អង្គការតម្លាភាពកម្ពុជាបានចេញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនដែលមានចំណងជើងថា «ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយ» កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដោយបានសម្ភាសន៍យុវជនដែលមានអាយុចន្លោះ១៥ដល់៣០ឆ្នាំ ចំនួន១,៦០០នាក់ ចំនួន២០០ភូមិ ទូទាំង២៥រាជធានី-ខេត្តនៃប្រទេសកម្ពុជា។ ក្នុងនោះអ្នកដែលនៅជនបទមានចំនួន៧៣% និងទីប្រជុំ២៧% ស្រីសរុបចំនួន៥០% ហើយការស្រាវជ្រាវផ្ដោតសំខាន់ទៅលើវិស័យមួយចំនួនដូចជាការអប់រំ សុខភាព ការងារ និងការចូលរួមវិស័យសង្គមនយោបាយ។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាង Newsroom Cambodia ជាមួយលោក អ៊ឹម នរិន្ទ ប្រធានកម្មវិធីជាន់ខ្ពស់ នៃអង្គការតម្លាភាពកម្ពុជាជុំវិញការចូលរួមរបស់យុវជនកម្ពុជាក្នុងវិស័យនយោបាយនាពេលបច្ចុប្បន្ន។
លោកយ៉ិត យុតយូ៖ បាទ! សូមជម្រាបសួរលោក អ៊ឹម នរិន្ទ!
លោកអ៊ឹម នរិន្ទ៖ បាទ! សូមជម្រាបសួរ!
លោកយ៉ិត យុតយូ៖ ជាដំបូង តើលោកអាចជួយពន្យល់អំពីពាក្យថា យុវជន និងនយោបាយបានទេ?
លោកអ៊ឹម នរិន្ទ៖ តាមពិតទៅនិយមន័យអាចផ្សេងៗគ្នា ដូចទាក់ទងទៅនឹងនិយមន័យដែលយើងប្រើនៅក្នុងប្រទេសកម្ពុជារបស់យើង យើងយកតាមរដ្ឋាភិបាល។ ទាក់ទងរឿងយុវជននៅក្នុងអត្ថន័យរបស់រដ្ឋាភិបាលគឺមនុស្សចាប់ពីអាយុ១៥ដល់៣០ឆ្នាំ អ៊ីចឹងក្នុងន័យដែលយុវជនក្នុងន័យនេះគឺមានអាយុក្នុងចន្លោះហ្នឹង។ បើស្ថាប័នផ្សេង ឬក៏ប្រទេសផ្សេងអាចឡើងដល់៣២ មានខ្លះដល់៣៥។
ទាក់ទងទៅនឹងពាក្យនយោបាយតាមពិតមានការពន្យល់ច្រើន ប៉ុន្តែសម្រាប់ខ្ញុំក្នុងន័យនយោបាយគឺទាក់ទងទៅនឹងការចូលរួមដឹងឮ ចូលរួមក្នុងការសម្រេចចិត្តទាក់ទងទៅនឹងផលប្រយោជន៍របស់ប្រទេសជាតិ ឬក៏ផលប្រយោជន៍រួម អ៊ីចឹងវាអាចក្នុងន័យថាទាំងចូលរួមកិច្ចការសង្គម ទាំងនយោបាយដែរ ព្រោះវាមានការផ្សារភ្ជាប់គ្នា ព្រោះសំខាន់វាមានន័យដែលខ្ញុំចង់សង្កត់ធ្ងន់សំខាន់ហ្នឹងគឺ ទាក់ទងទៅនឹងការចូលរួមដឹងឮ ការចូលរួមសម្រេចចិត្តទៅលើសកម្មភាព ឬការសម្រេចចិត្តនានាដែលអាចប៉ះពាល់ដល់ផលប្រយោជន៍រួម ដល់ប្រយោជន៍របស់ប្រទេសជាតិ ឬក៏សង្គមជាតិទាំងមូល។
លោកយ៉ិត យុតយូ៖ តើលោកយល់យ៉ាងដូចម្ដេចចំពោះការចូលរួមរបស់យុវជនក្នុងវិស័យនយោបាយនាពេលបច្ចុប្បន្ន? តិច ឬច្រើន?
