fbpx
Home Blog Page 66

សង្គមស៊ីវិល និងអ្នកសារព័ត៌មានបារម្ភពីផលប៉ះពាល់នៃសិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិត

ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិមនុស្ស ព្រមទាំង​អ្នកសារព័ត៌មាន បានបង្ហាញក្តីបារម្ភពីផលប៉ះពាល់នៃសិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា ក្រោយរដ្ឋាភិបាលបានបង្កើតច្បាប់ និងអនុក្រឹត្យផ្សេងៗដើម្បីគ្រប់គ្រង។

មជ្ឍមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សាយឯករាជ្យ (CCIM) និង Engage Media បានបង្កើតវេទិកាកម្ពុជា ស្តីពីសិទ្ធិឌីជីថល​ ដោយមានរយៈពេលពីរថ្ងៃ កាលពីថ្ងៃទី២២ និង២៣ ខែវិចិ្ឆកា ឆ្នាំ២០២២ ក្រោមការចូលរួមពីសំណាក់អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាច្រើននាក់។

លោកស្រី ឆន សុគន្ធា នាយិកានៃនាយកដ្ឋាន​អភិវឌ្ឍប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្ យ(CCIM) បានប្រាប់ Newsroom Cambodia ថា លោកស្រីមើលឃើញពីសិទ្ធិឌីជីថលនៅកម្ពុជាបច្ចុប្បន្នគឺមានការរិតត្បិតជាពិសេសសម្រាប់អ្នកសារព័ត៌មានធ្វើការតាមប្រព័ន្ធអនឡាញ។

លោកស្រីថា៖ «នៅក្នុងពេលបច្ចុប្បន្ននេះពាក់ព័ន្ធនឹងរឿង Digital Right [សិទ្ធិឌីជីថល] សម្រាប់ពលរដ្ឋកម្ពុជា ជាពិសេសសម្រាប់អង្គការ ឬក៏អ្នកសារព័ត៌មានគឺមានការរិតត្បិត ដោយសារសម័យនេះជាសម័យឌីជីថល ហើយសម្រាប់បងប្អូនអ្នកសារព័ត៌មានគាត់បានដូរពីកាសែត Traditional [ប្រពៃណី] ដូចជាការសរសេរអត្ថបទរួចធ្វើការបោះពុម្ភ ដូរមកជាការផ្សាយតាមរយៈអនឡាយ ឬក៏តាមរយៈ Social Media [បណ្តាញសង្គម] វាមានលក្ខណៈលឿនឆាប់រហ័ស។»

លោកស្រី ឆន សុគន្ធា

«ប៉ុន្តែវាក៏មានការប្រឈមមួយចំនួនដូចជារដ្ឋាភិបាលមានការរិតត្បិតទៅដល់អ្នកប្រើប្រាស់អ៊ីនធឺណេត Internet Freedom សេរីភាពអ៊ីនធឺណេត គឺទៅតាមការបង្កើតជាអនុក្រឹត ឬបង្កើតច្បាប់ដើម្បីត្រួតពិនិត្យ ឬក៏ទុកនូវឯកសារមួយចំនួន ទោះបីជាមានការពន្យល់ ឬការយល់ខុសគ្នារវាងសម្រាប់អង្គការដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យឌីជីថល»។

លោកស្រីបានបន្ថែមថា អនុក្រឹតស្តីពីច្រកទា្វរអ៊ីនធឺណិតនេះមានបំណងគ្រាន់តែចង់គ្រប់គ្រងលើក្រុមហ៊ុនដែលផ្តល់អ៊ីនធឺណិត ប៉ុន្តែមាត្រាខ្លះបែរជាមានលក្ខណៈរិតត្បិត និងប៉ះពាល់ដល់សិទ្ធិសេរីភាពលើប្រព័ន្ធឌីជីថល។

លោកស្រីថា៖ «អនុក្រឹត្យស្តីពីចក្រទ្វារអ៊ីនធឺណេតតែមួយនេះបានអនុម័តនៅក្នុងខែ២ ឆ្នាំ២០២១ អ៊ីចឹងវត្ថុបំណងនៅក្នុងអនុក្រឹត្យនេះគ្រាន់តែចង់ធ្វើការគ្រប់គ្រងដល់ក្រុមហ៊ុន ឬក៏អ្នកដែលផ្តល់សេវាអ៊ីនធឺណេត ប៉ុន្តែខ្ញុំមើលឃើញមាត្រាមួយចំនួននៃអនុក្រឹតនេះមានលក្ខណៈរិតត្បិត ហើយការបកស្រាយវាមានលក្ខណៈទូលំទូលាយ ដូច្នេះបានជាអង្គការដែលគាត់ធ្វើការពាក់ព័ន្ធនឹងសិទិ្ធឌីជីថលស្នើសុំឱ្យមានការបកស្រាយពីខាងក្រសួងប្រៃសណីយ៍ឱ្យបានច្បាស់លាស់ កុំឱ្យមានការយល់ខុសគ្នារវាងភាគីពាក់ព័ន្ធ»។

លោក ស៊ីម សុភក្តិ មន្រ្តីផ្នែកទំនាក់ទំនងនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) បានលើកឡើងថា លោកមើលឃើញពីសិទ្ធិសេរីភាពលើប្រព័ន្ធឌីជីថលនៅមានការរិតត្បិតនៅឡើយ ហើយនៅពេលដែលរដ្ឋាភិបាលបានបង្កើតច្បាប់ច្រកអ៊ីនធឺណេតជាតិគួរតែមានការចូលរួមពីសំណាក់សង្គមស៊ីវិលដែលជាហេតុនាំឱ្យផលប៉ះពាល់បញ្ហាផ្សេងៗ។

លោកថា៖ «ខ្ញុំយល់ឃើញថានៅក្នុងប្រទេសកម្ពុជារបស់យើងមានការរិតត្បិតទៅលើសិទ្ធិសេរីភាពនៅលើប្រព័ន្ធឌីជីថល ហើយជាទូទៅរដ្ឋាភិបាលហ្នឹងគាត់បង្កើតច្បាប់NIG (National Internet Gateway ច្រកទ្វារអ៊ីនធឺណេតជាតិ) ដោយមានច្បាប់ខ្លះនៅព្រាងនៅឡើយ។»

«នៅពេលដែលគាត់ចងក្រង ឬក៏បង្កើតឡើងហ្នឹងគឺគាត់អត់យកធាតុចូលពីNGOs ឬក៏សមាគមអង្គការដែលគាត់ធ្វើការទៅលើសិទ្ធិមនុស្ស ឬក៏បម្រើផលប្រយោជន៍ទៅដល់សាធារណជនទេ អ៊ីចឹងនៅពេលដែលបង្កើតច្បាប់ធ្វើឱ្យប៉ះពាល់ទៅដល់ស្ថាប័នដែលធ្វើការពីរឿងសិទ្ធិមនុស្ស ធ្វើការទៅរឿងសេរីភាពសារព័ត៌មាន ឬក៏អង្គការផ្សេងៗដែលគាត់ធ្វើការទៅលើផ្នែកហ្នឹង»។

លោក ស៊ីម សុភក្តិ

លោក សុភក្តិបានបន្តថា រដ្ឋាភិបាលគួរតែបើកការជជែកជាមួយសា្ថប័នពាក់ព័ន្ធជាមុនសិន ទើបសម្រេចអនុម័តប្រើប្រាស់ទៅលើច្បាប់ណាមួយ។

លោកថា៖ «ទីមួយ រដ្ឋាភិបាលគួរតែផ្សព្វផ្សាយជាមុនសិន មុននឹងដាក់ច្បាប់មួយឱ្យចេញជាផ្លូវការឬក៏សម្រេច។ ទីពីរគាត់គួរតែបើកឱ្យទូលាយនៅក្នុងការជជែកពាក់ព័ន្ធដូចជា ក្រុមអង្គការសង្គមស៊ីវិល ក្រុមដែលធ្វើការលើរឿងសិទ្ធិមនុស្ស សកម្មជនឱ្យគាត់បានដឹងចូលជាមតិក្នុងការបង្កើតច្បាប់ហ្នឹងឡើង ដើម្បីឱ្យគ្រប់គូភាគីចូលរួមក្នុងការជជែកដោយជជែកក្នុងន័យរួម ដើម្បីបម្រើជាផលប្រយោជន៍រួមក្នុងសហគមន៍»។

អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ សុំមិនធ្វើអធិប្បាយលើរឿងនេះទេ ដោយសារថាលោកទើបមកពីបរទេស ហើយបង្វែរឱ្យទៅសួររដ្ឋលេខាធិការក្រសួង លោក សូ វិសុទ្ធី វិញ ប៉ុន្តែមិនមានការឆ្លើយពីលោក សូ វីសុទ្ធី មកNewsroom Cambodiaបានទេ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។

គួរបញ្ជាក់ដែលថា កាលពីដើមឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ និងក្រោយមកបានធ្វើសេចក្ដីព្រាងច្បាប់ស្ដីឧក្រិដ្ឋកម្មបច្ចេកវិទ្យា និង​សុវត្ថិភាពអ៊ិនធឺណិត ជាដើម ដោយការបង្កើតច្បាប់ទាំងនេះបានធ្វើឱ្យក្រុមសង្គមស៊ីវិលបារម្ភពីផលប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

មាត្រា៦ នៃអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណេតជាតិ បានកំណត់ឱ្យក្រុមហ៊ុនឬប្រតិបត្តិករត្រូវផ្ដល់អំពីស្ថានភាព គុណភាព និងក្រាហ្វិច នៃការតភ្ជាប់បណ្ដាញជូនទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយត្រូវសហការជាមួយក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតក្នុងការចាត់វិធានការទប់ស្កាត់ និងការកាត់ផ្ដាច់ចោលរាល់ការតភ្ជាប់បណ្ដាញទាំងឡាយណាដែលប៉ះពាល់ដល់ចំណូលជាតិ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ និងទំនៀមទម្លាប់ ជាដើម។

មាត្រា១៤ នៃច្បាប់ដដែលនេះបានចែងថា ក្រសួងមានសិទ្ធិត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញ រួមទាំងគ្រឿងសម្ភារបរិក្ខារនៃច្រកទ្វារអ៊ីនធឺណិតក្នុងករណីចាំបាច់ និងត្រូវផ្ដល់ព័ត៌មានផ្សេងទៀត។ លើសពីនេះ ​ប្រតិបត្តិករត្រូវរក្សាទុកកំណត់ត្រាបច្ចេកទេស និងតារាងបែងចែកការផ្ដល់អាសយដ្ឋាន និងកំណត់ផ្លូវនៃក្រាហ្វិកឆ្លងកាត់ច្រកទ្វារអ៊ីនធឺណេតជាតិរយៈពេល១២ខែចុងក្រោយ។

​យ៉ាងណា អនុក្រឹត្យនេះបានបញ្ជាក់ថា ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិមានគោលបំណងសម្របសម្រួលនិងគ្រប់គ្រងការតភ្ជាប់បណ្ដាញអ៊ីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាពនិងការកៀរគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្ដាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ និងទំនៀមទម្លាប់៕

អ្នកផលិតវីដេអូយូធូបនៅកម្ពុជាអាចរកប្រាក់ចំណូលវិញបាន

0

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការ «កម្មវិធីភាពជាដៃគូ» របស់ក្រុមហ៊ុន YouTube បន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល (Monetization) ដើម្បីឱ្យអ្នកផលិតវីដេអូតាម YouTube ម្ពុជាអាចរកចំណូលវិញបាន។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បាននិយាយថាបន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល(Monetization) លើថ្នាលវីដេអូ YouTube នៅប្រទេសកម្ពុជា ក.ប.ទ. បានទាក់ទងនិងសហការជាមួយតំណាង You Tube ដើម្បីស្វែងរកដំណោះស្រាយបញ្ហានេះជូនអ្នកផលិតមាតិកា YouTube របស់យើង។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ដដែលបញ្ជាក់ថា៖‍‌‍ «ជាលទ្ធផល ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការកម្មវិធីភាពជាដៃគូ (You Tube Partner Program) នៅព្រះរាជាណាចក្រកម្ពុជាដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា YouTube កម្ពុជាអាចរកចំណូលបានព្រមទាំងឱកាសចូលទៅប្រើប្រាស់មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់ YouTube ផងដែរ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២តទៅ»។

គួររំលឹកដែរថា ដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់អ្នកផលិតមាតិកាដូចដែលបានធ្វើកន្លងមក សំដៅពង្រឹងសមត្ថភាពក្នុងការផលិតមាតិកាល្អៗគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគំនិតច្នៃប្រឌិត ផ្ដល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជនដូចជាការអប់រំ កំសាន្ត និងនវានុវត្តន៍ជាដើម ទាំងនេះជាផ្នែកមួយជួយជម្រុញដល់បរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា៕

សកម្មជន​ ​និង​សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ការ​វាយតម្លៃ​ផល​ប៉ះពាល់​​ពី​ការ​រុករក​រ៉ែ​​ជា​សាធារណៈ

សកម្មជន​បរិស្ថាន​ ​និង​សង្គមស៊ីវិល​​ជំរុញឱ្យ​រដ្ឋាភិបាល​បង្ហាញ​ការ​វាយ​តម្លៃ​ផលប៉ះ​ពាល់​បរិស្ថាន​ជា​សាធារណៈ​​ពាក់ព័ន្ធនឹង​ការ​​រុករក​រ៉ែ ដើម្បី​​ធានា​បាន​នូវ​តម្លាភាព​​ ​កាត់បន្ថយ​ផល​ប៉ះពាល់​សង្គម​ និង​បរិស្ថាន​។

កាល​ពី​ថ្ងៃទី​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ប្រកាស​​ឱ្យ​​សាធារណៈ​ជន​ ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ ពី​ការ​បើក​ឱ្យ​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ជា​សាធារណៈ​សម្រាប់​ការ​ស្នើ​សុំ​អាជ្ញាបណ្ណ​រុករក​​​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ចំនួន​មួយ​កន្លែង​ លើ​ផ្ទៃ​ដី​ទំហំ​ ១៥៥ ហិកតា​ ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំទ្វារ​ប្រាំបី​ និង​ភ្នំ​ជ្រោះ​កណ្ដោល​ នៅ​ឃុំ​តាកែន​ ស្រុក​ឈូក​ ខេត្ត​កំពត​។ ហើយ​​ការ​ស្នើសុំ​អាជ្ញាបណ្ណ​ស្វែង​រុក​រក​រ៉ែ​នេះ​ នឹង​បញ្ចប់​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៧​:០០​នាទី។​

សកម្មជន​បរិស្ថាន​ នៃ​មាតា​ធម្មជាតិ​ កញ្ញា​ ឡុង​ គន្ធា​ លើក​ឡើង​ថា​​ កញ្ញា​​​ព្រួយ​បារម្ភ​ចំពោះ​ការ​ដាក់​ឱ្យ​​មាន​ការ​ប្រកួត​ប្រជែង​ចំពោះ​តំបន់​សម្បទាន​ស្វែង​រុក​រក​រ៉ែ​ ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ជា​ ​កង្វះ​តម្លាភាព​ ការ​ប្រព្រឹត្ត​លើស​ពី​អាជ្ញាបណ្ណ​នៃ​ការ​រុក​រក​រ៉ែ​ និង​ការ​ប៉ះ​ពាល់​ទៅ​ដល់​បរិស្ថាន​ និង​សង្គម​។ កញ្ញា​ក៏​បាន​ស្នើ​​ឱ្យ​រដ្ឋា​ភិបាល​ និង​ក្រសួង​សាម៉ី ​ធ្វើ​យ៉ាង​ណាអនុវត្ត​​​ប្រកប​ដោយ​តម្លាភាព​ និង​ស្រប​ទៅ​តាម​ច្បាប់​។​

កញ្ញា​ ឡុង​ គន្ធា​ បាន​លើក​ឡើង​ថា​៖ «សុំ​ឱ្យ​ការ​ដាក់​ដេញ​ថ្លៃ​ហ្នឹង​មាន​តម្លា​ភាព​ កុំ​ឱ្យ​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​ ហើយ​នៅ​តែ​ស្នើ​សុំ​ឱ្យ​មាន​ការ​ដាក់​បង្ហាញ​របាយកាណ៍​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​​។ ខ្ញុំ​មិន​ប្រឆាំង​ទេ​ចំពោះ​ការ​អភិវឌ្ឍ​ ប៉ុន្តែ​នៅ​តែ​ស្នើ​សុំ​ឱ្យ​បាន​​ពិចារណា​ទៅលើ​ការ​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​បរិស្ថាន​ ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ដំណោះ​ស្រាយ​មួយ​សម​ស្រប​ដើម្បី​ឱ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាព​»។​​​​​​​​

ស្រដៀង​គ្នា​នេះ​ដែរ​ លោក​ សាន់​ ម៉ាឡា​ មន្ត្រី​តស៊ូ​មតិ​នៃ​បណ្ដាញ​សមាគម​យុវជន​កម្ពុជា​ (CYN) លើកឡើង​​ថា លោក​មាន​ការ​សាទរ​ចំពោះ​​រដ្ឋាភិបាល​ ក្រសួង​រ៉ែ​ និង​ថាមពល ក្នុង​ការ​ដាក់​ឱ្យ​មាន​ការដេញ​ថ្លៃ​ជាសារធារណៈ​ ​ ព្រោះ​ការ​ទាញ​យក​ធនធាន​ធម្មជាតិ​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។ ទន្ទឹមនឹងនោះ លោក​​ថា ​រដ្ឋាភិបាល​គួរ​តែ​បើក​ចំហ​ព័ត៌មាន​ និង​ធ្វើ​យ៉ាងណា​ឱ្យមាន​ការ​ចូល​រួម​ជាសាធារណៈ​​​ពី​ប្រជាពលរដ្ឋ​ សង្គម​ស៊ីវិល និង​មហាជន​ទូទៅ​ ដើម្បី​ធានា​ថា ​ការ​ទាញ​យក​ធនធាន​ធម្មជាតិ​ ធ្វើឡើង​​ដោយ​គ្មាន​អំពើ​ពុករលួយ​ និង​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ​។​

