fbpx
Home Blog Page 5

នាយករដ្ឋមន្ត្រីថា កម្ពុជាមានគោលដៅនាំគ្រឿងបម្លាស់យានយន្តទៅក្រៅប្រទេស

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា កម្ពុជា មានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកល។

ក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជា កាលពីថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជាការជំរុញ​កែប្រែ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា​។

លោកបន្ត​ថា៖ «ទៅមុខទៀតយើងអាចនាំចូលភាគតិច និងផលិតក្នុងស្រុកភាគច្រើន ហើយបើថ្ងៃក្រោយយើងមានសមត្ថភាពយើងអាចក្លាយទៅជាមជ្ឈមណ្ឌលនៃការផ្គត់ផ្គង់ផ្នែកណាមួយនៅក្នុងតំបន់ផង[…] ហើយ​ការ​ផលិតកន្លែងខ្លះ​ជាធាតុបង្គំសម្រាប់រុញទៅក្រៅប្រទេសផងដែរ»។

ពាក់ព័ន្ធនឹងការផលិតនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើង​ថា កម្ពុជា​មិ​ន​ចាំបាច់​ត្រូវ​ការផលិតយាន្តជំនិះ​ ដូចជា រថយន្ត ឬយន្តហោះ​ទាំង​មូល​​​នៅកម្ពុជាទេ តែអាច​​ចាប់​ផ្តើមផលិត​​​ពីផ្នែកណាមួយនៃ​ធាតុ​ចូលណាមួយ រួមមាន ពូក ឫខ្សែក្រវ៉ាត់ ឬគ្រឿងបង្គុំផ្សេងៗទៀត​បាន​។

លោក​ថ្លែងបន្តថា៖ «ឥលូវកម្ពុជាមានលទ្ធភាព ត្រឹមផលិត​ពូក ផលិតកៅអី​នាំ​ទៅ​អ៊ីតាលី ដែល​ថាប្រទេសដែលល្អជាងគេបំផុត ផលិត​បាន​​ហើយ​។ ខ្ញុំទៅបាវិត ថ្ងៃមុន ខ្ញុំឃើញក្រុមហ៊ុនមួយនៅបាវិតហ្នឹង ធ្វើហើយនាំចេញទៅអ៊ីតាលី ចឹងបានន័យថាទឹកដៃកូនខ្មែរអាចធ្វើបានហើយ​កន្លងទៅ យើងរុញច្រើន ផលិតកង់នាំទៅអ៊ឺរ៉ុប យើងខិតខំទៅថ្ងៃក្រោយដើម្បីទាញយកផលិតផល ភាពបង្គុំ នៅក្នុងប្រទេសឱ្យបានច្រើន ពីព្រោះបន្តិចទៀតយើងរុញទៅក្រៅ» ។

លោក​នាយករដ្ឋមន្ត្រីបន្ថែម​ថា ការ​បើក​រោងចក្រដំឡើង​រថយន្តនៅកម្ពុជា នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទិញរថយន្ត ទៅ​ប្រើប្រាស់បាន​ក្នុង​តម្លៃ​ទាប​ជាង​ការ​នាំចូល ដោយសារក្រុមហ៊ុនទទួលបាន​នូវ​ការអនុគ្រោះមួយចំនួន ពីរាជរដ្ឋាភិបាល។

អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុខគង់ មានប្រសាសន៍​ថា ចក្ខុវិស័យដែល​លោកនាយករដ្ឋមន្រ្តីលើកឡើងនេះ ​ជាចក្ខុវិស័យដែលអាចសម្រេចទៅបាន ព្រោះ​បណ្ដាក្រុមហ៊ុនកម្ពុជា​ នឹង​អាចចាប់ដៃគូរគ្នា ជាមួយក្រុមហ៊ុន​នានាដែលផលិត​នូវគ្រឿងបង្គំយាន​យន្ត មកពី​​ជប៉ុន កូរ៉េ ថៃ និង​ចិន​ជាដើមបាន។ លោកបន្ត​ថា ការដែលអាចសម្រេចការងារ​នេះ​បាន គឺបានចូលរួមចំណែកយ៉ាងច្រើនសម្រាប់សង្គម និងសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា។

លោកថ្លែងថា៖ «អាចសម្រេចទៅបាននេះ គឺយើងឃើញថា បច្ចុប្បន្ននេះ ក្រៅពីបណ្ដារោ​ងចក្រផ្គុំ និងដំឡើងយានយន្តទាំង៧ ដែលកំពុង​តែដំណើរការ និងកំពុងតែត្រៀមនឹងដំណើរការនេះ យើងឃើញថាមានបណ្ដារោងចក្រផ្សេងទៀត ដែលជារោងចក្របានផលិតនៅបណ្ដាគ្រឿងផ្គុំយានយន្តមានទាំងខ្សែបង្គុំអគ្គិសនី មានទាំងផលិតអាគុយ មានទាំងផលិតអំពូលភ្លើង និងបណ្ដា(គ្រឿងបង្គំមួយ​)​ចំនួនទៀតដែលទាំងអស់នេះគឺជាវត្ថុធាតុផ្សំដ៏សំខាន់ សម្រាប់ចូលរួមចំណែកក្នុងការផ្គុំដំឡើងរថយន្តរបស់យើង»។

លោកបន្ថែម​ថា៖ «នៅពេលដែលកម្ពុជាអាចមានលទ្ធភាពក្នុងការនាំចេញជាប្រភេទឧស្សាហកម្មធុនធ្ងន់ គឺគេបានចូលរួមចំណែកកាន់​តែ​ធំ និង​កាន់​តែ​ល្អប្រសើរទៅក្នុងខ្សែចង្វាក់ផលិតកម្មតម្លៃ ក៏ដូចជាសេដ្ឋកិច្ចជាតិរបស់យើង ដោយឡែកបណ្ដាកម្មករកម្មការិនី ក៏ដូចជាវិស្វករ​ដែលធ្វើការនៅតាមបណ្ដារោងចក្រឧស្សាហកម្មធុនធំនេះ នឹងទទួលបានប្រាក់រង្វាន់បានកាន់តែល្អប្រសើរ ជាងឧស្សាហកម្មធុនស្រាល នឹងបានចូលរួមចំណែកល្អប្រសើរថែមទៀតទៅក្នុង​កម្លាំងសេដ្ឋកិច្ចជាតិរបស់យើងបាន»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម​និងសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច យល់ថា លុះត្រាតែកម្ពុជាមានធនធានមនុស្ស ទើបអាចសម្រចបាននៅចក្ខុវិស័យនេះបាន។

លោកថ្លែងថា៖ «ដើម្បីឱ្យកម្ពុជាសម្រេចឱ្យបានចក្ខុវិស័យនេះ កម្ពុជាត្រូវផ្តោតការវិនិយោគបន្ថែមទៅលើធនធានមនុស្ស ឬមូលធនមនុស្សដើម្បីឱ្យយុវជនកម្ពុជា ប្រជាជនកម្ពុជាមានចំណេះដឹង ហើយនឹងទទួលបានជំនាញច្បាស់លាស់នៅក្នុងការ​ចូលរួមចំណែកនៅក្នុងវិស័យឧស្សាហកម្ម ជាពិសេសគ្រឿងបង្គុំនេះ»។

លោក​ចង់​ឃើញវិស័យអប់រំនៅកម្ពុជាល្អប្រសើរជាងនេះទៀត ជាពិសេសគឺមានការដាក់បញ្ចូលនៅជំនាញ សហគ្រិនភាព ហើយផ្តោតទៅលើមនុស្សម្នាក់យ៉ាងហោចណាស់មានជំនាញមួយ ។

ទាក់ទិននឹងករណីនេះ ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព លោក យ៉ង់ គឹមអេង យល់ថា នេះជារឿងល្អដែលរដ្ឋាភិបាលកម្ពុជា​មានចក្ខុវិស័យ ទៅរកការអភិវឌ្ឍ និង​ការរីកចម្រើនផ្នែកសេដ្ឋកិច្ចបែប​នេះ ប៉ុន្តែពាក់ព័ន្ធនឹងការនាំចេញនេះ រដ្ឋាភិបាលគួរសម្រួលតម្លៃ និងពេលវេលា។

លោកមានប្រសាសន៍ថា៖ «ទី១ ដែល​កម្ពុជា​ត្រូវធ្វើ គឺត្រូវតែតម្លៃ​ផលិតនេះឱ្យថោក ដើម្បីឱ្យតម្លៃផលិតអាចថោកបាន លុះត្រាតែតម្លៃភ្លើងនៅកម្ពុជាអាចចុះថ្លៃបាន ទី២ ឱ្យដំណើរការនៃការដឹកជញ្ជូននឹងអាចថោកដែរ វាអាចជួយដែរ ទី៣ មានរថភ្លើង​ល្បឿនលឿនដែលអាចដឹកជញ្ជូនផលិតផលបាន និងកាត់បន្ថយភាពស្មុគស្មាញនៅក្នុងការឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ នៅក្នុងការនាំ​ចេញ​កុំឱ្យខាតពេលវេលាដោយសារផលិត គួរតែមានច្រកការត្រួតពិនិត្យតែមួយ គឺមានភាពល្អប្រសើរ»៕

កម្រង​​រូបភាព៖ កិច្ចការ​សំខាន់​ដែលគាំទ្រ​ពីក្រោយ​នៃកិច្ចការពារ​ដែនជម្រកសត្វ​ព្រៃសង្ឃ​រុក្ខាវ័ន

ដែនជម្រកសត្វ​ព្រៃសង្ឃ​រុក្ខាវ័ន ស្ថិតក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ស្រុកចុងកាល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សហគមន៍នេះ ជាសហគមន៍ការពារធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃយ៉ាងសកម្មរហូតទទួលបានជ័យលាភីរង្វាន់អេក្វាទ័រក្នុងឆ្នាំ២០១០ និងមានការទទួលស្គាល់ពីរដ្ឋាភិបាលដោយចេញអនុក្រឹតស្ដីពីការបង្កើតដែនជម្រកសត្វព្រៃ«សង្ឃរុក្ខាវ័ន»។ លទ្ធផលដ៏ល្អនេះមិនអាចខ្វះបានឡើយនូវកិច្ចការពីក្រោយឆាកដែលមានតួនាទីចាំផ្គត់ផ្គង់ និងគាំទ្រ។ កិច្ចការសំខាន់ដែលមិនអាចខ្វះបាននោះគឺ ការងារផ្ទះបាយ។

ប្រជាសហគមន៍ដែលរស់នៅភូមិក្បែរៗដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន កំពុងផ្សំគ្រឿងសម្រាប់ធ្វើម្ហូបក្នុងរោងបាយនៃទីស្នាក់ការដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ (រូបថតដោយ៖ ជា បញ្ញា)
ប្រជាសហគមន៍ដែលរស់នៅភូមិក្បែរៗដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន កំពុងផ្សំគ្រឿងសម្រាប់ធ្វើម្ហូបក្នុងរោងបាយនៃទីស្នាក់ការដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ (រូបថតដោយ៖ ជា បញ្ញា)
លោក ម៉ៅ ផាន ជាអនុគណៈកម្មការឃុំតាដេក កំពុងបករំដេងព្រៃដើម្បីយកទៅស្ងោរសម្រាប់ធ្វើអន្លក់ ក្នុងរោងបាយនៃទីស្នាក់ការដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ (រូបថតដោយ៖ ជា បញ្ញា)
ប្រជាសហគមន៍ដែលរស់នៅភូមិក្បែរៗដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន កំពុងផ្សំគ្រឿងសម្រាប់ធ្វើម្ហូបក្នុងរោងបាយនៃទីស្នាក់ការដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ (រូបថតដោយ៖ ជា បញ្ញា)

Q&A៖ តម្រូវការចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យ AI

ប្រជាជន​ខ្មែរជាច្រើននាក់ប្រើប្រាស់បណ្តាញសង្គមដើម្បីទទួលបានដំណឹង និងការកម្សាន្ត ប៉ុន្តែទន្ទឹម​​នឹងនេះការរីក​ចម្រើន​នៃបច្ចេកវិទ្យា​ បញ្ញា​សប្បនិមិត្ត ឬ AI ​ក៏បានបង្កឲ្យមានបញ្ហាប្រឈមនានាផងដែរ។​

អ្នកស្រី ឈិត​ កណិកា​ ជា​អ្នក​បណ្តុះ​បណ្តាល​ផ្នែក​សុវត្ថិភាព​ឌីជីផល​ បានផ្តល់បទសម្ភាស​ជា​សំណួរចម្លើយ​ដល់សិក្ខាកាម Newsroom Cambodia កញ្ញា តាំង ប៉ហ្គិច អំពី​តម្រូវការ​ចំណេះដឹង​​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ក្នុង​​យុគ​សម័យ​បច្ចេកវិទ្យាបញ្ញា​សប្បនិមិត្ត ឬ AI ជាពិសេស​ពាក់ព័ន្ធ​នឹង​ការបង្កើត​រូបភាព និងវីដេអូដែល​បង្កើតឡើង​ដោយ AI និង​ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម។

Q៖ ជា​ដំបូង​​នាង​​ខ្ញុំ​​ចង់​​ដឹង​​ថា​ តើ​អ្វី​​ជាអក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​?​

A៖ អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ សំដៅ​ទៅ​លើ​ចំណេះ​ដឹង​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​ជា​​​ទូទៅ​​​​​ ដែល​គាត់[​អ្នកប្រើប្រាស់]អាច​មាន​លទ្ធ​ភាព​ក្នុង​ការ​ប្រើ​ប្រាស់ ​ក៏​ដូច​ជា​​ស្វែង​យល់​​ពី​សារ​​​នានា​​​នៅ​ក្នុង​បណ្តាញ​ផ្សព្វផ្សាយ​ ហើយ​ប្រើប្រាស់​វាក្នុង​ការ​ទំនាក់​ទំនង​គ្នា​ក្នុង​គោល​បំណង​អ្វីមួយ​។​

Q៖​​ តើ​អ្នកស្រី​យល់​យ៉ាង​ណា​ចំពោះ​ការ​យល់​ដឹង​ទៅ​លើ​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ប្រជាជន​ខ្មែរ​?​

A៖ ​តាម​​បទ​ពិសោធន៍​​ការងារ​​របស់​​បង​​កន្លង​​មក​​ឃើញថា​​អក្ខរ​កម្ម​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​សម្រាប់​​ប្រជាជន​​ខ្មែរ​​យើង​​​នៅ​​មាន​​​កម្រិត​​ច្រើន​។ ​​ប៉ុន្តែ​​បើ​​ប្រៀប​​ធៀប​​ពី​​កម្រិត​​ចំណេះ​​ដឹង​​របស់​​ប្រជាជន​​ដែល​​គាត់​​រស់​​​នៅ​​ក្នុង​​ទី​ប្រជុំជន ​​ឬ​​ទីក្រុង​​គឺ​គាត់​​មាន​​កម្រិត​​ខ្ពស់​​ជាង​​អ្នក​​ដែល​​រស់​នៅ​តាម​ជនបទ។ ​​ទោះបី​ជា​មាន​កម្រិត​រៀង​ខ្ពស់​ជាង​ក៏ដោយ ​ប៉ុន្តែ​បើសិន​ប្រៀបធៀប​ទៅ​ប្រទេសផ្សេងៗហើយ​និង​ការ​លូតលាស់​នៃ​បច្ចេកវិទ្យា​​នានា​​​ គឺ​គាត់​នៅ​តែមាន​​កម្រិតទាប​នៅ​ឡើយ​។​

Q៖ តើ​​អ្នកស្រី​​យល់​​ថា​​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​សំខាន់​​បែប​​ណា​​ខ្លះ​​ក្នុង​​​យុគសម័យ​​​បច្ចេក​​វិទ្យា​​ AI​​ ទំនើប​?​​ ហេតុអ្វី?​​

A៖​ អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​វា​​ជួយ​​អោយ​គាត់[​អ្នកប្រើប្រាស់]​​ស្វែង​​យល់​​ព័ត៌មាន​​​ក៏​​ដូច​​ជា​​បែង​ចែក​ថា​អ្វីអា​ច​​ទុក​ចិត្ត​​បាន​​ ប្រើប្រាស់​​វា​បាន​កម្រិត​​ណា​​។ ​​ឥឡូវ​​​បូក​​ថែម​​បច្ចេកវិទ្យា​A​I​ទៀ​ត​​ ​​អញ្ចឹង​​​វា​​រឹត​​តែ​​សំខាន់​​ថែម​ទៀត​ព្រោះ​ដោយ​សារ​បច្ចេកវិទ្យា​ ​AI​ ​នេះ​ជា​បច្ចេក​វិទ្យាដែល​មាន​សក្តា​នុ​ពល​ខ្លាំង​។​ ហើយ​ប្រសិន​ជា​​អ្នក​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សា​យហ្នឹង ​យើង​អត់​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់​យើង​អត់​យល់​ពី​ប្រយោជន៍​វាគ្រប់គ្រាន់ ​ឬក៏​អត់យល់​ពីហានិភ័យ​របស់​បច្ចេកវិទ្យា​ហ្នឹង​គ្រប់​គ្រាន់​ទេ​ យើង​អាច​ក្លាយ​ជា​ជន​រង​គ្រោះម្នាក់​ក្នុង​បច្ចេក​វិទ្យានេះ​។ មិ​ន​មែន​បាន​​ន័យ​​ថាវា​នៅ​លើ​អ៊ីន​ធឺណេត​​ យើង​​អ្នក​​ប្រើ​ប្រាស់​​នៅ​​ក្រៅ​​អត់​​បញ្ហា​​ទេ​​។ ​​វា​​មាន​​បញ្ហា​​ដូច​​គ្នាទៅនឹង​​​បញ្ហា​​នៅក្រៅ​​ដែរ ឧទាហរណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​អី​អញ្ជឹង​​ចុះ​ យើង​​​ធ្វើ​​ដំណើរ​​តាម​​ផ្លូវ​​យើង​​មាន​​បញ្ហា​​ច្រើន​​បើ​​សិន​​យើង​​អត់​​យល់​​ការ​​បើក​បរ​​ត្រឹមត្រូវ​​។ ចឹង​​ក៏​ដូចគ្នា​​ដែរ​ក្នុង​សម័យ​បច្ចេក​វិទ្យា​​AI​ នេះ​បើ​សិ​ន​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មាន​កម្រិត​គឺ​ងាយ​នឹង​រង​ហា​និ​ភ័យ ​និង​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​បច្ចេកវិទ្យា​ទំនើប​ហ្នឹង​​។

​Q​៖​ តើ​អ្នកស្រីយល់​ឃើញ​យ៉ាង​ណា​ចំពោះ​ការ​ប្រើប្រាស់​ AI​​ ​​ដើម្បី​បង្កើត​​ជា​រូបភាព​ ឬវីដេអូ​​​ផ្សព្វផ្សាយ​​លើ​​បណ្តាញ​​សង្គម​​នៅ​ប្រទេស​កម្ពុជា?​