លោកអ៊ឹម នរិន្ទ៖ តាមពិតយើងជា គេហៅថាជាជំរៅមួយដែលយើងអត់ដែលដឹងច្បាស់ទេកន្លងមក អង្គការសង្គមស៊ីវិលដែលធ្វើការទៅលើវិស័យទាក់ទងទៅនឹង Civic space (លំហស៊ីវិល) Civic education (លំហការអប់រំ) Empowerment (ការពង្រឹងអំណាច) Politicles powerment (អំណាចនយោបាយ) តែងតែគិតថាយុវជនរបស់យើងមានការក្លៀវក្លាច្រើនក្នុងការចូលរួមក្នុងសកម្មភាពសង្គម ហ្នឹងជាការមើលឃើញជាទូទៅ។
ប៉ុន្តែបើតាមរយៈការស្រាវជ្រាវដែលពីរកន្លងមក ទីមួយការស្រាវជ្រាវរបស់អង្គការតម្លាភាពកម្ពុជា ថ្មីៗហ្នឹង ហើយទីពីរក៏មានការស្រាវជ្រាវរបស់អង្គការមួយដែលគាត់ធ្វើការស្រាវជ្រាវទៅលើការជជែករឿងនយោបាយនៅលើបណ្ដាញសង្គម របស់អង្គការ BBC Media Service ហ្នឹង គាត់រកឃើញក្នុងជ្រុងមួយផ្សេង ប៉ុន្តែក៏ពាក់ព័ន្ធក្នុងការចូលរួមទៅលើការជជែកទៅលើរឿងនយោបាយហ្នឹងដែរ គឺឃើញថាការចូលរួមរបស់យុវជនរបស់យើងអត់ទាន់មានកម្រិតមួយខ្ពស់ទេ នៅក្នុងន័យហ្នឹងគឺមានន័យថាមានកម្រិតទាបនៅឡើយ។
ខ្ញុំបែងថាជាពីរទៅចុះព្រោះខាងដើមខ្ញុំឱ្យនិយមការចូលរួមសង្គម និងនយោបាយហ្នឹងហាក់ដូចថាជាមួយគ្នាដែរ បើយើងមើលពីការចូលរួមនៅកម្រិតសហគមន៍ ជាពិសេសចូលរួមទៅលើការអនុវត្តផែនការអភិវឌ្ឍឃុំ ឬក៏ទាក់ទងនឹងប្រជុំភូមិ ឃុំអីហ្នឹងគឺការចូលរួមនៅមានកម្រិតទាប ទាបហ្នឹងវាមិនទាបខ្លាំងទេក្នុងកម្រិតមួយ ប៉ុន្តែបើសិនជាការចូលរួមទាក់ទងនយោបាយ ជជែកទាក់ទងនឹងរឿងនយោបាយ ឬក៏សកម្មភាពនយោបាយ ឧទាហរណ៍ ចូលរួមក្នុងការហែ តវ៉ា ដាក់ញ្ញត្តិអីផ្សេងៗគឺកាន់តែទាបទៀតបើតាមការស្រាវជ្រាវរបស់អង្គការតម្លាភាពកម្ពុជាដែលយើងទើបរកឃើញថ្មីៗនេះ។
បើសិនជាជជែកលើបណ្ដាញសង្គម យើងឃើញថាយុវជនប្រើបណ្ដាញសង្គមច្រើនមានទូរស័ព្ទ មានអ៊ីនធឺណិត ហើយប្រើបណ្ដាញសង្គម ប៉ុន្តែតាមការស្រាវជ្រាវរបស់ស្ថាប័នទាំងពីរក៏ឃើញថាការជជែកលើបណ្ដាញសង្គមហ្នឹង ការប្រើប្រាស់បណ្ដាញសង្គមហ្នឹង មិនជជែកលើរឿងនយោបាយ មិនតាមដានសភាពការណ៍នយោបាយប៉ុន្មានទេ។ យុវជនភាគច្រើនគាត់តាមដាន គាត់ជជែកគ្នាទៅសកម្មភាពដែលសប្បាយៗ ព្រឹត្តិការណ៍សប្បាយៗផ្សេងៗ ជាជាងការតាមដានទៅលើព្រឹត្តិការណ៍នយោបាយ ឬការវិវត្តន៍នៃស្ថានភាពនយោបាយ។
លោកយ៉ិត យុតយូ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ អង្គការតម្លាភាពកម្ពុជាបានចេញរបាយការណ៍សង្ខេបមួយស្ដី «ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយ» តើលោកអាចជម្រាបជូនបានទេថាតើយុវជនកម្ពុជាដែលមានអាយុចន្លោះចាប់ពី១៥ទៅដល់៣០ឆ្នាំ មានការយល់ដឹងបានគ្រប់គ្រាន់ទេចំពោះវិស័យនយោបាយនេះ?