លោក​ សាន់​ ម៉ាឡា​ បាន​លើក​ឡើង​ថា​៖ «បើ​សិន​ជា​ការ​ដក​ហូត​ដែល​ខ្វះនូវ​តម្លាភាព​ និង​មិន​បើ​ចំហ​ឱ្យ​មាន​ការ​ចូលរួម​ពី​សាធារណៈ​ ដូចជា​ប្រជា​ពលរដ្ឋ​ សង្គម​ស៊ីវិល​ និង​មហាជន​ទូទៅ​ទេ យើង​ពិបាក​ធានា​ថា​សកម្មភាព​ទាញ​​​យក​ធនធាន​ធម្មជាតិ​ពិត​ជាអាច​ជួយ​លើក​ស្ទួយ​ដល់​សេដ្ឋកិច្ចជាតិ​​របស់​យើង​»។

លោក​ សាន់​ ម៉ា​ឡា​ បន្ថែម​ថា​ រដ្ឋាភិបាល​​ និង​ក្រសួង​សាម៉ី​ គួរ​ធ្វើ​ការ​​វាយ​តម្លៃ​ហេតុប៉ះពាល់​បរិស្ថាន​ដោយ​សុក្រឹតភាព​ ដើម្បី​ធានា​យ៉ាង​ណា​ឱ្យ​មាន​ការ​ប៉ះពាល់​តិច​តួច​ចំពោះ​បរិស្ថាន​ និង​សង្គម​ ជា​ពិសេស​គឺ​ការ​ស្ដារ​ឡើង​វិញបន្ទាប់​ពី​ការ​បញ្ចប់​គម្រោង​របស់​ខ្លួន​។ លោក​ថា ​កន្លង​មក​របាយការណ៍​ស្ដី​ពី​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​តែង​តែ​ក្លាយ​ជា​រឿង​ចម្រូង​ចម្រាស​ និង​មិន​យល់​ស្រប​គ្នា​ដោយ​សារ​​​ក្រសួង​ និង​ក្រុម​ហ៊ុនដែល​ទទួល​បាន​អាជ្ញាបណ្ណ​ក្នុង​ការ​រុក​រក​ តែងតែ​លាក់​របាយកាណ៍​ និង​មិន​​​ផ្សព្វ​ផ្សាយ​ជាសាធារណៈ​។​​

លោក​ សាន់​ ម៉ាឡា​ បាន​លើក​ឡើង​ថា៖ «នៅ​ក្នុង​ច្បាប់​​ យើង​មាន​អនុ​ក្រឹត្យ​​មួយ​ស្ដី​ពី​រ​បាយ​ការណ៍​វាយ​​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ថា​របាយការ​នោះ​ត្រូវ​ធ្វើ​ឡើង​ដោយ​សុក្រឹត្យ​​ មិនមែន​ជា​ការ​ធ្វើ​ឡើង​ដើម្បី​ស៊ុំគ្រលុំ​គ្នា​ ដើម្បី​មាន​លទ្ធភាព​ទទួល​បាន​អាជ្ញាបណ្ណ​ពី​ក្រសួង​នោះ​ទេ​។ នៅ​ក្នុង​របាយ​ការណ៍​ EIA​ (ការ​​វាយ​តម្លៃ​ហេតុប៉ះពាល់​បរិស្ថាន) ហ្នឹង​ទៀត​សោត​ គេ​និយាយ​អំពី​ផល​ប៉ះ​ពាល់​សង្គម​ និង​បរិស្ថាន​ ក្រុម​ហ៊ុន​ដែល​ជា​ប្រតិបត្តិករត្រូវ​ធ្វើ​ម៉េចបង្ក​ផល​ប៉ះពាល់​​តិច​មែនទែន​ចំពោះ​បរិស្ថាន​ និង​សង្គម ហើយ​នៅ​ក្នុង​នោះ​គេ​ក៏បាន​ចែង​អំពី​វិធាន​ការ​ស្ដី​ពី​ការ​ស្ដារ​ឡើង​វិញ​បន្ទាប់​ពី​បញ្ចប់​គម្រោង​​»។

លោក សាន់​ ម៉ាឡា​ ​បន្ថែម​ការ​កន្លង​មក​ការ​ទាញ​យក​ធនធាន​ធម្មជាតិនៅ​ក្នុង​ប្រទេស​កម្ពុជា​​ មាន​ការ​ជាប់​ទាក់​ទង​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ការ​គប់គិត​គ្នា​ជា​ប្រព័ន្ធដើម្បី​រត់​ពន្ធ​ធនធាន​ធម្មជាតិ​ទៅក្រៅប្រទេស​។ ករណីនេះ​ លោក​បាន​ស្នើ​ដល់​រដ្ឋាភិបាល​និង​ក្រសួង​រ៉ែ​ និង​ថាមពលធ្វើ​យ៉ាង​ណា​ពង្រីក​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​ឱ្យ​មាន​ភាព​ទូលំ​ទូលាយ​ និង​មាន​យន្ត​ការ​ត្រួត​ពិនិត្យ​ដើម្បីធានា​ថា​ការ​ទាញ​យក​រ៉ែប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​ គុណភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​។

Newsroom Cambodia មិនអាច​​ទាក់​ទងសុំការ​អត្ថាធិប្បាយ​ពី​​លោក​ អ៊ឹង​ ឌីប៉ូឡា​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ធនធានរ៉ែ​​ ​បានទេ​ ដោយ​​ទូរស័ព្ទ​ចូលតែ​ត្រូវ​បាន​ចុច​បិទ​​​។

គូស​បញ្ជាក់​ថា ​ជុំវិញ​ករណី​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០២២​ អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ព័ត៌មាន​អំពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ប្រចាំ​ឆ្នាំ​២០២១​ ក្នុង​ចំណោម​១៨០​ប្រទេស​ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​១៥៧​ ដែល​ទទួល​បាន​ពិន្ទុ​ត្រឹម​តែ​២៣/១០០​ប៉ុណ្ណោះ​។ របាយ​ការណ៍​ដដែល​បង្ហាញ​ថា​ នៅ​កម្រិត​តំបន់​ ប្រទេស​កម្ពុជា​បន្ត​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ពិន្ទុ​ទាប​ជាង​គេ​ទី​៣​ នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក​ នៅ​លើ​តែ​ប្រទេស​អាហ្វហ្កានីស្ថាន​ និង​កូរ៉េខាងជើង​តែ​ប៉ុណ្ណោះ​ ហើយ​ក៏ជា​ប្រទេស​ដែល​មាន​ពិន្ទុទាប​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ​៕​

ក្រសួងសុខាភិបាលអំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ជំងឺ​កូវីដ​១៩​ក្នុង​ឱកាស​បុណ្យ​ណូអែល​ និង​ចូលឆ្នាំសកល

ក្រសួង​សុខាភិបាល ​នៅ​ថ្ងៃ​អង្គារ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​​ជំងឺ​​កូវីដ​១៩​​ក្នុង​ឱកាស​បុណ្យ​ណូអែល​ និង​ចូលឆ្នាំសកល​ខាង​មុខ ដោយ​​បន្ត​អនុវត្ត​វិធានការសុខាភិបាល ៣ការពារ​​​ឱ្យ​បានខ្ជាប់ខ្ជួន។​

​ក្រសួង​សុខាភិបាល​ កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ បាន​បង្ហោះ​សារ​​​លើ​ទំព័​រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន ដោយ​បាន​លើកយក​សារ​របស់​លោកស្រីវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន​ ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​​​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​ ដែល​បាន​​ផ្សាយ​លើ​បណ្ដាញសង្គម​ធ្វីតធឺ​ (Twitter)​ នាថ្ងៃ​ចន្ទ​ ទី​២១​ ឆ្នាំ​២០២២​។

ក្រសួង​បាន​បញ្ជាក់ថា ​លោកស្រី ឱ វណ្ណឌីន​​ បាន​ក្រើន​រំឮក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​​ឱ្យ​បន្ត​​បង្កើន​ការប្រុងប្រយ័ត្នឱ្យកាន់តែខ្ពស់​ ក្នុងអំឡុងពេល​បុណ្យ​ណូអែល និង​ចូលឆ្នាំសកល​​ឆ្នាំ២០២៣​ ដែល​នឹង​​ឈានមកដល់​នា​ពេលខាងមុខ។ ​ លោកស្រី​ក៏​បាន​រំឮក​​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ការអនុវត្ត​វិធានការសុខាភិបាល ៣ការពារ​ឱ្យ​បានខ្ជាប់ខ្ជួន ព្រមទាំង​បន្ត​ទៅ​ចាក់វ៉ាក់សាំងកូវីដ១៩​ ឱ្យ​បាន​គ្រប់​ដូស​ ដើម្បី​ពង្រឹង​​កងការពារខ្លួន​ និង​ពង្រឹងភាពសុំា​សហគមន៍ ដើម្បី​បន្ត​ចៀសផុត​ពី​គ្រោះ​មហន្តរាយ​​សុខភាព​សាធារណៈ​ និង​បន្តនិរន្ដន៍​ភាព​នៃ​ការរស់នៅ​ធម្មតា​ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​។

យោងតាម​តួលេខ​​របស់​ក្រសួង​សុខាភិបាល​​ ​គិត​ត្រឹម​​ថ្ងៃទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​​២០២២​ កម្ពុជា​មាន​អ្នក​ឆ្លង​សរុប​​ចំនួន​ ១៣៨,០៣៥​​នាក់​ ក្នុងនោះ​អ្នកស្លាប់​ចំនួន​ ៣,០៥៦​នាក់​៕​

Q&A៖ ការជក់បារីបង្កឲ្យមានផលប៉ះពាល់ដល់ខ្លួនឯង និងអ្នកដទៃ

នៅកម្ពុជា ការផ្សព្វផ្សាយអំពី​ផល​ប៉ះពាល់​ដោយសារ​បារី ឬផលិត​ផល​ថ្នាំ​ជក់​​មាន​ច្រើន ប៉ុន្តែ​អ្នក​ប្រើប្រាស់​ផលិតផល​ថ្នាំ​ជក់​នៅ​តែ​ប្រងើយ​កន្តើយ​ចំពោះការអប់រំ​ផ្សព្វផ្សាយ​ទាំង​នោះ​។ កាលពីខែ មិនា ឆ្នាំ២០១៦ រាជរដ្ឋា​ភិបាល​​បា​ន​ចេញ​អនុក្រឹត្យស្ដីពី​វិធានការហាម​កា​រជ​ក់ ​​ឬ​ការបង្ហុ​យ​ផ្សែ​ងផ​លិត​ផលថ្នាំជ​ក់​នៅ​កន្លែងធ្វើការ ឬកន្លែងសាធារណ: ប៉ុន្តែ​ជារឿយៗ គេនៅ​តែ​​ឃើញ​មានអ្នកជក់​​​បន្ត​ជក់​ទាំង​នៅ​​ទីប្រជុំ​ជន និង​ទីកន្លែង​សាធារណៈ​​នានា​ដដែល​។

ខាងក្រោមនេះជាកិច្ចសម្ភាសរវាងកញ្ញា ម៉ៅ ​ស៊ីនាត និង​លោកវេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​​​អ​ង្គ​កា​​រ​​​ច​​ល​​នាដើម្បី​សុ​​​​​​ខ​​ភា​​​ព​​​កម្ពុជា​ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

Q.  ជម្រាប​សួរ​លោកវេជ្ជបណ្ឌិត​ មុំ គង់!

A.  បាទ ជម្រាបសួរ។

Q.  តើ​ការ​ជក់​បារី​​នៅ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា ឬ​កម្រិត​ណា​ដែរ​​?

A. បាទបើនិយាយពីការជក់បារីនៅកម្ពុជាយើង​ ឃើញថាបើនិយាយពីប្រេវ៉ាឡង់ ឬមួ​យ​​អ​​ត្រា​អ្នក​ជ​ក់​​បា​​​រី​បា​ន​ថ​​​​យចុះ ប៉ុន្តែបើនិយាយ​ពីចំនួ​​​ន​អ្ន​​ក​ជ​ក់​បា​រី​អ​ត់​​​ថ​យ​​ចុះ​ទេ​​ មា​ន​​ន័​យ​ថា​ប្រ​​ហា​​ក់​ប្រ​ហែ​ល​ទៅ​​នឹ​​ង​​១​​០​​​ឆ្នាំ​​មុ​ន​​ដែ​រ គឺមានន័យថា អ្នកប្រើ​​ប្រាស់ អ្នក​​ជក់​បារីនឹ​ង​ជា​ង​១​លា​​ន​នាក់​​កន្លះ​ ​ហើយ​​​មាន​​​​​អ្ន​ក​ចុ​​កថ្នាំប្រ​ហែ​លជា​ក​​ន្លះ​​លា​​ន។​ អ៊ី​ចឹងសរុបមកយើងមា​ន​អ្ន​ក​ប្រើ​ប្រា​ស់​ថ្នាំ​ជក់​​ជា​​ង២​លា​ន​នាក់។​ ​កាល​​ពី១​​០​ឆ្នាំ​មុ​​នក៏យើ​​​ងមា​​ន​ចំ​​​​នួ​ន​​ប៉ុ​ណ្ណឹង​ឥឡូវនេះ​ក៏​យើង​មាន​ចំនួន​ប៉ុណ្ណឹង​ដដែល ទោះបីជា​ហៅ​ថា​អត្រាអ្នកជក់បារី ឬ​ក៏ប្រេ​វ៉ា​ឡ​​ង់​​អ្ន​ក​​​ជ​ក់​បា​​រី​ថ​យ​ចុះ​ក៏​ដោ​​យ បាទ។ អ៊ីចឹង​ដោយសារ​ថា​​អ​​ត្រា​ចំ​នួ​​​នអ្ន​​ក​ជ​ក់​បា​រីយើ​ង​​នៅថេរ អ៊ីចឹង​ធ្វើឲ្យចំនួនអ្នក​ស្លាប់ដោ​​យ​​​សារ​​អ្ន​​​​​​កជក់បារីគឺ​១៥,០០០​នាក់ជារៀងរាល់ឆ្នាំ ហើយបើគិតពីមួយ​ថ្ងៃ​ៗ​គឺ​ប្រ​ហែល​ជា​៤០​នាក់​ក្នុង​​​​​មួ​​យ​ថ្ងៃ​។​

​Q.  តើអ្នកប្រើប្រាស់ថ្នាំជក់នៅទីក្រុង និងនៅតាមជនបទមួយណាមានកម្រិតច្រើនជាង? ហេតុ​អ្វី?

A. បាទ! ជាទូទៅបើយើងសង្កេតឃើ​ញនឹ​ង​​​វា​អ​​ត់​ប​​ញ្ជា​​ក់​ថានៅ​​តាមទី​​​ក្រុ​​ង ​ឬ​ក៏​នៅ​តា​មជនប​ទ​​ទេ​ដែល​​មា​ន​កា​រ​​ជ​​ក់​​​បារីច្រើនជាង ប៉ុន្តែយើងផ្ដោតទៅលើថាមុខរបបរបស់គាត់វិញ។​ អញ្ចឹង​ប្រជាពល​​រដ្ឋ​​ដែ​ល​ជា​​ទូ​ទៅ​​មា​​ន​​​​​ប្រាក់​ចំណូល​ខ្ពស់​ ហើយនិង​មានការងារ​ធ្វើ ​ដូចថា​ជា​កាងារ​មាន​ជំនាញ​ពិតប្រាកដ​ បើមាន​ទំ​​​នោ​​​រ​​ជក់បារី តិច​ជាង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប ហើយនិង​មាន​គេហៅថា​គា​​ត់​ប្រ​កបមុខ​​រ​​ប​រ​ប្រើ​​ប្រា​​​​ស់​​​កម្លាំងពលកម្ម។

Q. តើលោក​ជ្រាប​​​ទេ​​​​ថា អ្នកដែលប្រើប្រាស់​ថ្នាំជក់ច្រើនជាងគេ​នៅកម្ពុជាស្ថិ​ត​នៅក្នុង​វ័​យ​ណា? ហើយ​មា​ន​កត្តាអ្វីខ្លះដែលបណ្ដាលឲ្យ​ពួក​គាត់ប្រើប្រាស់វា?