A៖ ខ្ញុំ​សង្កេត​ឃើញ​ប្រជាជន​ខ្មែរ​ដែល​មាន​សមត្ថភាព​ប្រើប្រាស់​ AI​​​ ​មាន​សន្ទុះ​នៃ​ការ​ប្រើ​ AI​លឿន​មែនទែន​។ ​គាត់​មាន​ភាព​ច្នៃប្រឌិ​ត​ច្រើន​ គាត់​បង្កើត​នេះ​បង្កើតនោះ​ដែល​សម្រាប់​ពួក​គាត់​ចំណេញ​ពេលវេលា​ ចំណេញ​លុយ​កាក ​អត់​ចាំ​បាច់​ទៅ​ផលិត​ខ្លួន​ ឬ​ក៏​ឌីហ្សាញ​(Design)​​ខ្លួនឯង ប្រើ​តែ​AI​​​បង្កើត​អោយ​ពួកគាត់។ ​​វាមាន​ប្រយោជន៍​សម្រាប់គាត់​​ ងាយ​​ស្រួល ​​ចំណេញ​​​ពេល​​វេលា ​​​ថវិកា​អីចឹង​ទៅ។ ​​ដោយឡែ​ក​សម្រាប់​អ្នក​ដែល​គាត់​ទទួល​មាតិកា​បែប​ហ្នឹង​ ​បាន​ន័យថា​អ្នក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ ​ជាពិសេស​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ ​ប្រយោជន៍​របស់​គាត់​គឺ​ទទួល​បានអ្វី​ដែល​ថ្មី​ប្លែក​ភាព​ច្នៃ​ប្រ​ឌិ​តដូចគ្នា​។ ​​ក៏​​​​ប៉ុន្តែ​​ជាមួយ​​គ្នា​ វាក៏នឹង​មក​ជាមួយ​នឹង​ការ​ភាន់ច្រឡំនានាដែរ ដោយសារ​AI​​ហ្នឹង​​វាល្អ​ឥតខ្ចោះ​ពេក ​វា​ធ្វើ​អោយ​គាត់​បែង​ចែក​ថា​តើ​មាតិកាមួយ​ហ្នឹង​​វា​ពិត​អត់ ​វាមាន​កើតឡើង​នៅ​ខាងក្រៅ​មែន​អត់ ​ឬ​ក៏ជា​បច្ចេកវិទ្យាA​Iទេ​ បើសិន​គាត់​អត់ចេះ​ពី​វិធី​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​របស់​មាតិកា​​។​ ​មួយ​ទៀត​ ជា​ធម្មតា​គាត់​ប្រើប្រាស់A​I​​បង្កើត​អោយ​ ​បាន​ន័យ​ថា​វាលឿន​ចឹង​ បាន​​ន័យ​ថា​​ពីមុន​មួយ​ថ្ងៃគាត់​ធ្វើ​វីឌីអូ ​ឬ​edit​ ​កែ​រូប​កែ​អី​បាន​ត្រឹម​មួយឬ​ពីរ​ទេ​ក្នុង​ម្នាក់​ តែ​ឥឡូវ​ដោយ​សារ​មាន​AI​ មួយ​ថ្ងៃ​២០​​​ឬ​៣០​ក៏​ដោយ​ក៏គាត់​ធ្វើ​បាន​ដែល​អញ្ចឹង​បាន​ន័យ​ថា​មាតិកា​នៅលើ​​បណ្តាញ​សង្គម​ឬ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​វា​មាន​ច្រើន​មែន​ទែន ​ធ្វើអោយ​ពេល​ខ្លះ​បាត់​​មាតិកា​ដែល​មាន​ប្រយោជន៍ ​ឬ​ក៏​មាតិកាដែល​​ពួក​គាត់​ត្រូវ​ការ​ ចង់​បាន ​ឬស្វែង​រក​ចឹង​ បាន​ន័យ​ថា​ព័ត៌មាន​ច្រើន​ពេក​ដែល​ធ្វើ​អោយ​អ្នកប្រើប្រាស់​មាន​ផល​វិបាក​ក្នុង​ការ​ស្វែងរក​អ្វីដែល​គាត់​ត្រូវ​ការ។​

Q៖ តើ​ប្រជាជន​ខ្មែរ​គួរ​ធ្វើ​​បែប​ណា​​ ដើម្បី​ក្លាយ​​ជា​​អ្នក​​ចេះ​ប្រើ​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​​ក្នុង​​ពិភព​​ដែល​​ពេញ​​ដោយ​​ AI?​

A៖​ ​គាត់​ត្រូវ​ធ្វើ​ម្តេច​អោយ​ក្លាយ​ជា​អ្នក​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ដែល​សកម្ម​។ សកម្ម​នេះ​មិន​មែន​បាន​ន័យ​ថា​កាល​​មុន​ប្រើប្រាស់ក្នុង​មួយ​ថ្ងៃ ត្រឹម​តែ​ពីរ​ម៉ោង​ឬ​ក៏​មួយ​ម៉ោង​អី ​តែ​សកម្ម​មួយ​ថ្ងៃ​ម្ភៃ​ម៉ោង​អត់​ទេ​ណា​​។ សកម្ម​ក្នុង​ន័យ​ថា​ត្រូ​វ​តាម​ដាន​ស្វែង​យល់​អោយ​ទាន់​សភាព​ការ​ណ៍ បាន​ន័យ​ថា​យើង​មិន​បាច់​ស្វែង​យល់​ថា​តើ​សម័យ​បច្ចេក​វិទ្យា​ AI​ដូចម្តេច​ទេ​។ ​យើង​មិន​បាច់​ដល់​កម្រិត​ហ្នឹង​​ទេ​។​ យើង​គ្រាន់​តែតាម​អោយ​ដឹង​ថា​តើមាន​វិធីសាស្រ្ត​ណា​ខ្លះ​ដែល​យើង​អាច​បែង​ចែង​បាន​ថា​តើ​មាតិការមួយ​នេះ​ផលិត​ដោយ​បច្ចេកវិទ្យា ​AI​ មាតិការមួយ​នេះ​ជា​មាតិកា​ពិតប្រាកជដដែល​បង្កើត​ដោយ​មនុស្ស​ធម្មតា​មិនមែន​ជា​បច្ចេកវិទ្យា​ AI។​ ហើយ​មួយ​ទៀត​ដែល​សំខាន់​គឺ​គាត់​ធ្វើ​ម៉េចដឹង​​ថា​ តើព័ត៌មាន​មិន​ពិត​វា​បែប​ម៉េច ព្រោះថា​មែន​ទែន​ទៅតាម​ប្រព័ន្ធផ្សព្វផ្សាយ​ក៏​ដូច​ជា​បណ្តាញ​សង្គម​វា​មាន​ជា​trend​ [ទំនោរ] បាន​ន័យ​ថា​ពេល​ខ្លះ​ទៅ​ព្រឹក​នេះ​វា​ចេញ​រឿង(ក​)​អី​ អញ្ចឹង​យើង​ត្រូវ​មើលថា​​ជុំវិញ​ករណី​រឿង(ក)​ហ្នឹង​មាន​ព័ត៌មាន​ចំណុច​ណា​ខ្លះ​ផ្នែក​ណា​ខ្លះ​ដែល​ជា​ព័ត៌មាន​មិនពិត​។ ​ហើយ​មាតិកា​ណា​ខ្លះ​ទាក់ទង​ទៅ​នឹង​ករណី(ក)​​ដែល​បង្កើត​ដោយ​A​I​ គាត់​ត្រូវ​ព្យាយាម​ស្វែង​យល់​មុន​នឹង​គាត់​ចែករំលែក ​ឬ​មុន​នឹង​គាត់​យក​ទៅ​ប្រើប្រាស់​បន្ត ​គាត់​ត្រូវ​ស្វែង​យល់​ចំណុច​ទាំងនេះ ​ដើម្បី​ជៀស​វាង​ក្លាយ​ជា​អ្នកចែករំលែក​អ្វី​ដែល​មិន​ពិត។​

Q៖​ តើ​អ្នកស្រីយល់​​ថា​ស្ថា​ប័ន​ពាក់​ព័ន្ធ​ជា​ពិសេស​​រដ្ឋា​ភិបាល​គួរ​ធ្វើ​បែប​ណា​ដើម្បី​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ប្រជាជន​ខ្មែរ​ឱ្យ​យល់​ដឹង​ពី​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​?

​A៖ ខ្ញុំ​ឃើញ​មាន​ស្ថាប័ន​ច្រើន​ហើយដែល​ធ្វើ​នៅ​លើ​រឿង​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នេះ ​ដូច​ខាង​ក្រសួង​អប់រំ​គាត់​មាន​ធ្វើ​ជា​មាតិកា​នានា​​បង្ហោះ​នៅ​លើ​ទំព័រ​(ហ្វេសប៊ុក)​ពួក​គាត់​ទាក់​ទង​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ​ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ឃើញ​អត់​ទាន់​ទូលំ​ទូលាយ​នោះ​គឺ​ទាក់ទង​ទៅ​លើ​AI​ផ្ទាល់​តែ​ម្តង​ព្រោះ​AI​ហ្នឹង​​ថ្មី​ ហើយ​ទើប​តែ​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​។ ​ដោយ​សារ​ពី​ដំបូង​ គឺ​យើង​អត់​ប្រើ​ប្រាស់​បាន​នៅ​ស្រុក​ខ្មែរ​។​ ចឹង​ទើប​មួយ​រយៈ​ក្រោយ​មក​ទើប​យើង​ប្រើប្រាស់​ដោយ​ទូលំ​ទូលាយ​នៅ​ស្រុកខ្មែ​រ​។ ​ចឹង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស​ស្ថាប័ន​កំពូល​របស់​រដ្ឋ​ ស្ថា​ប័ន​មាន​សមត្ថកិច្ច​របស់​រដ្ឋ គាត់​គួរ​តែ​ព្យាយាម​បង្កើត​​មាតិកា ក៏​ដូចជា​ការបណ្តុះបណ្តាល​នានា ​វិធីសាស្ត្រ​​អ្វី​ក៏​ដោយ​ដើម្បី​ធ្វើអោយ​ប្រជាពលរដ្ឋ​ដែល​គាត់​កំពុង​តែ​ប្រើប្រាស់​បច្ចេកវិទ្យា​អស់​ហ្នឹង ​ឬ​ក៏​ទទួល​រង​ឥទ្ធិ​ពល​បច្ចេក​វិទ្យា ​គាត់​ស្វែង​យល់​បាន​បន្ថែម​ទៀត​ថាតើAI​ផ្តល់​ផល​ប្រយោជន៍​អី​ខ្លះ​ដែល​គាត់​ទាញ​យក​បាន ​ថា​តើ​វា​មាន​ផល​ប៉ះ​ពាល់​អី​គេ​ខ្លះ​បើ​សិន​ជា​គាត់​ប្រើប្រាស់​មិន​ត្រឹម​ត្រូវ។​ ចឹង​បើសិន​ជា​មាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ការ​បណ្តុះបណ្តាល​មាន​ច្រើន ​អ្នក​ប្រើប្រាស់​យល់​ច្រើន​អត់​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ប្រយោជន៍​សាធារណៈ​ ឬ​ប្រយោជន៍​អ្នកដទៃ។ ​ខ្ញុំ​លើកឧទាហរណ៍​ករណី​នេះ​មិនមែន​ជាករណី​នៅ​ស្រុកខ្មែរ​យើង​ទេ ​ប៉ុន្តែ​ជា​ករណី​នៅ​អាមេរិកតារា​ចម្រៀង​​Pop​(ផប់)​T​aylor​​​swift​​(ថេឡឺស្វីស)​​ គាត់​តារា​ចម្រៀង​ល្បី។​ មាន​​គេ​ប្រើ​បច្ចេកវិទ្យា ​AI​​កាត់ត​រូប​គាត់​អោយ​ទៅ​ក្លាយ​ជា​រូប​អាស​អាភាស​ក្នុង​គោល​បំណង​អ្វី​យើង​អត់​ដឹង​ទេ​ព្រោះ​គាត់​ល្បី​ ចឹង​យើង​ដឹង​ហើយ​មាន​អ្នក​តាម​យាយីគា​ត់​​ដោយការបង្ហោះ​ផ្សព្វផ្សាយ ​ចឹង​យើង​ឃើញ​ថា​ប៉ះពាល់​ដល់​កត្តិយស​គាត់។ ​រូប​AI​​ បើសិន​យើង​អត់​ចេះ​មើល​វា​ដូច​មែន​ទែន​។​ រឿង​នេះឈាន​ទៅ​ដល់​ថ្នាក់​គាត់​រក​ដាក់​ពាក្យ​បណ្តឹង ​ប៉ុន្តែ​ខ្ញុំអត់​បាន​តាមដាន​បន្ថែម​ដល់​កម្រិត​ណា។​ ចឹង​ត្រឡប់​មកវិញ​​ គាត់​អ្នក​ល្បី​គាត់​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គាត់។ គាត់​មាន​ក្រុម​ការងារ​របស់​គាត់​ ចុះ​សម្រាប់​យើង​ដែល​ជា​អ្នក​ធម្មតា​ជា​ប្រជាពលរដ្ឋ​ ជាយុវជន​លេងអ៊ីន​ធឺ​​ណេតធម្មតា ​ថា​តើ​បើ​សិន​ជា​មាន​អ្នក​ណា​ម្នាក់​ធ្វើ​បែប​នេះ​ដាក់​យើង​ ថា​តើ​យើង​គួរ​ទៅ​រក​ជំនួយ​ពី​កន្លែង​ណា ​យើង​ត្រូវ​ធ្វើ​បែប​ម៉េច​ដើម្បី​ស្តា​រ​កត្តិយស ​ឬ​ក៏​ការពារ​សុវត្ថិភាព។​ ចឹង​ចំណុច​នេះដែល​សម្រាប់​អាជ្ញាធរ​មាន​សមត្ថឮកិច្ច​គាត់គួរ​តែ​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​ប​​​ន្ថែម​ទៀត​ថា​តើបើ​មា​ន​រឿងនឹ​ង​កើត​ឡើង​សម្រាប់ករណី​យើង​នៅស្រុក​ខ្មែរ​ តើ​គាត់​អាច​ទៅរក​ជំនួយ​ផ្នែកផ្លូវច្បាប់​ ឬ​ក៏​ជំនួយ​ផ្នែកបច្ចេកទេស​ពី​ស្ថាប័ន​ឬ​ក៏អ្នកណាបាន​ខ្លះ។​

Q៖​ តើ​អ្នកស្រី​រំពឹង​​ថា​​វិស័យ​ AI​ ​​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃអនាគត​នឹង​ទៅ​ជា​យ៉ាង​ណា?​

A៖   ​ខ្ញុំគិតថា​បើសិ​ន​ជា​ទាំងអស់គ្នាយើង​ចូលរួម​ស្វែង​យល់​ក៏​ដូចជា​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​ក្រម​សីលធម៌ ​ខ្ញុំ​គិត​ថា​វា​នឹង​ជួយ​និង​ក្លាយជំនួយ​ដល់​ការ​ប្រកប​ការងារ​ក៏​ដូច​ជាការ​សិក្សា​ស្វែង​យល់​របស់​ប្រជាជន​ខ្មែរ​បាន​ច្រើន​មែនទែន ​ហើយ​បច្ចេកវិទ្យា​ AI​​ នេះវា​នឹង​កាន់​តែវិវត្តន៍​ខ្លាំង​ទៅៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។​ ប៉ុន្តែ​ផ្ទុយ​មក​វិញ ​បើ​សិន​ជាមិនមានការ​ផ្សព្វផ្សាយ​គ្រប់​គ្រាន់ ​មិន​មាន​ការ​ស្វែង​យល់​ត្រឹម​ត្រូវ​អ្នក​ដែល​ប្រើប្រាស់​គាត់​មិន​បាន​គិត​ដល់​ក្រមសីលធម៌​ ឬ​ក៏​សន្តិសុខ​សុវត្ថិភាព​របស់​អ្នក​ដទៃ ​ប្រយោជន៍​សារធារណៈ​អីទេ​ គាត់​គិត​តែ​ប្រយោជន៍​របស់​ខ្លួន​ឯង ​វា​អាច​នឹង​ក្លាយទៅ​ជា​រឿង​មួយ​ដែល​មាន​បញ្ហា ក៏​ដូ​ចជា​​បង្ក​ហានិភ័យ​ច្រើន​​សម្រាប់​ទស្សនិក​ជន​របស់​គាត់៕​

[កិច្ចសម្ភាសនេះ ត្រូវបានកែសម្រួលនិងតម្រឹម ដើម្បីប្រសិទ្ធិភាពនិងគុណភាពនៃអត្ថបទ]

ក្រុមយុវជនថា អាជ្ញាធរខេត្តរតនគិរី តាមឃ្លាំមើល​និងសួរនាំ​​ខណៈពួកគេចុះ​ទៅមើលព្រំដែន​កម្ពុជា-វៀតណាម

ក្រុមយុវជន និងព្រះសង្ឃ បាន​លើកឡើងថា អាជ្ញាធរខេត្ត​រតនគិរី ​បានតាមឃ្លាំមើល​ សាកសួរ និងសុំអត្តសញ្ញាណរបស់ពួកគេ នៅពេល​ដែល​​​​​ចុះទៅ​សហគមន៍ និង​ទស្សនកិច្ចមើលព្រំដែន កម្ពុជា-វៀតណាម​ ដោយពួកគេចាត់ទុកករណីនេះថាជាការរិតត្បិតសិទ្ធិសេរីភាព​របស់ពលរដ្ឋ។​

ព្រះតេជគុណ ធូ រ៉ាឃីម គង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ ដែលបានទៅទស្សនកិច្ចពនៅខេត្តរតនៈគិរី មានសង្ឃដីកានៅថ្ងៃទី០២ ខែឧសភានេះថា ក្រុមយុវជន និងព្រះសង្ឃ ប្រមាណ ៣០អង្គ/នាក់ បាន​ចុះ​ទៅសហគមន៍ និង​ធ្វើ​ទស្សនកិច្ច​​នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុង​ភូមិ​សាស្ត្រស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ហើយ​នៅ​ពេលដែលព្រះអង្គ និងយុវជនផ្សេងទៀត បាន​និមន្តទៅដល់នៅថ្ងៃទី៣០ ខែមេសានោះ គឺមានអាជ្ញាធរមកសួរនាំ និង​សាកសួរអំពីព័ត៌មានផ្ទាល់ខ្លួនជាដើម។

ព្រះតេជគុណមានសង្ឃ​ដីកាថា៖ «ក្រុមអាជ្ញាធរបានមកសួរនាំ ចង់ឱ្យយើងទៅវិញទៀតផង។ គាត់មិនចង់ឱ្យចូល[ទៅសហគមន៍​ដែលនៅ​កៀក​ខ្សែបន្ទាត់ព្រំដែន​]។ […] ការឃាត់នេះ គឺជាការរឹតត្បិតមួយ សេរីភាពរបស់ពួកយើងមានការដើរហើរ ដូចជាក្នុងច្បាប់បានចែងថាប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិដើរហើរនៅប្រទេសកម្ពុជា មានសិទ្ធិជួបជុំផ្សេងៗ បែរជាមិនដល់ ៣០នាក់ផង ត្រឹមតែ២៧នាក់ បែរជារឹតត្បិត ត្រូវ​សុំ​ការ​អនុញ្ញាត ជូនដំណឹងមុន។ ខាង​សហគមន៍យើងជូនដំណឹងមុនហើយ ប៉ុន្តែគាត់មិនឯកភាព រកពាក្យដោះសារចង់ឱ្យយើងចេញពីកន្លែងហ្នឹង ប៉ុន្តែយើងនៅតែជំនះទៅទាល់តែបាន»។

លោក លឹម ស៊ីវម៉េង ជានិសិ្សតឆ្នាំទី២ ផ្នែកព័ត៌មានវិទ្យា​នៅសកលវិទ្យា​ល័យ​មួយក្នុងរាជធានីភ្នំពេញ ដែលបានចុះទៅទស្សនកិច្ចសិក្សានៅខេត្តរតនៈគិរីផងដែរនោះ បានឱ្យដឹងថា កាល​ដែលពួកគេ​ទៅ​នេះ ព្រោះ​ចង់ស្វែងយល់អំពីទំនៀមទម្លាប់​ជនជាតិដើមភាគតិចចារ៉ាយ នៅ​ខេត្ត​រតនៈគិរី និងចង់សិក្សាអំពីតំបន់ត្រីកោណ រវាងកម្ពុជា ឡាវ និង​វៀត​ណាម។ លោកថា ពេលដែលលោកទៅទស្សនៈកិច្ច បែរជាមានការគំរាមគំហែងពីសំណាក់អាជ្ញាធរទៅវិញ។

លោកនិយាយ​ថា៖ «អាជ្ញាធរមិនបានឃាត់ខ្លួនទេ តែទាក់ទងនឹងការគំរាមកំហែង​ដោយសួរម្តង​ហើយ​ម្តង​ទៀត គាត់បាន​ដាក់​សំណួរមកកាន់ក្រុមយុវជនថា មិនបានផ្តល់ព័ត៌មានឱ្យ​ខាង​គាត់[អាជ្ញាធរ]ជាក់លាក់ និងអត់បានសុំការអនុញាត ថាយើងមក អត់មានលិខិតស្នាម»។

តាមរយៈការចុះទស្សនកិច្ចនេះដែរ លោកសំណូមពរឱ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជួយផ្សព្វ​ផ្សាយ​ព័ត៌មាន​បន្ថែម​ដែលពាក់ព័ន្ធនឹង​បញ្ហាព្រំដែនឱ្យ​ពលរដ្ឋគ្រប់រូប​បាន​ដឹង និងចាប់អារម្មណ៍ ព្រោះ​ប្រជាពលរដ្ឋ​ដែលរស់នៅតំបន់ជាប់ព្រំដែនភាគច្រើន មិនបានដឹងថា​បង្គោលព្រំដែនរវាង​កម្ពុជា និងវៀតណាម​នៅចំណុច​ណា។