លោកអ៊ឹម នរិន្ទ៖ នៅក្នុងហ្នឹងយើងផ្ដោតការ យើងសួរគាត់ខ្លះលើសំណួរមួយចំនួនដែរ ឧទាហរណ៍ថា តើគាត់ចាប់អារម្មណ៍រឿងនយោបាយហ្នឹងកម្រិតណា? ចម្លើយដែលយើងទទួលបានមកគឺភាគច្រើនគឺចាប់អារម្មណ៍តិចតួច ឬក៏មិនចាប់អារម្មណ៍សោះតែម្ដង។ ហ្នឹងគឺជាចម្លើយដែលយើងឃើញ នេះគ្រាន់តែយើងសួរពីចំណាប់អារម្មណ៍របស់គាត់ទេ ហើយដល់ពេលយើងសួរគាត់ពីមូលហេតុអ្វី? បានគាត់លើកឡើងថាគាត់អត់សូវមានចំណេះដឹងរឿងនយោបាយ គាត់គិតថាគាត់នៅក្មេងពេក អ្នកខ្លះគាត់គិតថានយោបាយហ្នឹងគឺជារឿងគ្រោះថ្នាក់ អ្នកខ្លះយល់ថាស្ថានភាពឥឡូវហ្នឹងធ្វើឱ្យគាត់មិនចាប់អារម្មណ៍លើរឿងនយោបាយ អ៊ីចឹងហ្នឹងជាមូលហេតុដែលគាត់លើកឡើងទាក់ទងទៅនឹងហេតុអ្វីបានជាគាត់មិនសូវចាប់អារម្មណ៍ទៅនឹងរឿងនយោបាយហ្នឹង។
ហើយនៅពេលយើងសួរជាក់ស្ដែងទៅលើសកម្មភាពរបស់គាត់ ឧទាហរណ៍ទៅលើថាគាត់តាមដានព័ត៌មានទាក់ទងទៅនឹងនយោបាយ ទាក់ទងទៅនឹងរដ្ឋាភិបាលញឹកញាប់កម្រិតណា ភាគច្រើនគឺគាត់អត់សូវតាមដានទេ អ្នកដែលតាមដានរាល់ថ្ងៃហ្នឹងគឺមានតែ៥%ទេ ហើយអ្នកដែលតាមដានរៀងរាល់អាទិត្យហ្នឹង មានន័យថាអ្នកតាមដានច្រើនដងក្នុងមួយអាទិត្យហ្នឹងមានតែ១២.២%ទេ។
ហើយយើងមានសំណួរសួរបញ្ជាក់គាត់ដែរទៅលើសកម្មភាពជាក់ស្ដែងហ្នឹង ដូចជាទាក់ទងនឹងការនិយាយរឿងនយោបាយជាមួយជាមួយនឹងគ្រួសារ ជាមួយនឹងមិត្តភក្តិក៏អត់សូវដែរ។ អ្នកដែលឧស្សាហ៍និយាយហ្នឹងគឺមានតែ៤.៧%ទេ ហើយអ្នកអត់ដែលនិយាយរឿងហ្នឹងជាមួយគ្រួសារ ជាមួយមិត្តភក្តិហ្នឹងរហូតទៅដល់ជាង៥០% ដែលតួលេខទាំងអស់នេះបញ្ជាក់ថាវានៅមានកម្រិតទាបមែនទែន ហើយសកម្មភាពខ្លះដូចជាការចូលរួមលើការគាំទ្រតវ៉ា ឬក៏ដាក់ញ្ញត្តិអីផ្សេងៗហ្នឹងគឺស្ទើរតែអត់មានតែម្ដងសកម្មភាពរបស់យុវជនហ្នឹង ប្រហែលជាដោយសារតែស្ថានភាព បរិយាកាសនាពេលបច្ចុប្បន្នហ្នឹងអត់អំណោយផលសម្រាប់គាត់។
លោកយ៉ិត យុតយូ៖ តើការចូលរួមរបស់យុវជននៅក្នុងវិស័យនយោបាយនេះមានសារៈសំខាន់បែបណាខ្លះសំរាប់សង្គមជាតិ?