A. បាទ! យើងឃើញថាអ្នកជក់បារីនឹងគឺមានគ្រប់វ័យទាំងអស់ ហើយជាពិសេសបើតា​ម​​​​ការស្រាវជ្រា​​​វរ​ប​​​​ស់​ក្រ​សួង​ផែ​ន​​​កា​​​​​​​​​​របានបញ្ជាក់ថា ​ប្រជាពល​រ​ដ្ឋ ​​ក្រុ​​ម​ប្រជា​ពលរ​ដ្ឋដែ​ល​ជ​ក់បារី​ច្រើន​​ជាង​​​គេ គឺ​​ក្រុ​ម​ដែល​គាត់​រ​ក​បាន​ការ​​​ងារធ្វើ មានន័យថាគាត់ចាប់ផ្ដើមរកមានការងារធ្វើ​គាត់​​​​ចាប់​ផ្ដើ​ម​ជក់អ៊ី​​​ចឹ​ង​។ ​

មាន​​​កត្តាច្រើ​ន​​ដែ​ល​​ប​​ណ្ដាល​​ឲ្យ​ប្រើប្រាស់​ថ្នាំជក់ ទីមួយ​គឺ​ថ្នាំជក់​បារី​ នៅស្រុក​យើង​មាន​តម្លៃ​ថោក បើធៀបនឹង​​​​​​ប្រ​ទេ​ស​​​ជិត​ខា​ង​​គឺយើង​ស្ថិតនៅក្នុងចំណោមប្រទេសដែលមានបារីថោក កាល​​ណាមា​​ន​​​បា​រីថោ​ក​​​ជំរុញ​ឲ្យ​​មា​ន​​អ្ន​​ក​​​​ជ​​ក់​ច្រើ​​ន ជាពិសេស​​ក្នុ​ង​​​​​ចំ​​ណោ​ម​​យុវ​ជ​ន​វ័យក្មេង ​និង​កុមារផ​ងដែ​រ។ ទីពី​​រថ្វី​ត្បិ​ត​តែ​​យើង​បាន​ថា​​​ហា​ម​ឃា​ត់កា​រ​ផ្សាយ​ពាណិជ្ជកម្ម​ដោយច្បាប់​ក៏ដោយ ប៉ុន្តែ​បច្ចុប្បន្ននេះ​ក៏​នៅតែមានការផ្សាយពាណិជ្ជកម្មដែលជំរុញ​ឲ្យយុវជន និង​កុមារ​ចាប់ផ្ដើម​ជក់​ផង​ដែរ តាមរយៈ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​បិទ​នៅ​តាម​ហាង​កាហ្វេ​តូចៗ​នៅ​តាម​កន្លែង​លក់​បារី​ក៏​ដូចជា​នៅ​តាម​​ការផ្សា​​យពាណិ​ជ្ជ​​ក​ម្មតា​​​​ម​​រ​យៈ​​​គេ​ហៅ​​ថា​​តា​​ម​រ​​យៈ​​​ស្ដ្រី​ដើរ​​​ល​ក់​​បា​​រី​ជា​ដើ​ម។

​​Q.​ ​កាលពីខែ មិនា ឆ្នាំ២០១៦ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យស្ដីពី វិធានការហាម​កា​រជ​ក់ ​​ឬ​ការបង្ហុ​យ​ផ្សែ​ងផ​លិត​ផលថ្នាំជ​ក់​នៅក​​​​ន្លែងធ្វើការ ឬកន្លែងសាធារណ: ប៉ុ​ន្តែប​ច្ចុប្ប​ន្នយើង​ឃើញនៅ​មាន​មនុ​ស្ស​មួ​យចំនួននៅ​តែ​មានការ​ប្រើ​​​​ប្រា​ស់ថ្នាំជក់នៅតាមសាធារណ:ដដែល។ តើលោកយល់​ឃើញ​យ៉ាង​ណាចំ​ពោះ​បញ្ហានេះ?

A. តា​មពិតទៅ​រាជ​រ​ដ្ឋាភិ​បា​លបា​ន​ចេញ​អ​​នុក្រឹត្យហា​មជក់បារីនៅ​តាម​កន្លែ​ង​ធ្វើការ និ​​​​ងកន្លែ​ង​​សាធារ​​​​ណៈ អ៊ីចឹងរាល់​កន្លែង​ដែលមា​ន​ដំបូល​ មិន​ថា​កន្លែងនឹង​កន្លែង​ធ្វើការ ឬកន្លែង​សាធារណៈ សំដៅ​​ដល់​ភោជ​នី​យ​ដ្ឋា​​ន ​សណ្ឋាគារ ឬកន្លែង​ដែល​បើកឲ្យ​សាធារណៈជនប្រើ​ប្រាស់​នឹង ​គឺយើ​ងត្រូវ​​ហា​​មឃា​ត់ទាំងអ​ស់​​​​​ឲ្យ​​តែ​​មាន​​ដំ​បូ​​​​ល។​​​ ​អ៊ីចឹង​​យើង​ឃើញ​ថា​បច្ចុប្បន្ន​នេះ​យើ​ង​​អនុវត្ដបាន មួយចំនួនក៏អនុវត្ដបា​នល្អ មួយ​ចំនួន​ទៀតអត់​អ​នុ​វត្តបាន​ល្អនៅឡើ​យ​។​ ​​​ហើយក៏យើងមានទីក្រុងមួយចំនួន​​​ដែលកំពុងតែត្រៀមខ្លួនប្រកាស ​ដែលជា​ទីក្រុង​​គ្មា​ន​ផ្សែង​​​​​បារីដែរ។ ហើយនេះក៏ជាវឌ្ឍនៈភាពរបស់យើងរួម។​ ប៉ុន្ដែក៏នៅមាន​កន្លែងមួយចំនួ​​​​ន ​ជា​ពិសេស​​គឺ​ក​ន្លែ​ងដែ​ល​​មា​​​នការ ឬថាកន្លែងកម្សាន្ដក៏ដូចជាខារ៉ាអូខេ រង្គសាលជាដើម​នឹ​ង កា​រ​​​​អនុវត្ដ​នៅមានកម្រិ​ត​នៅ​​​​ឡើយ ទាមទារឲ្យមា​នការចូលរួម​​​​​​សហ​កា​​​​រពី​អា​​ជ្ញាធរមូ​​ល​ដ្ឋា​​ន ហើ​យ​ពី​ប្រ​ជា​ពលរ​ដ្ឋ​ ហើ​យ​ពី​អ្នក​ស្ថា​ប័​ន​ដែ​​ល​មា​នស​​មត្ថ​កិ​ច្ច ទើប​ជួយ​ជំរុញ​ឲ្យ​មាន​ការអនុវត្ដ​បាន​ល្អ។

Q .តើការប្រើប្រាស់ថ្នាំជក់បានផ្ដល់ផលប៉ះពាល់​អ្វីខ្លះ​ដល់​អ្នក​ប្រើប្រាស់ និង​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន?

A. បាទ! វាធ្វើឲ្យកើតមានជំងឺជាច្រើនមុខ។ ហើយ​អ្វីខ្លះនោះខ្ញុំសូមមិននិយាយទេទុកឲ្យអ្នកសួរស្វែងរកនៅតាមវែបសាយ ព្រោះវាជាចំណេះដឹង និងជាព័ត៌មានយ៉ាងសាមញ្ញ មិនថាចំពោះអ្នកជក់ ឬអ្នកដែលស្រូបផ្សែងបារីទេ។

Q .ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់នៅកម្ពុជាយើងគួរមានវិធានការយ៉ាងដូចម្ដេច?

A. បាទ! វិធានការ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​កាត់បន្ថយ​អ្នក​ស្លាប់​ដោយសារ​ការប្រើប្រាស់​ថ្នាំជក់ ទីមួ​​យ​​​គឺត្រូវដំឡើងពន្ធ​ថ្នាំជក់​ខ្ពស់ ព្រោះបារី​នៅ​ស្រុក​យើង​គឺ​​មា​​​​ន​​ត​ម្លៃ​​ទាប អ៊ី​​ចឹ​ងវាជំរុ​ញ​​ឲ្យ​​មា​ន​អ្ន​ក​ជក់​។ កា​​ល​ណា​​​យើ​ងដំ​ឡើងព​ន្ធ​ឲ្យ​ខ្ពស់ មានន័​យថា​​យើ​ង​កាត់​បន្ថយ​ជក់ ហើយ​​រដ្ឋក៏​ប្រមូល​បាន​ថវិ​​កា​​​​បន្ថែមទៀ​​​ត​​។​​​ បា​ទ!​ ទីពីរនឹ​ងគឺយើងត្រូវបិទ​ឲ្យ​បាន​ទាំងស្រុង​ការផ្សាយ​​​ពាណិជ្ជកម្មថ្នាំ ​ជក់បារីដែលជំរុ​ញឲ្យ​យុវជ​ន​​​ប្រើ​​​ប្រា​​​ស់​​ឲ្យ​​ស្រ​បទៅ​នឹងច្បាប់ដែ​ល​យើងមានរួចហើយ។ ហើយ​ទីបី ​យើង​បន្ត​អ​​​​ប់រំប្រ​​ជា​ព​ល​​រ​​ដ្ឋឲ្យ​​យ​​​ល់ពី​​​​​​គ្រោះថ្នាក់​ពី​ការប្រើប្រា​ស់​តាមរយៈ​​​កា​រផ្សព្វផ្សាយ​អំពីសុខភាពប្រចាំថ្ងៃ។

Q: ចា៎ស!​ អគុណច្រើនលោកវេជ្ជបណ្ឌិត។​

A: បាទ!​​ អគុណច្រើន៕

លោក​ ហ៊ុន សែន ថា​ លោក​ ចូ បៃដិន​ ពុំ​បាន​លើក​ឡើង​អំពី​ការ​ស្នើ​ឱ្យ​ដោះ​លែងកញ្ញា​​សេង​ ធារី​ ឡើយ

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃអង្គារ​នេះ​អះអាងថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​លោក ​ចូបៃដិន ​(Joe​ Biden)​ ពុំ​បាន​លើក​ឡើង​អំពី​ការ​ស្នើ​ឱ្យ​ដោះ​លែង​ កញ្ញា​ សេង​ ធារី​ ​ក្នុង​ជំនួប​ទ្វេរ​ភាគី​​​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាលពីពីរ​សប្តាហ៍​កន្លង​ទៅនោះទេ​។

ថ្លែង​ក្នុង​សន្និ​បាត​ជាតិ​ខួប​៣០​ឆ្នាំ ​នៃ​សកម្ម​ភាព​មីន​នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​២២ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ ធ្វើ​នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​ រាជ​ធានី​ភ្នំពេញ លោក​នាយករដ្ឋមន្ត្រី​បដិ​សេដ​ចំពោះ​ការ​លើក​ឡើង​ថា ​ប្រធានាធិបតី​អាមេរិក​ស្នើ​ឱ្យ​ដោះ​លេង​កញ្ញា​ សេង​ ធារី​។ លោក​ថា ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​ បាន​លើក​ឡើង​ពី​ការ​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​។

លោកបញ្ជាក់​ថា​៖ «ខ្ញុំ​មិន​បាន​ឮ ​ចូបៃដិន​ និយាយ​ជាមួយ​ខ្ញុំ​រឿង​នឹង​(ការ​ស្នើ​ឱ្យ​ដោះ​លេង​កញ្ញា​ សេង​ ធារី​) ​ខ្ញុំ​អត់​ឮ​ […] ​តើ​នរណា​បញ្ចេញ​ព័ត៌មាន​នឹង?​ ហើយ​ព័ត៌មាន​នឹង​នរណា​ជា​អ្នក​សសេរ​ បើ​ប្រធានា​ធិបតី​អាមេរិកាំង​អត់​និយាយ​ជាមួយ​ខ្ញុំ​រឿង​នឹង​ផង​។ លោក​និយាយ​អំពី​បញ្ហា​ការ​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ក្រោយ​។ ប៉ុន្តែ​និយាយ​អំពី​តួ​អង្គ​នេះ ​ឬ​តួ​អង្គ​នោះ ​ខ្ញុំ​មិន​ឮ!​»​។

កញ្ញា សេង ធារី គឺជា​​សកម្មជន​សិទ្ធិមនុស្ស និង​ជាមេធាវី​ដែល​មាន​សញ្ជាតិ​ខ្មែរ​អាមេរិកាំង។ កញ្ញា​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះ​វិហារ ក្រោយ​ត្រូវ​បាន​តុលាការ​ចោទ និងកាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល៦​ឆ្នាំ​ ពីបទញុះញង់​ និង​រួម​គំនិត​ក្បត់ ​ពាក់ព័ន្ធ​នឹងដំណើរ​វិល​ត្រលប់​ចូល​មក​មាតុភូមិ​វិញ​របស់​លោក សម រង្ស៊ី​ កាល​ពី​ឆ្នាំ២០១៩​។ 

មន្រ្តី​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៃ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក​ស្រី ​លីហ្សា ​ឡា​សុន​ (Lisa Larson) ឆ្លើយ​តប​ជាមួយ ​Newsroom ​Cambodia​ តាម​សារ​អេឡិចត្រូនិចអ៊ីមែល​​នៅ​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ថា ​ សុវត្ថិភាព​ និង​សន្តិសុខ​របស់​ប្រជា​ពលរដ្ឋ​អាមេរិក​នៅ​បរទេស​គឺ​ជា​អាទិភាព​​​​ចម្បង​របស់​រដ្ឋាភិបាល​អាមេរិក​។ លោកស្រី​បន្ត​ថា នៅ​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានា​ធិបតី​អាមេរិក​ នៅ​កម្ពុជា​ លោក​ ចូបៃឌិន ពិត​ជា​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះ​លែង​កញ្ញា​ សេង​ ធារី​ រួម​ទាំង​សកម្មជន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ផង​ដែរ​។​

លោក​ស្រី​បន្ត​ថា៖​ «អំឡុង​ពេល​ទស្សន​កិច្ច​របស់​ប្រធានា​ធិបតី​ ចូបៃដិន​​ មក​កាន់​កម្ពុជា​ លោក​បាន​ទទូច​ឱ្យ​ដោះ​លែង​ ពល​រដ្ឋ​សញ្ជាតិ​អាមេរិក​កញ្ញា ​សេង​ ធារី​ ជា​បន្ទាន់​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ហេតុផល​នយោបាយ​ រួម​ទាំង​សកម្មជន​ដទៃ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​។ យើង​ក៏​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្មជន​គណបក្ស​ប្រឆាំង​ផង​ដែរ​ ហើយ​យើង​ជំរុញ​ឱ្យ​អជ្ញាធរ​កម្ពុជា​បញ្ឈប់​សកម្មភាព​កាត់​ទោស​ពលរដ្ឋ​កម្ពុជា​ក្រោម​ហេតុផល​នយោបាយ​ ដោយ​គ្រាន់​តែ​ពួក​គេ​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​»។

កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាន​មកកាន់កម្ពុជា​ដើម្បី​ចូលរួម​កិច្ច​ប្បរជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ទ្វេរភាគីជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។​

ក្រោយ​ជំនួប​នោះ​បន្តិច ​សេត​វិមាន​របស់​សហរដ្ឋអាមរិក​បាន​ចចេញ​សេចក្តី​ថ្លែងការណ៍​មួយ ​បញ្ជាក់​អំពី​ខ្លឹមសារ​នៃ​ជំនួប​នោះ​ថា ​លោក​ប្រធានាធិបតី​ ចូបៃដិន​ ​ជំរុញ​ទៅ​លោក​ ហ៊ុន​ សែន​ ឱ្យ​បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ សង្គម​ស៊ីវិល​ និង​នយោបាយ​ឡើងវិញ​ នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​។ សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា​ ​លោក​ បៃដិន​ ក៏​បាន​ស្នើ​ឱ្យ​​ដោះ​លែង​សកម្មជន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ចោទ​ប្រកាន់​ក្រោម​ហេតុផល​នយោបាយ​ រួម​ទាំង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ កញ្ញា​សេង​ ធារី​។​

នាយក​ទទួល​បន្ទុក​ចាត់​ការ​ទូទៅ​​នៃ​​អង្គការ​​លីកាដូ​ លោក​ អំ ​សំអាត​ លើក​ឡើង​ថា​កម្ពុជា​គួរ​​ពិនិត្យ​​មើល​ និង​កែ​លម្អ​ឡើង​វិញ​នូវ​លំហ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ ដើម្បី​ឆ្ពោះ​ទៅ​រក​បរិយាកាស​ល្អ​ប្រសើរ​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​ ហើយ​​កម្ពុជា​នឹង​ទទួល​បាន​​ប្រយោជន៍​​ជា​ច្រើន​។

លោក​ថា៖​ «ខ្ញុំ​គិត​ថា​កម្ពុជា​យើង​គួរ​ពិនិត្យ​មើល​ នូវ​ចំណុច​ណា​ដែល​ខ្វះ​ខាត​ ឬ​ខ្វះ​ចន្លោះ។​ យើង​គួរ​ណា​តែ​ធ្វើ​ការ​កែ​លម្អ​ ធ្វើ​យ៉ាង​ណា​ឱ្យ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ​ ពិសេស​លំហ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ លំហ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​ លំហ​សេរី​ភាព​សារ​ព័ត៌មាន​​ និង​សេរីភាព​នយោបាយ​ល្អ​ប្រសើរ​ ដើម្បី​ឆ្ពោះទៅ​​រក​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​បរិយាកាស​មួយ​ល្អ​ប្រសើរ​។»

លោក​បន្ថែម​ថា៖​ «បើ​សិន​កម្ពុជា​ធ្វើ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​នូវ​លំហ​ប្រជាធិបតេយ្យ​ និង​លំហ​សេរីភាព​ជាមូលដ្ឋាន​ ជា​ពិសេស​គឺ​បញ្ហា​សិទ្ធិ​មនុស្ស​ កម្ពុជា​អាច​នឹង​ទទួល​បាន​ ការ​អនុគ្រោះ​ពន្ធ​ EBA​ ពី​សហគមន៍​អឺរ៉ុប​ ហើយ​ទី២​សហរដ្ឋអាមេរិក​នឹង​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​អាជីវកម្ម​ […] ​ទី៣​គឺ​កម្ពុជា​នឹង​មាន​មុខ​មាត់​​ ហើយ​និង​មាន​ការ​កោត​សសើរ​ពី​សហគមន៍​អន្តរជាតិ​ និង​អង្គការ​សហ​ប្រជាជាតិ​»៕