ស្រដៀងគ្នានេះដែរ លោក អាន ផង់ ជានិស្សិតរៀនជំនាញសង្គមវិទ្យា នៅរាជធានីភ្នំពេញ សង្កេត​​ឃើញ​ថា តាមរយៈការសួរនាំប្រជាពលរដ្ឋ​នៅក្នុងតំបន់ គឺ​​ពួកគាត់​មិនបានដឹងទេថា ពួកគាត់រស់នៅ​ជិត​បង្គោល​ព្រំដែន​លេខ​២៧ ព្រោះនៅចំណុចបង្គោលព្រំនោះហ៊ុំព័ទ្ធដោយ​​ព្រៃ និងពុំទាន់រៀបចំបាន​រៀបរាយនៅឡើយ ខណៈ​បង្គោល​ព្រំដែន​ខាងប្រទេស​វៀត​ណាម មានរៀបចំជា​សួន​ច្បារ មាន​ធុងសំរាម​ ប៉ុស្តិ៍យាម​ និង​មានរនាំងសម្រាប់ផ្លូវចេញចូល។

លោកមានប្រសាសន៍ថា៖ «ពួកខ្ញុំបានសង្កេតឃើញមានការកាប់ឆ្ការតែបន្តិចទេ ហើយខាងច្រករតនៈគីរី​ជាមួយវៀតណាហ្នឹង ខ្ញុំមើលឃើញថា ខុសប្លែកគ្នា គឺបង្គោល​ខាង​គេ​ដែល​មាន​ដូច​ជាប៉ោម​ធំមួយ​សម្រាប់មើល មានសួនច្បារ មានធុងសម្រាម មានប៉ុស្តិ៍ហើយមាន រនាំង​ជិត​ផ្លូវសម្រាប់​មើល​ទំនិញ និងពលរដ្ឋចេញចូល តែមកមើលខាងព្រំដែនកម្ពុជាយើងវិញ ហាក់បីដូចជាអត់​សូវរៀបចំបានរៀបរយ»។

ទាក់ទិននឹងករណីនេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនៈគិរី បានបដិសេធចំពោះការ​លើកឡើ​ងរបស់​ក្រុមយុវជន ដែលថាអាជ្ញាធរ​បានឃ្លាំមើល និងហាមឃាត់ពួកគេ​ចុះពិនិត្យនៅ​តំបន់ព្រំដែន។ តែយ៉ាងណា លោកនៅតែបង្ហាញពីការ​​ស្វាគមន៍ចំពោះ​ក្រុមយុវជន និងពលរដ្ឋដែល​មាន​ចិត្តចង់ចេះ​ចង់ដឹង និងចង់ស្គាល់​ពីតំបន់​​ព្រំដែនរវាង​​កម្ពុជា-វៀតណាម ខណៈ​កម្ពុជា និង​វៀតណាម បាន​​កំណត់​​​និងរៀបចំ​ព្រំដែន​ច្បាស់លាស់។

លោកថ្លែងថា៖ «មិនត្រឹមត្រូវទេ! ហេតុអី ព្រោះអាជ្ញាធរបានជម្រាបមកខ្ញុំថា មានពលរដ្ឋជិត៣០នាក់ រួមទាំងព្រះសង្ឃដែរ ខ្ញុំក៏ថាអញ្ចឹង​ជួយមើល​ការខុសត្រូវ កុំឱ្យលោកមានបញ្ហាអ្វីកើតឡើង ការពារពួកគាត់។ គាំទ្រ បើគាត់ចង់ទៅណាជូនគាត់​ទៅមើលទៅ អត់មានហាមឃាត់ទេ»។

លោកបន្តថា៖ «ប្រជាពលរដ្ឋនៅតាមព្រំដែនមិនមែនគាត់មិនស្គាល់ទេ ប៉ុន្តែក៏អាចមានចន្លោះប្រហោងដែរ អ្នកខ្លះនៅឆ្ងាយបួនដប់គីឡូ គាត់មិនដែលទៅក៏ថាបានដែរ តែជាទូទៅប្រជាពលរដ្ឋយើងស្គាល់»

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត លើកឡើងថា បើតាមរដ្ឋធម្មនុញ្ញ សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និង​កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និង​សិទ្ធិនយោបាយ គឺ​ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិដើរហើរដោយសេរី ដោយមិនមានការហាមឃាត់ ឬរំខាន​ពីអាជ្ញាធរឡើយ បើពួកគេមិនបានប្រព្រឹត្តបទល្មើសណាមួយដែលច្បាប់​ហាម​ឃាត់។

លោកយល់ថា ការសួរនាំព័ត៌មានផ្ទាល់ខ្លួន ការតាមឃ្លាំមើលសកម្មភាពយុវជនទាំងនោះ ជាការរឹតត្បិតសេរីភាព ការបំភិតបំភ័យ ការគំរាមកំហែង និងការរំខានដល់ការដើរហើររបស់ពួកគេ។

លោក​មានប្រសាសន៍ថា៖ «ក្នុងនាមពលរដ្ឋមានសិទ្ធិចង់ស្គាល់ និងមើលព្រំដែន មិនមានច្បាប់ហាមឃាត់ទេ កុំឱ្យតែពួក​គាត់ប្រព្រឹត្តអ្វីខុសពីច្បាប់ ព្រោះរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដែលកម្ពុជាទទួលស្គាល់ បានធានានូវសិទ្ធិទាំងអស់នេះរបស់ពលរដ្ឋ។ ការហាមឃាត់ ការសួរនាំព័ត៌មានផ្ទាល់ខ្លួន​លើយុវជន គឺមកពីអាជ្ញាធរទាំងនោះ ព្រួយបារម្ភហួសហេតុ និងមិនយល់ពីសិទ្ធិរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលនាំឱ្យទង្វើរបស់អាជ្ញាធរមួយចំនួនក្លាយជាការរឹតត្បិត និងរំលោភសិទ្ធិលើពលរដ្ឋទៅវិញ»។

ករណីនេះ លោក អំ សំអាត យល់ថា អាជ្ញាធរគួរតែបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ក្រុម​យុវជន ជាពិសេសគោរពសិទ្ធិដើរហើររបស់ពួកគេ បើពួកគាត់មិនបានប្រព្រឹត្តអ្វីដែលច្បាប់ហាមឃាត់ ជាពិសេសរបស់ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្គាល់នូវព្រំដែននៃប្រទេសរបស់ខ្លួន៕

សហជីពស្នើឱ្យ​មានការធ្វើវិសោធនកម្ម​ច្បាប់សហជីព ដើម្បីសម្រួលការអនុវត្តសិទ្ធិជាមូលដ្ឋានក្នុង​ការបំពេញ​ការ​ងារ

ក្រុមអង្គការសង្គមស៊ីវិល តំណាង​សហជីព និង​សមាគមដែលធ្វើការ​ក្នុងវិស័យការងារ ស្នើក្រសួងការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពន្លឿនការដោះស្រាយសំណើររួមរបស់ស​ហជីព​ ដែល​បាន​ដាក់​ជូនកន្លង​មក និង​ពិនិត្យលើលទ្ធភាពលើការ​ធ្វើ​​​វិសោធនកម្មច្បាប់​សហជីព ដែលជាឧបសគ្គដល់ការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីព និងសមាគម។

ការស្នើបែបនេះ​ ធ្វើឡើងតាមរយៈការប្រមូលផ្តុំ​ដាក់ញត្តិរបស់ក្រុមអង្គការ​សង្គមស៊ីវិល តំណាងសហជីព និងសមាគម រួមទាំងយុវជនប្រមាណ ១០០នាក់ នៅទីស្តីការក្រសួងការងារ នា​​ថ្ងៃប្រារព្ធ​​ទិវាពលកម្មអន្តរជាតិលើកទី១៣៨ នា​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «អនុវត្តសេរីភាពមូលដ្ឋានដើម្បីយុត្តិធម៌សង្គម»​។

នៅក្នុងញត្តិនោះ ក្រុមសហជីព និងសង្គមស៊ីវិល បានបង្ហាញពីតម្រូវការចាំបាច់នានារបស់កម្មករគ្រប់វិស័យ​ដល់រដ្ឋាភិបាល ក្នុងការធានាឱ្យមានការគោរពសិទ្ធិការងារ និងសិទ្ធិពលរដ្ឋ ដែលជាសេចក្តីត្រូវការ​អទិភាពរបស់កម្មករដើម្បីដាក់ជូនភាគីពាក់ព័ន្ធ។ ញត្តិដដែលនោះ ក៏បានជំរុញឱ្យ​រាជរដ្ឋាភិបាលបង្កើនការទទួលខុសត្រូវចំពោះកម្មករ ដែលជាចលករក្នុងការរុញច្រានសេដ្ឋកិច្ច ជាពិសេសក្រសួងការងារដោះស្រាយនូវក្តីកង្វល់របស់កម្មករនិយោជិកឱ្យមានប្រសិទ្ធិភាព។

ក្រៅពីនោះ ក្នុងញត្តិដដែល ក៏បានស្នើដល់​ក្រសួង ពិនិត្យលើលទ្ធភាពលើការ​ធ្វើ​​​វិសោធនកម្មច្បាប់​សហជីព ដែលជាឧបសគ្គដល់ការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីព និងសមាគម​ក្នុងពេល​ពួកគេ​បំពេញការងារ​។

លោស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ថ្លែង​នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះថា ច្បាប់ស្តីពីសហជីពនេះ មានការប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញសំឡេង​របស់កម្មករនិយោជិត ជាពិសេស​នៅក្នុងសហគ្រាសតូចៗ។

លោកស្រីថា៖​ «មែនទែនទៅ ច្បាប់ហ្នឹងវាបំបិតសំឡេង​កម្មករនៅក្នុងវិស័យតូចៗ ខ្ញុំអាចនិយាយបានថា ដោយសារតែច្បាប់ហ្នឹងតម្រូវឱ្យ​មានកម្មករ ១០នាក់ នៅក្នុងការបង្កើតសហជីព។ […] ចឹងយើងមើលនៅក្នុងវិស័យសេវាកម្មភាគច្រើន ហើយនិងវិស័យសេវាកម្មដែលត្រូវបានគេជួលនៅក្នុងឧស្សាហកម្មតូចៗ គាត់មិនមានជួលកម្មករដល់១០នាក់ទេ ចឹងអត់អ្នកណាគេចុះពិនិត្យកន្លែងពួកគាត់ទេ ហើយ​ធ្វើឱ្យ​ពួកគាត់ហ្នឹង បាត់បង់នូវសិទ្ធិក្នុងការទាមទារ ដោយអ្វីគ្រប់យ៉ាង គឺអនុម័តដោយនិយោជកទាំងអស់»។

លោកស្រី អ៊ូ ទេពផល្លីន ក៏បាន​លើកឡើង​​ពីការលំបាកនៅក្នុងការចុះបញ្ជីសហជីព​ផងដែរ ដែលថាមានភាពស្មុគស្មាញ និងមានឧបសគ្គច្រើន ដែលជាហេតុនាំឱ្យ​​សហជីពខ្លះបោះបង់ការចុះបញ្ជីចោល។ ជាមួយគ្នានេះដែរ លោកស្រី​ថា រាល់ពេលដែលមានវិវាទកើតឡើងម្តងៗ គឺមិនដែលបានយកទៅដល់ដៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដូចអ្វីដែលក្រសួងបានលើកឡើងនោះទេ។

លោក​ស្រីអះអាងថា៖ «វិវាទការងារត្រូវបានដាក់រកការដោះស្រាយរបស់ក្រសួង តែនៅពេលដែលមានវិវាទកើតឡើង គឺអត់ដែលបានយករឿងទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលទេ គឺរឿងហ្នឹងត្រូវបានបញ្ជូនទៅតុលាការ ដែលកម្មករយើងអត់មានលទ្ធភាពទៅដោះស្រាយតាមនីតិវិធីរបស់តុលាការ ព្រោះយើងត្រូវបង់លុយ»។

លោកស្រី​ ផល្លីន បានទទូចឱ្យ​​មានការធ្វើវិសោធនកម្ម​ច្បាប់​សហជីព ត្រង់​មាត្រា​មួយចំនួន ក្នុង​នោះ​លោកស្រីស្នើ​ឱ្យ​ការចងក្រងសហជីព គឺមិនចាំបាច់កំណត់ចំនួនទេ ដើម្បីឱ្យ​កម្មករដែលមានគ្នាតិច អាច​មានឱកាសបញ្ចញសំឡេងដោយស្មើភាព។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មាន​ប្រសាសន៍ថា ក្រសួង បាន​ទទួល​ញត្តិ​ពីក្រុម​តំណាង​​សហជីព និង​អង្គការសង្គមស៊ីវិលរួចហើយ ហើយ​​ក្រសួងនឹងពិនិត្យអ្វីដែល​ជាការលើកឡើងរបស់ពួកគេ​។

តែយ៉ាងណា លោក​​សង្កត់ធ្ងន់ថា កន្លងមក រាជរដ្ឋាភិបាល ក៏ធ្លាប់​បាន​​ធ្វើវិសោធនកម្មច្បាប់សហជីព និងច្បាប់ការងារ ដែល​មានគោលដៅធានាផលប្រយោជន៍ និងសិទ្ធិរបស់កម្មការនិយោជិត និយោជក និងសេរីភាពសហជីព ព្រមទាំងបង្កភាពងាយស្រួលក្នុងការចុះបញ្ចីកា និងការប្រព្រឹត្តទៅរបស់សហជីព។

លោកថា៖ «កន្លងមកនេះ​ រាជរដ្ឋាភិបាលបានទទួលអំពីអនុសាសន៍មួយចំនួនរបស់សហជីព ក៏ដូចជាអង្គការសង្គមស៊ីវិល លើការធ្វើវិសោធនកម្មច្បាប់ការងារ ក៏ដូចជាច្បាប់សហជីព។ […] រដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ទាំង២នេះ ជាច្រើនមកហើយ ការធ្វើ​វិសោធនកម្មច្បាប់ទាំង២នេះ គឺ​ក្នុង​ការធានា​ផល​ប្រយោជន៍ និងសិទ្ធិរបស់និយោជិត និយោជក ក៏ដូចជាសេរីភាពសហជីព ព្រមទាំងបង្កភាពងាយស្រួលនៅក្នុងការចុះបញ្ជី ការប្រព្រឹត្តិទៅរបស់សហជីព។ […] ចឹងហើយបានយើងឃើញថា សព្វថ្ងៃនេះ យើងមានសហជីពជាង ៦ ០០០ ហើយបើយើងប្រៀបធៀប ទៅនឹងប្រជាជន ១៧លាននាក់ ចំនួនសហជីពនេះវាច្រើនណាស់ វាច្រើននេះ ដោយសារភាពងាយស្រួលនៅក្នុងការចុះបញ្ជីការសហជីព»។

បើតាម លោក កត្តា អ៊ន ច្បាប់សហជីពរបស់កម្ពុជា ផ្តល់លក្ខខណ្ឌបង្កើតសហជីព ដោយ​តម្រូវឱ្យ​​មាន​កម្មករនិយោ​ជិត ១០នាក់ គឺល្អប្រសើរជាងនៅ​បណ្តាប្រទេសមួយចំនួន និងអនុសាសន៍របស់អង្គការ ILO ដែល​តម្រូវឱ្យ​មានកម្មករនិយោជិក ៥០នាក់ ខណៈប្រទេស​អូស្ត្រាលី ហ្វីលីពីន និង​បង់ក្លាដែស​ជាដើម​ តម្រូវឱ្យ​មានកម្មករនិយោជិត ៥០នាក់ ឬ២០ទៅ​៣០%។

ទោះជាយ៉ាងនេះក្តី កាលពីពេលថ្មីៗនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រសួងការងារ ដោយថាការដោះស្រាយវិវាទការងារនៅត្រីមាសទី១ ដើមឆ្នាំនេះ មានកើនឡើង​ខ្ពស់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែល​នេះជា​សញ្ញាវិជ្ជមាន​មួយ​ និងជា​ការវិវឌ្ឍដោយភាពជឿជាក់ និងភាព​ចាស់ទុំពីគ្រប់ភាគី​ដែលបានចូលរួមដោះស្រាយវិវាទការ​ងារ​​​ដោយ​ការ​គោរពច្បាប់។

គួរឱ្យ​ដឹងផងដែរថា អត្រា​ផ្សះផ្សា​​វិវាទ​​​​នៅ​កម្រិត​ក្រសួង ​បាន​​កើនឡើង​ដល់ ៨៤% សម្រាប់​​ត្រីមាស​​ទី១​ ឆ្នាំ២០២៤ បើ​ប្រៀបធៀប​​នឹង​​រ​យៈ​ពេល​​ដូចគ្នា ​កាលពី​​ឆ្នាំមុន ​មាន​ត្រឹមតែ ៧៦%ប៉ុណ្ណោះ៕​

តុលាការខេត្តសៀមរាបសម្រេចចោទប្រកាន់អ្នកស្រី រ៉េត សុធីដា និងចេញដីកាឱ្យឃុំខ្លួនបណ្តោះអាសន្ន

តុលាការខេត្តសៀមរាបសម្រេចចោទប្រកាន់ស្រ្តីម្នាក់ពាក់ព័ន្ធការវិនិយោគលុយបានការប្រាក់ខ្ពស់ និង​ចេ​​ញ​​ដីកាឱ្យឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្ត នៅបន្ទាបពីនគរបាលយុត្តិធម៌ចាប់ខ្លួនបាន។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាម បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះថាជនត្រូវចោទឈ្មោះ រ៉េត សុធីដា ត្រូវបានចៅក្របស៊ើបសួ​រចេញ​ដីកាបញ្ជូ​នឱ្យឃុំ​​ខ្លួ​​ន​បណ្តោះអាសន្នហើយ ក្រោយពីសួរចម្លើយរួចរាល់។ជាងនេះទៀត ក្រោយពី​ស្តាប់ច​​ម្លើ​យ​​សា​​រ​​ភា​​ព ពិនិត្យលើអង្គហេតុ និងអង្គច្បាប់ ចៅក្របស៊ើបសួរយល់ឃើញថា អ្នកស្រី រ៉េត សុធីដា មិនមែន​​ជា​​រង​គ្រោះ​​ដោយការវិនិយោគលុយជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ ទេ។ផ្ទុយទៅវិញ តុលាការរកឃើញថា ជនត្រូវចោទបានប្រព្រឹត្តបទល្មើស តាមរយៈការកៀរគរអ្នកដទៃដើម្បីដាក់ប្រាក់ ហើយខ្លួនក៏ទទួល​​បានផ​​ល​​ប្រយោជន៍ពីការវិនិយោគនេះដែរ។

ប្រភពបន្តថា៖«ក្រោយពីបានសួរចម្លើយជនត្រូវចោទឈ្មោះ រ៉េត សុធីដា រួចមក និងបានពិនិត្យ​​លើភស្តុ​តាង​ក្នុងសំណុំរឿងព្រមទាំងពិចារណាលើអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ​ ចៅក្រមស៊ើប​សួរបាន​ស​​ម្រេ​​​ច​​ឃុំខ្លួនជនត្រូវចោទខាងលើបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បី​បន្ត​​កា​រ​​ស៊ើបអង្កេតតាមនីតិវិធីច្បាប់ »។

អ្នកស្រី រ៉េត សុធីដា ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ចាប់ខ្លួន កាលពីថ្ងៃទី១ ខែឧសភា នៅក្នុងហាង​​អា​​ហា​​រ​​ដ្ឋា​នមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ។ក្រោយចាប់ខ្លួនបាន ជនត្រូវចោទត្រូវបានបញ្ជូនខ្លួនភ្លាមៗ ទៅ​ខេត្តសៀមវិញ មុននឹងចៅក្របស៊ើបសួរ នៃសាលាដំបូងខេត្តនេះ សម្រេចចោទប្រកាន់អ្នក​ស្រីពីបទ​«ឆបោ​​​ក​មានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង »តាមបញ្ញត្តិមាត្រា៣៧៧ និងបញ្ញត្តិមាត្រា៣៨០ នៃ​​ក្រ​មព្រហ្មទណ្ឌ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅថ្ងៃនេះ បង្ហាញថា យោ​ង​​ចម្លើយសារភាពរបស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា នៅចំពោះមុខចៅក្រមស៊ើបសួរ គឺឈ្មោះ រ៉េត សុ​​ធីដា នេះក៏មាន​​ជាប់​​ពាក់​ព័ន្ធ​​នឹ​​ង​​គ​ម្រោង នៃការឆបោកលុយពីពលរដ្ឋរបស់ក្រុមហ៊ុន «ប្រ៊ីនលាន ស៊ីធីវើល​​​» ​នេះដូចគ្នាដែរ។

