់​អ្នកស្រី​ទាំង​ស្រុង ប៉ុន្តែ​សំណងដែលរដ្ឋផ្តល់ឱ្យ​មានតម្លៃ​ថោកខ្លាំង​។

អ្នកស្រីថា៖​ «សំណង​វា​តិច​ខ្លាំង​ពេក ឱ្យតែ ៦កាក់​ក្នុងមួយអា អត់​បាន​នំ​បញ្ចុក​មួយ​ចាន​ផង​។ ហើយ​ដី​ធ្វើ​ស្រែ​រាល់​ឆ្នាំ ដី​របប​មាន​តែ​ប៉ុណ្ណឹង ការពិ​តរបប​ម្នាក់​២​៣​អា​ផង អានេះ​ម៉ែ​ចែក​ឱ្យ​៣០​អា​ អញ្ចឹង​ណ៎ា! ក្នុង​កូន​ម្នាក់។ ហើយ​ប៉ះ​ទាំងអស់ ហើយបា​ន​តែប៉ុន្មាន​នឹ​ង ហើយ​យក​អាលុយ​ប៉ុណ្ណឹង​ទៅ​ទិញ​​វិញ ទិញ​បាទ​ទី​ (ដីមួយ​ដុំ​តូច) មួយ​ទិញ​មិន​បាន​ផង វា​តិច​តួច​ខ្លាំង​ពេក»។

ពលរដ្ឋរងផលប៉ះពាល់ម្នាក់ទៀត អ្នកគ្រូ នាង ​​បានបញ្ជាក់ថា ដំបូងឡើយមិនមានគ្រួសារច្រើនទេ ដែល​ព្រ​ម​ទទួលយកសំណង ប៉ុន្តែក្រោយៗមកដោយមានសកម្មភាពចាប់ខ្លួន ការគំរាមកំហែង និងថា​​ពលរដ្ឋខ្លួ​ន​ឯង​​មិនចេះច្បាប់ ក៏ព្រមទទួលយក​សំណង​។

អ្នកស្រីថា៖ «ខ្ញុំនៅឃុំក្រោល​គោហ្នឹង! មានផលប៉ះពាល់ខ្ទង់៣០គ្រួសារជាង ប៉ុន្តែគេព្រមអស់ហើយ ឥឡូវ​នៅ​៥គ្រួសារ។ ពួកខ្ញុំការពិត ពួកគាត់អត់ព្រមទេដំបូង ប៉ុន្តែគាត់ភ័យខ្លាច ដោយសារ​គេ​និយាយ​ប្រាប់​ពួក​ខ្ញុំ​ថា ទី១​គេ​ឱ្យ​ធ្វើតា​ម​នីតិវិធី ការអភិវឌ្ឍ​ហ្នឹង​វា​ប៉ះពាល់។ អញ្ចឹង​ពួកគាត់​ឱ្យ​ខ្ញុំ​​ដាក់​ពាក្យ​បណ្តឹង​ទៅ​ឃុំ​រយៈពេល​១៥​ថ្ងៃ បន្ទាប់មក​ក៏​ទៅ​ខាង​ស្រុក​១៥​ថ្ងៃ ហើយ​ទៅ​ដល់​ខេត្ត​៣០​ថ្ងៃ រួចហើយ​ឡើង​តុលាការ។ អញ្ចឹង​ប្រជាពលរដ្ឋ​គាត់​ភ័យ​ខ្លាច ព្រោះគាត់​ថាមិនដឹងស្វែងរកអន្តរាគមន៍ពីអ្នកណា​ ដោយសា​រវាជារបស់​រដ្ឋ ហើយទៅប្តឹងរដ្ឋដដែលបានអី!»។

អ្នកស្រីបន្ត​ថា ខាងរដ្ឋផ្តល់សំណងឱ្យត្រឹម៦កាក់​ ឬ០.៦ដុល្លារ​ ក្នុង១ម៉ែត្រការ៉េ ប៉ុន្តែ​ប្រជាពលរដ្ឋ​ចង់​បាន​១ ទៅ​២​ដុល្លារ​ក្នុង១ម៉ែត្រការ៉េ។ អ្នកស្រី​ថា កន្លងមកខាងអាជ្ញាធរមូលដ្ឋាន​​បាន​ហៅ​ប្រជាពលរដ្ឋ​ទៅ​ចរចា​ចំពោះប​ញ្ហា​នេះ​ ប៉ុន្តែជាក់ស្តែងពួកគាត់មិនឱ្យពលរដ្ឋបញ្ចេញមតិ ឬយោបល់នោះទេ គឺ​ត្រឹម​សួរ​ថាព្រម ឬមិនព្រម។