លោក​ ហ៊ុន សែន ថាវិស័យ​កីឡា​បាន​ដើរ​តួនាទី​​សំខាន់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ និង​មិត្តភាព​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃចន្ទ ថ្លែង​ថា ​កីឡា​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កសាង​ទំនាក់ទំនង​ ការ​ពង្រឹង​សាមគ្គីភាព​ និង​មិត្តភាព​ ដែល​រួម​ចំណែក​ដល់​ការ​បង្កើន​មូលធន​សង្គម​ និង​ការ​សម្រេច​បាន​នូវ​សុខដុមនីយកម្ម​នៅ​ក្នុង​សង្គម​ជាតិ​។

លោក​​ ហ៊ុន សែន ថ្លែង​បែបនេះ​ ក្នុង​ពិធី​បើក​កីឡា​ថ្នាក់ជាតិ​លើក​ទី​៣​ និង​កីឡា​ជាតិ​បារ៉ា​ហ្គេម​លើក​ទី១​ ក្នុង​ថ្ងៃទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ដែលធ្វើ​ឡើង​នៅ​ស្តាតមរតកតេជោ ក្នុង​រាជធានី​ភ្នំពេញ។​

​លោក​ថ្លែង​ថា​៖ «ព្រឹត្តិការណ៍​កីឡា​ផ្តល់​ឱកាស​ល្អ​សម្រាប់​ការ​ផ្លាស់ប្តូរ​បច្ចេកទេស​ និង​បទ​ពិសោធន៍​ ដែល​ជា​មរតក​វប្បធម៌​ជាតិ​ និង​ជា​សិល្បៈ​​​ការពារ​ខ្លួន​របស់​ប្រទេសជាតិ​ ព្រម​ទាំង​ជួយ​បំផុស​ស្មារតី​មហាជន​ឱ្យ​ស្រឡាញ់​គាំទ្រ​វិស័យ​កីឡា​ និង​លើក​កម្ពស់​កិត្តិសព្ទ​កីឡា​របស់​ជាតិ​ឱ្យ​កាន់​តែ​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ​»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ថែម​ថា កីឡា​រួម​ចំណែក​ដល់​ការ​ពង្រឹង​រាងកាយ​ឱ្យ​មាន​ភាព​រឹងមាំ​ លើក​កម្ពស់​សុខភាព​ល្អ​​ និង​ជា​កត្តា​កំណត់​ដ៏​សំខាន់​នៃ​ផលិត​ភាព​ ពលកម្ម​ និង​ការ​កសាង​មូលធន​មនុស្ស​សម្រាប់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ជាតិ​​។

លោក​នាយករដ្ឋមន្រ្តី​ក៏​បន្ថែម​ថា​៖ «ប្រជាពលរដ្ឋ​ដែល​មាន​សុខភាព​ល្អ​រស់នៅ​ដោយ​សេចក្តី​រីករាយ​ ងាយ​ចាប់​យក​ចំណេះដឹង​ និង​បច្ចេក​វិទ្យា​ថ្មីៗ​ ព្រម​ទាំង​មាន​ការ​តាំងចិត្ត​ និង​ក្ដីសង្ឃឹម​ខ្ពស់​ ក្នុង​ការ​បង្កើន​ជំនាញ​ និង​មូលធន​មនុស្ស​ តាម​រយៈ​ការ​សិក្សា​បន្ថែម​ពេញ​មួយ​ជីវិត​ ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​ចំណេះដឹង​ និង​បច្ចេកវិទ្យា​ជា​ប្រចាំ​ សម្រាប់​រួម​ចំណែក​ដល់​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ដែល​មាន​គុណភាព​ និង​ផលិត​ភាព​ខ្ពស់​។ វិស័យ​កីឡា​ពិត​ជា​ដើរ​តួ​សំខាន់​ក្នុង​ការ​ពង្រឹង​សុខភាព​ផ្លូវ​កាយ​រឹងមាំ​ លើក​កម្ពស់​សុខភាព​ផ្លូវចិត្ត​ បង្កើន​ផលិត​ភាព​ការងារ​ កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ លើក​កម្ពស់​គុណភាព​ជីវិត​ និង​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​»។

គួរ​បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី​៣ ​ឆ្នាំ​២០២២​ មាន​ប្រភេទ​កីឡា​ចំនួន​ ៣៨​ និង​កីឡា​ជាតិ​ប៉ារ៉ា​ហ្គេម​ មាន​ចំនួន​ ៧​ប្រភេទ​ ដែល​សរុប​មាន​៤០៥​វិញ្ញាសា​។ ការ​ប្រកួត​តាម​ប្រភេទ​កីឡា​ និង​វិញ្ញាសារ​​នឹង​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​កែប​ កំពត​ ព្រះសីហនុ​ និង​ខេត្ត​សៀមរាប​៕

បទយកការណ៍៖ អ្នក​ប្រកបរបរ​ក្បែរ​ទីលាន​ចាក់​​សំរាម​គ្មាន​ជម្រើស​ទោះដឹងថា​ប្រឈមនឹង​បញ្ហា​សុខភាព

លោ​ក​​​​ អ៊ុន​ ​ចាន់​ត្រា​​​​ អាយុ​​​​​៥​២​​​​ឆ្នាំ​​​ ​មាន​​​​ស្រុ​កកំ​ណើត​​​​នៅ​​​ខេត្ត​​​​កំ​ពង់​ចាម​​​​ កំពុង​​​រ​ស់​​​​នៅផ្ទះជួល​​​​ជិ​ត​​​​ទីលាន​ចាក់​សំ​រា​ម​ជើងឯក ក្នុង​រាជធានី​ភ្នំពេញ ដោយ​​ប្រកបរបរចិញ្ចឹមជីវិតជាអ្នកដេរ​ការ៉ុង​​​អេតចាយ​។

កំពុង​ស្ថិត​នៅ​ខាងមុខ​ផ្ទះ​មាន​ប្រក់​ស័ង្កសី ​​ទំហំ​បីម៉ែត្រ​គុណ​បួន​ម៉ែត្រ​​ លោក អ៊ុន ចាន់ត្រា​ និយាយ​​ថា ​ការ​រស់​នៅក្បែ​រ​គំ​នរ​សំរា​មធ្វើ​ឱ្យ​លោក​​​ប្រឈ​មនឹ​ង​បញ្ហា​​ប៉ះ​ពាល់​សុ​ខភា​ព ដោយ​សារ​ក្លិន​របស់​សំរាម​។ ទោះយ៉ាងណាលោក​ថា លោក​មិនមាន​ជម្រើស​រក​របរ​ និង​រស់នៅ​កន្លែង​ផ្សេង​នោះទេ។​

លោក​​បញ្ជាក់​ថា៖ «ប៉ះពាល់យ៉ាងណាក៏ទ្រាំបើយើងអត់មានជម្រើសអស់ជម្រើស អស់​ជម្រើស​កន្លែង​រកស៊ី។​ អាការៈឈឺតែរហូតដែរហ្នឹងវាប៉ះពាល់រឿងសំរាមប៉ះពាល់ឈឺ ម្នាក់ៗ​ឈឺ​មិន​ដែល​ស្វាង។​ យើងដឹងទៅណាពាក្យថាអស់ជម្រើស អស់រលីង នៅកន្លែងទាល់ហើយ»។

លោក អ៊ុន ចាន់ត្រា កំពុង​ផ្តល់សម្ភាសន៍​ដល់​សិក្ខាកាម​ Newsroom Cambodia. (រូបថត៖ ខាន់ លីណា)

មិនមែនមានតែគ្រួសារ​របស់​លោក អ៊ុន ចាន់ត្រា នោះទេ​ដែល​​មិនមាន​ជម្រើស​រស់នៅ​ក្បែរ​គំនរសំរាម ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ផ្សេងទៀត ក៏​បាន​និង​​​កំពុង​​រស់​នៅ​ក្បែរ​ទីលាន​ចាក់​សំរាម ដែល​ពោរពេញ​ដោយ​ក្លិន និង​មេរោគ​នេះ​ផង​ដែរ។

អ្នកស្រី​ ប្រាជ្ញ យិន ​កំពុង​រស់នៅ​ផ្ទះជួល​ជាមួយកូន​នៅ​​ក្បែរ​ទីលាន​ចាក់​សំរាម​ដែរ​នោះ លើក​ឡើង​ដែរ​ថា កូន​របស់​អ្នកស្រី​មាន​មុខ​របរ​ជា​អ្នក​រើសសំរាម​ដើម្បី​យក​ទៅ​លក់​ចិញ្ចឹម​ជីវិត តែ​អ្នកស្រី នៅ​ផ្ទះ​ដេរការ៉ុង​​ដើម្បី​ដាក់អេតចាយ។ អ្នកស្រី​ថា អ្នកស្រី​មិនអាច​ទៅរើស​សំរាម​ជាមួយ​​កូន​បានទេ ដោយសារ​អ្នកស្រី​មានវ័យចំណាស់​ណាស់ទៅហើយ។​

ស្រ្តី​វ័យ​៦៩ឆ្នាំ ដែល​មាន​​​​​​​​​​​​​​ស្រុ​​កកំ​​ណើ​​ត​នៅ​ខេត្ត​ព្រៃ​វែង​រូបនេះ​បន្ថែម​ថា អ្នកស្រី​​តែង​មាន​អាការៈ​មិន​ស្រួលខ្លួន​ជាញឹកញាប់ ​ដោយសារជំងឺ​​ប្រចាំ​កាយ ព្រមទាំង​​ការ​​រស់នៅ​​ក្នុង​​ទីតាំង​​ដែល​​មាន​​ក្លិន​​ស្អុយ​​​ដែល​​ធ្វើ​​ឱ្យ​​​សុខភាព​របស់អ្នកស្រី​​​​កាន់តែ​មិនបាន​ប្រសើរ​​។​​

អ្នកស្រី​​ប្រាប់​ Newsroom Cambodia ថា៖ «អ៊ុំចាប់តាំងពីមករស់នៅទីនេះបាន​ ៣-៤ខែ គឺ​អ៊ុំ​ដាក់​សេរ៉ូម​៤-៥កំប្លោកហើយ។​ បើនិយាយពី​ក្លិនសំរាមគឺក្លិនហើយ ពេល​ខ្លះ​មាន​ខ្យល់​គឺ​វា​ទៅ​តាម​ខ្យល់ តែពេលគ្មានខ្យល់ហើយហប់វិញនោះគឺក្លិនសំរាមវានៅវិលវល់ពេញហ្នឹង ហើយ​ឆួល​ច្រមុះ គឺ​មាន​តែ​យក​ក្រមា​ខ្ទប់»។

អ្នកស្រី ប្រាជ្ញ យិន កំពុង​ផ្តល់សម្ភាសន៍​ដល់​សិក្ខាកាម​ Newsroom Cambodia. (រូបថត៖ ខាន់ លីណា)

ចំណែក​លោកស្រី អឿន ស្រី អាយុ ៥៣ឆ្នាំ ដែលជាអ្នកមករស់នៅកន្លែង​ចាក់សំរាមនេះ​ដែរ លើកឡើង​ថា៖ «ខ្ញុំឧស្សាហ៍ឈឺក្បាល ហើយពេលខ្លះ សំឡេង​រប​ស់​ខ្ញុំ​ឡើង​ចង់​ស្អក​ព្រោះតែ​ធុំក្លិន​សំរា​ម​ពេក ហើយបើនិយាយពីពេលយប់វិញគឺថា ក្លិនសំរាមធុំក្លិនខ្លាំង ធុំជូរៗ​ដូច​បាយ​ជ្រូក ធ្វើឱ្យខ្ញុំតែងតែយកក្រមាមកបិទច្រមុះដើម្បីកុំឱ្យសូវធុំក្លិន»។

​អ្នកស្រី​ ​ស្រី​ ​ចា​ន់​ មា​ន​អា​យុ ​២៩​ឆ្នាំ ​​​មា​ន​​​​​​​​​​​​ស្រុ​​កកំ​​ណើ​​ត​នៅ​ខេត្ត​ព្រៃ​វែង ​​​​​មក​​រ​ស់​​​​​នៅ​​​​​ជិ​ត​​​​​គំន​រ​​​សំ​រាម​ក្នុង​សង្កាត់​ជើង​ឯក ​រ​យ:​ពេល​២​ឆ្នាំ ​ជា​មួយស្វា​​មី ម្ដា​​យ និ​ង​​​កូន​២នា​ក់​ផ​ង ​ប្រ​កបរ​ប​​ររើ​សជ័រ​ប្លាស្ទិក​លើគំនរ​សំរាម​ ​និង​​​ដេ​រ​ការ៉ុង​លក់ ​បាន​និ​យាយ​ទាំងទឹកមុខ​ស្រងូតស្រងាត់​​ថា អ្នកស្រី និង​គ្រួសារ​ ត្រូវ​ប្រកបរបរ​ចិញ្ចឹមជីវិត​ដោយ​ផ្អែកលើគំនរសំរាម ដោយសារ​មិនមាន​ដើមទុន​ដើម្បី​ប្រកប​របរ​ផ្សេង​។ អ្នកស្រី​បន្ថែម​ថា អ្នកស្រី​ត្រូវ​បង្ខំ​ចិត្ត​ប្រកបរបរ និង​រស់នៅ​ក្បែរ​គំនរ​សំរាម​នេះ បើ​ទោះ​បី​ប្រឈម​នឹង​បញ្ហា​សុខភាពក្តី។​

លោកស្រីថា៖ «ខ្ញុំ​មក​ដំ​បូង​ធុំក្លិ​ន​សំ​រា​ម​ខ្លាំ​ងពិ​បា​ករ​ស់​នៅ​ ចេះតែ​ទ្រាំ​តែនៅ​ យូ​រៗ​ក៏ស៊ាំ​នឹង​បរិ​យា​កា​សនៅ​ក្បែរ​គំ​នរ​សំ​រាម​ ប៉ុន្តែក៏ទាំ​ងកា​រ​ប្រឈ​ម និង​ប​ញ្ហាប៉ះ​ពាល់​សុ​ខ​ភា​ព​ផងដែរ ហើយខ្ញុំក៏​មិន​ចង់​រស់នៅ​ទីនេះដែ​រ ​តែដោ​យសា​រជី​វភា​ពខ្វះ​ខាត​ គ្មានដើ​មទុ​ន​សម្រា​ប់​រក​ស៊ី ​នៅ​ធ្វើកា​រងា​រសំណង់​ក៏ត្រូ​វគេបោ​កផង​ ទើ​បខ្ញុំ​ស​ម្រេច​ចិ​ត្តប្រ​ក​ប​រប​រនេះ»​។​

អ្នកស្រី​បាន​បន្ថែម​​ថា​ អ្នកស្រី និង​ស្វាមី​រើស​ជ័រទាំ​ង​យប់​​ទាំង​ថ្ងៃ មា​​ន​​ដូច​ជា ​ដ​បទឹ​កសុ​ទ្ធ ​ដបស្រា​ កំ​ប៉ុ​ង​សាប៊ូ​ ​​​​ខ្សែ​រភ្លើ​ងជាដើម។ ហើយក្នុង​មួ​យថ្ងៃអ្នកស្រី និង​ស្វាមី​រ​កចំណូ​ល​បានប្រមាណជា​​៥​ម៉ឺ​នរៀល តា​មបរិមាណនៃជ័​រ​។ អ្នកស្រីថា ថ្ងៃខ្លះនៅ​ពេល​​មា​ន​ភ្លៀ​​ង​ និ​ង​មាន​​ខ្យ​ល់ខ្លាំ​ង អ្នកស្រី និង​ស្វាមីមិនអាច​រើសជ័រ​បាន​សោះ​ក៏មាន​​។

លោក​​ស្រី​​ថា​​៖​​ «​​ពេល​​ភ្លៀង​​បញ្ហា​​ប្រឈម​​ប្រឈមមុខ​​ថា​​រក​​អត់​​កើត​​តែ​​ម៉ង​​ សើម​​ប៉ប៉ិកប៉ប៉ាក់​​ ហាស​​ មាន​​ខ្យល់​​ទៀត​​មិន​​បាច់​​ទេ​​»​​។​​

អ្នកស្រី ស្រី ចាន់ (រូបថត៖ ខាន់ លីណា)

លោក ស៊ន ​​សុក្រិត្យ​​ ប្រធាន​​គម្រោង​​ផែនទី​​ កែ​​លម្អ​​សហគមន៍​​ និង​​ភាពធន់​​ក្នុង​​ទីក្រុង​​បាន​​ប្រាប់​​ Newsroom​​ Cambodia​​ban ថា ​​ប្រជាពលរដ្ឋ​​រស់​​នៅ​​ក្បែរ​​គំនរ​​សំរាម​​ និង​​ប្រកបរបរ​​លើ​​គំនរ​​សំរាម​​ ​​​តែងប្រឈម​នឹង​បញ្ហា​សុខភាព និង​ជំងឺ​ផ្សេងៗ​ ដោយសារពួកគេ​មិន​​ដឹង​​ពី​​បៀប​​ការពារ​​ខ្លួន​​ និង​​មិន​​​មាន​សមត្ថភាព​​ទៅ​​ទិញ​​របស់​​ការពារ​​ខ្លួន។