បន្ថែមលើសេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តសៀមរាមនេះ។អ្នកនាំពាក្យរបស់​តុលាការ​​​ថ្នាក់​ទា​​បមួយនេះ គឺលោក យិន ស្រាង បានប្រាប់គេហទំព័រ Newsroom Cambodia ដោយខ្លីនៅថ្ងៃនេះថា តុលា​កា​​​​រនឹងមិនបកស្រាយអ្វីវែងឆ្ងាយទេ​ ជុំវិញសំណុំរឿងព្រហ្មទណ្ឌមួយនេះ។ក្នុងន័យនេះ តុលាការនឹ​​ងកា​រ​​ប​​ក​​​​ស្រាយលម្អិតនៅក្នុងនីតិវិធីរបស់ខ្លួនដាច់ដោយឡែកមួយ។

 លោកបន្តថា៖ «សូមរង់ចាំមើលសេចក្តីប្រកាសព័ត៌មានថ្មីៗទៀត។ អរគុណ»

ផ្ទុយពីការរកឃើញដោយតុលាការនេះ លោក ពៅ សុភ័ណ្ឌ ដែលអះអាងថាជាមនុស្សស្គាល់​​គ្នានិងជន​​ត្រូវ​​ចោ​ទឈ្មោះ រ៉េត សុធីដា ថ្លែងការពារថា ទាំងរូបលោក និងជនត្រូវចោទគឺសុទ្ធតែជាអ្ន​ករងគ្រោះដោយ​​​ក្រុម​ហ៊ុ​​ន ប្រ៊ីលាន ស៊ីធីវើលដ៍ ដូចគ្នា។មិនតែប៉ុណ្ណោះ ការចោទប្រកាន់បែបនេះប្រឆាំងពួកគេ គឺមិនសមហេ​តុផ​​ល​​ឡើយ ព្រោះមិនមែនជាអ្នកដែលរួមចំណែកក្នុងការប្រព្រឹត្តបទល្មើសទេ។

លោកបន្តថា៖«ចំពោះខ្ញុំដែលជាជនរងគ្រោះពិតប្រាកដនេះទទួលចោលអត់បានទេ ព្រោះខ្ញុំនេះជាជនរងគ្រោះហើយទទួលរងនូវការចោទប្រកាន់លើប្អូនស្រី ធីដា នោះ ខ្ញុំក៏មិនដឹងយ៉ាងណាដែរការចោទប្រកាន់ទៅលើប្អូនស្រីធីដា នេះ ប៉ុន្តែសំរាប់ខ្ញុំជាជនរងគ្រោះមួយរូបដែលបានចាញ់បោកក្រុមហ៊ុន​ ប្រ៊ីលាន ស៊ីធី ខ្ញុំមានការខ្លោចចិត្តអាណិតមែនទែន »។

ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ ត្រូវបានលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីបញ្ចប់គោរមងាពីឧកញ៉ា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ការចេញព្រះ​រា​ជ​​ក្រឹ​ត្យ​​​បញ្ចប់តួនាទី ក្នុងឋានៈងាជាឧកញ៉ា នេះនៅបន្ទាប់ពីតុលាការខេត្តសៀមរាប បានចេញដី​​កាបញ្ជា​ឱ្យ​ចា​​​​ប់ខ្លួនមុនមួយថ្ងៃ នៃព្រះរាជក្រឹត្យបញ្ចប់មុខងារជាឧកញ៉ានេះ។

ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ ដែលនៅក្រោមបង្គាប់របស់ជនត្រូវចោទ ឡេង ចាន់ណា ត្រូវជាប់​​ចោ​ទពី​ប​ទ​​ឆ​​បោកលុយពីពលរដ្ឋប្រមាណ ៣០០ លានដុល្លារអាមេរិក តាមរយៈគំរោងវិនិយោគទ​​ទួល​​បានកា​រប្រា​ក់ខ្ព​ស់​។ជុំវិញរឿងឆបោកនេះ តុលាការបានចេញដីកាឃុំខ្លួនមនុស្សចំនួន ៥នាក់ហើយ និងបង្គាប់ឱ្យនាំ​​ខ្លួនអ្ន​​ក​​​ពាក់ព័ន្ធ២នាកផ្សេងទៀតមកតុលាការ ខណៈជនត្រូវចោទចំនួន២៤នាក់ទៀត តុលាការបានចេ​ញដី​​កា​ប​ង្គាប់ឱ្យ​ចូ​​ល​​ខ្លួ​​ន។

យ៉ាងនេះក្តីអ្នកសម្របសម្រួលសមាគម ការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំខេត្តសៀមរាប លោ​​ក ចាន់ ចំរើន ហាក់មិនប្រាកដទេនៅក្នុងសំណុំរឿងមួយនេះ។ប៉ុន្តែលោកចាត់ទុកថា បើទោះជាអ្ន​ក​រង​គ្រោះ​​​​​ក៏ដោយ ប្រសិនបើតុលាការស៊ើបអង្កេតទៅ រកឃើញថាមានបទល្មើស ទំនងចៀស​មិនផុតពី​កា​រសួរ​​នាំ នៅក្នុងរឿងក្តីនេះដែរណាស់ ហើយក៏មិនប្រាកដថាអាចរួចខ្លួន​ពីការចោទប្រ​កាន់តាម​ផ្លូវតុលា​​ការ​នោះ​​ដែ​​រ ក្នុងករណីមានភស្តុតាងដាក់បន្ទុក។

លោកបន្តថា៖«មិនមែនសុទ្ធតែជាជនរងគ្រោះរួចខ្លូនទេបើសិនជាគេពិនិត្យឃើញមានពាក់ព័ន្ធបទល្មើស គេមានសិទ្ធិកោះហៅសួរនាំហើយខ្ញុំក៏មិនដឹងថាវាយ៉ាងណាដែរ។វាស៊ីសងទៅលើភស្តុតាង » សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យតុលាការខេត្តសៀមរាប ដោយបញ្ជាក់ជំហររបស់ខ្លួនថា សុំរឿ​ង​​ព្រ​​​​​​ហ្មទណ្ឌមួយនេះ តុលាការនឹងពន្លឿននីតិវិធីស្រាវជ្រាវដោយម៉ត់ចត់។មិនតែប៉ុណ្ណោះ តុលាការប្តេជ្ញា​​ថា​​នឹ​ង​អនុវត្តដោយត្រឹមត្រូវតាមនីតិវិធីច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នៅក្នុងរឿងក្តីមួយនេះ៕

ក្រសួងថា ករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣​ដោយសារបញ្ហាបច្ចេកទេស ពុំ​មែន​ជា​អំពើភេរវកម្មដូចការ​ចោទ​ពី​ក្រុម​ប្រឆាំង

ក្រសួងការពារជាតិ បញ្ជាក់ថា ឧបទ្ទវហេតុ​ផ្ទុះគ្រាប់នៅទីបញ្ជាការ​​យោធភូមិភាគ​៣ នៅខេត្តកំពង់ស្ពឺ កើត​ឡើង​ដោយ​សារ​បញ្ហា​​បច្ចេកទេស និងកត្តាអាកាសធាតុ​ក្តៅ​​ មិនមែនជាអំពើភេរវកម្ម ដូចការចោទប្រកាន់ពីសំណាក់​ក្រុម​អ្នក​ប្រឆាំង​នោះ​ឡើយ។  

សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងការពារជាតិ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ​២០២៤ បាន​លើកឡើង​ថា នាពេលថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បាន​ផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិតតាម​បណ្តាញ​សង្គ​ម​នានា ធ្វើឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំ អំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣។

ក្រសួងបន្តថា៖ «តាមរយៈការចុះស្រាវជ្រាវផ្ទាល់​នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ​ ករណីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេស ដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយអាកាសធាតុក្តៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំភ្លើសឡើយ»។

ក្រសួងការពារជាតិ បានអំពាវនាវដល់សាធារណជន និង​អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដោយការ​សន្និដ្ឋាន ឬយល់ឃើញ​ណាមួយ​ដោយបុគ្គលផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់។

ពាក់ព័ន្ធនឹងរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានថ្លែងបដិសេធ និងប្រតិកម្មតបដែរ​ថា ករណីផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ជាបញ្ហាបច្ចេកទេស មិនមែនជាបញ្ហាកង​ទ័ព​បះ​បោរ ដូចក្រុមប្រឆាំងបំផ្លើសឡើយ។ លោក​បានថ្លែងបែបនេះ ក្នុងពេលជួបសំណេះជាមួយកម្មករ​និយោជិត មន្ត្រីរាជការដែលបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១​ ខែឧសភា ឆ្នាំ២០២៤។

លោកមានប្រសាសន៍ថា៖ «ថ្ងៃមុន ជារឿងអកុសលដែលយើងមានផ្ទុះគ្រាប់ដោយសារបញ្ហាបច្ចេក​ទេស​នៅ​ភូមិ​ភាគ​៣ [អាកាសធាតុ]ក្តៅ ហើយ​ជា​អកុសលមានយោធិនយើង ២០រូប បានទទួលមរណៈភាព។ […] ដោយសាររឿងបច្ចេកទេស ប៉ុន្តែមានអ្នកទៅបំភ្លៃថា ឥលូវហ្នឹងទ័ពចាប់ផ្តើមបះបោរ វៃស្អី ប្រជាជន​មិន​ភ័យ មិនស្រួលអ្នកខ្លះវេចបង្វិចរួចហើយមិនដឹង»។

ការឆ្លើយតបប្រតិកម្មរបស់រដ្ឋាភិបាល​បែបនេះ ទំនង​សំដៅទៅកាន់​លោក សម រង្ស៊ី បន្ទាប់ពី​អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានបង្ហោះសារលើបណ្តាញសង្គម Facebook​ របស់លោក កាលពីថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០២៤។

លោក សម រង្ស៊ី បានលើកឡើង​ក្នុងទំព័រហ្វេសប៊ុក​ថា៖ «ចលនាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ចាប់ផ្តើមផ្ទុះហើយ ដើម្បីទាមទារឱ្យ​​ដកចេញត្រកូល ហ៊ុន (គឺ ហ៊ុន សែន និងកូន​គាត់ ដែលឡើងតាមជើងខោគាត់)។ […] ចលនានេះ បានរៀបចំផ្ទុះឃ្លាំងគ្រឿង​ផ្ទុះ ជិត​ទី​ក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ»។

លោក សម រង្ស៊ី បានសរសេររៀបរាប់ទៀត​​ថា៖ «ហ៊ុន សែន កំពុងតែភ័យខ្លាំងណាស់ ហើយគាត់ឈប់​ទុកចិត្តអង្គរក្សគាត់ទៀតហើយ។ គាត់បានទៅពឹងពាក់ចិនកុម្មុយនីស្ត ឱ្យ​ជួយការពារអាយុជីវិត និងសុវត្ថិភាពរបស់គាត់ និងក្រុមគ្រួសារគាត់»។

គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ​បានទេនៅរសៀលនេះ។​

ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យរូបនេះ បាន​ថ្លែង​ប្រាប់សារព័ត៌មានក្នុងស្រុកមួយ កាលពីថ្ងៃទី៣០ ខែមេសា ដោយ​​បដិសេដទាំង​ស្រុង​ចំពោះការ​ប្រឌិត និង​បំភ្លៃរបស់​លោក សម រង្ស៉ី នេះ។ លោក​​បានចាត់ទុក​ការបំភ្លៃរបស់ លោក សម រង្ស៉ី ថា​មានចេតនាបង្កភាពវឹកវរដល់សន្តិសុខសង្គម ខណៈដែលអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ តែងតែញុះញង់ បំផ្លិចបំផ្លាញ ប្រឆាំងចំពោះសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិ​កន្លងមក។

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា យល់ថា ​ការ​ចោទប្រកាន់​របស់​អ្នកប្រឆាំង​មកលើក​រណីផ្ទុះនៅខេត្តកំពង់ស្ពឺនេះ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់​លាស់។

លោក​ថា៖ «ការដែលក្រុមប្រឆាំងចោទករណីផ្ទុះនៅកំពង់ស្ពឺ ថាជាករណីបះបោរផ្ទៃក្នុងនេះ ខ្ញុំគិតថាជាការចោទប្រកាន់ ជាការប្រឌិតរឿងមួយ​ដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលជាហេតុធ្វើឱ្យ​មានការយល់ច្រឡំ ហើយក៏ជាយុទ្ធសាស្ត្រនយោបាយមួយដ៏កខ្វក់។ […] យើងអាចនិយាយថាជាយុទ្ធសាស្ត្រមួយដែលបំផ្លាញនូវសន្តិភាព ស្ថេរភាពនយោបាយរបស់កម្ពុជា។ […] ការចោទប្រកាន់គ្នាបែបនេះ មិនគួរចេះតែប្រឌិតព័ត៌មានទេ វាប៉ះពាល់ប្រទេសជាតិណាស់ នេះជាយុទ្ធសាស្ត្រញុះញង់ បំបែកបំបាក់ ដើម្បី​ឱ្យ​គណបក្សប្រជាជនមានការយល់ច្រឡំលើគ្នា មានការមិនទុកចិត្តគ្នា និងសាធារណជនមានការយល់ច្រឡំចំពោះភក្តីភាពរបស់កងទ័ពចំពោះរដ្ឋាភិបាល»។

លោកក៏បានបង្ហាញពីគោលជំហរគាំទ្រទៅដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ថារឿងនេះ ពិតជាបានកើតឡើងដោយសារតែបញ្ហាបច្ចេកទេសពិតប្រាកដមែន មិនមានអ្វីលើសពីនេះទៀតទេ។

លោកថា៖ «អ៊ីចឹង បញ្ហាបច្ចេកទេសគឺជាការពិតហើយ​ បើយើងមើលទៅលើការដឹកជញ្ជូន និងការទុកដាក់គ្រាប់តាមឡានដែលយើងឃើញមានការបង្ហោះនៅតាមបណ្តាញសង្គមអីហ្នឹង ខ្ញុំគិតថាការលើកឡើងពីបញ្ហាបច្ចេកទេសគឺជារឿងត្រឹមត្រូវហើយ។ […] ប៉ុន្តែបញ្ហាមួយត្រង់ថាខាង យុទ្ធភូមិភាគ៣ ហាក់ដូចជាមានការឆកល្វែង និងឃ្ជីឃ្ជាទៅបញ្ហាបច្ចេកទេសនៅក្នុងការទុកដាក់ និងដឹកជញ្ជូនគ្រាប់​ចាស់ៗទាំងអស់ហ្នឹង​ ដែលនាំឱ្យមានឧបទ្ទវហេតុដែលគួរឱ្យ​សោកសង្រែង ដែលនាំឱ្យ​ទាហាន២០នាក់ស្លាប់នៅក្នុងបន្ទាយ ដែលមិនមែននៅក្នុងចម្បាំង»។

លោក គិន ភា ក៏បានអំពាវនាវកុំឱ្យ​មានការលាបពណ៌ និងការប្រឌិតព័ត៌មានពាក់ព័ន្ធជាមួយនឹងការបះបោរ ឬក៏អំពើភេរវកម្មតទៅទៀត ដោយលោកថា ការធ្វើបែបនេះ មិនបាននាំមកនូវផលប្រយោជន៍ជូនជាតិមាតុភូមិទេ។ លោកក៏បានអំពាវនាវឱ្យ​​ក្រសួងការពារជាតិ បង្កើនការយកចិត្តទុកដាក់ឱ្យ​កាន់​តែ​ខ្ពស់​នៅក្នុងការដឹកជញ្ជូនគ្រាប់ផ្ទុះផ្សេងៗនាពេលអនាគត និងគួរតែមានការបំភ្លឺព័ត៌មានឱ្យ​បានទាន់​ពេល​វេលា​ផងដែរ។   គួរបញ្ជាក់ថា ក្នុងឧបទ្ទវហេតុ​ផ្ទុះគ្រាប់នៅទីបញ្ជាការយោធភូមិភាគ២នេះ មាន​យោធិន យ៉ាងហោចណាស់ចំនួន ​២០នាក់ បានស្លាប់​បាត់បង់ជីវិត និងអ្នក​រង​​របួស​ជា​ច្រើន​នាក់ ខណៈ​ផ្ទះរបស់ប្រជាពលរដ្ឋ​ដែលនៅជុំវិញតំបន់​នោះ​ជាច្រើនខ្នង ក៏បានទទួលរងការខូចខាតយ៉ាងដំណំផងដែរ៕​

កម្មករ និង​កម្មការនីមកពីខេត្តកំពង់ស្ពឺស្នើឱ្យ​ក្រសួងពន្លឿន​ដោះ​ស្រាយ​វិវាទ​​​​​ការងារ

ភ្នំពេញ៖ កាលពីថ្ងៃ០១ ខែឧសភា ឆ្នាំ២០២៤ កម្មករ​ កម្មការនីរោងចក្រ និងសហជីព​ជាច្រើនរយ​នាក់​​បាន​ជួប​ជុំ​​​គ្នា​ដើម្បី​ប្រារព្ធ​ពិធីទិវាពលកម្មអន្តរជាតិ នៅមុខ ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្នុង​រាជធានី​ភ្នំពេញ​។ ការ​ប្រមូលផ្តុំ​គ្នានេះ មានបំណងទាមទារឱ្យរដ្ឋាភិបាល ជាពិសេស​ក្រសួង​ការងារ ឲ្យជួយ​ពន្លឿន​​ដោះស្រាយ​​​​វិវាទ​ការងារ និងរកវិធានការឆ្លើយតបទៅនឹងការ​រំលោភ​បំពានពី​និយោជក។

អ្នកស្រី រឿន កូលាប ជាកម្មការី រោងចក្រសេងបូ ហ្គាមិន ខេមបូឌា  ដែលមានទីតាំងនៅ​ខេត្ត​កំពង់ស្ពឺ​ ឲ្យដឹងថា​អ្នកស្រីត្រូវបាននិយោជក​ខ្លួនបញ្ឈប់​ពី​ការងារ​ដោយសារអ្នកស្រីសម្រេចចូលរួម​បង្កើតសហជីពឡើង។ ជុំវិញករណីនេះ អ្នកស្រី ត្រូវ​បាន​តុលាការ​កោះ​ហៅ​ជាលើកជាច្រើន​លើក​ច្រើន​​សារមកហើយ ប៉ុន្តែមិនទាន់មាន​ដំណោះស្រាយ​នៅ​ឡើយ។ រឿងក្ដីក្ដាំនេះ​មាន​រយៈពេល​១១ខែ​មក​ហើយ។

អ្នកស្រីថ្លែងប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) យ៉ាងដូច្នេះថា៖ «ខាងរោង​ចក្រ​ថា​គាត់នឹងផ្ដល់សំណងឱ្យខ្ញុំជាលុយជាអី តែគាត់ដាច់ខាតមិនឱ្យចូលធ្វើការវិញទេ»។

អ្នកស្រីបន្ដថា៖«ពេលហ្នឹងខ្ញុំក៏បានគិតដែលពេលហ្នឹង​ដោយសារផ្នែកសុខភាពខ្ញុំអត់សូវល្អ ខ្ញុំក៏​គិត​ថាចង់យកលុយ ដល់ពេលហើយ​ខ្ញុំគិតឡើង​​វិញ​បើខ្ញុំយកលុយហ្នឹងស្មើ​នឹង​ខ្ញុំជញ្ជក់​ឈាម​បងប្អូន​កម្មករ​ទាំ​ងអស់គ្នាចឹងខ្ញុំអត់យកលុយនឹងទេ ខ្ញុំសុខចិត្តបន្តនីតិវិធី​ទៅមុខ​ទៀត ​​ទោះបី​​ទៅយ៉ាង​ណា​ក៏ឱ្យដឹងឈ្នះចាញ់ ឱ្យដឹងសខ្មៅ»។