លោកអ៊ឹម នរិន្ទ៖ តាមពិតទៅដោយសារប្រទេសយើងស្ថានភាពប្រជាសាស្ត្ររបស់យើងគឺនៅមានមនុស្សដែលអាយុក្រោម៣៥ឆ្នាំ មានរហូតទៅដល់ពីរភាគបីនៃប្រជាពលរដ្ឋសរុប អ៊ីចឹងបានន័យថាគាត់ជា បើយើងនិយាយន័យសាមញ្ញមានន័យថាក្រុមគាត់ហ្នឹងគឺជាម្ចាស់នៃទឹកដី ម្ចាស់នៃប្រទេសហ្នឹងធំជាងគេ ព្រោះពីរភាគបីធៀបជាមួយហ្នឹងមួយភាគហ្នឹង អ៊ីចឹងគាត់ជាម្ចាស់ធំហ្នឹងទីមួយ។ ប៉ុន្តែទីពីរហេតុអ្វីបានជាគាត់សំខាន់? ព្រោះកាលណាគាត់ចាប់អារម្មណ៍លើរឿងនយោបាយ លើរឿងសង្គម គឺមានន័យថាគាត់ចាប់អារម្មណ៍ទៅលើអនាគតនៃសង្គម អនាគតនៃប្រទេសជាតិ មានន័យថាគាត់ចូលរួមដឹងលឺ គាត់ចូលរួមការពារផលប្រយោជន៍សង្គម ផលប្រយោជន៍ប្រទេសជាតិ សំដៅដល់ការជួយការពារផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ សម្រាប់ប្រជារាស្ត្រទាំងអស់គ្នា។
កាលណាបើគាត់អត់ចាប់អារម្មណ៍មានន័យថាគាត់បណ្ដោយឱ្យកិច្ចការហ្នឹងធ្លាក់ទៅលើតែក្រុមមួយ ដែលមានតួនាទីក្នុងការអនុវត្ត មានតួនាទីក្នុងការសម្រេចចិត្ត ហើយភ្លេចគិតពីសំឡេងរបស់គាត់ ភ្លេចគិតថាពួកគាត់មានតម្រូវការយ៉ាងម៉េច ពួកគាត់ខ្វះខាតយ៉ាងម៉េច ពួកគាត់ចង់បានអ្វីសម្រាប់ត្រៀមខ្លួនឱ្យក្លាយជាប្រជាពលរដ្ឋមួយដែលមានចំណេះដឹង។
ប្រជាពលរដ្ឋមួយដែលមានសមត្ថភាព ប្រជាពលរដ្ឋមួយដែលមាននូវលក្ខណៈសម្បត្តិពេញលេញក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ព្រោះយើងដឹងថាពេលខាងមុខ ឥឡូវហ្នឹងគាត់ជាយុវជនប៉ុន្តែតែ១០ឆ្នាំទៀតគាត់នឹងក្លាយទៅជាកម្លាំងសំខាន់សម្រាប់សេដ្ឋកិច្ច មានន័យថាកម្លាំងទ្រទ្រង់សេដ្ឋកិច្ច ហើយក៏អាចអ្នកខ្លះគាត់ក្លាយទៅជាកម្លាំងដែលអាចទ្រទ្រង់លើការសម្រេចចិត្តពាក់ព័ន្ធនយោបាយ ពាក់ព័ន្ធទៅនឹងគោលនយោបាយក្នុងការគ្រប់គ្រប់រដ្ឋផ្សេងៗ។ អ៊ីចឹងការចូលរួមរបស់គាត់គឺគាត់ចាប់ផ្ដើមដឹងឮ គាត់ចាប់ផ្ដើមការពារផលប្រយោជន៍របស់គាត់ ហើយហ្នឹងផលប្រយោជន៍រួមសំដៅត្រៀមខ្លួនក្នុងការចូលរួមក្លាយជាពលរដ្ឋ ឬក៏អ្នកដែលចាត់ចែងវាសនាប្រទេសជាតិនាពេលខាងមុខទៀត។
លោកយ៉ិត យុតយូ៖ ពីខាងដើមលោកបានបង្ហាញថា យុវជនកម្ពុជានាពេលបច្ចុប្បន្ននេះមានជួបបញ្ហាមួយចំនួនដែលធ្វើឱ្យពួកគាត់ប្រឈម និងមិនអាចចូលរួមសកម្មភាពនយោបាយបាន តើការជួបប្រទះនូវបញ្ហាប្រឈមទាំងនោះធ្វើឱ្យប៉ះពាល់អ្វីខ្លះដល់យុវជនកម្ពុជានាពេលអនាគតដែរ?