លោក​​ថា៖ ​​«​​ពួកគាត់​​អត់​​មាន​​របស់របរ​​សម្រាប់​​ការពារ​​គាត់ ​​ឧទាហរណ៍​​ដូចជា​​ត្រូវ​​មាន​​ស្រោមដៃ​​អ៊ីចឹង​​ ហើយ​​អត់​​មាន​​កាចា​ប់​​​គ្មាន​​អី​​ទេ​​តាម​​តែអីចឹង​​​យក​​ដៃ ​​ហើយ​​អ្នកខ្លះ​​ចាប់​​តែដៃ​​តែអ៊ីចឹង​​ ហើយ​​គ្មាន​​ស្រោម​​ដៃ​​​​ អត់​​មាន​​ស្បែកជើង​​ការពារ​​អ៊ីចឹងទៅ​​ […] ​​សំរាម​​​ខ្លះ​​វា​​ភ្ជាប់​​របស់របរ​​​មុតស្រួច​​ដូច​​ជា​​កែវ​​ដូចអីហ្នឹង​​ អាហ្នឹង​​វា​​អាច​​ឱ្យ​​ប៉ះពាល់​​ដល់​​គាត់​​ អាច​​មុត​​អាច​​អ៊ីចឹង​ ហើយ​​ធ្វើ​​ឱ្យ​​អាហ្នឹង​​វា​​ប្រឈម​​សម្រាប់​​ពួកគាត់ ​​ទី​​មួយ​​។ ទីពីរ​​វា​​អាច​​ធ្វើ​​ឱ្យ​​ប៉ះពាល់​​ដល់​​សុខភាព​​របស់គាត់​​ សុខភាព​​បស់គាត់​​ការ​​រស់​​នៅ​​នឹង​​សំរាម​​ ដឹង​​ហើយ​​សំរាម​​មាន​​ក្លិន​​មាន​​អី​​​​ ហើយ​ទៅ​​គាត់​​អត់​​មាន​​ម៉ាស​​មាន​​អី​​ការពារ​​អត់​​មាន​​អ៊ីចឹង​​ទៅ​​ ធ្វើ​​ឱ្យ​​​ប៉ះពាល់​​ដល់​​សុខភាព​​បស់​​គាត់​​ដែរ​​​​​»​​។​​​

លោក​​​​បន្ថែម​​​​​ថា​​ ប្រជាជន​​ដែល​រស់នៅ និង​ប្រកបរបរ​នៅ​​តំបន់​ចាក់សំរាម ​គ្មាន​​ជម្រើស​​ និង​​​គ្មាន​​​ការងារ​​អ្វី​​ក្រៅ​​ពី​​របរ​​រើស​​សំរាម​​​នោះទេ​។

លោក ស៊ន សុក្រិត្យ បន្ថែម​ថា អាជ្ញាធរ ​​និង​​អ្នក​​ពាក់ព័ន្ធ​​ផ្សេងៗ​​ទៀត ​​គួរ​​តែ​​គិត​​ពិចារណា​​ ពី​​បញ្ហា​​ប្រឈម​​របស់​​ពួកគាត់​​ ដោយ​ត្រូវ​​​​មាន​​ការ​​បង្កើត​​មុខរបរ​​ជូន​​ប្រជាពលរដ្ឋ​ក្រៅ​​ពី​​ការរើស​​សំរាម​​ដើម្បី​​ចិញ្ចឹម​​ជីវភាព ​​និងដើម្បី​​ការពារ​​សុវត្ថិភាព​​ជូន​​ពួកគាត់​​។  

លោក​បញ្ជាក់​​ថា៖ ​​«​​បង្កើត​​មុខរបរ​​ ​ឬរក​​មុខរបរ​​ឱ្យ​​ពួកគាត់​​ធ្វើ​​អី​​ផ្សេង​​ក្រៅពី​​មក​​រើស​​សំរាម​​ ហើយ​​ពួកគាត់​​មែនទែន​​​ទៅ​​គាត់​​មិន​​រក​​ចំណូល​​បាន​​ប៉ុន្មាន​​ទេ​​ មែន​​បាន​​ន័យ​​ថា​​ មែន​​ដេញ​​ចេញ​​ពួក​​គាត់​​ចេញ​​ទេ ​​ប៉ុន្តែ​​អាច​​ជួយ​​ យ៉ាង​​ហោច​​ណាស់​​​​ក៏​​បាន​​ជួយ​​​​គាត់​​​ការពារ​​​សុវត្ថិភាព​ពួ​ក​​គាត់​​ ព្រោះ​​នៅ​​​តំបន់​​ហ្នឹង​​មើល​​ទៅ​​ដូចជា​​អាជ្ញាធរ​​អីហ្នឹង​​មិន​​ដែល​​ទៅ​​អើត​​ មិន​​ដែល​​ទៅ​​អើ​​ពើ​​សម្រាប់​​ពួកគាត់​​​ទេ​​ ​​ថា​​ជា​​រឿង​​មួយ​​ពិបាក​​ដែរ​​សម្រាប់​​ពួកគាត់​​»​​។

លោក អ៊ុន ចាន់ត្រា ដែល​ជាអ្នករស់នៅ​ក្បែរ​​ទីលាន​ចាក់​សំរាម​ជើង​ឯកបាន​និយាយ​​ថា ដើម្បី​ជីវភាព លោក​នឹង​នៅ​​ប្រកប​របរ​ដែល​នៅ​ក្បែរ​កន្លែង​ចាក់​សំរាម​នេះ បើទោះបី​ជា​មានការ​ផ្លាស់​ប្តូរ​ទីលានចាក់​សំរាម​​ទៅកន្លែង​ផ្សេង​ក៏​ដោយ។

លោកនិយាយ​ទាំងទឹកមុខ​ស្រពោន​​ថា៖ «​បើយើងវាទាល់មែនទែនហើយ សំរាម​នៅ​ណា​គឺ​ទៅ​តាម​សំរា​ម​ហ្នឹង​តែម្តង។ មនុស្ស​ហ្នឹង​អត់មានឱ្យសំរាមទៅឆ្ងាយ បើចង់​ទៅ​ឆ្ងាយ​កាន់​តែ​តាម​ទៅ​ទៀត ទោះជាទៅណាក៏ទៅតាមទៅទៀត ព្រោះ​មនុស្ស​វា​អស់​រលីង វាអស់ជម្រើស​​ហ្នឹង ហើយ»៕​

តម្លៃប្រេងសាំងចុះថ្លៃបាន៥០​រៀលក្នុងមួយលីត្រ

ក្រសួ​ងពាណិ​ជ្ជក​ម្មនៅ​ថ្ងៃចន្ទ​នេះ​ជូនដំណឹង​អំពី​ត​ម្លៃលក់រាយប្រេ​ងឥ​ន្ទនៈ​នៅ​ក​ម្ពុជា​ ​ចុះថ្លៃបា​ន​​ ​៥​០​រៀ​ល​ក្នុង​មួ​យលី​ត្រ​ចា​ប់ពី​ថ្ងៃ​​ទី២​១​ដល់​ថ្ងៃទី​៣​០​ ​ខែ​វិច្ឆិ​​កា​ ឆ្នាំ​២០២២។​

​យោ​ង​តាម​សេក្ដី​ប្រកា​ស​ព័ត៌មាន​រ​ប​ស់ក្រ​សួ​ង​ពា​ណិ​ជ្ជក​ម្ម​ ​ចេ​ញនៅ​ទី២​១ ​ខែវិ​ច្ឆិ​កា​ ឆ្នាំ២​០​២២​បញ្ជាក់ថា​ ​​ប្រេងឥន្ធន:ចុះ​ម​ក​ត្រឹម​៤​,៣​៥​០​រៀល​ក្នុ​ង​១​លី​ត្រ សម្រា​ប់​សាំ​ង​ធម្ម​តា ​​​និ​ង​៥,០០​០​រៀ​លក្នុ​ង​១​លី​ត្រ​សម្រាប់ប្រេ​ង​ម៉ា​ស៊ូ​ត ​​ដោយតម្លៃនេះ​​អនុវត្តចាប់ពីថ្ងៃទី២១ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

​សេចក្ដី​ប្រកា​សព័ត៌មានដដែល​បន្ថែម​ថា ការបញ្ចុះការបញ្ចុះតម្លៃនេះគឺដើម្បីជួយស​ម្រួ​ល​ដ​ល់ជី​វ​ភាព​ប្រជាពលរដ្ឋ។

យោងតាមសេច​ក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ចេញថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២បាន​ ឱ្យដឹ​ង​ថាតម្លៃលក់ប្រេងឥន្ធន:ចាប់ថ្ងៃទី១១ ដល់ថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ២០២២សម្រាប់សាំ​ងធម្មតាថ្លៃ៤,៤០០ រៀលក្នុង១លីត្រ និងសម្រាប់ប្រេងម៉ាស៊ូត ៥,១០០រៀលក្នុង១លីត្រ៕​

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​​ថា ​បាក់ឌុបឆ្នាំ​នេះ​មាន​បេក្ខជន​លើស​ឆ្នាំ​មុន​​​​ចំនួន​ ១ម៉ឺន​ ៣​ពាន់​នាក់

លោក​ ហង់ ជួន​ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ នៅ​ថ្ងៃចន្ទ​នេះ​លើកឡើងថា​​ ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ​មាន​បេក្ខជន​ប្រឡង​កើន​ឡើង​​ចំនួន ១ម៉ឺន​ ៣​ពាន់​នាក់​ បើ​ធៀប​នឹង​ឆ្នាំ​២០២១​។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «ដំណើរ​ការ​រៀប​ចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ ទុតិយភូមិ​សម័យ​ប្រឡង​ ថ្ងៃ​ទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០២២​»​ ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទំព័រហ្វេសប៊ុក​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នៅ​ថ្ងៃ​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២នេះ​ លោក​លោក​ ហង់ជួន​ ណារ៉ុន​ បាន​បញ្ជាក់​ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​​២០២២​នេះ ​កើន​ឡើង​លើសឆ្នាំ​មុន​​​ចំនួន១ម៉ឺន​ ៣​ពាន់​នាក់​។

នៅ​ក្នុង​សន្និសីទ​ដដែល​​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ បាន​លើក​ឡើង​ថា​ បេក្ខជន​ប្រឡង​ឆ្នាំ​នេះ​១២៨,១៣៤​នាក់​ ​ក្នុង​នោះ​ស្រី​ចំនួន​ ​៦៨,៧៧១នាក់​។ ផ្នែក​វិទ្យាសាស្ត្រ​មាន​ចំនួន​ ៤២,៩៣៣​ ផ្នែក​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​ ​៨៥,២០១​នាក់​ និង​ចំណេះ​ទូទៅ​ចំនួន​១៩,៦៦៧​នាក់​។ លោក​បន្ត​ថា​នៅឆ្នាំ​២០២២នេះ​ក្រសួង​រៀប​ចំ​មណ្ឌល​ប្រឡង​សរុប​២២១​មណ្ឌល​  ស្មើនឹង​៥,១៧៤​បន្ទប់​ ដែលក្នុង​មួយ​បន្ទប់​មាន​បេក្ខជន​ចំនួន​២៥​នាក់​។

​លោក​ ហង់ ជួន​ណារ៉ុន​ បាន​បន្ត​ថា​ ក្រសួង​នឹង​ធ្វើការ​បែង​ចែក​ដំណើរការ​នៃ​ការ​ប្រឡង​ជា​បី​ដំណាក់កាល​ ​គឺ​ ដំណាក់កាល​ប្រឡង​ ​ពីថ្ងៃ​ទី​៥​ ដល់​ទី​៦​ ខែ​ធ្នូ​ ឆ្នាំ២០២២​។​  ដំណាក់កាល​​កំណែ​ពី​ថ្ងៃ​ទី​៨​ ដល់​១៤​ ខែ​ធ្នូ​​ ឆ្នាំ​២០២២​ និង​ដំណាក់កាល​បូក​ស្រង់​ពិន្ទុ​ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​ ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២២​។ ហើយ​ក្រសួង​​បញ្ជាក់បន្ថែម​​ថា​ ក្រសួង​នឹង​អាច​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​២៧​សម្រាប់​​ភ្នំពេញ​ និង​កណ្ដាល​ និង​ថ្ងៃ​ទី​២៨​សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត​។

ជា​មួយ​គ្នានេះដែរ​លោក​ ហង់ ជួន​ណារ៉ុន​​ បានថ្លែង​ថា​ ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ចំនួន​បួន​​ដើម្បី​អភិវឌ្ឍន៍​​ធនធាន​មនុស្ស​ក្នុង​ព្រះរាជាណាចក្រកម្ពុជាគឺ​ ច្បាប់​ តម្លាភាព​ យុត្តិធម៌​ និងការ​ទទួល​យក​បាន​​​។ សម្រាប់​មុខវិជ្ជា​ដែល​ត្រូវ​ប្រឡង​នៅ​ឆ្នាំ​នេះ​ ចំពោះ​ផ្នែក​វិទ្យាសាស្ត្រ​ ក្រសួង​បាន​ដាក់​ចេញ​នូវ​មុខ​វិជ្ជា​ដូចជា​ ជីវៈ​វិទ្យា​ រូបវិទ្យា​​ គីមី​វិទ្យា​​  គណិត​វិទ្យា​​  ភាសាខ្មែរ​ ​ភាសាបរទេស​ និងមុខវិជ្ជាជ្រើសរើស​ប្រវត្តិវិទ្យា។​ ចំណែកឯ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​រួម​មាន​  សីលធម៌-ពលរដ្ឋ​ ភូមិវិទ្យា​​ ​ ប្រវត្តិ​វិទ្យា​​ គណិត​វិទ្យា​​  ភាសាខ្មែរ​ ភាសាបរទេស​ និងមុខវិជ្ជាជ្រើសរើស​ផែនដី​និងបរិស្ថាន​​។

លោក​​ក៏​បាន​ស្នើ​ឱ្យ​បេក្ខជនដែលនឹង​ត្រូវប្រឡង​​ទទួល​ទាន​អាហារ​ និងសម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​  កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​ គោរព​តាម​បទបញ្ញត្តិ​ជា​ធរមាន​ ​និង​ធ្វើ​ដំណើរ​មកកាន់​មណ្ឌល​ប្រឡង​ឱ្យ​បាន​មុន​ពេលវេលា​។

គួរ​រំលឹក​ផងដែរ​ថា​ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូម​ ដែល​បាន​ប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃ​ទី​២៧-២៩​ ខែធ្នូ​ ឆ្នាំ​២០២១​ មាន​បេក្ខជន​សរុប​ ចំនួន​១១៤,១៨៧​នាក់​ ក្នុង​នោះ​ ១០៤,២៩៩នាក់​ ជា​បេក្ខជន​ចំណេះ​ទូទៅ​​ ៤,៤១៧នាក់​ ជា​បេក្ខជន​ស្វ័យរិន​ ៣,៤៣៦នាក់​ ជា​បេក្ខជន​បំពេញ​វិជ្ជា​ និង​ ២,០៣៥​នាក់​ ជា​បេក្ខជន​ស្វៃរិន​បំពេញ​វិជ្ជា​៕​

អត្ថប្រយោជន៍​នៃការ​យល់ដឹងអំពី​​អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

0

ប្រជាជនកម្ពុជា​​ជាង​៧០​ភាគ​រយជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ប្រចាំ ក៏ប៉ុន្តែ​អ្នក​ប្រើប្រាស់​ជាច្រើន ខ្វះការ​យល់​ដឹង​ទាក់ទង​ទៅ​នឹង​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និងព័ត៌មាន ជាហេតុ​ធ្វើឱ្យ​អ្នក​ប្រើប្រាស់​ទាំង​នោះ​ងាយ​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ការ​ចែក​ចាយ​ព័ត៌មាន​មិនពិត និង​ការ​ឆបោកតាមប្រព័ន្ធអ៊ីនធឺណិត​ជាដើម​។​

ខាង​ក្រោមនេះ គឺ​ជា​បទ​សម្ភាស​រវាង​លោក​ រ៉ូវ ហុងសេង ដែល​ជា​សិក្ខាកាម​នៃ​Newsroom Cambodia ជាមួយ​នឹង​កញ្ញា ហុក លីដា ដែល​ជា​អ្នក​បណ្តុះ​បណ្តាល​ផ្នែក​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និងព័ត៌មាន។

ជម្រាបសួរ​កញ្ញា ហុក លីដា!