អ្នកស្រីបន្តទៀតថា ការចូលរួមការប្រមូលផ្តុំនេះ គឺដើម្បីទាមទារឱ្យរដ្ឋាភិបាល និងសហភាពអឺរ៉ុប​​​​​ជួយរកដំណោះស្រាយឱ្យកម្មករ និងពង្រឹង​សិទ្ធិសេរីភាពកម្មករ​ កុំឱ្យមានការជិះជាន់ ឬគាប់សង្កត់​បន្តទៀត។

ដូចគ្នាដែរ លោក ស្រ៊ី នាង ជាកម្មកររោងចក្រស៊ីនឡន ក្នុងខេត្តកំពង់ស្ពឺ បានប្រាប់ញូវស៍រូម​ខេមបូឌា (Newsroom Cambodia) ថាលោកត្រូវបានក្រុមហ៊ុនបញ្ឈប់​ដោយសារ​តែលោក​ចងក្រង​បង្កើត​សហជីពក្នុងរោងចក្រ ដោយ​មានការបោះឆ្នោតគាំទ្រពីកម្មករនិយោជិត​ដទៃទៀត។ លោកថា ក្រោយលោកជូនដំណឹងបង្កើតសហជីពនេះទៅក្រុមហ៊ុន លោកក៏ត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយ​គ្មានការ​ជូនដំណឹងជាមុន ហើយមិនមានផ្តល់សំណងអ្វីទាំងអស់។ លោកថា លោកបានដាក់​ពាក្យ​ប្ដឹង​ទៅក្រសួងការងារ ខាងក្រសួងក៏ចេញលិខិតឱ្យចូលធ្វើការវិញ ប៉ុន្តែខាងរោងចក្រមិនព្រម។

លោកបន្ដថា៖ «ក្រសួងក៏បានចេញលិខិតបញ្ជាម្ដងទៀត ព្រមទាំងមានការផាកពិន័យ​ចំនួនដប់​លាន​ប៉ែត​សិបម៉ឺនរៀល។ ពេលហ្នឹងខ្ញុំក៏បានយកទៅឱ្យរោងចក្រ ប៉ុន្តែនៅតែមិនព្រមទទួលយកពួកខ្ញុំ ហើយខាងរោងចក្របានប្ដឹងខ្ញុំ»។

លោក ស្រ៊ី នាង សំណូមពរឲ្យក្រសួងការងារជួយដោះស្រាយវិវាទការងារ និងឲ្យតុលាការ​ខេត្ត​កំពង់ស្ពឺ ទម្លាក់បទចោទពីបទញុះញង់។​

​លោកបន្ថែមថា៖« ខ្ញុំសូមពរឱ្យ ឯកឧត្តមរដ្ឋមន្ដ្រី ហេង សួរ ដើម្បី​ឱ្យគាត់ជួយដោះ​ស្រាយវិវាទ​ការងារ​នេះផង ពីព្រោះអីវាមានរយៈពេលយូរហើយខ្វះតែមួយខែទៀតពីរឆ្នាំហើយ ចឹងសូមឱ្យឯកឧត្តម​ជួយ​សម្រួល​ និងឱ្យរោងចក្រព្រមទទួលពួកខ្ញុំចូលធ្វើការវិញ។ មួយទៀតសូមឱ្យតុលាការខេត្តកំពង់ស្ពឺ ទម្លាក់បទចោទពីបទញ៉ុះញ៉ង់ ពីព្រោះពួកខ្ញុំទាំងបីនាក់មិនបានញុះញង់ទេ ពួកខ្ញុំធ្វើការតាម​តែផ្លូវ​ច្បាប់​ទេ»។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ​ប្រធានសហព័ន្ធសហជីពកម្ពុជា​ បានថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន​​ថា​ ដរាប​ណា​មិនទាន់មានការដោះស្រាយ ក្រុមកម្មករកម្មការនី​នៅតែបន្តទាមទារ​ឱ្យរដ្ឋាភិបាលចូលខ្លួន​មកដោះស្រាយបញ្ហា។ អ្នកស្រីបញ្ជាក់​ថា ក្រុមកម្មករកម្មការនីនៅមិនទាន់ទទួលបាន​ការជួយជ្រុមជ្រែងពី​រដ្ឋាភិបាលនៅឡើយទេ​ ហើយថា​សេរីភាពរបស់សមាគមសហជីព​ជាបញ្ហាសំខាន់សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ។​

អ្នកស្រីបន្ថែមទៀតថា៖ «រដ្ឋាភិបាលមើលឡើងវិញថា តើការអនុវត្តសិទ្ធិប្រចាំថ្ងៃនេះ​តើប្រជាពលរដ្ឋ​ ឬកម្មករនិយោជិតគាត់មានសិទ្ធិពេញលេញ​ស្របដោយច្បាប់បានចែង​អត់?[….]​អញ្ចឹងយើង​ត្រូវ​អនុវត្ត​ឱ្យ​មានស្ដង់ដារ ឱ្យមានភាពស្មើគ្នា»។

យោងតាមហ្វ៊េសបុកផ្លូវការរបស់ អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ​ឆ្លើយតបទៅនឹង​ការ​ប្រមូលផ្ដុំតវ៉ា និងការដាក់ញាត្តិរបស់សហជីព បញ្ជាក់ថាក្រសួង​ការងារ​មានការប្ដេជ្ញាចិត្តចំពោះសហជីព និងលំហូរសេរីភាពសហជីព និងអង្គការសង្គមស៊ីវិល​នៅ​កម្ពុជា។ បើតាម លោក កត្តា អ៊ន ការ​ដោះស្រាយ​​វិវាទ​ការងារមានការកើនឡើងក្នុងឆ្នាំ២០២៤ រហូតដល់​៩១.៨០% ចំណែកឆ្នាំ២០២៣ មាន​ចំនួន​៨០.៩៥% និងផ្ដល់ជម្រើសដល់ភាគីវិវាទ​បុគ្គលក្នុងការប្ដឹង​ទៅក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​៕

​រដ្ឋាភិបាល និងសង្គមសុីវិល មើលឃើញខុសគ្នាជុំវិញស្ថានភាព​សេរីភាព​សារព័ត៌មាន​​

ក្រសួងព័ត៌មាន កាល​ថ្ងៃ​ទី​៣០ ខែ​មេសា​ ឆ្នាំ​២០២៤ បានចេញផ្សាយលទ្ធផលស្ទង់​មតិសរុប​មួយ ដែលក្រសួងអះអាងថា​ ​អ្នក​សារ​ព័ត៌​មាន​ចំនួន​​ ៧៩,៨% ក្នុងចំណោមអ្នក​ចូលរួម​ឆ្លើយក្នុង​ការស្ទង់​មតិ យល់ឃើញថា​សេរីភាព​​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង។ បើ​តាម​សេច​ក្តី​​ប្រកាសរបស់​​​ក្រសួង​ព័ត៌​មាន​ ​សេរី​ភាព​សារព័ត៌​មាន​ជា​កាតាលី​ករ​មួយ​ដ៏​ចាំបាច់​​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​។​​

ក៏ប៉ុន្តែសង្គមសុីវិល និងអ្នកឃ្លាំមើលវិស័យសារព័ត៌មានយល់ឃើញថាសេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជាសេរីភាពសារព័ត៌មានកម្ពុជា មានភាពប្រសើរចំណុចខ្លះ និងខ្លះទៀតនៅ​មានភាព​ខ្វះខាត​​នៅឡើយ។ ហើយពួកគេទទូច​ឱ្យ​រាជរដ្ឋា​ភិបាលធានា​សុវត្ថិភាព ជួយ​​គាំទ្រផ្នែក​ច្បាប់​​ និង​​សហការកែលំអចំណុចខ្សោយដែលរារាំងដល់ការបំពេញការងាររបស់អ្នក​សារព័ត៌មាន។

លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​កាសែត​កម្ពុជា​ (CamboJa) បាន​ប្រាប់ Newsroom Cambodia ​ថាបើ​​តាម​ការ​ស្រាវ​ជ្រាវ​ សេរី​ភាព​សារព័ត៌មាន​មានភាព​ប្រសើរ​ឡើង​ ឬក៏​អត់ ​អាស្រ័យ​លើ​ស្ថាប័ន​ណា​ជា​អ្នកសិក្សា​ស្រាវ​ជ្រាវ​ និងកម្រិតឯក​រាជ្យ​ភាព​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវនោះ។​

លោក ណុប​ វី​ បន្តថា​សេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជា​គឺ​មាន​ទាំង​ភាព​ប្រសើរ ​និង​ចំណុច​ខ្សោយ​ ដែល​រាជរដ្ឋា​ភិបាលគប្បីធានាសុវត្ថិភាព ផ្តល់ជំនួយផ្នែក​ច្បាប់​ និងកែលំអ​ចំណុច​ខ្វះខាត​រំខានដល់ការបំពេញការងាររបស់អ្នក​សារព័ត៌មាន។ ​

លោកពន្យល់​បន្ថែម​ថា​៖ «បើ​យើង​ពិនិត្យ​មើល​ស្ថាន​ភាព​ជាក់​ស្តែង​រឿង​ដែល​រីក​ចម្រើន​ច្រើន​គឺ​រឿង​ទាក់​ទង​នឹង​ការ​ចុះ​បញ្ជី​នៃ​ប្រព័ន្ធ​ព័ត៌មាន​អនឡាញ​ដែល​យើង​ឃើញ​មាន​កំណើន​នៅក្នុង​ប្រទេស​យើង​ ហើយ​ក្រសួង​ព័ត៌មាន​ក៏​មាន​ការ​ទទួល​ស្គាល់​ដែរ​ ការ​រីក​ចម្រើន​នៃ​អ្នក​សារព័ត៌មាន​​ពល​រដ្ឋ​។ ប៉ុន្តែប្រសិន​បើ​យើង​ពិនិត្យ​អំពី ​(Media Pluralisms) ប្រព័ន្ធផ្សព្វផ្សាយ​ពហុនិយម​ (Self-censorship) ការ​ហាមប្រាម​ខ្លួន​ឯង ​និង​ សុវត្ថិភាព​សន្តិសុខ(Safety security) ​គឺ​យើង​ឃើញ​ថា​នៅ​តែ​ជាចំណុច​មួយ​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ»។​

សម្រាប់លោក ណុប វី បាន​ឆាប់រហ័ស​នៅ​ក្នុង​ការ​ឈាន​ទៅ​វែក​មុខ និងការ​រៀប​ចំ​តាក់​តែង​ច្បាប់​គាំទ្រ​ដល់​ការងារ​របស់​អ្នក​សារព័ត៌មាន ជាក់ស្តែងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និងការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ គួរជាចំណុចអាទិភាព។

លោក អ៊ិត សូធឿត​ នាយ​ប្រត្តិបត្តិនៅមជ្ឈមណ្ឌលកម្ពុជា​ដើម្បី​​ប្រពន្ធ័​ផ្សព្វផ្សាយ​ឯក​រាជ្យ​ (CCIM) បាន​ប្រាប់ Newsroom Cambodia ​ថា​សេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជានៅតែ​​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ ជាពិសេស​ព័ត៌មាន​ដែលនិយាយពី​បញ្ហា​​​​គ្រប់​ចម្រុះភាព​មិនថា​បញ្ហា​សង្គម រឿង​នយោបាយ ​​ឬរឿង​រសើប​នានា។

លោក សូធឿត យល់ថាលទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវនីមួយៗមានការប្រែប្រួលទៅតាមសូចនករ​កំណត់នៅក្នុងការស្រាវជ្រាវ។ លោកថាលទ្ធផលវិជ្ជមាននេះ ​អាច​បង្ហាញ​ពី​ទស្សនៈ​របស់​​អ្នក​សារព័ត៌មានមួយចំនួនដែល​បាន​ចូល​រួម​ការ​ស្ទង់​មតិ​នោះ។

លោក បន្ថែមថាស្ថាប័នស្រាវជ្រាវ​អន្តរជាតិ​មួយ​ចំនួនអាចមាន​ការ​វាយ​តម្លៃផ្សេងពីនេះ​ដោយ​ផ្អែកតាមសូចនករផ្សេងទៀតដូចជា​ក្រប​ខណ្ឌ​ច្បាប់​ពាក់​ព័ន្ធ​ហ្នឹង​​សារព័ត៌មាន​ចម្រុះ​ភាព​នៃ​ប្រពន្ធ័​ផ្សព្វផ្សាយ​ ហើយ​ចម្រុះ​ភាព​នេះ​មិនសំដៅ​ត្រឹម​តែ​ចំនួន​ប្រពន្ធ័​ផ្សព្វផ្សាយ​ ឬក៏​ប្រភេទ​នៃ​ប្រពន្ធ័​ផ្សព្វផ្សាយ​ទេ។

លោក​បញ្ជាក់​ដូច្នេះ៖ «ប៉ុន្តែ​គេ​ផ្តោត​ទៅ​លើ​ម្ចាស់​ ឬក៏​មាតិកានៃ​ការ​ផ្សព្វ​ផ្សាយ​របស់​សារព័ត៌មាន​​ដែល​នៅ​ក្នុង​ប្រទេសមួយ​ថា​តើ​គាត់​មាន​ម្ចាស់​ហ្នឹង​ចម្រុះ​ប៉ុណ្ណា​ហើយ​មាតិកា​ដែល​គាត់​​ផ្សព្វ​ផ្សាយ​​ផ្តោត​តែ​លើ​រឿង​សិល្បៈ​កម្សាន្ត​ ឬក៏​រឿង​បែប​សេដ្ឋកិច្ច​​ធម្មតា ​​ឬក៏​មិនមានការ​​ផ្សាយ​បែប​​ព័ត៌មាន​រសើប​អី​​ជាដើម​។​ បើ​និយាយ​ពី​ស្ថាន​ភាព​ យើង​ឃើញ​មាន​អង្គការ​អន្តរជាតិ​ដែល​គាត់​ចេញ​មុខ​ចាត់​ថ្នាក់​ជាបន្ត​បន្ទាប់​ហ្នឹង​ឃើញ​ថា ​សេរី​ភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ការ​រឹត​ត្បិត​នៅ​ឡើយ​ទេ​ ជាបទ​ពិសោធន៍​និង​ការ​សង្គេត​មើល​ជាក់​ស្តែង​ពិត​ជា​នៅ​តែ​មាន​ការ​រឹត​ត្បិត​ពិត​ប្រាកដ​មែន​ហើយ​យើង​ត្រូវ​ការ​ ហើយ​មាន​ការងារ​មួយ​ចំនួន​ធំ​ទៀត​ដែល​យើង​ត្រូវ​ការ​ការកែលម្អ​និង​ធ្វើ​ការ​ដើម្បី​ដោះ​ស្រាយ​ទាំង​អស់​គ្នា​»។

លោក អ៊ិត សូធឿត ចង់​ឃើញ​គឺ​មាន​ភាព​ចម្រុះ​នៃ​សារព័ត៌មាន ដែលលោកគូសបញ្ជាក់​ថា​នៅ​កម្ពុជា​មាន​ស្ថាប័ន​សារព័ត៌មាន​ច្រើន​​ ដែល​គួរមាន​ឱកាស​ចុះ​ឈ្មោះ​ដើម្បី​បង្កើត​​ស្ថាប័ន​រាយការណ៍​​សារព័ត៌មាន។​

លោក​ថ្លែង​ថា​៖ «​មាន​ន័យ​ថា​សារព័ត៌មាន​ដែល​រាយ​ការណ៍​លើ​បញ្ហា​សង្គម​និង​នយោបាយ​ហាក់​ដូច​ជា​នៅ​មាន​ចំនួន​តិច​តួច​ ដែល​សារព័ត៌មាន​រាយ​ការណ៍​ពី​បញ្ហា​អសកម្ម​ឬភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​គឺ​នៅ​រង​ការ​គំរាម​កំហែង​ការ​រឹត​ត្បិត ​ហើយ​ស្ថាប័ន​មួយចំនួន​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ ​និង​មិនអាច​បន្តដំណើរ​ការ​អី​បាន​ជាដើម​​ ហើយ​បញ្ហា​នេះ​ជា​បញ្ហា​ដែល​យើង​គួរ​ដោះ​ស្រាយ​»។​

លោក​ ហួន ផន ជាអ្នក​សម្រប​សម្រួល​គម្រោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និងសេរីភាព​ជា​មូលដ្ឋាន​របស់​អង្គការ​សិទ្ធិ​មនុស្សកម្ពុជា​ (CCHR)​ បាន​ប្រាប់ Newsroom Cambodia ​ថា​សេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅបន្តរង​ការ​រឹតត្បិត​នៅ​ឡើយ​ ហើយ​អ្នកសារព័ត៌មាន​នៅ​តែ​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្តសិទ្ធិ​ជា​អ្នក​សារព័ត៌មាន​របស់​ខ្លួន​។

លោកថ្លែងថា៖​ «ស្ថិត​ក្នុង​វិស័យ​ព័ត៌មាន​បច្ចុប្បន្ន​យើង​ឃើញ​មាន​អ្នកសារព័ត៌មាន​ក៏​ដូច​ជា​ប្រព័ន្ធផ្សព្វផ្សាយ​អី​ច្រើន​ក៏​ប៉ុន្តែ​យើង​ឃើញ​ថា​សារព័ត៌មាន​ដែល​ធ្វើ​ការងារ​ឯករាជ្យ​ ដែល​ហ៊ាន​រាយ​ការណ៍​ព័ត៌មាន​ដែល​រសើប​ផ្សេងៗ​ គឺ​មាន​ការ​ថម​ថយ​ចុះ​មិនមាន​ច្រើន​នោះ​ទេ​ ហើយ​យើង​ឃើញ​ថា​ជ្រុង​មួយ​នៃ​គំនិត​ដែលនិយាយពី​សង្គម​ឬ​សារព័ត៌មាន​ដែល​និយាយពី​ភាព​អវិជ្ជមាន​របស់​សង្គម​គឺ​មាន​ភាព​ថយ​ចុះទៅ​វិញ​»។

គួរបញ្ជាក់ថា សម្រាប់ការសិក្សានេះ ក្រុមការងាររបស់ក្រសួងបាន​ប្រើវិធីសាស្ត្រ​ចម្រុះ ពោល​គឺ​ទាំងវិធីសាស្ត្រគុណវិស័យ និងវិធីសាស្ត្របរិមាណវិស័យ។ ការ​ប្រើវិធីសាស្ត្រ​ចម្រុះនេះ ក្រសួង​ព័ត៌​មានបានស្ទាបស្ទង់មតិក្នុងចំណោម​អ្នកសារព័ត៌មាន​សរុប​ចំ​នួន៣៤១​នាក់ទូទាំងប្រទេស បានស្រាវជ្រាវឯកសារដែលមានស្រាប់ ព្រមទាំងបាន​ជួប​សម្ភាស​ជាមួយ​បុគ្គលសំខាន់ៗ​ក្នុង​វិស័យសារព័ត៌មាន។ នេះបើតាមសេច​ក្តី​​ប្រកាសព័ត៌មានដដែលរបស់​​​ក្រសួង​ព័ត៌​មាន៕

អ្នកតាមដានសង្គម ចង់ឃើញប្រសិទ្ធភាពនៃការគ្រប់​គ្រង​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

អ្នកតាមដានសង្គម​ ចង់ឃើញប្រសិទ្ធភាពនៃ​ក្រុម​ការងារ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ចកម្ម គ្រឿង​ស្រវឹង និង​ទទូចឲ្យមានការ​បញ្ឈប់​កា​រ​ផ្សាយ​ពាណិជ្ជកម្ម​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​ដោយ​សារ​អ្នក​បើកបរ​ស្រវឹង​។

ការលើកឡើងនេះ កើតមានឡើងក្រោយ​រាជ​រដ្ឋា​ភិ​បាល​ចេញ​សេចក្តី​សម្រេច​បង្កើត​ក្រុម​ការងារ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ចកម្ម​ផលិតផល​គ្រឿង​ស្រវឹង​ដែល​ហៅកាត់​ថា​ក.គ.ផ.ស.​ដែល​មាន​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​ជា​ប្រធាន​។ យោងតាមសេចក្តីសម្រចដែលចុះ​ហត្ថលេខា ដោយ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត​ កាលពីថ្ងៃទី​១២ ខែ​មេសា​ឆ្នាំ​២០២៤​ ​ ក្រុម​ការងារនេះ ទទួលបន្ទុក​កំណត់វិធានការ និងរៀបចំសណ្តាប់ធ្នាប់​នៃការគ្រប់គ្រង​ការផ្សាយ​ពាណិជ្ចកម្ម​​​ផលិតផលគ្រឿងស្រវឹង​តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ​ និងការដាក់​តាំង​ជា​សាធារណៈគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពសង្គម។