លោកអ៊ឹម នរិន្ទ៖ មូលហេតុដែលគាត់អត់សូវចាប់អារម្មណ៍ អ្នកខ្លះគាត់នៅយល់ថាបញ្ហានយោបាយគឺជាបញ្ហាគ្រោះថ្នាក់ ព្រោះដោយសារតែបរិយាកាសសង្គមនាពេលបច្ចុប្បន្នហ្នឹងអត់ទាន់មានបង្កលក្ខណៈងាយស្រួលឱ្យយុវជនចូលរួមទេ យើងឃើញនៅមានការរឹតត្បិត ការគាបសង្កត់សេរីភាពក្នុងការបញ្ចេញមតិ ការប្រមូលផ្ដុំ ឬការចូលរួមផ្សេងៗទាំងយុវជន ទាំងមនុស្សទូទៅ។ អ៊ីចឹងមានន័យថាបរិយាកាសមិនអំណោយផលសម្រាប់ពួកគាត់ទេ។
កត្តាផ្សេងទៀតដូចយើងដឹងថាពេលខ្លះជជែកលើរឿងនយោបាយនៅតាមសាលា នៅតាមសាកលវិទ្យាល័យត្រូវបានហាមឃាត់ យើងបានធ្វើការច្រើនជាមួយយុវជន យុវជនខ្លះក៏គាត់បានលើកឡើងសូម្បីតែសមាជិកនៅក្នុងគ្រួសាររបស់គាត់ ឪពុកម្ដាយរបស់គាត់ក៏តែងតែព្យាយាមបង្អាក់ ឬក៏ព្យាយាមឃាត់គាត់កុំឱ្យចូលរួមក្នុងសកម្មភាពនយោបាយ ឬក៏សកម្មភាពណាមួយដែលអាចជា គេហៅថាបញ្ហាស្រួចស្រាល់ហ្នឹងក៏គាត់បារម្ភពីសុវត្ថិភាពកូនរបស់គាត់ អ៊ីចឹងគាត់តែងតែហាមឃាត់កូនគាត់ក្នុងការចូលរួមសកម្មភាពទាំងអស់ហ្នឹង។
អ៊ីចឹងមានន័យថាកត្តាសង្គមទាំងមូលកំពុងតែបន្ទច់បង្អាក់ មិនបានបង្កលក្ខណៈឱ្យយុវជនក្នុងការចូលរួមទេ។ អ៊ីចឹងសម្រាប់ខ្ញុំនៅពេលខាងមុខយើងមានការព្រួយបារម្ភបើសិនជាស្ថានភាពនៅតែបន្តបែបនេះ យើងនឹងឃើញដល់ពេលមួយដែលមនុស្សលែងចាប់អារម្មណ៍លើរឿងនយោបាយ ហើយមនុស្សលែងចាប់អារម្មណ៍លើការការពារផលប្រយោជន៍រួម មនុស្សលែងគិតពីការកសាង ការអភិវឌ្ឍដើម្បីផលប្រយោជន៍រួមដែលនោះគឺជាបញ្ហាមួយដែលយើងព្រួយបារម្ភមែនទែន។ ពេលនោះគាត់ទុកឱ្យក្រុមមួយ ឬក៏អាចថារដ្ឋាភិបាលគាត់សម្រេចចិត្ត គាត់ធ្វើអីលែងមានអ្នកសួរ លែងមានអ្នកនាំ លែងមានអ្នកបញ្ចេញនូវមតិក្នុងស្ថាបនា ហើយពេលនោះវាជាការបាត់បង់នូវកញ្ចក់ក្នុងការឆ្លុះបញ្ចាំងពីការអនុវត្តគោលនយោបាយ ពីការអនុវត្តសកម្មភាពរបស់រាជរដ្ឋាភិបាល យើងព្រួយបារម្ភសម្រាប់ពេលខាងមុខទៀត។
លោកយ៉ិត យុតយូ៖ ជាអនុសាសន៍របស់លោក តើភាគីពាក់ព័ន្ធ និងរដ្ឋាភិបាលគួរធ្វើបែបណាដើម្បីលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងវិស័យនយោបាយបានការតែច្រើនប្រកបដោយចំណេះដឹងគ្រប់គ្រាន់ និងសេរីភាពពេញលេញ?