ចា៎! ជម្រាបសួរ។

Q: តើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និង​ព័ត៌មាន​ជាអ្វី? ​​

A:​ ជាសមត្ថភាព (skills) និង​ចំណេះ​ដឹង ​(Knowledge) ​ដែល​យើង​អាច​ប្រើប្រាស់ ​[នៅក្នុង]​ប្រព័ន្ធ​​ផ្សព្វផ្សាយ​(pre-media, broadcasting, and social media) ក្នុង​គោល​បំណង​ការពារ​សុវត្ថិភាព​​អ្នក​ប្រើប្រាស់​(users) និងបង្កើន​ទំនួល​ខុស​ត្រូវ​របស់​អ្នក​ចែកចាយ​ (content creators)។

Q: យោងទៅតាមទិន្នន័យរបស់គេហទំព័រ Statista នៅ​ឆ្នាំ២០២២​ប្រជាជនខ្មែរ​ចំនួន​៧៣.​៩​ភាគរយ ជា​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ជា​ប្រចាំ។ តើពិតទេដែល​ថា​រាល់​អ្នក​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ត្រូវតែមានចំណេះដឹងទាក់ទងនឹង​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន ប្រសិន​បើ​មិន​ចង់​ក្លាយជា​ជនរងគ្រោះនៃកា​រចែកចាយ​ព័ត៌មាន​មិនពិត? ហើយ​មនុស្ស​ក្រុម​ណា​ខ្លះចាំ​បាច់ត្រូវតែមានការយល់ដឹងអំពីប្រធាន​បទនេះ?​

A: ក្នុងចំណោមប្រជាជនជាង៧០​ភាគរយដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមជាប្រចាំ ភាគច្រើន​នៅ​ខ្វះការយល់ដឹងទាក់ទងនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និង​ព័ត៌មាន ហេតុនេះ​ហើយ​ការប្រើប្រាស់​បណ្តាញ​សង្គម​មិន​ត្រឹមត្រូវ​វា​អាច​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់ទៅ​ដល់​ខ្លួន​គាត់​ ហើយ​ក៏​ដូចជាសង្គមដែរ។ អ៊ីចឹង​ហើយ​បាន​ជា​ការស្វែង​យល់​ពី​អក្ខរកម្ម​ប្រព័​ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​នៅក្នុងសម័យឌីជីថលនេះ មានសារៈសំខាន់ខ្លាំង។  

Q: នៅយុគសម័យឌីជីថល តើការ​យល់ដឹង​ទាក់ទង​នឹង​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ មាន​​ផល​វិជ្ជមាន​អ្វី​ខ្លះ?

​A: ធ្វើឱ្យគាត់​មាន​សមត្ថភាព (skills) ក្នុងកា​រវិភាគ​ទៅ​លើ​ព័ត៌មាន (contents) ដែល​ត្រូវ​បាន​ចែកចាយ​នៅ​ក្នុង​បណ្តាញសង្គម ដើម្បីអាចបែងចែករវាងព័ត៌មានពិត និងមិនពិត និង​មាន​ការគិត​បែប​ស៊ីជម្រៅ។ ក្រៅពីនេះ គាត់នឹងមិនក្លាយជា perpetrators [អ្នកចែករំលែក​ព័ត៌មាន​បែបមាក់ងាយ] នៅក្នុងបណ្តាញសង្គម ដោយការ​​មិន​ចែកចាយ​ព័ត៌មាន​បែប​មាន​ការរើស​អើង។

Q: ហេតុអ្វីបានជាការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានមានសារសំខាន់?​ តើការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន អាចជួយកាត់​បន្ថយ​ហានិភ័យ​នៃ​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​អនឡាញដែរ ឬទេ?

A:​​ នៅពេលដែលយើងមានចំណេះ​ដឹងទាក់ទងនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន យើង​អាច​កំណត់​ភាព​ឯកជន និង​សុវត្ថិភាព (Privacy and security) របស់​គណនី​បណ្តាញ​សង្គម ដូចជា​ការកំណត់​ឱ្យ​តែ​មិត្ត​របស់​អ្នក​នៅ​ក្នុង​បណ្តាញ​សង្គម​មើល​ឃើញ​ ការបិទ​ទីតាំង ការបិទ​ការ Face Recognition និង​ការប្រើប្រាស់​លេខ​សម្ងាត់​ដែល​ពិបាក​ទាយ​ដឹង។

Q: តើមានការដាក់បញ្ចូលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និង​ព័ត៌មាន​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ​ហើយ ឬ​នៅ?​ បើនៅ តើ​ការដាក់បញ្ចូល​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ​មានសា​រៈសំខា​ន់កម្រិត​ណា ជាពិសេស​ចំពោះ​អ្នក​ដែល​មាន​ឧបសគ្គ​ផ្នែក​ភាសា?

A: ភាសាគឺជាឧបសគ្គមួយក្នុងការប្រើប្រាស់បណ្តាញសង្គម តែមុខ​ដែល​អាច​ឱ្យអ្នក​ប្រើប្រាស់​បណ្តាញ​សង្គ​ម​ជាភាសាខ្មែរ​បាន​នៅ​មិន​ទាន់​គ្រប់គ្រាន់ ព្រោះគា​ត់​ត្រូវ​យល់​ពី​ពាក្យ​គន្លឹះ។​ ផ្ទុយ​ពី​កាលពី៥ ទៅ១០ឆ្នាំមុន សព្វថ្ងៃបច្ចេកវិទ្យាគឺចាំបាច់ក្នុងការសិក្សា ហេតុ​នេះ​ហើយ​ការសិស្សត្រូវ​តែ​មានចំណេះទាក់ទងនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានដើម្បី ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិចដើម្បីសិក្សាតាម​ប្រព័ន្ធអនឡាញ ឱ្យមានសុវត្ថិភាព និង​ប្រសិទ្ធភាព។ កត្តាទាំងនេះ​ធ្វើ​ឱ្យ​ការដា​ក់បញ្ចូល​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ទៅ​ក្នុង​កម្មវិធី​សិក្សា​រ​បស់​រដ្ឋ​មាន​សារៈសំខាន់​ខ្លាំង។

Q: តើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន (MIL) និងការផ្ទៀងផ្ទាត់ការពិត (Fact-checking) មានលក្ខណៈដូច និងខុសគ្នាត្រង់ណាខ្លះ?

A: ការផ្ទៀងផ្ទាត់ការពិត​ស្ថិត​នៅ​ក្នុង​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន ជា​ឧទាហរណ៍​នៅ​ក្នុង​ផ្ទៀងផ្ទាត់​ការពិតគេពិនិត្យទៅលើប្រភពច្រើន។ ឯ​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​មាន​ន័យ​ទូលំទូលាយ​ជាង​នេះ។ ​ឧទាហរណ៍​ នៅក្នុង​កម្មវិធី​សិក្សា​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ព័ត៌មាន​នៅCCIM យើងមាន​បញ្ចូល​ទាក់ទង​ទៅ​នឹង​ការផ្ទៀងផ្ទាត់​ការពិត​ទៅលើ​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម ហើយយើង​ក៏មាន​វគ្គ​សិក្សាទាក់ទង​ទៅ​នឹងថា ​តើ​យើង​គួរ​តែ​ផ្ទៀងផ្ទាត់​ព័ត៌មាន​បែបណា​នៅ​លើ​បណ្តាញ​សង្គម តើ​យើង​គួរ​ពិនិត្យ​ប្រភព​មួយ ឬក៏​ប្រភព​ច្រើន​? អាហ្នឹង​វា​សំខាន់​មែន​ទែន ដែល​នៅ​ក្នុងហ្នឹង​យើង ​equip [ផ្តល់ឱ្យ] ​កូន​សិស្ស​ឱ្យ​មាន​ការ​គិត​បែប​ស៊ីជម្រៅ ​ហើយ​នៅ​ពេល​ដែល​គាត់​ប្រើប្រាស់​បណ្តាញ​សង្គម គាត់មិន​ពឹងពាក់​ទៅ​លើ​ប្រភព ឬក៏​គេហ​ទំព័រ​តែមួយ​ទេ។ គាត់អាចផ្ទៀងផ្ទាត់​ទៅ​លើ​ប្រភព​ផ្សេង​ទៀត​ ឧទាហរណ៍​ថា ប្រសិន​បើ​ព័ត៌មាន​ក្តៅ​ទាក់​ទង​ទៅ​នឹង​សង្គ្រាម​របស់​រុស្ស៊ីនៅអ៊ុយក្រែន វា​នឹង​មាន​ស្ថាប័ន​ច្រើន​ចុះផ្សាយ​ អញ្ចឹង​យើង​អាច​ផ្ទៀងផ្ទាត់​ថា​តើស្ថាប័ន​ពីរចុះផ្សាយ​ព័ត៌មាន​ដូចគ្នា​ក៏អត់? បើ​យើង​អត់ផ្ទៀងផ្ទាត់​ច្រើន​ប្រភព​ទេ វា​ធ្វើ​ឱ្យ​ព័ត៌មាន​របស់​យើង​មាន​ភាព​លំអៀង​។

Q: អរគុណ​កញ្ញា ហុក លីដា!

A: ចា៎! អរគុណ៕

Vox pop: មតិចម្រុះលើការបញ្ចូលភាសាចិនក្នុងកម្មវិធីសិក្សាថ្នាក់អនុវិទ្យាល័យ និង​​វិទ្យាល័យ

រដ្ឋាភិបាលកម្ពុជា និងចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុង​ការដាក់​បញ្ចូល​កម្មវិធី​សិក្សា​ភាសា​ចិ​ន​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ចាប់​ពី​ថ្នាក់​ទី៧ ដល់​ថ្នាក់​ទី១២​នៅ​ក​ម្ពុជា។  ពិធីចុះហត្ថលេខាលើ​ឯកសារ​នេះ ត្រូវបាន​ធ្វើឡើង ក្រោម​អធិបតីភាព​របស់​នាយក​រដ្ឋមន្ត្រី​​កម្ពុជា-ចិន នា​រសៀល​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​វិមាន​សន្តិភាព​។

Newsroom Cambodia បានសម្ភាសន៍​សិស្ស​និស្សិត គ្រូបង្រៀន និង​អាណាព្យាបាល​ទៅ​លើ​ការបញ្ចូល​ភាសា​ចិន​ក្នុង​កម្មវិធី​សិក្សា​សាធារណៈនេះ។

យុវសិស្ស ធឿន គីមឡង អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ មកពី​អនុវិទ្យាល័យ​សំរោង​បាន​ប្រាប់​មក Newsroom Cambodia ថា​ ការបញ្ចូល​ភាសាចិន​ទៅ​ក្នុង​កម្មវិធី​សិក្សា គឺ​អាច​ជួយ​ដល់​សិស្សានុសិស្សដែលមានជីវភាពខ្វះខាតទទួលបានចំណេះដឹងភាសាបន្ថែម។

យុវសិស្សនេះថា៖ «សម្រាប់ខ្ញុំយល់ថាការបញ្ចូល​ភាសាចិនទៅកម្មវិធីសិក្សាពី​ថ្នាក់​ទី៧ ដល់​ថ្នាក់​​ទី១២​​​គឺ​គំនិត​​មួយ​​ដ៏​​ល្អ ដើម្បី​បណ្តុះបណ្តាល​បន្ថែម​ទៅ​លើ​ការសិក្សា​របស់​សិស្សានុសិស្ស​ទាំងអស់ ពីព្រោះ​សិស្សានុសិស្ស​ភាគច្រើន​មិនថា​ថ្នាក់ទី​ប៉ុន្មានក្តី គឺមានជីវភាពខ្វះខាត ប្រសិនបើ​យើង​ដាក់បញ្ចូលភាសាចិន​បន្ទាប់ពី​ភាសា​អង់គ្លេស​ទៅ​កម្មវិធី​ឱ្យ​ពួកគាត់​​អាច​នឹង​ទទួល​បានចំណេះដឹងបន្ថែម»។​

លោក ម៉ៃ រាជសី ជានិស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងសណ្ឋាគារ និង​ទេសចរណ៍​នៃ​សកលវិទ្យាល័យ​វេស្ទើន​បាន​លើក​ឡើង​ថា​ ការសិក្សាភាសាច្រើនគឺជាឱកាសដ៏ល្អមួយ ពីព្រោះលោកមើលឃើញថាទីផ្សារការងារនៅកម្ពុជាសព្វថ្ងៃត្រូការភាសាចិនជាចម្បង។

លោកថា៖ «ខ្ញុំគិតថាវាក៏ជាការសម្រេចចិត្តមួយដ៏ល្អផងដែរ ព្រោះយើង​អាច​សង្កេត​ឃើញថា សព្វថ្ងៃ​នៅ​ប្រទេ​សកម្ពុជាយើង អាចនិយាយបាន​ថា​ជា​ប្រទេស​មួយ​ដែល​មាន​ទំនាក់ទំនង​អន្តរជាតិ​ទូលំទូលាយ​មួយ​ផង​ដែរ ដូច្នេះ​ការសិក្សា​ភាសា​ឱ្យ​បានច្រើន​ក៏​ជា​កត្តាមួ​យ​បង្កើត​ឲ្យ​មាន​ឱកាស​ដ៏​ល្អ ក្នុងការរៀប​ចំការ​បង្កើន​ចំណេះដឹ​ង​ភាសា​បរទេស​សម្រា​ប់​ជា​ចំណុច​ខ្លាំង​មួយ​របស់​សិស្សា​នុសិស្ស សម្រាប់ការស្វែងរកការងារនៅថ្ងៃអនាគតផងដែរ។

យើ​ងសង្កេតឃើញហើយថានៅក្នុងទីផ្សារការងារប្រទេសកម្ពុជាយើងសព្វថ្ងៃ ត្រូវ​ការអ្នក​ចេះ​ភាសា​ចិន​ជា​ចម្បង​ក៏មា​ន​កាន់​តែ​ច្រើន។​ អញ្ចឹង​ហើយ​ការដាក់បញ្ចូល​ភាសាចិន​ក្នុង​ថ្នាក់​សិក្សា​នេះ​ពិត​ជាមានសារសំខាន់ណាស់សម្រាប់សិស្សានុសិស្សជំនាន់ក្រោយៗ»។​

លោក ឃឹម ផាត់យុទ្ធ ជាគ្រូបង្រៀនភាសាចិន-អង់គ្លេស នៃសាលា​អន្តរជាតិ​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា ភាសាចិនជាភាសាទូលំទូលាយមួយនៅក្នុងទ្វីបអាស៊ី ហើយ​ការបញ្ចូល​ភាសានេះគឺអាចបំផុសគំនិតសិស្សឱ្យពួកគាត់ចង់រៀនភាសាបន្ថែម។

លោកថា៖ «សម្រាប់គំនិតខ្ញុំផ្ទាល់ការបញ្ចូល​ភាសាចិនពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២​នេះវា​មាន​គុណសម្បតិ្ត​ដែរ វា​អាចបំផុសគំនិតឱ្យពួកគាត់រៀនភាសាចិនមួយបន្ថែមពីព្រោះភាសាចិន វាជាភាសាចិនជាភាសាមួយដែលគេប្រើទូលំទូលាយដែរនៅអាស៊ីយើង តែបើអឺរ៉ុបមិនសូវទេ ហើយបើចេះភាសាមួយទៀតក៏វាម្យ៉ាងដែរ»។​

ទន្ទឹមនឹងនេះ លោក ផាត់យុទ្ធ ក៏បន្ថែមថាការបញ្ចូលភាសាចិន​ក៏​ជា​ផ្តល់​វិបាក​ក្នុង​ការសិក្សា​សិស្សពីព្រោះ​វា​មាន​ភាសាបរទេសចំនួនពីរ ហើយ​លោក​គិតថា​វា​មិន​ជា​មាន​គុណភាព​ការបង្រៀន​អ្វី​ឡើយ។

លោកបន្ថែម​ថា៖ «ប៉ុន្តែបើយើងដាក់ភាសាចិនចូល​មួយ​ទៀត​វា​មាន​ភាសាបរទេស​ដល់​តែ​ពីរ​ មានអង់គ្លេសមួយទៀត ចឹងវាអាចជាផលវិបាកមួយចំនួនដល់សិស្សក្នុងការរៀន។ សម្រាប់​ផល​លំបាក​មួយទៀត​គឺការរើសគ្រូ ពីព្រោះ​ប្រទេសយើង​ទៅរកគ្រូ​ភាសាចិន​ណាបា​ន​គ្រប់​សាលា​ទាំងអស់ អ៊ីចឹងមានតែសាលាមួយចំនួនមាន សាលាមួយចំនួនអត់។ ហើយការដាក់​ចូល​ហ្នឹង​រៀនទៅវាក៏មិនជាមិនបានដិត​ដល់អីដែរ គុណភាពក៏មិនជា​ណាស់ណា​ដូច​ដែល​យើង​រៀន​សាលាខ្មែរ អង់គ្លេស​វា​មិន​ជា quality [គុណភាព] ណាទេ។​ អ៊ីចឹង​ខ្ញុំគិតថា​វា​មាន​ចំណុចអវិជ្ជមានច្រើនជាងវិជ្ជមាន តែបើដាក់ចូលវាល្អហើយ បើឱ្យមាន quality [គុណភាព] ម៉ង់ហ្នឹងអត់ទេ»។​

អ្នកស្រី គឹម សៀកងីម ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​សង្កាត់ចោមចៅ រាជធានីភ្នំពេញ ​លើកឡើងថា រាល់ការបញ្ចូលភាសាទាំងអស់សុទ្ធល្អ ប៉ុន្តែក៏​មិន​ត្រូវភ្លេច​ការលើក​ស្ទួយ​ភាសាខ្មែរ​ដែរ។

អ្នកស្រីថា៖ «សម្រាប់ខ្ញុំគិតថាល្អដែលរាជរដ្ឋាភិបាលគាត់បញ្ចូលអក្សរសាស្រ្តចិន ដោយសារ​យើង​ឃើញ​អាជីវកម្មចិននៅស្រុកខ្មែរយើងវា​ទូលំទូលាយ។ ការពិតរាល់ការបញ្ចូលភាសា មិនថាភាសាអ្វីគឺសុទ្ធតែល្អទាំងអស់ ព្រោះវាជាចំណេះដឹងសម្រាប់ក្មេងជំនាន់ក្រោយ ប៉ុន្តែស្នើសុំនៅតែមានការលើកស្ទួយអក្សរសាស្រ្តខ្មែរដូចគ្នា»។