សេចក្តី​សម្រេចបង្កើត​ក្រុម​ការងារដដែល ដែល Newsroom​ Cambodia​ ​បាន​ទទួល​នៅ​ថ្ងៃ​ទី​២៩ ​ខែ​មេសា​ ឆ្នាំ​២០២៤ ឲ្យដឹងទៀតថា ក្រុមការងា​នេះ​មាន​តួនាទី​ដឹកនាំ​យុទ្ធសាស្រ្ត​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ចកម្មផលិតផលគ្រឿងស្រវឹង និងធ្វើរបាយការណ៍​លទ្ធផល​​ជូន​ប្រមុខរដ្ឋាភិបាល​តាមរយៈ​ទីស្តីការគណៈរដ្ឋមន្រ្តី។ ហើយក្រុមការងារនេះ ក៏មានសិទ្ធិអញ្ចើញតំណាងក្រសួង ស្ថាប័នដៃគូពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូរទស្សន៍ វិទ្យុ​និង​សារព័ត៌មាន​ ចូលរួម​ពិគ្រោះ​​យោបល់​ផងដែរ។​

លោក ​យង់​ គីម​អេង​ នាយក​ប្រតិបត្ថិ​នៃ​មជ្ឈមណ្ឌល​ប្រជា​ពល​រដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​បាន​​ប្រាប់​ ​Newsroom​ ​Cambodia​ កាល​​ពី​​ថ្ងៃ​​ទី​​៣០​ ខែ​​មេសា​​នេះ​ ឲ្យ​ដឹង​​ថា​ការបង្កើត​ក្រុម​ការងារ​​នេះ​ជា​ជំហាន​ដ៏​ល្អ​ ប៉ុន្តែ​លោកថានៅត្រូវចាំមើល​ប្រសិទ្ធ​ភាព​ក្រុម​ការងារ​នេះសិន។​

លោក​លើក​ឡើង​ថា៖ ​«ការ​បង្កើត​ក្រុម​ការងារ​នេះ​ជា​ជំហាន​រីក​ចម្រើ​នមួ​យនៃ​ការ​គិតគូរ​អំពី​ផល​ប៉ះពាល់​នៃគ្រឿង​ស្រវឹង​នៅ​កម្ពុជា។​ ប៉ុន្តែ​ត្រង់​ថា​តើ​វា​នឹង​អាច​មាន​ប្រសិទ្ធ​ភាព​ទេ ​ឥឡូវ​យើង​មិន​អាច​ទាន់​និយាយ​បាន​ទេ​ព្រោះ​ដោយ​សារ​ក្រុម​ការងារ​នេះ​ទើប​បង្កើត​ ហើយ​ក៏​មិន​ទាន់​​ឃើញ​​សកម្មភាព​អី​ដែល​ពាក់ព័ន្ធ​នឹង​ការផ្សាយពា​ណិជ្ចកម្ម​នឹង​ដែរ​អញ្ចឹង​យើង​ត្រូវរង់​ចាំ​មើល»។​

លោក​បន្ថែម​ថា​ លោក​ចង់​ឃើញ​សាធារណជន​​​​ចូល​រួម​តាម​ដាន​ដំណើរ​មួយ​នេះ​ ហើយ​អាជ្ញាធរ​​ និ​ង​អ្នក​ធ្វើគោល​នយោបាយ គប្បីមានឯករាជ្យភាព និងមិនរងឥទ្ធិពលពី​ឧស្សាហកម្ម​គ្រឿង​ស្រវឹង។

លោក​និយាយ​ថា៖ «​បើ​សិន​មាន​ឧស្សាហកម្ម​គ្រឿង​ស្រវឹង​ចូល​រួម​ដំណើរ​ការ​ហ្នឹង ​គឺ​មិន​ធ្វើ​អោយ​គោល​និយោបាយ ​ឬ​ក៏​វិធាន​ការ​ ឬ​ផែនការ​ទាំង​ឡាយ​ដែល​ដាក់​ចេញ​ មិន​មាន​ប្រសិទ្ធ​ភាព​បាន​ទេ​។​ ហើយម្យ៉ា​ង​វិញ​ទៀត​គេ​នៅតែ​រីស​រក​គ្រប់​មធ្យោបាយ​យក​លេស​ក្នុង​ការ​យក​នីតិជន​ទៅ​ផ្សាយ​ពាណិជ្ចកម្ម​ យក​ស្ត្រី​ទៅ​ផ្សាយ​ពាណិជ្ចកម្ម​ ហើយ​ក៏​ការ​ផ្សាយ​ពាណិជ្ចកម្ម​មាន​លក្ខណៈ​ទាក់ទាញ​ដែល​ខុស​ពី​ការ​ពិត​ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ច្រលំ។

​លោក ​យង់​ គីម​អេង បន្តថាការ​​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ហួស​ប្រមាណ​ ​ធ្វើ​អោយ​គ្រោះថ្នាក់​ដល់​សុខភាព​ ក៏ដូច​ជា​អសន្តិសុខ​សង្គម ​រួមទាំង​ការខាតបង់ថវិកា​គ្រួសារ និង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច​ជាតិ។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាព បាន​ប្រាប់ Newsroom​ Cambodia នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា​នេះថា ​ការ​បង្កើត​ក្រុម​ការងារ​នេះគ្រាន់​តែ​ជា​ការ​ចាប់ផ្តើម​ទេ​ចំណែក​ឯប្រសិទ្ធភាព​អាស្រ័យទៅលទ្ធផលរបស់ក្រុមការងារ​។ លោកនិយាយថា​ដើម្បីបង្ការ​គ្រោះថ្នាក់​នានា កម្ពុជា​គួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មបើអាច ​ឬ​កម្រិត​ការ​ផ្សាយ។

លោកនិយាយថា៖ «តាមពិតទៅដើម្បីបង្ការយុវជន ក៏​ដូចជា​កុមារ​កុំ​អោយ​ធ្លាក់​ខ្លួន​សេពគ្រឿង​ស្រវឹងដែលធ្វើអោយមានបញ្ហាដល់ធនធានមនុស្សជំនាន់ក្រោយ ជាពិសេស​ដើម្បី​បង្ការ​គ្រោះថ្នាក់​​ចរាចរណ៍​ដែល​កើតឡើង​ដោយសារ​អ្នកបើកបរ​ស្រវឹងហ្នឹង​គឺការផ្សាយ​ពាណិជ្ជកម្ម​នឹង​គួរតែ​ហាម​ទាំងស្រុងតែម្ដងគ្រប់មធ្យោបាយទាំងអស់»។

លោកបន្តថា៖ «ក្នុងករណី​ដែលមិនអាច​ហាមឃាត់ការ​ផ្សាយទាំងស្រុងទេ​ យើងគួរហៅថា​កម្រិត​ការផ្សាយពាណិជ្ជកម្ម​។ មាន​ន័យថា​យើងអនុញ្ញាត​តែការផ្សាយម៉ាកនិងឡួហ្គូ(logo)​របស់​ក្រុមហ៊ុន​បានហើយ មិនអនុញ្ញាតការផ្សាយពាក់ព័ន្ធនឹងការត្រូវរង្វាន់ ឬយកយុវជន យុវនារី តារា មកធ្វើការទាក់ទាញ​កុមារ​នោះទេ»។

យោងតាមរបាយការណ៍របស់ Wisevoter នៅក្នុងឆ្នាំ២០២៣ កម្ពុជាជាប្រទេស​ឈរ​លេខ​រៀងទី៣​ដែលមានប្រជាជនផឹកស្រាច្រើនជាងគេនៅក្នុងតំបន់​អាស៊ាន​បន្ទាប់ពី​ប្រទេស​ឡាវ និងវៀតណាម និងឈរនៅលេខរៀងទី៣៦ នៅលើពិភពលោក​ ដែលប្រជាជន​កម្ពុជាម្នាក់​អាចផឹកស្រាបាន ២១.៧លីត្រ។ ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ជប៉ុន​ឈ្មោះ​ Kirin ​ ចេញ​ផ្សាយ​កាល​ពីដើមឆ្នាំ២០២៤ ​ឱ្យ​ដឹង​ថា​កម្ពុជា​បាន​ចំណាយ​ប្រាក់​ប្រមាណ​២,៣​ពាន់​លាន​ដុល្លារ​ទៅ​លើ​ការ​ពិសា​ស្រាបៀរ៕

ក្រសួងយុត្តិធម៌កំពុងពិនិត្យលទ្ធភាពដើម្បីបន្ធូរបន្ថយទោសឱ្យទណ្ឌិតក្នុងពិធីបុណ្យជាតិឆ្នាំ២០២៤

សមាជិកគណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតកំពុងពិនិត្យលទ្ធភាពក្នុង​ការរៀបចំសំ​ណើ​​​រ​សម្រាប់ស្នើសុំគោលការណ៍បន្ធូរបន្ថយទោស និងលើកលែងទោសបម្រើឱ្យសេចក្តីត្រូវការ​សម្រាប់បុ​ណ្យ​​ជាតិសំ​ខាន់ៗ​ នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានដឹកនាំការពិនិត្យបញ្ជីឈ្មោះទណ្ឌិត លោក គឹម សន្តិភាព ឱ្យ​ដឹង​​តាមរយៈការចុះផ្សាយរបស់កាសែតក្នុងស្រុក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះថា នៅចំពោះ​​មុ​ខ​​នេះ គណៈកម្មការជាតិដែលមានការចូលរួមពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផង បានរៀបចំកិច្ចពិ​គ្រោះ​យោ​​បល់ ដោយពិនិត្យទៅលើការបើកផ្លូវឱ្យមានការស្នើសុំបន្ធូរបន្ថយទោស និងលើ​​ក​​​លែង​ទោស សម្រា​ប់​បុ​​ណ្យចូលឆ្នាំថ្មី​ និងបុណ្យវិសាខបូជា ខាងមុខនេះ។

ប្រភពបន្តថា៖«ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស រួមជាមួយឯកឧត្តម ឆែម សាវុធ រដ្ឋលេខា​​ធិការក្រសួងមហាផ្ទៃ បានរួមដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យលើសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ដើម្បីពិនិត្យ ពិភាក្សាលើសំណុំឯកសារនៃសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រ​​ពៃណី​​ជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៤នេះ នាសាលប្រជុំក្រសួងយុត្តិធម៌ » ។

គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបន្ថែម ពីអ្នកនាំពាក្យក្រសួ​ង​​យុត្តិធម៌ លោក គឹម សន្តិភាព​បានទេ នៅថ្ងៃទី៣០ មេសា នេះ ខណៈដែលអ្នកនាំពាក្យក្រសួងម​​ហាផ្ទៃលោ​​ក ទូច សុខ: ក៏ពុំអាចស្នើសុំការផ្តល់ព័ត៌មានបានដែរ។

បើទោះជាបែបណា សម្រាប់អគ្គលេខាធិការ នៃគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ​ សា​ទរ​​ចំ​ពោះ​ផែ​នការដែលដាក់ឱ្យមានការបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់​បុណ្យជា​តិ​សំ​​ខាន់​​ៗនេះ​ឡើ​ង​​។ក្រៅពីនេះ ក្នុងនាមជាអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល ក៏ចង់ឃើញការអនុវត្តការងារនេះ ធ្វើឡើង​​ដោ​យ​​​​ស្មើភា​ពគ្នាដោយមិនចំពោះបក្សនយោបាយ ឬក្រុមណាមួយនោះទេ ប្រសិនបើរកឃើ​ញថាស្ថាន​ភាព​​ទោ​​​​ស​​​​នោះ ត្រូវលើកលែង ឬត្រូវបន្ធូរបន្ថយគួរដាក់ឱ្យស្ថិតក្នុងកម្មវិធីលើកលែងទោស។

លោកបន្តថា៖«គណបក្សភ្លើងទៀនអបអរសាទរចំពោះព័ត៌មានដែលថានឹងមានការបន្ធូរបន្ថយទោសដល់​​​អ្នកដែលមានទោសហើយកំពុងតែនៅក្នុងពន្ធនាគារ។ជាមួយគ្នានេះ សូមស្នើដល់រាជរដ្ឋាភិបាលពិចារណា​​បន្ធូរបន្ថយទោស និងដោះលែងដល់មន្រ្តី និងសកម្មជននយោបាយ និងសកម្មជនសង្គមនានាដែលកំពុងតែស្ថិតនៅក្នុងពន្ធនាគារឲ្យមានសិទ្ធិសេរីភាពឡើងវិញ ដើម្បីពួកមានសេរីភាពចូលរួមក្នុងគណបក្សនយោ​​បាយដែលគេពេញចិត្តស្របតាមឆន្ទៈ និងរដ្ឋធម្មនុញ្ញរបស់ជាតិ » ។

បើតាមលោក លី សុធារ៉ាយុត្តិ ចាប់ពីដើមឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមេសា មានន្រ្តីគណបក្សភ្លើង​​ទៀ​ន​​ចំ​​នួន១៤នាក់ហើយ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារ។របា​យការណ៍​រប​​ស់​​​គ​​ណបក្ស​ជំទាស់មួយនេះ បង្ហាញថា លោក ខឹម ចាន់វណ្ណៈ ប្រធានប្រតិបត្តិស្តីទី រាជធានីភ្នំពេញ លោ​​ក​ស្រី​ ឆាយ ចិន្តា ប្រធានចលនាស្រ្តីខណ្ឌជ្រោយចង្វា អ្នកទាំងពីរត្រូវចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២៤។

ដោយឡែក លោក ហាក់ កុសល លេខាធិការគណៈកម្មាធិការប្រតិបត្តិខណ្ឌជ្រោយចង្វារ និងលោក ម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិខណ្ឌដូនពេញ អ្នកទាំងពីរត្រូវចាប់ខ្លួន កាលពីខែមករា ឆ្នាំ២០២​៤​ដែ​​រ​​។

ក្រៅពីនេះ លោក សរ សុខា ប្រធានប្រតិបត្តិស្រុកស្ទឹងហាវ លោក ស៊ុន ស៊ន សកម្មជនឃុំកែវផុស លោក ឯក​ បេន អតីតប្រធានស្តីប្រតិបត្តិខេត្តកំពង់ស្ពឺ លោក ដាង ប៊ុនហាក់ អតីតអនុប្រធា​​នគណៈ​​កម្មា​​ធិ​​កា​រ​​ប្រ​តិ​​បត្តិរាជធានីភ្នំពេញ លោក គឹម ថាយមុន្នី ចៅសង្កាត់រងទី២ សង្កាត់ស្ទឹងមានជ័យ២ លោក កឹម ហុង ចៅ​ស​​ង្កា​​ត់រងទី២ សង្កាត់អូរឬស្សី៤ លោក សាន សឿង អតីតសមាជិកគណៈកម្មាធិការនាយក គណ​​ប​ក្ស​​ភ្លើ​ង​​ទៀ​ន ត្រូវចាប់ខ្លួនកាលពីថ្ងៃទី៩ មេសា ឆ្នាំ២០២៤។

ជាមួយគ្នានេះដែរ លោក យិន ភាន បេក្ខជនលេខរៀងទី៣ ស្រុកស្ទឹងត្រង់ លោក ស្រ៊ី មាន បេក្ខ​ជន​​លេខ​រៀ​ងទី៤ ស្រុកស្ទឹងត្រង់ និងលោក គង់ ថារ៉េត អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ក្រុងកំពង់ចាម អ្នក​​ទាំងបីនាក់ ត្រូវចាប់ខ្លួនក្នុងពេលតែមួយ កាលពីថ្ងៃទី៩ ខែមេសា ដែរ។

អគ្គលេខាធិការ នៃគណបក្សភ្លើងទៀន លើកឡើងថា ក្នុងចំណោមន្រ្តីបក្សនយោបាយទាំងនោះ ការចាប់​ខ្លួន​​​​ពួកគេគឺធ្វើឡើងដោយគ្មានហេតុផល គ្មានដីកា និងគ្មានភស្តុតាងអ្វីទាំងអស់។

យ៉ាងនេះក្តី លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Lica​d​​ho) ចាត់ទុកថា ការអនុវត្តក្នុងការបន្ធូរបន្ថយទោស តាមពិតទៅគឺមានចែងនៅក្នុងច្បា​ប់រួចហើយ។​លោក​បន្តថា បើទោះជាបែបណា ក្នុងនាមស្ថាប័នមិនមែនរដ្ឋាភិបាល ក៏ឃើញការអនុវត្តសម្រាលស្ថានទម្ងន់ទោស ឬ​​លើ​កលែងទោសនេះ ធ្វើឡើងដោយភាពស្មោះត្រង់ និងអាចជឿទុកចិត្តបាន។

លោកបន្តថា៖«កិច្ចប្រជុំដើម្បីពិនិត្យឯកសារលើសំណុំឯកសារស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលកន្លងហួស និង ពិធីបុណ្យវិសាខបូជាខាងមុខនេះជាការអនុវត្តន៍តាមព្រះរាជក្រឹត្យ។ប៉ុន្តែយើងជាអង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សចង់ឃើញការបន្ធូរបន្ថយទោដ និងការលើកលែងទោសដល់ទណ្ឌិតគឺមានតម្លាភាព គឺទណ្ឌិតដែលគោរពតាមលក្ខខណ្ឌនៃច្បាប់ត្រូវទទួលបានសិទ្ធិក្នុងការបន្ធបន្ថយទោស និងការលើកលែងទោសដូចគ្នាដោយគ្មានការរើសអើងនិន្នាការនយោបាយ ឬអ្នកមាន អ្នកក្រ»

គេសង្កេតឃើញថា កន្លងទៅការអនុវត្តគោលការណ៍បន្ធូរបន្ថយទោស និងលើកលែងទោសនេះ ក៏ត្រូវ​​រង់​កា​​​រ​រិះគន់ដែរថា ជាយន្តការដែលធ្វើឡើង ហាក់មិនបានឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ ជាពិសេស​កា​រ​​អនុ​វត្តទៅលើទណ្ឌិតជាបក្សប្រឆាំង សកម្មជនសង្គម និងអង្គការ សមាគមទេ។ស្ថានទម្ងន់ទោសភាគច្រើន សម្រាប់ពួកគេ គឺតែងអនុវត្តជាអតិបរិមានៃទោស ដែលរកឃើញដោយតុលាការតែម្តង។ បើទោះជាបែបណា ព្រះរាជក្រឹត្យស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ដែលចេញកាលពីខែមករា ឆ្នាំ២០២១ នៅក្នុងបញ្ញត្តិមាត្រា ៣ កំណត់ថា ពិធីបុណ្យសំខាន់ៗ ដែលត្រូវបន្ធូរបន្ថយទោស និងលើកលែ​​ង​​ទោស ត្រូវអនុវត្តសម្រាប់បុណ្យ៖ ចូលឆ្នាំ បុណ្យវិសាខបូជា បុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក និងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍។មិនតែប៉ុណ្ណោះ ទណ្ឌិតដែលត្រូវពិចារណា​ក្នុងការលើកលែ​ង​​ទោ​ស និងបន្ធូរបន្ថយទោសទៅបាន លុះត្រាអនុវត្តឱ្យបាន១ភាគបី នៃទោសនៅក្នុងពន្ធនាគារសិន៕

អ្នកវិភាគសង្គមមើលឃើញថាកម្ពុជាបានទាញយកអត្ថប្រយោជន៍ពីការចូលជាសមាជិកអាស៊ាន

អ្នក​វិភាគ​សង្គមមើល​ឃើញ​ថា ក្នុងរយៈពេល២៥ ឆ្នាំមកនេះ កម្ពុជា​បាន​ទាញ​យក​ផល​ប្រយោជន៍​ជា​​ច្រើ​ន​ពី​សមាគម​អាស៊ាន​​ទាំង​ផ្នែក​សន្តិសុខ ការ​ទូត និង​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំ​​នួនដែរ ក្នុងពេលដែលកម្ពុជាទទួលបានផលវិជ្ជមាន ក្នុងក្របខណ្ឌអាស៊ាននេះ។