អ្នកស្រីបន្ថែមថា៖ «ហៅប្រជាជនទៅចរចាហ្នឹង! គឺមិនដែលប្រជុំឱ្យពួកយើងបញ្ចេញយោបល់អីទេ គឺ​គ្រាន់​សួរ​ព្រមលក់ ឬមិនព្រមតែប៉ុណ្ណឹង បើព្រមផ្តិតមេដៃ បើមិនព្រមហីទៅ។ គឺហៅពួកខ្ញុំទៅដដែលៗ អត់​មាន​ថា​ហី  អាចឡើង ឬមិនអាចឡើង គេត្រឹមសួរយើងព្រម ឬមិនព្រម»។

ពលរដ្ឋម្នាក់ទៀតដែលមិនព្រមទទួលសំណងដែរនោះ កញ្ញា ភោគ ម៉ារី ដែល​រង​ប៉ះពាល់​ខ្លំាំង​ពី​គម្រោង​អភិវឌ្ឍន៍​​នេះបាន​អះអាង​​ថា​ កញ្ញា​មិនអាចទទួលយកបានទេចំពោះសំណងនេះ ដែល​វា​ថោក​ពី​តម្លៃ​ទីផ្សារ​ខ្លាំង។ កញ្ញថា  កញ្ញាមិនអាចយកលុយ​ពី​ការ​ផ្តល់​សំណង​នោះ​ទៅ​ទិញ​ដី​កន្លែង​ផ្សេង​ទៀត​ទុក​ធ្វើស្រែ​បាន​ទេ។

កញ្ញាថា៖ «ខ្ញុំមិនបានបដិសេធក្នុងការអភិវឌ្ឍន៍ហ្នឹងទេ ប៉ុន្តែខ្ញុំមានសំណួមពរឱ្យគេ (រដ្ឋ) ដំឡើងតម្លៃ ពីព្រោះ​អី ឱ្យសមស្របនឹងទីផ្សារខ្លះ។ ដោយសារនៅពេលដែលខ្ញុំប៉ះដីទាំងអស់ហ្នឹងហើយ ខ្ញុំ​មិនមាន​ដី​ធ្វើ​ស្រែ អ៊ីចឹង​ខ្ញុំត្រូវការឱ្យរដ្ឋគាត់ដំឡើងតម្លៃឱ្យខ្ញុំខ្លះ»។

ដោយឡែកចំពោះបញ្ហានេះមេឃុំក្រោកគោ លោក ភោគ ថន អះអាង​ថា សំណង​ដែល​ផ្តល់​ឱ្យ​ប្រជា​ពលរដ្ឋ​ប៉ុណ្ណឹង​គឺជាការកំណត់ចេញពីរដ្ឋាភិបាល ហើយកន្លងមកក៏មានក្រុមការងារអន្តរក្រសួង​ ចុះ​មក​សម្រប​សម្រួល និងចរចាដែរ។ លោក​ថា គ្រួសារមួយចំនួនធំ ព្រមទទួលសំណងនេះដែរ ហើយ​ក៏​មាន​គ្រួសារ​មួយចំ​នួន​ទៀត មិនព្រមទទួលយកសំណងនេះទេ ដូច្នេះ​លោក​ជំរុញ​ឱ្យ​ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណ​ង​ទៅដាក់ពាក្យបណ្តឹង។

លោកថា៖ «ដាក់ពាក្យប្តឹងមកមេឃុំ រួចប្តឹងមកមេស្រុក រួចទៅតុលាការ។ ព្រោះ​យើង​កំណត់​សេវា​របស់​រដ្ឋ​តែ​ប៉ុណ្ណឹង​ ហើយបើការណាចង់បានលើសពីហ្នឹងទៀត  គឺ​ក្រុម​ការងារ​យើង​អត់​បាន​ដោះស្រាយ​ជូន​ទេ (អត់ហ៊ានទេ)។ ហើយចង់បានតម្លៃលើសពីហ្នឹង អាហ្នឹង!ជាសិទ្ធិរបស់ពួកគាត់ ឱ្យ​គាត់ដាក់​ពាក្យ​ចុះអ​ត់អី​ទេ»។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ និង​ជាក្រុម​ការងា​រ​ចុះសម្រប​សម្រួល​នោះ​បាន​បញ្ជាក់​ថា មានប្រជាពលរដ្ឋព្រមទទួលសំណងនេះ​ជាបណ្តើរៗហើយ ហើយ​ក្រុមការងារ​ក៏​ចុះធ្វើ​កា​រនេះជារាងរាលថ្ងៃផងដែរ។

លោកថា៖ «កំពុងចាំមើលទាក់ទងជាមួយខាងក្រុមការងារអន្តរក្រសួង ប៉ុន្តែ​អ្វី​ដែលសំខាន់​គឺ​គោល​ការណ៍​របស់រដ្ឋាភិបាលបានចែងច្បាស់មកហើយ ថាតម្លៃប៉ុនហ្នុង»។

យោងតាមរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា មាត្រា៤៤ ចែងថា កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិត​ក្រោម​ការគាំពារ​នៃច្បាប់ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែ​ប្រយោជន៍​សាធារណៈ​តម្រូវ​ឱ្យធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្តល់សំណងជាមុន ដោយសមរម្យ និង​យុត្តិធម៌៕​

លោកស ខេងត្រឡប់មកពីបារាំងវិញ និយាយថាការវះកាត់ជោគជ័យ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង បានវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីបានទទួលការពិនិត្យ និងវះកាត់សុខភាពបានជោគជ័យនៅប្រទេសបារាំង។

សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យក្រសួងមហាផ្ទៃដែលបានចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញានេះ បានឲ្យដឹងថាលោកស ខេងបានធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំងរយៈពេល ២សប្តាហ៍ដើម្បីពិនិត្យសុខភាព និងបានទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង។​

ខុទ្ទកាល័យលោកស ខេង កាលពីថ្ងៃទី២៣ ខែសីហ ឆ្នាំ២០២១ បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយដែលថាអតីតមន្រ្តីគណបក្សប្រឆាំងនឹងជួបគាត់ខណៈពេលដែលលោកស្ថិតនៅក្នុងប្រទេសបារាំង។

សំឡេងប្រជាធិបតេយ្យ (VOD) បានចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១​ថា អតីត​​គណបក្សប្រឆាំង​ ស្វាគមន៍ជានិច្ច ប្រសិនបើមាន​​ការ​​បើក​​​​​ភ្លើង​​ខៀវណាមួយដែលនាំឱ្យមានជំនួបក្រៅផ្លូវការជាមួយនឹង​លោក ស ខេង ខណៈថ្នាក់ដឹកនាំ​​​​ក្រសួងមហាផ្ទៃរូបនេះធ្វើទស្សនកិច្ចក្រៅផ្លូវការនៅបារាំង រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១៕

ខេមបូចា ប្រកាសប្រកួតប្រជែងស្វែងរកសមាជិកឆ្នើមប្រចាំឆ្នាំតាមរយៈការប្រកួតប្រជែងអត្ថបទ រូបភាពសន្លឹក និងវីដេអូ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានប្រកាសកាលពីពេលថ្មីៗ ដើម្បីស្វែងរកសមាជិកឆ្នើមប្រចាំឆ្នាំរបស់ខ្លួនជាលើកដំបូងតាមរយៈការប្រកួតប្រជែងអត្ថបទ រូបភាពសន្លឹក និងវីដេអូ ដើម្បីលើកទឹកចិត្តសមាជិក ជាពិសេសការលះបង់របស់ពួកគេក្នុងការបម្រើដល់សារធារណជននូវព័ត៌មានដែលអាចជឿទុកចិត្តបាន ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានពីខេមបូចា ជ័យលាភីក្នុងការប្រកួតនឹងត្រូវប្រកាសក្នុងពិធីសន្និបាតសមាជិកប្រចាំឆ្នាំរបស់ខេមបូចា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ចំខួបលើកទី២ នៃការចាប់បដិសន្ធិនៃសមាគមនេះ។

រាល់ការដាក់ពាក្យចូលរួមប្រកួតទាំងអស់នឹងត្រូវបានត្រួតពិនិត្យ និងវាយតម្លៃដោយគណៈកម្មការដែលមានបទពិសោធន៍ជាច្រើនក្នុងវិស័យសារព័ត៌មាន និងការងារអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ​ ហើយចាប់ពីឆ្នាំនេះតទៅ ពានរង្វាន់នឹងត្រូវផ្តល់ជូនជារៀងរាល់ឆ្នាំដល់អ្នកសារព័ត៌មានស្នាដៃគម្រូសម្រាប់អាជីព និងការអនុវត្តន៍ការងារក្នុងវិស័យសារព័ត៌មានមានទៅកម្ពុជា។ នេះយោងតាមខេបូចា។

យោងតាមសេចក្តីប្រកាសដដែល កាប្រកួតនេះនឹងស្វែងរកជ័យលាភីប្រាំរូប តាមផ្នែកនីមួយៗដូចជាសមាជិកឆ្នើមផ្នែកសរសេរព័ត៌មានឌីជីថល​ សមាជិកផ្នែករូបថតសារព័ត៌មាន សមាជិកឆ្នើមផ្នែកវីដេអូ សមាជិកឆ្នើមផ្នែកវិទ្យុ និង សមាជិកឆ្នើមវ័យក្មេង៕

Latest News