អ្នកស្រីបានបន្ថែមថា កូនរបស់អ្នកស្រី​ដែលកំពុង​សិក្សា​ថ្នាក់មត្តេយ្យ ក៏បាន​និង​កំពុង​សិក្សា​ភាសា​ចិន​តាំងពីក្មេងផង​ដែរ។

អ្នកស្រីថា៖ «ដូចដែល​កូនខ្ញុំរៀនឥឡូវគឺគាត់រៀនមត្តេយ្យបីភាសា ខ្មែរ ចិន និងអង់គ្លេស អ៊ីចឹងគាត់រៀនចិនទៅតាំងពីក្មេងហើយ»៕​

យុវជន​​១៥ក្រុម​ដាក់​​​បង្ហាញ​​ស្នាដៃ​​​​ជា​​គម្រោង​ពាក់ព័ន្ធនឹង​ការ​​ផ្លាស់ប្តូរ​សង្គម​​ដោយ​ភាព​​វិជ្ជមាន

យុវជន​ឆ្នើម​ចំនួន​១៥ក្រុមនៃ​​កម្មវិធី​ជំនាន់ថ្មី​ ដាក់​​​បង្ហាញ​​ស្នាដៃ​​ដែល​ជា​​គម្រោង​ពាក់ព័ន្ធនឹង​ការ​​ផ្លាស់ប្តូរ​សង្គម​ប្រកប​ដោយ​ភាព​វិជ្ជមាន​ និង​ដែល​កំពុង​អនុវត្ត​នៅ​ក្នុង​សហគមន៍​ជាច្រើន​នៅ​ទូទាំង​​ប្រទេស​​។​

កម្មវិធី​ជំនាន់​ថ្មី (New Future Generation) គឺជា​កម្មវិធី​ សម្រាប់​យុវជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​សម្រាប់​ប្រែ​ក្លាយ​សក្តានុពល​របស់​ពួកគេ​ឲ្យ​ទៅ​ជា​សកម្មភាព និង​សមិទ្ធផល​ជាក់លាក់។ កម្មវិធីនេះ​មានការ​គាំទ្រ​ពី​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា។​

ការ​ដាក់តាំងបង្ហាញ​ស្នាដៃ​របស់​ក្រុម​យុវជនក្នុង​កម្មវិធី​ជំនាន់​ថ្មី​នេះធ្វើ​ឡើង​​ក្នុងពេល​ដែល​អង្គការ​​អន្តរជាតិ​​យូនីសេហ្វ​ប្រចាំ​កម្ពុជា​ និង​ក្រសួង​ពាក់ព័ន្ធ​ ប្រារព្ធ​ទិវាកុមារ​ពិភពលោក​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​វិចិ្ឆកា​ ឆ្នាំ​២០២២​ ដែល​ជា​ខួប​ត្រូវ​បាន​អនុម័ត​លើ​អនុសញ្ញា​ស្តី​ពីសិទិ្ធ​កុមារ​កាល​ពី​ថ្ងៃ​ទី​ ២០ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៨៩​។

កញ្ញា​ រស​ ពេជ្រ​ពុទិ្ធកា

កញ្ញា​ រស​ ពេជ្រ​ពុទិ្ធកា​ ប្រធាន​គម្រោង​ UNITELL ដែលជាគម្រោង​បង្កើត​សារ​សំឡេង ឬហៅថា Podcast ដែល​និយាយអំពីបញ្ហា​ប្រឈម​​របស់​និស្សិត​ក្នុង​អំឡុង​ពេល និង​ក្រោយ​ការ​បញ្ចប់​ការ​សិក្សា បាន​ប្រាប់មក Newsroom Cambodia ​ថា ​កញ្ញា​បាន​មើល​ឃើញ​ពី​បញ្ហា​របស់​និស្សិត​ក្នុង​ការ​ចាប់​​ក្តី​​ស្រម៉ៃ​​ផ្សេងៗ​ទើប​កញ្ញា​បាន​បង្កើត​គម្រោង​ UNITELL នេះ​ឡើង​។

កញ្ញា​ថា៖ «នៅ​ក្នុង​កម្មវិធី​ New Generation Future នេះ​គឺ​ខ្ញុំ​ជា project lead ទៅ​លើ project ឈ្មោះ​ថា UNITELL មក​ពី​ពាក្យ​២ គឺ university and tell។​ tell គឺ​រឿងរ៉ាវ​អី​ដែល​ សិស្ស​ និស្សិត​ចង់​លើក​ឡើង​ ធ្វើ​ក្នុង​ការ​សម្រេច​ក្តីស្រមៃ​របស់​គាត់​ផ្សេងៗ​គ្នា​។»

កញ្ញា​ក៏​បន្ថែម​ថា​ គម្រោង​របស់​កញ្ញា​មាន​ការ​ចែករំលែក​ព័ត៌មាន​ និង​បទ​ពិសោធន៍​ផ្សេងៗ​តាមរយៈ​វីដេអូ​ក្នុង​នោះ​ក៏​មាន​ការ​លើកឡើង​ពី​សុខភាព​ផ្លូវចិត្ត​របស់​និស្សិត​ផង​ដែរ​។

កញ្ញា​ថា៖ «កន្លង​មក​អី​ដែល​យើង​បាន​ធ្វើ​គឺ​យើង​មាន​ចែករំលែក​ព័ត៌មាន​បទពិសោធន៍​ទៅ​តាម​ឡាយ​តាមរយៈ​Blog វីដេអូ​ដែល​យើង​ធ្វើ​ផង​ដែរ​ មាន​event​ផ្សេងៗ​អី ​event​អាច​មាន​ប្រភេទ​ខុស​គ្នា​ពេល​ខ្លះ​យើង​និយាយ​ពី​ ការ​ផ្លាស់ប្ដូរ​ការ​សិក្សា​ផ្សេងៗ​ ពេល​ខ្លះ​និយាយ​ mental health​[សុខភាព​ផ្លូវចិត្ត] ចឹងទៅ​ មិន​មែន ​directly [ផ្ទាល់​] ជួយ​គាត់​ម៉ង​ទេ ប៉ុន្តែ​យើង​មាន ​content [មាតិការ] ជា​ច្រើន​ដាក់​ឱ្យ​គាត់ ​explore​ [ស្វែងយល់​] ​បើសិនជា​គាត់​មាន​សំណួរ​អី គាត់​អាច​សួរ​ ជាមួយ​ពួកយើង​បាន​ ហើយ​ពូកយើង​នឹង​ជួយ​ឆ្លើយ​»។​

ទន្ទឹមនឹងនេះ​យុវសិស្ស​ លី សុគន្ធបញ្ញា​ អាយុ​១៦ឆ្នាំ​ ជា​សិស្ស​ថ្នាក់ទី​១២ មក​ពីសាលាឯកជន​ «Linger»  និង​ជាអ្នក​ដឹកនាំគម្រោង​​ Eco bee ដែលជាគម្រោង​ដែលផ្តោត​ការការពារ​សត្វឃ្មុំ និង​បរិស្ថាន បាន​និយាយថា​ ដោយសារ​តែ​ការ​ចាប់អារម្មណ៍​នឹង​សត្វឃ្មុំ​ និង​សកម្មភាព​ទាក់ទង​នឹង​បរិស្ថាន​ ស្រប​ពេល​ដែល​អង្គការ​ UNICEF ជ្រើសរើស​សិស្ស​ចូលរួម​ក្នុង​កម្មវិធី​​ជំនាន់ថ្មី​ ទើប​ជា​ឱកាស​អាច​​ឱ្យ​ក្រុម​របស់​កញ្ញា​​​​បង្រៀន​សិស្ស​ដទៃ​បាន​។

យុវសិស្ស​នេះ​ថា៖ «គម្រោង​មាន​ឈ្មោះ​ថា Eco bee មក​ពី​ពាក្យ ecosystem ជាមួយ​នឹង​ពាក្យ Bee ហើយ​គម្រោង​របស់ខ្ញុំ​គឺ​ចាប់ផ្ដើម​តាំ​ង​ពី​យូរ​ហើយ​គឺ​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ទាក់ទងទៅ​នឹង​សត្វឃ្មុំ​តាំង​ពី​ខ្ញុំអាយុ១៦​​ឆ្នាំមកម៉្លេះ ប៉ុន្តែ​ដោយសារ​ខ្ញុំ​អត់​ទាន់មាន​ឱកាស​សិក្សា​ពី​វាហើ​យ​ខ្ញុំក៏​ទុក​រហូត​ទៅពេ​លដែល UNICEF New Generation ចាប់ផ្ដើម ខ្ញុំក៏​បាន​ចាប់​ផ្ដើម​យក​ឱកាស​​ដើម្បី research [ស្រាវជ្រាវ] ហើយ​​​យក​អ្វីដែល​ខ្ញុំបា​ន​យល់ដឹ​ង​យក​ទៅ​បង្រៀន​សិស្ស​ដទៃ​ទៀត»។

បញ្ញាបន្តថា កញ្ញាបានចុះទៅខេត្តកោះកុងដើម្បីសិក្សាស្រាវជ្រាវពីសត្វឃ្មុំនៅកម្ពុជា ហើយ​ក៏​បាន​ចូល​ទៅ​ខេត្ត​សៀមរាប ខេត្តកំពង់ចាម​ដើម្បី​ធ្វើ​សិក្ខាសាលា​ដល់​សិស្ស​សាលារដ្ឋ​ដើម្បី​ឲ្យ​គាត់​យល់​ពី​សត្វឃ្មុំ​នៅ​ក្នុងប្រ​ទេសកម្ពុជា។

យុវជន ប៉ូ សុវណ្ណរាជ អាយុ១៦ឆ្នាំជាសមាជិកក្នុងគំរោង Eco bee នេះបានលើកថាឡើង លោកចង់យកបញ្ហាផេ្សងៗក្នុងប្រទេស​កម្ពុជាភ្ជាប់ជាមួយការផ្សព្វផ្សាយព័ត៌មានដើម្បីអាចជាចំណែកជួយដល់រដ្ឋាភិបាល។

យុវជននេះថា៖ «សម្រាប់ខ្ញុំ​ផ្ទាល់គិតថា ការយល់ដឹង​ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រទេស​កម្ពុជា​កាន់​តែច្រើន​ អាច​ជាប់​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​នោះ​ទៅដ​ល់​ប្រទេស​ដែល​ខ្ញុំ​ស្គាល់​ដូចជា​ពេល​ដែល​ខ្ញុំ​ចង់​ធ្វើអ្វី​មួយ​ជាមួយ​នឹង​​សត្វ​ឃ្មុំ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា ​នៅថ្ងៃ​អនាគ​ត​ខ្ញុំ​អាច​យក​រឿង​នេះ​ទៅ​ជួយ​​​រដ្ឋាភិបាល​បាន​ផង​ដែរ»។

លោក ឈឹម នព្វន្ត

មិនខុសគ្នាប៉ុន្មាន លោក ឈឹម នព្វន្ត ជានិស្សិតឆ្នាំទី១ ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​នៃ​សាកល​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) និង​ជា​អ្នកបង្កើត​គម្រោង​ដែល​មាន​ឈ្មោះ​ថា មាគ៌ា ដែលជា​គម្រោង​​ភ្ជាប់សិស្សជាមួយនឹងឱកាសដើម្បីអភិវឌ្ឍន៍ខ្លួនឯង បាន​លើក​ឡើង​ថា លោកមើលឃើញយុវជនភាគច្រើនខ្វះខាតជំនាញទន់ ទើប​ធ្វើ​ឱ្យ​លោក​សម្រេច​ចិត្ត​បង្កើត​គម្រោង​នេះ​​ឡើង។​

លោកថា៖ «យើងឃើញថាកូនសិស្សភាគច្រើននៅពេលដែលយើងរៀនចប់ហើយ នៅ​ពេល​ដែ​ល​គាត់​ចូល​ធ្វើការ គឺពួកគាត់ខ្វះ​នូវជំនាញទន់ ដែលមិន​​អាច​ធ្វើឱ្យ​​ការងារ​របស់​គាត់​​​ទទួល​បាន​ជោគជ័យ ព្រោះរៀននៅក្នុងបានបង្ហាញតែ Theories [ទ្រឹស្តី] ទេ មិនទាន់បាន Practice [អនុវត្ត] នោះទេ»។​

នព្វន្ត បានបន្ថែមថា លោកចង់ភ្ជាប់សិស្សនៅជនបទឱ្យមានភាពស្មើ​គ្នា​ ដើម្បី​ជា​ឱកាស​ឱ្យ​ពួកគេអាចអភិវឌ្ឍន៍ខ្លួនឯងបាន។

លោកថា៖ «ពេលដែលពួកខ្ញុំចុះទៅជនបទគឺពួកខ្ញុំអត់មានអីទាំងអស់ ដោយសារ​តែ​នៅ​ខាង​ជនបទ សូម្បី Projector ក៏អត់មាន internet អ្នកខ្លះក៏អត់មាន អ្នកខ្លះអត់មានទូរសព្ទទៀត។​ ពេលត្រូវប្រើទូរសព្ទ​​គឺ​ត្រូវចែកគ្នា​មួយក្រុម ៣-៤ នាក់ចែកគ្នាមើលទៅ។​ បញ្ហា​ដែល​ខ្ញុំ​គិត​ថា​សំខាន់​គឺ​ជា​ផ្នត់គំនិត​មួយ​របស់​មនុស្ស​ដែល​រស់នៅ​ក្នុ​ងជនបទជាមួយអ្នកដែលរស់នៅទីក្រុង អ្នករស់នៅទៅក្រុងអាចបើកចិត្ត សិទ្ធិឱ្យកូនសិស្ស កូន​របស់​គាត់​ប្រឡូក​ក្នុង​កម្មវិធី​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍»។​​

ស្នាដៃ​គម្រោង​របស់​​យុវជន​ទាំង​១៥ក្រុម​​ដែល​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​នេះ ភាគ​ច្រើន​ផ្តោត​លើ​បច្ចេកវិទ្យា បរិស្ថាន ការ​អប់រំ​ សិល្បៈ សុខភាព​ សុវត្ថិភាព​ចំណីអាហារ​ជាដើម៕​

កំណាត់​ផ្លូវមហាវិថីឈ្នះឈ្នះនឹង​ត្រូវ​​ផ្អាកចរាច​រ​បណ្ដោះអាសន្នពី​ថ្ងៃទី​២១ ដល់​៣០ វិច្ឆិកា​ដើម្បី​ប្រកួតកីឡាជាតិ

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពី​ការបញ្ចៀសចរាចរ និង​ផ្អាកចរាច​រ​ជាបណ្ដោះអាសន្នសម្រាប់​យាន​ជំនិះ​គ្រប់​ប្រភេទ​ដែល​ឆ្លងកាត់​កំណាត់​ផ្លូវមហាវិថីឈ្នះឈ្នះ  ពីគល់​ស្ពាន​ព្រែក​ព្នៅ រហូតដល់​ផ្លូវជាតិ​លេខ៦ ពី​ថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បី​ប្រកួតកីឡាជាតិ។​

ក្នុង​សេចក្តីជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២២​បញ្ជាក់ថា ក្រសួងអប់រំ យុវជន និង​កីឡា​ នឹង​រៀបចំពិធីបើក និង​ពិធី​បិទ​ការ​ប្រកួតកីឡាជាតិ​លើកទី៣ នៅ​ពហុកីឡាដ្ឋាន​ជាតិ​មរតកតេជោ ដែល​ស្ថិតក្នុង​ភូមិ​ព្រែកតារ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

សេចក្តី​ជូន​ដំណឹង​របស់​សាលារាជធានី​ភ្នំពេញ​ដដែល​បញ្ជាក់​តាមន័យ​ដើម​ថា៖ «ដើម្បី​ឱ្យ​កម្មវិធី​ប្រព្រឹត្ត​ទៅ​​រលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ រដ្ឋបាល​រាជធានីភ្នំពេញ​ធ្វើការ​បញ្ចៀស​ចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ​ដោយ​មិន​អនុញ្ញាត​​ឱ្យ​យានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់ផ្លូវមហាវិថីឈ្នះឈ្នះ  ពីគល់​ស្ពានព្រែក​ព្នៅ​រហូត​ដល់​ផ្លូវ​ជាតិ​លេខ៦ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់​បញ្ចប់​កម្មវិធី​សម្រាប់ថ្ងៃនីមួយៗ»។

គួរបញ្ជាក់​ថា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និង​កីឡាជន​ពិការ​ជាតិ​លើកទី១ រួមមាន៣៨ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិកចំនួន៧ប្រភេទកីឡាទៀត ដោយ​ចាប់​ផ្ដើម​​ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

ព្រះបរមរាជវាំង​នឹង​បើក​ឱ្យ​​​ភ្ញៀវ​ទេសចរ​​ជាតិ​-អន្តរជាតិ​​ចូល​ទស្សនា​​ឡើង​វិញ​ចាប់​ពី​ដើម​ខែ​ធ្នូ​នេះ​​

ព្រះបរមរាជវាំង​នឹង​បើក​ដំណើរការ​ឡើង​វិញ ​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​​ជាតិ​-អន្តរជាតិ​ ចូល​ទស្សនា​ ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ បន្ទាប់​ពី​ត្រូវ​បាន​បិទ​អស់​រយៈ​ពេល​ជាង​ ២​ឆ្នាំដោយ​សារ​ការ​រាត​ត្បាត​​ជំងឺកូវីដ១៩​។