កម្ពុជា បាន​ចូល​ជា​សមាជិក​អាស៊ាន​កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​មេសា ឆ្នាំ​១៩៩៩។ គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ទី​១០​របស់​អាស៊ាន​ មានរយៈ​ពេល​២៥ឆ្នាំ​ហើយ។នៅ​ថ្ងៃ​អង្គារ ​ទី​៣០ ខែមេសា​នេះ គឺ​ជា​ខួប​រយៈ​ពេល​២៥​ឆ្នាំ ​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​​​​កាត់​ថា អាស៊ាននេះ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានឱ្យដឹងថាក្នុងរយៈពេល២៥ឆ្នាំមកនេះ ការចូលជាសមាជិកអាស៊ាន ជួយឱ្យកម្ពុជាមានឱកាសធ្វើសមាហរណកម្មខ្លួនចូលក្នុងនិម្មាបនកម្ម ដែលមានន័ថាជាសិល្បៈផ្នែកកសាង ឬតាក់តែឱ្យល្អឆើតឆាយ(Architecture) តំ​​បន់ ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។

លោកថ្លែងថា៖ «អាស៊ានគឺជាច្រកទ្វារការទូតដ៏សំខាន់សម្រាប់កម្ពុជា។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិក អាស៊ាន នៅឆ្នាំ១៩៩៩មក អាស៊ានតែងតែជាផ្នែកដ៏សំខាន់មួយ នៃគោលនយោបាយការបរទេសរបស់កម្ពុជា។ តាមរយៈអាស៊ាន កម្ពុជាបានដើរតូនាទីដោយស្មើមុខនិងស្មើសិទ្ធិ ទាំងក្នុងកិច្ចការតំបន់និងអន្តរជាតិ »។

លោកកត់សម្គាល់ថា ប្រទេសកម្ពុជាធ្លាប់បាន ធ្វើជាប្រធានប្តូរវេនអាស៊ាន ចំនួន៣លើក គឺនៅឆ្នាំ២​០​០​២ ឆ្នាំ២០១២ និងឆ្នាំ២០២២ ហើយសម្រេចបាននូវសមិទ្ធផលជាច្រើន។លើសពីនេះទៀត កម្ពុជាក៏បានរួមចំណែកសកម្មក្នុងការជួយជ្រោមជ្រែងឱ្យអាស៊ានរក្សាបានស្ថិរភាព និងសន្តិភាព ដើម្បីធ្វើឱ្យអាស៊ានអាចរក្សាបាននូវកម្រិតជឿទុកចិត្តមួយ ជាមួយនឹងទំនាក់ទំនងប្រ​កបដោ​យតុល្យភាព និងមហាអំណាចក្នុងតំបន់ ដែលពឹងពាក់លើនិម្មាបនកម្មតំបន់អាស៊ាន ដើម្បីរក្សាបានសុខសន្តិភាព និងស្ថិរភាពទូលំទូលាយ។ 

លោកបន្តថា៖« បញ្ហាប្រឈមរបស់កម្ពុជា គឺនៅពេលដែលគេនិយាយដល់បញ្ហាសមុទ្រខាងត្បូង ប្រទេ​​សដែលពាក់ព័ន្ធនឹងអធិបតេយ្យដែនទឹកក្នុងសមុទ្រខាងត្បូង តែងចោទប្រកាន់កម្ពុជាថាលម្អៀងទៅរកប្រទេសចិនជ្រុលដោយមិនគិតគូរប្រយោជន៍តំបន់។ម្យ៉ាងទៀត ដោយពិភពលោកកំពុងប្រឈមនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ កម្ពុជាក្នុងអាស៊ាន មានការលំបាកក្នុងការរក្សាជំហររបស់ខ្លួនចំពោះមុខសម្ពាធភូមិសាស្ត្រនយោបាយ »។

ស្រដៀងគ្នានេះដែរ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច លើកឡើងថា អាស៊ានមិនមានបងធំទេ ដូចនេះរាល់ការសម្រេចអ្វីមួយត្រូវការមតិឯកច្ឆន្ទ ហើយបើមានសមាជិកណាមួយពហិការមិនអាចសម្រេចបានឡើយ។មិនតែប៉ុណ្ណោះ អាស៊ានមិនមានប្រព័ន្ធចាយលុយរួម និងការគោរពវប្បធម៌ប្រពៃណីផ្សេងគ្នាដែរ។ក្នុងន័យនេះ សមាជិកអាស៊ាន១០ប្រពែណី១០។ក្រៅពីនេះ សមាគមអាស៊ានប្រើភាសារអង់គ្លេសជាយាន្ត។បន្ថែមពីលើនេះ ដើម្បីរុញឱ្យអាស៊ានមានភាពខ្លាំងគួរបង្កើតឱ្យមានទីផ្សារឹងមាំទាំ​ង​ជំនាញ និងកម្លាំងពលកម្ម។

បើតាមលោក សុខ ទូច ភាពអំណោយផលនេះហើយ ទើបបច្ចុប្បន្ន សហរដ្ឋអាមេរិក ចិន និងសមគមន៍អ៊ឺរ៉ុបកំពុងសំឡឹងមើលអាស៊ានក្នុងទិសដៅដៃគូជាយុទ្ធសាស្រ្ត។កត្តាទាំងនេះអាចនឹងនាំឱ្យកម្ពុជាទទួលបានឱកាស នាំចេញផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារដែលសក្កានុពលជាងនេះ។

លោកបន្តថា៖« សម្រាប់ប្រជាជនកម្ពុជានៅពេលដែលយើងទៅណា មិនប្រើប្រាស់វីហ្សា គ្រាន់តែបង្ហា​​ញ ប៉ាស្ព័រអាចបានជោកជ័យ ទី២ទៀតស្មើរមុខស្មើមាត់គ្នា មិនលិចលើស្មើក្រោម មិនថាប្រទេសគេអ្នកមានទេ អញ្ជឹងចូលជាសមាជិកអាស៊ានវាជាការងារល្អមួយ »។

ហាក់មិនខុសគ្នាទេ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ឯកភាពដែរថាការដែលកម្ពុជាចូលជាសមាជិកអាស៊ាននេះគឺជាជោ​គជ័​យមួយរបស់កម្ពុជា។

លោកបន្ថែមថាការចូលជាសមាជិកអាស៊ាននេះ កម្ពុជាទទួលបានផលប្រយោជន៍ជាច្រើន ទោះជាយ៉ា​ងនេះក្តី កម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនដែរ ព្រោះតែរបប ប៉ុល ពត ធ្វើឱ្យកម្ពុជាចាប់ផ្តើមក្រោយគេ​។

លោកបន្តថា៖«ការចូលទៅក្នុងសមាជិកអាស៊ាននេះ យើងមានប្រយោជន៍ច្រើនយ៉ាងណា​ស់ កម្ពុជាយើ​ងទទួលបានគឺប្រយោជន៍សំខាន់ៗដែលខ្ញុំចង់រំលេចហ្នឹង គឺទីមួយ​ បញ្ហានយោបាយនិងសន្តិសុខ[​​…]ហើយនៅតំបន់អាស៊ានមានប្រជាជនជាងប្រាំមួយរយលាននាក់ដែលធំមែនទែន អញ្ជឹងអនុញ្ញាតឱ្យយើងមានទំនាក់ទំនងពាណិជ្ជកម្មធំធេង អាស៊ានជាច្រកសេដ្ឋកិច្ច ច្រកពាណិជ្ជកម្មមួយធំរបស់កម្ពុជា អញ្ជឹងយើងមានឱកាសច្រើននៅក្នុងការទាញយកផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ជាដើម ដើម្បីយកមកពង្រឹង សេដ្ឋកិច្ចជាតិរបស់យើងឱ្យកាន់តែរឹងមាំ »។

លោកបន្តថា៖«ចំណុចប្រឈម យើងដឹងហើយតាំងពីប៉ុលពតមក ផ្តើមកសាងប្រទេសឡើងវិញក្រោ​យ​គេបង្អស់ ពីចំណុចសូន្យ ដូច្នេះយើងត្រូវរត់ទាំងយប់ទាំងថ្ងៃខណៈដែលគេដើរជាធម្មតា ប៉ុន្តែចំណុចប្រឈមអស់ទាំងហ្នឹង ដែលយើងខ្វះធនធានមនុស្ស ខ្វះសព្វ ខ្វះគ្រប់ហ្នឹង ដោយសារតែភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំរបស់យើង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេ​​ស យើងឃើញថាកម្ពុជាយើង បានមកដល់ទីតាំងមួយស្មើមុខស្មើមាត់គេយ៉ាងរឹងមាំ»។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន ​បាន​បង្កើត​ឡើង​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ កា​​ល​​​ពី​ថ្ងៃ​ទី​៨ សីហា ១៩៦៧។ ប្រទេស​៥ គឺ​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ប្រទេស​សឹង្ហបុរី ​គឺ​ជា​​​ស្ថាបនិក​នៃ​អង្គការ​អន្តររដ្ឋាភិបាល​ថ្នាក់​តំបន់​មួយ​នេះ។

បើទោះបែបណា គេសង្កេតឃើញថា សម្រាប់​​ធម្មនុញ្ញអាស៊ាន ហាក់ខុសពីធម្មនុញ្ញរបស់ស​ហភាព​​អឺរ៉ុ​​ប​ បន្តិចនៅត្រង់ថានៅក្នុងប្លុកអឺរ៉ុប ប្រសិនបើចូលជាសមាជិកលុះត្រារដ្ឋជាភាគីនីមួយៗនោះ ត្រូវសម្អាត​​ខ្លួន​ឱ្យស្អាតជាមុនសិន ទាក់ទងនឹងអំពើពុករលួយ និងប្រជាធិបតេយ្យ៕

CCHRធ្វើយុទ្ធនាការតាមអនឡាញដើម្បីលើកកម្ពស់សិទ្ធិសេរីភាពអ្នកសារព័ត៌មាន

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលហៅកាត់ថា CCHR រៀបចំយុទ្ធនាការនៅការិយាល័យ និងតាមអនឡាញដើម្បីផ្តល់ព័ត៌មានដល់សាធារណៈជនអំពីទិវាសេរីភាពសារព័ត៌មានពិភពលោក និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសេរីភាពខាងការបញ្ចេញមតិ និងបង្ហាញអំពីតួនាទីរបស់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងសង្គមប្រជាធិបតេយ្យ​។​

នៅក្នុងយុទ្ធនាការតាមអនឡាញនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងមានរៀបចំព្រឹត្តការណ៍ជាច្រើនដូចជា ចេញផ្សាយកម្រងសំណួរនៅលើប្រព័ន្ធអនឡាញស្តីពី សេរីភាពសារព័ត៌មាន សិទ្ធិទទួលព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ផ្សព្វផ្សាយឡើងវិញនូវជីវប្រវត្តិរបស់អ្នកសារ ព័ត៌មាន១០រូប នៅលើទំព័រហ្វេសប៊ុករបស់ ម.ស.ម.ក។

បន្ថែមពីលើនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏នឹងចេញផ្សាយនូវបណ្ណព័ត៌មានស្តីពីស្ថានភាពនៃសេរីភាពសារ ព័ត៌មាននៅកម្ពុជាផ្សាយឡើងវិញនូវវីដេអូជីវចល ស្តីពីសេរីភាពសារព័ត៌មាន(កម្លាំងចិត្ត)និងបទចម្រៀ​​ងហ៊ីបហប់ស្តីពីសិទ្ធិទទួលព័ត៌មាន (ព័ត៌មានសេរី) នៅលើទំព័រ ហ្វេសប៊ុករបស់ខ្លួន ជាដើម។

ទន្ទឹមនឹងនេះ CCHR នឹងរៀបចំកម្មវិធីកិច្ចពិភាក្សាលើប្រធានបទ «ទស្សនៈរបស់យុវជនចំពោះស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ» ព្រមទាំងរៀបចំកម្មវិធីវិទ្យុកិច្ចពិភាក្សាផ្ទាល់ក្រោមប្រធានបទស្តីពី«បរិយាកាសនៃសេរី ភាពសារព័ត៌មាន» នៅការិយាល័យរបស់ខ្លួនថែមទៀត។

ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជា នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅកម្ពុជា លោក ហួន ផន បានឱ្យដឹងនៅថ្ងៃទី៣០ ខែមេសា  ឆ្នាំ២០២៣​នេះថា​យុ​​ទ្ធនាការស្តីពីទិវាសេរីភាពសារព័ត៌មានពិភពលោកនេះ ធ្វើឡើងក្នុងគោលបំណង ចង់ឱ្យសាធារណៈជនទូទៅយល់អំពីសារៈសំខាន់ នៃសារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ។

លោកថ្លែងថា៖ « តាមរយៈយុទ្ធនាការនេះ យើងគិតថាសាធារណៈជនទូទៅនឹងយល់ដឹងច្រើន ពីកម្មវិធីរបស់យើងក៏ ហើយយើងគិតថាវាក៏អាចជួយជំរុញលំហសេរីភាពសារព័ត៌មាននៅក្នុងប្រទេសយើង» ។

តាមរយៈសកម្មភាព ក៏ដូចជាយុទ្ធនាការនេះ លោក ហួន ផន ថា នេះជាសារមួយសម្រាប់ផ្តល់ជូនសារធារណៈជនទូទៅក៏ដូចជាអាជ្ញាធរមូលដ្ឋានឱ្យបានទទួលព័ត៌មាននឹងចូលរួមធ្វើឱ្យប្រសើរឡើងនៅសេរីភាពសារព័ត៌មាននៅកម្ពុជា។​

លោកបន្តថា៖ « យើងគិតថាវាជាផ្នែកមួយ ក្នុងការផ្តល់ព័ត៌មានដល់សាធារណៈជនទូទៅ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ទាក់ទងជាមួយនឹងរឿងលំហសិទ្ធិសេរីភាពសារព័ត៌មាន វាជាផ្នែកមួយក្នុងការរុញច្រាន ឱ្យលំហ នៃសេរីភាពសារព័ត៌មាន មានភាពល្អប្រសើរ » ​។​

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សង្កេតឃើញថាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យ នៅកម្ពុជានៅតែបន្តប្រឈមនឹងឧបសគ្គជាច្រើននៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី និងគ្មានការដាក់ កំហិតសិទ្ធិរបស់ខ្លួនឯង។ ការបន្តដៅមុខសញ្ញាទៅលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យក្នុងការអនុវត្ត សិទ្ធិសេរីភាពខាងការបញ្ចេញមតិដែលជាសិទ្ធិមូលដ្ឋានរបស់ពួកគេនៅតែបន្តកើតមាននៅក្នុងសង្គមកម្ពុជា។

នៅក្នុងបរិបទនៃការបន្តធ្លាក់ចុះនៃបរិយាកាសប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថា ទិវានេះកាន់តែមានសារៈ សំខាន់ក្នុងការរំលឹកថា បើគ្មានប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យនោះទេ លទ្ធិប្រជាធិបតេយ្យក៏មិនអាចរីកចម្រើនបានដែរ។

គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានដែរ ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែមិនមានការឆ្លើយតបនៅថ្ងៃទី៣០ ខែមេសា។

ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា សាទរចំពោះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា ដូចអ្វីដែលរដ្ឋាភិបាលចង់បាន ប៉ុន្តែត្រូវបញ្ជាក់ថា សេរីភាពសារព័ត៌មានត្រូវមានការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងវិជ្ជាជីវៈ។

លោកបន្តថា៖ «ដើម្បីចូលរួមចំណែកលើកកម្ពស់សេរីភាពសារព័ត៌មាន ខ្ញុំសុំស្នើឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជួយរំឭកជាប្រចាំអំពីសេរីភាព អំពីការទទួលខុសត្រូវដែនកំណត់នៃសេរីភាពស្របតាមមាត្រា៤១នៃរដ្ឋធម្មនុញ្ញ ស្របតាមមាត្រា ១៩ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយឱ្យស្របតាមមាត្រា ២៩ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សដែលគេចែងថា ក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនមនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមតែកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះ គឺដើម្បីធានានូវការទទួលស្គាល់សិទ្ធិ និងគោរពសិទ្ធិអ្នកដទៃហើយនឹងបំពេញសេចក្តីត្រូវការចាំបាច់ត្រឹមត្រូវខាងសីលធម៌សណ្តាប់ធ្នាប់សាធារណៈសុខុមាលភាពទូទៅក្នុងសង្គមប្រជាធិបតេយ្យ »។

យ៉ាងនេះក្តី អ្នកស្រី ឆន សុគន្ធា​ នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មើលឃើញថានៅក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤​នេះស្ថានភាពសារព័ត៌មាននៅកម្ពុជាមិនទាន់មានភាព​ប្រសើ​រ​​ឡើង​នោះទេ។

អ្នកស្រីបន្តថា៖ «យើងមើលឃើញថាចំនួនអ្នកសារព័ត៌មានមានការកើនឡើង ប៉ុន្តែសម្រាប់អ្នកសារព័ត៌មានដែលគាត់ហ៊ាននៅក្នុងការសរសេរអត្ថបទ ឬក៏សារព័ត៌មានដែលគាត់ហ៊ាននៅក្នុងការធ្វើព័ត៌មានរស៊ើបនេះកាន់តែមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ហើយយើងឃើញថាសម្រាប់អ្នកសារព័ត៌មានមួយចំនួនធ្វើការរឹតត្បឹតខ្លួនឯងដោយសារ យើងមើលឃើញថាសម្រាប់អ្នកដែលគាត់ហ៊ានធ្វើការរាយការណ៍ព័ត៌មានបែបរស៊ើបតែងតែទទូលរងផលជះត្រឡប់មកវិញតាមរយៈការចោទប្រកាន់តាមរយៈផ្លូវតុលាការជាដើម» ។

ហាក់មិនខុសគ្នាទេ សម្រាប់នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ លោក ណុប វី យល់​​ឃើញ​ថាយុទ្ធនាការនេះ គឺជារឿងចាំបាច់ និងទាមទារឱ្យមានការចូលរួមពីសាធារណៈជនទូទៅរួមជាមួយនឹងស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងរដ្ឋាភិបាល និងវិស័យឯកជន ព្រោះប្រព័ន្ធផ្សព្វផ្សាយគឹជាស្ថាប័នមួយដែលចាំ​បា​ច់​ ដើម្បីធានាអំពីប្រសិទ្ធភាពនៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន និងអង្គការសង្គមស៊ីវិល និងសាធារណៈជនទូទៅ។

លោកបន្តថា៖ « អ្នកសារព័ត៌មានឯករាជ្យនៅមានបញ្ហាប្រឈមច្រើន ការប្តឹងផ្តល់ ផ្លូវច្បាប់ គឺជាបញ្ហាមួយដែលយើងព្រួយបារម្ភនៅក្នុងពេលបច្ចប្បន្ននេះ ដោយសារកាលពីឆ្នាំ២០២៣ មានការកើនឡើង មួយទ្វេជាពីរ មួយវិញទៀតយើងមើលឃើញអំពីកង្វះនៃការធានាអំពីសន្តិសុខសុវត្ថិភាព និងលុបបំបាត់អំពីរាល់នៃការរើសអើង និងការប្រើប្រាស់នៅពាក្យពេជន៍ដែលគំរាមកំហែង ឬពាក្យពេជន៍ដែលហិង្សាទៅលើអ្នកសារព័ត៌មានស្ត្រីជាដើម គឺនៅមានប្រើប្រាស់នៅលើបណ្តាញសង្គម» ។

ហាក់ផ្ទុយពីការការរិះគន់អំពីសេរីភាពសារព័ត៌មានមានការធ្លាក់ចុះ​ក្នុងរយៈ​ពេ​​ល​​​ចុ​ង​​ក្រោ​យនេះ មន្រ្តីរដ្ឋា​ភិបា​ល​​​​វិញ​​ធ្លាប់ថ្លែងការពារថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ មានភាពរីកចំរើន​​ផ្នែក​ប្រ​​ព័​ន្ធ​​​​ផ្ស​ព្វ​​ផ្សាយ និងសេរីភា​​ពខាង​​​សា​​​​រព័ត៌មាន។ក្រសួងព័ត៌មានអះអាងថា នៅក្នុងឆ្នាំ២០២២ អង្គភាពព័ត៌មាននៅក្នុង​​ប្រទេសកម្ពុជាមា​ន ដែ​ល​​​​កំពុងបម្រើឱ្យសេចក្តីត្រូវការរបស់សង្គមមាន​​​ជា​​​ង៦០០ ស្ថាប័ន។ប៉ុន្តែមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅ​​តែ​​មើលឃើញថា បញ្ហានៃការរឹតត្បិតសិទ្ធិសេរីភាព ប្រឆាំងអ្នកសារព័ត៌មាននៅតែបន្ត​​កើនឡើងគួរឱ្យព្រួ​យបារ​ម្ភ។