លោកអ៊ឹម នរិន្ទ៖ សម្រាប់រដ្ឋាភិបាលគាត់ត្រូវយល់ថា ដើម្បីអាចអភិវឌ្ឍន៍ប្រទេសបានល្អគឺត្រូវតែមានមតិផ្សេងៗគ្នា ស្ដាប់នូវមតិផ្សេងៗគ្នា ទោះបីពេលខ្លះពាក្យនោះមិនស្របជាមួយនឹងការគិត និងការយល់ឃើញរបស់ខ្លួនក៏ដោយ ព្រោះនៅក្នុងសង្គមដែលអភិវឌ្ឍន៍ដែលល្អគឺ មាននន័យថាមនុស្សមានសេរីភាពក្នុងការគិត។ ធម្មតាសេរីភាពក្នុងការគិតហ្នឹងខ្លាំងមែនទែន កាលណាតែយើងរឹតត្បិតការគិតហើយ យើងមិនអាចមានភាពច្នៃប្រឌិតមកសម្រាប់ប្រើប្រាស់អភិវឌ្ឍន៍ខ្លួនឯង ឬក៏អភិវឌ្ឍន៍ប្រទេសជាតិទេ។ អ៊ីចឹងយើងទាមទារនូវសេរីភាពក្នុងការគិត និងសេរីភាពក្នុងការបញ្ចេញមតិដើម្បីចូលរួមក្នុងការស្ថាបនាសង្គមប្រទេសជាតិហ្នឹង ហ្នឹងសម្រាប់រដ្ឋាភិបាលគឺគាត់ត្រូវតែបង្កលក្ខណៈងាយស្រួល ព្រោះកាលណាប្រជាពលរដ្ឋរបស់ខ្លួនមានគំនិត មានការបញ្ចេញមតិចូលរួមចំណែកក្នុងការជួយផ្ដល់យោបល់ក្នុងការកសាង ការអភិវឌ្ឍមានន័យថាគាត់អាចស្ដាប់ឮពីជ្រុងផ្សេងៗគ្នាដើម្បីគាត់យកទៅពិចារណាដល់ការអភិវឌ្ឍសង្គមជាតិទាំងមូល។
សម្រាប់សង្គមស៊ីវិលក៏ដូចគ្នាដែរ ខ្ញុំគិតថាមកដល់ពេលនេះរឿងមួយសំខាន់ដែលសង្គមស៊ីវិលត្រូវយកចិត្តទុកដាក់មែនទែន គឺទៅលើការកសាង ផ្ដល់ឱកាសឱ្យយុវជនក្នុងការចូលរួម ព្រោះមួយរយៈពេលនៅពេលដែលមានការរឹតត្បិតទៅលើសកម្មភាពនៃការចូលរួមហ្នឹង យុវជនខ្លះហាក់ដូចជា មានន័យថានៅមានយុវជនតិចណាស់ដែលគាត់បន្តមានភាពក្លាហាន ដោយសារពេលខ្លះគាត់ខ្វះការគាំទ្រពីភាគីពាក់ព័ន្ធ អ៊ីចឹងអ្វីដែលខ្ញុំផ្ដល់ជាអនុសាសន៍ ខ្ញុំចង់ឱ្យភាគីពាក់ព័ន្ធហ្នឹងបន្តជួយយុវជនដែលគាត់មានភាពក្លាហានក្នុងការលើកឡើងនូវមតិយោបល់ លើកឡើងនូវការយល់ឃើញរបស់គាត់ហ្នឹង មិនមានពួកគាត់ច្រើនទេដែលបន្តហ៊ានក្នុងការលើកឡើងពីបញ្ហានៅក្នុងសង្គមក្នុងន័យការពារផលប្រយោជន៍រួម ផលប្រយោជន៍របស់ប្រទេសជាតិ។
លោកយ៉ិត យុតយូ៖ បាទ! សូមអរគុណលោកនរិន្ទដែលផ្ដល់ឱកាសចូលរួមផ្ដល់បទសម្ភាសមកកាន់ Newsroom Cambodia។ ជាចុងក្រោយខ្ញុំសូមជូនពរលោកសុខភាពល្អ និងសំណាងល្អ សូមជំរាបលា។
លោកអ៊ឹម នរិន្ទ៖ បាទៗ អរគុណច្រើន ជម្រាបលា៕