ក្នុង​លិខិត​ដែល​​រដ្ឋមន្រ្តី​ក្រសួង​ព្រះបរមរាជវាំង​ ​ជូន​​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ ចេញ​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ បញ្ជាក់អំពី​ការ​​ជូន​ដំណឹង​ការ​បើក​ដំណើរការ​ឱ្យ​ភ្ញៀវ​ទេសចរជាតិ-អន្តរជាតិ​ ចូល​ទស្សនា​ព្រះបរមរាជវាំងឡើង​វិញ​។

លិខិត​នោះ​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «ខ្ញុំសូម​ជម្រាបជូន​ឯកត្តមរដ្ឋមន្រ្តី​​ឱ្យបានជ្រាប​ថា ក្រសួង​ព្រះបរមរាជវាំង​នឹង​បើក​ដំណើរការ​ឡើង​វិញ​​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​​ជាតិ​-អន្តរជាតិ​ ចូល​ទស្សនា​ព្រះបរមរាជវាំង​ ចាប់​ពី​ថ្ងៃ​ទី​០១​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ខាង​មុខ​»។

ព្រះ​បរមរាជវាំង ព្រមទាំង​កន្លែង​ជាគោលដៅ​ទេសចរណ៍​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ទ្វារមួយ​រយៈ​ក្នុង​អំឡំឡុង​ពេល​នៃការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ តាំ​ងពី​ដើម​ឆ្នាំ​២០២០​មក៕

Q&A៖ បទពិសោធន៍នៃការតែងនិពន្ធ​របស់​កវី ស៊ូ ខេមរិន្ទ

វិស័យតែងនិពន្ធសៀវភៅ​ក្នុង​ប្រទេស​កម្ពុជា​មិនទាន់​មាន​ភាព​ទូលំទូលាយ​នៅឡើយ​។ អ្នកប្រកប​មុខរបរ​ជាអ្ន​កតែង​និពន្ធ​នៅកម្ពុ​ជា​ គឺ​តែង​ជួប​ឧបសគ្គ​ជាច្រើន​ក្នុង​អាជីព​រប​ស់​ខ្លួន តួយ៉ាង​ទាំង​ការរក​ចំណូល​តាមរយៈ​ការលក់​សៀវភៅ ទាំង​ការការពារ​តាម​ផ្លូវច្បាប់​ដែល​ខ្លួន​​បានតាក់តែង ទាំងការទទួលស្គាល់នូវគុណតម្លៃ​ និង​កម្លាំង​ចិត្តផ្សេងៗ​ទៀតដើម្បី​អភិវឌ្ឍន៍​ជំនាញ​របស់ខ្លូន។

ខាងក្រោមនេះ​ជាកិច្ច​សម្ភាសន៍​របស់​​សិក្ខាកាម ​Newsroom​ Cambodia​ ​ជាមួយ​លោក ស៊ូ​ ​ខេ​ម​រិ​ន្ទ​​​ ​ជា​​អ្នកនិ​ព​ន្ធ​វ័​យ​ក្មេ​ង​​​ដែល​​ទ​ទួលបានជ័យលាភីច្រើនជុំវិ​ញ​វិ​ស័​យ​តែងនិពន្ធ​នាពេល​បច្ចុប្បន្ន​។

Q: សូមជម្រាប​សួរ​លោក ស៊ូ ខេមរិន្ទ បាទ!

A: បាទ! សូមជម្រាបសួរ!

Q: តើលោកចាប់ផ្តើមចាប់យកអាជីពជាអ្នកនិពន្ធតាំងពីឆ្នាំណាមក?

A: ខ្ញុំចាប់ផ្តើមអាជីពជាអ្នកនិពន្ធដំបូងគេគឺនៅឆ្នាំ២០០១ នៅជាសិស្សថ្នាក់ទី១១។

Q: តើមានកត្តាសំខាន់ៗអ្វីខ្លះដែលធ្វើឱ្យលោកចង់ក្លាយជាអ្នកនិពន្ធ?

A: មានកត្តាមួយចំនួន​ដែរ​ កត្តាធំ​ទី​មួយ​គឺ​ខ្ញុំកើ​ត​នៅក្នុងគ្រួសារដែលមាន​ឪពុក​ជា​អ្នក​ចូល​ចិត្ត​​អាន។ ហើយជារៀងរាល់ពេលទំនេរ គាត់តែងតែនិទានរឿងដែលគាត់ចេះចាំ​ គាត់​បាន​អាន​នៅក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យ​ មកសង្ខេបឱ្យ​យើងស្តាប់ ហើយ​ប្រវត្តិ​បទ​ចំរៀង​​ដែ​លគា​ត់​ចេះចាំ គាត់ដឹងប្រាប់យើងដែរទៅ ធ្វើឱ្យយើង ស្តាប់ទៅ​យើង​ជក់​ចិត្ត​ យើង​មាន​អារម្ម​ណ៍​ថា យី! ទំនង​ដែរ​ ចឹង​ចង់​ក្លាយ​ជា​អ្នកនិពន្ធ នេះ​ជា​ចំណុចទីមួយ។

ចំណុច​ទីពីរនោះ​ខ្ញុំទ​ទួលឥទ្ធិពល​ការអាន​ពីឪពុក​មក​ដែរ បន្ទាប់​មក​ខ្ញុំក៏​បាន​ស្វែងរក​សៀវភៅ​​ផ្សេង​ទៀត​អាន ដល់ពេលយើងឃើញ​ស្នាដៃគេគួរ​ឱ្យ​ចាប់​អារម្មណ៍ យើង​ក៏​មាន​គំនិត​ចង់​ក្លាយ​ជាអ្នក​និពន្ធ ចង់​ក្លាយ​ជា​អ្នក​សរសេរ​អញ្ចឹង​ដែរ​បាទ។

ហើយចំណុចទី៣នោះគឺកត្តាសង្គមមួយដែរ ដោយសារតែ​យើង​មើល​ឃើញ​ពី​តថភាព​សង្គម​ពី​បញ្ហាផ្សេ​ងៗដែលកើតមានឡើងនៅក្នុងសង្គម ហើយយើងចង់បញ្ចេញទស្សនៈ ឬ​ការយល់ឃើញការកែប្រែអ្វីផ្សេងៗទៅលើបញ្ហាសកម្មភាពសង្គមហ្នឹងឯង។​ ដោយ​មិន​ដឹង​បញ្ចេញ​តាម​វិធីណា យើងក៏បញ្ចេញវាទៅតាមការតែងនិពន្ធជាកំណាព្យ ជាទំនុកច្រៀង ជារឿងខ្លីអីអញ្ចឹងទៅបាទ នេះជាចំណុចបីធំៗបាទ។

Q:​ តើលោកសម្រេចបានស្នាដៃនិពន្ធរបស់លោកបានប៉ុន្មានរឿងមកហើយដែរ? ក្នុង​ចំណោម​ស្នាដៃ​និពន្ធ​របស់​លោកទាំងអស់នោះ តើ​ស្នាដៃណា​ខ្លះ​ដែល​មាន​អ្នក​និយម​អាន​ច្រើន​ជាង​គេ​បំផុត?

A: បាទ! ក្នុងចំណោមស្នាដៃដែលយើងបានបោះពុម្ពជាផ្លូវការ​មាន​ចំនួន​ប្រាំបី​ចំណង​ជើង​ផ្សេង​គ្នាបាទ។ ហើយប្រាំចំណងជើងខ្ញុំបោះ​ពុម្ព​តាំងពីឆ្នាំ២០០៨ហ្នឹង​ជារឿង​ប្រលោម​លោក​ខ្នាត​ខ្លី​បាទ ហើយ​បី​ចំណង​ជើង​ចុងក្រោយហ្នឹង​វាជាកម្រង​កំណាព្យខ្លី​ដែល​មាន​រឿង​សៀវភៅ​កម្រង​កំណាព្យ​ខ្មាស់​ឆ្កែ សៀវភៅ​រឿង​យប់​អនាមិក និង​សៀវភៅ​រឿង​ទឹក​ខ្មៅល្វីង។ ហើយសៀវភៅ​រឿង​ទាំងបី​ចុងក្រោយ​នេះ​ដែល​មាន​ការចាប់​អារម្មណ៍​ពី​បងប្អូនខ្មែរ​យើង​ទាំង​ក្នុង​ហើយ​និង​ក្រៅ​ប្រទេស​បាទ។

Q: តើបញ្ហាប្រឈមធំៗរបស់លោកក្នុងនាមជាអ្នកនិពន្ធគឺជាអ្វី?

A: បញ្ហាធំៗក្នុងនាមយើងជាអ្នកនិពន្ធជាអ្នកសរសេរ និងសម្រាប់ខ្ញុំមាន​តែពីរទេធំៗ។ ទីមួយ​គឺ​យើង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ទោះបីជា​​យើងអាចសរសរ​បាន បង្ហោះនៅ​ក្នុងបណ្តាញសង្គមក្តី យើង​បាន​បោះពុម្ពហើយក្តី ក៏​ចិត្ត​យើង​អត់​សូវ​កក់ក្តៅ​ប៉ុន្មាន​ដែរ​បាទ យើង​នៅ​តែព្រួយបារម្ភ​ពីសុវត្ថិភាពផ្ទា​ល់​ខ្លួន​។​ ដូចខ្ញុំ​តែងតែ​ចំណាំនិយាយ​អញ្ចឹង គឺ​ខ្ញុំតែងតែគិត​ថា អឺ!​កវីនិពន្ធ​ហ្នឹង​ប្រៀបបាន​ទៅ​នឹង​ធូបមួយកូនដើម​នៅ​ក្នុង​ទី​ងងឹត​អញ្ចឹង។ មាន​ពន្លឺ​តិចតួច​បាទ ហើយពន្លឺហ្នឹង​គេអា​ចនឹង​ចូលចិត្ត​វា​ដោយសារ​វា​ភ្លឺ​អញ្ចឹង​ទៅ​ ហើយ​ផ្សែង​រប​ស់​វានឹង​អាច​ធ្វើ​ឱ្យផ្សារភ្នែក​អ្នកដទៃ ហើយ​គេអា​ច​នឹង​មិន​ចូលចិត្ត​វា​បាទ។ អញ្ចឹង​នៅ​ពេល​ដែល​យើង​សរសេ​រ​អ្វីៗ​ផ្សេងៗ​ដែល​ជា​បញ្ហា​អសកម្ម​នៅ​ក្នុងស​ង្គម​ដើម្បីផ្ញើរសារ​ទៅកា​ន់ ​អ្នកនយោបាយ ក៏​ដូចជា​ប្រជាជន​យើង​ផងដែរអញ្ចឹង ជួនកាល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​គេ គេ​អា​​ចតាម​ធ្វើ​បាប​យើង​ដែរបាទ។ អញ្ចឹងយើងនៅតែព្រួយបារម្ភ​​សម្រាប់​សុវត្ថិភាពផ្ទាល់ខ្លួន។ អាហ្នឹងជា​បញ្ហា​ចម្បង​ទីមួយ​ធំ។

ហើយបញ្ហាចំបងទី២នេះវាកើតមានយូមកហើយបាទ ឥឡូវវាលែង​មាន​ហើយ វាកើត​មាន​តាំង​មុនយើង​មិន​ទាន់​មាន​បណ្តាញសង្គម។​​កាលហ្នុងខ្ញុំ​សរសេរ​បាន​ច្រើន​ ហេតុតែ​ចង់​ក្លាយ​ជា​អ្នកនិពន្ធ ព្យាយាម​សរសេរ​ស្នាដៃ​ច្រើនមែន​ទែន។ សល់សៀវភៅបួន​ដប់​ម្ភៃក្បាល​ចឹង​ទៅ​ ណាមួយ​យើង​ពិបាក​អត់​ដឹង​បោះពុម្ព​ទៅ​ណា ហើយ​ចង់​ចែក​ផ្សាយ​ វាអត់​មាន​វិធី​ណាក្រៅតែ​ពី​បោះពុម្ពផ្សាយ។ កាលហ្នឹង​វាមា​នចុះ​ផ្សាយតាម​ទស្សនាវដ្តី​ផ្សេងៗ​ដែរ។

យើង​មាន​តែប៉ុ​ណ្ណឹង ដល់​ពេល​ចឹង​យើង​ដឹង​ហើយ​ថា ទស្សនាវដ្តី​គេ​ចេញ​កន្លះ​ខែម្តង បន្ទាប់​មក​ចេញ​មួយខែម្តង​ សូម្បី​តែ​ចេញ​មួយអាទិត្យ​ម្តងនៅ​តែយូរ​​សម្រាប់យើង​ក្នុងការ​ផ្ញើរ​ទាក់ទង​ទៅ​ចុះផ្សាយ។ វាពិបាក​ចឹង​ យើងពិបាកប​ង្ហាញ​ស្នាដៃ ឥឡូវ​បញ្ហា​ហ្នឹង​វា​លែង​មាន​ជាបញ្ហាចោទ​ទៀត​ហើយ ដោយសារ​តែយើង​មាន​បណ្តាញស​ង្គ​ម​ អញ្ចឹង​យើង​អាច​ផុស​វា​នៅក្នុង​បណ្តាញ​សង្គមហ្វេស​ប៊ុក ឬក៏អា​យជី​អីផ្សេ​ង​ៗ​ បាទ។

Q: តើលោកយល់ឃើញយ៉ាងណាដែរចំពោះវិស័យនៃការតែងនិពន្ធនៅកម្ពុជាបច្ចុប្បន្ននេះ?

A: សម្រាប់វិស័យតែងនិពន្ធនៅកម្ពុជាបច្ចុប្បន្ន ខ្ញុំមើលឃើញថា ទំនោរ​នៃ​ការសរសេរ​​វាដូចជា​មាន​ការកើនឡើង​ដែរ ក៏​ប៉ុន្តែទាក់ទង​ទៅនឹង​ប្រធានបទ​នៃ​ការសរសេរ​ យើងឃើញអ្ន​ក​និពន្ធសារក្រោយ​គាត់​ភាគច្រើន​សរសេរ​ទៅ​រកការលើកទឹកចិត្ត និង​សៀវភៅរៀន​ពី​វិធី​ជោគជ័យផ្សេងៗ បាទ។ ហើយ​សម្រាប់​អ្នក​ដែល​សរសេរ​សៀវភៅ​បង្ហាញពី​តថភាពសង្គមហ្នឹង​នៅតែ​មា​នកម្រិត នៅតែ​មានតិចតួច តាមរយៈ​នៃ​ខ្ញុំមើល​ឃើញ​បាទ។

វាកើតឡើងមែន តែ​វាកើតទៅលើផ្នែកផ្សេង ជាសៀវភៅ​បែបលើ​កទឹ​ក​ចិត្ត​ សៀវភៅផ្ញើរសារ​អី ​សៀវភៅរៀនពី​វិធីជោគជ័យ​ ធ្វើនេះ​ធ្វើនោះ កសាងខ្លួនឯង សៀវភៅផ្នត់គំនិ​ត​​សៀវភៅ​ដែល​ទាក់ទង​ទៅ​នឹង​តថភាពសង្គម​ហ្នឹងវាអ​ត់សូវ​មានទេបាទ នៅតែមានចំនួនតិចនៅឡើយបាទ។

Q: តើលោកធ្លាប់គិតទេថាលោកនឹងផ្លាស់ប្តូរអាជីពជាអ្នកនិពន្ធ?

A: មិនដែលធ្លាប់គិតថានឹងបោះបងដងប៉ាកា​ដែលយើង​កំពុង​សរសេរ​នេះទេ​បាទ។ នៅតែ​បន្ត​គំនិត ហើយ​សរសេ​រ​ជានិច្ច​តាម​លទ្ធភាព​ដែល​ខ្ញុំអាចធ្វើខ្លួនឯងទៅបាន​ ដើម្បីបម្រើ​អក្សរសិល្ប៍​តាមរយៈ​ទឹកខ្មៅ​​របស់យើង។​ ខ្ញុំមិនដែលគិតថានឹងបោះបង់វាទេបាទ។

Q: តើក្នុងនាមលោកជាអ្នកនិពន្ធម្នាក់លោកមានសំណូមពរ និង​ប្តេជ្ញា​ចិត្ត​បែបណា​ដែ​រ​ទៅ?

A: សម្រាប់ខ្ញុំជាអ្នកនិពន្ធម្នាក់ នៅតែនិយាយដដែលៗដូចដែលនិយាយពីមុនដែរបាទ ក្នុងនាមជាអ្នកនិពន្ធម្នាក់យើងមិនគួរពណ៌នាសត្វ​លា​ឱ្យក្លាយជាសត្វសេះឡើយ ពីព្រោះ​ថា​អ្នកនិពន្ធ​​គឺជា​សមរភូមិ​ជួរមុខមួយដែរ​បាទ ដោយ​ប្រើ​ចុង​ប៉ាកាជា​អាវុធ​ដើម្បី​សរសេរ​បង្ហាញពី​ចំណុច​អសកម្ម​ ពីបញ្ហាផ្សេងៗ​នៅក្នុង​សង្គម ដូចជា​ផ្ញើរសា​រ​អប់រំ​ទៅ​កាន់​ថ្នាក់ដឹកនាំ​ ទៅកាន់អ្នកនយោបាយ ទៅកាន់ប្រជាជនដូចគ្នា អ្នកសិក្សាអី​ដើម្បី ​កែប្រែរៀន​សូត្រ អភិវឌ្ឍន៍​ប្រទេសជាតិ និង​ខ្លួនឯងអយបា​នល្អប្រសើរ​៕

Q: អរគុណ​លោក ស៊ូ ខេមរិន្ទ!

A: បាទ​! អរគុណ៕

Latest News