របាយការណ៍ដែលចេញផ្សាយដោយ CCHR កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បង្ហាញថា ចាប់តាំងពីមុន​​ការបោះ​​ឆ្នោ​​ត​​ថ្នាក់ជាតិ ក្នុងខែកក្កដា ស្ថានភាពនៃសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិ​ទ្ធិទទួល​បានព័​​ត៌មានត្រូវរង់ការយាយី និងជាគោលដៅនៃការវាយប្រហារ៕

កម្រងរូបភាព៖ សិប្បកម្មតម្បាញសូត្រ​​ ឃុំកោះឧកញ៉ាតី

សិប្បកម្មតម្បាញសូត្រ រមណីយដ្ឋានចម្ការស្នេហ៍ មានទីតាំងស្ថិតនៅភូមិតូច​ ឃុំកោះឧកញ៉ាតី​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល។​ សិប្បកម្ម​តម្បាញសូត្រនេះ​​ បានជួយសម្រួលជីវភាពប្រជាជននៅកោះឧកញ៉ាតី និងទាក់ទាញភ្ញៀវទេសចរឲ្យចូលទស្សនាជារៀងរាល់ថ្ងៃ។ ការតម្បាញសូត្រពីដង្កូវនាង​​ ជាមុខរបរបែបប្រពៃណីមួយក្នុងសង្គមខ្មែរ​ដែលមានតាំងពីបុរាណកាលមកម្ល៉េះ។  ការផលិតសូត្រមានលក្ខណៈស្មុគស្មាញ និងត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល​ តាំងពីការចិញ្ចឹម​ និងថែទាំដង្កូវនាង រហូតដល់ការតម្បាញសូត្រ។


បុរសម្នាក់កំពុងប្ដូរចង្អេរដើម្បីសម្អាតលាមកដង្កូវ​នាង​។ (រូបភាព៖​ ឃីម​ សុគន្ធី)

ពងមេអំបៅត្រូវកម្ដៅប្រហែល២០អង្សារដោយគ្របភួយ​រយៈពេល៩ទៅ១០ថ្ងៃទើបញាស់ជាកូនដង្កូវនាង។ (រូបភាព៖​​ ឃីម សុគន្ធី)

បុរសម្នាក់កំពុងចាប់ដង្កូវនាងដាក់ក្នុងមែកឈើដើម្បីឱ្យវាធ្វើសំបុក។ (រូបភាព៖ ឃីម សុគន្ធី)

ដង្កូវនាងខ្ជាក់ទឹកមាត់ដើម្បីធ្វើសំបុករុំខ្លួនឯងក្នុងរយៈពេលមួយថ្ងៃ។ ដង្កូវនាងនៅក្នុងសំបុករយៈពេលមួយសប្ដាហ៍ទើបក្លាយជាដុកឌឿ។ ដុកឌឿដុះស្លាប
ក្លាយជាមេអំបៅក្នុងរយៈពេល៨ថ្ងៃ។ (រូបភាព៖ ឃីម សុគន្ធី)

ការចំហុយសំបុកដង្កូវនាងដើម្បីទទួលបានសរសៃសូត្រ។ (រូបភាព៖ ឃីម សុគន្ធី)

ស្រ្តីម្នាក់កំពុងតម្បាញសូត្រ។ (រូបភាព៖ ឃីម សុគន្ធី)

ស្រ្តីម្នាក់កំពុងរវៃអំបោះសូត្រ។ (រូបភាព៖ ឃីម សុគន្ធី)

កន្លែងលក់សូត្រនៅសិប្បកម្មតម្បាញសូត្ររមណីយដ្ឋានចម្ការស្នេហ៍។ (រូបភាព៖ ឃីម សុគន្ធី)

បុរសម្នាក់កំពុងបេះស្លឹកមនដែលជាអាហាររបស់ដង្កូវនាង។ (រូបភាព៖ ឃីម សុគន្ធី)

កម្រងរូបភាព៖ ក្រុមយុវជនចូលទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តផ្ទះតាម៉ុក​

ក្រុមយុវជនប្រមាណជាង៤០នាក់ បានចូលទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តផ្ទះតាម៉ុក ​អតីត មេដឹកនាំខ្មែរក្រហម កំឡុងពេលទៅទស្សនកិច្ច​ជីវចម្រុះនៅព្រៃសង្ឃ​សហគមន៍​រុក្ខាវ័នរៀបចំដោយក្រុម Guardians of Right and Eco-Nature(GREN) កាលពីថ្ងៃទី២៤ ដល់២៨ ខែមេសា ២០២៤។

រមណីយដ្ឋានប្រវត្តិសាស្រ្តផ្ទះតាម៉ុក ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ យោងតាមរដ្ឋបាលខេត្តឧត្តរមានជ័យ ផ្ទះតាម៉ុកមានផ្ទៃដី ១,៦១ហិកតា និងផ្ទះចំនួន៤ ហើយខាងក្រោយផ្ទះមានបឹងទំហំ៤១៧ ហិកតា ហៅបឹង អន្លង់វែង ឬបឹងអូរជីកដែលស្គាល់ថាជាផ្ទះ និងជាទីតាំងប្រជុំកងទ័ពសម្រាប់រៀបចំផែនការវាយប្រយុទ្ធខាងយោធារបស់តាម៉ុក។

យុវជនម្នាក់កំពុងមើលរូបដែលដាក់តាំងនៅផ្ទះតាម៉ុក ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៨ មេសា ឆ្នាំ២០២៤។ (ថតដោយ៖ ជា ម៉ារ៉ា)

ក្រុមយុវជនកំពុងមើលផែនទីគូរនាសម័យ ប៉ុល ពត កាលពីថ្ងៃទី២៩ មេសា ២០២៤។ (ថតដោយ៖ ជា ម៉ារ៉ា)

ទិដ្ឋភាពទូទៅក្នុងផ្ទះតាម៉ុក ក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ (ថតដោយ៖ ជា ម៉ារ៉ា)
ទិដ្ឋភាពទូទៅក្នុងផ្ទះតាម៉ុក ក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ (ថតដោយ៖ ជា ម៉ារ៉ា)

រូបភាពអំពីសកម្មភាពខ្លះៗនៅសម័យប៉ុល ពត ដាក់បង្ហាញក្នុងផ្ទះតាម៉ុក ក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ (ថតដោយ៖ ជា ម៉ារ៉ា)

មន្រ្តីនាំពាក្យរដ្ឋាភិបាលចំអកឱ្យលោក សម រង្ស៊ី ករណីផ្ទុះគ្រាប់ក្នុងបន្ទាយយោធានៅខេត្តកំពង់ស្ពឺ

មន្រ្តីនាំពាក្យរដ្ឋាភិបាល ចំអកឱ្យអតីតប្រធានគណបក្សជំទាស់ដែលកំពុងរស់នៅក្រៅប្រទេស​ដោយចាត់​ទុ​កថា ជាអ្នកនយោបាយ​ដែ​ល​អស់ផ្លូ​វ​​ដើ​រ និងគ្មានតម្លៃអ្វីសម្រាប់ការធ្វើនយោបាយតទៅទៀត ខណៈលោក​ចោ​​ទប្រកាន់​ថាការផ្ទុះគ្រាប់នៅក្នុងបន្ទាយយោធាក្នុងខេត្តកំពង់ស្ពឺ ជាការឆ្លុះបញ្ចាំងឱ្យឃើ​ញពីការទា​មទា​រ​ឱ្យក្រុមគ្រួសារត្រកូលហ៊ុនចុះចេញអំពីអំណាច។

ប្រតិកម្មរបស់មន្រ្តីនាំពាក្យរដ្ឋាភិបាលនៅពេលនេះ ក្រោយពេលលោក សម រង្ស៊ី អតីតប្រធាន​គ​ណ​បក្ស​ស​​ង្រ្គោះ​ជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ បានចោទប្រកាន់ថានេះជាគឺជា​ចលនាផ្ទៃរបស់គ​ណបក្ស​ប្រ​​ជាជនកម្ពុជា និងជាសញ្ញាចាប់ផ្តើមផ្ទុះដើម្បីទាមទារឱ្យដកក្រុមគ្រួសារ ត្រកូលហ៊ុនចេញពីអំណាច។

អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន​ បូណា ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះថាការធ្វើនយោបាយរបៀបលោក សម រង្ស៊ី នេះជាវិធីបញ្ចប់ផ្លូវខ្លួនឯង។លោកបន្តថា ក្នុងក​រណី​នេះការធើ្វនយោបាយមិនមែនធើ្វប្រឆំាង រហូតមិនគិតប្រយោជន៍ជាតិជាធំទេ។ម្យ៉ាងវិញទៀត របៀ​ប​​​ធ្វើ​​ន​​យោបាយនេះ នឹងនាំឱ្យអតីតមេបក្សជំទាស់រូបនេះ រឹតតែកម្សត់ខ្លួន និងគ្មានទីពឹងតទៅទៀត។

 លោកមានប្រសាសន៍ថា៖ «ធ្វើនយោបាយកាន់តែយូរ វ័យកាន់តែចាស់ បរាជ័យកាន់តែធំ ភាពឯកោកា​ន់តែ​ខ្លាំង និយាយលែងដឹងខុសត្រូវ។ អ្វីក៏អាចហារមាត់និយាយចេញមកបានដែរដោយមិនគិតពីភាពសមទំនងប្រឆាំងដោយងងឹតងងុល ពុលទឹកមាត់ ទោះប្រយោជន៍ជាតិក៏ប្រឆាំង។

ប្រតិកម្មរបស់មន្រ្តីជាន់ខ្ពស់នាំពាក្យរដ្ឋាភិបាលរូបនេះ នៅក្រោយពេលមួយថ្ងៃ បន្ទាប់ពី​អតីត​មេ​បក្ស​ជំ​​ទា​​ស់ បញ្ចេញសារនយោបាយរបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៨ មេសា ឆ្នាំ​២​​០​២​៤​។​តាមរយៈសារនយោបាយរបស់លោក សម រង្ស៊ី បានលើកឡើងថាការផ្ទុះឃ្លាំងគ្រាប់នេះគឺជា​ចលនាផ្ទៃក្នុង និងកម្លាំងប្រដាប់អាវុធគឺជាការប្រឆាំងនឹងក្រុមគ្រួសារត្រកូល ហ៊ុន ហើយក៏ជាសញ្ញានៃការចាប់ផ្តើមផ្ទុះហើយដែរ ដើម្បីទាមទារឲ្យដកចេញត្រកូល ហ៊ុន ចេញ។

យោងតាមសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់​លោក កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រោះជាតិ បានលើកឡើងថាចលនានេះ បានរៀបចំឲ្យផ្ទុះឃ្លាំងគ្រឿង​ផ្ទុះ ជិតទីក្រុងភ្នំពេញ នៅថ្ងៃ ២៧ មេសា ២០២៤ នេះ។ លោកប​ន្តថា ហេតុនេះហើយ បានជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃ ២៤ មេសា ២០២៤ នេះ ថា ប្រទេសចិន និងកងទ័ពចិន នឹងការពារអាយុជីវិត និងសុវត្ថិភាព ក្រុមគ្រួសារ ហ៊ុន សែន។

លោកបន្តថា៖«ចលនាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធចាប់ផ្តើ​មផ្ទុះហើ​យ​ដើ​​ម្បី​​ទា​មទារឱ្យដកចេញត្រកូល ហ៊ុន(គឺ ហ៊ុន សែន និងកូនគាត់ដែលឡើងតាមជើងខោ) ។ចលនានេះ​បាន​​រៀ​បចំឱ្យផ្ទុះឃ្លាំងគ្រឿងផ្ទុះជិតកទីក្រុងភ្នំពេញនៅថ្ងៃទី២៧ ខែមេសា នេះ »។

ក្រៅពីនេះ លោក សម រង្ស៊ី ដែលជាអ្នកនយោបាយចាស់វស្សា និងជាដៃគូនយោ​បាយដែ​លស្វិ​​ត​ស្វា​ញ​​ជា​មួ​យ​និងលោក ហ៊ុន សែន ហើយក៏ធ្លាប់រិះគន់ដោយមិនសំចៃមាត់ បានចំអកថា អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន កំពុងតែបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន។មិនតែប៉ុណ្ណោះ ដើម្បីការពារអំណាច និ​ង​ក្រុមគ្រួសារលោក ហ៊ុន សែន បានស្នើសុំឱ្យប្រទេសមហាអំណាចចិនកុម្មុយនីស្ត ធានានូវអំណាចផង និ​ង​​ស្ថេរភាពគ្រួសារបស់លោកផង ព្រោះតែបាត់ទំនុកចិត្តលើកងការពាររបស់លោក។

លោកបន្តថា៖ «លោក ហ៊ុន សែន កំពុងតែភ័យខ្លាំងណាស់ ហើយគាត់ឈប់ទុកចិត្តអង្គរក្សគាត់ទៀតហើ​យ​​​។ គាត់បានទៅពឹងពាក់ចិនកុម្មុយនីស្ត ឲ្យជួយការពារអាយុជីវិត និងសុវត្ថិភាពរបស់គាត់ និងក្រុមគ្រួ​​សា​រ​​គាត់»

បើទោះជាបែបណា សម្រាប់លោក ប៉ែន បូណា បានថ្លែងការពារពីជំហររបស់រដ្ឋាភិបាលថា លោក សម រង្ស៊ី គឺជាអ្នក​នយោ​​បា​យ​ដែលមានមាត់អត់គម្រប ហើយការចោទប្រកា​ន់ណាមួយរបស់​អតីតមេបក្សជំ​ទាស់​រូ​ប​នេះ​​ គឺបង្ហា​​ញ​​ឱ្យ​​ពី​​ន​យោបាយស្មោគគ្រោក និងពឹសពុល។

លោកបន្តថា៖«មួយជីវិតនយោបាយចេះតែញុះញង់មួលបង្កាច់ លាបពណ៌ ប្រមាថ … រកអ្វីជាគំរូល្អបន្តិចសម្រាប់មនុស្សជំនាន់ក្រោយមិនឃើ​ញ​»

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គេនៅមិនទាន់មានរបាយការណ៍ណាមួយ ដែលបង្ហាញឱ្យ​ឃើ​ញ​​​​ពី​មូ​លហេតុនៅពីក្រោយនៃការផ្ទុះឃ្លាំងផ្ទុកគ្រាប់ នៅក្នុងបន្ទាយយោធា ដែលស្ថិតនៅ​ក្នុងខេត្តកំ​ពង់ស្ពឺ​នេះ​​​​នៅឡើយទេ។របាយការណ៍បឋមដែលចេញដោយកងទ័ពជើងគោក នៃយោធភូមិភាគទី៣ កាល​ពីថ្ងៃ​ទី​២៧ មេសា រកឃើញថាមានមនុស្សចំនួន២០នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ សម្ភារៈ និងមនុ​ស្ស​​​មួយ​ចំ​នួ​ន​​មានរងរបួសធ្ងន់ និងស្រាល។

ពាក់ព័ន្ធនឹងរឿងនេះអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោក បណ្ឌិត មាស​ នី  យល់ឃើញថា​របៀប​ធ្វើ​ន​​យោ​​​​បាយរបស់អ្នកនយោបាយខ្មែរ ហាក់ដើរហួសព្រំដែន​ក្នុងការប្រឆាំង។លោ​កបន្តថាការធ្វើ​នយោបា​យ​​រ​​បៀ​បនេះ វានឹងទាញឱ្យតម្លៃរបស់អ្នកនយោបាយត្រូវធ្លាក់ចុះទៅវិញទេ។មិនតែប៉ុណ្ណោះ ការប្រឆាំងវាគួរធ្វើ​ឡើ​ងក្នុងក្របខណ្ឌមួយដែលមានហេតុផលសមរម្យ និងកាលៈទេសៈដែលអាចផ្តល់អំណោយផល ស​​ម្រា​ប់ការរិះគន់។ផ្ទុយទៅវិញ ការប្រឆាំងពេលខ្លះ អាចនាំឱ្យខាតប្រយោជន៍ ប្រសិនបើការរិះគន់នោះ ប្រ​​ឆាំ​ង​​ទិ​ស​​ដៅរបស់អ្នកគាំទ្រ។ហើយអ្នកនយោបាយ គួរទុកផលប្រយោជន៍ជាតិជាធំ ជា​ជាងការរិះគន់​ណាមួយ​ដែ​​ល​​នាំ​គ្រោះដាក់ខ្លួន។

លោកបន្តថា៖«ខ្ញុំមើលទៅហាក់ដូចជាប្រឆាំងគ្រប់រឿងទោះបី រឿងតូចរឿងតាចចេញមកគឺត្រូវប្រឆាំងទាំងអស់អាហ្នឹងវាចូលរឿងប្រឆាំងជ្រុលនិយមបាទ ពេលខ្លះខ្ញុំមានអារម្មណ៍អាចជាជ្រុលនិយមក៏អាចថាបាន។ប៉ុន្តែទោះបីយ៉ាងណាក៏ខ្ញុំមិនរិះគន់អីទេរឿងហ្នឹងព្រោះនេះជាសិទ្ធិរបស់ គាត់ដែលគ្រាន់តែថាយើងធើ្វន​​យោ​​បាយយើងគួរតែមើលខ្យល់ខ្លះផង តើខ្យល់បក់ទៅខាងណាទៅហើយពេលខ្លះ ត្រូវតែទុកប្រយោជន៍ជា​​​តិជាធំកុំមើលមកប្រឆាំងដើម្បីគឺតែ ប្រជាពិថុតិឬក៏ការធើ្វអីមួយគឺដើម្បីប្រជាពិថុតិរៀងខ្លួន ដល់ប្រ​​យោ​​​ជន៍ជាតិយើងដាក់នៅពីខាងក្រោយខ្នងចោលនេះអ្នកនយោបាយខ្មែរយើង»

ហាក់មិនខុសគ្នាទេ សាស្ត្រា​ចារ្យផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណារ៉ា ក៏ឯកភាពដែរថា អ្វី​​ដែ​​ល​​លោក សម រង្ស៊ី រិះគន់នេះទំនងមិនបានផ្តល់ផលចំ​ណេញណាមួយសម្រា​ប់ការធ្វើនយោ​បាយរ​​បស់​លោ​ក​ទេ។ជាងនេះទៀត ការធ្វើអត្ថាធិប្បាយដោយផ្អែកលើដំណឹងដែលខ្វះប្រភពឱ្យគ្រប់ជ្រុងជ្រោយ ហាក់បី​ដូ​ច​​​ជា​មិនបាន​យល់ពីបរិបទនយោបាយទៅវិញ ហើយសារនយោបាយដែលបញ្ចេញនោះទៀតសោត គ្មា​​ន​​ត​ម្លៃ​​ណាមួយ ដែលអាចទាកទាញការគាំទ្រទៀតផង។

លោកបន្តថា៖ «ខ្ញុំគិតថាសារនយោបាយលោក សម រង្ស៊ី គាត់អត់យល់ពីទិដ្ឋភាពមួយចំនួនអ្វីដែលគា​​ត់លើ​កឡើងគាត់ហាក់បីដូចជាមានព័ត៌មានច្រើននៅក្នុងដៃដែលលោកទទួលបាន​ ប៉ុន្តែសារព័ត៌មានបែបហ្នឹងគឺជាព័ត៌មានមិនឈានទៅរកការស្រស់ស្រួលគ្នាទេអ្នកនយោបាយ» ក្រុម​អ្នកជំនាញផ្នែកគោលនយោបាយ យល់ឃើញថា ការសាចទឹកដាក់គ្នារវាងអ្នកនយោបាយ និងអ្នក​ន​​យោបាយនេះ វានឹងមិនបានផ្តល់ផលចំណេញណាមួយសម្រាប់ជាតិនោះទេ។មិនតែប៉ុណ្ណោះ ការប្រកាន់​​យកគោលការណ៍ ធ្វើនយោបាយបែបទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីនេះ វានឹងធ្វើឱ្យ​ជា​តិ​​​​​បែកបាក់ និងមិនមានឯកភាពផ្ទៃក្នុង ដែលកម្ពុជាធ្លាប់មានពិសោធន៍រួចហើយក្នុងរបបសាធារណៈ និង​ក​​ម្ពុ​​​ជាប្រជាធិបតេយ្យ ឬហៅថាវាលពិឃាត៕

Latest News